រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

កម្មករ-និយោជិតសង្ឃឹមថា ប្រាក់ឈ្នួលអប្បបរមា នឹងកើនឡើងថែមទៀតក្នុងឆ្នាំ២០២៣

2022/06/28 01:39:42 pm        471
ភ្នំពេញ៖ ខណៈដែលកិច្ចចចារប្រាក់អប្បបរមាក្នុងវិស័យឧស្សាហ៍កម្មកាត់ដេរសម្រាប់ឆ្នាំ២០២៣ នឹងចាប់ផ្តើមនាខែកក្កដាតទៅ ក្រុមកម្មការិនីតាមរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បានបង្ហាញក្តីសង្ឃឹមថា ប្រាក់ខែគោលរបស់ពួកគេ នឹងត្រូវតម្លើងថែមទៀត ទោះបីជាក្នុងចំនួនតិច ឬច្រើនក្តី ដោយសារភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ រវាងទូរទស្សន៍ព័ត៌មានប៊ីធីវី កម្មការនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ ស្ថិតនៅ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២២នេះ​ បានលើកឡើងថា ​គិតចាប់ពីចូលបំពេញការងារក្នុងវិស័យកាត់ដេរ រហូតមកទល់​បច្ចុប្បន្ននេះ ឃើញថាប្រាក់ឈ្នួលអប្បបរមា ​តែងតែតម្លើងជារៀងរាល់ឆ្នាំ។ពួកគាត់ បានឱ្យដឹងទៀតថា ការដំឡើងប្រាក់ឈ្នួលនេះ មិនថាមុន ​និងក្នុងវិបត្តិនៃការរាតត្បាត​ជំងឺ​កូវីដ១៩ទេ គឺបានកើនឡើងជាបន្តបន្ទាប់​ ទោះបីចំនួននោះមិនច្រើនយ៉ាងណាក៏ដោយ ក៏នៅ​តែពេញចិត្ត ព្រោះក្នុងវិបត្តិកូវីដ១៩ ធ្វើឲ្យរោងចក្រមួយចំនួនបានបង្ខំចិត្តផ្អាកដំណើរការអាជីវកម្ម និង​ជះឥទ្ធិពលដល់កម្មករបាត់បង់ការងារផងដែរ។លោក វង្ស រដ្ឋា រដ្ឋបាលរោងចក្រកាត់ដេរ​សំលៀកបំពាក់ ឌូហឺស្ត ខេមបូឌា ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ​ បានមានប្រសាសន៍ប្រាប់ ប៊ីធីវីថា ការដំឡើង​ប្រាក់ឈ្នួលជូនដល់​កម្មករ​និយោជិត​អាចធ្វើទៅបាន​ អាស្រ័យលើផលិតភាពការងារ​ ក៏ដូចជាផ្អែកលើការបញ្ជាទិញជាដើម ក្នុងករណី​គ្មានការបញ្ជាទិញ ភាគីនិយោជកក៏មិនអាចឆ្លើយតបបានដូចគ្នាដែរ។ លោក បានបន្តថា បច្ចុប្បន្ននេះសម្រាប់ប្រាក់ឈ្នួលដែលកម្មករនិយោជិត​ទទួលបាន គិតទាំង​ប្រាក់​ឈ្នួលអប្បបរមា ប្រាក់ថែមម៉ោងការងារ ​និង​ប្រាក់​ឧបត្ថម្ភ​នានាសរុប ​ចន្លោះពី ៣០០ ដុល្លារ ដល់ ៣៥០ដុល្លារ ក្នុង១ខែ។យោងតាមសេចក្តីជូនដំណឹង ​ស្តីពី​កាលវិភាគ​នៃ​ការ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ​ផលិត​ស្បែកជើង​ និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់ថា ​នឹងចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២២ សម្រាប់​ការពិភាក្សា​ជា​លក្ខណៈផ្ទៃ​រវាងភាគី​សហជីព ​និងភាគីនយោជក​ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ​ដើម្បីសម្រេច​ប្រាក់ឈ្នួល​អប្បបរមាក្នុង​វិស័យឧស្សាហកម្មកាត់ដេរ សម្រាប់ឆ្នាំ២០២៣។សូមជម្រាបថា គិតត្រឹមឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមា​ដែល​កម្មករ​និយោជិត​ទទួល​បាន​មានចំនួន ១៩៤ដុល្លារអាម៉េរិក ក្នុង១ខែ។ប្រាក់ឈ្នួលអប្បបរមា​ គឺជាឈ្នួលការងារ ​ឬឈ្នួលសេវាកំរិតដោយច្បាប់ជាតិ ដែលនិយោជក​ត្រូវ​បើកឱ្យ​កម្មករនិយោជិត។ ប្រាក់ឈ្នួលអប្បបរមាអាចត្រូវបានកំណត់​តាម​កំរិត​ប្រាក់ឈ្នួល ឬប្រាក់​សេវាប្រចាំម៉ោងប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ​ឬប្រចាំខែទាបបំផុត ​ហើយនៅកម្ពុជា ប្រាក់ឈ្នួល​អប្បបរមាត្រូវបានគណនា​តាមកំរិតកំណត់នៃប្រាក់ឈ្នួលប្រចាំខែ ​និងត្រូវបានរៀបចំឡើង​សម្រាប់​កម្មករនិយោជិតទាំងអស់នៅក្រោមច្បាប់ស្តីពីការងារ៕អត្ថបទ៖ ឈិត បូរ៉ាវី

គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នឹងបើកកិច្ចប្រជុំពេញអង្គ នៅខែកក្ដដា

2022/06/28 01:21:55 pm        324
ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នឹងបើកកិច្ចប្រជុំពេញអង្គលើកទី៦ ដែលនឹងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ដើម្បីពង្រីកនិងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជំរៅ ការជំរុញនាំមកថែមទៀត​នូវផល​ប្រយោជន៍ និងផ្លែផ្កាជូនប្រទេស និងប្រជាជនទាំងពីរ។ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្នុងនាមអគ្គលេខាធិការភាគីកម្ពុជា ជួបប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូ (video link) ជាមួយឯកឧត្ដម អ៊ូ ជៀងហាវ (Wu Jianghao) ឧបការីរដ្ឋមន្រ្តី ក្រសួងការបរទេស ក្នុងនាម​អគ្គលេខាធិការភាគីចិន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់​កិច្ចប្រជុំពេញ​អង្គលើកទី៦ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលកម្ពុជា​នឹង​ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ។ក្នុងជំនួបនេះឯកឧត្ដម វង្សី វិស្សុត បានគូសរំលឹកឡើងវិញ អំពីការងារដែលភាគីទាំង​ពីរ​សម្រេច​បានកន្លងមក ​ជាសមិទ្ធផលធំៗ ​ក្នុងវិស័យដ៏ច្រើន​ ហើយចុងក្រោយនេះ គឺការជួយកម្ពុជាក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩​ ពិសេសការផ្តល់វ៉ាក់សាំងដ៏ច្រើន និងទាន់ ពេលដល់កម្ពុជា ដែលបាន​ជួយធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ ​បានល្អប្រសើរដូចសព្វថ្ងៃនេះ។ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ​បានបង្ហាញឲ្យឃើញយ៉ាងប្រត្យក្សនូវ​មិត្តភាព​ជាដែកថែប ក្រោមសហគមន៍វាសនារួម ​និងភាពរឹងមាំនៃទំនាក់ទំនង​ទ្វេភាគីកម្ពុជា-ចិន ព្រមទាំង​បានរួមចំណែកក្នុងការជំរុញទំនាក់ទំនងស៊ីជម្រៅ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់​ប្រទេស​ទាំងពីរ ក៏ដូចជាការលើក កម្ពស់ជីវភាពប្រជាជនកម្ពុជា។ឯកឧត្តម បានគូសបញ្ជាក់ពីការត្រៀមខ្លួនជានិច្ច ក្នុងនាមជាអគ្គលេខាធិការកម្ពុជា នៃ​គណៈកម្មាធិការ​សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ​គឺសម្របសម្រួលដឹកនាំការងារ ដើម្បីត្រៀម​សម្រាប់កិច្ចប្រជុំពេញអង្គលើកទី ៦ របស់គណៈកម្មាធិការសម្រប​សម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិននេះ ឱ្យសម្រេចបានជោគជ័យ ​ក្នុងគោលដៅពង្រីក និងពង្រឹងឱ្យកាន់​តែស៊ីជំរៅ ជម្រុញនាំមកថែមទៀតនូវ ផលប្រយោជន៍ និងផ្លែផ្កាជូនប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាដើម្បីអបអរសាទរដល់ខួបទី ១០០ ព្រះវស្សា របស់ព្រះករុណា ព្រះបាទសម្តេចព្រះ ​នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ នៅក្នុងឆ្នាំ២០២២ នេះ ​ក៏ដូចជាខួបលើកទី ៦៥ នៃទំនាក់ទំនង​ការទូត​កម្ពុជា​ចិននៅឆ្នាំ ២០២៣ ខាងមុខ។សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នេះ ត្រូវបាន​បង្កើត​ឡើង​នៅឆ្នាំ២០១៤ ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ​ក្នុងនោះគណៈកម្មាធិការសម្របសម្រួល​អន្តររដ្ឋាភិបាលកម្ពុជា-ចិន បានប្រជុំរៀងរាល់​ពីរឆ្នាំម្តង ​ដើម្បីបូកសរុបលទ្ធផលការងារកន្លងមក ​និងរៀបចំផែនការសហប្រតិបត្តិការ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ការទូតសេដ្ឋកិច្ចជំរុញផ្សព្វផ្សាយសក្តានុពល និងទាក់ទាញវិនិយោគបរទេស ភ្ញៀវទេសចរបរទេសមកកម្ពុជា

2022/06/28 01:09:01 pm        382
ភ្នំពេញ៖ ការទូតសេដ្ឋកិច្ច គឺជាការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងការបង្កើន​ការយល់ដឹងទៅដល់បរទេសអំពីវប្បធម៌ល្អប្រភពប្រពៃ និងភាពសំបូរបែបរបស់កម្ពុជា ជាពិសេស​ផ្សព្វផ្សាយសំដៅការទាក់ទាញ វិនិយោគិនបរទេស និងភ្ញៀវទេសចរណ៍បរទេស​មកកម្ពុជា​ឲ្យកាន់​តែច្រើន។ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងនៅក្នុងការបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ចក្នុង​គន្លង​ប្រក្រតីថ្មី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះថា សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងដោយថាមវ័ន្ត ដោយសារ​សន្តិភាព ស្ថេរភាពនយោបាយ ម៉ាក្រូ សេដ្ឋកិច្ច និងភាពជោគជ័យក្នុងការប្រយុទ្ធ​ប្រឆាំង​ជម្ងឺកូវីដ-១៩ កត្តានេះ កម្ពុជាបានប្រែក្លាយវិបត្តិចំពោះមុខ​ឱ្យ​ទៅជាឱកាសកែទម្រង់ មូលដ្ឋាន​គ្រឹះនៃសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។ បញ្ហាទាំងនេះមន្រ្តីការទូតគួរខិតខំចូលរួមផ្សព្វផ្សាយអំពីច្បាប់វិនិយោគថ្មី ជូនវិនិយោគិន​បរទេស​ឲ្យបានទូលំទូលាយ ក្រៅពីនេះគួរបន្តសម្របសម្រួល​ផ្គួរផ្គង​ និងតភ្ជាប់វិនិយោគិនក្នុងស្រុក និង​បរទេសតាមលទ្ធភាពដែលអាចធ្វើបាន ក្នុងនោះនៅតាមដ្ឋានតំណាងនៃកម្ពុជានៅបរទេសនីមួយៗ ត្រូវពង្រឹងការប្រឹក្សាយោបល់ ការផ្លាស់ប្តូរទំនាក់ទំនងដល់វិនិយោគិនដែលមាន​ចំណាប់អារម្មណ៍​មកវិនិយោគនៅកម្ពុជា និងជម្រុញការតាំងពិរព័ណខ្មែរនៅបរទេសជាដើម ។កត្តាទាំងអស់នេះ គឺជាចំណុច សំខាន់ដែលមន្រ្តីការទូតរបស់កម្ពុជាអាចផ្សព្វផ្សាយ សំដៅទាក់ទាញ​ភ្ញៀវទេសចរ​បរទេសមកកម្ពុជាឲ្យកាន់តែច្រើន។ជុំវិញការវិស័យទេសចរណ៍,លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរកម្ពុជា លើកឡើងថា កម្ពុជា​គឺជាប្រទេស​ដែលមានសក្តានុពលលើវិស័យទេសចរ ដែលភ្ញៀវទេសចរណ៍ជាច្រើនបានស្គាល់​ពី​វប្បធម៌បុរាណ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ​និងតំបន់ឆ្នេរស្អាតរបស់កម្ពុជាជាដើម ហើយអ្វីដែល​ជា​ការចូលចំណែកកាន់តែសំខាន់ទៀតនោះ ​គឺវិស័យម្ហូបអាហារ, ជាក់ស្តែងរយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ ​ទេសចរណ៍បរទេសជាច្រើនបានស្គាល់ពីវិស័យម្ហូបអាហារនៅកម្ពុជាដូចជា សម្លរប្រហើរ សម្លរកកូរ អាម៉ុកត្រី ប្រហុកខ្ទិះជាដើម ដែលវិស័យនេះហើយ បានធ្វើឲ្យគេ​នឹកឃើញ​កម្ពុជា នឹងការចង់មកទស្សនាកម្សាន្តនៅកម្ពុជា ជាបន្តបន្ទាប់ឡើងវិញ។ជុំវិញបញ្ហានេះ, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី បានស្នើរដល់មន្រ្តីការទូតកម្ពុជា ជាពិសេស​មន្រ្តីនៅតាមដ្ឋានតំណាងការទូត ​ត្រូវបន្តខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរួមគ្នាទាញយកផលប្រយោជន៍ជាអតិបរមា ​ពីកិច្ច ព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេរភាគីដែលទើបចូលជាធរមាន ក៏ដូចជាកត្តាអំណោយផលផ្សេងៗរួមមាន ច្បាប់វិនិយោគថ្មី ក្នុងន័យជម្រុញ ​ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភព​លោក តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី​ ឲ្យកាន់តែស៊ីជម្រៅ និង​ទូលំទូលាយ ដើម្បីធ្វើពិពិធកម្មប្រភពកំណើន ​ការពង្រីកសក្តានុពលសេដ្ឋកិច្ច និងទាញយក​អត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទ៖ សុន រ៉ាឌី

បុរីព្រីនស៍ ចាប់ផ្ដើមបើកលក់ផ្ទះដែលប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃទំនើប មុនគេបង្អស់នៅកម្ពុជា

2022/06/25 01:22:18 pm        1167
ភ្នំពេញ៖ បុរីព្រីនស៍វ័ន ត្រូពិកា ចាប់ផ្ដើមបើកលក់ហើយនូវគម្រោងផ្ទះជាច្រើនជំរើស ដែលប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃទំបើបមុនគេបង្អស់នៅកម្ពុជា ។ថ្លែងនៅក្នុងឱកាសនៃពិធីសម្ពោធ បើកលក់ជាផ្លូវការនូវ បុរីព្រីនស៍វ័នត្រូពិកា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាល ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុបលោក Edward Lee នាយកប្រតិបត្តិក្រុមហ៊ុន ព្រីន៍រៀល អ៊ីស្ទេតគ្រុប បានឱ្យដឹងថា ក្រុមហ៊ុន រៀល អ៊ីស្ទេតគ្រុប បាន​ចាក់ឬសគល់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយបានចូលរួម​អភិវឌ្ឍន៍​លើ​វិស័យជាច្រើន តាមរយៈការធ្វើអាជីវកម្ម ប្រកបដោយគុណភាពនានា និងតាមរយៈការចូលរួម​ក្នុងសកម្មភាពអភិវឌ្ឍន៍នានា ។បច្ចុប្បន្ន ក្រុមហ៊ុន រៀល អ៊ីស្ទេតគ្រុប មានអាជីវកម្មគ្របដណ្ដប់លើវិស័យនានា ដូចជា ផ្សារទំនើប លំនៅឋាន និងតំបន់ទេសចរណ៍ ជាដើម។លោក Edward Lee បានបន្តថា នេះគឺជាផ្នែកមួយនៃការផ្លាស់ប្តូររបត់ថ្មី​នៃការរស់នៅផ្ទះបុរីរបស់​អតិថិជន ដោយផ្ទះរបស់បុរី ព្រីនស៍វ័នត្រូពិកា មានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប ឆ្លាតវៃ គឺការបញ្ជាប្រព័ន្ធប្រើប្រាស់នៅក្នុងផ្ទះតាមរយៈ App នៅក្នុងទូរស័ព្ទដៃ ប្រព័ន្ធកាមេរ៉ាសុវត្តិភាព គ្រប់ច្រក ២៤ម៉ោង សួនច្បារ អាងហែលទឹក ផ្សារទំនើបជាមួយនិងសេវាកម្មផ្សេងៗជាច្រើនប្រភេទ ដើម្បី​ឱ្យអ្នករស់នៅប្រកបដោយភាពរីករាយ។ សំរាប់ជំរើសនៃការបង់ប្រាក់ត្រូវបានបែងចែកជា៣​ជំរើស ទី១.ការបង់ប្រាក់ទិញផ្តាច់ ទី២.ការបង់ប្រាក់ជាដំណាក់កាល និងទី៣.ការបង់រំលោះសុទ្ធ ជាមួយនិងកម្ចីពីធនាគារព្រីនស៍ និងមានការបញ្ចុះតម្លៃជូន២% នៃតម្លៃផ្ទះផងដែរ ។គូសបញ្ជាក់ថា ​បុរីព្រីនស៍វ័ន ត្រូពិកា មានទីតាំងតាមបណ្តោយមហាវិថី ហាន់ណូយ ស្ថិត​ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បុរីព្រីនស៍វ័ន ត្រូពិកា មានផ្ទះជាច្រើនជំរើស​ដូចជា ផ្ទះអាជីវកម្ម លីងហាវស៍ វិឡាទោល វិឡាភ្លោះ និង ឃ្វីនវីឡា ដែលក្នុងផ្ទះនីមួយៗ បានភ្ជាប់នៅប្រព័ន្ធឆ្លាតវៃ ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសក្ខីភាពនៃការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់ទីក្រុង​ នៃប្រទេសកម្ពុជាផងដែរ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជានាំចេញទំនិញជាច្រើនមុខរក្សាកំណើនខ្ពស់ នៅដើមឆ្នាំ២០២២នេះ

2022/06/24 01:33:04 pm        789
ភ្នំពេញ៖ ទំនិញចំនួន១៩ ប្រភេទរបស់កម្ពុជា បាននាំចេញមានកំណើនខ្ពស់ ខណៈប្រភេទទំនិញមួយចំនួនតូចបានថមថយចុះ​បន្តិចបន្តួច​ ក្នុងត្រីមាសទី១ ឆ្នាំ២០២២។យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២, ក្នុងនោះទាក់ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជិត ៥ ០០០ លានដុល្លារអាមេរិក កើនឡើងជិត ២៩ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១ ទំនិញដែល​បាននាំចេញរួមមាន៖ ផលិតផលវាយនភណ្ឌ ផលិតផលមិនមែនកាត់ដេរ និងផលិតផលកសិកម្មជាដើម ក្នុងនោះមានប្រភេទំនិញជាច្រើន មានកំណើនកើនឡើងខ្ពស់ បើបៀបរយៈពេលពេលដូចគ្នាទៅឆ្នាំ២០២១។ជុំវិញការនាំចេញ,ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា នៅក្នុងកំឡុងនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ការធ្វើពាណិជ្ជកម្មអន្តរជាតិ កម្ពុជា​នៅតែ​បន្តនាំចេញជាធម្មតា ដោយសារកម្ពុជានៅទទួលបានការបញ្ជាទិញគឺគ្មានការប្រែប្រួល ដោយទីផ្សាររដែលធ្លាប់នាំចេញ ​បានបន្តធ្វើពាណិជ្ជកម្មជាធម្មតា ជាពិសេសបន្ទាប់ពីកម្ពុជា​បើក​សេដ្ឋកិច្ចឡើងវិញ​ ក្រោមការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាទីបំផុត របស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បានធ្វើឲ្យកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មអន្តរជាតិ កាន់តែមានភាពល្អប្រសើរ​ថែមទៀត។ចំណែកពាណិជ្ជកម្មនៃការនាំចូល,នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះដែរ ពាណិជ្ជកម្មនៃការនាំចូល មានទំហំទឹកប្រាក់ប្រមាណជាង ៧ ៤៤៥ លានដុល្លារអាមេរិក ថយចុះជិត ១ ភាគរយ បើធៀប​រយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះផលិតផលដែលមានកំណើនកើនឡើងរួមមាន៖ ថ្នាំពេទ្យ ១០ ភាគរយ, ស្ករស និងប៊ិចេងជាង ១០ ភាគរយ, ប្រេងឆា និងអាហារផ្សេងៗ ១៧ ភាគរយ, បរិក្ខារ​សំណង់ជាង ១៨ ភាគរយ, គ្រឿងអេឡិចត្រូនិចជាង ២៩ ភាគរយ, វាយនភណ្ឌ និង​សំលៀកបំពាក់​ជិត ២៥ ភាគរយ, ទោចក្រយានយន្តជាង ៧ ភាគរយ, បរិក្ខារត្រជាក់ជាង ១១ ភាគរយ, ប្រេងឥន្ធនៈ ៤៨ ភាគរយ, ជីកសិកម្ម ៨ ភាគរយ និងផ្សេងជាង ២០ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាជំរុញចលនាទេសចរណ៍ ខណៈស្ថានការកូវីដធូរស្រាល

2022/06/24 12:14:49 pm        378
ភ្នំពេញ៖ ឯកឧត្តម Y.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ បានប្រគល់ឯកសារអនុស្សារណៈយោគយល់គ្នា​ពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីជម្រុញចលនាទេសចរណ៍ប្រទេសទាំងពីរ ក្រោយស្ថានការណ៍កូវីដ១៩ ធូរស្រាលវិញ។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងការកោតសរសើរចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានខិតខំប្រឹងប្រែងដើរនាទីយ៉ាងសំខាន់ក្នុងឆាកអន្តរជាតិ ក្នុងបរិបទវិបត្តិកូវីដ ១៩ និងសង្គ្រាមរវាំងរុស្ស៊ី អ៊ុយក្រែនជាពិសេសការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ G20 ក្នុងឆ្នាំ២០២២ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២៣ (ATF-2023) និងកិច្ចប្រជុំកំពូលអាស៊ាន​២០២៣ផងដែរ ​ដែលការងារនេះ គឺជាចំណែកមួយដ៏ធំជម្រុញ​ចលនា​ទេសចរណ៍ពីបណ្តាប្រទេសលើពិភពលោក​ មកកាន់តំបន់អាស៊ាន។ឆ្នាំនេះ ជាខួបទី៦៣ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឯកឧត្តម ថោង ខុន ថ្លែង​អំណរគុណដល់ ស្ថានទូតឥណ្ឌូនេស៊ី ដែលបានសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និង​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងការរៀបចំកម្មវិធី Batik Kroma ដែលជា​ព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នៅរមណីយដ្ឋានអង្គរវត្តក្នុងគោល​បំណង​នេះដើម្បីរក្សា និងធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ីកាន់តែប្រសើរឡើងព្រម​ទាំង​បង្កើនការផ្សព្វផ្សាយទេសចរណ៍ ​និងវប្បធម៌រវាងប្រទេសទាំងពីរ។ជាការឆ្លើយតប ឯកឧត្តម Y.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បាន​ថ្លែងការ​សន្យាថា​នឹងបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ​ទេសចរណ៍​ ពាណិជ្ជកម្ម រវាង​ប្រទេសទាំងពីរ ពិសេសជម្រុញការអភិវឌ្ឍទេសចរណ៍ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងប្រសើរថែមទៀត។អនុវត្តតាមខ្លឹមសារ អនុស្សារណៈយោគយល់គ្នាMoU ក្នុងវិស័យទេសចរណ៍នេះ ស្ថានទូត​ឥណ្ឌូនេស៊ីបានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលមូលដ្ឋានស្ដីពីទេសចរណ៍ហាឡាល់ (Tourism Halal)​ សម្រាប់មន្ត្រីក្រសួងទេសចរណ៍កម្ពុជាផងដែរ ក្នុងគោលដៅទាក់ទាញទេសចរម៉ូស្លីម​នៅលើសាកលលោក ​ជាពិសេសប្រជាជនឥណ្ឌូនេស៊ី ​មកទស្សនានៅកម្ពុជាផងដែរ។សូមបញ្ជាក់ថា​ ឯកសារអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ត្រូវបានរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា​ និងរដ្ឋមន្ត្រីឥណ្ឌូនេស៊ី បានចុះហត្ថលេខា តាមប្រព័ន្ធវីដេអូខនហ្វីរិន ​ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ ​ចាប់ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ៕ អត្ថបទ ស៊ុម សុខជា

ខេត្តសៀមរាប ទទួលបានទេសចរជាង ១លាននាក់ ក្នុងរយៈពេល៥ខែឆ្នាំ២០២២

2022/06/24 10:20:34 am        566
សៀមរាប៖ មន្ដ្រីទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល០៥ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១លាននាក់ (១.០២៧.៧៧៩នាក់) ដែលចំនួននេះ កើនឡើង ៧៤៤,៨៧% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១២១.៦៤៩ នាក់ ។យោងតាមរបាយការណ៍លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹង​នៅ​ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២នេះថា ក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាកំសាន្ដនៅខេត្ដសៀមរាប​មានចំនួនប្រមាណ ១លាន២ម៉ឺន៧៧៧៩នាក់ ។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៥.៧៧៩ នាក់ កើន ៨៥៩,៩២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន៤.៧៧៤នាក់។ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៩៨ម៉ឺន២.០០០ នាក់ មានការកើនឡើងចំនួន ៧៤០,២១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១១៦.៨៧៥ នាក់។របាយការណ៍ បន្ដថា ភ្ញៀវទេសចរគិតតាមលំដាប់ថ្នាក់សញ្ជាតិ តាមគ្រប់មធ្យោបាយ រួមមាន ជនជាតិចិន ជនជាតិបារាំងជនជាតិ ជនជាតិ អាមេរិ អាឡឺម៉ង់ ជនជាតិវៀតណាម ជនជាតិ សឹង្ហបុរី ជនជាតិអូស្ត្រាលី ជនជាតិឥណ្ឌា និងជនជាតិកូរ៉េ ។ដោយឡែករបាយការណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ​បានបង្ហាញថា លំហូរភ្ញៀវទេសចរ​ទៅទស្សនាក្នុងតំបន់អង្គរ មានភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះបឋម ដល់ភ្ញៀវទេសចរ៤៩ករណី ក្នុងនោះមានគ្រោះថ្នាក់ រអិលជើង រឺជំពប់ជើងបណ្តាលឱ្យដួល ០៦ករណី គ្រោះថ្នាក់ចរាចរណ៍ ១៩ករណី។ខ្យល់គដួលសន្លប់១៣ករណី សត្វស្វាខាំ១១ករណី។ អាជ្ញាធរជាតិអប្សរាស្នើរដល់អ្នកទេសចរជាតិនិងអន្ដររជាតិអោយបើកបរបន្ថយល្បឿន បោះចោល​សំរាមអោយបានត្រឹមត្រូវ នៅក្នុងធុងសំរាម និងហាមទៅឈជិតស្វាជាដើម។បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បន្ថែមថា ជើងហោះហើរ ចូលខេត្ដសៀមរាប ក្នុងរយៈពេល០៥ខែឆ្នាំ២០២២មានចំនួន២៩២ជើង ដែលមានអ្នកដំណើរសរុបចំនួន ២៤.៥៥១ នាក់ ។ ដោយឡែកជើងហោះហើរលក្ខណៈអន្តរជាតិ មានក្រុមហ៊ុន Singapore Airline (សឹង្ហបុរី-សៀមរាប) មានចំនួន ១៥១ ជើង អ្នកដំណើរ ១៧.២០១ នាក់។ ក្រុមហ៊ុន Air Asia (កូឡាឡាំពួរ-សៀមរាប) មានចំនួន ១២ ជើង អ្នកដំណើរ ១.៥៤៥ នាក់។ ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) មានចំនួន ១០ ជើង អ្នកដំណើរ ៩៤៧ នាក់។ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) មានចំនួន ០២ ជើង អ្នកដំណើរ ១៧១ នាក់ ។ ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) មានចំនួន ០១ ជើង អ្នកដំណើរ ៦៣ នាក់។ ក្រុមហ៊ុន Air Iceland (GUM-REP) មានចំនួន ០១ ជើង អ្នកដំណើរ ៣៨ នាក់ ។ដោយឡែកការហោះហើរជាលក្ខណៈ Charter Flight មានចំនួន ២៩ ជើង អ្នកដំណើរ ១៨៥ នាក់។ជាមួយគ្នានោះ ការហោះហើរក្នុងស្រុក រួមមានក្រុមហ៊ុន Cambodia Angkor Air (ភ្នំពេញ-សៀមរាប) មានចំនួន ៨៤ ជើង អ្នកដំណើរ ៤.១៤៧ នាក់។ក្រុមហ៊ុន Cambodia Airway (ភ្នំពេញ-សៀមរាប) មានចំនួន ០២ ជើងអ្នកដំណើរ ២១៤ នាក់ ។សូមបញ្ជាក់ថា ក្រុមហ៊ុន Air Asia បានចាប់ផ្តើការហោះហើរ (កូឡាឡាំពួរ-សៀមរាប)​ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ដោយធ្វើការហោះហើរ០២ ជើងក្នុងមួយសប្តាហ៍ (ពីថ្ងៃពុធ និងថ្ងៃអាទិត្យ) ។ និងពីបាងកក-សៀមរាប ចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ មានចំនួន ០៣ ជើងក្នុងមួយសប្តាហ៍ (ថ្ងៃ អង្គារព្រហស្បតិ៍ និងថ្ងៃសៅរ៍) ៕

អគ្គនាយកដ្ឋានពន្ធដារ គ្រោងរៀបចំយន្តការគ្រប់គ្រង និងប្រមូលចំណូលពន្ធលើវិស័យរ៉ែ ឱ្យមានតម្លាភាព

2022/06/23 04:37:17 pm        643
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យរ៉ែឱ្យបានល្អប្រសើរ និងរៀបចំបង្កើត​ស្តង់ដារ​នៃការអនុវត្ត និងអនុលោមភាព សម្រាប់គម្រោងវិនិយោគលើធនធាន​រ៉ែផ្សេងៗទៀត បន្ទាប់ពីគណៈប្រតិភូចុះទស្សនកិច្ច​សិក្សាឈ្វេងយល់ ​អំពីស្ថានភាពជាក់ស្តែង របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដែលជាក្រុមហ៊ុន រុករកធនធានរ៉ែ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងទស្សនកិច្ចសិក្សាឈ្វេងយល់ អំពីប្រតិបត្តិការរុករករ៉ែ ​នៅតំបន់អូខ្វាវ ខេត្តមណ្ឌលគីរី របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដើម្បីពិនិត្យមើលលើសក្តានុពលនការប្រមូល​ចំណូល​ពន្ធ​ពី​វិស័យរ៉ែ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះថា សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល បានជំរុញការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ ចំពោះសង្គម ​និងបរិស្ថាន, ការយក​ចិត្ត​ទុកដាក់​អនវុត្តស្របទៅតាមច្បាប់​ និងបទប្បញ្ញត្តិ​ជាធរមាន ​ជាពិសេសសហគ្រាសមានតម្លាភាព ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ​និងបង្ហាញអំពីអនុលោមភាពសារពើពន្ធខ្ពស់ ដែលជាគុណ​ប្រយោជន៍ នៃថវិកាជាតិ ទាំងទិដ្ឋភាពចំណូលសារពើពន្ធ ​ព្រមទាំងចំណូលមិនមែនសារពើពន្ធ។ ផ្អែកលើកម្រិតអនុលោមភាពសារពើពន្ធខ្ពស់នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងពិនិត្យលទ្ធភាពផ្ដល់​ជូន​នូវ “វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស​ (GOLD Certificate)" បញ្ជាក់នូវកម្រិត​អនុលោមភាព​ខ្ពស់ ជូនក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ។ឯកឧត្តម បន្តថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ ជួបប្រទះឧបសគ្គ ​និងបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះ​វិស័យធនធានរ៉ែ ​ដោយក្រុមហ៊ុនវិនិយោគលើវិស័យនេះ​មួយចំនួន ពុំបានផ្តល់កិច្ច​សហការ​ពេញលេញ ​ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ​និងមិនបានផ្ដល់នូវបញ្ចិកាគណនេយ្យ, របាយ​ការណ៍​ហិរញ្ញវត្ថុ, និងឯកសារពាក់ព័ន្ធ ប្រកាស​ និងការបង់ប្រាក់ពន្ធទាប ដែលពុំបាន​ឆ្លុះបញ្ចាំង​អំពីវិស័យមួយ ដែលកំពុងមានសក្តានុពល​ ព្រមទាំងពុំបានសហការ ឱ្យមន្ត្រីពន្ធដារ​ចុះមកដោយ​ផ្ទាល់ដូចក្រុមហ៊ុននេះឡើយ។ឯកឧត្តម គង់ វិបុល បញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញក្រុមហ៊ុន និងសហគ្រាសដទៃផ្សេង ក្នុងវិស័យធនធានរ៉ែនេះ​ អនុវត្តប្រកបដោយ​ស្តង់ដារ និង​តម្លាភាព​ ប្រហាក់ប្រហែល ឬដូចទៅ​នឹង​ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដែលអាចនិយាយបានថា ជាប្រតិបត្តិការការងារល្អប្រសើរ និង​ជាគំរូ​សម្រាប់ក្រុមហ៊ុន ​និងសហគ្រាសដទៃទៀតក្នុងវិស័យធនធានរ៉ែនេះ ​ដោយមានតម្លាភាព និង​កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ។ តាមរយៈការសិក្សាដកពិសោធន៍ពីទស្សនកិច្ចសិក្សានេះ ​អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំ​យន្តការ​ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានល្អប្រសើរបន្ថែមទៀត​ ចំពោះវិស័យធនធានរ៉ែនេះ តាម​រយៈការបង្កើតស្តង់ដារនៃការអនុវត្ត ​និងអនុលោមភាពសម្រាប់ គម្រោងវិនិយោគផ្សេងទៀត​ក្នុង​វិស័យដូចគ្នានេះ ដែលជាវិស័យកំពុងមានសក្ដានុពល៕អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់៥ភាគរយ ក្នុងឆ្នាំ២០២២នេះ

2022/06/23 01:03:04 pm        583
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងកំណើន ៥ភាគរយ កើនឡើងពី ៣ភាគកាលពីឆ្នាំ២០២១កន្លងទៅ គាំទ្រយ៉ាងសំខាន់ដោយសកម្មភាពនាំចេញកសិកម្ម ការអនុវត្តកិច្ចព្រមព្រៀងតំបន់និងសេរីទ្វេភាគី។ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ចេញផ្សាយកាល​ពីពេលថ្មីៗនេះ​ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនៅឆ្នាំ ២០២២ នឹង​ត្រូវបាន​គាំទ្រ​ជាចម្បងដោយការនាំចេញកសិផល ​ការ​ដឹកជញ្ជូន ​ទូរគមនាគមន៍ និងការធ្វើឱ្យ​ប្រសើរឡើងនូវលំហូរវិនិយោគ ​និងការផ្ទេរប្រាក់ពីកម្មករនៅក្រៅប្រទេស​។របាយការណ៍ដដែល បន្តថា ទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា ត្រូវបានគេរំពឹងថា នឹង​ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី។ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញពីកត្តាមួយចំនួន ដែលអាចនឹងជះឥទ្ធិពល​ដល់​កំណើនសេដ្ឋកិច្ចកម្ពុជា។​របាយការណ៍ បានលើកឡើងពីលក្ខខណ្ឌមិនច្បាស់លាស់ដែលបង្កឡើងដោយជំងឺរាតត្បាត សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសអភិវឌ្ឍន៍ ជាការគំរាមកំហែង​ដល់សេដ្ឋកិច្ច។ទោះបីជាកម្ពុជាមានទំនាក់ទំនង​ម៉ាក្រូសេដ្ឋកិច្ចតិចតួចទៅនឹងតំបន់រុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏​សង្រ្គាមដែលអូសបន្លាយ ​អាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសសហភាពអឺរ៉ុប​ ដែលជាគោលដៅនាំចេញដ៏សំខាន់​មួយរបស់កម្ពុជា។បន្ថែមពីលើនេះ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារយុទ្ធសាស្ត្រទប់ស្កាត់នៃជំងឺកូវីដ-១៩ បាននាំឱ្យមានការបិទទ្វារ​ញឹកញាប់​ជាងមុន​ និងថមថយ​នៃវិស័យអចលនទ្រព្យ​របស់​ប្រទេសចិន ​ដែលអាចប៉ះពាល់ដល់ការងើបឡើងវិញ​នៃសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកខ្លាំង​លើការ​វិនិយោគរបស់ចិន ​និងសម្ភារៈនាំចូលសម្រាប់ឧស្សាហកម្ម​ដែលផ្តោតលើការនាំចេញ​របស់​ព្រះរាជាណាចក្រកម្ពុជា។ធនាគារជាតិនៃកម្ពុជា ​ក៏បានលើកឡើងថា ទោះបីជាអត្រានៃការឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Omicron នៃ មានកម្រិតទាបនៅកម្ពុជាក៏ដោយ ​ការ​គំរាមកំហែង​នៃការលេចឡើងនៃជំងឺប្រភេទថ្មីនេះ​នៅតែ​មាននៅឡើយ។ ការបន្តរីករាលដាលនៃ ជំងឺកូវីដ១៩ Omicron នៅក្នុងតំបន់ ​ក៏បានជះឥទ្ធិពលដល់​សេដ្ឋកិច្ចកម្ពុជា​ផងដែរ តាមរយៈការធ្លាក់ចុះនៃការទូទាត់ប្រាក់ ​ទេសចរណ៍ ការវិនិយោគ និង​បណ្តាញនាំចេញ។សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញ ក្នុងរង្វង់ ៣ភាគរយ ក្នុងឆ្នាំ២០២១ គាំទ្រខ្លាំង​សកម្មភាពសេដ្ឋកិច្ច និងសង្គម នៅត្រីមាសទីបួន ​បន្ទាប់ពីរាជរដ្ឋាភិបាល បាន​បើកប្រទេសពេញលេញឡើងវិញ៕អត្ថបទ៖ វណ្ណៈ

កម្ពុជាមាន SME ជាង ៤៣ ៦០០ មូលដ្ឋាន បាននិងកំពុងផលិត និងវេចខ្ចប់សម្រាប់ផ្គត់ផ្គង់ទីផ្សារ

2022/06/23 12:34:12 pm        554
ភ្នំពេញ៖ គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម មានចំនួនសរុបជិត ៤៣ ៦០០ មូលដ្ឋាន ក្នុងនោះ មានសហគ្រាសបង្កើតថ្មី ចំនួន ៤៥១ មូលដ្ឋាន មានទុនវិនិយោគសរុបប្រមាណជាង ៧៤០ លានដុល្លារអាមេរិក បានកំពុងដំណើរការខ្សែ​ច្រវ៉ាក់​ផលិតកម្ម ក្នុងការផលិត និងវេចខ្ចប់។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTVថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ក្នុងនោះ​វិស័យនេះ​បានស្រូបយកសក្តានុពលក្នុងស្រុក​ ជាពិសេសលើវិស័យកសិកម្ម សម្រាប់ជាវត្ថុធាតុដើម​ក្នុងការវេចខ្ចប់ ខណៈដែលរាជរដ្ឋាភិបាល បានកំពុងបន្តអនុវត្តវិធានគោលនយោបាយជាច្រើន ដើម្បី​ទាញយកតម្លៃបន្ថែម​ ពីវិស័យកសិកម្ម។ឯកឧត្តម ថ្លែងឲ្យដឹងថា ជុំវិញការអភិវឌ្ឍសហគ្រាសលើផ្នែកកម្មន្តសាលនេះ កម្ពុជាទទួល​បាន​សហគ្រាសទើបតែបង្កើតថ្មី ​មានចំនួនប្រមាណ ​៤៥១ មូលដ្ឋាន គិតសរុបមកដល់ត្រឹមខែ ឧសភា ឆ្នាំ ២០២២ នេះ ធ្វើឱ្យចំនួនសហគ្រាសធុនតូច និងមធ្យម សរុបប្រមាណជិត ៤៣ ៦០០ មូលដ្ឋាន ដោយ​មានទុនវិនិយោគប្រមាណ៧៤០ លានដុល្លារអាមេរិក។ សហគ្រាសកម្មន្តសាលទាំងនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់តាមតម្រូវការទីផ្សារ នឹងការចូលរួមដល់កំណើននៃសេដ្ឋកិច្ចជាតិ។លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងថា ​ទាក់ទងខ្សែច្រវ៉ាក់ផលិតនៅក្នុងសហគ្រាសធុនតូច និងមធ្យម ទោះបីនៅក្នុង​ការរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ វិស័យនេះនៅតែដំណើរផលិត ​និងវេចខ្ចប់ជាធម្មតា និង​មកដល់បច្ចុប្បន្នការវេចខ្ចប់នេះ ​បានដំណើរការទៅដោយរលូន ​និងបានកើនឡើង ដើម្បីផ្គត់ផ្គង់​តម្រូវការទីផ្សារ ​សម្រាប់ហូបចុករបស់ ប្រជាជន។សូមបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣, ដើម្បីធានាការ​សម្រេច​បាននូវទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចរយៈពេលមធ្យម គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤និងផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិឆ្នាំ ២០១៨-២០២៣, ​ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ កំណត់យកអាទិភាពសំខាន់ៗជាច្រើន ក្នុងនោះសម្រាប់សហគ្រាសកម្មន្តសាល រាជរដ្ឋាភិបាល​នឹងបន្តគាំទ្រ ការអភិវឌ្ឍ​សហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រឹងការអនុវត្ត ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការដាក់ចេញវិធានការលើកទឹកចិត្តជាក់លាក់ និងការកែលម្អបរិយាកាសធុរកិច្ច ៕អត្ថបទ៖ សុន រ៉ាឌី,

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី១ អាជ្ញាធរមីន ស្នើមូលនិធិចិន សម្រាប់សន្តិភាព និងការអភិវឌ្ឍ គាំទ្រ​ដល់​ជន​មាន​ពិការ​ភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា
04/24/2026 02:04 PM
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
04/24/2026 02:04 PM
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
04/24/2026 02:04 PM
អ្នកជំនាញសេដ្ឋកិច្ច៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹង​កាន់​តែ​ស៊ីជម្រៅ​លើ​​វិស័យ​សេដ្ឋកិច្ច និងកសិកម្ម
04/24/2026 02:04 PM
មេដឹកនាំអ៊ីរ៉ង់ បញ្ជាក់ពីការរួបរួមជាតិ ខណៈប្ដេជ្ញាសងសឹក ស្របពេលមានរបាយការណ៍ពីជម្លោះផ្ទៃក្នុង
04/24/2026 12:04 PM
អនុប្រធានទី១ អាជ្ញាធរមីន និង​ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាជួបពិភាក្សាគ្នា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា
04/24/2026 12:04 PM
សម្តេចធិបតី បន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការ​បង្ក្រាប​បទ​ល្មើស​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ
04/24/2026 12:04 PM
អ្នកវិភាគ៖កម្ពុជា-ចិន គឺជាមិត្តជិតស្និទ្ធដែលមិនអាចខ្វះគ្នាបាន ខណៈកិច្ចប្រជុំ ២+២ ដើម្បីបង្កើនទំនាក់ទំនងបន្ថែម
04/24/2026 12:04 PM
កម្ពុជា-ចិន ឯកភាពគ្នាថា យន្តការ «២+២» នឹងដើរ​តួនាទី​ជា​វេទិកា​ពង្រឹង​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ
04/24/2026 12:04 PM
អ្នកនាំពាក្យ៖ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត ខណៈពលរដ្ឋខ្មែរទាំង២ភេទមានអាយុ ១៨ ដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចនេះ ដោយស្ត្រីផ្អែកតាមការស្ម័គ្រចិត្ត
04/24/2026 12:04 PM