រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគិនទាំងអស់

2022/06/16 03:53:00 pm        1090
ពោធិ៍សាត់៖ លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា។លោក ហ៊ុន ម៉ាណែត បានអះអាងបន្ដថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍ និងផ្តល់កិច្ច​សហប្រតិបត្តិការជានិច្ច ចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគ ដែល​នឹងជួយ​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បី​សម្រេច​បាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០នាពេលអនាគត។លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងពិធីបើក​សម្ពោធ​ជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២នេះ។ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ថ្លែងអរគុណចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មជូនដល់ប្រជាពលរដ្ឋកម្ពុជា និង​ក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាម៉េរិក ដែលបានផ្តល់ទំនុកចិត្ត​ជ្រើសរើស​ប្រទេស​កម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បី​ចែកចាយ​នៅលើទីផ្សារក្នុងស្រុកប្រកបដោយសក្តានុពល ​ដោយយោងទៅលើស្ថានភាពនៃការអភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេសកម្ពុជា ​និងកំណើន​ជីវភាពរបស់ប្រជាពលរដ្ឋដូចពេលបច្ចុប្បន្ន។លោកបានបញ្ជាក់ថា ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ប្រទេស​កម្ពុជាជាពេលនេះ គឺជាមោទនភាពមួយសម្រាប់អ្នកមូលដ្ឋាននៅទីនេះ​ ក៏ដូចជាប្រជាជន​នៅ​ទូទាំងប្រទេស​ ក្នុងការ​ទទួលស្វាគមន៍វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់​ដ៏ទំនើបមួយនេះ​ ដែល​ពិតជា​បាន​ចូលរួមបង្កើនឱកាសការងារ​ និងកំណើនប្រាក់​បៀវត្សរ៍, ការ​អភិវឌ្ឍធនធាន​មនុស្ស​តាមរយៈការបណ្តុះបណ្តាលជំនាញ ​និងបែបបទស្តង់ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរ​បច្ចេកវិទ្យា​ដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ​ដោយមិនមែនត្រឹមតែជាការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតួលេខមួយមុខនោះឡើយ ​ហើយទាំងនេះ​ក៏សុទ្ធសឹងជាមូលដ្ឋាន ដើម្បី​ជាការត្រៀម​ខ្លួនចូលរួមប្រកួតប្រជែង ​ទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរី នៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ ។លោក បានរំលេចផងដែរថា រោងចក្រនេះ គឺជាគំរូនៃឱកាសជោគជ័យមួយ ដែលនឹងដើរតួនាទី​ជា​អ្នកត្រួសត្រាយផ្លូវ និងលើកទឹកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការ​វិនិយោគនៅក្នុងវិស័យយានយន្ត ក្នុងពេលអនាគតទៀត។អគ្គនាយកក្រុមហ៊ុន RMA Cambodia លោក ងន សាំង បានលើកឡើងថា រោងចក្រដំឡើងរថយន្ត FORD នេះ នឹងចូលរួមចំណែកអភិវឌ្ឍន៍វិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិ​តាម​រយៈការបង្កើនខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ​ស្របតាមស្តង់ដារអន្តរជាតិ ក្នុងសម័យ​សាកល​ភាវូបនីយកម្មបច្ចេកវិទ្យា។ ក្រុមហ៊ុន RMA Cambodia ​មិនត្រឹមតែផ្ដល់នូវឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន​ប្រមាណជាង ៥០០ កន្លែងប៉ុណ្ណោះទេ​ ប៉ុន្តែវត្តមានរបស់រោងចក្រនេះ ​ក៏បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច​ក្នុង​តំបន់​ តាមរយៈការជំរុញសន្ទុះអាជីវកម្ម ​និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ៕

កម្ពុជា-កូរ៉េ ពិភាក្សាលើកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌឥណទានសម្បទាន​ និង​ហិរញ្ញប្បទាន​ឥតសំណង

2022/06/16 02:53:32 pm        690
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងកូរ៉េខាងត្បូង ពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្របខ័ណឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ក្រោមយន្តការភាពជាដៃគូ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍផ្លូវការរបស់កូរ៉េមកកម្ពុជា។ការពិភាក្សានេះ ធ្វើឡើងក្នុងកិច្ចប្រជុំរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងលោកជំទាវ KIM Kyung Hee, អគ្គនាយកនៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​នៃសាធារណរដ្ឋកូរ៉េ កាលពីដើមសប្តាហ៍នេះ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ​ចំពោះលទ្ធផលជាផ្លែផ្កា នៃគម្រោង​អភិវឌ្ឍន៍​ទៅតាមវិស័យអាទិភាព ​ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ច​សម្របសម្រួលឆ្នាំ ២០២២-២០២៦ ​មានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១,៥ ប៊ីលាន​ដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ​ ២០២២-២០២៤ ដែល​មានទំហំ​ទឹកប្រាក់​ប្រមាណជាង ៥០ លានដុល្លារអាមេរិក ​សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍​នានា​ដូចជា៖ ផ្លូវជាតិ និងផ្លូវជនបទ, ធារាសាស្ត្រ, ថាមពល, ទឹកស្អាត និងអនាម័យ, សុខាភិបាល និង​វិស័យ​ទូរគមនាគមន៍ ដែលសុទ្ធសឹងជាគម្រោងក្នុង វិស័យអាទិភាពចំបងរបស់រាជរដ្ឋាភិបាល​កម្ពុជា ។ទន្ទឹមនេះ, ភាគីទាំងពីរ ​បានពិភាក្សាលើកិច្ចព្រមព្រៀង​ឥណទានសម្បទាន ​សម្រាប់​គម្រោងកែ​លម្អ​បណ្តាញ​តភ្ជាប់​ជនបទដោយចីរភាព​ ដែលមានទឹកប្រាក់ឥណទានសម្បទានចំនួន ៦០ លានដុល្លារអាមេរិក ។ក្នុងជំណួបនេះ លោកជំទាវ KIM Kyung Hee បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ​ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសបានធ្វើឱ្យកម្ពុជា​ត្រឡប់​មករកប្រក្រតីភាព​នៃការបើកប្រទេសឡើងវិញ។សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២២, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់​ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ​មានទឹកប្រាក់សរុបប្រមាណជាង ១,៧ ​ប៊ីលានដុល្លារអាមេរិក ក្នុងនោះឥណទាន​ សម្បទានមានទឹកប្រាក់ប្រមាណ ​១,៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទាន​ឥតសំណង​មានទឹកប្រមាណជាង ៤៥៥​ លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជី ជាងមួយម៉ឺនក្រុមហ៊ុន មានទុនវិនិយោគជាង ៤.៦ប៊ីលានដុល្លារ

2022/06/16 02:34:09 pm        790
ភ្នំពេញ៖ ក្នុងរយៈពេល២ឆ្នាំ ​កម្ពុជាទទួលបានក្រុមហ៊ុន ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជី​អាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មាន ១៤ ៦៧៦ ក្រុមហ៊ុន គិតជាដើមទុនសរុប មានចំនួន៤,៦ប៊ីលានដុល្លារ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខួបគម្រប់ ២ ឆ្នាំ នៃការដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នូវក្រោមវិធានកែទម្រង់​មុត​ស្រួចជាកញ្ចប់ ​របស់រាជរដ្ឋាភិបាលកម្ពុជា​ បង្ហាញថា ​ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​មានចំនួន ១៤ ៦៧៦ ក្រុមហ៊ុន ​ដោយមានដើមទុនសរុបប្រមាណជិត ២០ ពាន់​ប៊ីលានរៀល​ ត្រូវប្រមាណជាង ៤ ៦៧០ លានដុល្លារអាមេរិក គិតតាមភាគរយ​ ដែលបាន​ចុះបញ្ជី​តាម​វិស័យ ​អាហរ័ណនីហរ័ណ​ ទិញលក់ ជួសជុលយានយន្ត និងទោចចក្រយានយន្តគ្រប់​ប្រភេទ​មានជាង ៣៩%, សកម្មភាពសេវាកម្ម​ ស្នាក់នៅ និងអាហារ ​ជាង ១០%, ​សកម្មភាពអចលនទ្រព្យ ជិត ៩%, កម្មន្តសាលជាង​ ៨%, ព័ត៌មានវិទ្យា និងទូរគមនាគមន៍ជាង ៦%, និងវិស័យផ្សេងៗទៀត ជិត ២៧%។ចំពោះទំហំវិនិយោគនៅតាមវិស័យវិញ ការសាងសង់ មានជាង ២១%, កម្មន្តសាលជាង ១៨%, អាហរ័ណនីហរ័ណ ទិញលក់​ ជួសជុលយានយន្ត​ និងទោចចក្រយានយន្តគ្រប់ប្រភេទ ជាង ១៥%, សកម្មភាព​អចលនទ្រព្យ ជាង ១៤%, សកម្មភាពហិរញ្ញវត្ថុ ​និងធានារ៉ាប់រង ជាង ៧% និង​វិស័យផ្សេងៗទៀត ជិត ២៣% ផងដែរ។ជុំវិញការចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា បានថ្លែង នូវការគាំទ្រពេញទំហឹង ​ចាប់តាំងដំណើរការដំបូង ព្រោះការ​បង្កើត​នូវថ្នាលនេះឡើង គឺបាន​សម្រួលដល់ការចុះបញ្ជីទាំង​ក្នុងនិងក្រៅប្រទេស ការកាត់​បន្ថែម​ការជួបជុំគ្នា ក្នុងវិបត្តិកូវីដ ១៩ ​ជាពិសេសការកាត់បន្ថយនូវការិយាធិបតេយ្យមួយ​ចំនួនផងដែរ។សូមបញ្ជាក់ថា៖ ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម​ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមាន ២ ដំណាក់កាល​ ក្នុងនោះសម្រាប់ដំណាក់កាលទី ១ បានដាក់ឱ្យដំណើរការជាផ្លូវការ ​អស់រយៈពេល ២ ឆ្នាំកន្លង​មកហើយ ​គឺជាការចុះបញ្ជីជាខ្សែច្រវ៉ាក់ជាមួយ ​ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណែកដំណាក់កាលទី ២ បានដាក់ឱ្យដំណើរ​ការនៅ​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ ​ផ្តោតលើការ​ផ្តល់​អាជ្ញាប័ណ្ណ​ជំនាញ​ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ និង​និយ័តករ​អាជីវកម្មអចលនទ្រព្យ ​និង បញ្ចាំ​នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​គ្រោងនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាល​បច្ចេក​វិទ្យាព័ត៌មាន​ ដំណាក់កាលទីបី​ នៅពេលខាងមុខ ​ដែលមានក្រសួង ​និងស្ថាប័នជាច្រើនផ្សេង៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាបើកដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត នៅខេត្តពោធិ៍សាត់

2022/06/16 02:01:01 pm        1020
ភ្នំពេញ៖ ក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) បើកដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្ត នៅខេត្តពោធិ៍សាត់ ដោយក្នុងជំហានដំបូង ក្រុមហ៊ុន នឹងដំឡើងរថយន្តពីរម៉ូដែល ចំនួន ៩ ០០០គ្រឿង ក្នុងមួយឆ្នាំ ហើយនឹងបង្កើនការដំឡើងគ្រប់ម៉ូដែល ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ។ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បើកសម្ពោធដំណើរការជាផ្លូវការ នៃរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford ដែលមានទីតាំងនៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញ​ចូលរួម ​ជាគណៈអធិបតី ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ។ក្នុងជំហានដំបូង ក្រុមហ៊ុន​គ្រោង​ដំឡើងរថយន្តពីរម៉ូដែល​ រួមមាន៖ រថយន្ត Ford pickup ចំនួន​ពីរ​ប្រភេទ​គឺរថយន្ត Ford Wildtrack និង Ford XLT និងប្រភេទ​ SUV គឺ Ford Everest។ក្រុមហ៊ុន គ្រោងដំឡើង​ចំនួន ៩ ០០០ គ្រឿង​ ក្នុងមួយឆ្នាំ ​និងជំហានបន្ទាប់​ ក្រុមហ៊ុនគ្រោងដំឡើង​ ម៉ូដែល​ស៊េរីផ្សេងៗ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក។ជុំវិញការបង្កើតរោងចក្រផ្គុំ ​និងដំឡើង​រថយន្ត កម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ លំហូរនៃបច្ចេកវិទ្យាថ្មីៗ ​ហូរចូលមកកម្ពុជា ​ការស្រូបយកវិនិយោគិនថ្មីៗបន្ថែម។ ជាក់ស្តែងមកដល់ពេលនេះ ​មានក្រុមហ៊ុនផ្សេងៗជាច្រើន មកទំនាក់ទំនងក្នុងការបង្កើត​រោង​ចក្រសម្រាប់​ សម្ភារៈផ្សេងៗ ​ដើម្បីផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន RMA សម្រាប់ការផ្គុំ និងដំឡើង៕អត្ថបទ ស៊ុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម អង្គការ វ៉ាយប៉ូ សហការរៀបចំវេទិកាកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់នៅកម្ពុជា

2022/06/15 03:07:37 pm        484
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កម្ពុជា នឹងសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (វ៉ាយប៉ូ) (World Intellectual Property Organization - WIPO) ក្នុងការៀបចំវេទិកាកម្ម​សិទ្ធិបញ្ញា​កម្រិតខ្ពស់នៅកម្ពុជា ព្រមទាំងសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គការ នឹងអញ្ជើញចូលរួមក្នុងវេទិកាដ៏សំខាន់នេះដែរ។ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការកម្ម​សិទ្ធិបញ្ញា​ពិភពលោក កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២កន្លងទៅ នៅប្រទេសស្វីស ឯកឧត្តមរដ្ឋមន្រ្តី បាន​ថ្លែង​អំណរគុណដល់អង្គការ វ៉ាយប៉ូ ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយបច្ចេកទេសដល់​កម្ពុជា​​ក្នុងការកសាងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ដែលក្នុងនោះរួមមាន ការកសាងម៉ាកសម្គាល់​ភូមិសាស្ត្រទំនិញ ដូចជាម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ក៏ដូចជាការបង្កើត​នូវម៉ាកសមូហភាពរួមមាន គុយទាវភ្នំពេញ អង្ករព្រះវិហារ ទឹកឃុំព្រៃមណ្ឌលគិរី និងម៉ាកដទៃទៀតផងដែរ។ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូននូវវឌ្ឍនភាពថ្មី ដែលកម្ពុជាសម្រេចបានក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រជាតិកម្មសិទ្ធិបញ្ញា​ក្រោម​ការ​ឧបត្ថម្ភ​របស់អង្គការ វ៉ាយប៉ូ​ ក៏ដូចជាការចូលរួមក្នុង​ក្របខណ្ឌច្បាប់​កម្មសិទ្ធិបញ្ញាអន្តរជាតិ​ ជាពិសេសការផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញាទីក្រុងប៊ែន ស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ​បានបញ្ជាក់ពីជំហរកម្ពុជា​ក្នុងការពង្រឹងប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​ ឲ្យរឹតតែល្អប្រសើរបន្ថែមទៀត។ឆ្លៀតក្នុងឱកាសនេះ ​ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ​ក្នុងនាមជាប្រធានអាស៊ាន ​កម្ពុជានឹងបន្តខិតខំ​ក​សាងសហគមន៍​អាស៊ានឱ្យប្រកបដោយសមធម៌ ​ភាពរឹងមាំ និងបរិយាបន្ន៕ អត្ថបទ៖ បូរ៉ាវី

កម្ពុជា រំពឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

2022/06/15 02:45:29 pm        658
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា​កំពុងអនុវត្ត​គម្រោង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ជាមួយកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម ហើយតាម​រយៈការបង្កើតផ្សារ​ខេមបូត្រេដ កាលពីពេលកន្លងទៅ ដែលជាផ្សារពាណិជ្ជកម្មតាម​ប្រព័ន្ធ​​អេឡិចត្រូនិក កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសធុនតូច និងមធ្យម នឹងទទួលបាន​អត្ថប្រយោជន៍​ដ៏ច្រើនពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ។ ប្រភពពីក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះ ​បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានឱ្យដឹងថា នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកម្មវិធីពិភាក្សា ស្ដីពីកម្មវិធី​ពង្រឹង​ក្របខ័ណ្ឌសមាហរណកម្ម ​ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៅអង្គការពាណិជ្ជកម្មពិភពលោក ​ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានចាត់ទុកកម្មវិធីពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម ជាដៃគូដ៏សំខាន់មួយដែលផ្តល់ជំនួយ​បច្ចេកទេសសម្រាប់​កសាង​សមត្ថភាព ​និងការអភិវឌ្ឍសមត្ថភាពផលិត។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះគោលការណ៍​នៃភាពជាដៃគូ ​និងភាពជាម្ចាស់ការនៃប្រទេស​ទទួល​ជំនួយរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្មថា ជាកត្តាសំខាន់ក្នុងការអនុវត្តជំនួយ​បច្ចេកទេសទាំងនេះ​ ដែលបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់គ្រប់វិស័យ​គោលដៅទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តម បានរំលេចពីលទ្ធផលវិជ្ជមាននៃជំនួយរបស់កម្មវិធី​ពង្រឹងក្របខ័ណ្ឌ​សមាហរណកម្ម ក្នុងការអភិវឌ្ឍសមត្ថភាពប្រកបដោយផលិតភាព​ក្នុងវិស័យស្រូវអង្ករ ដំឡូងមី សូត្រ ​ជលផលសមុទ្រ ​និងការបង្កើតវិទ្យាស្ថានម្ហូបអាហារកម្ពុជា។សូមបញ្ជាក់ថា​ តាមរយៈកិច្ចសហការជាមួយកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម ប្រទេសកម្ពុជា​អាច​គៀងគរជំនួយបន្ថែមពីអង្គការអន្តរជាតិផ្សេងៗ ដូចជា ITC, IFC, UNDP, UNIDO, UNCTAD, Swisscontact និងវិស័យឯកជន ​យកមកប្រើប្រាស់សម្រាប់បង្កើនការនាំចេញ ​បង្កើតការងារ ជា​ពិសេស​សម្រាប់​សហគ្រាសធុនតូច​ និងមធ្យម ស្រ្តី ​យុវជន ​និងការលើកកម្ពស់បរិស្ថានក្នុង​ការធ្វើពាណិជ្ជកម្ម ​និងការវិនិយោគ៕ អត្ថបទ៖ បូរ៉ាវី

ពន្ធដារប្រមូលពន្ធ-អាករបានជិត ១ ៧២៧ លានដុល្លារ ក្នុងរយៈពេល៥ខែឆ្នាំ

2022/06/15 01:28:39 pm        588
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ អនុវត្តបានចំនួនជិត ៧ ០០០ ប៊ីលានរៀល ត្រូវប្រមាណជិត ១ ៧២៧ លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ បានកើនឡើងជាង ២៨ភាគរយ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា​អគ្គ​នាយក​នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងប្រជុំបូកសរុបលទ្ធផលប្រមូលចំណូល​ពន្ធ​ប្រចាំខែ ឧសភា និងសម្រាប់រយៈពេល៥ខែ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ ចំពោះចំណូលប្រភេទពន្ធសំខាន់ៗ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ បើធៀប​នឹងខែឧសភា ក្នុងឆ្នាំ២០២១។ការប្រមូលចំណូលពន្ធ ក្នុងខែឧសភា ឆ្នាំ២០២២ ​ចំណូលពន្ធ-អាករគ្រប់ប្រភេទ​ដែលអគ្គនាយកដ្ឋាន​ពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​មានចំនួនជាង ៩១១ ប៊ីលាន​រៀល ​ត្រូវប្រមាណជា ២២៥​ លានដុល្លារ ស្មើជិត ៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រង​ឆ្នាំ២០២២ កើនឡើងជាង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការប្រមូលចំណូលពន្ធក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២ នេះវិញ ចំណូលពន្ធ-អាករ ដែល​អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង ​តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មាន​ចំនួនជាង ៦ ៩៩៤ ប៊ីលានរៀល ត្រូវប្រមាណជិត ១ ៧២៧ លានដុល្លារ ស្មើនឹង ៦១,២៥% នៃ​ផែនការ​ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ កើនឡើងជិត ២៨% ធៀបនឹងរយៈពេលប្រាំខែឆ្នាំ២០២១។សម្រាប់ឆ្នាំ២០២២ នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព​ ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូល​ពន្ធ​បានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ ចំនួនជាង ១១ ៤១៩ ប៊ីលានរៀល (ប្រមាណជាង ២ ៨១៩ លានដុល្លារ) ​អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការ​អនុវត្តនូវវិធានការ​គោល​នយោបាយ និងរដ្ឋបាលសារពើពន្ធ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​ចាប់ផ្តើមពិភាក្សារៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

2022/06/15 01:16:18 pm        604
ភ្នំពេញ៖ កម្ពុជារៀបចំសិក្ខាសាលា ស្តីពីតួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុង​សេដ្ឋកិច្ចឌីជីថលកម្ពុជា នៃដំណើរការប្រមូលធាតុចូល ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ នៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុកម្ពុជា ។ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ​រៀបចំ​សេចក្តីព្រាងគោលនយោបាយ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួម​ក្នុង​សិក្ខាសាលា ស្តីពីតួនាទីនៃវិស័យធានារ៉ាប់រង​ និងបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​សេដ្ឋកិច្ចឌីជីថល​កម្ពុជា ដោយ​សិក្ខាសាលានេះ ​នឹងនាំមកនូវការពិភាក្សា, ​ការចែករំលែកទស្សនាទាន​ គំនិត​នវានុវត្តន៍ និងបទពិសោធន៍ជាក់ស្ដែង ​ពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗ​ទាំងអស់។សិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានព័ត៌មាន ​ក៏ដូចជាធាតុចូលដ៏មានតម្លៃ សម្រាប់ក្រុម​ការងារ​ជំនាញ​ទាំងអស់​ ក្នុងការរៀបចំសេចក្តីព្រាង​គោលនយោបាយអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឱ្យស្របនឹងតម្រូវការជាក់ស្ដែងផង​ និងការអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុ ជា​ពិសេស​សកម្មភាព​ធានារ៉ាប់រង​ ប្រកបដោយនវានុវត្តន៍ ​បរិយាបន្ន និងចីរភាពផងដែរ ។បន្ថែមពីលើនេះ សិក្ខាសាលាដែលធ្វើឡើងនៅថ្ងៃនេះ ​ក៏ជាផ្នែកដ៏សំខាន់មួយ ​នៃដំណើរការ​ប្រមូល​ធាតុចូល ​ឱ្យបានកាន់តែច្រើន និងជាក់លាក់ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ​នៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ៕ អត្ថបទ៖ ស៊ុន រ៉ាឌី

រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ សាងសង់រួចរាល់ និងត្រៀមបើកដំណើរការក្នុងសប្តាហ៍នេះ

2022/06/14 04:45:38 pm        4273
ពោធិ៍សាត់ ៖ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Ford ផ្តាច់មុខនៅកម្ពុជា បានបញ្ជាក់ថា បានសាងសង់រួចជាស្ថាពរ រោងចក្រដំឡើងរថយន្តយីហោ Ford ស្ថិតក្នុងស្រុកគ្រករ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនគ្រោងនឹងបើកដំណើការជាផ្លូវការរោងចក្រនេះ នៅក្នុងសប្តាហ៍នេះ។យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់អាជ្ញាធរ កំពុងសាងសង់ផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ដែលភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៥ ដើម្បីឱ្យទាន់នឹងត្រៀមទទួលការសម្ពោធដាក់ឱ្យដំណើរការ នៃរោងចក្រ​ដំឡើងរថយន្តFord របស់ក្រុមហ៊ុនRMA Cambodia ​ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ។រោងចក្រ​ដំឡើងរថយន្ត Ford នេះ សាងសង់​លើ​ផ្ទៃដី​៤​ ហិកតា ស្ថិត​នៅ​ភូមិ​សា​វ័ន ឃុំ​ស្នា​អ​ន្យា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ រោងចក្រ​នេះ​ អាច​ស្រូប​ទាញ​កម្លាំង​ពលកម្ម​បាន​ប្រមាណ ​៥០០​នាក់ និង​មាន​សមត្ថភាព​អាច​ផលិត​រថយន្ត​បាន​ប្រមាណ​ ១​ម៉ឺន​គ្រឿងក្នុង​មួយ​ឆ្នាំ​។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំ RMA រោងចក្រនេះ នឹងអាចដំឡើងរថយន្តហ្វតបានជាង ១ពាន់គ្រឿងនៅឆ្នាំនេះ បន្ទាប់ពីដាក់ឲ្យដំណើរការ ហើយតម្លៃរថយន្ត Ford ដែលដំឡើងនៅកម្ពុជា​អាចនឹងមានភាពល្អប្រសើរជាងរថយន្តនាំចូល ប្រសិនបើមានការជួយសម្របសម្រួល និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល។ជុំវិញវត្តមានរោងចក្រដំឡើងរថយន្តក្នុងស្រុកនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ​និង​សំដែង​ការ​ស្វាគមន៍​ចំពោះ​រោងចក្រ​ដំឡើង​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត Ford នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ ​សម្តេច​តេ​ជោ លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បន្ត​វិនិយោគ និង​ស្វែងរក​វិស័យ​សក្ដានុពល​នានា​ សម្រាប់​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​៕ អត្ថបទ៖ វណ្ណៈ

កម្ពុជានាំចេញទំនិញ ទទួលបានទឹកប្រាក់ជាង ៩ប៊ីលានដុល្លារ ក្នុងរយៈពេល៥ខែ

2022/06/14 04:37:25 pm        513
ភ្នំពេញ៖ កម្ពុជានាំចេញទំនិញមានតម្លៃសរុប ៩.៤ ប៊ីលានដុល្លារ ក្នុងរយៈពេលប្រាំខែ ឆ្នាំ២០២២នេះ កើនឡើង ៣៤.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។កំណើននៃការនាំចេញនេះ ទៅកាន់ទីផ្សារបរទេស ​ឆ្លុះបញ្ចាំង​ពីខ្សែសង្វាក់ផលិតកម្មនៃវិស័យ​កាត់ដេរ ​និងការផលិតមិនមែនកាត់ដេរក្នុងប្រទេស ដោយសារអត្រាប្រជាជនទទួលបាន​វ៉ាក់សាំង​ខ្ពស់។យោងតាម​ទិន្នន័យ​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៩,៤១២,៣ ​លានដុល្លារក្នុងអំឡុងខែមករា ​ដល់ខែឧសភា ឆ្នាំនេះ ​កើនឡើង ៣៤,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយ​ការណ៍​នេះ​ បាន​បង្ហាញ​ថា ផលិត​កម្ម​សំលៀកបំពាក់​ស្បែកជើង ​និង​កាបូប​ធ្វើ​ដំណើរ​មាន​តម្លៃ​សរុប​ចំនួន ៤,៤៨៣ ដុល្លារ ស្មើ​នឹង ៤៧,៧ ភាគរយ​នៃ​តម្លៃ​នាំ​ចេញ​សរុប។សហរដ្ឋ​អាមេរិក ​នៅ​តែ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ផលិតផល​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ប្រាំ​ខែនេះ ​មាន​ទឹកប្រាក់សរុប ៣ ៧២៩ លាន​ដុល្លារ ឬ ៥៧,៧ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​ចំនួន ។របាយការណ៍ដដែល ​បញ្ជាក់ថា វៀតណាម និងចិនជាប់ចំណាត់ថ្នាក់លេខ២ និងទី៣ ជាមួយ​នឹង​បរិមាណ​នាំចូលពីកម្ពុជា​ ១ ០៧៩​ លានដុល្លារ ​និង ៥១៩ លានដុល្លារ។ដោយឡែក ប្រទេសកម្ពុជា ​បាននាំចូលមកវិញនូវទឹកប្រាក់ចំនួន​ ១៣ ប៊ីលានដុល្លារ​ មានកំណើន ១៩.៧ ភាគរយ ​ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ថ្លែងក្នុង​ពិធីចែក​សញ្ញាប័ត្រ​ដល់​និស្សិតនៃសាលាភូមិន្ទរដ្ឋបាល ​ជាង២ពាន់នាក់​ នៅថ្ងៃចន្ទនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា​ ការនាំចេញរបស់កម្ពុជា​ ចាប់ផ្តើម​កើនឡើង ​ដែល​ឆ្លុះបញ្ជាំង​ពីសកម្មភាពសេដ្ឋកិច្ច ​ក្រោយរាជរដ្ឋាភិបាលប្រកាសបើក​ប្រទេសពេញ​លេញ​ឡើងវិញ ។សម្តេចតេជោ ហ៊ុន សែន មានប្រសាស​ន៍ថា ​កំណើនការដាក់បញ្ជាទិញផលិតផលនៅកម្ពុជា បាន​កើនឡើង ដែលធ្វើឱ្យរោងចក្រកាត់ដេរ ​ជាង៥០០រោងចក្រ ​មានខ្សែច្រវ៉ាក់ផលិតកម្មពេញលេញ និងបន្ថែមម៉ោងការងារ ​ដើម្បីឆ្លើយតប​នឹងការ​បញ្ជា​ទិញទាន់​ពេលវេលា៕អត្ថបទ៖ ជា វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេសកជនបញ្ជាក់ថា អ៊ីរ៉ង់នឹងលើកលែងឲ្យរុស្ស៊ី សម្រាប់ថ្លៃដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz
04/24/2026 06:04 PM
ក្រោយលោក Trumpរិះគន់ សម្តេចប៉ាប ថ្កោលទោសការសម្លាប់បាតុករនៅអ៊ីរ៉ង់
04/24/2026 06:04 PM
រដ្ឋមន្រ្តីការបរទេសឈីលី និងបូលីវី យល់ព្រមចាប់ផ្តើមឡើងវិញការពិគ្រោះយោបល់នយោបាយ ក្រោយរយៈពេល ៤៨ឆ្នាំ
04/24/2026 05:04 PM
អាមេរិកពិចារណាដាក់គោលដៅមេបញ្ជាការ IRGC អ៊ីរ៉ង់ និងគំរាមកំហែងការដឹកជញ្ជូន បើបទឈប់បាញ់ដួលរលំ
04/24/2026 05:04 PM
ស្ដេច Charles របស់អង់គ្លេស នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅអាមេរិក ខណៈទំនាក់ទំនងនយោបាយអាប់អួរ
04/24/2026 05:04 PM
មន្ទីរពេទ្យអ៊ីរ៉ង់ចាប់ផ្តើមជួបកង្វះខាតឱសថ ស្របពេលសង្រ្គាមបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់
04/24/2026 05:04 PM
មនុស្សយ៉ាងហោច ១០នាក់ រងរបួស ក្រោយព្យុះកួចវាយប្រហាររដ្ឋ Oklahoma សហរដ្ឋអាមេរិក
04/24/2026 05:04 PM
តុលាការថៃទទួលយកសំណុំរឿងប្ដឹងឥស្សរជនប្រឆាំង ៤៤រូប ពាក់ព័ន្ធច្បាប់ប្រមាថព្រះមហាក្សត្រ
04/24/2026 05:04 PM
នគរបាលចរាចរណ៍នៅភាគខាងលិចឥណ្ឌាប្រើប្រាស់អាវត្រជាក់ ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅខ្លាំង
04/24/2026 05:04 PM
ការិយាល័យប្រធានាធិបតី៖ កូរ៉េខាងត្បូងទទួលបានប្រេងឆៅ ៧៤,៦២លានបារ៉ែលសម្រាប់ខែឧសភា
04/24/2026 05:04 PM