ការធ្វើបច្ចុប្បន្នភាព NFIS ដើម្បីធានាដល់គ្រួសារ និងអាជីវកម្មឱ្យទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​សម​ស្រប
ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ

សេដ្ឋកិច្ច និង កសិកម្ម

កម្មករកាត់ដេរ ចង់បានការដំឡើងប្រាក់ខែជាង២០០ដុល្លារ ដើម្បីទប់នឹងអតិផរណា និងចំណាយផ្សេងៗ

2022/08/25 12:43:28 pm        781
ភ្នំពេញ៖ កម្មករ កម្មការិនីវិស័យកាត់ដេរ បានសាទរទៅនឹងតួលេខប្រាក់ឈ្នួលដែលស្នើដំឡើង​ដោយភាគីសហជីប ២១ដុល្លារបន្ថែម សម្រាប់ប្រាក់ឈ្នួលអតិប្បរមាឆ្នាំ២០២៣ ដោយបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលនេះ នឹងឆ្លើយតបនិងការកើនឡើងនៃអតិផរណាតម្លៃមុខទំនិញ ចំណាយផ្សេងៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករកម្មការិនីរោងចក្រ។កម្មករ កម្មការិនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ ខ្វាន់ទុម ខ្លូស៊ីង (ខេមបូឌា) ​លីមីធីត ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែន រាជធានីភ្នំពេញ បានលើកឡើងថា ការទាម​ទារចង់បានប្រាក់ឈ្នួលកើនដល់ជាង​ ២០០ដុល្លារ ក្នុង១ខែ ដើម្បីទប់ទល់នឹងការ​ចំណាយប្រចាំថ្ងៃ និងទំនិញគ្រប់ប្រភេទឡើងថ្លៃដូចគ្នា ​ដែលធ្វើឲ្យការចាយវាយរបស់ពួកគាត់ត្រូវត្បិតត្បៀត។ពួកគាត់ បានលើកឡើងស្រដៀងគ្នាទៀតថា ប្រាក់ឈ្នួលអប្បបរមា យ៉ាងហោច​ណាស់ក៏គួរកើន​លើស​ជាង ២០០ដុល្លារដែរ ដើម្បីឲ្យងាយស្រួល​ផ្គត់ផ្គង់​ក្នុងការចំណាយនានា និងគ្រាន់​សល់​ប្រាក់កាក់ខ្លះ​ ដើម្បីដោះបំណុល និងផ្ញើរទៅ​សាច់ញាតិ​រស់នៅស្រុកកំណើត។ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី២​ នៅរសៀលថ្ងៃទី២៤ សីហា ឆ្នាំ២០២២ គីសហជីពស្នើដំឡើងចំនួន ២១ដុល្លារ ។ ​លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ​សហជីព​ចលនា​កម្មករកម្ពុជា បានលើកឡើងថា ​ឆ្លងកាត់ការពិភាក្សា និងប្រជុំផ្ទៃរបស់ក្រុមសហជីព បាន​សម្រេចឯកភាពគ្នាទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតចំនួន ​២១៥ដុល្លារ ដោយយោងទៅកត្តាអតិផរណា កត្តាផលិតភាព និង​កត្តា​ប្រាក់ចំណេញថ្នាក់វិស័យក៏កើន​ឡើង​ដូចគ្នា ។ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ ​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ចំនួន ​៦ ​ដង​ទៀត ដើម្បី​ពិភាក្សា​ទៅលើ​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ ​ដោយបាន​កំណត់​យក​ថ្ងៃទី​ ២៣ ខែកញ្ញា ​ជា​ថ្ងៃ​កំណត់​ចុងក្រោយ ដែល​ត្រូវ​ប្រកាស​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​កាត់ដេរ ​សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០២៣​។​ ក្នុងឆ្នាំ២០២២នេះ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួន ​១៩៤ ដុល្លារអាម៉េរិក។ បូកទាំងប្រាក់ឈ្នួលអប្បបរមា ​ប្រាក់ថែមម៉ោងការងារ និងប្រាក់​ឧបត្ថម្ភផ្សេងៗ​ទៀត ​កម្មករនិយោជិតម្នាក់ ​អាចទទួលប្រាក់ខែចន្លោះ ​២៥០ ទៅ ៣០០ដុល្លារ ​នៅក្នុងមួយខែ៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-ចិនពិភាក្សា​គ្នា​​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្មច្រើនថែមទៀត​​ទៅ​ប្រទេស​ចិន​

2022/08/24 01:48:32 pm        797
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បាន​ជួប​ពិភាក្សា​គ្នា​ ដើម្បី​ស្វែង​យល់​​ពី​កាលានុ​វត្ត​ភាព និង​បញ្ហា​ប្រឈម​នានា​​ក្នុង​វិស័យ​កសិកម្ម​​កម្ពុជា ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​ឱ្យ​បាន​កាន់​តែ​ច្រើនថែម​ទៀត​​​។នេះជាការលើកឡើង ក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តម ប៊ុន ចន្ធី អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម និង​​​លោក ZHANG Lubiao អគ្គ​នាយក​នៃ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ក្រៅ​ប្រទេស​នៃ​ក្រសួង​កសិកម្ម និង​កិច្ច​ការ​ជន​បទ​ចិន នៅ​ថ្ងៃទី​ ២២ ខែ​សីហា នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជ​កម្ម ។យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ​ចំណុច​សំខាន់​ៗ​ចំនួន ៣ ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុង​ពេល​នោះ​​រួម​មាន ការ​សិក្សា​​បន្ថែម​អំពី​ស្ថាន​ភាព​នៃ​ពាណិជ្ជ​កម្ម​នាំ​ចេញ-​ចូល ផលិត​ផល​កសិកម្ម និង​ទីផ្សារ​ផលិត​ផល​កសិ​កម្ម​ក្នុងស្រុក, ការ​សិក្សា​បន្ថែម​អំពី​គោល​នយោបាយ​ និង​ផែនការ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម, និង​ការ​ប្រឹក្សា​យោបល់​នានា​លើ​គម្រោង​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​ផែនការ​ទំនើប​កម្ម​វិស័យ​កសិកម្ម​កម្ពុជា-​ចិន​ឱ្យ​ចំ​គោលដៅ សំដៅ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ និង​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​ប្រទេស​ចិន​។ឯកឧត្តម ប៊ុន ចន្ធី បាន​លើក​ឡើង​ថា សេដ្ឋកិច្ច និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​លក្ខណៈ​អន្តរ​ជាតិ​របស់​កម្ពុជា ​កំពុង​មាន​ដំណើរ​ការ​ល្អ​ជា​លំដាប់​ ហើយ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ក៏​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ​។ បច្ចុប្បន្ន​កម្ពុជា​មាន​ផលិត​ផល​កសិកម្ម​សក្ដានុពល​ជា​ច្រើន​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​​​ចិន ​មាន​ដូចជាចេក​ ស្វាយ អង្ករ ពោត ដំឡូងមី និងស្វាយចន្ទី ជាដើម​។លោក ZHANG Lubiao បាន​និយាយ​ថា គោល​បំណង​នៃ​ដំណើរ​បេសកកម្ម​របស់​លោក​ គឺ​ផ្តោត​សំខាន់​លើ​ការ​ស្វែង​យល់​បន្ថែម​អំពី​កាលានុវត្ត​ភាព ​និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ផែនការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម​កម្ពុជា-​ចិន ​ក៏​ដូចជា​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ​និង​ប្រទេស​ចិន។លោក​ បន្ថែម​ទៀត​ថា ដើម្បី​ជំរុញ​ឱ្យ​សកម្ម​ភាព​ពាណិជ្ជកម្ម​កម្ពុជា-​ចិន ​កាន់​តែ​ល្អ​បន្ថែម​ទៀត កម្ពុជា​គួរ​ពិចារណា​ចំពោះ​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​សម្រាប់​វិស័យ​កសិកម្ម, ការ​រៀបចំ​ឱ្យ​មាន​ក្រុម​ការងារ​ប្រចាំ​នៅ​ស្ថាន​ទូត​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ជា​មួយ​ភាគី​ចិន​បាន​ទាន់​ពេល​វេលា, ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ និង​ការ​បង្កើត​ឱ្យ​មាន​តំបន់​អនុ​គ្រោះ​ពន្ធ​ជាដើម។ ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ដឹង​ថា​ ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-ចិន ​ក្នុង​រយៈ​ពេល ៧ ​ខែ​ដំបូង ឆ្នាំ ​២០២២ មាន​ទឹក​ប្រាក់​សរុប ​៦ ៩៧១ ​​លាន​ដុល្លារ​ កើន​ឡើង​ ១៥.៥​ ភាគរយ​បើ​ធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១​។ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទំនិញ​ក្នុង​ទឹក​ប្រាក់ ​៧០១​,១៩​ លាន​ដុល្លារ ធ្លាក់​ចុះ ១៥ ​ភាគ​រយ និង​ការ​នាំ​ទំនិញ​ពី​ចិន​មក​កម្ពុជា​ មាន​ទឹក​ប្រាក់​ ៦ ២៧០ ​លាន​ដុល្លារ កើន​ឡើង ២០.៤ ភាគរយ​៕ អត្ថបទ៖ វណ្ណៈ

ក្រសួងការងារបន្តកិច្ចប្រជុំជាលើកទី២ ដើម្បីពិភាក្សាលើប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣

2022/08/24 01:07:30 pm        807
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី២ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាស្វែងរកយន្តការឯកភាពមួយ ដែលនឹងលើកយកទៅពិភាក្សាគ្នានៅពេលក្រោយទៀត។កិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ ​ នៅថ្ងៃនេះ ដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដោយមានការចូលរួមជាត្រីភាគី (មួយក្រុមមាន១៧នាក់) រួមមាន ​ភាគីរដ្ឋាភិបាល ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក។សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៧ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យ​ឧស្សាហកម្ម​កាត់ដេរ​មានចំនួន ៤៥ដុល្លារអាម៉េរិក​ និងកើនឡើងជាបន្តបន្ទាប់រហូតដល់ចំនួន ១៩៤ដុល្លារ​អាម៉េរិក ក្នុងមួយខែ នៅក្នុងឆ្នាំ ២០២១។ គិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា​ ប្រាក់ថែមម៉ោងការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត កម្មករនិយោជិតក្នុងមួយនាក់ អាចទទួលប្រាក់ខែចន្លោះ​ ២៥០ទៅ៣០០ដុល្លារ ឬឈាន​ដល់៣៥០ដុល្លារ ​នៅក្នុងមួយខែៗ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ បច្ចុប្បន្ន កម្ពុជា ​មានសហគ្រាស គ្រឹះស្ថាន​ វិស័យកាត់ដេរ ​និងផលិតស្បែកជើងចំនួន ​១ ១៨២ ដែលស្មើនឹងកម្មករនិយោជិត​សរុប​ចំនួនជាង ៨៣ម៉ឺននាក់៕អត្ថបទ បូរ៉ាវី

ផែនការអភិវឌ្ឍវិស័យថាមពលនឹងដាក់ចេញឆាប់ៗ ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍ

2022/08/24 01:02:48 pm        1070
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល កំពុងពន្លឿនរៀបចំផែនការអភិវឌ្ឍវិស័យថាមពលរយៈពេលវែង ឆ្នាំ ២០២១-២០៤០ ដោយគ្រោងដាក់ចេញនៅចុងឆ្នាំនេះ ដើម្បីដោះស្រាយនូវសេចក្តីត្រូវការ ជាពិសេសការជម្រុញប្រើប្រាស់អគ្គិសនីឲ្យដើរស្របតាមផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងពីផែន​ការនេះនៅក្នុងជំនួបពិភាក្សា​ការងារជាមួយលោកជំទាវ ជោតសាណា វ៉ាម៉ា (Jyotsana Varma) នាយិកា ADB ប្រចាំកម្ពុជា នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២។ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ចំពោះកិច្ច​សហប្រតិបត្តិការជាដៃគូរ ​លើការរៀបចំនូវផែនការអភិឌ្ឍវិស័យថាមពលសម្រាប់រយៈពេលវែង ​ឆ្នាំ ២០២១-២០៤០ ​សម្រាប់ការផលិត ការបញ្ជូន និងការចែកចាយនៅក្នុងក្របខណ្ឌអគ្គិសនីនៅទូទាំង​ប្រទេស ក្រសួង និងADB បន្តការសហការល្អ សម្រាប់គម្រោងនេះ ដើម្បីដោះស្រាយនូវសេចក្តី​ត្រូវការ ​សម្រាប់ការប្រើប្រាស់អគ្គិសនីនៅកម្ពុជា។ ចំពោះការងារសហប្រតិបត្តិការរវាង ADB នៅក្នុងវិស័យថាមពល​ ជាពិសេសក្រសួងរ៉ែ ​និងថាមពល មានរយៈពេលជាច្រើនមកហើយ​ ក្នុងនោះ ADB ​តែងតែដើរតួជាដៃគូរ នៅក្នុងការអភិវឌ្ឍ​វិស័យថាមពល រហូតទទួលបានលទ្ធផលជាផ្លែផ្កាមកដល់សព្វថ្ងៃ។ក្នុងជំនួបនេះ, លោកជំទាវ ជោតសានា វ៉ាម៉ា (Jyotsana Varma) ថ្លែងថា ការអភិវឌ្ឍន៍វិស័យថាមពល​គឺជាកត្តាសំខាន់ ​ដែលទាមទារឲ្យមានការរៀបចំផែនការអភិវឌ្ឍលើវិស័យនេះឲ្យបានច្បាស់លាស់ ក្នុងនោះ ADB គឺជាដៃគូរសហការជាមួយក្រសួងរ៉ែ ​និងថាមពល ក្រៅពីនេះADB​នៅមាន​តួ​អង្គពីរ​ផ្សេងទៀត ​គឺអាជ្ញាធរអគ្គិសនីកម្ពុជា ​និងក្រុមហ៊ុនអគ្គិសនីកម្ពុជា ដើម្បីរួមគ្នារៀបចំការងារ​ទាំងពីរ​នេះឲ្យចេញជា​លទ្ធផល​ផ្លែផ្កា សម្រាប់ការអភិវឌ្ឍ​វិស័យថាមពលនៅព្រះរាជាណាចក្រកម្ពុជា​ឲ្យ​ប្រកបដោយប្រសិទ្ធភាព៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានវិនិយោគលើវិស័យសំណង់មានទុនសរុប ៣១ ៤៨៤ លានដុល្លារអាម៉េរិក

2022/08/24 12:44:50 pm        874
ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគលើវិស័យសំណង់ មានចំនួនប្រមាណជាង ១៩ ពាន់គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និងមានទុនវិនិយោគលើវិស័យនេះប្រមាណជា ៣១ ៤៨៤ លានដុល្លារអាម៉េរិក ។ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញរបាយការណ៍ អំពីសមិទ្ធផលសម្រេច​បានរយៈពេល ៥ឆ្នាំ កន្លងមក នៅក្នុងវិស័យសំណង់ ក្នុងនោះការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យ​សំណង់ទាំងក្នុងស្រុក​ និងពីក្រៅប្រទេស​ មានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ។ ​ជាក់ស្តែងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យ​សំណង់សម្រេចបាន ១៩ ៣២២ គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និង​មានទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៣១ ៤៨៤ លានដុល្លារអាម៉េរិក ក្នុងនោះ​នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២២ ការវិនិយោគលើវិស័យនេះ ​មានចំនួន ២ ០០០ គម្រោង លើផ្ទៃក្រឡាសំណង់ប្រមាណជាង ២,៨ លានម៉ែត្រការ៉េ ​និងមានទុនវិនិយោគ ១ ២០៦ លានដុល្លារអាមេរិក។ជុំវិញការអភិវឌ្ឍន៍វិស័យសំណង់នេះ បើគិតពីចាប់ផ្តើមអនុវត្តឆ្នាំ ២០០០ ដល់រយៈពេល ៦ ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅ​ទូទាំង​ប្រទេសចំនួនជាង ៥៧ ពាន់គម្រោង ​លើផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១៦៦ លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៦៦ ២០៥ លានដុល្លារអាម៉េរិក ក្នុងនោះ​ការអភិវឌ្ឍគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង ​នៅទូទាំងប្រទេស មានចំនួន ២ ៤៧២ អគារ គម្រោងបុរីលំនៅឋាន​ និងបណ្តុំលំនៅឋាន មានលក្ខណៈជាបុរីមានចំនួន ៤៨២ គម្រោង។ចំណែកការផ្ដល់វិញ្ញាបនបត្រប្រកបវិជ្ជាជីវៈសិក្សាគម្រោងប្លង់ដល់អ្នកវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញវិញ្ញាបនបត្រជូនដល់អ្នកប្រកបវិជ្ជាជីវៈ ​មានចំនួន ៥៤២រូប ក្នុងនោះមានស្ថាបត្យករ ២៧០ រូប (សញ្ជាតិបរទេស ៥ រូប) ​និងវិស្វករ ២៧២រូប (វិស្វករសញ្ជាតិបរទេស ៦រូប) និងបានផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ចំនួន ៣ ក្រុមហ៊ុន។សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យសេវាកម្ម នៅក្នុងឆមាសទី ១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មានថា ​នឹងសម្រេចបានកំណើនក្នុងអត្រា ៤,៣% ក្នុងនោះអនុវិស័យអចលនទ្រព្យ ត្រូវបានប៉ាន់ស្មានថា ​នឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនយឺត ក្នុងអត្រា ២,៥% ដោយសារការបន្តថមថយសកម្មភាពទិញ-លក់អចលនទ្រព្យថ្លៃខ្ពស់​ ពិសេសខុនដូ និងអាផាតមិន ខណៈដែលសកម្មភាពទិញ-លក់/ជួលអចលនទ្រព្យថ្លៃទាប ​និងមធ្យម ជាពិសេសលំនៅឋាន រំពឹងថា នឹងបន្តសកម្មភាព៕ អត្ថបទ៖ សុន រ៉ាឌី​

សិប្បករ និងមន្ត្រីជំនាញពាក់ព័ន្ធ កំពុងប្រឹងប្រែងជំរុញទីផ្សារនាំចេញទឹកត្រីកំពត

2022/08/23 01:38:36 pm        850
ភ្នំពេញ៖ សិប្បករ និងមន្ត្រីជំនាញពាក់ព័ន្ធកំពុងប្រឹងប្រែងសម្របសម្រួល នាំចេញទឹកត្រីកំពត ដោយសារទឹកត្រីកំពតត្រូវបានទទួលស្គាល់ទាំង​គុណភាព និងស្តងដារ​នៃការផលិតវេចខ្ចប់​ទាំង​ថ្នាក់ជាតិ និងអន្តរជាតិ ។លោក ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ្វូដប្រូដាកសិន អូហ្វកំពត ​បានប្រាប់​ឲ្យ​ដឹងថា ​ទឹកត្រីកំពតផលិតឡើង​តាមលក្ខណៈប្រពៃណី​តពីដូនតា ​រាប់ជំនាន់មកហើយ។​ វត្ថុធាតុផ្សំ និង​ឧបករណ៍ផលិតទឹកត្រីកំពត ​មានដូចជា៖ ត្រីកាកឺមសមុទ្រ ​អំបិលកំពត ​និងធុងឈើបុរាណ​សម្រាប់​ធ្វើរំហួតដោយប្រើរយៈពេលមួយឆ្នាំពេញ ​ដែលជួយដល់ភាពងំឈ្ងុយរបស់ទឹកត្រី និង​មានកម្រិតប្រូតេអ៊ីនខ្ពស់ ខុសពីទឹកត្រីផ្សេងៗ។ ចំពោះគុណភាព និងស្តងដានៃការផលិត ​វេចខ្ចប់ ត្រូវបាន​ទទួលស្គាល់ទាំងថ្នាក់ជាតិ ​និងអន្តរជាតិ​។លោក បានបន្តថា ដោយសារកង្វះ វត្ថុធាតុដើម ​និងឧបករណ៍វេចខ្ចប់ដែលត្រូវនាំចូល​ពីក្រៅប្រទេស ទឹកត្រីង៉ូវ ហេង របស់លោក ​អាចផលិតបានជាង ៥០ម៉ឺនលីត្រក្នុងមួយឆ្នាំ ហើយបរិមាណនេះ​មិនទាន់​អាចផ្តគ់ផ្គង់​តម្រូវការទីផ្សារក្នុងស្រុកបាននៅឡើយទេ​ ប៉ុន្តែយ៉ាងណាក៏ដោយ លោក​បាន​នឹងកំពុងរៀបចំខ្លួន​ បង្កើនបរិមាណផលិត​ ដើម្បីឈានទៅសម្រេចគោលដៅ ពង្រីកទីផ្សារក្រៅ​ប្រទេស​ឲ្យ​បានក្នុងពេលឆាប់ៗ ​ ព្រោះលោកចង់ឲ្យ បងប្អូនខ្មែរទៅដល់ទីណា ឃើញផលិតផលខ្មែរនៅទីនោះ។លោក សុខ គឹមជឿន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាន​ប្រាប់​ឲ្យដឹងថា ខេត្តកំពតមានសិប្បកម្មផលិតទឹកត្រីចំនួន១០ ​កន្លែង។ ​លោក បានបញ្ជាក់ថា បច្ចុប្បន្ន​មន្ត្រីផលិជំនាញពាក់ព័ន្ធ​កំពុងចងក្រងជាសមាគមផលិតទឹកត្រីកំពត-កែប ដើម្បីធ្វើការចុះបញ្ជី​ម៉ាក់តផល ​សម្គាល់ភូមិសាស្ត្រផង​ និងបង្កភាពងាយស្រួលក្នុងការនាំចេញនៅថ្ងៃមុខផង ។ដោយឡែក​ចំពោះទឹកត្រី ង៉ូវ ហេង ​លោក​ បានបញ្ជាក់ដែរថា ទទួលបាន អាជ្ញាបណ្ណនាំចេញទៅ​ក្រៅ​ប្រទេសរួចហើយ​ គឺរង់ចាំតែបរិមាណនៃការផលិតឲ្យឆ្លើយតបនឹងការនាំចេញប៉ុណ្ណោះ៕អត្ថបទ៖ អន សារឹម

គ្រឹះស្ថានធនាគារ និងហិរញវត្ថុ កំពុងធ្វើទំនើបកម្ម សេវាហិរញ្ញវត្ថុឌីជីថល

2022/08/23 12:58:09 pm        532
ភ្នំពេញ៖ មន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាថា នារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹះស្ថាន​ធនាគារ និងហិរញវត្ថុ បាននិងកំពុងគាំទ្រដល់ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈការបន្តអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើន និងមានទំនើបកម្ម ជាពិសេស សេវាហិរញ្ញវត្ថុឌីជីថល។លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រង​ទិន្នន័យ និងវិភាគមីក្រូហិរញ្ញវត្ថុ នៃធនាគារជាតិ​នៃកម្ពុជាលើកឡើង​នៅក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពីការចាប់ផ្តើមគម្រោង "ការបង្កើតភាព​អង់អាចសេដ្ឋកិច្ចដល់ស្ត្រីនៅជនបទ តាមរយៈការលើកកម្ពស់ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុនិងឌីជីថល" នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះថា ​បរិយាបន្នហិរញ្ញវត្ថុ ​បាននិងកំពុងដើរតួនាទីយ៉ាង​សំខាន់​ក្នុងការ​ជំរុញកំណើនសេដ្ឋកិច្ច ​កាត់បន្ថយវិសមភាព​ និងកាត់​បន្ថយភាពក្រីក្រ​នៅកម្ពុជា​។ បរិយាបន្នហិរញ្ញវត្ថុ គឺជាលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា សមស្រប​តាមតម្រូវការ​ មានតម្លៃសមរម្យ ​និងមានកិច្ចការពារតាមផ្លូវច្បាប់។លោក បន្តថា ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តយុទ្ធសាស្ត្រ​ជាតិស្តីពី បរិយាបន្ន​ហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅកាត់បន្ថយអត្រាស្ត្រីដែល​មិនទាន់​ទទួល​បានសេវាហិរញ្ញវត្ថុ ​ឲ្យបានពាក់កណ្ដាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវា​ហិរញ្ញវត្ថុ​ផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ។ លោក ម៉ែន ភក្តី បញ្ជាក់បន្ថែមថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយ គ្រឹះស្ថានធនាគារ ​និងហិរញវត្ថុ បាន​និងកំពុងគាំទ្រដល់ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈការបន្តអភិវឌ្ឍន៍​សេវា​ហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើន​ និងមានទំនើបកម្ម ជាពិសេស ​សេវាហិរញ្ញវត្ថុឌីជីថល ក្នុងនោះ​ធនាគារជាតិ​នៃកម្ពុជាក៏បានរៀបចំឲ្យមាននូវបរិស្ថានអំណោយផលល្អ សម្រាប់ជំរុញការអភិវឌ្ឍ​និង​ការប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុ ​ក្នុងការគាំទ្រនវានុវត្តន៍ក្នុងវិស័យធនាគារ ​ដែលរួមមាន៖ ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទូទាត់ឌីជីថល​ (ជាក់ស្ដែង KHQR កូដ), ការរៀបចំក្របខណ្ឌ​បទប្បញ្ញត្តិ​និងត្រួតពិនិត្យ ​និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។ ជាពិសេស ​ធនាគារជាតិនៃកម្ពុជាបានរៀបចំ​ផែនទី​មគ្គុទ្ទេសក៍​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ២០២០-២០២៥ ​ដែលបង្កើតឡើង ​ដើម្បីតម្រង់​ទិសសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា៕អត្ថបទ៖ Maen Pheakdey  

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់សរុបជាង ៣.៧ប៊ីលានដុល្លារ ក្នុងរយៈពេល៧ខែ

2022/08/23 11:55:09 am        714
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៣,៧៦ពាន់លានដុល្លារ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ​។ ទំហំនេះ បានកើនឡើងរហូតដល់ ២២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជា នាំចេញទំនិញសរុប ទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់ សរុប ១ ៣២៦ លានដុល្លារ កើនឡើង ៣.៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុ​ជា។កម្ពុជា នាំចូលទំនិញពីប្រទេសវៀតណាម មានទឹកប្រាក់សរុប ២ ៤៣៩ លានដុល្លារ​ មានកំណើន ៣៥ ភាគរយ​ ធៀបនឹងរយៈ៧ខែឆ្នាំមុន។ក្នុងជំនួបជាមួយលោក ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទង​បរទេស​មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នាថ្ងៃទី ២២ សីហា នៅវិមានសន្តិភាព ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានជំរុញឱ្យភាគីវៀតណាម ជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ឲ្យកាន់តែខ្លាំង​ថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីត​សង្គ្រាម​នៅតំបន់ព្រំដែន​ ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ។ ក្នុងជំនួបនេះ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនង​នយោបាយ»។គួបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជា ​នាំចេញទៅកាន់ប្រទេសវៀតណាម ភាគច្រើនជាផលិត​ផល​កសិកម្ម ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូជាដើម ​ខណៈនាំចូលពីវៀតណាម ដែកថែប ប្រេងឥន្ធនៈ ផលិតផលវាយនភណ្ឌជាដើម។កាលពីឆ្នាំ២០២១កន្លងទៅ ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ​និងវៀតណាម​ សម្រេចបាន ៩ប៊ីលានដុល្លារ។ រដ្ឋាភិបាលទាំងពីរ ​បានឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្មឱ្យកើនដល់ ១០ប៊ីលានដុល្លារ​ ក្នុងឆ្នាំ២០២២នេះ៕អត្ថបទ៖ វណ្ណៈ​ 

អង់គ្លេសបង្ហាញសេចក្តីលម្អិតលើកែលម្អប្រព័ន្ធអនុគ្រោះពន្ធទូទៅ

2022/08/22 01:43:04 pm        663
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ​បានបង្ហាញព័ត៌មានមួយថា រដ្ឋាភិបាល​អង់គ្លេស​បានចេញសេចក្តីលម្អិតជាងមុនមួយ​ អំពីសំណើកែលម្អប្រព័ន្ធ​អនុគ្រោះពន្ធទូទៅ(GSP)។ ប្រព័ន្ធកែលម្អនេះ មានលក្ខណៈធូរជាងមុនសម្រាប់ផលិតផលធ្វើដំណើរ​ ប៉ុន្តែ​សម្រាប់​ផលិតផល​សំលៀកបំពាក់​គឺរក្សានៅដដែល។សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ​កាលពីសប្តាហ៍កន្លងទៅនេះ​ បានលើកឡើងថា កម្ពុជា នៅតែ​ទទួលបាន​ប្រព័ន្ធអនុគ្រោះពន្ធទូលំទូលាយ ​ដោយគ្មានកំណត់កូតាសម្រាប់គ្រប់មុខទំនិញទាំងអស់ លើកលែងតែគ្រឿងសព្វាវុធសម្រាប់កម្ពុជា ​និង​រាល់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។បើតាមGMAC ប្រព័ន្ធអនុគ្រោះពន្ធទំលំទូលាយនេះ ស្ថិតក្នុងចំណោមប្រព័ន្ធអនុគ្រោះពន្ធ​ពីរ​ផ្សេង​​ទៀត ​ការអនុគ្រោះតាមស្តង់ដារ, ការអនុគ្រោះប្រសើរឡើង ដែលរដ្ឋាភិបាលអង់គ្លេស​បាន​កែលម្អ។ ប្រភពខាងលើ ​បានបន្ថែមថា ​ផលិតផលធ្វើដំណើរគឺរួចពន្ធក្រោមប្រព័ន្ធគ្រប់ថ្នាក់ទាំងបី ប៉ុន្តែ​សំលៀកបំពាក់​គឺរួចពន្ធតែក្រោមថ្នាក់ប្រសើរឡើង ​និងថ្នាក់ទូលំទូលាយ។ ឥឡូវនេះ ​លក្ខណៈវិនិច្ឆ័យសម្រាប់​ថ្នាក់ប្រសើរឡើង ​គឺជាលក្ខណៈវិនិច្ឆ័យភាពងាយរង​គ្រោះ​សេដ្ឋកិច្ច​សាមញ្ញ ដែលផ្ទុយពីលក្ខណៈវិនិច្ឆ័យសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធ​ GSP របស់អឺរ៉ុប។ មានន័យថា​ ស្ទើរតែរាល់ប្រទេសទាំងអស់ដែលមិនមែនជាប្រទេស​អភិវឌ្ឍន៍​តិចតួចបំផុត ពេលនេះ​គឺ​ជា​ផ្នែកនៃថ្នាក់ប្រសើរឡើង។ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ និងចក្រភពអង់គ្លេស ​សម្រេចបាន​ ៥៨១លានដុល្លារ​ ក្នុងរយៈពេល​ប្រាំពីរ​ខែដំបូងនៃឆ្នាំ ​២០២២ ​បានកើនឡើង ៤៥.៥ ភាគរយធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន។ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសរួមមាន ​សំលៀកបំពាក់ ស្បែកជើង កាបូប កង់​ និងផលិតផលកសិកម្ម ​ខណៈដែលការនាំចូលសំខាន់ៗពី​អង់គ្លេសវិញ​ រួមមាន យានជំនិះ ​គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក ​និងសម្ភារសំណង់៕ អត្ថបទ៖ ឈិត បូរ៉ាវី

រយៈពេល៧ខែឆ្នាំ២០២២ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានកំណើន៥៦០%

2022/08/20 01:17:13 pm        684
ភ្នំពេញ៖ ក្នុងរយៈពេល ០៧ ខែដើម ឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានប្រមាណជាង ៧៤ ម៉ឺននាក់ កើនឡើង ៥៦០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ គន្លងទៅ។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​បានថ្លែងឲ្យដឹងនៅឯខេត្តសៀមរាប នាល្ងាចថ្ងៃ​ទី១៩ ខែសីហានេះថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនា​នៅក្នុងអំឡុង​ពេលនេះ ​ជាភាគច្រើនភ្ញៀវការទូត ​ភ្ញៀវមកបំរើការងារ ​ភ្ញៀវអ្នកវិនិយោគទុន និងភ្ញៀវទេស​ចរ​បរទេស​នានាទៀត ​ដែលមកស្វែងការបណ្តាក់ទុនវិនិយោគទុននៅកម្ពុជា នៅក្រោយបរិបទកូវីដ​ធូរ​ស្រាល ឯភ្ញៀវអន្តរជាតិដែលអញ្ជើញមកដើរទស្សនា​កម្ពុជា​សុទ្ធ​តែម្តងគឺហាក់នៅមាន​កម្រិត​តិចតួច។ ឯកឧត្តម ថោង ខុន បន្តថា ការបើកដំណើរការសេដ្ឋកិច្ច ​សង្គមឡើងវិញនេះ បានជំរុញឱ្យមានការ​កម្សាន្ត​ទេសចរណ៍នៅ​តាមគោលដៅទេសចរណ៍សំខាន់ៗ​ ដូចជាក្នុងខេត្តសៀមរាប និង​រាជ​ធានី​ភ្នំពេញ ​ក៏ដូចជាខេត្តព្រះសីហនុ ​និងគោលដៅទេសចរណ៍មួយចំនួនទៀត មាន​សកម្មភាព​ទេសចរណ៍​ជាច្រើនឡើងវិញ។ឯកឧត្តម ថោង ខុន បន្តថា បច្ចុប្បន្នសម្រាប់តែខេត្តសៀមរាប​មួយវិញ​ សំគាល់ឃើញថា រយៈពេល​៧​ខែ​ឆ្នាំ២០២២នេះ ​ខេត្តសៀមរាប​ទាំងមូល​ទទួល​បានភ្ញៀវទេសចរសរុប​ចំនួន​១លាន២សែននាក់ ក្នុង​ទេសចរអន្តរជាតិចំនួន៨ម៉ឺន៤០០០នាក់ ​ហើយមានជើងហោះហើរពីក្រៅប្រទេសចូលទៅ​កាន់​ខេត្តសៀមរាប​មានចំនួន៥៥០ជើង និងមានអ្នកដំណើរអន្តរជាតិជិត៥ម៉ឺននាក់ ហើយក្រៅពី​ភ្ញៀវបរទេស​ជា​ភ្ញៀវទៅទស្សនាខេត្តសៀមរាបផ្លូវគោគ និងផ្លូវទឹក។ឯកឧត្តម ​ក្នុងបរិការណ៍នៃការងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ​ក្រសួងទេសចរណ៍​ បាន​គិតគូរ និង​យកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាព​ជូនភ្ញៀវ​ទេសចរ តាមគន្លងថ្មី ​និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ទាំង​ទេសចរណ៍​អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ​ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែន​ការស្តារ និងអភិវឌ្ឍន៍​វិស័យទេស​ចរណ៍​ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
04/23/2026 06:04 PM
ទឹកជំនន់ សម្លាប់មនុស្សយ៉ាងតិច ២៤នាក់ និងប៉ះពាល់ជាង ៣១.០០០គ្រួសារ នៅភាគនិរតីយេម៉ែន
04/23/2026 06:04 PM
មន្ត្រីអ៊ីរ៉ង់និយាយថា ទីក្រុងតេអេរ៉ង់ទទួលបានប្រាក់ចំណូលដំបូងពីថ្លៃប្រើប្រាស់ច្រកសមុទ្រហ័រមូស
04/23/2026 06:04 PM
មន្ត្រីប៉ាគីស្ថាន បង្ហាញក្ដីសង្ឃឹមពីការមាន «វឌ្ឍនភាពជាវិជ្ជមាន» ពីអ៊ីរ៉ង់
04/23/2026 06:04 PM
រថភ្លើងបុកគ្នា នៅដាណឺម៉ាក បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះ ៤នាក់ធ្ងន់ធ្ងរ
04/23/2026 05:04 PM
ស្លូវ៉ាគីនិយាយថា ខ្លួនកំពុងទទួលបានប្រេងរបស់រុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេងអ៊ុយក្រែនដែលបានជួសជុលរួច
04/23/2026 05:04 PM
លីបង់ និងអ៊ីស្រាអែល នឹងបន្តកិច្ចចរចាផ្ទាល់ដ៏កម្រនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា
04/23/2026 05:04 PM
លីបង់ ត្រៀមជួបអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំការបន្តបទឈប់បាញ់
04/23/2026 05:04 PM
ចក្រភពអង់គ្លេសនឹងបង់ប្រាក់ឲ្យបារាំងរហូតដល់៨៩២លានដុល្លារក្នុងកិច្ចព្រមព្រៀងទប់ស្កាត់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍
04/23/2026 05:04 PM
រូបសំណាកនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធទម្ងន់ ៨តោ នត្រូវបានដាក់តម្កល់លើផ្លូវជាតិលេខ៧
04/23/2026 05:04 PM