ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង
កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម
កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

សេដ្ឋកិច្ច និង កសិកម្ម

ទីផ្សារយានយន្តក្នុងស្រុកមានការធ្លាក់ចុះ តែមិនមានការប៉ះពាល់ខ្លាំងដល់ចំណូលជាតិឡើយ

2024/02/01 09:43:15 am        3867
ប្រធានសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ថា ទីផ្សារលក់ដូរយានយន្តក្នុងស្រុកមានការធ្លាក់ចុះ តែ​មិន មានការប៉ះពាល់ខ្លាំងដល់ ចំណូលជាតិឡើយ ខណៈ​ការ​នាំចូល​យានយន្ត​ប្រភេទ​ថ្មី​នៅ​បន្ត​ការ​កើន​ឡើង ស្របពេលការផ្គុំ នឹងដំឡើងរថយន្តក្នុងស្រុក កំពុងកើត មានឡើងជាបន្តបន្ទាប់។បណ្ឌិត តាន់ មុនីវណ្ណ ប្រធានឧស្សាហកម្មយានយន្តកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្ពុជា លើក​ឡើងក្នុងកិច្ចសម្ភាស ន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីទីផ្សារយានយន្ត និង​ចំណូល​ពន្ធ​ពី​យានយន្ត នេះថា ពាក់ព័ន្ធចំណូលពន្ធពីយានយន្តនេះ គឺជាចំណូលធំ​មួយ​សម្រាប់​ចំណូល​ជា​តិ ក្នុងរង្វង់ប្រមាណ ៤០ ភាគរយ នៃការប្រមូលពន្ធគយ និងរដ្ឋាករទាំងមូល ក្នុ​ង​នោះ​សម្រាប់ការនាំចូលយានយន្តក្នុងរយៈពេលក្រោយនេះ មិនមានការថមថយខ្លាំងនោះឡើយ ជាក់​ស្តែង​ការ​នាំចូលយានយន្តប្រភេទថ្មី មានចំនួន ច្រើនជាងមុន ក្នុងរង្វង់ប្រមាណ ៤០ ភាគរយ ពោល​គឺ​កើនឡើងពាក់កណ្តាល បើធៀបរយៈពេលមុនវិបត្តិកូវីដ គឺស្ទើស្មើការនាំចូល ប្រភេទ​រថយន្ត​មួយ​ទឹក។លោកបណ្ឌិត បន្តថា តាមរយៈនេះ មិនយូរមិនឆាប់ ការ​នាំ​ចូល​រថយន្ត​ប្រភេ​ទ​ថ្មី​អាច​ជំនួស​រថយន្ត​មួយ​ទឹក ដោយសារការនាំ ចូលរថយន្តប្រភេទថ្មីមួយចំនួន មានតម្លៃសមរម្យ ជាពិសេស​រថយន្ត​ប្រើ​ប្រាស់ ​B.E.V និង E.V ផង ដោយរថយន្តប្រភេទថ្មីធានារយៈ ពេលយូរ និង​ស៊ីសាំង​តិច​ជា​ដើម​។ បញ្ហានេះ អ្នកប្រើប្រាស់បានមើលឃើញពីតម្លៃសមរម្យ ជាពិសេសការ​ទិញ​បង់​រំលោះ​រយៈ​ពេល​វែង ដែលធ្វើឲ្យការនាំចូលរថយន្តប្រភេទថ្មីមានការកើនឡើង ជាក់ស្តែងមកដល់ពេលនេះ ការ​នាំ​ចូល​មិនមានការធ្លាក់ខ្លាំងនោះទេ ខណៈ ទីផ្សារលក់ដូរមានការធ្លាក់ចុះ ដែលបញ្ហានេះ មួយ​ចំនួន​គឺបណ្តាលមកពីការនាំចូលរថយន្តពីចិន កំពុងនាំចូលយ៉ាងខ្លាំង នៃការប្រកួត ប្រជែង​លើ​ទីផ្សារ, សរុបជារួម ការប្រមូលចំណូលជាតិពីវិស័យនេះ មិនមានការប៉ះពាល់ខ្លាំងឡើយ ស្រប​ពេល​ការ​ផ្គុំនឹងដំឡើងរថយន្ត ក្នុងស្រុកកំពុងមានសកម្មភាពល្អប្រសើរ និងការនាំ​ចូល​រថយន្ត​ថ្មី​កំពុង​មាន​សម្ទុះ​ផងដែរ។បណ្ឌិត តាន់ មុនីវណ្ណ លើកឡើងបន្តថា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជា​មាន​រោង​ចក្រ​ផ្គុំ​ដំឡើង​រថយន្តកាន់តែច្រើន ក្នុងនោះចំពោះ ការផ្គុំ និងដំឡើងរថយន្តនេះ មិនមែនមិន​យកពន្ធ​នោះ​ទេ​ គឺរាជរដ្ឋាភិបាលអនុវត្តតាមគោលការណ៍ប្រមូលពន្ធជាធម្មតា គ្រាន់តែមាន ការ​អនុ​គ្រោះ​ពន្ធ​លើការនាំចូលគ្រឿងបន្លាស់មួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់បញ្ហានេះ រាជរដ្ឋាភិបាល​គួរ​មាន​ការ​ប្រយ័ត្នប្រយែង ផងដែរ ដើម្បីរក្សាការប្រមូលចំណូលសម្រាប់ជាតិ ព្រោះការ​ប្រមូល​ពន្ធ​ចេញ​ពី​ឧស្សាកម្មយានយន្តនេះមានចំនួនធំ។សូមបញ្ជាក់ថា តាមរយបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការ​ប្រមូល​ចំណូល​ពី​ការ​នាំ​ចូល​យានយន្ត ក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងបំណែកសម្ភារៈគ្រឿងបង្គុំ នៅ​ក្នុង​ឆ្នាំ ២០២៣, មានទំហំទឹកប្រាក់ជាង ១ ៣០០ លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ឃើញថា ថយចុះជាង ៤០ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជារកចំណូលបានជិត ៤,៨ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម ទៅទីផ្សារអន្តរជាតិ

2024/01/31 02:15:02 pm        166
មន្រ្តីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបាននាំ​ចេញ​ជា​ផ្លូវ​ការ​នូវ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​សរុប​ចំនួន​ជិត ៤,៨ពាន់ដុល្លារអាម៉េរិក ស្មើនឹង ៨,៨២លានតោន ទៅកាន់ទីសដៅ ៧៨ប្រទេស ក្នុង​នោះការនាំចេញអង្ករសម្រេចបានជាង ៦៥៦ពាន់តោន កើនឡើងជាង ៣% ធៀប​ឆ្នាំ​២០២២។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី៣០ ខែមករាកន្លងទៅ បាន​មានប្រសាសន៍ឲ្យដឹងថា គិតក្នុងឆ្នាំ២០២៣ ផលិតកម្មដំណាំសម្រេចបានចំនួន ៣៦,៨១លា​នតោន កើនឡើងប្រមាណ ៦% បើធៀបទៅនឹងឆ្នាំ២០២២ ក្នុងនោះ​ដំណាំ​ស្រូវ​ចំនួន ​១២,៤៩លានតោន ដោយមានអតិរេក ៦,៩៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤,៩៦​លាន​តោន ដំណាឧស្សាហកម្មចំនួន ១៨,៩៦លានតោន និងដំណាំកៅស៊ូប្រមាណ ០,៤​លាន​តោន​។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ គឺស្រប​តាម​យុទ្ធ​សាស្រ្ត និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល និងមន្រ្តី​ទាំងអស់ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាអនុវត្តនូវផែនការ និងសកម្មភាព​ការងារ​ដែល​បាន​គ្រោង​ទុក និងបានជំរុញអនុវត្តវិធានការចាំបាច់បន្ទាន់មួយចំនួនថែមទៀត ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវខ្ពស់។ឯកឧត្តម ឌិត ទីណា បានអះអាងថា វិស័យ​កសិកម្ម​នៅ​តែបន្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធានា​សន្តិសុខ​ស្បៀង លើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងអ្នកទទួលបាននៅទូទាំងប្រទេស និង​ទ្រទ្រង់កំណើនសេដ្ឋកិច្ច ទោះបីទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ការប្រែប្រួល​អាកាស​ធាតុ និងវិបត្តិសកលក៏ដោយ។ ជារួម វិស័យកសិកម្មនៅតែរក្សាបាននូវការរួមចំណែករង្វង់ ២២% នៃ​ផលិតផលសរុបក្នុងស្រុករបស់កម្ពុជា គិតក្នុងឆ្នាំ២០២៣កន្លងទៅ។ទន្ទឹម​នឹងសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ឯកឧត្តម ក៏បានលើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយចំនួន ដែលទាមទារឲ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និង​ធ្វើ​ការ​ដោះស្រាយ​ឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព រួមមាន៖ ថ្លៃដើម​ផលិត​កម្ម​ខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅមានកម្រិត និងពាណិជ្ជូបនីយកម្ម​កសិផល​គន្លឹះ​នៅ​មិន​ទាន់​ត្រូវ​បានជំរុញឲ្យអស់សក្តានុពល៕ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីកសិកម្ម ណែនាំមន្រ្តីគ្រប់វិស័យបង្កើនការអនុវត្តការងារ និងដោះស្រាយរាល់បញ្ហាប្រឈម​ឲ្យមានប្រសិទ្ធិភាពខ្ពស់

2024/01/26 12:17:01 pm        163
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និង​ស្នើ​ឲ្យ​មន្រ្តី​ក្រោមឱវាទគ្រប់អនុវិស័យទាំងអស់ ត្រូវបង្កើននិងគិតគូរ​អនុវត្ត​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត ជាពិសេស​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​កសិករ​ប្រកប​ដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ នៅថ្ងៃទី២៥ ខែមករានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរម្លឹកដល់ថ្នាក់ដឹកនាំ និង​មន្ដ្រី​រាជ​ការ​ទាំងអស់ក្រោមឱវាទក្រសួង ត្រូវបន្តចូលរួមលើកស្ទួយផលិតកម្ម និង​រក្សា​ស្ថេរភាព​ថ្លៃ​រយៈ​ពេល​វែង ដើម្បីរក្សាខ្សែច្រវាក់តម្លៃឱ្យត្រូវនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីឱ្យមានប្រសិទ្ធភាព និង​ចំ​ទិស​ដៅ​ពិតប្រាកដ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងជាថ្មីម្ដងទៀត អំពីគោលនយោបាយរបស់ក្រសួង ដែល​ផ្ដល់​អាទិភាព​លើកា​ររក្សាសន្តិសុខស្បៀង និងនិរន្តរភាពធនធានធម្មជាតិ ដែលគ្រប់​អនុវិស័យ​ទាំងអស់​ត្រូវ​គិត​គូរអនុវត្តឱ្យបាននៅទូទាំងប្រទេស ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ជាមួយនេះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍បន្ថែមទៀត អំពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែល​ចាំ​បាច់​ត្រូវ​ថែ​រក្សា​ការពារ អភិវឌ្ឍ និងប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីផ្ដល់ប្រយោជន៍ដល់វិស័យកសិកម្ម។ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលសម្រេចបានលទ្ធផលល្អ ក្នុងការដោះ​ស្រាយ​បញ្ហា​ប្រឈម​នានានៅក្នុងវិស័យកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំង​ការ​ការពារ​នូវ​ធន​ធាន​ធម្មជាតិផងដែរ៕

គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា ប្រកាសបើកការដ្ឋានសាងសង់ ក្នុងទំហំទឹកប្រាក់​សរុបខ្ទង់ ១០លានដុល្លារ

2024/01/25 03:11:16 pm        314
ភ្នំពេញ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់ គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា ក្នុងទំហំទឹកប្រាក់សរុបខ្ទង់ ១០​លាន​ដុល្លារ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថី អូស៊ីអាយស៊ី (OCIC) ខណ្ឌជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ ជាមួយនឹងការផ្តល់ជូននូវកញ្ចប់អាំងប៉ាវយ៉ាងពិសេសដែរ។នៅក្នុងកម្មវិធីបើកការដ្ឋានសាងសង់គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆានេះ លោក សំរិត ម៉ារឌី ប្រធាន​ផ្នែកសិក្សាគម្រោង ប្លង់គម្រោងទីក្រុងរណបជ្រោយចង្វារ បានមាន​ប្រសាសន៍ថា គម្រោង​នេះរចនាបទឡើងប្រកបដោយវឌ្ឍនភាព និងប្រណីតភាពលើទំហំផ្ទៃដីសរុប ២ហិចតា តាមបែប Modernism Architecture កម្ពស់ ៦ជាន់ ដែលស័ក្តិសម សម្រាប់អ្នក​ដែល​មាន​បំណង​បើក​ហាង​គ្រឿងអលង្ការប្រណិតៗ, ការិយាល័យ, គ្លីនីក, និងក្រុមហ៊ុនធំៗ លើដង​មហា​វិថី​ដែល​មាន​ដង់ស៊ីតេប្រជាជនច្រើនកុះករ និងចរាចរខ្វែងខ្វាត់ អមដោយទេសភាព​ដ៏​ស្រស់​ត្រកាល​តាម​ដងទន្លេសាប និងទន្លេមេគង្គ ជាពិសេសនៅទល់មុខគម្រោងផ្សារទំនើប Big C តែម្តង។ លក្ខណៈ​ពិសេសរបស់គម្រោងនេះទៀតសោត គឺជាទីតាំងដ៏មានសក្កានុពលខ្លាំង ជាចរន្ត​ផ្លូវ​តភ្ជាប់​សេដ្ឋកិច្ច​ទី២ បន្ទាប់ពីស្ពានជ្រោយចង្វារ គឺតភ្ជាប់រវាងផ្លូវជាតិលេខ៥ និង៦អា ដែលជា​ច្រក​សេដ្ឋកិច្ច​សំខាន់ៗ​នៅក្នុងប្រទេស។ដោយឡែក លោកស្រី មាន ដាវិន ប្រធានគ្រប់គ្រងផ្នែកលក់គម្រោងទីក្រុងរណបជ្រោយចង្វារ បាន​បញ្ជាក់ថា ខាងគម្រោងផ្តល់ជូនការបញ្ចុះតម្លៃ ៥% កញ្ចប់អាំងប៉ាវ​ពិសេស​មាន​ទឹកប្រាក់​ចំនួន​ ២៦,៨៨៨ដុល្លារ រួមទាំងកញ្ចប់មួយចំនួនថែមទៀត មានដូចជា៖ មិនគិត​ថ្លៃ​សេ​វា​គ្រប់​គ្រង​រយៈពេល ១ឆ្នាំ , កញ្ចប់ពិនិត្យសុខភាព , ការផ្សព្វផ្សាយព័ត៌មានលើ Light box រយៈពេល ១ឆ្នាំ និង​កម្មវិធីសំខាន់ៗមួយចំនួនផ្សេងទៀត។សូមបញ្ជាក់ថា គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៣០​ខែ​ខាង​មុខ ក្នុងដំណាក់ទី១។ ស្ថាបត្យកម្មនៃអគារ បានផ្តោតទៅលើសោភ័ណភាព ទំនើប និង​ពហុ​មុខងារ ដោយរួមបញ្ចូលយ៉ាងរលូនជាមួយបរិស្ថានទីក្រុង។ បន្ថែមពីនេះ គឺបច្ចេកវិទ្យា សុខ​មាល​ភាព​ក្នុងការរស់នៅ តម្រឹមជាមួយនិន្នាការទីផ្សារបច្ចុប្បន្ន និងធានា​ការ​សម្រប​ខ្លួន​ទៅ​នឹង​តម្រូវ​ការ​អាជីវកម្មនាពេលអនាគត។សម្រាប់ព័ត៌មាន​លម្អិតសូមទំនាក់ទំនង៖ លេខទំនាក់ទំនង៖ 099 76 76 65 | 010 91 90 28 | 093 66 36 03 ,ឆាតសួរព័ត៌មាន: https://t.me/chroychangvarsatellitecity៕

ក្រសួងកសិកម្ម គ្រោងបើកវេទិកាស្តីពីកសិកម្ម ដើម្បីសម្រេចគោលដៅ នៃការនាំចេញ​នាពេលអនាគត

2024/01/25 02:12:51 pm        182
ដើម្បីសម្រេចបាននូវគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងរៀបចំវេទិកាមួយ ស្តីពីកសិកម្ម ដើម្បីទាក់ទាញ​អ្នក​វិនិយោគឲ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ក្នុងខ្សែច្រវាក់ផលិតកម្ម ទាំងការកែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ​នូវដំណាំ​អាទិភាព​មួយ​ចំនួន ដូចជាស្រូវ ម្រេច និងស្វាយចន្ទី។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចពិភាក្សាការងារស្តីពី ការ​រៀបចំវេទិកានិរន្តរភាពកសិកម្មកម្ពុជា ជាមួយភាគីពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២៤ មករា ឆ្នាំ​២០២៤​កន្លង​ទៅ បានមានប្រសាសន៍ថា ក្រសួងបាន​និង​កំពុង​ជំរុញ​គោល​នយោបាយ​កសិកម្ម​ឱ្យ​កាន់​តែ​រីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈ​ការ​ពង្រឹង​សហគមន៍កសិកម្មទំនើប។ ទាក់ទិនការគ្រោងបើកវេទិកាកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា ត្រូវការការ​សហការ​ចូល​រួមពីដៃគូអភិវឌ្ឍនានា និងវិស័យឯកជន ក្នុងការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ផ្សារ​ភ្ជាប់ផលិតផលដល់ទីផ្សារ។ ជាមួយនេះ ឯកឧត្តម បានលើក​ទឹកចិត្ត​ភាគី​ពាក់​ព័ន្ធ​ឱ្យ​ចូល​រួម​វេទិកា​នេះ ដើម្បីផលចំណេញទាំងអស់គ្នា និងជាពិសេស គឺផ្តល់ប្រយោជន៍​ដល់​សង្គម​ជាតិ​ទាំង​មូល​៕

ក្រសួងកសិកម្ម លើកទឹកចិត្តប្រជាសហគមន៍ក្នុងខេត្តចំនួន២ ឲ្យធ្វើកសិកម្មបែបទំនើប ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់

2024/01/20 01:51:40 pm        140
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងខេត្តកំពង់ចាម និង​ខេត្ត​កំពង់ធំ ឲ្យធ្វើកសិកម្មបែបទំនើបស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និង​ទទួល​បាន​តម្លៃ​ខ្ពស់ ដោយក្រសួងជាអ្នករកទីផ្សារជូនវិញ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បាន​ឲ្យ​ដឹង​ក្នុង​ផេក​ផ្លូវការ​ថា នៅចំពោះមុខប្រជាសហគមន៍សំបូរមានជ័យ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ឯកឧត្តម ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា ការធ្វើ​កសិកម្ម​បែប​ទំនើប​ស្រប​តាម​បច្ចេក​ទេស​នេះ ​ពិតជាមានសារៈសំខាន់។ សហគមន៍កសិកម្មទំនើប តម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់​គ្រង​រួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញច្រើន។ ករណីនេះ ឯកឧត្តម​បានលើកទឹកចិត្តដល់ប្រជាសហគមន៍ និងប្រជាកសិករផ្សេងៗទៀត ស្ម័គ្រចិត្តរួម​គ្នា​ចូល​រួម​ក្នុង​កម្មវិធីគោលនយោបាយកសិកម្មបែបទំនើបនេះ ទើបទទួលបានផលវិជ្ជមានខ្ពស់។ឯកឧត្តម បានលើកឡើងបន្តថា បើប្រជាសហគមន៍ដែលធ្វើកសិកម្មបែបទំនើប ហើយ​ត្រូវ​ការ​ដើមទុន​ធ្វើ​អាជីវកម្ម ក្រសួងមានគម្រោងហិរញ្ញវត្ថុ ដែលផ្តល់ការ​គាំទ្រ​ចាប់​ពី​ការ​កសាង​ផែនការ​អាជីវកម្ម ការផ្តល់ប្រាក់កម្ចី ការគាំទ្រ ផ្តល់ជាអំណោយមូលធុន (បើគម្រោងវិនិយោគជាប់ នឹង​ទទួល​បាន​អំណោយចំនួន ៤០ភាគរយ នៃដើមទុនវិនិយោគសរុប និងជួយ​គាំទ្រ​ស្វែង​រក​ទីផ្សារ​ជា​ដើម​។ចំពោះដើមទុនវិនិយោគនេះ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចុះ​អនុសារណៈយោគយល់គ្នាមួយជាមួយធនាគារវីង ដោយធនាគារបានតម្កល់លុយចំនួន ៥​លាន​ដុល្លារ ទុកនៅក្រសួង សម្រាប់ផ្តល់កម្ចីជូនប្រជាសហគមន៍ និងកសិករ ក្នុង​អត្រា​ការ​ប្រាក់​ទាប​ ពោលចន្លោះពី ៧ ទៅ ៨ភាគរយ ក្នុងមួយឆ្នាំ ហើយកម្ចីនេះ មិន​តម្រូ​វឱ្យ​ដាក់​វត្ថុ​បញ្ចាំ​អ្វី​នោះ​ទេ​៕

រដ្ឋមន្រ្តីកសិកម្ម ណែនាំមន្រ្តីក្រោមឱវាទគួរដាក់ផែនការឲ្យបានត្រឹមត្រូវ ដើម្បីបង្កើតផល​ចំណេញជារួម

2024/01/20 11:22:36 am        216
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ណែនាំ​ឲ្យ​មន្រ្តី​ក្រោមឱវាទ ត្រូវមានផែនការជាក់លាក់ស្របតាមយន្តការគោលនយោបាយ និងពិនិត្យ​តាម​ដាន​ទៀងទាត់​លើការកាត់បន្ថយថ្លៃដើមផលិត សំដៅផ្តល់ផលចំណេញដល់កសិករ និងមិន​មាន​បង្កើត​បញ្ហា​ថ្មី ឬផលប៉ះពាល់ផ្សេងៗដល់សុខភាពអ្នកបរិភោគ និងសន្តិសុខស្បៀងទាំងក្នុងស្រុក និង​ការនាំចេញ។ការលើកឡើងខាងលើនេះ របស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ និងលើកទិសដៅការងារបន្ត របស់​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីរសៀលថ្ងៃទី១៩ មករា ឆ្នាំ២០២៤ នៅ​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អនុវត្តការងារ និងសម្រេចជោគជ័យតាំងពីថ្នាក់ដឹកនាំរហូតថ្នាក់ក្រោម។ ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម បានគូសបញ្ជាក់អំពីគោលនយោបាយដែលចាំបាច់ត្រូវធានាសន្តិសុខស្បៀង និង​រក្សា​និរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ផលិតកម្ម និងសុខភាពមានការផ្សារភ្ជាប់គ្នា ដែល​ទាមទារ​ឱ្យ​មាន​ការ​គិតគូរលើការធានាគុណភាពសាច់ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។បើតាមឯកឧត្តម ឌិត ទីណា គោលនយោបាយអាទិភាពទី៥ និងទី៦ គឺជាត្រីវិស័យ​ក្នុង​ជំរុញ​គោល​នយោបាយ​កសិកម្មឈានទៅរកភាពជោគជ័យ ធានាស្ថិរភាពតម្លៃ តាមរយៈ​ការ​ជំរុញ​សហគមន៍​កសិកម្មទំនើបដែលបម្រើឱ្យវិស័យកសិកម្មទាំងមូល ព្រមជាមួយ​យន្តការ​ដាក់​ពង្រាយ​មន្ត្រី​ផ្សព្វ​ផ្សាយកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋានដើម្បីជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តម ក៏បាន​ណែនាំ​យ​កចិត្តទុកដាក់ សហការ ធ្វើការជាមួយគ្នាឱ្យបានល្អ ត្រូវមានការ​សិក្សា និង​វាយ​តម្លៃ​ច្បាស់​លាស់​ទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងនយោបាយ៕

សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងខ្ពស់ការពង្រីកទីផ្សារបន្ថែម ក្នុងសហគមអឺរ៉ុប​តាមរយៈដំណើរ​ទស្សនកិច្ច​របស់ថ្នាក់ដឹកនាំកម្ពុជា

2024/01/19 12:19:31 pm        200
ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងជាមួយក្តីរំពឹងទុកថា តាមរយៈ​ដំណើរ​ទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សហគមអឺរ៉ុបលើកនេះ នឹង​អាច​នាំ​មក​វិញ​នូវអ្នកវិនិយោគដែលមានបំណងចង់រកស៊ីក្នុងវិស័យកសិកម្ម ក៏ដូចជា​ការ​ទៅ​ពង្រីក​បើក​ទីផ្សារ​អង្ករ​បន្ថែម​ទៀត នៅក្នុងប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប។លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់ ប៊ីធីវី នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែមករានេះថា ទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃកម្ពុជា នៅប្រទេសបារំាង និងស្វីស លោកបានមើលឃើញថា មានជំនួប​ការងារ​យ៉ាង​ច្រើន​ដែល​សម្តេចក៏ដូចជាគណៈប្រតិភូកម្ពុជាបានកំពុងបំពេញ ក្នុងនោះក៏បាន​ចាប់​អារម្មណ៍​ឃើញ​មាន​ជួប​ជាមួយក្រុមហ៊ុន Bühler Group ខណៈបច្ចុប្បន្នក្រុមហ៊ុនមួយនេះ មានវត្តមាននៅ​កម្ពុជា​រួច​ហើយ​ដែរ។ លោកបានឲ្យដឹងថា ក្រុមហ៊ុន Bühler Group បច្ចុប្បន្ននេះ កំពុងផ្គត់ផ្គង់​នូវ​បរិក្ខា​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ ដែលធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ក្លាយទៅជារោង​ម៉ាស៊ីនកិន​ស្រូវ​ដែល​បំពាក់​នូវ​បច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើន ជាពិសេសប្រព័ន្ធរើសគ្រាប់ពណ៌ឡសម្ងួត និង​ម៉ាស៊ីន​ផ្សេងៗទៀត ដែលបំពាក់សម្រាប់បម្រើកិនកែច្នៃនៅក្នុងរោងម៉ាស៊ីនកិនស្រូវ។សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Mary Akinyi Olwal នាយិកាគ្រប់​គ្រង​គុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ចូលជួបសម្តែង​ការ​គួរ​សម​ក្នុង​ឱកាស​ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ក្នុងឱកាស​នៃ​ជំនួបនេះ លោកស្រីនាយិកា បានបង្ហាញអំពីចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ពង្រីក​នូវ​ការ​វិនិយោគរបស់ក្រុមហ៊ុន ដោយនាំយក​នូវ​បច្ចេក​វិទ្យា​ទំនើប​ឈាន​មុខ​គេ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ចាប់តាំងពីដំណើរការនៃការដាំដុះ ការប្រមូលផល រហូតដល់ការ​ផលិត​កែច្នៃ​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅប្រ​ទេសផងដែរ។សូមជម្រាបជូនទៀតថា ក្រុមហ៊ុន Buhler Group គឺជាក្រុមហ៊ុនប្រទេសស្វីស ដែលបានចាប់​ផ្តើម​អាជីវកម្ម​របស់ខ្លួន អស់រយៈពេល ១៥០ឆ្នាំមកហើយ ដោយមាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ប្រទេស​ចំនួន១៤០ ជុំវិញពិភពលោក។ ក្រុមហ៊ុននេះបានផ្តោតសំខាន់លើសន្តិសុខ និង​សុវត្ថិភាព​ស្បៀង ដោយបានវិវត្តន៍នូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ វេចខ្ចប់ និងចែកចាយ ចំណី​អាហារ។ លើសពីនេះទៀត ក្រុមហ៊ុន Bühler គឺជាក្រុមហ៊ុន​ដែលឈាន​មុខ​គេ​លើ​បច្ចេក​វិទ្យា​រថយន្ត អុបទិក អេឡិចត្រូនិច ការបោះពុម្ព ការវេចខ្ចប់ និងបច្ចេកវិទ្យាកញ្ចក់៕

រាជរដ្ឋាភិបាលនឹងបោះផ្សាយលក់មូលបត្ររដ្ឋ មានទំហំទឹកប្រាក់ ៤៤០ ប៊ីលានរៀលក្នុងឆ្នាំនេះ

2024/01/15 02:42:11 pm        190
រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០២៤នេះនឹងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ៤៤០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១០៨ លានដុល្លារអាមេរិក ដើម្បីផ្តល់ចំណូល​ដោយ​ត្រង់​មក​រាជ​រដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និងចីរភាព នៃការគ្រប់ គ្រងបំណុល និង​ថវិកា​ជាតិ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ពីផែនការ​បោះផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ឆ្នាំ២០២៤ ដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ, អនុ​លោម​តាម​ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ និងក្រប​ខ័ណ្ឌ​គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ ២០២៤ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈ​ការ​ដេញ​ថ្លៃ​នៅ​លើ​ផ្លែត​ហ្វម របស់ធនាគារជាតិនៃកម្ពុជា ក្នុង ទំហំទឹកប្រាក់ ៤៤០ ប៊ីលានរៀន។ជុំវិញព័ត៌មាននៃការបោះផ្សាយលក់មូលបត្រ បានកំណត់ដូចជា៖ តម្លៃចារឹកក្នុងមួយប័ណ្ណ ១ លាន​រៀល, ប្រភេទមូលបត្រឥណ ប្រតិទានមានរយៈពេល ១ឆ្នាំ បោះផ្សាយចំនួន ២ដង គ្រោង​បោះ​ផ្សាយ​ក្នុងទំហំសរុប ២៨០ ប៊ីលានរៀន, ឥណប្រតិទាន ២ឆ្នាំ ចំនួន ៤០០ ប៊ីលានរៀន, ឥណ​ប្រតិទាន ៣ឆ្នាំ ១៨០ ប៊ីលានរៀន, និង ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ គ្រោង​បោះផ្សាយ​ក្នុង​ទំហំ​សរុប ៦០ប៊ីលាន រៀលស្មើរៗគ្នា ជាប្រភេទអត្រាគូប៉ុង ថេរ, ការទូទាត់គូប៉ុង រៀងរាល់ ៦ ខែ ដោយ​ចាប់​គិតពីថ្ងៃបោះផ្សាយ។សូមបញ្ជាក់ថា ចំពោះគម្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ ២០២៤នេះ គឺ​សម្រាប់​សង​ប្រាក់​ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បី​ធ្វើ​ហិរញ្ញប្ប​ទាន លើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និង​ផ្តល់​ផល​រហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និង​ថវិកាជាតិ។ ស្របពេលខាងលើនេះ, រាជរដ្ឋាភិបាល​កំណត់​ទំហំ​នៃ​ការ​ខ្ចី​ប្រាក់​ពីដៃគូ​អភិវឌ្ឍ សម្រាប់​ឆ្នាំ២០២៤ ក្នុងកម្រិត ១៧០០លានអេសដេអ៊ែ គឺរក្សាពិតានដូចក្នុងឆ្នាំ ២០២៣ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​រួមមាន៖ ទំហំនៃតម្រូវការវិនិយោគសាធារណៈ ដែលកម្ពុជាមានភាពចាំបាច់ ក្នុង​ការ​កៀរ​គរធនធានបន្ថែមឱ្យបានច្រើន ដើម្បីបំពេញ​តម្រូវ​ការ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​, កម្មវិធី និងគម្រោងអភិវឌ្ឍន៍ ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ ២០២៤ ក្នុង​វិស័យអាទិភាព ដែលមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ដល់ ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុង​រយៈ​ពេល​មធ្យម និងវែង, ឥណទានមានកម្រិតសម្បទានខ្ពស់, ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​ បច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមានចីរភាព និងហានិភ័យកម្រិតទាប; និង​ការ​បន្ត​បង្កើន​ប្រសិទ្ធ​ភាព ខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងនានា៕ អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំ២០២៣ បទល្មើសនេសាទនៅកម្ពុជាមានការថយចុះ ធ្វើឲ្យទិន្នផលត្រីកើនឡើង

2024/01/10 01:17:04 pm        294
ភ្នំពេញ៖ អ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិត​ក្នុង​ឆ្នាំ​២០២៣ ការបង្រ្កាបបទល្មើសនេសាទនៅទូទាំងបឹងទន្លេសាបមានការថយចុះ មូល​ហេតុ​ដោយ​សារ​ការប​ង្រ្កាប​បានច្រើនកាលពីឆ្នាំ២០២២ ដូចជាបានបញ្ជូនជនល្មើសទៅកាន់តុលាការក៏ច្រើន និង​កសាងសំណុំរឿងជាដើមទៅកាន់តុលាការ។លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុងបណ្តាញសង្គម បានឲ្យដឹងថា ការថយចុះបទល្មើសនេសាទនេះដែរ ក៏មាន​ចលនា​ស្ម័គ្រ​ចិត្តពីសំណាក់ប្រជានេសាទដែល ធ្លាប់តែប្រកបរបរ​នេសាទ​ដែលប្រើ​ឧបករណ៍​ខុស​ច្បាប់ ដូចជាឧបករណ៍ឆក់ជាដើម បានស្ម័គ្រ​ប្រគល់​ជូន​ឧបករណ៍​ខុស​ច្បាប់​ទាំងនោះ​មក​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច នេះគឺជាចលនាមួយដែលរដ្ឋបាលជលផល ក៏ដូចជា​ក្រសួង​កសិកម្ម​ទាំង​មូល សូមសម្តែងការកោតសសើរ និងចាត់ទុកថា ជាគំរូ ជាវីរៈភាព ជាការលះបង់​របស់​ប្រជា​នេសាទ ដើម្បីផលប្រយោជន៍រួម មិនត្រឹមតែ​សម្រាប់​សហគមន៍​នេសាទ​នៅ​ក្នុង​តំបន់​ដែល​រ​ស់​នៅ​ទេ​ គឺសម្រាប់អនាគត សម្រាប់និរន្ត៍ភាពនៃធនធានជលផល នៅ​ក្នុង​ធនធាន​ធម្មជាតិទាំ​ង​មូល​តែម្តង​។ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅរាត្រីថ្ងៃទី៩ ខែ​មករាកន្លងទៅ បានបញ្ជាក់ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា នៅឆ្នាំ២០២៤នេះ ការ​ប្រមូល​ផល​នេសាទ និងការបង្ក្រាបបទល្មើសនេសាទ នឹងមានផលវិជ្ជមាន ដោយសារ​បា​នឃើញ​លទ្ធផល​នៃ​ការងារ​ឆ្នាំ២០២៣ឃើញថាល្អ ហើយក៏បានដាក់ទិសដៅបន្តទៀតនៅឆ្នាំនេះ ដោយ​បង្កើន​ការ​ទប់​ស្កាត់ និងបង្រ្កាបបទល្មើសកាន់តែសកម្ម ទាំងក្នុងនិងក្រៅតំបន់បឹងទន្លេសាប និង​បង្កើន​សកម្មភាព​អភិរក្សត្រី​មេពូជ ព្រមទាំទីជម្រកជលផលផងដែរ។ក្នុងរបាយការណ៍​បូករសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និងលើក​ទិសដៅ​សម្រាប់​ឆ្នាំ២០២៤ ពាក់ព័ន្ធការបង្រ្កាបបទល្មើសជលផល បានបញ្ជាក់ថា បាន​បង្រ្កាប​បទ​ល្មើស​ជលផល​សរុបចំនួន ៣,០៥៤ករណី (សមុទ្រ ១៩៧ករណី) ប្រៀបធៀបឆ្នាំមុនកើនឡើងចំនួន ២៧៦​ករណី រួមមាន៖ បំផ្លាញចោលវត្ថុតាង ២,៨៤៩ករណី , របាំងស្បៃមុងនិងសាច់អួនប្រវែង ១,៣០០,៥៣៦ម៉ែត្រ , លប លូស្បៃមុងនិងលូសាច់អួន ១៨,៣៧៦មាត់ , បង្គោលឬចម្រឹង ៥៤៩,៧៨៦ដើម , អូនអូសទឹកសាបរួមផ្សំឆក់ត្រជាក់ ១៣វង់ , ឈិបយន្ត ១៨គ្រឿង , ប្រើ​សាច់​អួន​ត្រង​ចាប់ត្រីរួមផ្សំភ្លើង (ឈ្នក់) ១១១វង់ , សម្រាស់ទំហំ ៦២,៣៩៨ម៉ែត្រ , លបកែច្នៃ​ ឬលប​កន្ទុយ​កណ្តុរ ៩,១៥៨គ្រឿង និងលែងត្រីចម្រុះចូលក្នុងធម្មជាតិវិញ ៤៦,៤៤៧គីឡូក្រាម។ ក្នុងនោះ បានពិន័យយន្តការណ៍ ១១៣ករណី = ៤១០,៥៣៨,៥០០រៀល និងបញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ៩២ករណី ដោយបញ្ជូនជនសង្ស័យ ៦២នាក់ និងជាប់ពន្ធនាគារ ៣៨នាក់។រដ្ឋបាល​ជល​ផល បានអះអាងទៀតថា សម្រាប់ទិសដៅអនុវត្តឆ្នាំ២០២៤នេះ មានគោលដៅ​សម្រេច​ឲ្យ​បានផលនេសាទទឹកសាប ៤៥៤,០០០តោន សមុទ្រ១៣០,០០០តោន វារីវប្បកម្ម ៣៥០,០០០តោន កូនត្រីពូជ ៣០០លានកូន ក្រពើ ៣០ម៉ឺនក្បាល ការកែច្នៃ ៧ម៉ឺនតោន ទឹកត្រី ៥០លានលីត្រ និងការនាំចេញផលផលិតផលជលផល ៨ពាន់តោន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្នាក់ងារសេវាសម្ងាត់អាមេរិក ៦នាក់ រងការដាក់ពិន័យ ជុំវិញហេតុការណ៍ប៉ុនប៉ងធ្វើឃាតលោក Trump នៅឆ្នាំមុន
07/11/2025 09:07 AM
សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូប ចូលរួមប្រជុំពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃព្រះរាជាណាចក្រកម្ពុជា 
07/11/2025 09:07 AM
IMF៖ ការដំឡើងពន្ធថ្មីរបស់អាមេរិក ធ្វើឲ្យភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មកើនឡើងខ្ពស់
07/11/2025 09:07 AM
រដ្ឋមន្រ្តីសុខាភិបាល៖ «ក្នុងនាមជាតួអង្គគន្លឹះ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការទាំងផ្នែកបច្ចេកទេស រដ្ឋបាល និងទំនាក់ទំនងរវាងគ្នានឹងគ្នា»
07/11/2025 09:07 AM
ប្រមុខការទូតអាមេរិក និងរុស្ស៊ី មានកិច្ចពិភាក្សាដោយស្មោះត្រង់ក្រៅជំនួបអាស៊ានខណៈរិះគន់ការអូសបន្លាយសង្គ្រាមអ៊ុយក្រែន
07/11/2025 08:07 AM
ប្រេស៊ីល ប្ដេជ្ញាសងសឹកចំពោះពន្ធដ៏ខ្ពស់របស់លោក Trump ប៉ុន្តែក៏នៅបើកចំហការទូត
07/11/2025 08:07 AM
លោក Trump ដាក់ពន្ធ ៣៥% លើកាណាដា ខណៈគិតចង់យកពន្ធ ១៥%-២០% លើអ្នកផ្សេងទៀត
07/11/2025 08:07 AM
អាមេរិកនិងចិនរិះគន់គ្នាដោយប្រយោលនៅឯកិច្ចប្រជុំអាស៊ាន ដោយសន្យាផ្តល់គាំទ្រដល់ប្លុកតំបន់មួយនេះ
07/11/2025 08:07 AM
ព្រឹកនេះ រដ្ឋសភាបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីការដកសញ្ជាតិ ចំពោះជនណាគប់គិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង
07/11/2025 06:07 AM
ការរីករាលដាលជំងឺអាសន្នរោគធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខភាពនៅភាគខាងកើតប្រទេសកុងហ្គោ
07/10/2025 08:07 PM