ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះជួបសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ
ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនក្រៅស្រុកមួយ ចាប់អារម្មណ៍លើការកែច្នៃ និងវិនិយោគលើវិស័យស្វាយចន្ទីដើម្បីនាំចេញ

2025/01/30 02:56:53 pm        127
តំណាងអគ្គនាយកក្រុមហ៊ុនក្រៅស្រុកមួយ បង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគ​លើវិស័យ​ស្វាយចន្ទី​ដើម្បីនាំចេញ ជាពិសេស ផ្តោតលើការកែច្នៃផ្លែឈើ និងសំបកគ្រាប់ស្វាយចន្ទី ទៅជា​ទឹក​ខ្មេះ ប្រេង កាកសំណល់ដែលសេសសល់យកទៅធ្វើជាចំណីសត្វ។លោក Tsutomu TAMURA អគ្គនាយករងក្រុមហ៊ុន Nippon Koei Business Partners Co., Ltd. នៅក្នុងជំនួបពិភាក្សា ការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ៣០ ព្រឹកមិញនេះ, លោកអគ្គនាយករង ក្រុមហ៊ុនរូបនេះ, បានបង្ហាញនូវគោលបំណងមកសិក្សាស្វែងយល់ ពីវិស័យស្វាយចន្ទីនៅកម្ពុជា និងបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យស្វាយចន្ទីដើម្បីនាំចេញ ជាពិសេសនឹងផ្តោតលើការកែច្នៃផ្លែឈើ និងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ ប្រេង កាកសំណល់ដែលសេសសល់ នឹងយកទៅធ្វើជាចំណីសត្វគោជាដើម។ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូពីសក្តានុពលរបស់វិស័យស្វាយចន្ទីនៅកម្ពុជា, ខេត្តដែល មានសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទី និងការទាញយកផលប្រយោជន៍ជាអតិបរិមាពីស្វាយចន្ទី។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខា- ធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យស្វាយចន្ទី ពីព្រោះនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសការកែច្នៃស្វាយចន្ទី។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួនជាង ៨ សែន ៥ ម៉ឺនតោន កើនឡើងប្រមាណជិត ២៧ ភាគរយ ក្នុងនោះនាំចេញទៅក្រៅប្រទេស មានចំនួនជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារអាមេរិក កើនឡើង ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ៨៣៧ លានដុល្លារអាមេរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្ដីកសិកម្មបន្តជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិត​មៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ

2025/01/30 10:50:15 am        159
នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន សហគមន៍ ម្ចាស់ចំការ និងកសិករផលិតមៀនប៉ៃលិន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ជាកិច្ចចាប់ផ្តើម ម្ចាស់ក្រុមហ៊ុនពេជ្រចិន្តា ហ្វ្រ៊ូត ប្រូដាក់សិន ភីអេហ្វភី ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការ ប្រមាណ៥០នាក់ ស្ថិតនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍សង្ខេបពីបញ្ហាប្រឈមជុំវិញការខ្វះខាតទុនវិនិយោគសម្រាប់បង្វិលលើការទិញផលិតផលមៀនស្រស់ ខ្វះខាតប្រព័ន្ធអគ្គិសនីប្រើប្រាស់នៅក្នុងក្រុមហ៊ុន និងសហគមន៍ជា ប្រមូលទិញ និងមានភាពយឺតយ៉ាវចំពោះការបេះមៀនប៉ៃលិនស្រស់ ពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង និងនៅស្រុកម៉ាឡៃ ខេត្តបាត់ដំបង។ដោយឡែក ម្ចាស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការ ប្រមាណ២០នាក់ ស្ថិតនៅភូមិអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏បានលើកឡើងពីបញ្ហាប្រឈមជុំវិញការប្រមូលទិញ និងបេះមៀនប៉ៃលិនស្រស់ ដោយសារបេះមិនទាន់ពេលវេលា និងធ្វើឱ្យមានការខូចខាតច្រើន។ និយាយជារួមពួកគាត់ ស្នើសុំស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ផងដែរ។តបតាមសំណើរបស់ម្ចាស់ក្រុមហ៊ុន សហគមន៍ និងប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណើ ក្នុងការជួយរកដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងលើកទឹកចិត្តដល់សហគមន៍ និងម្ចាស់ចំការ ត្រូវសហការឱ្យបានជិតស្និតជាមួយក្រុមហ៊ុន ហើយត្រូវធ្វេីកិច្ចសន្យាថ្មីជាមួយគ្នាឱ្យមានតម្លាភាព គោរពតាមលក្ខខណ្ឌនៃកិច្ចសន្យារួមគ្នា និងស្របតាមស្តង់ដារដែលបានកំណត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាករណីក្រុមហ៊ុន ឬម្ចាស់ចំការ ត្រូវការកម្លាំងពលកម្មជួយបេះមៀន ក្រសួងកសិកម្ម នឹងធ្វើកិច្ចសហការជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់កងកម្លាំងទាហានដល់ក្រុមហ៊ុន សហគមន៍ និងម្ចាស់ចំការ ឱ្យជួយបង្រៀនកងកម្លាំងទាំងនោះ ឱ្យចេះប្រមូលផល ដើម្បីជួយដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលចែកចាយមៀនស្រស់ និងដំណាប់មៀនសម្ងួត នៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត និងការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំ មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព៕

ឯកឧត្តម ស្រី វុឌ្ឍី ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាព​គ្រោះរាំងស្ងួត​លើដំណាំ​ស្រូវពលរដ្ឋជាង ៥០០ហិកតានៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

2025/01/29 03:27:47 pm        316
បន្ទាយមានជ័យ៖នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយក្រុមការងារជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវ ស្ថិតនៅក្នុងមូលដ្ឋានឃុំសឿ ឃុំរហាត់ទឹក និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ជាលទ្ធផលនៃការចុះពិនិត្យឃើញថា៖ទី១. ឃុំសឿ ដែលមានផ្ទៃដីដំាដុះស្រូវពូជអូអឹម-៥៤៥១ ចំនួន ៥ ៨៥០ហិកតា ផ្ទៃដីប្រមូលផលសម្រេចបាន៨០% និងផ្ទៃដីដំណំាស្រូវរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានចំនួន ២៤៤ ហិកតា ស្មើនឹង១១២គ្រួសារ ដោយសារមិនមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ក្នុងដំណាក់កាលស្រូវមូលដើម ផ្ទៃដីនេះនឹងរងខូចខាតនៅមួយសប្តាហ៍ខាងមុខ។ ទី២. ឃុំរហាត់ទឹក មានផ្ទៃដីដំាដុះស្រូវពូជអូអឹម-៥៤៥១ ចំនួន ២ ០៨០ ហិកតា ផ្ទៃដីបានប្រមូលផលសម្រេចបាន ៨០% ចំពោះផ្ទៃដីរងផលប៉ះពាល់ចំនួន ២៩០ហិកតា ដោយសារគ្មានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ផ្ទៃដីនេះនឹងរងការខូចខាតទាំងស្រុង។ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកឡើងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសហគមន៍កសិកម្មទំនើប ដោយបានពន្យល់ពីចំណុចសំខាន់ៗនៃការបង្កើតសហគមន៍កសិកម្មទំនើប និងអត្ថប្រយោជន៍ជាច្រើនដល់ប្រជាកសិករចូលរួម។ ជាមួយគ្នានោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារជំនាញបានបន្តចុះពិនិត្យការទិញស្រូវសែនក្រអូប (រួមមានទាំងគុណភាពលេខ ១ ២ ៣ ទាំងអស់) របស់ក្រុមហ៊ុនបៃតងកម្ពុជា នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ខណៈនោះកសិករក៏បានបង្ហាញក្តីរីករាយ និងបានថ្លែងអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់យន្តការសម្របសម្រួលតម្លៃស្រូវរបស់ប្រជាពលរដ្ឋ និងចុះអន្តរាគមន៍បានទាន់ពេលវេលា៕

រដ្ឋមន្ត្រីកសិកម្ម បន្តជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រង​សហគមន៍​កសិកម្មទំនើប នៅខេត្តបាត់ដំបង

2025/01/29 03:04:59 pm        239
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។ក្នុងដំណើរបេសកកម្មនេះ តំណាងប្រជាកសិករប្រមាណ ១០០នាក់ បានធ្វើសេចក្តីរាយការណ៍សង្ខេប ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពស្រូវនៅរដូវរប្រាំង និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវ ដែលកំពុងខ្វះខាតទឹក ស្ថិតនៅភូមិចំនួន៦ រួមមាន ភូមិព្រៃខ្ពស់ ភូមិម៉ាក់ឃ្លឿ ភូមិតាម៉ាត ភូមិបឹងជំនៀង ភូមិពោធិ៍ និងភូមិតាហ៊ី ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ តបតាមសំណើររបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណើរររបស់តំណាងកសិករ ក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព នៅថ្ងៃខាងមុខបន្តទៀត។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដើម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ និងការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំ មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មានចែករំលែក និងផ្សព្វផ្សាយបន្តទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ។ស្របពេលជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើនផល ស្រូវប្រាំង នៅស្រុកបវេល ខេត្តបាត់ដំបងផងដែរ។ តាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំទៅប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាដោះស្រាយបញ្ហាខ្វះខាតទឹក និងការចងក្រងសហគមន៍កសិកម្មទំនើប ជាពិសេសការផ្តល់បច្ចេកទេស ពូជ ធាតុចូលកសិកម្ម សំដៅដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ឯកឧត្តម ចាន់ យុត្ថា ចុះពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងពលរដ្ឋប្រមាណ ៥៧២ ហិកតាក្នុងស្រុកជីក្រែង ខេត្តសៀមរាប

2025/01/29 12:05:15 pm        153
សៀមរាប៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកំពង់ធំ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកទំនប់ម្កាក់ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ព្រមទាំងអាជ្ញាធរដែនដី ភូមិ ឃុំ និងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ទាំង៦។ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នាពេលនេះគឺដើម្បីពិនិត្យស្ថានភាពទឹកជាក់ស្តែង ការងារបូមទឹកអន្តរាគមន៍ និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ទាំង៦ ឱ្យយកចិត្តទុកដាក់លើការថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តឱ្យមាននិរន្តរភាពយូរអង្វែង។សូមជម្រាបថា កិច្ចជំនួបសំណេះសំណាលនេះផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ ទី១)ពន្យល់ណែនាំដល់កសិករឱ្យដឹងពីបរិមាណទឹកដែលមាននៅក្នុងអាង និងការចូលរួមថែរក្សាប្រព័ន្ធធារាសាស្រ្ត ទី២)ពន្យល់ណែនាំ និងផ្តល់បច្ចេកទេសថែទាំទំនប់ ប្រឡាយ ជួសជុលទ្វារទឹក និងការគ្រប់គ្រង ការបែងចែកទឹកដោយមានកាលវិភាគបែងចែកទឹកឱ្យបានច្បាស់លាស់ស្របទៅតាមតម្រូវការចាំបាច់ ទី៣)ណែនាំសមាជិក សមាជិកាស.ក.ប.ទ. ក្នុងការសម្របសម្រួលដោះស្រាយជម្លោះដែលកើតមានក្នុងសហគមន៍ ទី៤)ពន្យល់ណែនាំដល់សមាជិក សមាជិកាស.ក.ប.ទ. ពីការថែរក្សាបរិស្ថានស្អាតល្អ នៅតាមទំនប់ តាមអាងទឹក និងតាមប្រព័ន្ធប្រឡាយស្រោចស្រព ទី៥)ផ្សព្វផ្សាយដល់សមាជិក សមាជិកាស.ក.ប.ទ. ពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ទី៦)ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ចូលរួមសហការជាមួយស.ក.ប.ទ. ក្នុងការប្រមូលសេវាកម្មទឹក ទី៧)ផ្សព្វផ្សាយអំពីគោលការណ៍ណែនាំចំនួន៥ របស់ក្រសួងធនធានទឹក និងឧតុនិយមដល់ស.ក.ប.ទ. ឱ្យបានយល់ដឹង និង ទី៨)ផ្សព្វផ្សាយ និងបញ្ជ្រាបការងារយេនឌ័រក្នុងស.ក.ប.ទ. ។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកាស.ក.ប.ទ. បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលបានដាក់ម៉ាស៊ីនបូមទឹកពីអាងទឹកម្កាក់ ដើម្បីជួយសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋប្រមាណ ៥៧២ហិកតា ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ផងដែរ៕

ប្រជាកសិករ៤០០គ្រួសារមានផ្ទៃដីផលិតកម្មដំណាំស្រូវ១ម៉ឺនហិកតានៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចងក្រងជាសហគមន៍កសិកម្មទំនើប

2025/01/29 11:58:19 am        146
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន ៤០០ គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០ ០០០ ហិកតាស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច និងទទួលបានផលប្រយោជន៍រួមគ្នា។ការចាប់អារម្មណ៍របស់ប្រជាកសិករបែបនេះ បន្ទាប់ពីនៅនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចុះជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ មានកិច្ចសន្យាផលិតកម្ម ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ក្នុងការងារនេះក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងការសហការជាមួយមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ប្រជាកសិករត្រូវចេះសហការធ្វើការជាមួយគ្នា គោរពច្បាប់វិន័យរបស់សហគមន៍ មានភាពស្មោះត្រង់ និងធ្វើក្នុងគោលដៅរួមគ្នា ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងផលប្រយោជន៍យូរអង្វែង។ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញសហការជាមួយប្រជាកសិករក្នុងការចុះចុចគោលដៅរួមគ្នានូវផ្ទៃដីផលិតកម្មជាមួយផែនការជាក់លាក់ ចុះបញ្ជីសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលក្នុងការផ្តល់ជាទុនវិនិយោគ សម្រាប់ដំណើរការផលិតកម្មនារដូវបន្ទាប់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ប្រជាកសិករទាំងអស់ងាកមកដាំនូវពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ចំប៉ីស៧០ និងស្រង៉ែថ្មី ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារបច្ចុប្បន្ន និងមានតម្រូវការខ្ពស់សម្រាប់រោងម៉ាស៊ីនក្នុងស្រុក។សូមជម្រាបជូនថា បច្ចុប្បន្ននេះក្នុងឃុំកំពង់គោមានកសិករដាំស្រូវចំនួន ៤០០គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០ ០០០ហិកតា កំពុងពិចារណា និងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច និងទទួលបានផលប្រយោជន៍រួមគ្នា៕

មន្រ្តីបច្ចេកទេសកសិកម្មឃុំនៅខេត្តកំពង់ចាម ចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ការដាំដំណាំស្រូវ​ជាក្រុម​​ដល់ពលរដ្ឋ

2025/01/29 11:50:51 am        192
មន្រ្តីបច្ចេកទេសកសិកម្មឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សប្តាហ៍ទៅ៤ ខែមករា ឆ្នាំ២០២៥នេះ បានបន្តអនុវត្តសកម្មភាព ចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ការដាំដំណាំស្រូវជាក្រុមដល់ពលរដ្ឋ និងសម្របសម្រួលជួយដល់ការលក់ដូរស្រូវរបស់ប្រជាពលរដ្ឋនៅតាមរោងម៉ាស៊ីនកិនស្រូវផងដែរ។ក្នុងនោះ មន្រ្តីបច្ចេកទេសកសិកម្មឃុំ បានសម្របសម្រួលស្រូវ ចំប៉ីស៧០ របស់កសិករ នៅភូមិព្រៃចារក្រៅ ប្រមាណ ១, ៨២២ គីឡូក្រាម តំលៃ ១០០០៛ លក់ដល់រោងម៉ាស៊ីនក្នុងភូមិព្រៃចារក្នុង។ បានចុះផ្សព្វផ្សាយ អំពីការដាំដំណាំស្រូវជាក្រុម ឬសមកាលកម្ម ដោយផ្ដោតលើ ការផលិតស្រូវ សែនក្រអូប និង ផ្ការំដួលនិងការផ្សព្វផ្សាយ អំពី សហគមន៍កសិកម្មទំនើប” និង ការ ពន្យល់អំពីចរន្តសេដ្ឋកិច្ចស្រូវ ប្រភេទ OM និង IR ដែលកំពុងមានការធា្លក់ចុះជាខ្លាំង ទីតាំងនៅភូមិព្នៅកើត ដោយមានកសិករចូលរួមសរុប ចំនួន ២៨រូប ក្នុងនោះកសិករបានយល់ដឹង អំពីអត្ថប្រយោជន៍នៃការការផលិតស្រូវជាក្រុម និងមានកសិករ ប្រមាណ ២០រូបចាប់ អារម្មណ៍ដាំស្រូវ សែនក្រអូប ។ សម្របសម្រួលស្រូវពូជ សែនក្រអូប ជូនកសិករនៅភូមិព្រៃចារក្រៅ ចំនួន១២០គីឡូក្រាម ដោយគាត់ដាំសម្រាំងទុកធ្វើពូជសម្រាប់រដូវវស្សា។ សម្របសម្រួល ជីគីមីសរីរាង្គជូនកសិករនៅភូមិព្រៃចារក្នុង គាត់មកយកប្រើវគ្គផ្ដាច់ដោយសារ គាត់បានប្រើ ជីគីមីសរីរាង្គវគ្គមួយរួចម្ដងហើយ ឃើញថាគុណភាពល្អ អាចទទួលយកបាន។ មន្រ្តីបច្ចេកទេសកសិកម្មឃុំ ក៏បានចុះផ្សព្វផ្សាយ អំពីការដាំដំណាំស្រូវជាក្រុម ឬសមកាលកម្មដោយផ្ដោតលើ ការផលិតស្រូវ សែនក្រអូប និង ផ្ការំដួលនិងការផ្សព្វផ្សាយ អំពី សហគមន៍កសិកម្មទំនើប” និង ការចងក្រង ក្រុមកសិករប្រើប្រាស់ទឹក នៅភូមិព្នៅលិច ឃុំព្រៃចារ ដោយមានកសិករចូលរួមសរុប ចំនួន ៣៥រូប ក្នុងនោះកសិករបានយល់ អំពីអត្ថប្រយោជន៍នៃការផលិតស្រូវជាក្រុម និងមានកសិករ ប្រមាណ ៥រូបចាប់ អារម្មណ៍ដាំដុះស្រូវសែនក្រអូបផងដែរ៕

មន្រ្ដីបច្ចេកទេសកសិកម្មឃុំ ចុះពិនិត្យការដាំដុះតាមវាលស្រែប្រាំងរបស់ពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ

2025/01/29 11:33:41 am        172
ឧត្តរមានជ័យ៖ មន្រ្តីបច្ចេកទេសកសិកម្មឃុំចុងកាល់ មន្រ្តីបច្ចេកទេសកសិកម្មឃុំក្រសាំង មន្រ្តីបច្ចេកទេសឃុំជើងទៀន សប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យការដាំដុះដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅតាមវាលស្រែ ចៀសវាងបញ្ហានានាដែលកើតមានឡើងលើការដាំដុះ។ ក្នុងនោះ ១.មន្ត្រីកសិកម្មឃុំចុងកាល់បានចុះអនុវត្តន៍ ពិនិត្យស្រែមានបញ្ហាបាក់តេរីស្លឹក លើដំណាំស្រូវ ដោយបានពន្យល់ណែនាំពីវិធានការការពារ និងព្យាបាល បញ្ហាបាក់តេរីស្លឹកលើស្រែប្រាំង បានណែនាំពីគោលការណ៍ស្រែល្អដល់កសិករ បានណែនាំពីការប្រើប្រាស់ជីសរីរាង្គ។២.សកម្មភាពមន្ត្រីកសិកម្មឃុំក្រសាំង ស្រុកចុងកាល់បានចុះជួបកសិករ តាមដានពីការដាំដុះស្រូវប្រាំងរបស់កសិករ និងបានសម្របសម្រួលជីសរីរាង្គដល់កសិករ។ ៣. មន្ត្រីកសិកម្មឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានចុះជួបកសិករចំនួន ៤គ្រួសារ ដើម្បីពិនិត្យតាមដានការដាំដុះដំណាំស្រូវ និងប្រឹក្សាពីបច្ចេកទេសកសិកម្មជូនកសិករ៖-ចូលរួមការប្រជុំតាមប្រព័ន្ធអនឡាញ ស្ដីពីបញ្ជីរសំនួរ ប្រមូលទិន្នន័យកសិករធ្វើស្រែប្រាំង  -បានវិភាគសេដ្ឋកិច្ចការដាំដុះស្រូវវស្សា ដោយប្រើប្រាស់ពូជសុទ្ធ ជាមួយកសិករ-បានសម្របសម្រួលជីសរីរាង្គដល់កសិករសាកល្បង -បានផ្សព្វផ្សាយពូជសុទ្ធផ្ការំដួលដល់កសិករ -បានពន្យល់កសិករ អំពីមូលហេតុនៃការប្រែប្រួលតម្លៃស្រូវនាំចូល និងស្រូវក្នុងស្រុកដល់កសិករ៕

ស្រូវប្រជាកសិករក្នុងស្រុកបាទីជាង ៤ពាន់ហិកតាត្រូវបានសង្គ្រោះពីការខ្វះខាតទឹក

2025/01/29 10:53:57 am        169
តាកែវ៖ រហូតមកដល់ពេលនេះដំណាំស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំចំនួន ៩ ស្ថិតនៅ បាទី ខេត្តតាកែវ ត្រូវបានសង្គ្រោះបានទាន់ពេលវេលាបន្ទាប់ពីមានការអន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងទេសរដ្ឋមន្ត្រី គន់ គីម បានចុះជួបបងប្អូនប្រជាកសិករ និងបានរកដំណោះស្រាយដោយការរកប្រភពទឹកជូនបងប្អូនកសិករកាលពីពេលថ្មីៗនេះ។លោក ភួន ឈីម អភិបាលស្រុកបាទីបានថ្លែងឲ្យដឹងថាស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករជាង៤ពាន់ហិកតាត្រូវបានសង្គ្រោះបានទាន់ពេលវេលាមិនមានបងប្អូនប្រជាកសិករណាម្នាក់អះអាងថាស្រូវរបស់ខ្លួនរងផលប៉ះពាល់ឬខូខខាតនោះទេ ព្រោះប្រភពទឹកត្រូវបានថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងក្រសួងកសិកម្មជួយអន្តរាគមន៍បូមបញ្ចូលប្រឡាយហនុមានពេញដែលនាំឲ្យបងប្អូនប្រជាកសិករអាចបូមបញ្ចូលស្រែសង្គ្រោះស្រូវរបស់ខ្លួនបានទាន់ពេលវេលា។លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះបងប្អូនប្រជាកសិករបាននាំគ្នាយកម៉ាស៊ីនបូមទឹករាប់រយគ្រឿងបូមទឹកបញ្ចូលស្រែសង្រ្គោះស្រូវរបស់ខ្លួន ខណៈពេលដែលប្រឡាយមានទឹកពេញមិនបារម្ភពីការខ្វះខាតទឹកនោះទេ ដោយតែក្រសួងធនធានទឹកបានបើកទ្វាទឹកពីខេត្តកំពង់ស្ពឺមកចូលអាងទន្លេបាទី ហើយទឹកបានហូចូលប្រឡាយដោយមិនបាច់បូមចូលប្រឡាយទៀតដូចមុនទេ។លោកប្រធានមន្ទីរកសិកម្មខេត្តតាកែវបានថ្លែងបន្តថា រហូតមកដល់ពេលនេះមន្ទីរកសិកម្មខេត្តមិនទទួលបានពត៌មានថាមានការខូចខាតដំណាំស្រូវរបស់ប្រជាកសិករនោះទេ តែផ្ទុយទៅវិញយើងទទួលព័ត៌មានពីបងប្អូនប្រជាកសិករថាស្រូវពួកគាត់ទាំងជាង៤ពាន់ហិកតាត្រូវបានសង្រ្គោះ។គួបញ្ជាក់ថា បន្ទាប់ពីដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងស្រុកបាទីជាង៤ពាន់ហិកតារងផលប៉ះពាល់ដោយសារខ្វះខាតទឹក រដ្ឋមន្រ្តីក្រសួងធនធានទឹកឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា រួមនិងឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានចុះទៅជួបបងប្អូនប្រជាកសិករដល់ដល់ទីតាំងក្នុងស្រុកបាទី និងបានជួយអន្តរាគមន៍ស្វែងរកប្រភពទឹកពីខេត្តកំពង់ស្ពឺចូលមកអាងទន្លេបាទីនិងបន្តមកចូលប្រឡាយហនុមាណប្រវែងជាង១៨គីឡូម៉ែត្រដើម្បីសង្រ្គោះស្រូវកសិករបានទាន់ពេលវេលា៕

រដ្ឋមន្ត្រីកសិកម្មជួបសំណេះសំណាលជាមួយកសិករផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែរបស់ពលរដ្ឋប្រមាណ២០០គ្រួសារ ក្នុងស្រុកមង្គលបូរី

2025/01/29 10:39:07 am        146
បន្ទាយមានជ័យ៖ កាលពីនារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំតំណាងសហគមន៍ និងប្រជាកសិករប្រមាណ ២០០គ្រួសារមកពីឃុំចំនួន៤ រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណើររបស់តំណាងសហគមន៍ និងប្រជាកសិករក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព តាមរយៈការស្តារប្រឡាយចាស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្មតាមរយៈមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ត្រូវមានការកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មាន ចែករំលែកបន្ត និងផ្សព្វផ្សាយទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ។ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តបេសកកម្មជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជំនាញ ប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហការី ដើម្បីសិក្សាពីផែនទីដែលត្រូវត្រៀមស្តារប្រឡាយចាស់ សរុបប្រវែង ៤០គីឡូម៉ែត ដើម្បីត្រង់យកទឹកភ្លៀងសម្រាប់ជួយស្តុកទុកទឹកស្រោចស្រពស្រូវ ជូនប្រជាកសិករនៅរដូវប្រាំងប្រមាណ ១ម៉ឺនហិកតា ឱ្យបានគ្រប់គ្រាន់តាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅខេត្តស្វាយរៀង
08/24/2025 08:08 PM
ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញយានដ្រូនអ៊ុយក្រែនជាង ៩០គ្រឿង កាលពីយប់ថ្ងៃសៅរ៍
08/24/2025 06:08 PM
រុស្ស៊ី គ្រោងជួលជនជាតិឥណ្ឌាមកបម្រើការ នៅក្នុងវិស័យគ្រឿងយន្ត និងគ្រឿងអេឡិចត្រូនិច
08/24/2025 06:08 PM
ជនជាតិឃើដនៅប្រទេសស៊ីរី និយាយថា ដំណើរការជ្រើសរើសសមាជិកសភា គឺពុំមានលក្ខណៈប្រជាធិបតេយ្យ
08/24/2025 05:08 PM
គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល
08/24/2025 05:08 PM
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
08/24/2025 05:08 PM
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋ និងកុមារភៀសសឹក នៅខេត្តឧត្តរមានជ័យ
08/24/2025 05:08 PM
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានសហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ
08/24/2025 05:08 PM
ខេត្តជាប់សមុទ្រនៃប្រទេសចិនខាងត្បូង កំពុងចាត់វិធានការទប់ស្កាត់ផលប៉ះពាល់ពីព្យុះទីហ្វុង Kajiki
08/24/2025 05:08 PM
អ៊ុយក្រែន ប្រារព្ធទិវាឯករាជ្យ ជាមួយនឹងការវាយប្រហារដោយយានដ្រូន ទៅលើប្រទេសរុស្ស៊ី
08/24/2025 05:08 PM