ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះជួបសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ
ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

ស្រូវប្រាំងជាង ១០០០ហិកតា នៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ត្រូវបានអាជ្ញាធរជួយសង្គ្រោះ

2025/02/05 10:12:48 am        84
សៀមរាប៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្រូវប្រាំងរបស់ប្រជាកសិករជាង ១០០០ហិកតា ក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្ដ ធ្វើការចុះទៅបើកទឹកស្ទឹងសៀមរាប ដើម្បីជួយសង្គ្រោះបន្ទាប់មានការណែនាំពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ដែលបានជំរុញឱ្យអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមមន្ទីរជំនាញ អាជ្ញារធរស្រុក និងក្រុមការងារជំនាញផងដែរ។ការជួយសង្គ្រោះស្រូវប្រាំងនេះ តាមការរាយការណ៍ពីប្រជាកសិករថា ស្រូវស្រែប្រាំងរបស់ពួកគាត់នាឆ្នាំនេះ ប្រឈមនឹងស្វិតស្រពោន ហើយអាចបាត់បង់ទិន្នផលបើសិនជាគ្មានទឹកគ្រប់គ្រាន់។ ពួកគាត់ថា ការកង្វះទឹកធ្វើស្រែឆ្នាំនេះ ដោយសារស្ថានភាពទឹកទន្លេតិច ហើយទឹកស្ទឹងសៀមរាប ដែលជាប្រភពទឹកហូរធ្លាក់ចូលស្រែជារៀងរាល់ឆ្នាំក៏មានការខ្វះខាត ខណៈដែលស្ទឹងសៀមរាប កំពុងកែលម្អផង។ ប៉ុន្ដែមកដល់ថ្ងៃនេះ អាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបើកទឹកស្ទឹងសៀមរាប បូមដាក់ស្រែទៅតាមតម្រូវការជាបណ្ដើរៗហើយ។ ជាមួយគ្នានេះ ប្រជាកសិករក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលផ្ដល់ទឹកជួយសង្គ្រោះស្រូវរបស់គាត់បានចំពេល និងទាន់ពេលវេលា ដែលនេះបង្ហាញពីការយកចិត្ដទុកដាក់ដល់សុខទុក្ខរបស់ប្រជាកសិករពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាថ្នាក់។លោក អុឹង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការជួយសង្គ្រោះដំណាំស្រូវរបស់ពលរដ្ឋឱ្យអស់ពីលទ្ធភាព។ តែទោះយ៉ាងនេះក្តី ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានទទូចសុំដល់ពលរដ្ឋកុំធ្វើស្រែប្រាំងជាលើកទី២ ព្រោះស្ថានភាពទឹកមិនអំណោយផលនោះទេសម្រាប់ឆ្នាំនេះ៕

កម្ពុជានឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន១២ មានទុនសរុប ១៣៥ លានដុល្លារអាមេរិក

2025/02/04 02:58:39 pm        219
កម្ពុជានឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន១២ បន្ថែមទៀត ដែលមានទុនវិនិយោគសរុបប្រមាណ ១៣៥ លានដុល្លារអាមេរិក ដោយគ្រោងវិនិយោគនៅលើវិស័យឧស្សាហកម្ម និងគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ចំនួនប្រមាណ ១២ គម្រោង ដែលបានកំពុងស្នើរចុះបញ្ជី ដើម្បីបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។គម្រោងវិនិយោគទាំង១២នេះ មានទុនវិនិយោគសរុបប្រមាណ ១៣៥ លានដុល្លារអាមេរិក, អាចបង្កើតការងារបានចំនួន ប្រមាណ ៧ ពាន់កន្លែង ក្នុងនោះគម្រោងវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម មានចំនួន ១១ គម្រោងដូចជា៖ (ឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់ និងជ្រលក់ពណ៌) និងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១ គឺគម្រោង អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ មានអានុភាព ៣០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគ នៅខេត្ត កំពង់ស្ពឺ, ខេត្តតាកែវ, កណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប មានចំនួន ៤១៤ មានទំហំទុនវិនិយោគប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ប្រមាណជិត ៣២ ម៉ឺនកន្លែង៕អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ បូកសរុបការប្រមូលចំណូលឆ្នាំ២០២៤ និងការដាក់ចេញទិសដៅបន្ត

2025/02/04 11:15:31 am        322
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤ និងការដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីជំរុញការប្រមូលចំណូលនៅក្នុងឆ្នាំ២០២៥នេះ ឱ្យសម្រេចតាម ផែនការរបស់ខ្លួន។អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ៣ ខែ កុម្ភៈ ម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូល ចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ ២០២៤ ដោយក្នុងកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញនូវចំណូលពន្ធអាករគ្រប់ ប្រភេទរបស់ខ្លួន ដែលបានអនុវត្តការប្រមូលចំណូលពន្ធពេញរយៈពេលមួយឆ្នាំ និងការដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ដើម្បី ជំរុញការប្រមូលចំណូលពន្ធគ្រប់ប្រភេទ នៅក្នុងឆ្នាំ ២០២៥ នេះ ឱ្យសម្រេចតាមផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៥។ជុំវិញកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធនេះ មានការអញ្ជើញជាអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា, ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ, លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងវត្តមានចូលរួម ពីឯកឧត្តម លោកជំទាវ និងមន្ត្រីពាក់ព័ន្ធក្រោមចំណុះរបស់ អគ្គនាយកដ្ឋានពន្ធដារជាច្រើនរូប។សូមបញ្ជាក់ថា សម្រាប់ការប្រមូលចំណូលពន្ធក្នុងឆ្នាំនេះវិញ, បើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកំណត់ការប្រមូលចំណូលចរន្តថ្នាក់ជាតិ ត្រូវសម្រេចឱ្យបានក្នុងរង្វង់ជិត ២៨ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ១៣ ភាគរយ នៃ ផ.ស.ស. ថយចុះជាង ៣ ភាគរយ បើធៀបឆ្នាំ ២០២៤ ក្នុងនោះចំណូលសារពើពន្ធត្រូវសម្រេចឱ្យបានជាង ២៤ ពាន់ ប៊ីលានរៀល ត្រូវជាង ១១ ភាគរយ នៃ ផ.ស.ស. ថយចុះជាង ៦ ភាគរយ បើធៀបនិងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ដោយចំណូល ពន្ធដារត្រូវគ្រោងចំនួនជាង ១៤ ពាន់ប៊ីលានរៀល ត្រូវជាង ៦,៧២ ភាគរយ នៃ ផ.ស.ស. ថយចុះ ៤ ភាគរយ ខណៈចំណូលពន្ធនិង អាករគយ ត្រូវបានគ្រោងជាង ១០ ពាន់ប៊ីលានរៀល ត្រូវប្រមាណ ៤,៨៥ ភាគរយ នៃ ផ.ស.ស ថយចុះ ៨,៧ ភាគរយ បើធៀបនិង ច្បាប់ឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគលើវិស័យកសិកម្ម ផលិតធាតុចូលកសិកម្មជួយកាត់បន្ថយថ្លៃដើមរបស់កសិករ

2025/02/03 02:13:02 pm        128
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ថ្នាក់ដឹកនាំ និងក្រុមការងារ (ACIAR) ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន និងធ្យូងជីវៈ ជាដើមដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចកាត់បន្ថយថ្លៃដើមផលិត ផលិតតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ហើយ (ACIAR) អាចពិនិត្យលទ្ធភាពចូលរួមក្នុងការវិនិយោគលើកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ប្រជាកសិករ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្សាភ្ជាប់គម្រោងនានាជួយដល់សហគមន៍កសិកម្មទំនើបនេះផងដែរ។បើតាម ឯកឧត្តមរដ្ឋមន្ដ្រី កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់។ពាក់ព័ន្ធនឹងការងារគម្រោង ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) បន្តកិច្ចសហប្រតិបត្តិការឱ្យតែល្អបន្ថែមទៀតជាមួយក្រសួងកសិកម្ម សំដៅផ្តល់ផលប្រយោជន៍ និងផលចំនេញសេដ្ឋកិច្ចដល់ប្រជាកសិករ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

កសិករស្រុកស្អាងអរគុណរាជរដ្ឋាភិបាលអនុវត្តគម្រោងស្តារប្រព័ន្ធធារាសាស្ត្រផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែ

2025/02/03 01:53:41 pm        127
បណ្តាប្រជាកសិករ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានសម្តែង​ការអរគុណ​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី ដែលបានអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រ​គ្រប់ជ្រុងជ្រោយ(Completed Irrigation System) បានផ្តល់ទឹកគ្រប់គ្រាន់​ដល់​កសិករ​អាច​ធ្វើ​ស្រែបាន២​ទៅ​បីដងក្នុងមួយឆ្នាំៗ។បណ្តាប្រជាសហគមកសិករ ឃុំព្រែកអំបិល ថ្លែងប្រាប់BTV នៅថ្ងៃទី៣ ខែកុម្ភៈនេះថា គ្រប់ដី​ស្រែ​កសិករដែលកំពុងអាស្រ័យផលទឹកពីគម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុង​ជ្រោយរបស់​រាជ​រដ្ឋាភិបាល​​នេះ បើមិនមានទឹកជនទន្លេជនលិចនៅក្នុងរដូវទឹកដំឡើងនោះទេ គឺគ្រប់​កសិករ​ទាំង​អស់ មានទឹកគ្រប់គ្រាន់ ហើយអាចធ្វើស្រែបានចំនួនបីដងក្នុងមួយឆ្នាំៗ។បើតាមប្រធានសហគមន៍គ្រប់គ្រងទឹក ទំនប់ចារ លោក ណេង លាង ថ្លែងថា បច្ចុប្បន្ន គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System)នៅព្រែកគ្រួសនេះ គឺមាន​ស្ថានីយបូមទឹកដើរកម្លាំងអគ្គិសនីចំនួន២កន្លែង ហើយផ្តល់ទឹកជូនកសិករនៅក្នុងស្រុកស្អាង នៅ​ក្នុង​ខេត្ត​កណ្តាល នៅក្នុងតំបន់ដីខ្លះៗនៅក្នុងស្រុកព្រៃកប្បាស និងស្រុកបាទីខេត្តតាកែវ ។សូមបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោមជំនួយកិច្ចសហប្រតិបត្តិការ​រាជ​រដ្ឋាភិបាល​កម្ពុជា និងរាជរដ្ឋាភិបាលអូស្ត្រាលីនេះ ត្រូវបានអនុវត្តនៅខេត្តចំនួន ៣ រួមមាន៖ ១/ខេត្តកណ្តាល មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ២ប្រព័ន្ធ គឺប្រព័ន្ធសំបួរ និង​ចារ​២ ​ដែលមានផ្ទៃដីសរុបប្រមាណ ១ម៉ឺនហិចតា។ ទី៣/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និង​ស្ថានីយ​បូម​ទឹកចំនួន ៥ប្រព័ន្ធ រួមមាន៖ ប្រព័ន្ធវត្តថ្មី ប្រព័ន្ធវត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង និង​ប្រព័ន្ធចារ ១, ទី៣/ ខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធ​អង្គរអង្គ អន្លុងរាជ ពាមរ តាហែល និងដីក្រហម។ គម្រោងនេះ មានគោលបំណងធានាផ្តល់ទឹកគ្រប់គ្រាន់ ជំរុញប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ខ្វះខា​ត​ទឹកប្រើប្រាស់ឡើយ៕ អត្ថបទ ស៊ុម សុខជា

វិស័យឯកជន៖ វិស័យកសិកម្មនៅកម្ពុជានឹងមានសម្ទុះកាន់តែខ្លាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

2025/02/03 01:35:59 pm        153
អ្នកជំនាញក្នុងវិស័យកសិកម្ម រំពឹងថា វិស័យកសិកម្មនៅកម្ពុជា នឹងមានសម្ទុះរីកចម្រើនកាន់តែខ្លាំងក្លា គាំទ្រដោយការដាំដុះ និងការចិញ្ចឹមសត្វ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានអន្តរាគមន៍ និងការស្រូបយកវិនិយោគិនមកបណ្តាក់ទុន នៅលើវិស័យទាំង នេះជាបន្តបន្ទាប់ ។ លោក ចាវ ប៉េងណាំ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ អំពីការរីកលូតលាស់ក្នុង វិស័យកសិកម្មនៅកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្មនេះ ក្រោមការគិតគូរយកចិត្តទុកដាក់ និងការអនុវត្តនូវវិធានការអន្តរាគមន៍ របស់រាជរដ្ឋាភិបាល និងការគាំឬទ្រពីដៃគូអភិវឌ្ឍន៍នានា បានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនដូចជា ការគាំទ្រផ្នែកហិរញ្ញប្បទាន ការស្វែងរកទីផ្សារ តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ដោយបាននិងកំពុងធ្វើឱ្យផ្នែកជាច្រើននៅក្នុងវិស័យកសិកម្ម មានសម្ទុះរីកចម្រើនគួកត់សម្គាល់។ជាក់ស្តែងជុំវិញដាំដុះ, លោក បន្តលើកឡើងថា ក្នុងនាមរូបលោកជាអ្នកជំនាញបច្ចេកទេសលើការដំាដុះ បច្ចុប្បន្នឃើញថា កសិករដែលជាអ្នកដាំដុះតាមទម្លាប់ បានកំពុងងាកទៅរកការដាំដុះតាមបច្ចេកទេស ជាពិសេសកសិករបានកំពុងរួមគ្នា ចងក្រងជា សហគមន៍អ្នកដាំដុះ ដែលការបង្កើតជាសហគមន៍នេះ នឹងផ្តល់ឱកាសដល់កសិករជាច្រើនដូចជា៖ ការចែករំលែកចំណេះដឹង ការស្វែង រកទីផ្សារជាដើម, ហើយអ្វីដែលពិសេសជាងនេះទៅទៀត ការធ្វើកសិកម្ម, ប្រសិនកសិករចេះកែច្នៃគាំទ្រដល់ការដាំដុះដូចជា៖ ការចេះ ផលិតជី ផលិតថ្នាំផ្សេងៗ និងចេះផលិតចំណីសត្វជាដើម នឹងធ្វើឱ្យកសិករកាត់បន្ថយចំណាយថ្លៃដើមជាច្រើន នឹងអាចឈានទៅ ប្រកួតប្រជែងកសិផលរបស់ខ្លួនលើទីផ្សារកាន់តែប្រសើរ។ចំណែកការចិញ្ចឹមសត្វវិញ, លោក ស្រ៊ុន ពៅ ដែលជាប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ក៏បានលើកឡើងថា ចំពោះការ ចិញ្ចឹមសត្វបច្ចុប្បន្នឃើញថា ការចិញ្ចឹមមាន់ ទា ជាពិសេសការចិញ្ចឹមជ្រូកនៅកម្ពុជា បានកំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមជ្រូក ពីការ ចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅជាកសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប ប្រកបដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់ បច្ចុប្បន្នការចិញ្ចឹមបែបនេះបានកើតឡើងជាច្រើន។ នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា នៃការឈានទៅ ប្រកួតប្រជែងជំរុញការនាំចេញ និងការផ្គត់ផ្គង់ក្នុងស្រុក ដែលមានស្តង់ដារអនាម័យខ្ពស់។សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនៅក្នុងឆ្នាំ ២០២៥ នេះ, រាជរដ្ឋាភិបាលកម្ពុជារំពឹងថា នឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់ ១,១% ដោយសារការរំពឹងទុកនៃកំណើនល្អលើអនុវិស័យដាំដុះ និងការចិញ្ចឹមសត្វ និងការងើបឡើងវិញនៃអនុវិស័យទេសាទជាដើម។ ចំណែកអនុវិស័យដាំដុះ ត្រូវបានរំពឹងថា រក្សាបានកំណើនល្អ ដោយសារការបន្តងើបឡើងនៃអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក នៅលើ ការកែច្នៃផលិតកម្មកសិកម្ម ការបង្កើនវិនិយោគសាធារណៈ និងការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដូចជា៖ ការផ្តល់ហិរញ្ញប្បទាន សម្បទាន ដើម្បីជំរុញផលិតកម្មក្នុងស្រុកជាដើម។ ចំណែកអនុវិស័យចិញ្ចឹមសត្វវិញ ត្រូវបានព្យាករថា នឹងងើបឡើងផងដែរ ដោយសារ ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើការនាំចូលសាច់បង្កក នេះជាការលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ ចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងនាំចេញជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អូស្ត្រាលី និង យូអិនឌីភី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទាន ដើម្បីគាំទ្រកម្ពុជាឆ្ពោះទៅ​រកការគ្មានមីន​នៅឆ្នាំ២០៣០

2025/01/31 01:30:44 pm        97
នៅថ្ងៃទី៣០ ខែមករានេះ រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមថវិកាជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីនកម្ពុជា (CMAA) និង យូអិនឌីភី។ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅការិយាល័យអាជ្ញាធរមីនកម្ពុជា (CMAA) នៅភ្នំពេញ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា រួមជាមួយ ឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី អាលីហ្សា ឆាកឃឺ តំណាងយូអិនឌីភី ប្រចាំនៅកម្ពុជា។ឯកឧត្តមបណ្ឌិត លី ធុជ បានមានប្រសាសន៍ថា អូស្ត្រាលី និង យូអិនឌីភី គឺជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជា ដោយអូស្ត្រាលីបានផ្តល់ជំនួយជាង ១០០ លានដុល្លារអូស្ត្រាលី ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយក្នុងនោះ ជាង ៣៥ លានដុល្លារអាមេរិកបានផ្តល់ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា "ការគាំទ្រដ៏យូរអង្វែងរបស់ យូអិនឌីភី បានពង្រឹងវិស័យសកម្មភាពមីននៅកម្ពុជា បោសសម្អាតបានផ្ទៃដីទំហំ ៣៨៤ គីឡូម៉ែត្រក្រឡា និងប្រែក្លាយតំបន់គ្រោះថ្នាក់ទៅជាសហគមន៍ដែលរីកចម្រើន"។ឯកឧត្តមបណ្ឌិត លី ធុជ បានលើកសរសើរកងកម្លាំងបោសសម្អាតមីននៅកម្ពុជា ដែលភាពក្លាហាន និងការលះបង់របស់ពួកគេមានសារៈសំខាន់ក្នុងការធានាសុវត្ថិភាពដល់ប្រទេសជាតិ។ ឯកឧត្តមក៏បានស្វាគមន៍កិច្ចប្តេជ្ញាចិត្តជាថ្មីរបស់អូស្ត្រាលីក្នុងការផ្តល់ជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដើម្បីជំរុញបន្ថែមទៀតនូវចក្ខុវិស័យរួម របស់កម្ពុជាគ្មានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ឯកឧត្តម ដេរីក យីប បានមានប្រសាសន៍ថា “អូស្ត្រាលីគឺជាដៃគូដ៏យូរអង្វែង និងមានមោទនភាពរបស់កម្ពុជា ដែលគាំទ្រសកម្មភាពមីនតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ។ ចាប់ពីឆ្នាំ ២០០៦មក មូលដ្ឋានគ្រឹះនៃភាពជាដៃគូនេះគឺគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ គម្រោងនេះមិនត្រឹមតែបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្លាស់ប្តូរជីវិតមនុស្ស ដោយផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងធ្វើឱ្យផ្ទៃដីអាចប្រើប្រាស់បានយ៉ាងមានសុវត្ថិភាព ដើម្បីប្រជាជនកម្ពុជាកសាងអនាគតកាន់តែភ្លឺស្វាង»។លោកស្រី អាលីហ្សា ឆាកឃឺ មានប្រសាសន៍ថា “យូអិនឌីភី តែងតែផ្តល់តម្លៃដល់ភាពជាដៃគូយូរអង្វែងជាមួយអូស្ត្រាលី លើគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលមានគោលដៅសម្អាតដីដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីអោយប្រជាកសិករប្រើប្រាស់បានដោយសុវត្ថិភាព ក៏ដូចជាអប់រំដល់ប្រជាជនអំពីហានិភ័យ និងគាំទ្រជនរងគ្រោះអោយទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងកសាងជីវិតរបស់ពួកគេ។ យូអិនឌីភី នៅតែប្តេជ្ញាក្នុងរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបិទទំព័រភាពសោកសៅនៃសង្គ្រាម»។គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល - ដំណាក់កាលទី៤ (២០២០-២០២៥) ដែលផ្តល់មូលនិធិដោយប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ យូអិនឌីភី និងរាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែក្នុងការបោសសម្អាតមីន ការអប់រំអំពីហានិភ័យដោយសារមីន និងជំនួយជនរងគ្រោះ។ ចាប់តាំងពីឆ្នាំ ២០០៦មក គម្រោងនេះ បានជួយសម្អាតផ្ទៃដីជាង ៣៨៤ គីឡូម៉ែត្រការ៉េ (ប្រហែលជាង ១២% នៃសមិទ្ធិផលទាំងមូលនៃវិស័យនេះ) ដែលអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍក្នុងតំបន់ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,២ លាននាក់៕

ក្រុមការងារអន្តរាគមន៍ក្រសួងធនធានទឹកបន្តចុះបូមទឹកជួយសង្គ្រោះស្រូវប្រាំងកសិករជាង ១៦០០ ហិកតាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

2025/01/31 11:14:26 am        93
កំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានបន្តរាយការណ៍ពីវឌ្ឍនភាព នៃការបូមទឹក​ជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង នៃខេត្តកំពង់ធំ។ក្នុងកិច្ចអន្តរាគមន៍ ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៧គ្រឿងបូមទឹកពីប្រភពបឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ស្ទឹងសែន ស្ទឹងស្ទោង និងបូមបន្តចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវរដូវប្រាំងក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយចំនួន ១០០០ហិកតា ឃុំកំពង់ថ្ម ស្រុកសន្ទុក ១៦០ហិកតា ឃុំព្រៃគុយ ស្រុកកំពង់ស្វាយចំនួន ១២២ហិកតា និងឃុំបន្ទាយស្ទោង ស្រុកស្ទោងចំនួន ៣៨៥ហិកតា។ជាលទ្ធផល គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងក្នុងឃុំសាន់គបានចំនួន ៥០២ហិកតា ឃុំកំពង់ថ្មបាន ២០ហិកតា ឃុំព្រៃគុយបាន ១១ហិកតា និងឃុំបន្ទាយស្ទោងបាន ១៩០ហិកតា។សូមបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ កំពុងបន្តបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងភូមិសាស្ត្រឃុំខាងលើ ដោយការយកចិត្តទុកដាក់បំផុត៕

មន្រ្ដីក្រសួងធនធានទឹកបន្តចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង

2025/01/31 11:04:40 am        111
ស្ទឹងត្រែង៖ នៅថ្ងៃព្រហស្បតិ៍ ទីទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង និងសហការីបានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យនេះគឺដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់ទឹកសម្រាប់ប្រជាជនក្នុងការធ្វើកសិកម្មចម្រុះរួមមាន ការធ្វើស្រែប្រាំង និងដំណាំផ្សេងៗ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យទំនប់ទឹកអូរចាប ទំនប់ទឹកអូរពូក ទំនប់ទឹក ក២០ និងទំនប់ទឹកអូរខ្លី ដែលអាងទឹកទាំងនេះមានសមត្ថភាពស្តុកទឹកសរុបប្រមាណ ៥លានម៉ែត្រគូប និងជាប្រភពទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ១ ០០០ហិកតា។ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ខេត្តស្ទឹងត្រែងមានសណ្ឋានដីជាតំបន់ខ្ពង់រាប ហើយមានប្រជាកសិករបង្កបង្កើនផលស្រូវប្រាំងចំនួន ១៦ ហិកតា។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងទិសដៅសំខាន់ៗ ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា និងអាទិភាពគន្លឹះមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា និងបានពិនិត្យមើលគម្រោងអភិវឌ្ឍន៍បន្ថែម ដែលអាចជួយលើកកម្ពស់វិស័យធនធានទឹកនៅក្នុងស្រុកសេសាន នៅពេលអនាគត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការក៍បានណែនាំមន្ទីរត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារស្រោចស្រព និងត្រូវត្រៀមជានិច្ចសម្រាប់ធ្វើការអន្តរាគមន៍បន្ទាន់ក្នុងករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល៕

អ្នកជំនាញ៖ តម្លៃហាងឆេងមាសនឹងស្រុតចុះមកវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិននេះ

2025/01/30 03:52:13 pm        396
តម្លៃទីផ្សារហាងឆេងមាស នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន បានហក់ឡើងដល់ក្នុងរង្វង់ ២,៧៦៥ ដុល្លារ ក្នុងមួយអោន ដោយសារមានតម្រូវការមាសច្រើនក្នុងឱកាសនេះ ហើយមាសនឹងអាចបន្តចុះមកវិញ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីចិនត្រូវបានបញ្ចប់។លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីតម្លៃទីផ្សារហាងឆេងមាសជាសកល និងតម្លៃមាសក្នុងពេលបច្ចុប្បន្ន នេះថា តម្លៃទីផ្សារហាងឆេងមាសនាពេលកន្លងមក បាន ស្រុតចុះគួកត់សម្គាល់ បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បានប្រកាសកាត់អត្រាការប្រាក់ដុល្លារពី ៤.៧៥ ភាគរយ ទម្លាក់មក នៅត្រឹម ៤.៥០ ភាគរយ កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៤ ដែលការប្រកាសនេះ បានធ្វើឱ្យតម្លៃមាសធ្លាក់ចុះយ៉ាងខ្លាំង ដោយថ្ងៃខ្លះធ្លាក់ដល់ក្នុងរង្វង់ ប្រមាណជាង ៥០ ដុល្លារ ក្នុងមួយអោន។លោក បន្តថា ជុំវិញការធ្លាក់ចុះនេះមិនយូរប៉ុន្មាន ទីផ្សារហាងឆេងមាស ក៏បានបន្តងើបឡើងវិញបន្តិចម្តងៗ ដោយសារតម្រូវ មាសនៅក្នុងបុណ្យចូលឆ្នាំប្រពៃណីចិន បច្ចុប្បន្នមាសស្ថិតក្នុងរង្វង់ ២,៧៦៥ ដុល្លារ ក្នុងមួយអោន ហើយតម្លៃទីផ្សារនេះនឹងបន្តធ្លាក់ ចុះមកវិញ បន្ទាប់ពីមាសគ្មានតម្រូវការខ្លាំង ដោយរំពឹងថា អាចបន្តធ្លាក់ដល់ក្នុងរង្វង់ជាង ២,៧០០ ស្តើង នៅក្នុងមួយអោន ។លោក ឈា ឆាយហេង លើកឡើងបន្ថែមថា ជុំវិញតម្លៃហាងឆេងមាសឡើងឬចុះ វាគឺជាសារមួយបង្ហាញឱ្យពិភពលោកដឹង ក្នុងនោះ នៅពេលដែលហាងឆេងមាសកើនឡើងខ្លាំង គឺបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិ, ពេលដែលមានសង្គ្រាមតម្លៃហាង ឆេងមាសឡើងថ្លៃ, ពេលរីករាលដាលជំងឺកូវីដ-១៩ ក៏បានហក់ឡើង, ហើយវិបត្តិសេដ្ឋកិច្ចពិភពលោក ក៏តម្លៃហាងឆេងមាសឡើង។ ប៉ុន្តែប្រសិនតម្លៃហាងឆេងមាសបន្តធ្លាក់ថ្លៃ វាក៏ជាសារល្អបង្ហាញពិភពលោកឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបានងើបឡើង ល្អប្រសើរវិញ, តែចំណែកអ្នកអាជីវករ និងអ្នកវិនិយោគលើហាងឆេងមាស ប្រសិនដឹងអំពីទំនោរធ្លាក់ថ្លៃ ពួគគាត់គួរបញ្ចៀសនូវ ហានីភ័យ ដោយលក់នូវតម្លៃខ្ពស់ និងរង់ចាំទិញចូលនូវតម្លៃថោកមកវិញ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅខេត្តស្វាយរៀង
08/24/2025 08:08 PM
ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញយានដ្រូនអ៊ុយក្រែនជាង ៩០គ្រឿង កាលពីយប់ថ្ងៃសៅរ៍
08/24/2025 06:08 PM
រុស្ស៊ី គ្រោងជួលជនជាតិឥណ្ឌាមកបម្រើការ នៅក្នុងវិស័យគ្រឿងយន្ត និងគ្រឿងអេឡិចត្រូនិច
08/24/2025 06:08 PM
ជនជាតិឃើដនៅប្រទេសស៊ីរី និយាយថា ដំណើរការជ្រើសរើសសមាជិកសភា គឺពុំមានលក្ខណៈប្រជាធិបតេយ្យ
08/24/2025 05:08 PM
គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល
08/24/2025 05:08 PM
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
08/24/2025 05:08 PM
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋ និងកុមារភៀសសឹក នៅខេត្តឧត្តរមានជ័យ
08/24/2025 05:08 PM
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានសហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ
08/24/2025 05:08 PM
ខេត្តជាប់សមុទ្រនៃប្រទេសចិនខាងត្បូង កំពុងចាត់វិធានការទប់ស្កាត់ផលប៉ះពាល់ពីព្យុះទីហ្វុង Kajiki
08/24/2025 05:08 PM
អ៊ុយក្រែន ប្រារព្ធទិវាឯករាជ្យ ជាមួយនឹងការវាយប្រហារដោយយានដ្រូន ទៅលើប្រទេសរុស្ស៊ី
08/24/2025 05:08 PM