រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកាដើម្បីទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិ

2022/06/14 01:40:46 pm        704
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា គោលនយោបាយលើការត្រៀមកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដើម្បីគាំពារសង្គមពីវិបត្តិសកលលោក រួមទាំងវិបត្តិចាស់ដោយសារកូវីដ-១៩ និងវិបត្តិសកលថ្មី បណ្តាលមកពីសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី និងអ៊ុយក្រែន​ គឺជាការគិតគូរត្រូវត្រឹម និងគ្រប់​ជ្រុងជ្រោយ ដើម្បីធានាមិនឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិរយៈពេលខ្លី និងការដោះស្រាយ​រយៈពេល​វែងផងដែរ។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះថា ការ​គិតគូរ​ត្រៀម​កញ្ចប់​ថវិកា​របស់រាជរដ្ឋាភិបាលនេះ​ គឺជា​គោល​នយោបាយល្អ, នៅពេលមាន​វិបត្តិ​លេចឡើង​រាជរដ្ឋាភិបាល​អាច​បញ្ចេញ​កញ្ចប់​ថវិកា ដើម្បីយកមកដោះស្រាយនូវវិបត្តិ ទាំងវិបត្តិកូវីដ១៩។ឯកឧត្តមបណ្ឌិត បន្តទៀតថា ​ចំណែករឿងថ្មីពីរផ្សេងទៀត គឺវិបត្តិស្បៀង ​និងប្រេងឥន្ធនៈ ដែលកើត​ចេញ​មកពីសង្រ្គាមរវាងរុស្ស៊ី ​និងអ៊ុយក្រែន ត្រូវត្រៀមអង្ករទុក ​សម្រាប់ដោះស្រាយនៅពេល​មាន​វិបត្តិស្បៀង ​ដោយសារការកើតឡើង​នៃការ​ប្រែប្រួល​អាកាសធាតុ ​និងការកង្វះស្បៀង​អាហារ​នៅ​លើសកលលោក។ ចំណែកប្រេងឥន្ធនៈ​ រាជរដ្ឋាភិបាលក៏ត្រូវទិញប្រេងទុក ​សម្រាប់ដោះស្រាយ​នៃវិបត្តិអគ្គិសនី ​និងវិស័យដឹកជញ្ជូនផងដែរ។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ កាលពីថ្ងៃចន្ទកន្លងទៅ មាន​ប្រសាសន៍​លើកឡើងថា ​ទាក់ទង​និងវិបត្តិដែលកើតឡើងកន្លងមក ​រាជរដ្ឋាភិបាល ​បាន​អន្តរាគមន៍​ជំនួយសង្គម តាមរយៈកញ្ចប់​ថវិកា​របស់រាជរដ្ឋាភិបាល ​ដោយបាន​ចិញ្ចឹម​ប្រជាជន​ជិត ​៣លាននាក់ ដោយក្នុង​មួយខែៗ ជិត ៤០ លានដុល្លារ ​ហើយបច្ចុប្បន្នរាជរដ្ឋាភិបាល ​បាននិងកំពុង ​គិតគូរបន្ថែមទៀត ក្នុងការ​ដោះស្រាយវិបត្តិជំងឺកូវីដ ១៩ អតិផរណា ។សូម​បញ្ជាក់ថា រាជរដ្ឋាភិបាល​ បាន​ប្រើប្រាស់​ថវិកា​បម្រុងទុករបស់រដ្ឋ ដោះស្រាយលើការទិញ​វ៉ាក់សាំង​កូវីដ១៩​ ផ្តល់ថវិកា​ដល់ប្រជាពលរដ្ឋក្រីក្រ​ និង​កម្មករ​កម្មការិនី​ក្នុង​វិស័យកាត់ដេរ និង​វិស័យទេសចរណ៍ក្នុងអំឡុងវិបត្តិកូវីដ ១៩​ និងបានដាក់ចេញក្របខណ្ឌយុទ្ធសាស្រ្ត ​និងកម្មវិធីស្តារ និង​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៣៣ភាគរយ

2022/06/14 01:27:34 pm        1891
ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង​អ្នកវិនិយោគជាច្រើនរូបទៀត នៅថ្ងៃទី១៤ ខែមិថុនានេះ បានអញ្ជើញទស្សនាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល។ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ថ្លែងថា ​តាមការគ្រោងការសាងសង់​ព្រលានសម្រាប់ចុះចត​យន្ត​ហោះខ្នាត​យក្ស 4F នឹងបញ្ចប់ការសាងសង់នៅ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវ​នៅ​ដើម​ឆ្នាំដើម២០២៥ ​ខណៈបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាលនេះ សម្រេចការសាងសង់​បានជាង ៣៣ភាគរយហើយ។ឯកឧត្តម ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាលបានចាប់ផ្តើម​ដំណើរ​កសាងសង់នៅតាំងថ្ងៃទី៧ ​ខែមករា ឆ្នាំ២០២០ ​ហើយក្នុងរយៈពេលជាង២ឆ្នាំនេះ បើទោះ​ជា​កម្ពុជា ជួបវិបត្តិកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការការសាងសង់ព្រលាន​យន្តហោះ​អន្តរជាតិ​មួយនេះ ​នៅតែបន្តដំណើរការការសាងសង់យ៉ាងសកម្មភាព នៅលើប្លង់ព្រលានយន្តហោះលំដាប់​ផ្កាយប្រាំ និងមានរចនាបថទំនើបរបស់អន្តរជាតិ ដែលបច្ចុប្បន្នសាងសង់បានប្រមាណជាង៣៣%។ ឯកឧត្តម បន្តថា ជារួមនៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ​ដឹកអ្នកដំណើរអន្តរជាតិ ​ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចត​នៅរាជធានីភ្នំពេញនេះ ​ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។លោកឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន OCIC និងប្រធានក្រុមហ៊ុន ​Cambodia Airport Investment (CAIC) បានថ្លែងថា ​អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល បច្ចុប្បន្នបាននឹងកំពុង​សាងសង់​នៅលើទំហំប្រមាណ ២៦០០ហិកតា ​នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល​ជាប់ខេត្តតាកែវ និងមានចំងាយពីប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ ។លោកឆារស៍ វ៉ាន់ បន្តថា ការសាងសង់មាន៣ដំណាក់កាល ​ក្នុងនោះដំណាក់កាលដំបូង ក្រុមហ៊ុន​បាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គ.ម សម្រាប់ចុះចតយន្តហោះខា្នតយក្ស 4F និងមាន​សមត្ថភាព​ទទួលអ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ​ នៅឆ្នាំ២០៣០ ហើយដំណាក់​កាលទី២​ក្រុមហ៊ុននឹងពង្រីកសាងសាងអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំនៅឆ្នាំ២០៥០ និងដំណាក់កាលទី៣​ បន្តពង្រីកសាងសង់​ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិ​អោយបាន ៤៥លាននាក់​ក្នុង១ឆ្នាំ ​នៅឆ្នាំ២០៥០តទៅ។លោក បន្តថា នៅក្នុងដំណាក់ដំបូងនេះ ក្រុមហ៊ុនCAIC បាននឹងកំពុងដំណើរការសាងសង់​បាន​ប្រមាណ ៣៣% ដោយបានចំណាយថវិកា​អស់ប្រមាណ ៤៦១លានដុល្លាអាមេរិច ។សូមបញ្ជាក់ថា CAIC​ គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាង​ដោយ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ ​រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន​CAIC ក្នុងការកាន់កាប់ ​រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការ​គម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល៕ អត្ថបទ ស៊ុម សុខជា

កម្ពុជាស្នើប្រទេសអភិវឌ្ឍន៍តិចតួច រួមគ្នាទាញយកប្រយោជន៍ពីប្រព័ន្ធពាណិជ្ជកម្មពិភពលោក

2022/06/13 04:42:56 pm        723
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការពាណិជ្ជកម្មពិភពលោកទាំងអស់ ត្រូវបន្តទាមទារប្រព្រឹត្តកម្ម និងការអភិវឌ្ឍពិសេស និងដោយឡែក ឱ្យក្លាយជាគោលការណ៍ចម្បង​សម្រាប់ទាញ​យកប្រយោជន៍​សេដ្ឋកិច្ច ពីប្រព័ន្ធពាណិជ្ជកម្មពិភពលោក។ប្រភពពីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២នេះ នៅក្នុងបណ្តាញ​សង្គម​ហ្វេសប៊ុក បាន​និយាយ​ថា ​ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រី​ប្រទេស​អភិវឌ្ឍន៍តិចតួច (LDC Ministers Meeting) ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference - MC12) ​របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស​ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលធ្វើឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​មិនទាន់ទាញយកប្រយោជន៍ពេញលេញ ពីប្រព័ន្ធអនុគ្រោះ ដែលផ្តល់​ជូន​ប្រទេសអភិវឌ្ឍន៍តិចតួច​ ថ្វីបើបានទទួលនូវជំនួយកសាងសមត្ថភាព ​និងជំនួយបច្ចេកទេសនា​ពេល​កន្លងមក។ឯកឧត្តម បានបន្តថា នៅក្នុងកិច្ចប្រជុំ និងឱកាសបន្តបន្ទាប់ទៀត ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ត្រូវតែបន្តទាមទារជំនួយកសាងសមត្ថភាព​ និងបច្ចេកទេស ​តាមរយៈក្របខណ្ឌផ្សេងៗ ឱ្យផ្តល់​ជូន​ដល់​ប្រទេសអភិវឌ្ឍន៍​តិចតួច​ ដើម្បីមិនត្រឹមតែជួយឱ្យប្រទេសទាំងនេះ ​អាចទាញយកប្រយោជន៍​ឱ្យបានពេញ​លេញពីប្រព័ន្ធ អនុគ្រោះ ​និងអាចធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគីប៉ុណ្ណោះទេ ព្រមទាំងអាចជួយ ដល់បរិវត្តកម្មនៃរចនាសម្ព័ន្ធកាន់តែធំ​ទូលំ​ទូលាយ ​ដែលប្រទេសអភិវឌ្ឍន៍តិចតួច ​ត្រូវការដើម្បីអាចរក្សានូវភាពប្រកួតប្រជែង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចប្រកប​ដោយបរិយាបន្ន ​និងភាពធន់។ ឯកឧត្តមរដ្ឋមន្រ្តី ​បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការចូលរួមរបស់​ក្រុម​ប្រទេស អភិវឌ្ឍន៍ តិចតួច​ នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការពាណិជ្ជកម្ម​ពិភព​លោក​ទាំងអស់ ដើម្បីសម្រេចឱ្យបាននូវប្រយោជន៍ជាអតិបរមាដល់ប្រទេសអភិវឌ្ឍន៍តិចតួច៕អត្ថបទ៖ បូរ៉ាវី

សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនឡើងវិញខ្ពស់បំផុតជាង ៦% ក្នុងឆ្នាំ២០២៣

2022/06/13 04:02:24 pm        698
ភ្នំពេញ៖ ខណៈអត្រាចាក់វ៉ាក់សាំងបង្ការកូវីដរបស់កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានការចាក់វ៉ាក់ខ្ពស់ បំផុតក្នុងពិភពលោក ថែមទាំងអាចបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងដោយ ពេញលេញតាំងពីខែកុម្ភៈឆ្នាំនេះមក សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងទុកថា នឹងមានកំណើនឡើងវិញក្នុងចន្លោះ ៥.៦% ក្នុងឆ្នាំ២០២២ និងខ្ពស់បំផុតត្រឹម ៦.៥% ក្នុងឆ្នាំ២០២៣។នាឱកាសចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្ម​ពិភពលោក កាលពីរសៀលថ្ងៃទី១២ មិថុនា ឆ្នាំ២០២២កន្លងទៅ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ដោយមាន​យន្តការ​ឆ្លើយតប​ជាបន្តបន្ទាប់ និងការគាំទ្រយ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​បានទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ ជាមួយនឹងទស្សនៈវិស័យជាយុទ្ធសាស្ត្រ នៃ​ការចាក់វ៉ាក់ជូន​ប្រជាជនជាមធ្យោបាយ​ប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាតកម្ពុជាអាចគ្រប់គ្រងបាន ស្ថានការណ៍ ទាំងស្រុង និងធានា​ការការ​ពារ​អាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានដូចស្ថានដើមវិញ។ឯកឧត្តម គូសបញ្ជាក់ថា​ លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងស្តីពីការ​ឧបត្ថម្ភ​ធនជលផល នឹង​ក្លាយជាលទ្ធផលដ៏ ​សំខាន់បំផុតសម្រាប់អង្គការពាណិជ្ជកម្មពិភពលោក​ ដែលបញ្ហានេះ គឺបាន​អូសបន្លាយពេលជាង២០ឆ្នាំមកហើយ។ ក្នុងនោះ កម្ពុជាក៏ចង់ឃើញនូវការសម្រេចបន្ថែមលើការចរចាធ្វើកំណែទម្រង់កសិកម្ម ហើយកម្ពុជា​នឹងចូលរួមយ៉ាង ​សកម្មជាមួយសមាជិកផ្សេងទៀត ​ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និង​កំណែទម្រង់អង្គការពាណិជ្ជកម្ម ពិភពលោក​ ព្រមទាំងការលើកលែងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TRIPs (TRIPs Waiver)។ឯកឧត្តមរដ្ឋមន្ដ្រី ​បានបញ្ជាក់បន្ថែមថា ​កម្ពុជាបន្តគាំទ្រ និងឱ្យតម្លៃខ្ពស់ចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដោយយកមូលដ្ឋានច្បាប់ជាចម្បង។ ​សមាជិកទាំងអស់ត្រូវធានាថា អង្គកាពាណិជ្ជកម្ម​ពិភពលោក​ នៅតែសកម្មតាមរយៈ ការធ្វើកំណែទម្រង់ ​មានតម្លាភាព និងជាវេទិកា​ប្រកប​ដោយ​បរិយាបន្ន​ដែល​អនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍​ តិចតួច​ បានក្លាយជាចំណែក​មួយក្នុងការសម្រេចចិត្ត និងបានលើកឡើង​ពី​បញ្ហារបស់ពួកគេ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ជប៉ុនផ្តល់ហិរញ្ញប្បទានជាង ៣,៣លានដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍ​ន៍ធនធាន​មនុស្ស​នៅ​កម្ពុជា

2022/06/13 03:53:58 pm        889
ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ច សហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជារដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៣លាន ៣សែន ៦ម៉ឺនដុល្លារ អាមេរិក ដើម្បីអនុវត្ត“គម្រោងកម្មវិធី អាហារូបករណ៍សម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស(JDS)"។នៅព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​និងសហប្រតិបត្តិការអន្តរជាតិ​ និងឯកឧត្តម កា ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព នៃប្រទេស ជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាជាមួយគ្នាលើលិខិតប្ដូរសារ​សម្រាប់​ផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់អនុវត្តនូវគម្រោងកម្មវិធីអាហារូបករណ៍​សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងសេចកត្តីប្រកាសព័ត៌មានក្រោយចប់ពិធីនេះ បានលើកឡើងថា នៅប្រទេសកម្ពុជា ការអភិវឌ្ឍធនធានមនុស្សដែលមានការអប់រំខ្ពស់ និងបទពិសោធន៍អន្តរជាតិ គឺជាកិច្ចការបន្ទាន់ដើម្បី បង្កើនសមត្ថភាពក្នុងការបំពេញតម្រូវការមូលដ្ឋាន​របស់ប្រជាជនកម្ពុជា​និងលើកកម្ពស់ ​គុណភាពជីវិតជាមួយនឹង ស្តង់ដារអន្តរជាតិ។ ដូច្នេះហើយ ប្រទេសជប៉ុនបាននិងកំពុងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ​និងសង្គមរបស់ខ្លួនបន្ថែមទៀត។ ប្រភពដដែល បានបន្តថា ជាផ្នែកនៃកិច្ចសហប្រតិបត្តិការនេះ ជួយមន្ត្រីវ័យ ក្មេងកម្ពុជាឲ្យទទួល​បាន​សញ្ញាបត្រ (អនុបណ្ឌិត / បណ្ឌិត) ​ពីថ្នាក់ក្រោយឧត្តមសិក្សា ​នៅប្រទេសជប៉ុន។ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា​ តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ មន្ត្រីវ័យក្មេង​កម្ពុជា​ចំនួនប្រមាណ ២៦រូប ​នឹងអាចទៅសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន។ ភាគីជប៉ុន​​​​រំពឹងថា ​ធនធានមនុស្សក្រោមកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកដល់ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា​បន្ថែមទៀត ​នាពេលអនាគតលើវិស័យនីមួយៗ ​ការ​យល់ដឹងរួម គ្នាព្រមទាំង​ការកសាងទំនាក់ទំនងមិត្តភាពរវាង ​ជប៉ុន និងធកម្ពុជាផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា ទទួលបានចំណូលពីការនាំចេញកៅស៊ូ ជាង ១៧០លានដុល្លារ ក្នុងរយៈពេល៥ខែ

2022/06/13 02:03:17 pm        431
ភ្នំពេញ៖ កម្ពុជានាំចេញជ័រកៅស៊ូ ជាង១០ម៉ឺនតោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២ កើនឡើងប្រមាណ ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនៅចំណូលពីការនាំចេញកៅស៊ូ មានទឹកប្រាក់ជាង ១៧០លានដុល្លារ។យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា​ បាន​នាំ​ចេញ​ជ័រកៅស៊ូ ក្នុង​បរិមាណ​ជាង ១០ ម៉ឺន​តោន ក្នុង​រយៈពេល ៥​ខែ ឆ្នាំ ២០២២​នេះ មាន​ការ​កើន​ឡើង ៣ភាគរយ។ចាប់​ពី​ខែ​មករា ដល់​ឧសភា ឆ្នាំ ២០២២​នេះ ការ​នាំ​ចេញ​ជ័រ​កៅស៊ូ សម្រេច​បាន​ចំនួន ១០៥ ០៤៨តោន កើនឡើង ៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ខណៈ​ដែល​ការ​នាំ​ចេញ​ឈើ​កៅស៊ូវិញ សម្រេច​បាន​ចំនួន ១៣ ០២៦​ម៉ែត្រ​គុប។ចំណូល​សរុប​គិត​ត្រឹម​ខែ​ឧសភា ក្នុង​ឆ្នាំ ២០២២ ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ និង​ឈើកៅស៊ូ មាន​ចំនួន ១៧០ ២៨២ ០៣១​ដុល្លារ ដោយ​ក្នុង​នោះ ចំណូល​ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ មាន​ចំនួន ១៦៨ ៤៦៨ ៦៤០ដុល្លារ ​និងចំណូល​ពី​ការ​នាំ​ចេញ​ឈើ​កៅស៊ូ ចំនួន ១ ៨១៣ ៣៩១ ដុល្លារ។យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​ត្រឹម​ឆ្នាំ ២០២១ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤ ០៤៤ហិកតា ក្នុង​នោះ ផ្ទៃដី​ចៀរជ័រ​មាន​ចំនួន ៣១០ ១៩៣ហិកតា កើន​ឡើង​ជាង ៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២០។ តាម​រយៈកំណើន​នេះ អគ្គនាយកដ្ឋានកៅស៊ូ​បាន​ព្យាក​រណ៍​ថា ចាប់​ពី​ឆ្នាំ ២០២២ តទៅ កម្ពុជា​នឹង​អាច​នាំ​ចេញ​កៅស៊ូ​បាន​ជាមធ្យម ៤០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំៗ ​ដោយ​នឹង​អាច​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ក៏​ដូចជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​ផងដែរ៕ អត្ថបទ៖ វណ្ណៈ​​ 

កំណើនទំហំពាណិជ្ជកម្ម ឆ្លុះបញ្ចាំងឲ្យឃើញនូវអត្ថប្រយោជន៍នៃការបើកសេដ្ឋកិច្ចឡើងវិញ

2022/06/13 01:06:00 pm        343
ភ្នំពេញ៖ កំណើនទំហំពាណិជ្ជកម្ម បានឆ្លុះបញ្ចាំងឲ្យឃើញនូវអត្ថប្រយោជន៍​នៃការបើក​សេដ្ឋកិច្ច​ឡើងវិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល និង​ការបង្ហាញឲ្យឃើញនូវកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ​និងទីផ្សារអន្តរជាតិ កាន់តែមានភាពល្អប្រសើរ។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ ​និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​ថ្លែងថា ​នៅក្នុង​កំឡុងនៃការរីករាលដាលខ្លាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានផ្ទុះឡើង ​ការធ្វើពាណិជ្ជកម្មអន្តរជាតិ កម្ពុជា​នៅតែបន្តនាំចេញជាធម្មតា ​ដោយសារកម្ពុជា​នៅទទួល​បានការបញ្ជាទិញគឺគ្មានការ​ប្រែប្រួល​ទៅរកទីផ្សារថ្មី ​ដោយទីផ្សាររដែលធ្លាប់នាំចេញ ​បានបន្តធ្វើពាណិជ្ជកម្មជាធម្មតា ទោះបីនៅក្នុងវិបត្តិ​នោះ មានការ​រឹតបណ្តឹង ​និង​ការ​ធ្វើ​ចត្តាឡឺស័ក​ក៏ដោយ ។ឯកឧត្តម បន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកឡើងវិញ ចាប់ពីដើមឆ្នាំ ២០២២ មក ទំហំ​ពាណិជ្ជកម្ម​មានការកើនឡើង ​ដែលការកើនឡើងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ​នូវ​អត្ថប្រយោជន៍ នៃការបើក​សេដ្ឋកិច្ចឡើងវិញ ​ក្រោម​ការ​ខិតខំ​ប្រឹងប្រែងយកចិត្តទុក​ដាក់ជាទីបំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ​និង​ការបង្ហាញឲ្យឃើញនូវកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្ម​រវាងកម្ពុជា​ និង​ទីផ្សារអន្តរជាតិ ​កាន់តែមានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន។សូមបញ្ជាក់ថា៖​ ជុំវិញការធ្វើពាណិជ្ជកម្ម រាជរដ្ឋាភិបាល​ ប៉ាន់ស្មានថា​ ក្នុងឆ្នាំ ២០២២ នេះ ការ​នាំចេញ ​រំពឹងក្នុងរង្វង់ជាង ​២៣ ពាន់លានដុល្លារ ​ខណៈឆ្នាំ ២០២១ ​មានត្រឹមជាង ១៩ ពាន់​លានដុល្លារ។ ចំណែកការនាំចូលវិញ ​មានទំហំជិត ៣១​ ពាន់លានដុល្លារ​ កើនឡើងពីឆ្នាំ ២០២១ ដែក​មានត្រឹមជាង ៣០ ពាន់លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តកើនឡើងក្នុងសប្តាហ៍នេះ

2022/06/13 12:10:34 pm        266
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថាននីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតា ត្រូវលក់តម្លៃ ៥.៨០០រៀល/លីត្រ(ឡើង ១៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៦.១០០រៀល/លីត្រ (ឡើង ៥៥០រៀល)។

កសិករនាំយកទុរេនបែកអន្លុង ប្រមូលផ្ដុំនៅភ្នំពេញ ដើម្បីស្វែងរកទីផ្សារបន្ថែម ​​និងលុបបំបាត់ការលួចបន្លំ

2022/06/12 01:46:08 pm        1690
ភ្នំពេញ៖ ទុរេនបែកអន្លុង មានប្រភពមកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានកសិករនាំយកមកប្រមូលផ្ដុំ នៅក្នុងសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា ដើម្បីស្វែងរកទីផ្សារបន្ថែម និងអាចជួយលុបបំបាត់ នូវការលួចបន្លំ ពីជនខិលខូចមួយចំនួន ។ក្នុងពិធីចែករំលែកការពិនិត្យមើល និងភ្លក់រស់ជាតិទុរេនបែកអន្លុង លោក ជូ មករា ប្រធាន​សហភាព​សហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា ការប្រមូលផ្ដុំនេះ គឺជាការ​សាកល្បង​រវាងកសិករដែលជាម្ចាស់ចម្ការ និងសហភាពរបស់លោក ដើម្បីរកវិធីសហការគ្នា ធ្វើឲ្យបាន​ដឹង​ដល់អ្នកប្រើប្រាស់ ឬអតិថិជនដែលត្រូវចែកចាយបន្តឲ្យកាន់តែមានភាពងាយស្រួល មិនចាំបាច់ចុះទៅដល់ចម្ការផ្ទាល់ ។លោកបន្តថា គោលបំណង នៃការប្រមូលផ្ដុំនេះ គឺចង់ប្រមូលកម្លាំងកសិករ និងអតិថិជន​ផ្នែក​ទីផ្សារមកជួបគ្នា ពិភាក្សាលើតម្លៃ និងសាកសួរពីបច្ចេកទេសមើលទុរេន ហើយបច្ចុប្បន្ន​មាន​ម្ចាស់ចម្ការប្រហែល ១០ចម្ការ ចង់ប្រមូលផ្ដុំនៅថ្ងៃខាងមុខ ដែលមានផ្ទៃដីចម្ការទុរេន ប្រមាណពី ៣០ ទៅ៥០ហិកតា ។កសិករជាម្ចាស់ចម្ការទុរេន នៅតំបន់បែកអន្លុង បានលើកឡើងថា ទុរេនបែកអន្លុង កំពុងមាន​ភាពល្បីល្បាញផងដែរ ហើយឆ្នាំនេះអាចប្រមូលផលបាននៅដើមខែមិថុនា និង​ជាធម្មតា​ប្រមូល​ផលរួចរាល់នៅពាក់កណ្ដាលខែកក្កដា ហើយដែលមានការដាក់លក់​ទុរេនបែកអន្លុង តាំងពីខែមិនា ឬខែមេសា មិនមែនមកពីប្រភពបែកអន្លុងនោះទេ ដោយទុរេនបែកអន្លុង មានរូបរាងខុសប្លែក ពីទុរេននាំមកពីទីកន្លែងផ្សេង ។ពួកគាត់បន្ថែមថា ចំពោះការប្រមូលផ្ដុំនៅក្នុងសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជានេះ ជាការល្អដែលនឹងអាចធ្វើឲ្យអ្នកបរិភោគប្រើប្រាស់ បានស្គាល់នូវរស់ជាតិពិតប្រាកដ របស់ទុរេនបែកអន្លុង ។លោក ជូ មករា បានបញ្ជាក់ថា ការប្រមូលផ្ដុំទុរេននេះ មិនមែនសម្រាប់តែទុរេនបែកអន្លុងនោះទេ គឺគោលដៅចង់ប្រមូលទុរេនពីគ្រប់តំបន់ នៅក្នុងប្រទេស ដើម្បីជួយស្វែងរកទីផ្សារបន្ថែមដល់កសិករ និងមាននិរន្តរភាព ហើយគ្រោងនឹងប្រមូលផ្ដុំផ្លែឈើតាមរដូវកាលផ្សេងទៀត ខណៈបច្ចុប្បន្ន កំពុងប្រមូលផ្ដុំបន្លែសុវត្ថិភាព ដែលដាំក្នុងរោងសំណាញ់ (UV) ៕អត្ថបទ បាន សុខរិទ្ធិ

កម្ពុជាទទួលគម្រោងវិនិយោគចំនួន៤ថែមទៀត ក្នុងទំហំទឹកប្រាក់ជិត ១៦លានដុល្លារដើមខែមិថុនា

2022/06/10 02:53:17 pm        706
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២២នេះ បានសម្រេចចេញ​វិញ្ញាបនបត្រ​ចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនថ្មីចំនួន ៤បន្ថែមទៀត ដែលមានទំហំទឹកប្រាក់សរុបចំនួនប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងបង្កើតការងារជូនពលរដ្ឋសរុបជាង ៥ ៧០០នាក់។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក លើកឡើងថា តាមសំណើសុំវិនិយោគ​ដែល​គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូន​ដល់​ក្រុមហ៊ុន​ទាំង៦នោះ រួមមាន៖ ១. OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង​ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួនជិត ២ពាន់ កន្លែង។ ២.CASE SI TRAVEL PRODUCTS CO., LTD គម្រោង​បង្កើតរោងចក្រផលិត​កាបូប​គ្រប់ប្រភេទ ដែល​មាន​ទីតាំងវិនិយោគស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​ទុនវិនិយោគប្រមាណ ​៤,១លានដុល្លារ និងអាច​បង្កើតការងារបានចំនួនជាង ១ពាន់កន្លែង។៣.SYHJ GARMENT (CAMBODIA) CO., LTD. គម្រោង​បង្កើតរោងចក្រកាត់ដេរ​សំលៀកបំពាក់ ដែល​មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤​ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន​វិនិយោគប្រមាណ ៣,៤លានដុល្លារ ​និងអាចបង្កើតការងារបានចំនួនជិត​ ២ពាន់កន្លែង។ និង៤. SUNRISE OUTDOORS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់​ប្រភេទ ដែល​មានទីតាំងវិនិយោគស្ថិតនៅស្រុកសំរោង ខេត្តតាកែវ ​មានទុនវិនិយោគប្រមាណ ២,៣​លានដុល្លារ ​និងអាចបង្កើតការងារបានចំនួនជាង​ ៨០០កន្លែង។សូមបញ្ជាក់ថា គិតក្នុងរយៈពេល ៤ខែ ​ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោង​វិនិយោគ​ថ្មីៗ ​និងគម្រោងពង្រីក​ផលិតកម្មសរុបចំនួន ៦០គម្រោង ដែលមាន​ទំហំទឹកប្រាក់​សរុប​ប្រមាណ ២ ៦០០លានដុល្លារអាម៉េរិក ​និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួនជាង​ ៤ម៉ឺនកន្លែង។ ដោយឡែក​ គិតត្រឹមបំណាច់ឆ្នាំ២០២១កន្លងទៅ​ រដ្ឋាភិបាលកម្ពុជា បានអនុម័ត​គម្រោង​វិនិយោគសរុបជាង ១៦០គម្រោង​ ដោយគិតជាទឹកប្រាក់ចំនួនប្រមាណ ៤ពាន់លានដុល្លារអាម៉េរិក៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM
ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ
04/24/2026 07:04 PM
គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន
04/24/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចចរចាអាមេរិក-អ៊ីរ៉ង់
04/24/2026 07:04 PM
ប្រេស៊ីលត្រៀមខ្លួនរួចរាល់ក្នុងការដឹកទំនិញទៅកាន់អឺរ៉ុប ខណៈការនាំចេញនឹងកើនឡើងដល់ ១៣ភាគរយនៅឆ្នាំ ២០៣៨
04/24/2026 07:04 PM