ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព
សហព័ន្ធស្រូវអង្ករកម្ពុជា៖ កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ
ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ
កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្ត្រីកសិកម្មជួបសំណេះសំណាលជាមួយកសិករផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែរបស់ពលរដ្ឋប្រមាណ២០០គ្រួសារ ក្នុងស្រុកមង្គលបូរី

2025/01/29 10:39:07 am        139
បន្ទាយមានជ័យ៖ កាលពីនារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំតំណាងសហគមន៍ និងប្រជាកសិករប្រមាណ ២០០គ្រួសារមកពីឃុំចំនួន៤ រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណើររបស់តំណាងសហគមន៍ និងប្រជាកសិករក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព តាមរយៈការស្តារប្រឡាយចាស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្មតាមរយៈមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ត្រូវមានការកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មាន ចែករំលែកបន្ត និងផ្សព្វផ្សាយទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ។ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តបេសកកម្មជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជំនាញ ប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហការី ដើម្បីសិក្សាពីផែនទីដែលត្រូវត្រៀមស្តារប្រឡាយចាស់ សរុបប្រវែង ៤០គីឡូម៉ែត ដើម្បីត្រង់យកទឹកភ្លៀងសម្រាប់ជួយស្តុកទុកទឹកស្រោចស្រពស្រូវ ជូនប្រជាកសិករនៅរដូវប្រាំងប្រមាណ ១ម៉ឺនហិកតា ឱ្យបានគ្រប់គ្រាន់តាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ឯកឧត្តម ឃឹម ហ្វីណង់៖ ប្រជាកសិករនៅស្រុកបារាយណ៍ខេត្តកំពង់ធំមានដីស្រែសរុប ៣១៥៨ ហិកតា បានស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបរួចហើយ

2025/01/29 10:16:51 am        170
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាមកដល់បច្ចុប្បន្នប្រជាកសិករនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ មានដីស្រែសរុប ៣១៥៨ ហិកតា បានស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបរួចហើយ។ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ឱ្យដឹងបែបនេះ បន្ទាប់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលជាមួយបងប្អូនកសិករនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានបំណងចង់ចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីផលិតស្រូវសែនក្រអូបតាមកិច្ចសន្យា។ឯកឧត្តម ហ្វីណង់ បានថ្លែងថា៖«បើតាមទិន្នន័យបឋម នៅតំបន់នេះមានបងប្អូនកសិករដែលមានដីស្រែសរុប ៣១៥៨ហិកតា បានចុះឈ្មោះស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបរួចហើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យចាប់ផ្តើមពីការប្រមូលយកកសិករមួយចំនួនដែលកំពុងផលិតពូជស្រូវសែនក្រអូបស្រាប់ នៅលើផ្ទៃដីប្រមាណជាង ៣០០ហិកតា ឱ្យចាប់ផ្តើមរួមគ្នាធ្វើជាសហគមន៍តូចសិន និងគ្រោងប្រមូលយកស្រូវទាំងនោះទៅសម្ងួតទុក និងបក់សម្រាំងតាមស្តង់ដា ដើម្បីរក្សាទុកជាស្រូវពូជសម្រាប់សហគមន៍ធំនារដូវបន្ទាប់»៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឡាវ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្ម​ចម្រុះកម្ពុជា-ឡាវ លើកទី២

2025/01/28 04:33:24 pm        255
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Malaithong KOMMASITH រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជាប់ព្រំដែនរបស់ភាគីទាំងពីរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពកិច្ចការពាណិជ្ជកម្ម កំណត់គោលដៅទំហំពាណិជ្ជកម្ម ស្វែងរកកាលានុវត្តភាពសំដៅបង្កើនទំហំពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគរបស់ប្រទេសទាំងពីរ និងបានពិភាក្សាលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖ (១) ការកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគី (២) កិច្ចសហប្រតិបត្តិការតំបន់ពាណិជ្ជកម្មសេរី (៣)ពនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី (៤) កិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តជាប់ព្រំដែន (៥) ការតាំងពិព័រណ៍/ពិព័រណ៍ពាណិជ្ជកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការវិនិយោគ (៦) ទេសចរណ៍ និងភស្តុភារកម្ម និង (៧) សភាពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាព្រឹកនេះ ក៏មានកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីឡាវដឹកនាំឯកឧត្តម Sayana SAYYAKONE អគ្គនាយកនៃនាយកដ្ឋានចចារពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ ដើម្បីពិនិត្យ និងពិភាក្សាលំអិតអំពីអាទិភាពការងារដែលនឹងត្រូវសហការអនុវត្តបន្តដើម្បីដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ៕

កម្ពុជានឹងអនុវត្តសកម្មភាពអាទិភាពមួយចំនួន ដើម្បីបន្តលើកកម្ពស់មីក្រូហិរញ្ញវត្ថុនៅកម្ពុជា

2025/01/28 04:10:28 pm        244
កម្ពុជានឹងពង្រឹងការផ្តល់ឥណទាន, ការធ្វើឱ្យប្រសើរឡើងនូវគោលការណ៍លើកទឹកចិត្ត, កិច្ចការពារផ្លូវច្បាប់, យន្តការការពារអ្នកប្រើ ប្រាស់ និងដោះស្រាយបណ្ដឹង, ប្រព័ន្ធអេកូឡូស៊ីទិន្នន័យ និងការរៀបចំឥណទានឡើងវិញ និងនវានុវត្តន៍សេវាធានារ៉ាប់រង ដើម្បីពង្រីក វិសាលភាពផ្នែកទាំងនេះឱ្យប្រសើរ។ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីបច្ចុប្បន្នភាពនៃដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន ២២ ដែល ត្រូវបានអនុម័តក្នុងកិច្ចសន្ទនាកម្រិតខ្ពស់លើកទី១ កាលពីឆ្នាំ២០២៤ កន្លងមក ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភ ចំពោះកំណើន យ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នា ជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុល លើសលប់ជាដើម ក្នុងដំណើរការពិគ្រោះយោបល់កាលពីឆ្នាំ២០២៣ ក្នុងគោលបំណងសម្របសម្រួល ឱ្យមានការចូលរួមពិភាក្សា ពីភាគីពាក់ព័ន្ធ ក្នុងន័យស្ថាបនា។ក្នុងចំណោមសកម្មភាពអាទិភាពចំនួន២២, សកម្មភាពអាទិភាពចំនួន៤ ត្រូវបានអនុវត្តបានទាំងស្រុង សកម្មភាពអាទិភាព ចំនួន១៥ កំពុងត្រូវបានអនុវត្ត និងសកម្មភាពអាទិភាពចំនួន៣ កំពុងត្រូវបានចាប់ផ្តើមអនុវត្ត។ ចំនុចសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្ត សកម្មភាពអាទិភាពរួមមាន៖ ការលើកកម្ពស់ស្តង់ដារ ក្នុងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដោយរួមបញ្ចូលទាំងការ ពង្រឹងការអនុវត្តក្រមប្រតិបត្តិ និងការប្រើប្រាស់ឧបករណ៍វាយតម្លៃ និងតាមដានសុខដុមនីយកម្មនៃកិច្ចការពារអតិថិជន និងមាន គោលការណ៍ជាច្រើនទៀតដែលត្រូវអនុវត្ត។ ចំណែកគោលការណ៍លើកទឹកចិត្តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះសូចនាករ សមិទ្ធកម្មគន្លឹះរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្រាប់វាយតម្លៃបុគ្គលិកកំពុងត្រូវបានពិនិត្យ និងកែសម្រួលឱ្យស្រប តាម គោលការណ៍ដែលមានចែងក្នុងក្រមប្រតិបត្តិ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដើម។ចំណែកកិច្ចការពារផ្លូវច្បាប់, សេចក្ដីថ្លែងការណ៍រួមត្រូវបានរៀបចំឡើង ដើម្បីពង្រឹងបទប្បញ្ញត្តិដែលមានស្រាប់ សម្រាប់ទប់ ស្កាត់ការប្រើប្រាស់មិនត្រឹមត្រូវ នូវឯកសារសម្គាល់អត្តសញ្ញាណដូចជា បណ្ណសមធម៌ អត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសារ ធ្វើជា ទ្រព្យធានាសម្រាប់ឥណទានគ្រប់រូបភាព។ ចំពោះយន្តការការពារអ្នកប្រើប្រាស់ ដោះស្រាយបណ្ដឹងវិញ, គំនិតផ្ដួចផ្ដើមដើម្បីពង្រឹង ការពារអ្នកប្រើប្រាស់ និងពង្រឹងយន្តការដោះស្រាយបណ្តឹងកំពុងត្រូវបានអនុវត្ត។ ចំពោះប្រព័ន្ធអេកូឡូស៊ីទិន្នន័យ និងការរៀបចំឥណទានឡើងវិញ, កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធចែករំលែក វិភាគ និង រាយការណ៍ទិន្នន័យ សម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ កំពុងត្រូវបានពិនិត្យ ដោយត្រូវអនុវត្ត តាមវិធាននិងគោលការណ៍មួយចំនួន ខណៈដែលនវានុវត្តន៍សេវាធានារ៉ាប់រង នឹងអនុវត្តកម្មវិធីសាកល្បង ពាក់ព័ន្ធនឹងការធានារ៉ាប់រង ដំណាំក្រោមសហគមន៍កសិកម្មទំនើប ដោយមានការគាំទ្រពីវិស័យឯកជន។ ការសិក្សាបន្ថែមត្រូវបានរៀបចំឡើង ដើម្បីស្វែងរកគំរូ ធានារ៉ាប់រងដ៏ល្អប្រសើរ សម្រាប់ពង្រីកវិសាលភាពនៃគំនិតផ្ដួចផ្ដើមនេះ។ បន្ថែមពីនេះ ការពង្រឹងការសម្របសម្រួល និងការគាំទ្រផ្នែក ហិរញ្ញវត្ថុជាកត្តាចាំបាច់ ដើម្បីផ្ដល់សិទ្ធិដល់សហគមន៍កសិកម្មទំនើប សម្រាប់លទ្ធភាពចូលទីផ្សារ និងឱកាសទទួល បានឥណទាន សម្រាប់សហគមន៍ជនជាតិដើមភាគតិច។ សូមបញ្ជាក់ថា វឌ្ឍនភាពនៃការអនុវត្តសកម្មភាពអាទិភាព នឹងត្រូវបានបន្តការពិនិត្យ និង តាមដាន ហើយកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធបន្ទាប់ គ្រោងនឹងរៀបចំឡើងក្នុងខែ សីហា ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អាជ្ញាធរ​ខេត្តកំពង់ចាម​ និងខេត្តព្រៃវែង បន្តចុះអន្តរាគមន៍បូមទឹកទាំងយប់​ ដើម្បីជួយសង្គ្រោះស្រូវប្រាំង

2025/01/28 11:20:18 am        162
អាជ្ញាធរ​ខេត្តព្រៃវែង និងអាជ្ញាធរខេត្តកំពង់ចាម បានសហការគ្នាបន្តចុះអន្តរាគមន៍បូមទឹក​ ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​របស់ប្រជាកសិករពីស្ថានីយ៍បូមទឹកទី១ គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោច​ស្រព​វៃកូ​ ជំហាន២ ដែលស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បី​ស្រោច​ស្រព​ដំណាំ​ស្រូវ​របស់ប្រជាកសិករក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ នៅរសៀល​ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង​ ដឹក​នាំ​មន្ត្រី​ជំនាញ​ សហការ​ជាមួយអាជ្ញាធរ​ខេត្តកំពង់ចាម​ ចុះពិនិត្យ​តាមប្រព័ន្ធ​ស្រោច​ស្រព​ដែល​ចាក់​ភ្ជាប់​ពី​ទន្លេតូច​ ក្នុងស្រុកកោះសូទិន​ឆ្ពោះទៅខេត្តព្រៃវែង​។ បើតាមការបញ្ជាក់​មន្ត្រី​នៃ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយមខេត្តព្រៃវែង បានឲ្យដឹងថា ការជួយសង្រ្គោះ​ស្រូវ​ប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹងបញ្ហាខ្វះខាតទឹកស្រោចស្រពនៅពេលនេះ​ មានចំនួន៨,៨៩១ហិកតា ស្មើ​នឹង​ស្រុក​ចំនួ​ន៣ ក្នុងមានស្រុកស្វាយអន្ទរ មានចំនួន៤ឃុំ ស្រុកកំចាយមារ មានចំនួន ៤ឃុំ និង​ស្រុក​មេសាង មានចំនួន៨ ឃុំ ក្នុងខេត្តព្រៃវែង។ សូមបញ្ជាក់ថាការបន្តចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនេះ អាជ្ញាធរ​ខេត្ត​កំពង់ចាម​ បានចាប់ផ្ដើមបើកទ្វារទឹក​ និងបូមទឹករហូតមក​ អាជ្ញាធរ​ខេត្តទាំងពីរ​នៅ​តែ​បន្ត​រក​វិធី​សាស្ត្រ​ មធ្យោបាយ​បូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋជាបន្តទៀត ធ្វើយ៉ាងណា​ដើម្បី​ជួយ​សង្គ្រោះ​ស្រូវប្រាំង៕

ក្រុមហ៊ុនក្រៅស្រុកមួយ គ្រោងបង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ផ្គត់ផ្គង់ចូលទីផ្សារក្នុងតំបន់

2025/01/28 10:05:51 am        140
ក្រុមហ៊ុនកែច្នៃចំណីអាហាររបស់ប្រទេសប៉ូឡូញ បង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា នឹងពន្លឿនផែនការវិនិយោគនេះលេចចេញជារូបរាងក្នុងពេលឆាប់រហ័ស លើគម្រោងផលិតសម្រាប់ការផ្គត់ផ្គង់ចូលទីផ្សារនៅក្នុងតំបន់។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន LipCo Foods របស់ប្រទេសប៉ូឡូញ ដឹកនាំដោយលោក CÉSAR LIPKA នៅថ្ងៃទី ២៧ ខែ មករា ម្សិលមិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូក្រុមហ៊ុន អំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ២៧ ឆ្នាំ កន្លងមកនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យ នៃនយោបាយ ឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន ក្នុងនោះឯកឧត្តមបានលើកឡើងអំពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យឯកជន ដែលបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋ កិច្ចជាតិ។ ជាក់ស្ដែងប្រមុខរាជរដ្ឋាភិបាលតែងតែអនុញ្ញាត ឱ្យមានការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបើកឱកាសឱ្យ វិនិយោគិនឯកជន បានលើកឡើងពីបញ្ហានានា និងឈានទៅដល់ការដោះស្រាយផ្ទាល់ នៅក្នុងវេទិកានោះតែម្តង។ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងបន្តថា បន្ថែមពីលើយន្តការដ៏មានប្រសិទ្ធភាពខាងលើ នៅរៀងរាល់ ៦ ខែម្ដង ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗ ជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយដោយមានរូបឯកឧត្តមផ្ទាល់ ជាសហប្រធាន រួមជាមួយ ឯកឧត្តមឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាង វិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។ជាការឆ្លើយតប, លោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន LipCo Foods បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំង លើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងបានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនខ្លួន ក្នុងដំណើរ ផលិតកម្មកែច្នៃចំណីអាហារ ដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយក្នុងនោះលោកបានបញ្ជាក់អំពីភូមិសាស្រ្តប្រទេសប៉ូឡូញ ដែល សម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំដូចជា ការចិញ្ចឹមជ្រូកយកសាច់ និងការដាំដំណាំផ្លែប៉ោម ជាដើម។ ទន្ទឹមនឹងនេះ គណៈប្រតិភូក្រុមហ៊ុន ក៏បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុង ប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ ក្នុងទំនុកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា។ លោកនាយកប្រតិបត្តិរូបនេះ ក៏បានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការពន្លឿនផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យលេច ចេញជារូបរាងកាន់តែឆាប់រហ័ស៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញសេដ្ឋកិច្ចបង្ហាញអំពីកត្តាសំខាន់ៗ ដែលកម្ពុជាស្រូបយកឱកាសវិនិយោគ

2025/01/27 03:13:34 pm        160
អ្នកជំនាញសេដ្ឋកិច្ច បង្ហាញអំពីសក្តានុពលនិងកត្តាសំខាន់ៗ ដែលកម្ពុជាស្រូបយកឱកាសវិនិយោគ នៃការឈានទៅសម្រេចដំណាក់ កាលថ្មីៗ ជាពិសេសការឆ្លងកាត់អន្តរកាល ក្នុងដំណើរឆ្ពោះទៅសម្រេចឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូល ខ្ពស់នៅឆ្នាំ ២០៥០។លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ BTV ស្តីពីសក្តានុពលគាំទ្រដល់វិស័យសេដ្ឋកិច្ច និងឱកាសដែលកម្ពុជាស្រូបការវិនិយោគ នេះថា ជាច្រើនទសវត្សមកនេះ រាជរដ្ឋាភិបាលកម្ពុជាបាន ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជំរុញអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ដណ្តប់ជាច្រើន និងបានកំពុងដើរទៅមុខយ៉ាងលឿន ក្នុងការបន្តអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីឈានទៅសម្រេចដំណាក់កាលថ្មីៗ ខណៈបច្ចុប្បន្នកម្ពុជាកំពុងឆ្លងកាត់អន្តរកាល ក្នុងដំណើរឆ្ពោះទៅសម្រេច ឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ផង និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផង។លោកបណ្ឌិត បន្តថា ចំពោះការខិតចំប្រឹងប្រែងនេះ ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាទទួលបានផ្លែផ្កាជាបន្តបន្ទាប់ ជាពិសេសការស្តារសេដ្ឋ កិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិផ្សេងៗដែលកំពុងអូសបន្លាយ, ជាក់ស្តែងជុំវិញការនាំចេញទំនិញ នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ការនាំចេញរបស់កម្ពុជា មានកំណើនកើនកើនឡើងគួរកត់សម្គាល់ ដែលគាំទ្រដោយប្រទេសដៃគូរជាច្រើន និងប្រទេសផ្សេងៗទៀត ជំរុញឱ្យខ្សែ ច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកមានភាពកាន់តែមមាញឹក និងធ្វើឱ្យផលិតផលក្នុងស្រុកមានការប្រកួតប្រជែង ជាពិសេសកសិផលរបស់កម្ពុជាជាដើម។ចំណែកកត្តាវិនិយោគវិញ, កម្ពុជាគឺជាប្រទេសមួយ បានកំពុងស្រូបយកឱកាសវិនិយោគជាហូរហែរ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ កន្លង មកនេះ កម្ពុជាបានស្រូបយកឱកាសវិនិយោគមានកំណើនគួរកត់សម្គាល់ ដែលការកើនឡើងឡើងនេះ បានកើតចេញពីកត្តាជាច្រើនដូចជា៖ កម្ពុជាគឺជាប្រទេសផ្តល់នូវសុខសន្តិភាព បានកំពុងបន្តប្រកបដោយបរិយាបន្ន, កម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូរច្រើន, ស្ថានភាពភូមិសាស្រ្តមានភាពអំណោយផល, ការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់កាន់តែសំបូរបែប, ការបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុកាន់ តែរឹងមាំ និងច្បាប់វិនិយោគរបស់កម្ពុជាមានការបើកចំហរជាដើម ដែលផ្តល់ឱកាសដល់អ្នកវិនិយោគធ្វើធុរកិច្ចនៅកម្ពុជា ស្វែងរកប្រាក់ចំណេញ បាន ជាពិសេសជាងនេះគឺ វិនិយោគិនអាចយកប្រាក់ចំណេញកាន់ទៅប្រទេសខ្លួនបានផងដែរ។ជុំវិញលំហូរវិនិយោគនេះ, នៅក្នុងបំណាច់ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ខណៈនៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានចុះបញ្ជីគម្រោង វិនិយោគសរុបមាន ២២៧ គម្រោង ក្នុងទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។សូមបញ្ជាក់ថា ទាក់ទិនការវិនិយោគ និងការអភិវឌ្ឍន៍អាជីវកម្ម ថ្មីៗនេះ, បើយោងតាមស្ថាប័នហិរញ្ញវត្ថុលោកខាងលិច បានរំលេចឱ្យដឹងថា នៅក្នុងទីផ្សារកំពូលទាំង ២០ ក្នុងនោះកម្ពុជាត្រូវបានវាយតម្លៃជាទីផ្សារកំពូលលំដាប់ថ្នាក់ទី១៣ នៅក្នុងពិភពលោក និងជាប់លំដាប់ ថ្នាក់លេខ ៤ នៅក្នុងអាស៊ាន ដែលជាប្រទេសគោលដៅអាទិភាពសម្រាប់ការវិនិយោគ ឬការអភិវឌ្ឍន៍អាជីវកម្ម ។ ជុំវិញគោលដៅ វិនិយោគនេះ ប្រទេសចិន គឺជាទីផ្សារអាទិភាពទី១ សម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិន ក្នុងបំណាច់ឆ្នាំ២០២៤ មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ

2025/01/27 03:07:53 pm        173
ការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិន នៅក្នុងបំណាច់ឆ្នាំ២០២៤ មានទំហំទឹកប្រាក់​សរុប​ប្រមាណ​​ជាង ១៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារចិន មាន​ចំនួនជាង ១ ៧០០ លានដុល្លារអាមេរិក ខណៈការនាំចូលទីផ្សារកម្ពុជាមានចំនួនជាង ១៣ ពាន់លានដុល្លារអាមេរិក។ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិន នៅក្នុងឆ្នាំ ២០២៤ ក្នុងនោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានបន្តងើបឡើង យ៉ាងល្អប្រសើរ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារចិន បានកំពុងមាននិន្នាការកើនឡើង ទោះបីជញ្ជីងពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ នៅមានគម្លាតឆ្ងាយពីគ្នាក៏ដោយ។ជាក់ស្តែងការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ ក្នុងបំណាច់ឆ្នាំ ២០២៤ មានកំណើនកើនឡើងខ្ពស់ ស្ថិតក្នុងទំហំទឹកប្រាក់ ប្រមាណជាង ១៥ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២៤ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិន មានទំហំ ទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើងជាង ១៨ ភាគរយ ស្របពេលការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ កើនឡើង ជាង ២៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ។ទាក់ទិនកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនវិញ, ថ្មីៗនេះ លោកស្រី ចុង ជា (Zhong Jie) អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន-កម្ពុជា បានឈានទៅមុខកាន់តែស៊ី ជម្រៅ កាន់តែជាក់ស្ដែងឥតឈប់ឈរ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាឌីជីថល ថាមពលបៃតង និងកិច្ច សហប្រតិបត្តិការ ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម ក្នុងនោះការវិនិយោគរបស់ប្រទេសចិន បានជំរុញឱ្យផលិតផលចិន និងបច្ចេកវិទ្យាចិនចូលមក ទីផ្សារប្រទេសកម្ពុជា ដែលនិងជំរុញដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងកាន់តែរីកចម្រើន។សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់សរុបជាង ៥៤ ពាន់លាន ដុល្លារអាមេរិក កើនឡើងប្រមាណជិត ១៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ដែលមានទំហំទឹកប្រាក់ជាង ៤៦ ពាន់លានដុល្លារ អាមេរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវ​ប្រាំង​ប្រជាកសិករ​​ដែលកំពុងប្រឈមខ្វះទឹកប្រមាណជាង ៤ពាន់ហិកតា ក្នុងស្រុកបាទី ខេត្តតាកែវ

2025/01/25 08:56:27 pm        184
នៅល្ងាចថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍នៅទីតាំងស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ទន្លេបាទី ដែលកំពុងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមមុខខ្វះទឹកស្រោចស្រព នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចអន្តរាគមន៍បានអនុវត្តតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដោយក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានប្រើប្រាស់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ដែលមានស្រាប់ និងដាក់បន្ថែមម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ៣គ្រឿង ដើម្បីបូមទឹកឱ្យបានឆាប់ពីក្នុងអាងទឹកទន្លេបាទីបញ្ចូលតាមប្រឡាយមេហនុមាន យកទឹកទៅជួយសង្គ្រោះស្រូវប្រាំងក្នុងចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ក្នុងឃុំចំនួន៩ នៃស្រុកបាទី ដែលក្នុងរយៈពេល៥ថ្ងៃនេះ ការបូមទឹកអន្តរាគមន៍សម្រេចបានប្រមាណ ៧៥ម៉ឺនម៉ែត្រគូប។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីក្រុមការងារបើកបញ្ចេញទឹកពីទំនប់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ប្រមាណ ១៥លានម៉ែត្រគូប ក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ តាមស្ទឹងព្រែកត្នោត មកកាន់តំបន់កំពង់ទួលទំនប់ ៧មករា បញ្ជូនតាមប្រឡាយ ៧៨ ចូលក្នុងអាងទន្លេបាទី ខេត្តតាកែវ បានធ្វើឱ្យកម្ពស់ទឹកក្នុងអាងទន្លេបាទីកើនពី ៣លានម៉ែត្រគូបដែលជាកម្ពស់ទឹកមានក្នុងអាងស្រាប់ ឡើងដល់ ៤លានម៉ែត្រគូប។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ផែនការបង្កបង្កើនផលស្រូវប្រាំង នៅក្នុងស្រុកបាទីមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែការអនុវត្តការធ្វើស្រែប្រាំងជាក់ស្តែងមានរហូតដល់ជាង ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារស្រោចស្រព ទើបបណ្តាលឱ្យផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករចំនួន ៣៥០០គ្រួសារ ក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ប្រឈមមុខនឹងបញ្ហាខ្វះទឹក៕ 

អាជីវករលក់ជី និងថ្នាំកសិកម្មនៅបន្ទាយមានជ័យ​ថា​ ការផ្សព្វផ្សាយអវិជ្ជមានទាក់ទងវិស័យកសិកម្មមិនបានជួយដល់ប្រជាកសិករនោះទេ

2025/01/25 11:10:50 am        164
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ អាជីវករលក់ជី​ និងថ្នាំកសិកម្មជាង១០០នាក់ នៅខេត្តបន្ទាយមានជ័យ​ បានស្វែងយល់ថា​ ការផ្សព្វផ្សាយបញ្ហាអវិជ្ជមាន​ផ្សេងៗ ទាក់ទងនឹងវិស័យកសិកម្ម មិនបានជួយដល់កសិករនោះទេ​ ប៉ុន្តែអាចនាំឱ្យតម្លៃកសិផលកាន់តែធ្លាក់ចុះ​លឿនទៅវិញ​។ សូមជម្រាបជូនថា​ ​ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងឯកឧត្តម ប្រាក់ ដាវីដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម បានជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្ម និងមន្ត្រីកសិកម្មឃុំចំនួនជាង ១០០នាក់ នៅខេត្តបន្ទាយមានជ័យ ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងលទ្ធផលនៃកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងគ្រប់តួអង្គពាក់ព័ន្ធ​ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម​ និងការចុះដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ​ រួមទាំងការបូមទឹកជួយសង្គ្រោះ​ ការជួយរកទីផ្សារ​ និងការរក្សាលំនឹងថ្លៃកសិផល​ផងដែរ។ ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ មានប្រសាសន៍ថា​ បងប្អូនអាជីវករជី​ និងថ្នាំកសិកម្ម​ទាំងអស់សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរៀបចំដោយក្រសួង​ និងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ មុននឹងក្លាយជាអាជីវករស្របច្បាប់​។ ដូច្នេះ​ បងប្អូនអាជីវករ​គឺជាដៃគូដ៏ល្អរបស់ប្រជាកសិករ​ មន្ទីរកសិកម្ម​ និងក្រសួង ក្នុងការផ្សព្វផ្សាយបច្ចេកទេសប្រេីប្រាស់​ និងលក់ចែកចាយជី​ និងថ្នាំកសិកម្ម​ដល់កសិករ​។ ការរួមចំណែករបស់បងប្អូនអាជីវករទាំងអស់ក្នុងការផ្សាយព័ត៌មានវិជ្ជមាន​ និងមាន​ប្រយោជន៍​ដល់កសិករ​ ពិតជាមានសារ:សំខាន់ណាស់​ ជាពិសេស​ ការជំរុញចូលរួមក្នុងសហគមន៍កសិកម្មទំនេីប​ ដេីម្បីជួយដល់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដេីមផលិត​ ផ្សារភ្ជាប់នឹងទីផ្សារ​ និងទទួល​បានប្រាក់ចំណេញ។ តាមការសង្កេតកន្លងមក ការផ្សាយពីតម្លៃកសិផលធ្លាក់ចុះ​ ឬការតវ៉ាទាមទារនានា​ គឺមិនបានជួយឱ្យតម្លៃកេីនឡេីង​ទេ ប៉ុន្តែជាក់ស្តែងបែរជាជួយរុញឱ្យតម្លៃកាន់តែធ្លាក់ចុះលឿនទៅវិញ ព្រោះថាអ្នកប្រមូលទិញដឹងពីនិន្នាការនៃតម្លៃ​ និងរង់ចាំឱ្យតម្លៃកាន់តែធ្លាក់ចុះថែម​ទៀត​មុននឹងចុះទិញ​ ដែលនាំឱ្យខាតបង់ផល​ប្រយោជន៍កសិករ។ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ​ និងលើកទឹកចិត្តឱ្យម្ចាស់ដេប៉ូទាំងអស់ ទុកដាក់ជី​ និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ​ ដេីម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព​ និងបរិស្ថាន​ និងលក់ចែកចាយតែផលិតផលស្របច្បាប់​ និងមាន​បញ្ជីការត្រឹមត្រូវ។ ឯកឧត្តមក៏បានស្នេីសុំឱ្យរដ្ឋបាលខេត្តបន្តកិច្ចសហការល្អ​ ក្នុងការទប់ស្កាត់ចរាចរណ៍ជី​ និងថ្នាំខុសច្បាប់ផងដែរ។ ម្ចាស់ដេប៉ូជី​ និងថ្នាំកសិកម្មទាំងអស់រីករាយនឹងទទួលបានព័ត៌មាន​ និងចំណេះដឹងថ្មីៗ​ល្អៗ​ពីកិច្ចសំណេះសំណាលនេះ​ និងប្តេជ្ញាចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ក្នុងការបន្តផ្សព្វផ្សាយ និងចែកចាយតែព័ត៌មានល្អៗដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង៨០នាក់ និងបញ្ជាឲ្យជម្លៀសពីភាគខាងជើងហ្កាហ្សា ខណៈលោក Trump ជំរុញឱ្យមានបទឈប់បាញ់
06/30/2025 08:06 AM
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តចុះពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលជាប់ព្រំដែន នៅមណ្ឌលសុខភាព ស្រអែម និងមណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ
06/29/2025 08:06 PM
ឯកឧត្តម ឌិត​ ទីណា​ បន្តជួបមន្ត្រីកសិកម្មឃុំ-សង្កាត់​ ដេីម្បីផ្សព្វផ្សាយគោលនយោបាយអាទិភាព "មានហូប​ មានប្រេី​ មានបាន​ និងមានរហូត"
06/29/2025 07:06 PM
កងកម្លាំងរុស្ស៊ី បានប្រមូលផ្ដុំទាហាន ១១ម៉ឺននាក់ នៅជិតទីក្រុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន
06/29/2025 05:06 PM
មនុស្សជាច្រើននាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នា ក្នុងពិធីបុណ្យសាសនានៅឥណ្ឌា
06/29/2025 05:06 PM
បាតុករសម្រុកតវ៉ានៅទីក្រុង Venice របស់អ៊ីតាលី ក្នុងពិធីមង្គលការរបស់ស្ថាបនិកក្រុមហ៊ុន Amazon
06/29/2025 05:06 PM
UN៖ ជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិច ១,២លាននាក់ ត្រូវបង្ខំឱ្យចាកចេញពីអ៊ីរ៉ង់ និងប៉ាគីស្ថាន នៅឆ្នាំនេះ
06/29/2025 05:06 PM
មនុស្សជាង ២០នាក់ស្លាប់ និងជាច្រើននាក់បន្តបាត់ខ្លួន ក្នុងបំណាក់ដីនៅប្រទេសកូឡុំប៊ី
06/29/2025 05:06 PM
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
06/29/2025 04:06 PM
ឯកឧត្តម ហេង សួរ ឯកភាពជាមួយវិទ្យាស្ថាន CDRI ដើម្បីសិក្សាស្រាវជ្រាវពីវឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ
06/29/2025 03:06 PM