ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង
កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម
កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

សេដ្ឋកិច្ច និង កសិកម្ម

CAPFISH-Capture ណែនាំឲ្យប្រើប្រាស់បច្ចេកវិទ្យាសម្ងួតផលិតផល​ជលផល​ដោយថាមពលព្រះអាទិត្យ ដើម្បីបង្កើនប្រសិទ្ធិភាព

2024/01/10 11:40:53 am        190
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បាន​រៀប​ចំ​ចង​ក្រង និងផ្សព្វផ្សាយជាសាធារណៈនូវសៀវភៅមគ្គទេសក៍ ដោយណែនាំបែបសាមញ្ញជាជំហានៗ ដើម្បីប​ង្កើនប្រសិទ្ធភាពនៃការហាលសម្ងួតត្រី និងបង្គា ដោយប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​ព្រះអាទិត្យ​។ក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ របស់​គម្រោង​អភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានលើកឡើងថា បច្ចេកវិទ្យាហាល​សម្ងួត​ដោយ​ថាមពល​ព្រះអាទិត្យ ឬទូសម្ងួតពន្លឺព្រះអាទិត្យ (SDD) ផ្តល់លទ្ធភាព​ដល់​សហគ្រាស​កែច្នៃ​ជលផល​ក្នុង​ការហាលសម្ងួតត្រី និងបង្គាបានកាន់តែប្រសើរនៅគ្រប់លក្ខខណ្ឌអាកាសធាតុ និង​បរិស្ថាន​ស្អាតល្អ កាត់បន្ថយការបាត់បង់ក្រោយប្រមូលផលនិងលើកកម្ពស់គុណភាពផលិតផល។ ប្រភពខាងលើនេះ បានបន្តទៀតថា ឈរលើទិដ្ឋភាពនេះ គម្រោង​បាន​នឹង​កំពុងជំរុញ​យ៉ាង​សកម្ម​ឱ្យ​សហគ្រាស​កែច្នៃជលផលនៅកម្ពុជា ប្រើប្រាស់បច្ចេក​វិទ្យា​ហាល​សម្ងួត​ដោយ​ថាមពល​ព្រះអាទិត្យ​ឱ្យ​បាន​កាន់តែទូលំទូលាយ ក្នុងគោលដៅបង្វែរ​ពីការហាល​សម្ងួត​បែប​នៅ​ទីវាលក្រោ​ម​ពន្លឺ​ព្រះអាទិត្យ មកប្រើប្រាស់បច្ចេកវិទ្យាសម្ងួតថ្មីនេះវិញ។ គម្រោងនេះ គាំទ្រថវិកា​ដោយ​សហភាព​អឺរ៉ុប(EU)។បច្ចេកវិទ្យា​ទូ​សម្ងួតពន្លឺព្រះអាទិត្យ (SDD) ជួយសម្រួលដល់​សហគ្រាស​កែច្នៃ​ជលផល​ដើម្បី​ដោះស្រាយ​នូវ​បញ្ហាប្រឈមជាច្រើនដូចជាការហាលស្ងួតពេក ឬស្រពាប់ពេក ហានិភ័យ​នៃ​ការ​ចម្លង​រោគ លក្ខខណ្ឌអាកាសធាតុ មិនអំណោយផល និងការប្រើប្រាស់កម្លាំងពលកម្មច្រើន។ តាមរយៈ​កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) គម្រោង​ផ្តល់​ការ​គាំទ្រ​ដល់​សហគ្រាស​កែច្នៃ​ជលផលចំនួន១០ ក្នុងខេត្តក្រុងចំនួន៦ ជាមួយនឹងទូសម្ងួត​ពន្លឺ​ព្រះអាទិត្យ ដើម្បី​ប្រើប្រាស់​ក្នុង​គោល​ដៅ​បង្កើន​ភាព​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​នាំចូល​តាមរយៈ​ការ​បង្កើន​ផលិតភាព កែលម្អការអនុវត្តអនាម័យល្អ ជួយឱ្យផលិតផលត្រីងៀត និងបង្គា​ក្រៀមមា​ន​គុណភាព និងសុវត្ថិភាពល្អ។ក្នុងគោល​ដៅចែករំលែក និងផ្សព្វផ្សាយ​ចំណេះដឹង​លើការ​ប្រើប្រាស់​បច្ចេក​វិទ្យាហាល​សម្ងួត​ដោយ​ថាមពល ព្រះអាទិត្យ គម្រោងបាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រៀបចំ​ផលិត​សៀវភៅ​មគ្គទេសក៍​ណែនាំ​បែប​សាមញ្ញជាជំហានៗក្នុងការហាលសម្ងួតត្រី និងបង្គាដោយប្រើប្រាស់​ទូស​ម្ងួត​ពន្លឺ​ព្រះអាទិត្យ។ សៀវភៅមគ្គទេសន៍នេះ ត្រូវបានផ្តល់ជូន និងចែករំលែក​ជាមួយ​សហគ្រាស​កែច្នៃ​ជលផល និងតួអង្គក្នុងខ្សែចង្វាក់តម្លៃជលផលក្រោយប្រមូល ផល ដើម្បីមាន​លទ្ធភា​ព​ប្រើប្រាស់​បច្ចេក​វិទ្យា​នេះប្រកបដោយប្រសិទ្ធភាព និងទទួលបានផលិតផលដែលមាន គុណភាព និង​ប្រកប​ដោយ​អនាម័យខ្ពស់។លោកស្រី សុខ ឃីម ម្ចាស់សហគ្រាសផលិតត្រីងៀត ហេង ហ៊ត (សុខ ឃីម) នៅ​ខេត្ត​សៀមរាប​បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា សៀវភៅមគ្គទេសក៍នេះងាយយល់ និង​ងាយ​អនុវត្តតាម។ អ្នកស្រីអាចប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួត ដោយ​ថាមពល​ព្រះអាទិត្យ​បាន​យ៉ាង​ងាយ​ស្រួ​ល និងមានប្រសិទ្ធភាពក្នុងការបង្កើនគុណភាពផលិតផលត្រីងៀត ដែលជា​លទ្ធផល​វា​បង្កើន​ទំនុកចិត្តរបស់អតិថិជន និងការលក់ផងដែរ។បន្ថែមលើសនេះ​ទៀត តាមរយៈកិច្ចសហការ និងភាពជាដៃគូជាមួយគម្រោង SWITCH to Solar គម្រោងអ​ភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) រួមជាមួយតួអង្គ​សំខាន់ៗ​ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត , ខណ្ឌ​រដ្ឋបាលជលផលនៅតាមបណ្តាខេត្ត គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ , ក្រុមហ៊ុន​ថាមពល​ពន្លឺ​ព្រះអាទិត្យ និងសហគ្រាសកែច្នៃជលផល បាននិងកំពុងខិតខំជម្រុញគំនិតផ្តួចផ្តើមនេះ ធ្វើយ៉ាង​ណាឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផល និងផលិតផល កសិកម្ម​ផ្សេងៗ​ទៀត​នៅក​ម្ពុជា​ទទួ​លយក និងប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានកាន់តែទូលំទូលាយ ក្រោមរូបភាពនៃការបណ្តាក់ ទុនរួមគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

មុខទំនិញថ្មីចំនួន ៤ថែមទៀត គ្រោងដាក់បញ្ចូលក្នុងបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI)

2024/01/08 03:38:42 pm        270
បច្ចុប្បន្ននេះ ក្រោមកិច្ចគាំពាររបស់អង្គការអន្តរជាតិនានា ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងពិនិត្យ និង​រៀបចំឯកសារចាំបាច់នានា ដើម្បីអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication ហៅកាត់ GI) ក្នុងគោលបំណងជួយពង្រីកមុខមាត់ កិត្យានុភាព កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណនៃដែនដីភូមិសាស្រ្តកម្ពុជាលើឆាកអន្តរជាតិ និង​ដើម្បី​ជួយ​ពង្រឹង​គុណភាព ការបង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្តដល់អ្នកប្រើប្រាស់ តាមរយៈ​ប្រព័ន្ធ​ធានា​រ៉ាប់​រង​គុណភាព។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៨ ខែ​មករា ឆ្នាំ២០២៤នេះ បានឲ្យ ប៊ីធីវី ដឹងថា បច្ចុប្បន្ននេះ ក្រសួង​បាន​ចុះ​បញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ​ចំនួន៧ រួចហើយ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុង​កោះទ្រង់​” “​ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” “បង្កងតាកែវ” “ទឹកត្រីកំពតកែប”។ដោយឡែក ចំពោះមុខទំនិញចំនួន ៤ផ្សេងទៀត ដែលក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​ដាក់​បញ្ចូល​ក្នុង​បញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ ឯកឧត្តម បានរៀបរាប់ថា ១.ប្រហុកសៀមរាប ចុះ​បញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដោយប្រើប្រាស់ជំនួយបច្ចេកទេសរបស់អង្គការ យូនីដូ (UNIDO) ។ ២.សូត្រកម្ពុជា កំពុងរៀបចំសំណើគម្រោង ដើម្បី​ចុះ​បញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ទំនិញ ដោយពិនិត្យលទ្ធភាពក្នុងការអនុវត្តជាក់ស្តែងដោយខ្លួនឯង ឬប្រើប្រាស់​ជំនួយ​បច្ចេកទេស​របស់​ដៃគូ។ ៣.ធុរេនកំពត ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដោយស្នើ​សុំ​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ។ និង៤.ក្តាមថ្មកោះកុង ចុះ​បញ្ជី​ជា​ម៉ាកសំគាល់ភូមិសាស្រ្តទំនិញដោយប្រើប្រាស់ថវិកាផ្ទាល់របស់រដ្ឋ គួបផ្សំនឹង​ជំនួយ​បច្ចេក​ទេស​របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) ដែលមកទល់​ពេល​នេះ​ការ​សិក្សា​កំពុង​ចាប់​ផ្តើម​ដំណើរការ។ជាមួយគ្នានេះ ឯកឧត្តម ប៉ែនសុវិជាតិ បានលើកឡើងនូវអត្ថប្រយោជន៍ នៃការ​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្រ្តទំនិញរបស់កម្ពុជាមួយចំនួនថា សមាជិកនីមួយៗអាច​ប្រើប្រាស់​រូប​សញ្ញាម៉ាក​សម្គាល់​ភូមិសាស្រ្តទំនិញ រូបសញ្ញាជាតិទំនិញសម្គាល់ភូមិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា លើ​សំបក​វេចខ្ចប់ និងឧបករណ៍ផ្សព្វផ្សាយផ្សេងៗ ដើម្បីជាយុទ្ធសាស្រ្តទីផ្សារ និងរក្សា​គុណ​តម្លៃ​ផលិត​ផល , ចូលរួមប្រកួតប្រជែងប្រកបដោយប្រសិទ្ធិភាពនៅក្នុងងកម្មវិធីពិព័រណ៍ថ្នាក់ជាតិ និង​អន្តរជាតិ ដោយលើកមុខមាត់ និងអត្តសញ្ញាណកម្ពុជា និងចូលរួមបង្កើនការងារ​ក្នុង​តំបន់​ដោយ​ផ្ទាល់ ឬប្រយោល ក្នុងការកាត់បន្ថយចំណាកស្រុកជាដើម។សូមបញ្ជាក់ថា ក្រៅពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា ក្រសួងពាណិជ្ជកម្ម ក៏បាន​ចុះ​បញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអន្តរជាតិ ចំនួន ២៣ម៉ាក និងការចុះ​បញ្ជី​ម៉ាក​សមូហភាព​កម្ពុជា ចំនួន ៨ម៉ាក ផងដែរ មានដូចជា គុយទាវភ្នំពេញ , អំបុកកំពង់ធំ , អង្ករព្រះវិហារ , SKO ដែលជាអង្ករក្រអូប , DSMK ជាអង្ករដំណើប , ដូងខ្ទិះបាត់ដំបង , នំបញ្ចុកសៀមរាប និង​ក្រូច​ថ្លុង​កោះពីរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ព្រឹកស្អែក សម្តេច ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់

2024/01/08 02:50:39 pm        19
ភ្នំពេញ៖ ព្រឹកស្អែក ថ្ងៃទី៩ មករា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី“សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ២០ តុលា ២០២៣ ” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។

UN៖ កំណើនសេដ្ឋកិច្ចសកលត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះមកនៅត្រឹម២,៤% ក្នុងឆ្នាំ ២០២៤

2024/01/05 10:09:16 am        98
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពីប្រមាណ២,៧%ក្នុងឆ្នាំ២០២៣ មកនៅត្រឹម២,៤%ក្នុងឆ្នាំ២០២៤នេះ ។ របាយការណ៍ស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យពិភពលោក បាននិយាយថា កំណើននេះ ត្រូវបានគេព្យាករណ៍ថានឹងមានភាពប្រសើរឡើងក្នុងកម្រិតមធ្យមដល់ ២,៧% ក្នុងឆ្នាំ ២០២៥ ប៉ុន្តែនឹងនៅតែទាបជាងអត្រាកំណើនដែលបានរំពឹងទុកមុនការរាតត្បាតវីរុសនៃ ៣,0% ។ របាយការណ៍ដដែលបាននិយាយថា អតិផរណាសកលត្រូវព្យាករណ៍ថានឹងធ្លាក់ចុះបន្ថែមទៀត ពីប្រមាណ៣,៩% ក្នុងឆ្នាំ ២០២៣ដល់៥,៧% ក្នុងឆ្នាំ ២០២៤ ។ របាយការណ៍ខាងលើបានបន្ថែមថា ប៉ុន្តែសម្ពាធតម្លៃនៅតែកើនឡើងនៅក្នុងប្រទេសជាច្រើន ហើយការកើនឡើងបន្ថែមទៀតនៃជម្លោះភូមិសាស្ត្រនយោបាយនឹងដាក់បន្ទុកបន្ថែមទៀត ។ របាយការណ៍នេះបានគូសបញ្ជាក់ថា នៅក្នុងប្រហែលមួយភាគបួននៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ អតិផរណាប្រចាំឆ្នាំ ត្រូវបានព្យាករណ៍ថានឹងហក់ឡើងលើសពី ១០% ក្នុងឆ្នាំ ២០២៤នេះ។មានការរំពឹងថាសហរដ្ឋអាមេរិកនឹងមើលឃើញការធ្លាក់ចុះនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពី២,៥ % ក្នុងឆ្នាំ ២០២៣ ដល់១,៤% ក្នុងឆ្នាំ ២០២៤ ដោយបន្ថែមថាប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងជួបប្រទះកំណើនយឺតក្នុងកម្រិតមធ្យមជាមួយនឹងកំណើនដែលបានព្យាករណ៍ ក្នុងអត្រា៤,៧% ក្នុងឆ្នាំ ២០២៤ ដែលធ្លាក់ចុះពី ៥,៣% កាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ អឺរ៉ុប និងជប៉ុន ក៏ជួបបញ្ហាប្រឈមអត្រាកំណើនដែលត្រូវបានព្យាករណ៍នៅកម្រិត ១,២% សម្រាប់តំបន់ទាំងពីរក្នុងឆ្នាំ ២០២៤ ផងដែរ។ ទន្ទឹមនឹងនោះ អត្រាកំណើនរបស់ទ្វីបអាហ្រ្វិកត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្តិចពី ៣,៣% ក្នុងឆ្នាំ ២០២៣ ដល់ ៣,៥% ក្នុងឆ្នាំ ២០២៤៕

តម្លៃប្រេងដល់ចុងឆ្នាំ ធ្លាក់ចុះ ១០ភាគរយ ចំពេលមានការព្រួយបារម្ភអំពីតម្រូវការ និងការរំខានផ្លូវដឹកជញ្ជូន

2023/12/30 02:17:15 pm        179
អំឡុងឆ្នាំ២០២៣ ទីផ្សារប្រេងឆៅបានជួបប្រទះការប្រែប្រួលគួរឲ្យកត់សម្គាល់ ដោយតម្លៃប្រេងត្រៀមបញ្ចប់ឆ្នាំដោយការធ្លាក់ចុះជិត ១០ភាគរយ ដែលជាធ្លាក់ចុះប្រចាំឆ្នាំលើកដំបូង ក្នុងរយៈពេល ២ឆ្នាំ។ហ៊ុនប្រេងឆៅ Brent បានឡើង ០,៤ភាគរយ នៅម៉ោង ៨ ម៉ោងសកល នៅថ្ងៃសុក្រ (ទី២៩ ខែធ្នូ) ដែលជាថ្ងៃជួញដូរចុងក្រោយនៃឆ្នាំ ខណៈដែលហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate កំពុងជួញដូរ ក្នុងតម្លៃឡើងខ្ពស់ ០,៣ភាគរយ។ការធ្លាក់ចុះនេះបណ្ដាលមកពីឥទ្ធិពលនៃកត្តាជាច្រើន ក្នុងនោះរួមទាំងកង្វល់ភូមិសាស្ត្រនយោបាយ ការកាត់បន្ថយផលិតកម្ម និងវិធានការជាសកល ក្នុងគោលបំណងទប់ស្កាត់អតិផរណា ដែលជារួមនាំឲ្យមានការប្រែប្រួលតម្លៃមិនអាចប៉ាន់ស្មានបាន។តែទោះជាយ៉ាងណាក្ដី នៅពេលពេលឆ្នាំនេះ កាន់តែជិតដាច់មែនទែនហើយនោះ តម្លៃប្រេងមានស្ថិរភាព ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនកាន់តែច្រើន បានរៀបចំ ដើម្បីធ្វើដំណើរឆ្លងកាត់ផ្លូវសមុទ្រក្រហម៕

តម្លៃប្រេងធ្លាក់ចុះ ខណៈក្រុមហ៊ុនដឹកជញ្ជូនធំៗត្រឡប់ទៅធ្វើដំណើរតាមសមុទ្រក្រហមវិញ

2023/12/28 12:20:37 pm        280
តម្លៃប្រេងបានធ្លាក់ចុះជិត ២% កាលពីថ្ងៃពុធ (២៧ ធ្នូ) ពីកំណើនកាលពីថ្ងៃមុននោះ ខណៈអ្នកវិនិយោគបានតាមដានការវិវឌ្ឍន៍នៅក្នុងសមុទ្រក្រហម ជាទីដែលក្រុមហ៊ុនដឹកជញ្ជូនកំពុងត្រលប់ទៅធ្វើដំណើរតាមផ្លូវទឹកនោះវិញ ទោះបីជាមានការវាយប្រហារបន្ថែមទៀតកាលពីថ្ងៃអង្គារក៏ដោយ។ក្រុមហ៊ុនដឹកជញ្ជូនរបស់ដាណឺម៉ាក Maersk បាននិយាយថា ខ្លួនបានត្រៀមនាវាកុងតឺន័ររាប់សិបគ្រឿងដើម្បីធ្វើដំណើរតាមព្រែកជីកស៊ុយអេ និងសមុទ្រក្រហមក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីបានអំពាវនាវឱ្យផ្អាកជាបណ្តោះអាសន្នចំពោះផ្លូវទាំងនោះក្នុងខែនេះ បន្ទាប់ពីការវាយប្រហារដោយកងជីវពលហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសយេម៉ែន។ក្រុហ៊ុនដឹកជញ្ជូន CMA CGM របស់បារាំងក៏បាននិយាយផងដែរថា ខ្លួនកំពុងបន្តឆ្លងកាត់សមុទ្រក្រហម បន្ទាប់ពីមានការបញ្ជូនកងកម្លាំងពហុជាតិសាសន៍ ដែលដឹកនាំអាមេរិកទៅកាន់តំបន់នេះ។ ការរំពឹងទុកនៃយុទ្ធនាការយោធាអ៊ីស្រាអែល ដ៏អូសបន្លាយនៅហ្កាហ្សា នៅតែជាកត្តាជំរុញដ៏សំខាន់នៃការប្រែប្រួលក្នុងទីផ្សារពាណិជ្ជកម្ម។ចាប់តាំងពីខែមុន ក្រុមហ៊ូទី ដែលគ្រប់គ្រងទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសយេម៉ែន បន្ទាប់ពីសង្រ្គាមជាច្រើនឆ្នាំ បានបាញ់យានដ្រូន និងមីស៊ីលទៅកាន់នាវាអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ក្នុងការវាយប្រហារដែលខ្លួននិយាយថាជាការឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប៕

កសិករចិញ្ចឹមមាន់ស្រែជំនួយពីសហគមន៍ទឹកហូតមានជ័យក្តីសង្ឃឹម ជួយឲ្យជីវភាព​ធូរធារ​មួយកម្រឹត

2023/12/28 09:55:35 am        267
កំពង់ឆ្នាំង៖ ប្រជាកសិករនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​ជីវភាព​ធូរធា​រជាង​ពេលមុន ក្រោយពួកគាត់ទទួលបានពូជមាន់ស្រែបច្ចេកទេសចិញ្ចឹម ការថែទាំ និង​ថវិកាមួយចំនួន ពីសហគមន៍ទឹកហូតមានជ័យក្តីសង្ឃឹម យក​មក​ដាក់​ចិញ្ចឹម​ជិត​១​ឆ្នាំ​កន្លង​មក​នេះ ​។ ថវិកាចំណាយផ្សេងៗ និងអោយកូនទៅរៀនសូត្រ បានពីការចិញ្ចឹមមាន់ស្រែនេះទាំងអស់ ។ ពួកគាត់សប្បាយចិត្តខ្លាំង ក្រោយទទួលបានមុខរបរពិតប្រាកដបែបនេះ ។ប្រជាកសិករ២នាក់ ដែលទទួលជោគជ័យលើការងារចិញ្ចឹមមាន់ស្រែបានអោយដឹងថា ពីមុន​ជីវភាព​គ្រួសារ​ពួក​គាត់មិនសូវធូរធារនោះទេ តែក្រោយពីបានការ​ជួយគាំទ្រ​ពី​សហគមន៍​ទឹកហូត​មាន​ជ័យ​ក្តីសង្ឍឹមរួចមក ទាំងពូជមាន់ស្រែ ទាំងបច្ចេកទេសចិញ្ចឹម ការថែទាំ និងថវិកា​មួយចំ​នួន​រួច​មក ក្រុមគ្រួសារពួគគាត់លែងលំបាកដូចពេលមុនទៀតហើយ ព្រោះ​សព្វ​ថ្ងៃ​ពួគ​គាត់​បាន​មាន់​នេះ​ យកទៅលក់បានកម្រៃមកចាយវាយផ្សេងៗក្នុងគ្រួសារ ហើយក៏ជា​ចំណែក​មួយស​ម្រាប់​ជួយ​ដល់​ជីវភាព​គ្រួសារផងដែរ។ សម្រាប់ពួកគាត់ជាកសិករ ក្រៅពីការដាំដំណាំខ្ទឹមស្លឹក គឺការ​ចិញ្ចឹម​មាន់​ស្រែ​នេះ មិនមាន​អ្វីគួរអោយលំបាកនោះឡើយ ដោយគ្រាន់តែប្រើពេលត្រឹម១ម៉ោងពេលព្រឹក និង​១​ម៉ោង​ពេលល្ងាចដាក់ចំណីអោយមាន់ និងចំណាយពេលខ្លះមើលសុខភាពមាន់ ការ​ថែ​ទាំ​សម្អាត​ទ្រុងជាប្រចាំ និងការដាំចកជំនួយសុខភាពមាន់ជាការស្រេច។ នៅពេល​មាន់​ធំ​ត្រូវ​លក់​ចេញ សហគមន៍ទឹកហូតមានជ័យក្តីសង្ឍឹម បានទទួលទិញ​វិញ​ទាំង​អស់​ដោយ​អោយ​តម្លៃ​លើស​ពី​ទីផ្សារទូទៅពី១ពាន់ទៅ២ពាន់រៀលក្នុង១គីឡូ។លោកស្រី រឹទ្ធ ចន្ថា ប្រធានសហគមន៍ទឹកហូតមានជ័យក្តីសង្ឈឹមបានថ្លែងថា ការ​ចំណាយ​ពេល​វេលា​ក្រៅ​ពី​ការងារផ្ទាល់ខ្លួនរបស់បងប្អូនប្រជាកសិករ មកចិញ្ចឹមមាន់ស្រែនេះ គឺជា​ពេល​វេលា​ដ៏​សំខា​ន់​មួយ ព្រោះការចិញ្ចឹមមាន់ស្រែត្រូវតាមបច្ចេកទេស និងការណែនាំរបស់សហគមន៍ គឺ​បាន​ជួយ​ច្រើន​ដល់​ជីវភាពគ្រួសារពួកគាត់ រួមនិងជីវភាពប្រជាកសិករក្នុងសហគមន៍។ សហគមន៍​បាន​ផ្តល់​ពូជ​មាន់ស្រែដល់ប្រជាកសិករក្នុងសហគមន៍ចំនួន១២គ្រួសារហើយ ដែលក្នុង​១​គ្រួសារ​ទទួល​បាន​កូន​មាន់​ចំនួន ២០០ក្បាល នៅពេលលក់ចេញ គឺសហគមន៍ទទួលទិញទាំងអស់វិញ។សព្វថ្ងៃ ប្រជាកសិករនៅក្នុងភូមិត្រពាំងក្រពើកំពុងរីកចម្រើនខ្លាំងលើជីវភាពគ្រួសារ ដោយពួ​ក​គាត់​បាន​កែ​ប្រែពីការធ្វើស្រែ មកជាការដាំដំណាំខ្ទឹមស្លឹក និងចិញ្ចឹមមាន់​លក់​អោយ​សហគមន៍​ទឹក​ហូត​មាន​ជ័យក្តីសង្ឍឹមវិញ៕ កាំង ហុងវាស្នា

កោះតៃវ៉ាន់ ចោទប្រទេសចិន ពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចបន្ទាប់ពីចិន ប្រកាសបញ្ចប់ការកាត់បន្ថយពន្ធ

2023/12/22 03:31:07 pm        50
កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) បានចោទប្រកាន់ប្រទេសចិន ពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសបញ្ចប់ការកាត់បន្ថយពន្ធលើការនាំចូលសារធាតុគីមីមួយចំនួនពីកោះនេះ ដោយនិយាយថា ទីក្រុងតៃប៉ិ បានរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅមុនការបោះឆ្នោតតៃវ៉ាន់។ការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះរបស់កោះតៃវ៉ាន់ កំពុងធ្វើឡើង ខណៈដែលប្រទេសចិនដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន និងបានព្យាយាមបង្ខំកោះតៃវ៉ាន់ ឱ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ចិន។ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយថា ចាប់ពីថ្ងៃទី០១ ខែមករា ការកាត់បន្ថយពន្ធនឹងត្រូវផ្អាកសម្រាប់ផលិតផល ១២មុខដោយសំអាងដល់ «ការហាមឃាត់ និងការរឹតបន្តឹង» ដែលកោះតៃវ៉ាន់ដាក់លើការនាំចេញរបស់ចិន ដោយរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០១០។ការិយាល័យចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប្រទេសចិនកំពុងអនុវត្ត «ការបង្ខិតបង្ខំសេដ្ឋកិច្ចជាធម្មតា» របស់ខ្លួនលើកោះនេះហើយថាចិនគួរតែបញ្ឈប់ «ឧបាយកលនយោបាយតែម្ខាង» របស់ខ្លួនហើយទៅពិភាក្សាគ្នានៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកដែលភាគីទាំងពីរជាសមាជិក៕

ឈ្មោះបេក្ខជនប្រឡងជាប់មន្ត្រីកសិកម្មឃុំទាំង ២៥០រូប ចេញផ្សាយនៅថ្ងៃនេះ

2023/12/22 03:06:47 pm        161
លទ្ធផល នៃការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ជាលើកដំបូង ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។ ដំណើរការកំណែក៏ដូចជាការស្រង់ពិន្ទុ នៃការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ត្រូវ​បាន​បិទ​បញ្ចប់​រួចរាល់​។ ជាលទ្ធផលបង្ហាញថា ក្នុងចំណោមបេក្ខជនប្រឡងជាប់ ទាំង ២៥០រូប គឺមានស្ត្រីចំនួន ៩៤នាក់​។ ឈ្មោះបេក្ខជន ដែលប្រឡងជាប់ទាំង ២៥០ រូប គឺផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់ ក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង​ទំព័រ​ហ្វេសប៊ុករបស់ភាគីពាក់ព័ន្ធ។ លទ្ធផលក៏មានការបិទបង្ហាញផ្ទាល់ នៅក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម និងនៅសាលាភូមិន្ទរដ្ឋបាលផងដែរ។ចំពោះការប្រកាសលទ្ធផលនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានលើកឡើងថា បេក្ខជន​ដែលប្រឡងជាប់ គឺឆ្លងកាត់ការចម្រាញ់ជាច្រើនដំណាក់កាល ហើយពួកគេ ត្រូវ​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​បន្ថែមទៀតពីក្រសួងកសិកម្មផងដែរ ដើម្បីបំពេញ​ការងារ​ជូន​ប្រជា​កសិករ​ឱ្យ​បាន​ល្អ​ប្រសើរ និងមានប្រសិទ្ធភាព។ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងបន្ថែមដែរថា ក្រៅបេក្ខជនដែលជាប់ជាស្ថាពរ ក៏មាន​ការ​ជ្រើស​រើស​បេក្ខជន ដែលជាប់បម្រុងផងដែរ។ បេក្ខជនជាប់បម្រុង គឺកំណត់ចំនួន ១០នាក់​ក្នុង​មួយ​ស្រុក ហើយពួកគេអាចជំនួសបេក្ខជនជាប់ជាស្ថាពរក្នុងករណីណាមួយកើតឡើង។ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្ត ចំពោះបេក្ខជនដែលពុំបានប្រឡងជាប់ កុំបាក់ចិត្ត និង​មិន​ត្រូវ​បោះបង់នោះទេ។ ឯកឧត្តមលើកឡើងថា បេក្ខជនអាច​ចូល​រួម​ប្រឡង​ជា​មន្ត្រី​កសិកម្ម​ឃុំ​នៅ​ឆ្នាំ​ក្រោយ​បន្តទៀត ព្រោះរាជរដ្ឋាភិបាលត្រូវការមន្ត្រីកសិកម្មឃុំជាង ១០០០ នាក់​បន្ថែម​ទៀត​ឯណោះ៕ អត្ថបទ៖ គឹម ហុក

មន្ត្រីខណ្ឌជលផល និងក្រុមអភិរក្សត្រីមេពូជដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ និងបន្តស្រាវជ្រាវរកជនសង្ស័យ

2023/12/22 12:19:30 pm        199
មងប្រវែង១២.៨៤០ម៉ែត្រ និងសន្ទូចរនង១២.០០០ផ្លែ ត្រូវបានមន្ត្រីខណ្ឌជលផល សហការ​ជា​មួយ​ក្រុម​អភិរក្សត្រីមេពូជ រួមនឹងប្រជាសហគមន៍នេសាទ ដក​ហូតបាន និង​ដុត​បំផ្លញ​ចោល​នៅនឹង​កន្លែង ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនេសាទ។មន្ត្រីខណ្ឌជលផលបានចុះល្បាត​តាមដងទន្លេក្នុងភូមិសាស្ត្រ ស្រុកសៀមបូក ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ត្រីខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា ក្នុងសកម្មភាព​ចុះប្រ​តិបត្តិការ កម្លាំងធ្វើការប្រមូលបានពីអន្លុងអភិរក្សត្រីមេពូជ និងអន្លុង​អភិរក្ស​សត្វ​ផ្សោត​មេគង្គ ជាតំបន់ហាមឃាត់ការនេសាទ ដែលជនសង្ស័យបានលួចយកទៅដាក់នៅពេលយប់ បង្ក​ផល​ប៉ះពាល់ដល់ប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ ដូចជាត្រីរាជ-ត្រីកន្ត្រប់ខ្លា -ត្រី​គល់រាំង និងសត្វផ្សោតជាដើម ។ល។លោកបន្តថា កិច្ចសហប្រតិបត្តិការនេះមានកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុសិ៍ត្បូងខ្លា -ប៉ុស្តិ៍​កោះជ្រឹម ប៉ុស្តិ៍សៀមបូក- ប៉ុស្ត៍កោះសំពាយ- សហការជាមួយប្រជាសហគមន៍នេសាទ -កោះ​សំពាយ​ -ស្រែក្រសាំង- កោះព្រះ- កោះជ្រឹម- អូរម្រះ- អូរច្រឡង់-និង ភ្ជុល ធ្វើសកម្មភា​ព​ចុះ​ល្បាត​ចាប់​ពី​កន្ទុយ​កោះសន្ទុករហូតដល់ភូមិអូរច្រឡង់ព្រំប្រទល់ខេត្តក្រចេះ ដែលជា​តំបន់​ស្នូល​ហាម​ឃាត់​ធ្វើនេសាទ។លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានគាំទ្រចំណាត់ការនេះ ព្រោះនៅ​តាម​តំបន់​គ្រប់​គ្រង​ការពារត្រីមេពូជ និងសត្វផ្សោតទន្លេមេគង្គនិមួយៗ មន្ត្រីជំនាញនិងឆ្នាំទន្លេ បាន​បោះ​បង្គោល និងដាក់ពោង ស្លាកសញ្ញា ហាមឃាត់ ធ្វើនេសាទទាំងរដូវបិទនិងបើកធ្វើនេសាទ តែ​ប្រជា​អ្នក​នេសាទមួយចំនួន មិនទាន់ភ្ញាក់រឭកចូលរួមអភិរក្សធនធានរបស់ខ្លួននៅឡើយទេ។លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា សកម្មភាព​នេះ​បាន​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវក្នុងការថែរក្សាធានធានជលផលឱ្យសម្បូរបែបឡើងវិញ ព្រោះវាជា​ធន​ធាន​របស់យើងទាំងអស់គ្នា ហើយប្រសិនបើធនធានទាំងនេះបាត់បង់ គឺបងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​កំពុងអាស្រ័យផល ជាអ្នករងផលប៉ះពាល់មុនគេ។សូមបញ្ជាក់ថា បេសកកម្មដែលបានធ្វើឡើងរួមគ្នានេះដកហូតបានមងចំនួន ១៤៣ត្បូង ស្មើនិងប្រវែង ១១.៤៤០ម៉ែត្រ ចាប់ពីក្រឡា ៧សង់ទី ដល់ទៅ១៦សង់ទីម៉ែត្រ និងដកហូត​សន្ទូច​រនងបាន ចំនួន១០៧ខ្សែ ប្រវែង១២.៨៤០ម៉ែត្រ ស្មើនឹង ១២.០០០ផ្លែ និងបានបំផ្លាញ​ចោល​នៅនឹង​កន្លែងភ្លាមៗតែម្តង៕ អត្ថបទ៖ មាស ផល្លា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅរដ្ឋតិចសាស់កើនឡើងដល់ជាង១២០នាក់ ខណៈកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅតែបន្ត
07/11/2025 11:07 AM
AirAsia និងព្រះខ័នរាជស្វាយរៀង ចាប់ដៃគ្នាដើម្បីលើកកម្ពស់វិស័យបាល់ទាត់កម្ពុជាក្នុងតំបន់
07/11/2025 11:07 AM
ពលរដ្ឋប្រេស៊ីល ចេញតវ៉ាទាំងកំហឹងប្រឆាំងនឹងលោក Trump ជុំវិញពន្ធថ្មីរបស់សហរដ្ឋអាមេរិក
07/11/2025 11:07 AM
លោក Rubio នឹងជួបប្រមុខការទូតចិន លោក Wang Yi នៅម៉ាឡេស៊ី ស្របពេលភាពតានតឹងពាណិជ្ជកម្ម
07/11/2025 11:07 AM
លោក Netanyahu សង្ឃឹមថា កិច្ចព្រមព្រៀងចំណាប់ខ្មាំងអាចត្រូវបានសម្រេចក្នុងរយៈពេលពីរឬបីថ្ងៃទៀត
07/11/2025 10:07 AM
អង់គ្លេស និងអ៊ុយក្រែន ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការបញ្ជូនប្រព័ន្ធការពារដែនអាកាសរាប់ពាន់គ្រាប់
07/11/2025 09:07 AM
ភ្នាក់ងារសេវាសម្ងាត់អាមេរិក ៦នាក់ រងការដាក់ពិន័យ ជុំវិញហេតុការណ៍ប៉ុនប៉ងធ្វើឃាតលោក Trump នៅឆ្នាំមុន
07/11/2025 09:07 AM
សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូប ចូលរួមប្រជុំពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃព្រះរាជាណាចក្រកម្ពុជា 
07/11/2025 09:07 AM
IMF៖ ការដំឡើងពន្ធថ្មីរបស់អាមេរិក ធ្វើឲ្យភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មកើនឡើងខ្ពស់
07/11/2025 09:07 AM
រដ្ឋមន្រ្តីសុខាភិបាល៖ «ក្នុងនាមជាតួអង្គគន្លឹះ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការទាំងផ្នែកបច្ចេកទេស រដ្ឋបាល និងទំនាក់ទំនងរវាងគ្នានឹងគ្នា»
07/11/2025 09:07 AM