អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស
មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីជជែកគ្នាលើកិច្ចព្រមព្រៀង អាសិប ជាមួយអេមីរ៉ាតអារ៉ាប់រួម

2022/11/29 07:33:40 pm        291
ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ​កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២២នេះ ​បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការ​ចរចា​កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ (RCEP) រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ដែលមានវត្តមានចូលរួមពីក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាជំពូកនីមួយៗ រួមមាន៖ ពាណិជ្ជកម្មទំនិញ​និង​សេវាកម្ម វិនិយោគ ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​កិច្ចសម្រួលពាណិជ្ជកម្ម របាំង​បច្ចេកទេស​ពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ​ កម្មសិទ្ធិបញ្ញា ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូចនិងមធ្យម-ល- ​ដើម្បីអាចទាញ​ប្រយោជន៍​សេដ្ឋកិច្ចជាអតិបរមាពីកិច្ច​ព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​និង​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ចជាតិ។ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ណែនាំជូនក្រុមការងារចរចា ឱ្យបន្តខិតខំ​ចរចា​កិច្ច​ព្រមព្រៀងនេះ ​ដោយប្រកាន់ខ្ជាប់នូវ​ស្មារតី​បុរេសកម្ម ​ម៉ឹងម៉ាត់​ និង​ទំនួល​ខុសត្រូវខ្ពស់ ដើម្បី​សម្រេច​បាននូវកិច្ចព្រមព្រៀងនេះតាមការគ្រោងទុក ​សំដៅបម្រើដល់ផលប្រយោជន៍របស់​ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន ​និងវិនិយោគិន។ សូមបញ្ជាក់ថា ​ការចរចាជុំទី២ ​នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ​គ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ ​នៅកម្ពុជានាពេលខាងមុខ។ គិតក្នុងរយៈពេល ​៨ខែ ឆ្នាំ២០២២នេះ ​ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេច​បានក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណជិត​ ២៨០លានដុល្លារអាម៉េរិក​ កើនឡើងជាង ៤០ភាគរយ ​បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១៕អត្ថបទ៖ ឈិត បូរ៉ាវី 

ទុនវិនិយោគលើឧស្សាហកម្ម មានទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារអាមេរិក

2022/11/29 07:22:06 pm        455
ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​កម្ពុជាមានរោងចក្របង្កើតថ្មី ​១៦១ រោងចក្រ ធ្វើឱ្យចំនួនរោងចក្រសរុបចំនួន ១ ៩៦៨ រោងចក្រ ​និងមាន​ទុនវិនិយោគសរុប មានទំហំទឹក​ប្រមាណជាង ​១៦ ​ពាន់លានដុល្លារអាមេរិក ។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ ​និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ​២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះថា ​កម្ពុជាគឺជាប្រទេសមួយទទួលបានលំហូរនៃការ​វិនិយោគ​ជាបន្តបន្ទាប់ ​ដែលប្រការទាំងនេះ ​បានបង្ហាញអំពីមោទនភាពរបស់កម្ពុជា ទោះបីស្ថិតនៅក្នុង​វិបត្តិសកល​ រវាងសង្គ្រាមរុស្សី-អ៊ុយក្រែន​ និងវិបត្តិជំងឺកូវីដ ១៩ ដែលមិនទាន់បាន​ស្ងប់ស្ងាត់​នៅ​ឡើយ​ក៏ដោយ។ឯកឧត្តម បន្តថា ​ជាក់ស្តែងវិស័យឧស្សាហកម្ម បើគិតពីដើមឆ្នាំ ​រហូតដល់ពាក់កណ្តាលខែ ​វិច្ឆិកា ឆ្នាំ ២០២២ នេះ​ ក្រសួងទទួលបានការចុះបញ្ជី រោងចក្រថ្មី ​មានចំនួន ១៦១ រោងចក្រ ។ បើគិតរោងចក្រ​សរុបទាំងអស់មានចំនួនប្រមាណ ១ ៩៦៨ រោងចក្រ​ មានទុនវិនិយោគសរុបប្រមាណជាង ១៦ ពាន់​លាដុល្លារអាមេរិក ខណៈនៅត្រឹមឆ្នាំ ​២០២១ ​មានទុនវិនិយោគជាង ១៣ ពាន់លានដុល្លារ​អាមេរិកប៉ុណ្ណោះ។ ស្របពេលមានកំណើននេះ កម្ពុជាក៏មានរោងចក្របិតទ្វារក្នុងឆ្នាំ​ ២០២២​ មានចំនួន ៧២ រោងចក្រ ខណៈនៅឆ្នាំ ២០២១ ​មានរោងចក្របិតទ្វារ រហូតដល់ ១៤៨ រោងចក្រ។ឯកឧត្តម ហេង សុខគង់ បន្តឲ្យដឹងថា ចំពោះការនាំចេញ​ បើគិតត្រឹមត្រីមាសទី៣​ ឆ្នាំ ២០២២ នេះ មានទំហំទឹកប្រាក់ជិត ១២ ​ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញទំនិញសម្រេចបានទឹកប្រាក់ ៥,៦ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣

2022/11/28 08:41:21 pm        712
ភ្នំពេញ៖ ការនាំចេញទំនិញកម្ពុជា មានទឹកប្រាក់សរុបចំនួន ៥ ៦១៤ លានដុល្លារអាមេរិក នៅត្រីមាសទី៣ ឆ្នាំ២០២២ ​បានកើនឡើង ៤,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០២១។យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២​ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយកាលពីសប្តាហ៍មុន នៅត្រីមាសទី៣ ឆ្នាំ២០២២ ការនាំចូលទំនិញមានទឹក​ប្រាក់​សរុប ចំនួន ៧ ៨៩៩ ​លានដុល្លារអាមេរិក ​បានកើនឡើង ​២២,៦ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២១។របាយការណ៍ដដែលបញ្ជាក់ថា ​បើមិនរាប់​បញ្ជូលមាស​ ការនាំចេញមានទឹកប្រាក់សរុបចំនួន ៥ ៥៦៧លានដុល្លារអាមេរិក ​បានកើនឡើង ៤,៣ភាគរយ ដែលបានគាំទ្រដោយការនាំចេញ​សំលៀកបំពាក់ ស្បែកជើង កាបូប កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿង​បង្គុំរថយន្ត និង​ផលិតផលផ្សេងៗ​មួយចំនួនទៀត។ ទន្ទឹមនេះ ការនាំចូល ដោយមិនរាប់បញ្ជូលមាស មានទឹកប្រាក់សរុបចំនួន ៦ ៣៥១​ លាន​ដុល្លារអាមេរិក បានកើនឡើង ៩,២ភាគរយ​ ដោយសារការកើនឡើងនៃការនាំចូលប្រេងឥន្ទនៈ យានយន្ត គ្រឿងអេឡិចត្រូនិក​ គ្រឿងបង្គុំរថយន្ត និងគ្រឿងឧបភោគបរិភោគ​ ជាដើម។ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បញ្ជាក់ក្នុងរបាយការណ៍ថា​ ក្នុងត្រីមាសទី៣នេះ ស្ថានភាពសេដ្ឋកិច្ច​កម្ពុជា បាននិងកំពុងងើបឡើងតាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ​ គម្រោងសាងសង់ គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម ​និងការបន្តកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេល​ដែលការនាំចេញបន្តមានកំណើនល្អ​ លើផលិតផលកាត់ដេរ និងផលិតផលមិនមែន​កាត់ដេរ ​ដូចជា កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿងបង្គុំរថយន្ត​ និងផលិតផលផ្សេងៗមួយ​ចំនួន​ទៀត​៕​អត្ថបទ៖ វណ្ណៈ 

ធុរជនត្រូវពង្រីក និងពង្រឹងសមត្ថភាពក្នុងការផលិត ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារកូរ៉េ

2022/11/28 08:31:16 pm        600
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាដល់ធុរជនក្នុងស្រុក ត្រូវ​ខិតខំ​ប្រឹងប្រែង​ផលិត​ទំនិញប្រកដោយគុណភាព ​ដើម្បីទាញយកអត្ថប្រយោជន៍​ឱ្យបាន​ជាអតិបរិមា ​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាកម្ពុជា-កូរ៉េ​ ដែលនឹងចូលធរមានក្នុងពេលឆាប់ៗ ។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ថា កម្ពុជាសម្រេចបានជោគជ័យលើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ​ដោយបានផ្តល់​អត្ថប្រយោជន៍​ជាច្រើនដល់ធុរជនក្នុងស្រុក ក្នុង​នោះមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន ​កិច្ចព្រមព្រៀងអាសិប និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយកូរ៉េ ​ដែលត្រៀមចូលជាធរមាននៅថ្ងៃទី១ ខែ ធ្នូ ឆ្នំា ២០២២ ខាងមុខ។ឯកឧត្តម បន្តថា ​ការបើកទីផ្សារនីមួយៗ និងផ្តល់អត្ថប្រយោជន៍ដល់ធុរជនក្នុងស្រុកកាន់តែច្រើន​បន្ថែម​ទៀត ​តែទោះជាយ៉ាងនេះក្តី ​ធុរជនដែលជាអ្នកនាំចេញ​ ត្រូវតែខិតខំប្រឹងប្រែង ទាញយក​អត្ថប្រយោជន៍​ឱ្យបានជាអតិបរិមា ​និងត្រូវស្វែងយល់ពីឯកសាររវាងកិច្ចព្រមព្រៀងនេះ និង​ខិតខំ​ផលិតទំនិញឱ្យមានគុណភាពខ្ពស់ ​ដើម្បីឆ្លើយតតម្រូវការទីផ្សារ ខណៈការនាំចេញទៅ​ប្រទេស​មួយនេះ ​ទាមទារ​នូវលក្ខណៈតម្រូវមានស្តង់ដារខ្ពស់។ធុរជនត្រូវជំរុញការផលិតឲ្យ​បានជាបរិមាណ​ប្រកបដោយ​និរន្តរភាព ​ដើម្បី​ធ្វើឱ្យប្រទេសកម្ពុជា​ក្លាយ​ជាប្រភពមួយ ​នៃចំណែកមួយក្នុងខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទីផ្សារសកល។ឯកឧត្តម បញ្ជាក់បន្ថែមថា បន្ទាប់ពីកម្ពុជាបានអនុវត្តនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរ មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាជាមួយចិន ​និងកិច្ចព្រមព្រៀងភាពជាដៃគូថ្នាក់តំបន់​គ្រប់​ជ្រុង​ជ្រោយ​អាសិបរួចមក​ ឃើញថា​កំណើនៃការនាំចេញរបស់កម្ពុជាទៅទីផ្សារអាសិប ​ក្នុងនោះ​មានទីផ្សារចិន កូរ៉េ ជប៉ុន អូស្ត្រាលី ណូវេហ្សេឡង់ជាដើម​ ឃើញថា ​មានកំណើនគួរឱ្យកត់សម្គាល់ ។ លើសពីនេះក្តីរំពឹងធំរបស់កម្ពុជា ​ទីផ្សារចិន ​គឺជាទីផ្សារធំមួយ ​ដែលស្រូបយកមុខទំនិញ ទំាង​ទំនិញ​ចំណីអាហារ ​និង​ទំនិញ​កែច្នៃ រួមទំាង​ទំនិញ​វាយនភណ្ឌ ។ ចំណែកទីផ្សារកូរ៉េ ​ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ​នឹងចូល​ជាធរមានក្នុងពេលខាង​មុខនេះ ​ធ្វើឱ្យកម្ពុជារំពឹងថា ​ការនាំចេញទំនិញទៅទីផ្សារកូរ៉េ នឹងនាំទៅទំាងផលិតផល​សំលៀក​បំពាក់ ស្បែកជើង កង់ ​កាបូបសម្រាប់ធ្វើដំណើរ ​និងផលិតផលកសិកម្មផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

World Bank៖ ជំងឺរាតត្បាត បំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ

2022/11/28 07:10:22 pm        490
ភ្នំពេញ៖ របាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោក ដែលBTV ទទួលនៅថ្ងៃទី២៨ ខែវិច្ឆិកានេះបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បាន​ធ្លាក់​ចុះ​​សឹងតែពាក់​កណ្តាល​ក្នុង​ចន្លោះឆ្នាំ២០០៩ ​និងឆ្នាំ២០១៩ ​ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ ​បានធ្វើឱ្យ​អត្រាភាពក្រីក្រនេះ​បាន​កើន​ឡើងវិញក្នុងពេលថ្មីៗនេះ។ របាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង “ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាព​បរិយាបន្ន​និងភាពធន់ជាងមុន” របស់ធនាគារពិភពលោក ​បានឱ្យដឹងថា ​នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០ ​អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត​ ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត​ ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់​តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២,៨ភាគរយ ​ដែលមានន័យថា ប្រជាជន​ប្រហែល ៤៦០ ០០០នាក់បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូល​នៃភាពក្រីក្រវិញ។ ចន្លោះឆ្នាំ២០០៩​ ដល់ឆ្នាំ២០១៩ ជា​ទសវត្សរ៍​ដែលប្រទេសកម្ពុជាទទួលបានកំណើន​សេដ្ឋកិច្ចឥត​ឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាង​ទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាង​ឆាប់រហ័ស ​រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនា​សម្ព័ន្ធ ​បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និង​កម្រិត​ជីវភាព​រស់នៅកាន់តែប្រសើរ។ របាយការណ៍បានរកឃើញថា ការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្ម ជាឧទាហរណ៍ នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំក្នុងការកាត់បន្ថយភាពក្រីក្រ។ កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនា​សម្ព័ន្ធ​ឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបានការងារដែលមានប្រាក់ខែកាន់​តែ​ប្រសើរ​នៅក្នុងផ្នែកផលិតកម្ម និងផ្នែកសេវាកម្ម។កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យ​កសិកម្ម​ដែលមានប្រាក់កម្រៃទាប ទៅធ្វើការនៅតាមវិស័យ​ដែល​មានប្រាក់​កម្រៃខ្ពស់ជាង ​និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាព និងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការ​ផ្គត់ផ្គង់ទឹកស្អាត ​អនាម័យ សុខភាព​ និងការអប់រំជាដើម មានភាពប្រសើរឡើងសម្រាប់​មួយភាគធំ​នៅក្នុងចំណោមប្រជាជនទូទៅ។ការកែលម្អនៃស្ថានភាពនេះបានធ្វើឱ្យគម្លាតរវាងស្តង់ដាជីវភាព​របស់គ្រួសារនៅទីជនបទ និង​នៅទីប្រជុំជន រួមតូចជាងមុន។ របាយការណ៍នេះ លើកអនុសាសន៍ថា កម្ពុជា គួរពិចារណាលើអន្តរាគមន៍ផ្នែកគោល​នយោបាយ​មួយ​ចំនួន​ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយ​បរិយាបន្ននិងធន់ជាងមុន ពីការ​ប៉ះទង្គិច​របស់ជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។អន្តរាគមន៍ទាំងនោះអាចរួមមាន ​ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារ​សង្គម និងការវិនិយោគលើវិស័យសុខាភិបាល ​និងការអប់រំ ជាដើម៕ អត្ថបទ៖ សន រ៉ាឌី

ការធ្វើពិពិធកម្មទំនិញ និងទីផ្សារនាំចេញ នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរក្សាបានស្ថិរភាព

2022/11/25 10:33:22 pm        1125
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ការធ្វើពិពិធកម្មទំនិញសម្រាប់នាំចេញ និងទីផ្សារ មានសារៈសំខាន់សម្រាប់រក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងកាត់បន្ថយហានិភ័យពីកត្តាខាងក្រៅ។នេះជាការលើកឡើងរបស់សេដ្ឋកិច្ចវិទូ​ និងស្រាវជ្រាវ បានជួបប្រជុំគ្នាក្នុងសន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំលើកទី៩ ស្តីពី "ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញនិងភាពធន់ក្រោយកូវីដ-១៩ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ។លោក ស៊ាន មនោរិទ្ធ សេដ្ឋកិច្ចវិទូ នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​បានលើកឡើងថា ប្រទេស​កំពុងអភិវឌ្ឍន៍ ​និងប្រទេសអភិវឌ្ឍន៍តិចតួច ​ជាទូទៅមានមូលដ្ឋានសេដ្ឋកិច្ចតូចជាង ជាមួយនឹង​ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ដែលមានពិពិធកម្មសេដ្ឋកិច្ចធំជាង។ ដូច្នេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើរតួនាទីយ៉ាង​សំខាន់​ក្នុងការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដើម្បីកាត់​បន្ថយ​ផលប៉ះពាល់នៃកត្តាហានិភ័យខាងក្រៅ។សេដ្ឋកិច្ចវិទូដដែល លើកឡើងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការនាំចេញរបស់​ប្រទេស​បាន​កើនឡើងជាលំដាប់ ​ដែល​ឆ្លុះបញ្ចាំង​ពី​និន្នាការ​ដែលកំពុងរីកចម្រើន​នៅក្នុងវិស័យ​ផលិតកម្ម។ផលិតផលវាយនភណ្ឌបានក្លាយ​ទៅ​ជាកន្លែង​ឈរជើង​ដ៏យូរអង្វែង​នៃការនាំចេញ​របស់​ប្រទេស ដែលស្មើនឹងជាង ៧០ភាគរយ​នៃការនាំចេញរបស់ប្រទេស។បើតាមសេដ្ឋកិច្ចវិទូ បញ្ហាប្រឈមសំខាន់ៗ​មួយចំនួនដែលនៅសេសសល់ ក្នុងចំណោមបញ្ហា​ជា​ច្រើន​ទៀត គឺការចំណាយខ្ពស់ក្នុងការធ្វើអាជីវកម្ម​ ពលកម្មជំនាញទាប​ បរិយាកាសធុរកិច្ចមិនល្អ ដែល​រារាំង​ទំនាក់ទំនងរវាង FDI​ និងក្រុមហ៊ុនក្នុងស្រុក ​និងការទទួលយកឌីជីថលទាប ។បញ្ហាទាំងនេះ ​គួរត្រូវបានលើកឡើង និងដោះស្រាយ ​ដើម្បីធានាបានពីពីការធ្វើពិពិធកម្មទំនិញ និង​ទីផ្សាររបស់កម្ពុជា ​សំដៅដល់កំណើនសេដ្ឋកិច្ច ​មានចីរភា ​និងភាពធន់។ ​ដើម្បីពន្លឿន និងកសាង​មាគ៌ា​នៃកំណើនមានភាពធន់​ ជាពិសេសនៅក្នុងអំឡុងពេល​និងក្រោយកូវីដ-១៩ បញ្ហាប្រឈម​រ៉ាំរ៉ៃ​ទាំងនេះគួរត្រូវបានដោះស្រាយតាមពហុវិស័យ។លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើង​ក្នុង​ពិធីបើក​សន្និសីទម៉ាក្រូសេដ្ឋកិច្ចថា ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំ​នៅពេលនេះ​ បានផ្ដោតលើ “បញ្ហាប្រឈម ​និងគោលនយោបាយអភិវឌ្ឍន៍​សហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា” នៅពេល​នោះលទ្ធផលស្រាវជ្រាវ និងអនុសាសន៍ជាច្រើនត្រូវបានផ្ដល់ ដើម្បីដោះស្រាយបញ្ហាប្រឈម​របស់សហគ្រាសធុនតូច ​និងមធ្យមក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលសក្តានុពល​របស់​វិស័យនេះ​ក្នុងការជួយស្ដារកំណើនឡើងវិញ​ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕ អត្ថបទ៖ វណ្ណៈ 

ការប្រមូលចំណូលថវិការជាតិ នឹងសម្រេចតាមផែនការ គាំទ្រដោយសកម្មភាពសង្គម-សេដ្ឋកិច្ចបើកឡើងវិញ

2022/11/25 06:52:15 pm        656
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច រំពឹងថា ការប្រមូលចំណូលចូលថវិកាជាតិឆ្នាំ ២០២៣ របស់រាជរដ្ឋាភិបាល នឹងសម្រេចបានតាមផែនការគ្រោងទុក ខណៈវិស័យក្នុងស្រុកជាច្រើន អាចបន្តលទ្ធភាពដល់ការប្រមូលចំណូល ។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសាសន៍​នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្របខណ្ឌគោលនយោបាយឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ដែល​បានរៀបចំឡើង​ គឺឈរលើមូលដ្ឋាននៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការដាក់ចេញនូវ​យុទ្ធសាស្រ្ត ផែនការជាច្រើន ដើម្បីធ្វើឲ្យសម្រេចគោលបំណង ជាពិសេសប្រសិទ្ធភាពនៃការប្រមូល​ចំណូល​ចូលថវិកាជាតិ។ឯកឧត្តមបណ្ឌិត នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងបង្កើនចំណូលថវិការដ្ឋ​ខ្ពស់ជាងឆ្នាំ ២០២២ នេះ ​ទោះបីការបង្កើនខ្ពស់ក៏ដោយ រាជរដ្ឋាភិបាលនឹងអាចសម្រេចការប្រមូលចំណូលបានតាម​ការ​គ្រោងទុក ​ខណៈវិស័យក្នុងស្រុកជាច្រើន​ អាចបន្តលទ្ធភាពដល់ការប្រមូលចំណូលជូនរដ្ឋ ជា​ពិសេស​អាជីវកម្មជាច្រើន ​ដែលមិនទាន់បានបង់ពន្ធ ​ប្រសិនវិស័យទាំងនេះចូលមកក្នុងប្រព័ន្ធ ហើយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស អាចប្រកួតប្រជែងគ្នា ប្រកបដោយយុត្តិធម៌ និងបរិយាបន្ន។សូមបញ្ជាក់ថា យោងតាមសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ​ឬថវិកាជាតិ ​ត្រូវបានគ្រោងប្រមាណជាង ២២​ ភាគរយ នៃផសស, មានកំណើនជាង ១៤ ភាគរយ ​ធៀបនឹងច្បាប់ឆ្នាំ ២០២២ ។ ចំណែកការចំណាយ​សរុបថវិការដ្ឋ ​ឬថវិកាជាតិ ​ក៏ត្រូវបានគ្រោង ស្មើជិត ​៣០ នៃ ផសស, មាន​កំណើន ១៣ ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២២៕អត្ថបទ៖ សុន រ៉ាឌី

​​ពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២២ ត្រៀមប្រកាសនៅល្ងាចថ្ងៃនេះ

2022/11/24 01:07:50 am        121
ភ្នំពេញ៖ តាមការកំណត់ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រកាសជាផ្លូវការ​អំពីម្ចាស់ជ័យលាភី វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃ​សមត្ថភាពដ៏​សុក្រិតពីគណៈកម្មការថ្នាក់ជាតិយ៉ាងត្រឹមត្រូវបំផុត។កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២នៅល្ងាចថ្ងៃនេះ នឹងប្រាព្ធធ្វេីឡេីងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅ​នៅសណ្ឋាគារហុីម៉ាវារី រាជធានីភ្នំពេញ។ សូមជម្រាបជូនថា កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិ រៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដែលជាគ្រឹះស្ថានសាធារណៈ កំពុងបំពេញការងារយ៉ាងសកម្មក្នុងការកសាងសហគ្រិនថ្មី អភិវឌ្ឍសហគ្រិនដែលមានស្រាប់ និងជាអ្នកអនុវត្តសហគ្រិនភាពសង្គម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះដែរ ប្រព្រឹត្តទៅក្រោមកិច្ចសហការជាមួយសហគ្រិនខ្មែរ (Khmer Enterprise) តាមរយៈជំនួយរដ្ឋាភិបាលកម្ពុជា និងធនាគារព្រីនស៍ ដើម្បីធ្វើការងាររួមគ្នាជាមួយសហគ្រិន អ្នកបង្កើតគំនិតថ្មីៗ នវានុវត្តន៍ និងអ្នកដឹកនាំអាជីវកម្មក្នុងការរៀប​ចំការប្រកួតប្រជែង​លើប្រធានបទជាក់លាក់ជារៀងរាល់ឆ្នាំ តាមរយៈការរៀបចំឲ្យមានការប្រកួតប្រជែងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិក្នុងប្រទេសកម្ពុជា។កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ សម្រាប់ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាម៉េរិក, លេខ២ នឹងទទួលបានទឹកប្រាក់ចំនួន ៥ពាន់ដុល្លារអាម៉េរិក, លេខ៣ នឹងទទួលបានទឹកប្រាក់ចំនួន ៣ពាន់ដុល្លារអាម៉េរិក និងលេខ៤ នឹងទទួលបានទឹកប្រាក់ចំនួន ២ពាន់ដុល្លារអាម៉េរិក៕ អត្ថបទ ៖ បូរ៉ាវី

កម្ពុជាស្នើការងារមួយចំនួនពីបង់ក្លាដែស ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

2022/11/23 08:54:23 pm        536
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ​បានស្នើដល់ភាគីបង់ក្លាដែស លើការងារសំខាន់ៗមួយចំនួន ​ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាម​ការចង្អុលបង្ហាញ​ពីប្រមុខដឹកនាំនៃប្រទេសទាំងពីរកាលពីពេលកន្លងទៅ។ នៅក្រោយចប់ជំនួបការងាររវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Sadhan Chandra Majumder ​រដ្ឋមន្រ្តីក្រសួងស្បៀងអាហារបង់ក្លាដែស ​​ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ​បានឲ្យដឹងថា ការងារមួយចំនួនដែលកម្ពុជាស្នើដល់​បង់ក្លាដែស រួមមាន៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស និងការធានា​បាននូវការអនុវត្តដោយពេញលេញ និងមានប្រសិទ្ធភាព, ​ការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស ​ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាព​កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ ​និងការពិនិត្យលទ្ធភាពបន្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងកម្ពុជា-បង់ក្លាដែស ជាដើម។ប្រភពដដែល បានឲ្យដឹងទៀតថា ​តាមរយៈជំនួបការងារនេះ ​ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម បាន​សម្តែងនូវសុដ្ឋិនិយមចំពោះកំណើនជាវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគីដែលសម្រេចបានក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២២ ​ដែលមានទំហំទឹកប្រាក់ប្រមាណ​ ២២លានដុល្លារសហរដ្ឋអាម៉េរិក កើនឡើង​ប្រមាណ ៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីសក្តានុពល​នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង​ការជំរុញ​កំណើន​ពាណិជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងបន្ថែមទៀត។ជាការឆ្លើយតប ភាគីបង់ក្លាដែស បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជា​ពិសេសសារៈសំខាន់នៃការលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ក្នុងនោះ ភាគីបង់ក្លាដែស បានឯកភាពក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​រវាង​កម្ពុជា-បង់ក្លាដែស, ការបន្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងកម្ពុជា-បង់ក្លាដែស ​និងការរៀបចំកិច្ចប្រជុំលើកទី១នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស។ លើសពីនេះភាគីទាំងពីរ បានឯកភាពគ្នាចាត់តាំងមន្រ្តីបង្គោល ដើម្បីបន្តអនុវត្តទិសដៅការងារ​ដែល​ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សាថ្ងៃនេះ​ រួមទាំងការពិនិត្យលទ្ធភាពរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មី​នូវការ​ប្តេជ្ញាចិត្ត​បន្តកិច្ច​សហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ ​សំដៅជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕អត្ថបទ៖បូរ៉ាវី

កម្ពុជារំពឹង នឹងទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុង១៤ លាននាក់នៅឆ្នាំក្រោយ

2022/11/23 08:41:13 pm        354
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំពឹងថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជានឹងទទួលបាន​ភ្ញៀវទេសចរណ៍​ផ្ទៃក្នុងប្រមាណ ១៤ លាននាក់ ​តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរ​អន្តរជាតិប្រមាណ ៣ លាននាក់ ​រហូតដល់ឆ្នាំ ២០២៧។ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងនៅក្នុងពិធីបិទ «វេទិកាជាតិ​អេកូ​ទេសចរណ៍លើកទី៣» នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា កម្ពុជាត្រូវបានទទួលស្គាល់​ជា​លក្ខណៈអន្តរជាតិលើការងារសហគមន៍ ​និងអេកូទេសចរណ៍ ​ពិសេសក្នុងក្របខណ្ឌអាស៊ាន តាម​រយៈការអនុវត្តគំរូអភិវឌ្ឍន៍សហគមន៍​ទេសចរណ៍ ​ក្រោមរូបភាពជាដៃគូរ រដ្ឋ ​និងប្រជាជន ក្នុងការ​ផ្តល់​សិទ្ធអំណាច​ដល់សហគមន៍​ ដល់ជាប្រយោជន៍អតិប្បរមាក្នុងមូលដ្ឋាន​ កាត់បន្ថយភាពក្រីក្រ និង​គោរពតាមគោលការណ៍​ជាជំហាន​ និងទទួលខុសត្រូវស្របតាមទស្សនទាន ការអភិរក្ស​បម្រើ​ដល់ការអភិវឌ្ឍ និងស្របតាមគៅលការណ៍នៃការបែងចែកផលប្រយោជន៍ ​ប្រកបដោយសមធម៌។ឈរលើមូលដ្ឋានទាំងអស់នេះ ​រាជរដ្ឋាភិបាលបានអនុវត្តដាក់ឲ្យប្រើប្រាស់​ផែនទីចង្អុលផ្លូវ ស្តីពីផែន​ការស្តារ ​និងលើកស្ទួយវិស័យទេសចរណ៍ ​កម្ពុជាក្រោយវិបត្តិជំងឺកូវីដ ១៩ ដោយក្នុងនោះ​អនុវិស័យ​អេកូទេសចេណ៍ គឺជាសរស្តម្ភមួយ ​ក្នុងចំណោមសរស្តម្ភទាំង៤ ​គឺទេសចរណ៍វប្បធម៌, ទេសចរណ៍​ឆ្នេរ, អេកូទេសចរណ៍ និងភាពជាខ្មែរ ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជ។ បញ្ហានេះ ​ឯកឧត្តមរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុង ​ប្រមាណ ១៤ លាននាក់ នៅ​ក្នុងឆ្នាំ២០២៣ ​តាមផែនការដែលបានដាក់ចេញ ​និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣​លាននាក់ ​រហូតដល់ឆ្នាំ​ ២០២៦ ឬឆ្នាំ២០២៧ ​ជាមួយភាពប្រកដប្រជានៃវិបត្តិកូវីដ ១៩ និងវិបត្តិសកលលោក​នានា ខណៈដែល ​១០ ខែ ឆ្នាំ ២០២២ នេះ ​កម្ពុជាទទួលបានភ្ញៀវទេសចរណ៍​ ប្រមាណ ១,៥ លាននាក់​រួចហើយ ​និងរំពឹងថា​ ក្នុងឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ២ លាននាក់ផងដែរ។ទាក់ទងបញ្ហាទេសចរណ៍នេះ, លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេស​ចរណ៍​កម្ពុជា លើកឡើងថា ជុំវិញការរំពឹងទុក​ នៃការកើនឡើងភ្ញៀវទេសចរណ៍នេះ បើយើងក្រឡែកមើល​បច្ចុប្បន្ន ​ភ្ញៀវទេសចរណ៍បានចេញកម្សាន្តជាហូរហែរ ​បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ ​១៩ បានធូរស្រាល ដែលក្នុង​នោះអនុវិស័យអេកូទេសចរណ៍ រួមជាមួយសេវាកម្មសហគមន៍ភ្ញៀវទេសចរណ៍​បាន​កំពុង​ទាក់ទាញ​ផងដែរ ​ខណៈវិបត្តិនៃជំងឺកូវីដ ១៩ ហាក់ដូចជាបណ្តុះគំនិតឲ្យពួកគាត់កាន់តែ​ស្រឡាញ់ ​និងគាំទ្រ ​អភិរក្សធនធានធម្មជាតិ ​អេកូទេសចរណ៍កាន់តែខ្លាំង ដូច្នេះរបត់នៃការកើន​ឡើង​ភ្ញៀវទេសចរណ៍នេះ កម្ពុជានឹងអាចសម្រេចបានតាមការគ្រោងទុក។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ​ចំពោះការបន្តអភិវឌ្ឍសហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍ ​ប្រកបដោយចីរភាព ​និងបរិយាប័ន្ន ​សម្រាប់វិស័យទេសចរណ៍ទាំងមូល សម្រាប់​បញ្ហានេះ ឯកឧត្តមស្នើរបន្តពង្រឹង ​និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍ជាច្រើនទៀត ​ជាពិសេសការដោះស្រាយបញ្ហាក្នុងសហគមន៍ដូចជា ការកសាង​ហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ ​និងការផ្តល់សេវាសាធារណៈនានា, ការបន្តសិក្សារៀបចំបញ្ជីសហគមន៍​អាទិភាព ដើម្បីដាក់​បញ្ចូល​ក្នុងផែនការអាទិភាពរបស់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និងការ​គាំទ្រ​ឱ្យមានការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំ នៅតាមតំបន់អេកូទេសចរណ៍​អាទិភាព​ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ
09/15/2026 06:09 PM
កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
09/15/2026 06:09 PM
អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
09/15/2026 06:09 PM
នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
09/15/2026 06:09 PM
ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
09/15/2026 06:09 PM
ឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនកិច្ច «តំបន់សាកល្បង» ដែលកងទ័ពលីបង់គ្រប់គ្រង នៅក្បែរអ៊ីស្រាអែល
09/15/2026 06:09 PM
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
09/15/2026 06:09 PM
អ៊ីរ៉ង់​បដិសេធ​មិន​មាន​ការចរចាណាមួយ​ជាមួយអាមេរិក ក្រោយការលើកឡើងរបស់លោក Trump
09/15/2026 06:09 PM
អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ
09/15/2026 06:09 PM
ក្រុមសង្រ្គោះរកឃើញសាកសព ខណៈឥណ្ឌូនេស៊ីបង្កើនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ១២៩នាក់ ក្រោយនាវាលិច
09/15/2026 06:09 PM