ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិក្នុងរយៈពេល២ខែ មានទំហំទឹកប្រាក់ជាង ៩,៤ ពាន់លានដុល្លារ

2025/03/10 02:49:03 pm        267
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ៩,៤ ពាន់លាន ដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៤,៤ ពាន់លានដុល្លារ ខណៈការនាំចូលមានចំនួនជិត ៥ ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ២ ខែ ក្នុងដើមឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មានចំនួនប្រមាណ ២០ ប្រទេស និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៩,៤ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៤ ។ចំពោះការនាំចេញទំនិញរបស់កម្ពុជា, ក្នុងរយៈពេល២ខែដើមឆ្នាំនេះ មានទឹកប្រាក់ជាង ៤,៤ ពាន់លានដុល្លារ បានកើនឡើងប្រមាណ ជិត ១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៤ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិន ជាង ២១៧ លានដុល្លារ, សហរដ្ឋអាមេរិកជាង ១,៦០០ លានដុល្លារ, វៀតណាម ៦៤៨ លានដុល្លារ, ថៃជាង ១៦០ លានដុល្លារ, ជប៉ុនជាង ៣០០ លានដុល្លារ, អាល្លឺម៉ង់ជាង ១៥៣ លានដុល្លារ, អេស្ប៉ាញ ១៩៣ លានដុល្លារ, កាណាដា ១៩៧ លានដុល្លារ, អង់គ្លេស ១៥៧ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូលទំនិញ មានទំហំទឹកប្រាក់សរុបប្រមាណជិត ៥ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៤ ក្នុងនោះការនាំចូលពីប្រទេសចិនមានទឹកប្រាក់ជិត ២,៤ ពាន់លាន ដុល្លារ, វៀតណាមជាង ៧១២ លានដុល្លារ, ថៃ ៥៨៧ លានដុល្លារ, សឹង្ហបុរីជាង ១០០ លានដុល្លារ, ឥណ្ឌូនស៊ី ១៨៦ លានដុល្លារ, តៃវ៉ាន់ ១២៦ លានដុល្លារ, កូរ៉េខាងត្បូង ៨៨ លានដុល្លារ, ម៉ាឡេស៊ីជិត ១៥០ លានដុល្លារ, ហុងកុង ៥១ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាន នាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

និយ័តករមូលបត្រកម្ពុជា ចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រ សម្រាប់ជាប្រយោជន៍​សាធារណជន

2025/03/07 03:18:14 pm        303
និយ័តករមូលបត្រកម្ពុជា បានចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រនៅកម្ពុជា សម្រាប់វិនិយោគិន សិស្ស-និស្សិត សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គពាក់ព័ន្ធផ្សេងៗទៀត យកទិន្នន័យដែលមាននៅក្នុងរបាយការណ៍ ទៅប្រើប្រាស់លើការ សិក្សារៀនសូត្រ ស្រាវជ្រាវ ឬការវិភាគប្រកបដោយវិជ្ជាជីវៈ។ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលកកម្ពុជា ចេញសារលិខិតក្នុងទិសដៅ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អនុវត្តនូវតួនាទីគ្រប់ផ្នែករបស់ខ្លួន ដើម្បីធានាឱ្យបាននូវទីផ្សារមួយដែលមានតម្លាភាព យុត្តិធម៌ និងសណ្តាប់ធ្នាប់។ក្នុងន័យនេះ ដើម្បីជំរុញនូវការអភិវឌ្ឍទីផ្សារ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការ ការផ្ដល់នូវទិន្នន័យដែលមានភាពច្បាស់ លាស់ គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងអាចទុកចិត្តបាន គឺមានសារៈសំខាន់។ ដោយមើលឃើញពីតម្រូវការនេះ ន.ម.ក. បានចងក្រងនូវ ទិន្នន័យស្ថិតិទីផ្សារមូលបត្រនៅកម្ពុជា ជារបាយការណ៍ដែលលោក/លោកស្រី អ្នកនាង កញ្ញាកំពុងអាននេះស្រាប់។ របាយការណ៍ទិន្ន- ន័យស្ថិតិទីផ្សារមូលបត្រនេះ ត្រូវបានរៀបរៀង និងផ្សព្វផ្សាយជាទៀងទាត់រៀងរាល់មួយត្រីមាសម្តង ដោយផ្អែកលើមូលដ្ឋានទិន្នន័យ ជាក់ស្តែងនៃខែនីមួយៗ ដោយផ្តល់ជូននូវទិន្នន័យស្ថិតិអំពីក្រុមហ៊ុនបោះផ្សាយ វិនិយោគិន អន្តរការីមូលបត្រ និងក្រុមហ៊ុនដែលផ្តល់ សេវា និងធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ ព្រមទាំងឧបករណ៍មូលបត្រផ្សេងៗផងដែរ។របាយការណ៍នេះ អាចជួយដល់វិនិយោគិន សិស្ស-និស្សិត សាធារណជន និងអ្នកសិក្សាស្រាវជ្រាវដើម្បីស្វែងយល់ បន្ថែម ពីទីផ្សារមូលបត្រនៅកម្ពុជា ដោយបានចែកចេញជា៥ផ្នែកគឺ៖ ផ្នែកទី១ ទី២ និងទី៣ គូសបង្ហាញពីទិន្នន័យនៃទីផ្សារមូលបត្រកម្មសិទ្ធិ សញ្ញាបណ្ណសាជីវកម្ម និងឧបករណ៍និស្សន្ទ, ផ្នែកទី៤ បង្ហាញពីទិន្នន័យតួអង្គចូលរួមក្នុងទីផ្សារ ការបណ្តុះបណ្តាល និងចំណុច សំខាន់ៗដទៃទៀត, និងផ្នែកទី៥ បង្ហាញពីកិច្ចសហប្រតិបត្តិការរវាង ន.ម.ក. ជាមួយស្ថាប័នជាតិ និងអន្តរជាតិ។ជុំវិញទិន្នន័យនេះ ឯកឧត្តមរំពឹងថា វិនិយោគិន សិស្ស-និស្សិត សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គពាក់ព័ន្ធ ផ្សេងៗទៀត អាចយកទិន្នន័យដែលមាននៅក្នុងរបាយការណ៍ស្ថិតិទីផ្សារមូលបត្រនេះ ទៅប្រើប្រាស់លើការសិក្សារៀនសូត្រ ស្រាវជ្រាវ ឬការវិភាគប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ខ្ពស់ ចៀសវាងការបកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណជន មានការភាន់ច្រឡំ និងធ្វើឱ្យមានការប៉ះពាល់ដល់ទំនុកចិត្តក្នុងទីផ្សារ ឬខាតបង់ដោយប្រការណាមួយ៕ អត្ថបទ៖ សុន រ៉ាឌី

ធុរកិច្ចគ្រប់ទិសទីនឹងបានឈ្វេងយល់បន្ថែម អំពីបច្ចុប្បនភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា

2025/03/07 12:02:24 pm        119
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា ធុរជន វិនិយោគិនគ្រប់ទិសទី នឹងបានឈ្វេងយល់បន្ថែម អំពីបច្ចុប្បនភាពនៃ បរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របទៅនឹងគោលបំណង សេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិត្តិយសអញ្ជើញ ថ្លែងសុន្ទរកថាគន្លឹះ បើកកិច្ចពិភាក្សា និងអញ្ជើញជាវាគ្មិនកិត្តិយស ចូលរួមក្នុងវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ ក្រោមប្រធានបទ «ការលើកកម្ពស់វិបុលភាព តាមរយៈវិស័យពាណិជ្ជកម្ម និងការវិនិយោគ» ដែលជារបៀបវារៈមួយ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ច័យវិជ្ជមាននានា ជាហេតុនាំឱ្យកម្ពុជាគឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលមានរបត់ផ្លាស់ប្តូរស្របតាមនិន្នាការជាសកល។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីកំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រា គម្រោងវិនិយោគដែលបានអនុម័ត គឹជាសក្ខីភាពជាក់ស្តែង បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជា គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងថា ធុរជន វិនិយោគិន និងអ្នកចូលរួមចម្រុះជាតិសាសន៍ ពិសេសនៅក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នឹងបានឈ្វេងយល់បន្ថែមមួយកម្រិតទៀតអំពីបច្ចុប្បនភាព នៃបរិយាកាសវិនិយោគ និងការ ធ្វើធុរកិច្ចនៅកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាផ្ទាល់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដូចដែល បានបង្ហាញនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្របទៅនឹងគោលបំណងសេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ។សូមបញ្ជាក់ថា វេទិកាខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បី ពិនិត្យពិភាក្សាពាក់ព័ន្ធ នឹងបែបផែនដែលសមាគម អាស៊ានទាំងមូល កំពុងចាប់យកវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅទូទាំងតំបន់។ វេទិកាពិភាក្សានេះដែរ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមស្តាប់បានស្វែងយល់បន្ថែមអំពីយុទ្ធសាស្ត្រគន្លឹះ គំនិតផ្តួចផ្តើម និងភាពជា ដៃគូ ដែលកំពុងពូនជ្រំបរិយាកាសសេដ្ឋកិច្ច និងរួមចំណែកជំរុញឱ្យសមាគមអាស៊ានកាន់តែមានភាពលេចធ្លោ នៅលើឆាកនៃ វិស័យសេដ្ឋកិច្ចរបស់សកលលោក៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីកសិកម្មលើកទឹកចិត្តសហគមន៍កសាងទំនុកចិត្ត ដើម្បីផ្តល់ភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ

2025/03/07 10:55:10 am        168
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ត្រូវកសាងទំនុកចិត្តជាមួយគ្នាដើម្បីធានាដល់តម្លៃ និងការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ចំនួន ១៨២ គ្រួសារ លើផ្ទៃដី ៥២ ហិកតា និងអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" រវាងកសិដ្ឋានគីរីទេស និងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៦ មីនា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងថា ការរៀបចំសហគមន៍កសិកម្មទំនើបនេះ គឺដើម្បីឱ្យប្រជាកសិករទាំងអស់ទទួលបានជីវភាពល្អក្នុងវិស័យកសិកម្ម ស្របពេលដែលទីតាំងភូមិសាស្ត្រទីនេះអំណោយផលដល់ដំណាំម្ទេស ប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការអនុវត្តកសិកម្មល្អ តាមរយៈការធានាទាំងទីផ្សារនិងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម បានរៀបចំគិតគូរច្បាស់លាស់ និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និងមានទីផ្សារពិតប្រាកដ។ ដោយឡែក បងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កសិករស្រុកកណ្តៀងជាង២០០គ្រួសារ បង្ហាញបំណងចង់ចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើបក្នុងវិស័យដំណាំស្រូវ

2025/03/07 10:41:12 am        154
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង ២០០គ្រួសារ មកពី៥ភូមិ នៅក្នុងឃុំកញ្ចរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដូចជាការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានការគាំទ្រផ្នែកដើមទុននិងបច្ចេកទេស និងជាពិសេស ការតភ្ជាប់ទៅកាន់ទីផ្សារដែលមានការធានាថ្លៃទុកជាមុនច្បាស់លាស់។លោកស្រី សុខ ជា តំណាងប្រជាកសិករដាំស្រូវ នៅឃុំកញ្ចរ បានលើកឡើងថា ការដាំស្រូវពូជអូអឹម (OM) ៥៤៥១ ក្នុងឆ្នាំនេះ មិនដល់ថ្នាក់ខាតដើមទេ ប៉ុន្តែទទួលបានប្រាក់ចំណេញតិចជាងឆ្នាំមុន ហេតុនេះហើយទើបកសិករនៅទីនេះមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបវិញម្តង។ជាមតិផ្តាំផ្ញើ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ ដើម្បីកំណត់ពីប្រភេទពូជស្រូវដែលសមស្របនឹងលក្ខខណ្ឌក្សេត្របរិស្ថានក្នុងតំបន់នេះ ព្រមទាំងប្រមូលផ្តុំផ្ទៃដីស្រែប្រាំងឱ្យបានប្រមាណ ១ ០០០ហិកតា មុននឹងឈានទៅរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីធានាឱ្យបាននូវអត្ថប្រយោជន៍ពីសេដ្ឋកិច្ចមាត្រដ្ឋាន៕ អត្ថបទ៖ ឈិត បូរ៉ាវី

មន្រ្តីជាន់ខ្ពស់ CDC ស្នើក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសម្របសម្រួល ដោះស្រាយបញ្ហាប្រឈមជូនធុរកិច្ចជប៉ុន

2025/03/06 01:26:29 pm        144
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិនិត្យ ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានាជូនវិនិយោគិនជប៉ុនឱ្យបានទាន់ពេលវេលា ដើម្បីជំរុញការទាក់ទាញវិនិយោគិនថ្មីៗ មកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី២៩ នៃ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ, ឯកឧត្តម បានជម្រាបជូនអំពីកំណើននៃ គម្រោងវិនិយោគនៅកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័តនៃ ប្រវត្តិប្រតិបត្តិការ ការងាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (ក.អ.ក.) ជាក់ស្តែងគម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤ គម្រោង (តួលេខខ្ពស់បំផុត ក្នុងកំណត់ត្រា៣០ឆ្នាំ) និងគម្រោងវិនិយោគដែលបានអនុម័តក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ សរុបចំនួនជាង ១១០ គម្រោងផងដែរ។ តួលេខទាំងនេះជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោល នយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងការថែទាំ គាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន និងបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក្នុងនាមជាសហប្រធាន ឯកឧត្តមបានបង្ហាញនូវអារម្មណ៍រីករាយ និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត មកលើវិស័យឯកជន ចំណែកតាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុននេះ ក៏ដូចជាវេទិកានានា បានផ្តល់នូវឱកាស ឱ្យវិនិយោគិនបានលើកឡើងពីបញ្ហាប្រឈម និងទទួលបានដំណោះសមស្រប ដែលធ្វើឱ្យវិនិយោគិនមានទុកចិត្ត ក្នុងការបន្ត វិនិយោគ និងផ្សព្វផ្សាយទៅក្នុងសហគមន៍ធុរកិច្ចនៅប្រទេសជប៉ុនផងដែរ។នៅក្នុងកិច្ចប្រជុំនេះដែរ លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (METI) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន បានធ្វើបទបង្ហាញអំពី របាយការណ៍បញ្ចប់គម្រោងសិក្សាស្រាវជ្រាអំពី “ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នាកម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ច ជប៉ុននៅកម្ពុជាប្រកបដោយចីរភាព” ព្រមទាំងបានធ្វើការប្រគល់របាយការណ៍នោះ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទុកជា ឯកសារមូលដ្ឋានផងដែរ។ សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយ បានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាល កម្ពុជា ពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា, តាមរយៈការចុះហត្ថលេខារវាងសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ក្រោម ក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ កិច្ចប្រជុំទ្វេភាគីនេះក៏ត្រូវបានបរៀបចំឡើងចចាប់តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន៕ អត្ថបទ៖ សុន រ៉ាឌី

គម្រោងវិនិយោគសួនកសិ-ឧស្សាហកម្មរបស់រដ្ឋបាលខេត្តហ៊ឺណាន នឹងក្លាយជាតំបន់ពាណិជ្ជកម្ម​ពិសេស នៅកម្ពុជា

2025/03/06 10:06:30 am        137
គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើ​ការ​កែច្នៃ​ផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន នឹងក្លាយជាតំបន់​ពាណិជ្ជកម្ម​ពិសេស​លើវិស័យកសិកម្ម, ការច្នៃផលិតផលកសិកម្ម ហើយនឹង អាចក្លាយជាអាជីវកម្មក្នុងវិស័យ​កសិកម្ម​បែបទំនើប។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា របស់គណៈប្រតិភូនៃ គណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគណៈប្រតិភូវិនិយោគិន នៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ ក្រុមហ៊ុន ដឹកនាំដោយលោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាល ប្រជាជនក្រុងកឹងចូវ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា និងលោកស្រីអភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានចំណាយពេល វេលាមកបំពេញទស្សកិច្ចស្វែងយល់ដោយផ្ទាល់អំពីបរិយាកាស វិនិយោគនៅកម្ពុជា ក្នុងនោះឯកឧត្តម បានជម្រាបជូនអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សា ពិនិត្យលទ្ធភាពរួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះ បណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស អាជីវកម្ម ខ្នាតតូច និងមធ្យម (SMEs) និងសេវាកម្មផ្សេងៗ។ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនង កម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹង មាំឥតឈប់ឈរ ក្នុងនោះកម្ពុជាគឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់។ជាការឆ្លើយតប លោកស្រី Li Fengzhi អភិបាលរងនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ បានជម្រាបដោយ សង្ខេបអំពី ទីតាំងភូមិសាស្រ្តនៃក្រុងកឹងចូវ ព្រមទាំងសក្តានុពលនានា ដែលជាភាពលេចធ្លោទាក់ទាញរបស់ទីក្រុង។ លោកស្រីក៏ បានរំលេចជាពិសេសអំពីគម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការកែច្នៃ ផលិតផលកសិកម្មនៅកម្ពុជារបស់រដ្ឋបាលខេត្តហ៊ឺណាន ដែលរំពឹងថា នឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗ ដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប។សូមបញ្ជាក់ថា នៅក្នុងជំនួបនេះ បណ្តាក្រុមហ៊ុនមួយចំនួន បានធ្វើបទបង្ហាញអំពីខ្សែច្រវ៉ាក់ផលិតកម្ម, បច្ចេកទេស, បច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន ជូនដល់អង្គពិធីទាំងមូល ដើម្បីជាមូលដ្ឋានក្នុងការឈានទៅរកការចាប់ដៃសហការផ្គូផ្គង ធុរកិច្ចជាមួយគ្នា នាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី

គណៈប្រតិភូធុរជនជប៉ុនជិត ៤០ក្រុមហ៊ុន ធ្វើទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគ​នៅកម្ពុជា

2025/03/05 03:56:12 pm        313
គណៈប្រតិភូធុរជនជប៉ុនជិត ៤០ ក្រុមហ៊ុន បានបំពេញទស្សនកិច្ចស្វែងយល់​ពីបរិយាកាស​វិនិយោគ​នៅ​កម្ពុជា និងបាន វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុង​ការ​សម្រប​សម្រួល ថែទាំគាំទ្រវិនិយោគិន ដែលជាមូលដ្ឋានបង្កើន ទំនុកចិត្តក្នុង​ការ​សម្រេច​ចិត្ត​របស់​វិនិយោគិន​។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូធុរជនជប៉ុន ដឹក​នាំ​ដោយ​​លោក Wakabayashi Kohei ប្រធានការិយាល័យតំណាង អង្គការពាណិជ្ជ​កម្ម​ក្រៅប្រទេសជប៉ុន ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០ និងបានលើក ឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើ ការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ទុនវិនិយោគរួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង ដែល បើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ បាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំង ប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរំពឹងថា នឹងផ្លាស់ប្តូរមុខ មាត់កម្ពុជាក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ និងបានចង្អុលបង្ហាញអំពីមុខសញ្ញាវិនិយោគ ដែលសម ស្របជាមួយនឹងគម្រោងមួយនេះរួមមាន៖ ផលិតកម្មនាវា, កំពង់ផែរណប, ឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលភស្តុភារកម្ម ជាដើម។ ក្នុងជំនួបនេះ, គណៈប្រតិភូធុរជនជជប៉ុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជ- រដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល ថែទាំគាំទ្រដល់វិនិយោគិនដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះ ជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេល អនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាលើកកម្ពស់ការយល់ដឹងនៃការកសាងហិរញ្ញវត្ថុនិរន្តរភាព ដើម្បីជំរុញទំនុកចិត្ត​លើទីផ្សារ​មូលបត្រ

2025/03/05 11:19:43 am        277
កម្ពុជាបើកសិក្ខាសាលា លើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និង​កម្មវត្ថុ​នៃ​ហិរញ្ញវត្ថុ​និរន្តរភាព​, ចែករំលែកពីការអនុវត្តការ បោះផ្សាយ និងការគ្រប់គ្រងឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព ការ​កសាងក្របខណ្ឌដើម្បីទាក់ទាញវិនិយោគិន និងជំរុញទំនុកចិត្តទីផ្សារ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​វិនិយោគិនសក្តានុពលនានាក្នុងគម្រោងនិរន្តរភាពនៅកម្ពុជា។ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា លើក​ឡើងនៅក្នុងសិក្ខាសា លាកសាងសមត្ថភាពស្ដីពី“ហិរញ្ញវត្ថុនិរន្តរភាព និង​ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​វិនិយោគិន" នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥ នេះថា ហិរញ្ញវត្ថុនិរន្តរភាព មិនមែន​ជា​ជម្រើស​ទៀត​ទេ ប៉ុន្តែវាជាកត្តាចាំបាច់សម្រាប់ភាពធន់នៃសេដ្ឋកិច្ច និងសកម្មភាព​អាកាស​ធាតុ​របស់កម្ពុជា។ ជាមួយនឹងទីផ្សារសញ្ញាបណ្ណនិរន្តរភាពដ៏រឹងមាំ យើងអាច​ទាក់​ទាញ​ការ​វិនិយោគ​ប្រកប​ដោយ​ទំនួលខុសត្រូវ ដែលគាំទ្រដល់ កំណើនបៃតង សមធម៌សង្គម និងស្ថិរភាព​ហិរញ្ញ​វត្ថុ​រយៈ​ពេល​វែង។ ឯកឧត្តម បន្តថា សិក្ខាសាលានេះ មានតួនាទីសំខាន់ណាស់ ក្នុង​ការ​ផ្តល់​ឱ្យ​អ្នក​ចូលរួម​នូវ​ចំណេះ​ដឹង និងឧបករណ៍ដែលចាំ បាច់ដើម្បីជំរុញអន្តរកាល។ ការណ៍នេះ នឹងជួយ​ឱ្យ​កម្ពុជា​នៅ​តែ​ជា​គោលដៅ​វិនិយោគដែលមានលក្ខណៈប្រកួតប្រជែង និងនិរន្តរភាព ផងដែរ។លោកស្រី Shori Kim នាយិកា GGGI ប្រចាំប្រទេសកម្ពុជា លើកឡើងថា GGGI បាន​និង​កំពុង​គាំទ្រ​ដល់​សញ្ញាបណ្ណបៃតង នៅក្នុងកម្ពុជា តាមរយៈកម្ម​វិធី​ការ​ជំរុញ​ការ​បោះ​ផ្សាយ​សញ្ញា​បណ្ណ​និរន្តរភាព បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃហិរញ្ញវត្ថុនិរន្តរភាព ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​បៃតង និងប្រកបដោយបរិយាបន្ន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​មាន​ភាព​រីក​ចម្រើន​គួរ ឱ្យកត់សម្គាល់ ក្នុងអន្តរកាលទៅកាន់ហិរញ្ញវត្ថុនិរន្តរភាព ដូចជាការ​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​ដ៏​ធំបំផុតរបស់កម្ពុជា ដោយក្រុមហ៊ុន Royal Group PPSEZ ក្នុងឆ្នាំ២០២៤ និង​ការ​អភិវឌ្ឍ​សញ្ញា​បណ្ណបៃតង និងនិរន្តរភាព ដែលមានទំហំទឹកប្រាក់ជាង ១០០ លាន ដុល្លារ​អាម៉េរិក​។លោកស្រី បានបន្តថា ការផ្តល់ហិរញ្ញប្បទាននិរន្តរភាព និងការអភិវឌ្ឍន៍បៃតង មិន​មែន​ជា​គំនិត​ថ្មី​ទៀត​ទេ ប៉ុន្តែវាបានក្លាយជា គំរូផ្លាស់ប្តូរ ឆ្ពោះទៅកាន់​ការ​វិនិយោគ​ប្រកប​ដោយ​និរន្តរ​ភាព​សម្រាប់​កម្ពុជា​។ តាមរយៈការផ្តល់ជូនភាគីពាក់ព័ន្ធនូវឧបករណ៍ ចំណេះ ដឹង ក្របខណ្ឌ និងទស្សនវិស័យ​ដ៏​ត្រឹម​ត្រូវ វិស័យនេះអាចកៀរគរការវិនិយោគដែលស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិ ក្នុង​អំឡុង ពេលដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន និងសង្គម។ GGGI នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូដ៏រឹងមាំមួយ សម្រាប់ការផ្តល់ ហិរញ្ញប្បទាននិរន្តរភាព ដែលទាក់ទាញ​វិនិយោគិន​ប្រកបដោយទំនួលខុសត្រូវ និងជំរុញវិបុលភាពសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ កម្ពុជា។សូមបញ្ជាក់ដា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និង​កម្ម​វត្ថុ​នៃ​ហិរញ្ញវត្ថុនិរន្តរភាព, ចែក រំលែកពីការអនុវត្តការបោះផ្សាយ និងការគ្រប់​គ្រង​ឧបករណ៍​ហិរញ្ញ​វត្ថុ​និរន្តរភាព ព្រមទាំងអនុលោមភាពគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ស្របតាម​កិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស, ផ្តល់នូវចំណេះដឹងក្នុងការកសាងក្របខណ្ឌដើម្បីទាក់ទាញវិនិយោគិន និង​ជំរុញ​ទំនុកចិត្តទីផ្សារ រួមជាមួយនឹងការផ្តល់នូវយុទ្ធសាស្ត្រ ដើម្បីភ្ជាប់ទំនាក់​ទំនង​ជាមួយ​វិនិយោគិន​សក្តានុពលនាពេលបច្ចុប្បន្ន នៅក្នុងគម្រោងនិរន្តរភាព នៅប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនចំនួនពីរ សហការសិក្សាគម្រោងលើការបង្កើតសួនកែច្នៃកាកសំណល់បង្កើតថាមពលស្អាត

2025/03/04 01:55:41 pm        157
ក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering សហការសិក្សាគម្រោង លើការបង្កើតសួនកែច្នៃកាកសំណល់ នៅរាជធានីភ្នំពេញ ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង នៃគម្រោងបង្កើតថាមពលស្អាត ដែលមានតម្លៃ សមរម្យ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំ ដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ នៃ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ-ការជ្រើសរើសបច្ចេកវិទ្យា សម្រាប់ប្រព្រឹត្តកម្មសំណល់ រឹងក្នុងទីក្រុង និងការផលិតថាមពល” ដែលគម្រោងនេះត្រូវសហការសិក្សាដោយអ្នកជំនាញពីក្រុមហ៊ុន Vinci Construction និង ក្រុមហ៊ុន Sage Engineering។ តាមរយៈបទបង្ហាញនេះដែរ, អ្នកជំនាញបានជម្រាបអំពីព័ត៌មានជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូល, បច្ចុប្បន្នភាពនៃការ សិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានា សម្រាប់ការធ្វើប្រព្រឹត្តកម្មសំណល់រឹង និងបំប្លែងចេញជាថាមពលសម្រាប់ប្រើប្រាស់បន្ត។ សូមជម្រាបដែរថា ជុំវិញគម្រោងខាងលើនេះ ក្រុមហ៊ុនទាំងពីរនិងសហការសិក្សាគម្រោងនេះឡើងក្នុងគោលបំណងរួមមាន៖ (១) បង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ទៅជាអគ្គិសនី, (២) បង្កើនអាយុកាលនៃទីលានចាក់សំរាម, (៣) លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ, (៤) លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ តាមរយៈការសាងសង់រោងចក្រកែច្នៃកាកសំណល់រឹង ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង(៥) ពង្រឹងការគ្រប់គ្រងថ្លៃដើម ក្នុងការកែច្នៃកាកសំណល់ក្នុងទីក្រុង៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត និងកង្វះខាតស្រូវសាលី ក្លាយជាការងារប្រឈមដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំថ្មីស៊ីរី
08/18/2025 09:08 PM
អេស្ប៉ាញព្យាយាមពន្លត់ភ្លើងឆេះព្រៃដោយមានជំនួយច្រើនបំផុតពីសហគមន៍អន្តរជាតិ
08/18/2025 08:08 PM
លោក Trump និយាយថា លោក Zelenskyy អាចបញ្ចប់សង្រ្គាមភ្លាមៗបាន
08/18/2025 08:08 PM
មនុស្ស ២៦៣នាក់ រួមទាំងកុមារ ១១២នាក់ ដាច់ពោះស្លាប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង
08/18/2025 08:08 PM
ក្តីសង្ឃឹមសម្រាប់អ្នករស់រានលែងមាន ពេលដែលក្រុមជួយសង្រ្គោះ ព្យាយាមស្វែងរកមនុស្សបាត់ខ្លួន ១៥០នាក់ក្នុងជំនន់ប៉ាគីស្ថាន
08/18/2025 08:08 PM
អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់
08/18/2025 08:08 PM
ចិនគំាទ្ររាល់កិច្ចខិតខំទាំងអស់ ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពក្នុងវិបត្តិសង្រ្គាមអ៊ុយក្រែន
08/18/2025 08:08 PM
លោក Zelenskyy ព្រមានប្រឆាំងនឹង «ការផ្តល់រង្វាន់» ដល់រុស្ស៊ី បន្ទាប់ពីលោក Trump ជំរុញឲ្យព្រមសម្បទាន
08/18/2025 08:08 PM
ភ្នាក់ងារពន្លត់អគ្គិភ័យ ២នាក់ស្លាប់ និងមនុស្សយ៉ាងហោច ៤នាក់រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុង Osaka ប្រទេសជប៉ុន
08/18/2025 08:08 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចធ្ងន់ធ្ងរនៅទីក្រុងម៉ុមបៃ និងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា
08/18/2025 08:08 PM