រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីទាក់ទាញវិនិយោគជប៉ុន

2021/11/12 01:25:01 pm        307
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មី ទាក់ទាញវិនិយោគជប៉ុនចូលមកវិនិយោគនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិនៃជំងឺកូវី៥-១៩ ព្រមទាំងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញ និងប្រកួតប្រជែងខ្ពស់មួយ នៅក្នុងតំបន់ សម្រាប់ការវិនិយោគប្រកបដោយគុណភាព និងចីរភាព។ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ស្តីពីច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំ​ផ្សព្វផ្សាយ​ជូន​វិនិយោគិន និងធុរជនជប៉ុន នៅថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ច្បាប់ថ្មីស្តីពីវិនិយោគ​របស់​ព្រះរាជាណាចក្រកម្ពុជា ​គឺបានតាក់តែងរៀបចំឡើងអស់រយៈពេលជាច្រើនឆ្នាំ និងបាន​ទទួល​យកមតិ ព្រមទាំងសំណូមពរពីតំណាងផ្នែកឯកជន​ និងសហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជាផងដែរ ដើម្បីជាប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ​ យកទៅដាក់​បញ្ចូល​ក្នុងច្បាប់ថ្មីស្តីពីវិនិយោគនេះ។ចំណែក ឯកឧត្តម អ៊ុង រចនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន លើក​ឡើងថា​ ច្បាប់ស្តីពីវិនិយោគថ្មីនេះ​ នឹងដើរតួនាទីជាត្រីវិស័យ និងមូលដ្ឋានច្បាប់ដ៍រឹងមាំសម្រាប់​វិនិយោគិន ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងស្របពេលដែលកម្ពុជាកំពុងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវី៩-១៩។ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្សព្វផ្សាយ និង​លើក​កម្ពស់ការយល់ដឹងពីច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា​ ទៅកាន់សហគមន៍ធុរកិច្ច ដែល​ប្រការនេះ​ជា​ការ​បន្សំគ្នា ​ទៅនឹងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា​ ២០២១-២០២៣។ដោយឡែក ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជាប្រចាំរបស់អង្គការពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន និងធនាគារមីហ៊្សូហូ ​ដែលជានិច្ចកាលដើរតួនាទីជាដៃគូដ៏សំខាន់ សម្រាប់​ការ​ផ្សព្វផ្សាយ​ពីកាលានុវត្តភាព​ និងបរិស្ថានវិនិយោគនៅកម្ពុជា​ ជូនដល់វិនិយោគិនជប៉ុន ជា​ពិសេស​សកម្មភាពវិនិយោគ ​របស់អ្នកវិនិយោគជប៉ុននៅកម្ពុជា ជាក់ស្តែងការវិនិយោគក្នុងវិស័យ​កម្មន្តសាល​មិនមែនវាយនភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក​ដល់​ការ​ធ្វើ​ពិពិធកម្មមូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា ។សូមរំលឹកថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ​បានចំនួន ១៤៦ គម្រោង ក្នុង​ទុនវិនិយោគសរុបប្រមាណ ២ ៨៥៣ លានដុល្លារអាមេរិក ​ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ​ដែលមានទុនវិនិយោគសរុប ៣៤០ លានដុល្លារ៕អត្ថបទ៖ សុន រ៉ាឌី​​ 

រាជរដ្ឋាភិបាលប្រមូលចំណូលពន្ធបានជាង ២ ៣១៥ លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែឆ្នាំ២០២១

2021/11/12 12:54:30 pm        466
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានប្រមាណជិត ៩ ៣៧៩ ប៊ីលានរៀល ត្រូវជាង ២ ៣១៥ លានដុល្លារអាមេរិក រយៈពេល១០ខែ ឆ្នាំ២០២១ បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ថយចុះចំនួនជាង ៤៩៩ប៊ីលានរៀល ត្រូវប្រមាណជាង ១២៣ លានដុល្លារអាមេរិក។អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញរបាយការណ៍ បូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២១ នៅថ្ងៃទី១១ខែ វិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន តាមរយៈការអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូលអនឡាញ ​បានចំនួនជិត ៨៤៣ ប៊ីលានរៀល ​ត្រូវប្រមាណជាង ​២០៨ លានដុល្លារអាមេរិក​ ស្មើនឹង ៩,២៨% នៃផែនការ​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១​ បើប្រៀបធៀប​នឹងចំណូលពន្ធ-អាករប្រចាំ ​ខែតុលា ឆ្នាំ២០២០ ឃើញថា កើនឡើងជាង ៥០ ប៊ីលានរៀល ត្រូវជាង ១២លានដុល្លារអាមេរិក ឬស្មើជាង ៦%។ចំណែកសរុបការប្រមូលចំណូលរយៈពេល១០ខែវិញ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល​អនឡាញ សរុបបានមានចំនួនជិត​ ៩ ៣៧៨ ប៊ីលានរៀល​ បើគិតជាដុល្លារត្រូវប្រមាណជាង ២ ៣១៥ លាន​ដុល្លារអាមេរិក ​ស្មើជាង ១០៣% នៃ​ផែនការច្បាប់​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ​ឆ្នាំ២០២១​ ក្នុងនោះបើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០​ គឺថយចុះជាង ​៤៩៩ ប៊ីលានរៀល ​ត្រូវជាង ១២៣ លានដុល្លារ​អាមេរិក​ ស្មើនឹង -៥,០៥%។ជុំវិញការប្រមូលចំណូលពន្ធនេះ ​តាម​ការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារ ថា ការឆ្លងកាត់ស្ថានភាព​ដ៏លំបាកនៃការរីករាលដាលខ្លាំង​ នៃជំងឺកូវីដ-១៩ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ​សម្រាប់​រយៈពេល ១០ខែ ឆ្នាំ២០២១ ទោះបីជាមិនប្រសើរជាងរយៈពេលដូចគ្នា ​ឆ្នាំ២០២០​ ប៉ុន្តែអាចនៅ​មានស្ថានភាពល្អប្រសើរ ដោយសម្រេចបានលទ្ធផល​លើសការរំពឹងទុក និងផែនការហិរញ្ញវត្ថុ​សម្រាប់គ្រប់គ្រងឆ្នាំ២០២១។ លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញ​ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាពិសេសការគ្រប់គ្រង​ស្ថានការណ៍​នៃជំងឺកូវីដ-១៩ បាន​ពេញលេញ និងមានប្រសិទ្ធិភាពខ្ពស់ តាមរយៈចាត់វិធានការជាយុទ្ធសាស្រ្ត​ក្នុងការចាក់វ៉ាក់សាំងជូន​ប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីបុរេសកម្ម​ និងទាន់ពេលវេលា ដែលអាចកសាងភាពធន់​របស់​សហគមន៍​ ទៅនឹងជំងឺរាតត្បាតនេះ ហើយជំរុញឱ្យប្រទេសជាតិអាចបើកដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​នៅក្នុងខែវិច្ឆិកានេះ​ ដែលនឹងអាចសង្ឃឹមថា ស្ថានភាពសេដ្ឋកិច្ចនឹងអាចងើបឡើងវិញ​តាមការ​រំពឹងទុក​របស់​រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី

អ្នក​ជំនាញ​អចលន​ទ្រព្យ ​រំពឹង​គម្រោង​វិនិយោគបរទេស ​នឹង​កើន​ឡើងវិញ ​ក្រោយចូលឆ្នាំចិន ឆ្នាំ២០២២

2021/11/12 12:05:00 pm        366
ភ្នំពេញ ៖ វិស័យអចលនទ្រព្យ រំពឹងថានឹងងើបឡើងវិញ បន្ទាប់ពីកម្ពុជាប្រកាសបើកប្រទេសឡើងវិញ អនុញ្ញាតវិនិយោគិនបរទេស ធុរកិច្ចជន និងភ្ញៀវទេសចរបរទេសចូលមកកម្ពុជា ដោយរដ្ឋាភិបាលសម្រួលវិធានការសុខាភិបាល។ អ្នកជំនាញវិស័យអចលនទ្រព្យ ដាក់ក្តីរំពឹងថា គម្រោងវិនិយោគនានាពីបរទេស នឹងចាប់ងើបឡើងវិញចាប់ពីដើមឆ្នាំក្រោយទៅ។លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានដាក់ក្ដីរំពឹងថា អ្នក​វិនិយោគ​បរទេសជាច្រើន នឹងត្រឡប់មកកម្ពុជា នៅក្រោយបុណ្យចូលឆ្នាំចិន ​នាឆ្នាំ២០២២ បន្ទាប់​ពី​ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ​កាលពីដើមខែវិច្ឆិកន្លងទៅ ។ការលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យរូបនេះ​ បន្ទាប់ពីក្រុមហ៊ុន​ KW Cambodia បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកអនុសាខា​ KW-KRE ប្រចាំខេត្តកំពង់ចាម ​នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានការចូលរួមពីលោកស្រី ក្រី ម៉ាយ៉ាន​ តំណាងអនុសាខា KW-KRE ប្រចាំខេត្តកំពង់ចាម ផងដែរ ។អ្នកជំនាញដដែលបន្ដថា ក្នុងនាមក្រុមហ៊ុនអន្ដរជាតិ ដែលមានក្រុមហ៊ុនដៃគូបរទេសជាច្រើន បាន​សហការវិនិយោគនៅកម្ពុជា ​តែក្រោយវត្តមានវិបត្តិកូវីដ បានធ្វើឲ្យវិនិយោគទុនបរទេស​ជា​ច្រើន​បានចាកចេញទៅវិញ ។ការប្រកាសបើកដំណើរការប្រទេសរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ​គឺជាការបើកភ្លើងខៀវ សម្រាប់វិនិយោគទុនបរទេស ​ដែលលោករំពឹងថា ​ក្រោយចូលឆ្នាំចិន ឆ្នាំ២០២២ អ្នកវិនិយោគ​ទាំងនោះ នឹងត្រឡប់មកកម្ពុជាច្រើន ពិសេសវិនិយោគទុនចិនតែម្ដង ។យ៉ាងណាមិញលោកបណ្ឌិត គីម ហ៊ាង បានសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញ​អ្នកវិនិយោគបរទេស​មក​កម្ពុជាច្រើន ក៏អាស្រ័យលើអ្នកមានធនធានច្រើនក្នុងស្រុក បញ្ចេញលុយវិនិយោគឲ្យបានច្រើនដែរ ដើម្បីធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាកម្រើខ្លាំងសិនដែរ ទើបអាចទាក់ទាញវិនិយោគទុនបរទេស​កាន់​តែ​ច្រើន​ត្រឡប់មកវិញ ក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូស្រាល ៕អត្ថបទ ៖ លី ឈុនឡា

ទោះ​ក្នុង​បរិបទ​ជំងឺ​កូ​វីដ វិនិយោគិន​ខ្មែរ​មួយរូប​ហ៊ាន​បោះទុន​រាប់លាន​ដុល្លា វិនិយោគ​លើ​ការកសាង​លំនៅឋាន​

2021/11/11 05:55:58 pm        459
ភ្នំពេញ៖ លោក លី ណា​វុ​ឌ្ឍ អគ្គនាយក​បុរី លី ណា​វុ​ឌ្ឍ ដែលជា​អ្នក​វិនិយោគិន​ខ្មែរ​មួយរូប បាន​បង្ហាញ​នូវ​មោទនៈភាព និង​ជឿជាក់ថា បច្ចុប្បន្ននេះ ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ បាន​ធ្វើឱ្យ​វិនិយោគិន​ជាតិ និង​អន្តជាតិ​ចាប់អារម្មណ៍​ពី​សក្ដានុពល​លើ​វិ​ស័​យ​អចលនទ្រព្យ កាន់តែខ្លាំង ដោយបាន​បោះទុន​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​វិនិយោគ និង​កសាង​លំនៅដ្ឋាន ខុន​ដូរ​សំណង់​អគារ​ខ្ពស់ៗ​ ដើម្បី​ឆ្លើយតប​នឹង​កំណើនប្រជាជន និង​បំពេញ​តម្រូវការ​របស់​អតិថិជន​ក្នុង និង​ក្រៅប្រទេស ជាពិសេស​ការ​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ បន្ទាប់ពី​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​ថយចុះ​នៅ​កម្ពុជា​។​ជាក់ស្ដែង​លោក​ផ្ទាល់​បាន​បោះទុន​រាប់លាន​ដុល្លារ ​ដើម្បី​សាងសង់​បុរី​នេះ​ឡើង​។ ក្នុង​ពេល​ប្រារព្ធ​ពិធី​សូត្រមន្ត ប្រោះ​ព្រហ្ម​បើក​ដំណើរការ​ការិយាល័យ​ក​ណ្តា​ល និង​សម្ពោធ​ដាក់លក់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន​មានការ​ផ្តល់ជូន​ពិសេស និង​បញ្ចុះតម្លៃ​រហូតដល់ ២៣,០០០$​។​បើតាម​ការ​ឱ្យដឹងពី​តំណាង​ក្រុមហ៊ុន មាន​សាង​សង់ផ្ទះ​ពីរ​ប្រភេទ រួមមាន​៖ ផ្ទះ​អាជីវកម្ម និង​វីឡា​កូនកាត់ សុទ្ធសឹងតែ​ជា​សំណង់​លំនៅដ្ឋាន​រឹងមាំ ស្ថិត​នៅក្នុង​តំបន់​ដែល​មាន​សក្ដានុពល​សម្រាប់​ការរស់នៅ​ជា​លក្ខណៈ​គ្រួសារ ការិយាល័យ និង​អាជីវកម្ម​ផ្សេងៗ​។​​ការវិនិយោគ​អចលនទ្រព្យ​ដោយ​សាងសង់​បុរី​ថ្មី​នេះ​មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ ២១៧ ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕ ​អត្ថបទ​៖ នី​តា​​

តម្លៃម្រេចនៅកម្ពុជា រំពឹងថានឹងកើនឡើងនៅឆ្នាំក្រោយ

2021/11/11 11:49:17 am        359
ភ្នំពេញ ៖ តម្លៃម្រេចនាំចេញរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនដល់ ២០ ០០០ រៀលក្នុង១គីឡូក្រាម នៅឆ្នាំ២០២២ខាងមុខ ។ ការកើនឡើងតម្លៃនេះ គឺដោយសារផលិតម្រេចនៅលើពិភពលោក ជាតម្រូវការ បន្ទាប់ពីប្រទេសនានានៅជុំវិញពិភពលោក បានបើកប្រទេសដំណើរការសេដ្ឋកិច្ចឡើងវិញ។លោក ម៉ាក នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ​បាន​ប្រាប់​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​ថា មូលហេតុ​ដែល​នឹង​ជំរុញ​ឱ្យ​តម្លៃ​ម្រេច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង​នៅ​ពេល​ខាងមុខ គឺ​ដោយ​សារ​ប្រជាកសិករ​មួយ​ចំនួន​បាន​បោះបង់​ចោល​ការ​ដាំ​ម្រេច​កាលពី​អំឡុង​ពេល​ដែល​តម្លៃ​ម្រេច​ធ្លាក់ចុះ​។ ការបោះបង់​ការ​ដាំដុះ​បាន​ធ្វើ​ឱ្យ​ស្តុក​ម្រេច​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ ជាហេតុ​ធ្វើឱ្យ​ក្រុម​ឈ្មួញ​ជួប​ការពិបាក​នៅ​ក្នុង​ការប្រមូល​ទិញ​ម្រេច​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​នាំចេញ​។បើ​តាម​ប្រធានសហព័ន្ធ​ម្រេច​ និង​គ្រឿងទេស​កម្ពុជា ​ម្រេច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩ ​មានតម្លៃ​ជា​មធ្យម​ពី ៦ ០០០ ទៅ ៩ ០០០ ​រៀល​ ក្នុង​១គីឡូក្រាម និង​ក្នុង​ឆ្នាំ​២០២០ តម្លៃ​កើន​ពី ៩ ០០០ ទៅ ១២ ០០០រៀល ​ក្នុង​១គីឡូក្រាម​។ដោយឡែក​នៅ​ឆ្នាំ​២០២១ ម្រេច​មានតម្លៃ​ចន្លោះ​ពី ១២ ០០០ ​ដល់ ១៧០០០ ​រៀល និង​រំពឹងថា នៅ​ឆ្នាំ​ ២០២២ ខាងមុខ​ តម្លៃ​ម្រេច​នឹង​កើន​ដល់ ២០ ០០០ រៀល ​ក្នុង ១ ​គីឡូក្រាម​។លោកពន្យល់ថា ការធ្លាក់ថ្លៃម្រេចកាលពីឆ្នាំ២០១៩​ និង២០២០ គឺដោយសារការ​ផលិតម្រេច​លើស​តម្រូវការ​ និងស្ថិតក្នុងវិបត្តិកូវីដ១៩ ​ដែលធ្វើឱ្យតម្រូវម្រេចធ្លាក់ចុះនៅប្រទេសនាំចេញ។ក្នុង​មួយឆ្នាំៗ​ កម្ពុជា ​នាំចេញ​ម្រេច​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​ក្នុង​រង្វង់​ជិត ២០ ០០០ ​តោន​ដែល​ភាគ​ច្រើន​គឺ​នាំ​ចេញទៅ​ប្រទេស​វៀតណាម​ ចន្លោះ​ពី​ ៧០-៨០ ​ភាគរយ។ ក្រៅពីនេះ កម្ពុជា នាំចេញម្រេច​ទៅ​ទីផ្សារ​អឺរ៉ុប ​ដែល​ភាគច្រើនជាផលិតផលម្រេចសំគាល់ភូមិសាស្រ្តខេត្តកំពត ​ហើយការប្រើប្រាស់​ក្នុងស្រុក​មាន​ប្រមាណ ​១ ០០០ តោន​ក្នុង​១​ឆ្នាំ​។ទោះជាយ៉ាងណា សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ​សង្ឃឹមថា ការនាំចេញម្រេចពីកម្ពុជា នឹង​ពង្រីក​ទៅទីផ្សារផ្សេងទៀត ​ដើម្បី​ជៀសវាង​ពឹងផ្អែកតែលើទីផ្សារប្រទេសវៀតណាម ដើម្បី​នាំចេញ៕អត្ថបទ៖ វណ្ណៈ

ក្រសួងពាណិជ្ជកម្ម​ ធ្វើកំណែទម្រង់ការងារ​ដើម្បីរួមចំណែក​អភិវឌ្ឍន៍​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល

2021/11/11 11:25:51 am        445
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីចូលរួមអភិវឌ្ឍន៍គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ក្រសួងនឹងចាត់តាំងឱ្យមានជនបង្គោលលើវិស័យជំរុញបច្ចេកវិទ្យា ព្រមទាំងកំពុងរៀបចំមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មី និងធ្វើកំណែទម្រង់នាយកដ្ឋានទទួលបន្ទុក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃការផ្លាស់ប្តូរឌីជីថលទាក់ទងនឹងពាណិជ្ជកម្ម។នៅក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល២០២១-២០៣៥ ក្រោម​វត្តមាន​របស់​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​កាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១នេះ ​តាមប្រព័ន្ធវីដេអូ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ​សេចក្ដីព្រាងគោល​នយោបាយខាងលើ មាន​លក្ខណៈគ្រប់ជ្រុងជ្រោយ ​និងបានគ្រប់ដណ្តប់លើចំណុចសំខាន់ៗ ដែលមាននៅក្នុងឯកសារ​ក្របខ័ណ្ឌ​ផែនការ ​ផែនទីចង្អុលផ្លូវ និងកិច្ចព្រមព្រៀង​របស់​អាស៊ានទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល​នៅក្នុងក្របខ័ណ្ឌអាស៊ាន ​និងពិភពលោករួចហើយ។ ឯកឧត្តម បានបន្តថា ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ ដែលបាន​ប្រារព្ធ​កាលចុងខែតុលា កន្លងទៅនេះ ថ្នាក់ដឹកនាំ​កំពូល​របស់​អាស៊ានក៏បានផ្តល់គោលការណ៍​ឱ្យរៀប​ចំ​កិច្ច​ព្រមព្រៀងក្របខណ្ឌរបស់អាស៊ាន ស្តីពីសេដ្ឋកិច្ចឌីជីថលសម្រាប់ឆ្នាំ២០២៥ និង​បាន​ជំរុញឱ្យរដ្ឋ​សមាជិក​ទាំងអស់​ខិតខំរៀបចំ ​និងអនុវត្តកិច្ចព្រមព្រៀង ​និង​ផែនទីចង្អុលផ្លូវនានារបស់អាស៊ាន។ ទាក់ទង​នឹងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥នេះដែរ ឯកឧត្តម​រដ្ឋមន្រ្តី ​បានសង្កត់ធ្ងន់​លើការ​កសាង​ច្បាប់​ជាអាទិភាព​ក្នុងក្របខណ្ឌគតិយុត្ត រួមមាន៖ ច្បាប់ស្តីពី​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មានវិទ្យា, ច្បាប់ស្តីពីសន្តិសុខ ​និងឧក្រឹដ្ឋកម្មព័ត៌មាន, ច្បាប់ស្តីពី​ការ​គ្រប់គ្រង​ប្រព័ន្ធកំព្យូទ័រ ​និងច្បាប់ស្តីពីការគ្រប់គ្រងទិន្នន័យ ដែលច្បាប់ទាំងអស់នេះ កំពុងតែ​ត្រូវការ​ជា​ចាំចាច់​សម្រាប់ប្រតិបត្តិការក្នុងសង្គម ​និងសេដ្ឋកិច្ចឌីជីថលផង និងសម្រាប់ជាមូលដ្ឋាន​ក្នុង​ការ​ចចារ​ការពារផលប្រយោជន៍របស់កម្ពុជាក្នុងកម្រិតតំបន់ ​និងពិភពលោកផង៕អត្ថបទ ៖ ឈិត បូរ៉ាវី

កម្ពុជានាំទំនិញទៅកាន់ប្រទេសជប៉ុនមានទឹកប្រាក់ ១,៣ប៊ីលានដុល្លារ ក្នុងរយៈពេលបីត្រីមាស

2021/11/10 01:25:21 pm        626
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនបន្តកើនឡើង ក្នុងឆ្នាំ២០២១នេះ បើទោះ​ស្ថិត​ក្នុងវិបត្តិកូវីដ១៩។ របាយការណ៍ផ្លូវការបង្ហាញថា ​ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបាន ១,៧​ប៊ីលានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ កើនឡើង ៤,៤ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។យោងតាមរបាយការណ៍​របស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ​ការនាំទំនិញរបស់​ប្រទេស​កម្ពុជា ​ទៅកាន់ប្រទេសជប៉ុន មានទឹកប្រាក់សរុប ​១,៣ប៊ីលានដុល្លារ ​ក្នុងរយៈពេល​ ៩ខែ ឆ្នាំ២០២១​នេះ ​កើនឡើង ៨,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ដោយឡែកកម្ពុជា បាននាំទំនិញចូលពីប្រទេសអាស៊ីខាងកើតមួយនេះ មានទឹកប្រាក់សរុប ៤៣៨​លាន​ដុល្លារ កើនឡើង ២៩ភាគរយ ធៀបនឹងរយៈពេល៩ខែឆ្នាំមុន។តួលេខ​ពាណិជ្ជកម្មនេះ បានធ្វើឱ្យ​ជញ្ជីង​ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា​ មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជប៉ុន ​ប្រមាណ ៨៧៨ លានដុល្លារ។យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសំខាន់ៗ​របស់​ប្រទេសកម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​រួម​មាន​ សំលៀកបំពាក់ កាបូបសម្រាប់ធ្វើដំណើរ ​ស្បែកជើង គ្រឿង​សង្ហារឹម ​គ្រឿងសំអាង ក្រដាស សម្ភារៈ​ការិយាល័យ ​និងទំនិញធ្វើពីស្បែក។ការនាំចេញពីប្រទេសជប៉ុនមកកម្ពុជារួមមានគ្រឿងម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិច គ្រឿង​សង្ហារឹម ​ក្រណាត់ ​និងផលិតផលប្លាស្ទិក។កាលពីឆ្នាំ ២០២០ កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​និងជប៉ុន​មានទំហំទឹកប្រាក់ចំនួន ២,០៩៩ ពាន់​លានដុល្លារ ​ពោលគឺថយចុះចំនួន ៨ ​ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ​ ២០១៩ កន្លងទៅ ដែល​ក្នុង​នោះ​ការនាំចេញសរុបរបស់កម្ពុជាទៅជប៉ុនមានទំហំទឹកប្រាក់ចំនួន ១,៦១៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៦,៧ ភាគរយ៕អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុនឯកជនជាង៩ពាន់ក្រុមហ៊ុន បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលតែមួយ

2021/11/10 12:31:56 pm        321
​ភ្នំពេញ ៖ ​ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ទទួលបានការចុះបញ្ជីជាផ្លូវការនៃក្រុមហ៊ុនឯកជន បានចំនួនជាង ៩ពាន់សំណើរ និងកំពុងពិនិត្យលើក្រុមហ៊ុនអាជីវកម្មចំនួនជាង ៩០០សំណើរផ្សេងទៀត ស្ថិតក្នុងការពិនិត្យសម្រាប់ចុះបញ្ជីជាផ្លូវការ។យោងតាមរបាយការណ៍មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល​អនុវត្តការ​ចុះ​បញ្ជី​​អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​ ក្នុងនោះបាន អនុម័តការ​ចុះ​បញ្ជីប្រកបដោយជោគជ័យ ​មានចំនួនប្រមាណ ​៩ ២២៩ សំណើរ ​និងកំពុងត្រួតពិនិត្យ ​មានចំនួន ៩៨៦សំណើរ។ចំណែកចំនួននាមករណ៍ដែលបានបម្រុងទុក មានក្រុមហ៊ុន អាជីវកម្មប្រមាណជាង ៧ ពាន់សំណើរ និង​កំពុងពិនិត្យបន្ថែមជិត ៣០០ ​សំណើរផ្សេងទៀត ពោលគឺការចុះបញ្ជីតាមថ្នាលអាជីវកម្មតាម​ថ្នាល​បច្ចេកវិទ្យាព័ត៌មានតែមួយ ​បើគិតជា​មធ្យមបាន​អនុម័ត​ ជាផ្លូវការប្រមាណ ៨ សំណើរ ក្នុងមួយថ្ងៃៗ ។ពាក់ព័ន្ធក្រសួង-ស្ថាប័នដែលបានអនុវត្តចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ខាងលើរួមមាន ៖ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ចំពោះភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យរួមមាន ៖ អាហរ័ណនីហរ័ណ ទិញលក់​ជួសជុល​យានយន្ត ​និងទោចក្រ​យាន​យន្ត​គ្រប់ប្រភេទ​មានជាង ​៣៨%, ​សកម្មភាព​អចលនវត្ថុជាង ១០%, កម្មន្តសាលជាង ៨%, សកម្មភាពសេវាកម្ម ​ស្នាក់នៅ​ និង​អាហារ​ជាង ៨%, សកម្មភាព​វិជ្ជាជីវៈវិទ្យាសាស្រ្ត ​និង​បច្ចេកទេសជាង ​៧%, និង​វិស័យផ្សេងៗ​ទៀតជាង ២៧% ផងដែរ ។ ដោយឡែកទំហំ​វិនិយោគតាមវិស័យ​ ក្នុងនោះ​សម្រាប់​ការ​សាងសង់​មានជាង ២៧%, សកម្មភាព​អចលន​វត្ថុជាង ១៥%, អាហរ័ណ​ នីហរ័ណ​ទិញ ​លក់ជួសជុលយានយន្ត និងទោចក្រ​យានយន្ត​គ្រប់ប្រភេទ​ជាង ១៥%, កម្មន្តសាលជិត ១៤%, សកម្មភាព​ហិរញ្ញវត្ថុ ​និងធានារ៉ាប់រង ជិត ៩%, និងវិស័យផ្សេងទៀតជាង១៩%។ក្រៅពីការ​អនុវត្តចុះបញ្ជី​ស្ថាប័ន​ខាងលើ, រាជ​រដ្ឋាភិបាល​បាន​បន្តអនុវត្តចុះបញ្ជី​អាជីវកម្មតាមថ្នាល​បច្ចេក​វិទ្យាព័ត៌មាន ​ដំណាក់​កាលទី២ ​ទៅ​តាមប្រភេទ​នៃសកម្មភាពអាជីវកម្ម ដោយមាន​ការ​ចូលរួម​ពីក្រសួង-ស្ថាប័នចំនួន៤ ​បន្ថែមទៀតរួមមាន ៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍​ និង​និយ័តករ​អាជីវកម្ម​អចលនវត្ថុ ​និង​បញ្ចាំ​នៃអាជ្ញាធរ​សេវាហិរញ្ញវត្ថុ​មិនមែនធនាគារ​ គឺអនុវត្តការ​ចុះ​បញ្ជី​អាជីវកម្ម​តាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ ចាប់អនុវត្តពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២១ កន្លងមក។សូមបញ្ជាក់ថា ក្នុងរយៈវគ្គទីមួយ ​ការ​អនុវត្តចុះបញ្ជីតាម​ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល ​ទទួល​បាន​ចំនួនពាក្យ​ស្នើសុំសរុបជិត ​៧ ០០០ សំណើ, ក្នុងនោះ​បាន​អនុម័តមានជាង ៦ ០០០​ សំណើរ,​ បើគិត​ជា​ទំហំ​ទុនវិនយោគ​មាន​ចំនួនជាង ២ ៦០០ លាន​ដុល្លារ​អាមេរិក៕អត្ថបទ ៖ សុន រ៉ាឌី

អ្នកស្រុកកំពង់សៀម ចាប់ផ្តើមនាំគ្នាដាំដំណាំប៉ិកួៈបណ្តើរៗហើយ

2021/11/09 03:58:57 pm        740
កំពង់ចាម ៖ ប្រជាកសិករដែលរស់នៅតំបន់ទំនាប នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាច្រើនគ្រួសារបានបង្កបង្កើនផលដំណាំប៉ិកួៈហើយ ខណៈរដូវរំហើយបានមកដល់ និងទឹកបានស្រកទៅវិញអស់ ។ប្រជាកសិករដែលរស់នៅតាមជួរមាត់ទន្លេ មានឃុំកៀនជ្រៃ ឃុំរអាង ឃុំរំចេក ឃុំហាន់ជ័យ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននាំគ្នាបង្កបង្កើនផលដំណាំប៉ិកួៈ ព្រោះផ្ទៃដីស្រែចំការ​នៅតំបន់នេះ មានជីវជាតិល្អដីប្រភេទល្បាយខ្សាច់ និងងាយស្រួលថែទាំដំណាំផងដែរ។កសិករដែលកំពុងដាំប៉ិកួៈ បានប្រាប់ឲ្យដឹងថា ឆ្នាំនេះទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំការមួយចំនួន ដោយសារផ្ទៃចម្ការខ្លះទាប ក្រោយពីទឹកស្រកទៅវិញអស់ ពលរដ្ឋនៅតំបន់នេះ បាន​ភ្ជួររាស់​ដីបង្កបង្កើនផលដំណាំកសិកម្មដូចជា ប៉ិកួៈ សណ្តែកដី ត្រសក់ និងពោតជាដើម ខណៈដីមាន​ជីវជាតិល្អ អំណោយផលការលូតលាស់បានល្អ និងធន់ជម្ងឺទៀតផង។ កសិករបានរំពឹងទុកថា ឆ្នាំនេះបើទោះបីមានវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ តែសុំឲ្យតែ​តម្លៃ​បាន​ខ្ពស់ ​និងទទួល​ទិន្នផល​បានច្រើន។ក្នុងរយៈពេលបីខែទៀត ដំណាំប៉ិកួៈរបស់អ្នកកំពង់សៀម នឹងទទួលផលហើយ បន្ទាប់ពីប្រមូល​ផល​ប៉ិកួៈកសិករនៅតំបន់នេះ ​ចាប់ផ្តើមនាំគ្នាំដាំដំណាំ រួមផ្សំ មានពោត សណ្តែកដី ​ត្រសក់ស្រូវ និងម្ទេស ...ជាដើម ៕

ក្រុមហ៊ុនក្នុងស្រុក រំពឹងទំនិញនាំចេញទៅអូស្រ្តាលី នឹងមានកំណើននាពេលខាងមុខ

2021/11/09 10:55:10 am        465
ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យនាំចេញនៅកម្ពុជា មានសុទិដ្ឋិនិយមថា ការនាំចេញទំនិញពីទៅកាន់ប្រទេសអូស្រ្តាលី ជាពិសេសស្រូវអង្ករ នឹងមានកំណើនឡើងវិញ ក្រោយវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ មានសភាពធូរស្រាល និងបញ្ចប់នាពេលអនាគត។ ជាពិសេស ការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៨វិច្ឆិកា ម្សិលមិញនេះ មាន​ប្រសាសន៍​ប្រាប់ទូរទស្សន៍ព័ត៌មានប៊ីធីវីថា ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីក្រសួងការបរទេស​ និង​រដ្ឋ​មន្រ្តី​ក្រសួងកិច្ចការនារីរបស់អូស្រ្តាលី ​លោក​យល់ថា ទំនាក់ទំនង​ពាណិជ្ជម្ម និងការវិនិយោគ​ជាមួយ​អូស្រ្តាលី ​នឹង​មាន​ផល​វិជ្ជមាន​ល្អប្រសើរ ជំរុញឲ្យ​មាន​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម និង​ការនាំចេញកាន់តែ​ទៅមុខថែម​ទៀត ​ហើយនេះ​ជា​អ្វីដែល​យើង​សិក្សា​ស្រាវជ្រាវ​អំពីតម្រូវការអូស្រ្តាលីបន្ថែម​ ដែល​មានសក្តានុពលសម្រាប់កសិផល មិន​ថា​តែ​អង្ករទេ។ពាក់ព័ន្ធ​ការនាំអង្ករចេញទៅទីផ្សារអន្តរជាតិ ​ក៏ដូចជា​ប្រទេសអូស្រ្តាលីបច្ចុប្បន្ន លោកឧកញ៉ា​បាន​អះអាងថា ក្រៅពីជួបបញ្ហានូវវិបត្តិកូវីដ១៩​ ក្នុងវិស័យដឹកជញ្ជូន​ក៏នៅតែមានបញ្ហាប្រឈមដែរ ដោយ​សារប្រទេសមួយៗ មាននីតិវិធី​ប្រព័ន្ធ​នៃការអនុវត្តភូមភាគ​អនាម័យ, ប្រព័ន្ធនៃការគ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារខុសៗគ្នា។ ​ចំពោះទីផ្សារអូស្រ្តាលី​ កម្ពុជា​ទើបនាំចូលបាន​ប្រមាណ​ជាង​១​ឆ្នាំទេ ។គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាធ្វើការនាំចេញស្រូវអង្ករទៅទីផ្សារអន្តរជាតិ មាន​ចំនួនជាង ៤៦ម៉ឺន​តោន​ ក្នុងនោះ​ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី​ចំនួនជាង ៨ ២០០តោន។ ដោយឡែក​ ក្នុងរយៈពេល១ឆ្នាំពេញ ​នៃ២០២០ ការនាំចេញស្រូវអង្ករទៅអូស្រ្តាលី​មាន​បរិមាណ​សរុបជាង ២ម៉ឺន ៧ពាន់តោន កើនឡើងជាង​ ៤ពាន់តោន បើធៀបនឹងឆ្នាំ២០១៩ មាន​ចំនួន​សរុបជាង ២ម៉ឺន ៣ពាន់តោន។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវរដ្ឋមន្រ្តីក្រសួងការបរទេស និង​រដ្ឋមន្រ្តីក្រសួងកិច្ចការនារី​របស់​អូស្រ្តាលី​ មានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ​ក្នុង​គោលបំណងពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី ​និង​ពហុភាគីជាមួយកម្ពុជា ឲ្យកាន់​តែល្អប្រសើបន្ថែមទៀត ​ដើម្បី​គុណប្រយោជន៍របស់ប្រជាជន​ និងប្រទេសទំាង​ពីរ។ ក្នុងអំឡុងស្នាក់នៅកម្ពុជា ២ថ្ងៃនេះ លោកជំទាវបាន​ទទួលជួបពិភាក្សាការងារជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ​ជួបជាមួយប្រមុខការទូតកម្ពុជា ​និងជំនួបទ្វេភាគីជាមួយលោកជំទាវ អ៊ឹង គន្ថាផាវី ​រដ្ឋមន្រ្កី​ក្រសួង​កិច្ច​ការ​នារីផងដែរ៕អត្ថបទ៖ បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM