កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
ក្រសួងកសិកម្មអំពាវនាវកសិករដាំទុរេនកុំប្រើប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់ទីផ្សារនាំចេញ
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន៧គម្រោង មានទុនវិនិយោគ ១២៣លានដុល្លារ
សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងមហាផ្ទៃ និងធនាគារកាណាឌីយ៉ា ក.អ ចុះអនុស្សារណៈលើការប្រមូលកម្រៃទិដ្ឋាការ​ពីអតិថិជន

2024/09/04 10:49:14 am        258
ក្រសួងមហាផ្ទៃ និងធនាគារកាណាឌីយ៉ា ក.អ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការ​ប្រើប្រាស់​សេវាកម្មទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិច លើការប្រមូលកម្រៃទិដ្ឋាការពីអតិថិជន ដោយ​ភ្ជាប់​ជាមួយនិងប្រព័ន្ធអេឡិចត្រូនិច និងសលាកបត្រចូលព្រះរាជាណាចក្រ កម្ពុជា។ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃធនាគារកាណឌីយ៉ា ក.អ នៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្ម​ទូទាត់​តាមប្រព័ន្ធអេឡិចត្រូនិច លើការប្រមូលកម្រៃទិដ្ឋាការពីអតិថិជន ដោយភ្ជាប់ជាមួយ​និង​ប្រព័ន្ធអេឡិចត្រូនិច និងសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)។ក្នុងពិធីចុះអនុស្សារណៈនេះ, ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លើកឡើងថា រាជរដ្ឋាភិបាលនៅក្នុងការអាណត្តិទី៧ បានដាក់ចេញ​នូវ​យុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ដែលដឹកនាំបន្តនូវសមិទ្ធផលទាំងឡាយ ពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយក្នុងនោះមានកិច្ចការជាច្រើន ដែលរាជរដ្ឋាភិបាលដាក់ចេញឱ្យអនុវត្តន៍ និងមានការងារ បង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលជាចំណុចសំខាន់មួយនៅក្នុងយុទ្ធសាស្រ្ត បញ្ហាកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះកម្មវិធី Cambodia e-Arrival នេះ គឺជាកិច្ចការមួយនៃការបង្កើនគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ឯកឧត្តមសន្តិបណ្ឌិត បន្តលើកឡើងថា ជុំវិញបញ្ហានេះ កន្លងមកភ្ញៀវទេសចរដែលចូលមកព្រះរាជាណាចក្រកម្ពុជា គឺត្រូវបំពេញឯកសារដោយសរសេរដៃ ដែលមានឯកសារយ៉ាងតិចចំនួន ៣ ទៅ ៤ ។ ដូច្នេះដើម្បីសម្រួលការផ្តល់សេវាកម្មនេះឱ្យបានស្រួល ក្រសួងមហាផ្ទៃបានរៀបចំកម្មវិធី ឱ្យភ្ញៀវបំពេញតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដែលមានឈ្មោះថា Cambodia e-Arrival តាមរយៈនេះ ការបំពេញម្តង គឺអាចបំពេញជំនួសដល់ទៅ ៤ ដង។ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បន្តថា បញ្ហានេះ មុនដំបូងគឺយើងមិនទាន់បានគិតគូរពីការសុំទិដ្ឋាការនៅក្នុងនោះទេ ដោយគ្រាន់តែគិតថា ជាការបំពេកញឯកសារចំនួន ៣ ប៉ុណ្ណោះ គឺឯកសារអន្តោប្រវេសន៍ ឯកសារគយ និងឯកសារសុខាភិបាល ប៉ុន្តែក្រោមការឈ្លៀសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចបានជំរុញបន្ថែមឱ្យប្រើប្រាស់ ទិន្នន័យនេះ ដើម្បីផ្តល់ទិដ្ឋាការជូនភ្ញៀវនៅពេលមកដល់ ឬពីចម្ងាយមកតែម្តង។ ដូច្នេះតាមរយៈការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូចនិចនេះ គឺមានការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចផងដែរ ដែលបញ្ហានេះគឺក្រសួងមហាផ្ទៃ ត្រូវការដៃគូពីធនាគារក្នុងការទូទាត់ប្រាក់ ឬប្រមូលប្រាក់កម្រៃដែលជនបរទេសបង់ នេះគឺជាលើកទី២ហើយ ដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយ ធនាគារកាណាឌីយ៉ា ក.អ បន្ទាប់ពីធនាគារអេស៊ីលីដារួចមក៕ អត្ថបទ៖ សុន រ៉ាឌី

តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ តេលាខ្មែរ

2024/09/02 03:07:21 pm        661
តេលាខ្មែរ ដែលមានប្រវត្តិតាំងពីទស្សវត្សទី៦០មកម៉្លេះ ក្រោមចក្ខុវិស័យ​ផ្គត់ផ្គង់​ផលិត​ផល​ប្រេង​ឥន្ធនៈ​ និងឧស្ម័ន ហ្គាស (LPG) ដែលមានគុណភាពខ្ពស់ជូនប្រជាជនខ្មែរ បានប្រកាសជាផ្លូវការ តារា​ចម្រៀងដ៏ល្បីនៅកម្ពុជា លោកស្រី ឱក សុគន្ធកញ្ញា ចូលរួមជាសមាជិក ដើម្បីជាតំណាង និង​ជួយ​ជំរុញ​ចក្ខុវិស័យរបស់ តេលាខ្មែរ ក្រោមរូបភាពជាទូតសុច្ឆន្ទៈ។ លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង តេលាខ្មែរ នៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការ នៃ​កិច្ច​ព្រម​ព្រៀង​ទូត​សុច្ឆន្ទៈ រវាងតេលាខ្មែរ និងឱក សុគន្ធកញ្ញា នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៤កន្លងទៅ បាន​មានប្រសាសន៍ថា មូលហេតុដែល តេលាខ្មែរ ជ្រើសរើសលោកស្រី ឱក សុគន្ធកញ្ញា ជា​ទូត​សុច្ឆន្ទៈ ដោយសារតែលោកស្រី ជាតារាល្បី សុភាពរាបសា រួសរាយរាក់ទាក់ ឈ្លាសវៃ ពូកែ និង​មាន​សេចក្តីថ្លៃថ្នូរ ថែមទាំងរូបសម្បត្តិសមរម្យជាខ្មែរ ដែលស័ក្តិសមជាទូតសុច្ឆន្ទៈ តេលាខ្មែរ។លោកឧកញ៉ា បានលើកឡើងថា តេលាខ្មែរ បានពាំនាំយកនូវសមិទ្ធផលថ្មី ដែលជា​ផលិតផល​ស្តង់ដារ​អន្តរជាតិ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់។ តាម​ការសិក្សា និងពិសោធន៍ច្បាស់លាស់ តេលាខ្មែរ បានណែនាំឱ្យស្គាល់ពីផលិតផល ប្រេងសាំង ប្រេង​ម៉ាស៊ូត គីណេតិច និង ហ្គាស ព្រីម ជាបច្ចេកវិទ្យាចុងក្រោយបំផុតពីសហរដ្ឋអាមេរិក។ ផល​ប្រយោជន៍សំខានៗ៤យ៉ាង រួមមាន៖ សន្ទុះខ្លាំង សម្អាតម៉ាស៊ីនបានល្អ អាចធ្វើដំណើរបានឆ្ងាយ និង​បរិមាណគ្រប់លីត្រ ។លោកឧកញ៉ា ឈុន វ៉ាន់ឌី បានគូសបញ្ជាក់ថា តេលាខ្មែរ ពិតជា​មាន​មោទនភាព​ណាស់​ក្នុង​ការ​នាំចូល​ផលិតផលគុណភាពស្តង់ដារអន្តរជាតិនេះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាជនខ្មែរ តាមរយៈ​សេវា​កម្មល្អ ដែលសបញ្ជាក់ពីគុណតម្លៃវប្បធម៌ខ្មែរ និងក្រោមទស្សនៈវិស័យរួមគ្នាតែមួយ ខ្មែរ​ស្រឡាញ់​ខ្មែរ​ ខ្មែរគាំទ្រខ្មែរ។ ចំពោះចក្ខុវិស័យនេះ ក្រុមហ៊ុនប្ដេជ្ញាចិត្ត ក្នុងការចូលរួមអភិវឌ្ឍ និងលើក​ស្ទួយ​ប្រទេស​ជាតិ​ឱ្យមានភាពរីកចម្រើនឆ្ពោះទៅមុខ “អនាគតរួមគ្នា” ។ លោកសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់ នឹងចូលរួមក្នុងការលើកស្ទួយផលិតផលរបស់ក្រុមហ៊ុនខ្មែរ ដែល​មាន​គុណ​ភាព​ខ្ពស់ និងសេវាកម្មល្អ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន ដៃគូអាជីវកម្ម​ទាំង​អស់​កន្លង​មក សម្រាប់ការជឿទុកចិត្តក្នុងការគាំទ្រផលិតផល និងសេវាកម្មរបស់ តេលាខ្មែរ៕

ធនាគារជាតិនៃកម្ពុជា ប្រកាសដល់គ្រឹះស្ថានហិរញ្ញវត្ថុ បន្តរៀបចំឥណទានឡើងវិញ​ដល់ចុងឆ្នាំ២០២៥

2024/08/30 12:51:00 pm        341
ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាល បន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន ដោយវិធានការអនុគ្រោះនេះ នឹងបន្តរហូតដល់ ខែធ្នូ ឆ្នាំ ២០២៥។ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីការរៀបចំឥណទានឡើងវិញ ដោយក្នុងនោះធនាគារជាតិនៃកម្ពុជា អនុញ្ញាត ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនអតិថិជន គឺត្រូវអនុវត្តលក្ខខណ្ឌមួយចំនួនដូចជា៖ គ្រឹះស្ថានអាចរៀប ចំឥណទានឡើងវិញជូនអតិថិជនបានចំនួនពីរដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។ គ្រឹះ ស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយ កម្រិត, បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងបន្តបន្ទាប់គ្នា ក្នុងរយៈពេលយ៉ាងតិច ៣ ខែ ចំពោះឥណទានដែលមានការ ទូទាត់សងប្រាក់ដើម ឬការប្រាក់ប្រចាំខែ។ បន្ទាប់មក, គ្រឹះស្ថានអាចស្ដារចំណាត់ថ្នាក់ឥណទានល្អជាងមុន ដោយគោរពតាមគោល ការណ៍ចំនួន ថ្ងៃហួសកាលកំណត់សងនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន និងត្រូវដំឡើងចំណាត់ថ្នាក់ត្រូវគោរពតាមលក្ខខណ្ឌដូច ដែលបានកំណត់ក្នុងសារាចរណែនាំនេះ។ចំពោះឥណទានមិនដំណើរការ ដែលធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះ កន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ។ ការដំឡើងចំណាត់ថ្នាក់មិនអាចខ្ពស់ជាង ពោលគឺស្ថិត ក្រោមស្តង់ដា។ ការដំឡើងចំណាត់ថ្នាក់នេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី ៤ ឆ្នាំ២០២៤ តទៅ។ទន្ទឹមនេះ, ការដំឡើងចំណាត់ថ្នាក់នេះ ក៏ត្រូវបានអនុវត្តចំពោះឥណទានរៀបចំឡើងវិញ លើវិស័យទេសចរណ៍នៅខេត្ត សៀមរាបផងដែរ ដោយក្នុងនោះគ្រឹះស្ថានមិនគួរប្រើប្រាស់តែព័ត៌មានឥណទានរៀបចំឡើងវិញក្នុងក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ក្នុងអំឡុង ពេលអនុគ្រោះនេះ សម្រាប់ជាលក្ខខណ្ឌចម្បងក្នុងការអនុម័តឥណទាននោះឡើយ។ គ្រឹះស្ថានត្រូវពិនិត្យលក្ខខណ្ឌផ្សេងៗទៀត ដែល មានចែងក្នុងគោលនយោបាយរបស់គ្រឹះស្ថាន ដើម្បីអនុម័តឥណទាន និងត្រូវរៀបចំឥណទានឡើងវិញជូនអតិថិជន ឱ្យស្របតាមលក្ខ ខណ្ឌអនុគ្រោះដូចបានចែងក្នុងសារាចរណែនេះផងដែរ។គ្រឹះស្ថានត្រូវពិនិត្យ ពិភាក្សា និងជ្រើសរើសលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើនខាងលើ ដែលសមស្របបំផុតសម្រាប់អតិថិជន ដើម្បីអាចធានាបានថា អតិថិជនអាចបន្តបំពេញកាតព្វកិច្ចទូទាត់សងបានតាមលក្ខខណ្ឌថ្មីនៃកិច្ចសន្យា។ គ្រឹះស្ថានត្រូវរៀបចំឥណ ទានឡើងវិញ ចំពោះអតិថិជនដែលស្ថានភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុនៅតែមានចីរភាព ហើយគ្រឹះស្ថានរំពឹងថា អតិថិជន ជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការបំពេញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ។ គ្រឹះស្ថានត្រូវមានតម្លាភាពក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងត្រូវ ពន្យល់អតិថិជនឱ្យបានច្បាស់លាស់ អំពីលក្ខខណ្ឌនៃការរៀបចំឥណទានឡើងវិញ ដើម្បីឱ្យអតិថិជនមានមូលដ្ឋានក្នុងការសម្រេច ចិត្ត។ វិធានការអនុគ្រោះចំពោះការរៀបចំឥណទានឡើងវិញនេះ នឹងមានប្រសិទ្ធភាពអនុវត្តរហូតដល់ដំណាច់ខែ ធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងបង្កើតធនធានមនុស្សដើរលើផ្លូវត្រូវ និងឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ន

2024/08/30 12:03:35 pm        168
កម្ពុជាកំពុងបង្កើតធនធានមនុស្សលើផ្នែកគណនេយ្យ និងសវនកម្ម ដោយបានកំពុងដើរលើផ្លូវត្រូវ និងជាកម្មវត្ថុដ៏សំខាន់ សម្រាប់ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ការប្រមូលចចំណូលពន្ធសម្រាប់ជាតិ ខណៈកម្ពុជាបាននឹងកំពុងស្រូបសក្តានុពល វិនិយោគជាបន្តបន្ទាប់។ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា លើកឡើងពីតម្រូវការផ្នែកគណនេយ្យ និងសវនកម្មនៅកម្ពុជានេះថា កម្ពុជាគឺជាប្រទេសកំពុងមានការរីក ចម្រើន ជាពិសេសកម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគជាបន្តបន្ទាប់ ក្នុងនោះសម្រាប់វិស័យការងារលើផ្នែកទាំងនេះ ក៏បាននិង កំពុងមានតម្រូវការឥតឈប់ឈរផងដែរ។ ទាក់ទិនជំនាញនេះដែរ ប្រសិនការចូលរួមអនុវត្តតាមស្តង់ដារគណនេយ្យ និងសវនកម្មបាន ល្អ អាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស មានមូលដ្ឋានក្នុងការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ និងបញ្ជី គណនេយ្យអាចទុកចិត្តបាន និងអាចទាញផលប្រយោជន៍ពីវិស័យបានជាច្រើន ក្នុងការពង្រីកខ្លួនលើអាជីវកម្មផងដែរ និងក៏ជា ប្រសិទ្ធភាពនៃប្រមូលចំណូលពន្ធចូលថវិកាជាតិផងដែរ។ចំណែកលោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា លើកឡើងឱ្យដឹងថា ជុំវិញជំនាញខាង លើនេះ សម្រាប់កម្ពុជា បើធៀបទៅនិងប្រទេសក្នុងអាស៊ាន ឃើញថា ប្រទេសយើងអាចជាប់ក្នុងលំដាប់ល្អប្រសើរ ក្នុងការអនុវត្តន៍ ស្តង់ដារគណនេយ្យអន្តរជាតិ ដែលក្នុងនោះកម្ពុជាបានប្រើប្រាស់ស្តង់ដារអន្តរជាតិនេះជាយូរណាស់មកហើយ ពោលគឺកម្ពុជាបាន កំពុងដ៏ទន្ទឹមប្រទេសអភិវឌ្ឍន៍ផ្សេងៗដូចគ្នា។ទាក់ទិនការសិក្សាជំនាញវិញ, លោក ខេស៊ី បាណេត នាយកខេមអេដ លើកឡើងថា នៅក្នុងរយៈពេលជាង ២០ ឆ្នាំ មកនេះ ខេមអេដបានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាព ដល់និស្សិត និងសាធារណៈជនទូទៅ ដែលនេះគឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សឱ្យឆ្លើយតបតាមតម្រូវការទីផ្សារការងារ ជាធនធានដែលមានសក្តានុពល ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។សូមបញ្ជាក់ថា ពាក់ព័ន្ធជំនាញខាងលើនេះ, មកដល់បច្ចុប្បន្នកម្ពុជាមានជំនាញគណនេយ្យករ និងសវនកម្ម ចំនួនប្រមាណជាង ៣០០នាក់ ក្នុងនោះអ្នកដែលកំពុងសិក្សា មានប្រមាណជិត ៤ ពាន់នាក់, ដូច្នេះកម្ពុជានៅមានតម្រូវការជំនាញគណនេយ្យ និងសវកម្ម ជាច្រើនទៀត សម្រាប់តម្រូវការតាមបណ្តារោងចក្រ សហគ្រាសនានា ដែលក្នុងនោះសហគ្រាសរដ្ឋ ក៏កំពុងមានតម្រូវការផងដែរ ស្របពេលបច្ចុប្បន្នការអនុវត្តស្តង់ដារ ត្រូវបានកម្ពុជាកំពុងលើកទឹកចិត្ត និងជំរុញឱ្យអនុវត្តន៍ ដើម្បីមានមូលដ្ឋានក្នុងការគ្រប់គ្រង របាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីគណនេយ្យអាចទុកចិត្តបាន ដើម្បីជាប្រសិទ្ធភាពនៃការប្រមូលចំណូលរបស់ជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានឹងដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងពេលឆាប់ៗ

2024/08/29 04:17:37 pm        623
ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ ជាពិសេសការរៀបចំបណ្តាញអគ្គិ សនី និងការគិតថ្លៃឱ្យបានរួចរាល់ រួមជាមួយការដាក់ស្ថានីយសាកអាគុយនៅគ្រប់បណ្តាលខេត្ត-ក្រុង ដែលគម្រោងនេះគ្រោងដាក់ឱ្យ ដំណើរការក្នុងពេលឆាប់ៗ។ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយផ្លូវការ នៃ​សេចក្តីព្រាងផែនទីបង្ហាញ ផ្លូវបឋម នៃការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី​នៅកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះថា ចំពោះគម្រោង ជំរុញឱ្យមានស្ថានីយសាកអាគុយ នេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់និងឈ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចចង់ឃើញប្រទេសកម្ពុជាមានការរីកចចម្រើនមួយកម្រិតថែមទៀត។ បញ្ហានេះ កាលមុនយើងអត់មានអគ្គិសនីប្រើប្រាស់ តែឥឡូវយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដែលបច្ចុប្បន្នបានផលិតចេញពីថាមពលស្អាតមាន ថាមពលបៃតង ថាមពលអគ្គិសនី កកើតឡើងវិញ និងថាមពលព្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀតដែលមានលក្ខណៈបៃតង។ឯកឧត្តម បន្ថែមថា សម្រាប់ជំហ៊ានបន្ត គឺធ្វើយ៉ាងណាអាចយកថាមពលអគ្គិសនីនេះទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ លើវិស័យផ្សេងៗដូចជា ការបម្រើក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងជាក់ស្តែងការប្រើក្នុងស្ថានីយសាកអាគុយនេះជាដើម ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន ខណៈបច្ចុប្បន្នរថយន្ត និងម៉ូតូកង់បីជាច្រើន ដែលប្រើសាំង ឬម៉ាស៊ូត គឺមានថ្លៃដើមខ្ពស់ មាន ការបំពុលបរិស្ថានច្រើន ក្នុងនោះប្រសិនយើងអាចរុញឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនី ប្រជាពលរដ្ឋពិតជាបានចូលរួមការពារ បរិស្ថាន ជាពិសេសបរិស្ថានក្នុងទីក្រុងជាដើម ។ ជុំវិញបញ្ហានេះហើយ ទើបក្រសួងបានកំពុងគិតគូររៀបចំ សម្រាប់ការអភិវឌ្ឍស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា ដោយបានកំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ សម្រាប់ការអភិវឌ្ឍវិស័យនេះឱ្យបានឆាប់ៗ។ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា បច្ចុប្បន្នយើងឃើញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា គឺមានរាប់ពាន់គ្រឿងហើយ ប៉ុន្តការប្រើ ប្រាស់នេះភាគច្រើនប្រជាពលរដ្ឋសាកនៅផ្ទះដោយខ្លួនឯង គឺមានតម្លៃខ្ពស់ ដែលបញ្ហានេះក្រសួងក៏បានគិតក្នុងក្របខណ្ឌ នៃការយក អគ្គិសនីពីតង់ស្យុងខ្ពស់ ពីខេត្តមួយទៅខេត្តមួយយកមកប្រើប្រាស់ រុញទៅដល់ទីកន្លែងដែលបានដាក់ស្ថានីយ។ ប្រការសំខាន់មួយ ទៀត ប្រសិនទុកឱ្យវិស័យឯកជនវិនិយោគ នឹងអាចមានតម្លៃខុសគ្នា ស៊ីពេលយូរ និងមានថ្លៃខ្ពស់ជាដើម។ ដូច្នេះរាជរដ្ឋាភិបាលកំណត់ ធ្វើយ៉ាងណាឱ្យអគ្គិសនីឱ្យមានតម្លៃថោក ដោយឱ្យអគ្គិសនីកម្ពុជាគឺជាអ្នកដើរតួនាំមុខ ដើម្បីជំរុញតភ្ជាប់បណ្តាញទៅដល់ សម្រាប់ បម្រើដល់ការសារថយន្តគ្រប់ទីកន្លែង ដោយស្ថាននីយ៍អាចសាកបានលឿន ក្នុងរង្វង់ប្រមាណពី ២០ ទៅ ២៥ នាទីប៉ុណ្ណោះ គឺអាច បញ្ជូលបានពេញលេញ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្មនាំយកដើមមនចំនួន ១ពាន់ដើម ជូនដល់សិប្បកម្មតម្បាញសូតនៅខេត្តសៀមរាប

2024/08/29 12:02:06 pm        122
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ពាន់ដើម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងផេកផ្លូវការរបស់ខ្លួនថា ក្រសួងបានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។ ប្រភពដដែល បានបន្តថា បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងការសាទរចំពោះក្រុមហ៊ុម ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិតនៅមានលក្ខណៈប្រពៃណីច្រើន។ ឯកឧត្តម សង្ឃឹមថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង។ឯកឧត្តម ឌិត ទីណា សង្ឃឹមទៀតថា វិស័យតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ និយាយដោយឡែក និងនៅកម្ពុជា និយាយជារួម នឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ការរីកចម្រើននៃវិស័យតម្បាញសូត្រ នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បករតម្បាញសូត្រ។ មិនត្រឹមតែប៉ុណ្ណោះ នឹងរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស។ក្រៅពីការទស្សនកិច្ចចម្ការដើមមន និងសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ ឯកឧត្តមរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ព្រមទាំងតំណាងក្រុមហ៊ុនសិប្បករអង្គរ បានអញ្ជើញដាំដើមមនរួមគ្នាផងដែរ៕

SME Bank នឹងចាប់ដៃគូជាមួយ CGCC ដើម្បីផ្តល់ឥណទានគ្មានទ្រព្យធានាដល់ SME ក្នុងស្រុក

2024/08/29 11:45:19 am        198
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឥណទានគ្មានទ្រព្យ ធានា ដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការពង្រីក ឬបង្កើតអាជីវកម្មថ្មីៗបន្ថែម។លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងក្នុងកិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញនេះថា នៅក្នុងកិច្ចប្រជុំភាពជាដៃគូ ក្រុមការងារនេះ ឃើញថា ម្ចាស់សហគ្រាសបានលើកឡើងលើក អំពីភាពមិនទទួលបានហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្ម ជាពិសេសការទទួលបានឥណទានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានេះជាដើម។ លោក បន្តថា សម្រាប់បញ្ហានេះ កន្លង មកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតផលិតផលមួយ ដែលមានឈ្មោះថា ឥណទានមិនយកទ្រព្យធានា ប៉ុន្តែ សម្រាប់ទំហំដែល SME Bank បានផ្តល់ជូន មានទឹកប្រាក់ត្រឹមតែ ៥ ម៉ឺនដុល្លារប៉ុណ្ណោះ ដែលបញ្ហាវាសមល្មមសម្រាប់ការពង្រីក អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម។លោក បន្ថែមឱ្យដឹងថា ជាក់ស្តែងមកដល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ឥណទានមានទំហំ ជាប់ ៥០០ លានដុល្លារអាមេរិករួចហើយ និងកំពុងបន្តប្រតិបត្តិការជាបន្តបន្ទាប់ដល់សហគ្រាសក្នុងស្រុក តាមរយៈយន្តការចំនួនពីរ សំខាន់គឺ៖ យន្តការផ្តល់សហហិរញ្ញប្បទានដែលសហការជាមួយធនាគារផ្សេងៗ និងយន្តការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ ក្នុងនោះ ចាប់ពីពេលនេះទៅមុខ ប្រហែលជាធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចផ្តល់ឥណទានដោយផ្ទាល់វិញ។ បញ្ហានេះ  SME Bank កំពុងគិតគូរនូវគោលការណ៍មួយចំនួនទៀត គឺការចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលគ្រោង អនុវត្តន៍នៅខែ កញ្ញា ខាងមុខនេះ លើការផ្តល់ឥណទានគ្មានទ្រព្យធានា ដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការប្រកបរបរ អាជីវកម្ម គឺការពង្រីក ឬបង្កើតអាជីវកម្មថ្មីបន្ថែមជាដើម។សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យមនេះ, វិស័យឯកជន បានស្នើសុំ យកទ្រព្យបញ្ចាំជាទ្រព្យសកម្ម (Fix Asset) សម្រាប់ជាទ្រព្យនៃកម្ចីបន្ថែម ឬវិក្កយប័ត្រលក់ដូរដែលមានតម្លៃអាចយកប្រើប្រាស់បាន និងបានស្នើសុំដកអំពីប្រវត្តិអតិថិជន CBC ដោយហេតុថា បច្ចុប្បន្ននេះការខូច CBC កើតឡើងស្ទើរគ្រប់អាជីកម្ម ព្រមទាំងស្នើសុំសិក្សា លើមុខរបរដែលកំពុងកើត, ការរៀបចំជាយុទ្ធសាស្រ្តដើម្បីរស់បន្ត និងមានក្រុមជំនាញវាយតម្លៃជាក់ស្តែងគឺនឹងធ្វើឱ្យប្រសើរ។បញ្ហា CBC នេះ, ឯកឧត្តម ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងថា CBC គឺជាប្រព័ន្ធ មួយដែលចង់ក្រងពីប្រវត្តិអ្នកកម្ចីឥណទាន សម្រាប់ជារបាយការណ៍វិភាគទៅលើអតិថិជន ឬការដឹងពីប្រវត្តិរបស់អ្នកខ្ចីដូចជា ការសង់ ទានពេល ឬមិនទាន់ពេលជាដើម ដើម្បីវិភាគលើការផ្តល់ឥណទាន ។ ឯកឧត្តម បន្ថែមថា របាយការណ៍សម្រាប់ធនាគារដែលផ្តល់ ប្រាក់កម្ចី មិនមែនផ្អែកតែលើ CBC មួយមុខនេះឡើយ ព្រោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺមានគោលនយោបាយផ្ទៃក្នុងមួយទៀត ក្នុងការអនុម័តលើការសម្រេចផ្តល់ ឬមិនផ្តល់ ជាពិសេសការផ្តោតលើលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន ឬសហគ្រាស ទាំងនោះដែលអនុវត្តន៍ ដូច្នេះបញ្ហា CBC គ្រាន់តែជារបាយការណ៍បន្ទាប់បន្សំប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេលពេញ១ឆ្នាំក្នុងនីតិកាលទី៧, កម្ពុជាទទួលបានការវិនិយោគ ៣៩១ គម្រោង មានទុនជាង ៧,៥ ពាន់លានដុល្លារ

2024/08/29 11:28:25 am        144
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១ គម្រោង មានទុនវិនិយោគសរុបជាង ៧,៥ ពាន់លានដុល្លារអាម៉េរិក នៅក្នុងរយៈពេញមួយឆ្នាំ នៃរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នេះ។គិតត្រឹមខែ កញ្ញា ឆ្នាំ២០២៣ ដល់ខែ សីហា ឆ្នាំ២០២៤ ដែលមានរយៈពេញមួយឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណជាង ៧,៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ ពាន់កន្លែង ក្នុងនោះគម្រោងវិនិយោគដែល ស្ថិតនៅទីតាំងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០ គម្រោង។ជារួម, ក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមាន ការកើនឡើងគួរឱ្យកត់សម្គាល់ ដល់ទៅប្រមាណ ៤ ៦៧២ លានដុល្លារអាម៉េរិក ស្មើ ១៦១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។ ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ជាក់ស្តែងក្រៅតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ ៥ ចំនួន ២ ៨៧០ បន្ទប់ និង មជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងស្ថិតនៅភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០ មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានទុនវិនិយោគជាង ៤៤០ លានដុល្លារអាម៉េរិក ខណៈដែលគម្រោងវិនិយោគបង្កើត និងធ្វើ អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យចំនួន ២ ស្ថិតនៅរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណជាង ១៣៧ លានដុល្លារអាម៉េរិក។ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន, គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានទុនវិនិយោគជាង ៤៣០ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត មានទីតាំងនៅតំបន់សេដ្ឋកិច្ច ពិសេស ស៊ីន បាវិត មានទុនវិនិយោគ ២៥៦ លានដុល្លារអាម៉េរិក, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ៥ កន្លែង ស្ថិតនៅខេត្តកំពង់ឆ្នាំង ស្វាយរៀង កណ្តាល ព្រះសីហនុ និងខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣៧៤ លានដុល្លារអាម៉េរិក។សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី ១ ដោយបានរួម ចំណែកជាង ៦០ ភាគរយ នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៣២ ភាគរយ នៃទុន វិនិយោគសរុបផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពាក់ព័ន្ធវិស័យកសិកម្ម ឱសថ និងឧស្សាហកម្មសត្វ បានបើក​ដំណើរការ​នៅកម្ពុជា

2024/08/28 03:00:51 pm        520
ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្មអន្តរជាតិ ដោយមានអ្នកជំនួញ និងអ្នករកស៊ីវិស័យកសិកម្ម មកពី ១៣​ប្រទេស ដូចជា ប៉ូឡូញ សិង្ហបុរី តៃវ៉ាន់ និងវៀតណាមជាដើម ដើម្បីដាក់បង្ហាញផលិតផល និង​សេវាកម្មអភិវឌ្ឍន៍ជំនួញ ក្នុងវិស័យកសិកម្ម សម្រស់ ឱសថ និងឧស្សាហកម្មសត្វចិញ្ចឹម។ក្នុងពិធីបើកសម្ភោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ , ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការ​អញ្ជើញ​ចូល​រួម​ម​ក​ពី​សមាគម​សហព័ន្ធ​កសិករ​កម្ពុជា, សមាគមអ្នកចិញ្ចឹមវារីវប្បកម្មកម្ពុជា, សម្ព័ន្ធសហប្រតិបត្តិការ​កសិកម្ម​កម្ពុជា​, សមាគមជាងកាត់សក់ និងកែសម្ផស្សនៅកម្ពុជា, សមាគមអភិវឌ្ឍន៍​មន្ទីរ​ពិសោធ​ន៍​វេជ្ជ​សាស្រ្ត, សមាគមផលិតចំណីអាហារកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត នៅ​អគារ​កោះពេជ្រ ទីក្រុងភ្នំពេញ។លោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន វៀរ (VEAS) នៅ​ក្រោយ​កម្មវិធីនេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រៅពីការដាក់តាំងផលិតផល និងបច្ចេក​វិទ្យា​នៅ​តាម​ស្តង់ ការតាំងពិព័រណ៍ឆ្នាំនេះ ក៏ទាក់ទាញភ្ញៀវទេសចរជំនាញ និងអង្គភាពទិញទំនិញ​ជាមួយ​នឹង​សកម្មភាពលេចធ្លោជាច្រើន។ បន្ថែមពីនេះ ក៏នឹងមានការៀបចំជាសិក្ខាសាលា ដឹកនាំដោយ​អ្នក​ជំនាញ​ឧស្សាហកម្ម ដែលបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយបំផុត និងនិន្នាការទីផ្សារ ដោយ​ផ្តល់​នូវ​ការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម។នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បាន​មាន​ប្រសាសន៍ថា នេះជាព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​រួមចំណែក​ក្នុងការជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែក គឺបានចូលរួម​ចំណែក​ជួយ​ការងារកសិកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការទំនាក់ទំនងពាណិជ្ជកម្ម និង​កសិកម្ម​ទាំង​ពង្រឹងកិច្ចសហការប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងស្រុក និងក្រៅស្រុកផងដែរ។ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានចាត់ទុកព្រឹត្តិការណ៍នេះថា នឹង​ក្លាយ​ទៅ​ជាវេទិកាជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិត អ្នកផ្គត់ផ្គង់ ចែកចាយ​បន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីបង្កើត​ឱកាស​អាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យា។ ឯកឧត្តម បានបន្ថែមថា ពិព័រណ៍នេះដែរ ក៏​នឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏អំណោយផលមួយ ដើម្បីសម្រេច​បាន​នូវ​សកម្មភាព​អាជីវ​កម្ម​ជាក់​ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងទីកន្លែងមួយ ដើម្បីរួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​រីក​ចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ រយៈពេល៣ថ្ងៃនេះ ក៏នឹងមានការរៀបចំ​សិក្ខា​សាលា​​ស្តីពីផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាចុងក្រោយបំផុត និន្នាការទីផ្សារ និង​ការ​អភិវឌ្ឍ​អាជីវកម្ម​ព្រម​ទាំង​ការផ្គូរផ្គងអាជីវកម្ម(B2B Matchmaking) ដែល​អនុញ្ញាត​ឱ្យ​ពួក​គេជួប​ដៃគូ​ដែល​មាន​សក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្ត​សញ្ញាណ​អ្នក​ទិញ​សមរម្យ និង​កិច្ច​សន្យា​អាជីវកម្ម​៕ អត្ថបទ ឈិត បូរ៉ាវី

កម្ពុជាគ្រោងដាក់ឱ្យអនុវត្តមុខងារសម្រាប់ការរាយការណ៍ទំនិញមុនមកដល់តាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីខែកញ្ញាតទៅ

2024/08/28 01:10:37 pm        292
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តមុខងារសម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក https://asyhub.customs.gov.kh និងអនុវត្តនីតិវិធីដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខតទៅ។ក្នុងសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័សនៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា អនុលោមតាមប្រកាសលេខ ១៤៤៧ សហវ ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៍គយ, ប្រកាសលេខ ៧៨៨ សហវ.ប្រក. អតរ ចុះថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីនីតិវិធីបំពេញបែបបទគយនេះពេលទំនិញមកដល់, ប្រកាសលេខ ១០០២ សហវ ប្រក. អគរ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ ព្រំដែន និងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យអនុវត្តមុខងារសម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក តាមរយៈតំណភ្ជាប់ខាងលើ។ ចំពោះប្រតិបត្តិករបញ្ញើឆាប់រហ័ស ដែលមិនទាន់រួចរាល់ ត្រូវប្រញាប់រួសរាន់រៀបចំ ចូលរួមអនុវត្តឱ្យបានត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើប្រតិបត្តិករបញ្ញើឆាប់រហ័ស អ្នកនាំចូល ជើងសាគយ និងភាគីពាក់ព័ន្ធ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពពួកល្មូនហើរអាយុកាលជាង ២០០លានឆ្នាំ ត្រូវបានរកឃើញរដ្ឋ Arizona សហរដ្ឋអាមេរិក
07/08/2025 08:07 PM
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួបសម្តែងការគួរសមជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧
07/08/2025 08:07 PM
បុរសម្នាក់ត្រូវបានម៉ាស៊ីនយន្តហោះស្រូបចូលរហូតដល់ស្លាប់ នៅអាកាសយានដ្ឋាន Bergamo របស់អ៊ីតាលី
07/08/2025 08:07 PM
គ្រោះរាំងស្ងួតធ្វើឲ្យការខួងអណ្តូងទឹកកាន់តែជ្រៅនៅភាគឦសានប្រទេសស៊ីរី
07/08/2025 08:07 PM
អ្នកភូមិឥណ្ឌា វាយមនុស្ស ៥នាក់រហូតដល់ស្លាប់ ពាក់ព័ន្ធនឹងអំពើ «អាបធ្មប់»
07/08/2025 08:07 PM
ពលរដ្ឋអាហ្វហ្គានីស្ថានជិតកន្លះលាននាក់វិលត្រឡប់ពីអ៊ីរ៉ង់វិញ ក្រោយវិធានការបង្រ្កាបរបស់ទីក្រុងតេអេរ៉ង់
07/08/2025 08:07 PM
អាកាសយានដ្ឋានក្រុង Marseille ប្រទេសបារាំងបង្ខំបិទដំណើរការ ដោយសារភ្លើងឆេះព្រៃរីករាលដាលឆាប់រហ័ស
07/08/2025 08:07 PM
រដ្ឋបាលរាជធានីភ្នំពេញព្យាយាមដោះស្រាយជាមួយពលរដ្ឋ៣គ្រួសារដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក ចាក់អង្រែក្រោម–ព្រែកប្រា ក្នុងតម្លៃជាង៣លានដុល្លារ តែពលរដ្ឋនៅតែមិនទទួលយក
07/08/2025 08:07 PM
មនុស្សជាង ១៨.០០០នាក់ ត្រូវនៅមួយកន្លែង ខណៈចំហេះព្រៃរាលដាល នៅតំបន់ Catalonia របស់អេស្ប៉ាញ
07/08/2025 08:07 PM
មេដឹកនាំថៃពូកែកាឡៃនិងពង្រីកបញ្ហានាំរឿងដល់អ្នកជិតខាង !
07/08/2025 07:07 PM