ក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន នាំឱ្យកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន
កម្ពុជា-ម៉ាឡេស៊ី បង្កើនកិច្ចសហប្រតិបត្តិការជំរុញ​បរិយាកាស​ធ្វើធុរកិច្ច​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ជាមួយ​គ្នា
ទូតជប៉ុន អរគុណកម្ពុជា​បានខិតខំ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ឆ្លើយ​តប​ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ចំពោះ​ក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន
កម្ពុជាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

សេដ្ឋកិច្ច និង កសិកម្ម

ពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្នុងខែដំបូងឆ្នាំនេះមានទំហំទឹកជាង ១ ១៥០ លានដុល្លារ

2024/02/14 10:21:14 am        261
ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ចិន ក្នុងខែដំបូងឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់ជាង ១១៥០ លានដុល្លារអាមេរិក កើនឡើងជាង ១៨ ភាគរយ ស្របពេលការនាំចេញ និងនាំចូល មាន​កំណើនល្អប្រសើរ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ។ជុំវិញការធ្វើការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងចិនពីមួយឆ្នាំទៅមួយឆ្នាំឃើញថា មាន​កំណើន​កើន​ឡើង​ជាលំដាប់ ទោះបី ជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មិនមាន​សម​តុល្យ​ក៏​ដោយ តែជាការចូលរួមចំណែកផ្គត់ផ្គង់ដល់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសការ បង្កើន​ចំណូល​ជាតិ តាមរយៈការអនុវត្តពន្ធនាំចូលរបស់កម្ពុជា។ ជាក់ស្តែង​ការ​ធ្វើការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ ក្នុងខែដំបូងឆ្នាំ ២០២៤ នេះ បើ​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ មានចំនួនទឹកប្រាក់ជាង ១ ១៥០ លាន​ដុល្លារ​អាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង ១២១ លានដុល្លារអាមេរិក កើន​ឡើង​ប្រមាណ ៥០ ភាគរយ, ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជាមានទឹកប្រាក់ជាង ១ ពាន់​លាន​ដុល្លារអាមេរិក កើនឡើងជាង ១៥ ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នំា ២០២៣ ។ជុំវិញ​កាធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន, ថ្មីៗនេះ អ្នកឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា-ចិន នឹងមានកំណើនកើនឡើងបន្តបន្ទាប់ទៀត។ មិនតែប៉ុណ្ណោះ, កម្ពុជាអាចទាក់ទាញវិនិយោគិនចិនបានកាន់តែច្រើន ដើម្បីផលិត និងកែច្នៃ នាំ​ចេញ​ទៅ​កាន់​ប្រទេសរបស់ខ្លួន និងប្រទេសដ៏​ទៃ​ទៀត​ស្រប​ពេល​ប្រទេស​ទាំង​ពីរ​កំពុង​ក្លាយ​ជា​មិត្ត​ត្បូង​ពេជ្រ ជាពិសេសក្នុងឆ្នាំ ២០២៤ នេះ គឺជាការផ្លាស់ប្តូរនូវរបត់គោលនយោបាយថ្មីមួយទៀត នៃ​ការ​ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរ ដែលនឹងធ្វើឲ្យ មានទាំង​កំណើន​ទេសចរណ៍ និងការនាំចេញមានការកើនឡើងជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្ម បើកការបណ្តុះបណ្តាលដំបូង ជូនមន្ត្រីកសិកម្មឃុំ ២៥០រូប មុនចុះបម្រើការងារតាមឃុំ

2024/02/13 12:18:21 pm        342
នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានអញ្ជើញបើកបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ ២៥០ រូប​ដែល​ទើប​ប្រឡងជាប់កាលពីថ្មីៗ ដើម្បីឲ្យមន្ត្រីកសិកម្មឃុំចេះអំពី ច្បាប់ រដ្ឋបាល លក្ខន្តិកៈការងារ និង​ក្រមសីលធម៌មន្ត្រីរាជការជាដើម មុននឹង​ចុះបំពេញ​ការងារ​នៅ​ឃុំគោលដៅ​របស់​ខ្លួន​នៅថ្ងៃ​ទី១៩ ខែកុម្ភៈខាងមុខនេះ។ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម យង់ សាំងកុមារ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា នៅក្នុង​ដំណើរ​ការ​បណ្តុះ​បណ្តាល​តម្រង់​ទិសដំបូងរយៈពេល៤ថ្ងៃនេះ មានបំណងសំខាន់​ជួយ​មន្ត្រី​កសិកម្ម​ឃុំ​យល់​ដឹងអំពី​ការ​បំពេញ​តួនាទី និងការទទួល​ខុស​ត្រូវ​ការងារ​ស្រប​តាម​គោល​នយោបាយ​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ហើយជំហានបន្ទាប់ នឹងបន្តផ្តល់វគ្គ​បណ្តុះបណ្តាល​លក្ខណៈ​ស៊ីជ​ម្រៅជា​ច្រើន​ប្រធាន​​បទ​សំខាន់ផ្សេងទៀត ជូនមន្ត្រី​កសិកម្ម​២៥០​រូប​ឲ្យ​មាន​ចំណេះ​ពហុ​ជំនាញ​នឹង​ធ្វើការ​ផ្តោត​សំខាន់​លើ​ការផលិតកម្មស្រូវ នៅតាមរាជធានីខេត្តចំនួន១៧។សិក្ខាកាមមន្ត្រីកសិកម្មឃុំបង្ហាញការប្តេជ្ញាចិត្ត បំពេញការងារជូនប្រជាជន និង​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​ជោគជ័យ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ឯកឧត្តម នុត ច័ន្ទសុខា ថ្លែងថា ការងារដាក់ពង្រាយមន្ត្រីកសិកម្មឃុំ គឺជា​ការងារ​អាទិភាព​មួយ​របស់​រាជ​រដ្ឋាភិបាលក្នុងអណត្តិទី៧ ដើម្បីពង្រឹងផលិតកម្មស្បៀង និងលើកកម្ពស់ជីវភាព និង​គុណភាព​របស់ប្រជាកសិករ ហើយនៅខែ​មេសា​ឆ្នាំ​២០២៤នេះ រា​ជ​រដ្ឋាភិបាលនឹ​ង​រៀប​ចំ​ប្រឡង​ជ្រើស​រើស​មន្ត្រីកសិកម្មឃុំចំនួន ៨០០នាក់បន្ថែមទៀត ដើម្បីបង្កើនបង្ខិតការងារ​ផ្តល់​សេវា​កសិកម្ម​ឲ្យ​នៅជិតមូលដ្ឋានកសិកម្ម និងធ្វើឲ្យកសិករ​ងាយ​ស្រួល​ទទួល​បាន​ការ​ប្រឹក្សា​បច្ចេក​ទេស​យោ​បល់ផ្សេងៗនៅមូលដ្ឋានផ្ទាល់៕ អត្ថបទ៖ ស៊ុម សុខជា

កម្ពុជាធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ ក្នុងខែដំបូងឆ្នាំ២០២៤ មានទឹកប្រាក់ជាង ៤ ពាន់លានដុល្លារ

2024/02/12 11:57:30 am        199
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងខែដំបូងឆ្នាំ ២០២៤ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ជាង ៤ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២ ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជកម្ម​ នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ខែដំបូងក្នុងឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តា​ប្រទេស​មួយ​ចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៤ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នំា ២០២៣ ។ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ក្នុង​ដើម​ឆ្នាំ​នេះ មានទំហំទឹកជិត ២ពាន់លានដុល្លារ កើនឡើងប្រមាណ ២៧ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២២ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិន ជាង ១២១ លាន​ដុល្លារ, សហរដ្ឋអាមេរិក ជាង ៦២៦ លានដុល្លារ, វៀតណាមជាង ៣៧៣ លានដុល្លារ, ថៃ​ជាង ១០៤ លានដុល្លារ, ជប៉ុនជាង ១១៦ លានដុល្លារ, អាល្លឺម៉ង់ជាង ៦០ លានដុល្លារ, អេស្ប៉ាញ ៦៩ លានដុល្លារ, កាណាដា ៧៦ លានដុល្លារ, អង់គ្លេស ៦៥ លានដុល្លារ, ហូឡង់ ៤៩ លានដុល្លារ, កូរ៉េខាងត្បូង ២៦ លានដុល្លារ និង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ទៀត​។ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ២ ពាន់លានដុល្លារ កើនឡើងជាង ៨ ភាគរយ ក្នុងនោះការនាំចូលពីប្រទេសចិន មាន​ទឹកប្រាក់ជាង ១ ពាន់លានដុល្លារ, វៀតណាមជាង ៣០០ លានដុល្លារ, ថៃ ២៣៦ លាន​ដុល្លារ, សឹង្ហបុរី ៧៥ លានដុល្លារ, ឥណ្ឌូនស៊ី ៧១ លានដុល្លារ, តៃវ៉ាន់ ៥៣ លានដុល្លារ, កូរ៉េ​ខាង​ត្បូង ៣៧ លានដុល្លារ, ម៉ាឡេស៊ី ៣៥ លានដុល្លារ, ហុងកុង ៣៣ លានដុល្លារ, ក្រៅ​ពី​នេះ​កម្ពុជា​ក៏​បាន​នាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្ម ប្រកាសស្វាគមន៍ដៃគូពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីផលប្រយោជន៍ជាតិ

2024/02/07 11:20:04 am        102
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) អំពី​គម្រោង Sustainable Wood & Traceability for Garment Industry Pilot Project ដែល​ផ្តោត​សំខាន់លើវិស័យព្រៃឈើ។តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បន្ទាប់​បានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែង​នូវ​ចំណាប់​ចំពោះ​កម្ម​វិធី​គម្រោង​ក្នុង​វិស័យកាត់ដេរ និងសេដ្ឋកិច្ច។ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យកាត់ដេរ និង​កសិកម្ម ដើរតួនាទីសំខាន់ណាស់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ដែលទាមទារការសិក្សាច្បាស់ លាស់​ផ្សារភ្ជាប់នឹងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ លើសពីនេះទៀត ត្រូវមានកិច្ចសហការល្អ ហើយ​ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុង ជ្រោយទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ ដើម្បី​ធានា​ដំណើរការ ប្រព្រឹត្តទៅរបស់គម្រោងបានរលូនដោយមិនបង្កើតបញ្ហាថ្មី។បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មបើកទូលាយ និងស្វាគមន៍​ការ​សហការ​ជាមួយ​គ្នា​ដោះ​ស្រាយ​បញ្ហារួមគ្នា និងចូលរួមទទួលខុសត្រូវរួមគ្នា ដើម្បីផលប្រយោជន៍ជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ

2024/02/07 10:15:48 am        128
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ បាន​បើក​កិច្ច​ប្រជុំ​ដើម្បី​ពិភាក្សាគ្នា ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅទីស្តីការក្រសួងកសិកម្ម។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុង​កិច្ច​ប្រជុំ​នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្មបាន និងកំពុងអនុវត្ត គោល​នយោបាយ​អាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះយ៉ាងយកចិត្តទុកដាក់ ដើម្បីធានា​សន្តិសុខ​ស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប និង​ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករ ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ការកាត់បន្ថយថ្លៃដើមផលិត និងធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ។ ចំពោះ​ការងារទាក់ទងនឹងអាហារូបត្ថម្ភ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្មរីករាយ ក្នុង​ការ​សហការជានិច្ច តាមភាពចាំបាច់ និងសេចក្ដីត្រូវការពីក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា៕ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្រ្តីកសិកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី បើកកិច្ចប្រជុំពិភាក្សាគ្នាផ្តោតលើសន្តិសុខស្បៀង

2024/02/02 02:10:23 pm        94
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​ជួប​ប្រជុំ​ជាមួយ​ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ដើម្បីពិភាក្សា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​ស្បៀង និងការងារមួយចំនួនផ្សេងទៀត នៅទីស្តីការក្រសួងកសិកម្ម។ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បាន​ឲ្យ​ដឹង​ថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែម​ឱ្យមាន​ការ​សហការ​ជាមួយ​វិស័យ​ឯកជន និងដៃគូអភិវឌ្ឍន៍ ដោយមានផែនការច្បាស់លាស់ ដោះស្រាយបញ្ហាប្រឈមរួមគ្នា ហើយ​ប្រការ​ចាំបាច់​ត្រូវមានភាពជាម្ចាស់ការពិតប្រាកដ។ ជាមួយនេះ ឯកឧត្តម បានណែនាំ​ឱ្យ​មាន​ការ​សិក្សា ពិនិត្យឱ្យបានច្បាស់លាស់ រវាងការអភិរក្ស និងអភិវឌ្ឍន៍ ឱ្យដើរទន្ទឹម​គ្នានៅ​ក្នុង​វិស័យ​កសិកម្ម​។ ទាក់ទិនទៅនឹងបញ្ហាប្រឈមការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ​ឱ្យ​រៀបចំ​ការ​សិក្សា និងពិនិត្យលទ្ធភាពនៃការស្តុកទឹកទុកនារដូវវស្សា សម្រាប់​ការ​ធ្វើ​ស្រែ​ពេញ​មួយឆ្នាំ​របស់​ប្រជា​កសិករ។ប្រភព​ដដែលនេះ បានបញ្ជាក់ទៀតថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើក​ឡើង​អំពី​គោល​នយោបាយ​អាទិភាព ក្នុងការកសាងសហគមន៍ទំនើប ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់​ការផលិតទ្រង់ទ្រាយធំ និងធ្វើឱ្យប្រសើរក្នុងខ្សែច្រវ៉ាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ សម្រា​ប់​វិស័យកសិកម្ម ដែលមានលក្ខណៈសេដ្ឋកិច្ច និងមានទីផ្សារច្បាស់លាស់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ទីផ្សារយានយន្តក្នុងស្រុកមានការធ្លាក់ចុះ តែមិនមានការប៉ះពាល់ខ្លាំងដល់ចំណូលជាតិឡើយ

2024/02/01 09:43:15 am        3891
ប្រធានសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ថា ទីផ្សារលក់ដូរយានយន្តក្នុងស្រុកមានការធ្លាក់ចុះ តែ​មិន មានការប៉ះពាល់ខ្លាំងដល់ ចំណូលជាតិឡើយ ខណៈ​ការ​នាំចូល​យានយន្ត​ប្រភេទ​ថ្មី​នៅ​បន្ត​ការ​កើន​ឡើង ស្របពេលការផ្គុំ នឹងដំឡើងរថយន្តក្នុងស្រុក កំពុងកើត មានឡើងជាបន្តបន្ទាប់។បណ្ឌិត តាន់ មុនីវណ្ណ ប្រធានឧស្សាហកម្មយានយន្តកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្ពុជា លើក​ឡើងក្នុងកិច្ចសម្ភាស ន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីទីផ្សារយានយន្ត និង​ចំណូល​ពន្ធ​ពី​យានយន្ត នេះថា ពាក់ព័ន្ធចំណូលពន្ធពីយានយន្តនេះ គឺជាចំណូលធំ​មួយ​សម្រាប់​ចំណូល​ជា​តិ ក្នុងរង្វង់ប្រមាណ ៤០ ភាគរយ នៃការប្រមូលពន្ធគយ និងរដ្ឋាករទាំងមូល ក្នុ​ង​នោះ​សម្រាប់ការនាំចូលយានយន្តក្នុងរយៈពេលក្រោយនេះ មិនមានការថមថយខ្លាំងនោះឡើយ ជាក់​ស្តែង​ការ​នាំចូលយានយន្តប្រភេទថ្មី មានចំនួន ច្រើនជាងមុន ក្នុងរង្វង់ប្រមាណ ៤០ ភាគរយ ពោល​គឺ​កើនឡើងពាក់កណ្តាល បើធៀបរយៈពេលមុនវិបត្តិកូវីដ គឺស្ទើស្មើការនាំចូល ប្រភេទ​រថយន្ត​មួយ​ទឹក។លោកបណ្ឌិត បន្តថា តាមរយៈនេះ មិនយូរមិនឆាប់ ការ​នាំ​ចូល​រថយន្ត​ប្រភេ​ទ​ថ្មី​អាច​ជំនួស​រថយន្ត​មួយ​ទឹក ដោយសារការនាំ ចូលរថយន្តប្រភេទថ្មីមួយចំនួន មានតម្លៃសមរម្យ ជាពិសេស​រថយន្ត​ប្រើ​ប្រាស់ ​B.E.V និង E.V ផង ដោយរថយន្តប្រភេទថ្មីធានារយៈ ពេលយូរ និង​ស៊ីសាំង​តិច​ជា​ដើម​។ បញ្ហានេះ អ្នកប្រើប្រាស់បានមើលឃើញពីតម្លៃសមរម្យ ជាពិសេសការ​ទិញ​បង់​រំលោះ​រយៈ​ពេល​វែង ដែលធ្វើឲ្យការនាំចូលរថយន្តប្រភេទថ្មីមានការកើនឡើង ជាក់ស្តែងមកដល់ពេលនេះ ការ​នាំ​ចូល​មិនមានការធ្លាក់ខ្លាំងនោះទេ ខណៈ ទីផ្សារលក់ដូរមានការធ្លាក់ចុះ ដែលបញ្ហានេះ មួយ​ចំនួន​គឺបណ្តាលមកពីការនាំចូលរថយន្តពីចិន កំពុងនាំចូលយ៉ាងខ្លាំង នៃការប្រកួត ប្រជែង​លើ​ទីផ្សារ, សរុបជារួម ការប្រមូលចំណូលជាតិពីវិស័យនេះ មិនមានការប៉ះពាល់ខ្លាំងឡើយ ស្រប​ពេល​ការ​ផ្គុំនឹងដំឡើងរថយន្ត ក្នុងស្រុកកំពុងមានសកម្មភាពល្អប្រសើរ និងការនាំ​ចូល​រថយន្ត​ថ្មី​កំពុង​មាន​សម្ទុះ​ផងដែរ។បណ្ឌិត តាន់ មុនីវណ្ណ លើកឡើងបន្តថា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជា​មាន​រោង​ចក្រ​ផ្គុំ​ដំឡើង​រថយន្តកាន់តែច្រើន ក្នុងនោះចំពោះ ការផ្គុំ និងដំឡើងរថយន្តនេះ មិនមែនមិន​យកពន្ធ​នោះ​ទេ​ គឺរាជរដ្ឋាភិបាលអនុវត្តតាមគោលការណ៍ប្រមូលពន្ធជាធម្មតា គ្រាន់តែមាន ការ​អនុ​គ្រោះ​ពន្ធ​លើការនាំចូលគ្រឿងបន្លាស់មួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់បញ្ហានេះ រាជរដ្ឋាភិបាល​គួរ​មាន​ការ​ប្រយ័ត្នប្រយែង ផងដែរ ដើម្បីរក្សាការប្រមូលចំណូលសម្រាប់ជាតិ ព្រោះការ​ប្រមូល​ពន្ធ​ចេញ​ពី​ឧស្សាកម្មយានយន្តនេះមានចំនួនធំ។សូមបញ្ជាក់ថា តាមរយបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការ​ប្រមូល​ចំណូល​ពី​ការ​នាំ​ចូល​យានយន្ត ក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងបំណែកសម្ភារៈគ្រឿងបង្គុំ នៅ​ក្នុង​ឆ្នាំ ២០២៣, មានទំហំទឹកប្រាក់ជាង ១ ៣០០ លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ឃើញថា ថយចុះជាង ៤០ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជារកចំណូលបានជិត ៤,៨ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម ទៅទីផ្សារអន្តរជាតិ

2024/01/31 02:15:02 pm        168
មន្រ្តីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបាននាំ​ចេញ​ជា​ផ្លូវ​ការ​នូវ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​សរុប​ចំនួន​ជិត ៤,៨ពាន់ដុល្លារអាម៉េរិក ស្មើនឹង ៨,៨២លានតោន ទៅកាន់ទីសដៅ ៧៨ប្រទេស ក្នុង​នោះការនាំចេញអង្ករសម្រេចបានជាង ៦៥៦ពាន់តោន កើនឡើងជាង ៣% ធៀប​ឆ្នាំ​២០២២។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី៣០ ខែមករាកន្លងទៅ បាន​មានប្រសាសន៍ឲ្យដឹងថា គិតក្នុងឆ្នាំ២០២៣ ផលិតកម្មដំណាំសម្រេចបានចំនួន ៣៦,៨១លា​នតោន កើនឡើងប្រមាណ ៦% បើធៀបទៅនឹងឆ្នាំ២០២២ ក្នុងនោះ​ដំណាំ​ស្រូវ​ចំនួន ​១២,៤៩លានតោន ដោយមានអតិរេក ៦,៩៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤,៩៦​លាន​តោន ដំណាឧស្សាហកម្មចំនួន ១៨,៩៦លានតោន និងដំណាំកៅស៊ូប្រមាណ ០,៤​លាន​តោន​។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ គឺស្រប​តាម​យុទ្ធ​សាស្រ្ត និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល និងមន្រ្តី​ទាំងអស់ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាអនុវត្តនូវផែនការ និងសកម្មភាព​ការងារ​ដែល​បាន​គ្រោង​ទុក និងបានជំរុញអនុវត្តវិធានការចាំបាច់បន្ទាន់មួយចំនួនថែមទៀត ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវខ្ពស់។ឯកឧត្តម ឌិត ទីណា បានអះអាងថា វិស័យ​កសិកម្ម​នៅ​តែបន្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធានា​សន្តិសុខ​ស្បៀង លើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងអ្នកទទួលបាននៅទូទាំងប្រទេស និង​ទ្រទ្រង់កំណើនសេដ្ឋកិច្ច ទោះបីទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ការប្រែប្រួល​អាកាស​ធាតុ និងវិបត្តិសកលក៏ដោយ។ ជារួម វិស័យកសិកម្មនៅតែរក្សាបាននូវការរួមចំណែករង្វង់ ២២% នៃ​ផលិតផលសរុបក្នុងស្រុករបស់កម្ពុជា គិតក្នុងឆ្នាំ២០២៣កន្លងទៅ។ទន្ទឹម​នឹងសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ឯកឧត្តម ក៏បានលើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយចំនួន ដែលទាមទារឲ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និង​ធ្វើ​ការ​ដោះស្រាយ​ឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព រួមមាន៖ ថ្លៃដើម​ផលិត​កម្ម​ខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅមានកម្រិត និងពាណិជ្ជូបនីយកម្ម​កសិផល​គន្លឹះ​នៅ​មិន​ទាន់​ត្រូវ​បានជំរុញឲ្យអស់សក្តានុពល៕ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីកសិកម្ម ណែនាំមន្រ្តីគ្រប់វិស័យបង្កើនការអនុវត្តការងារ និងដោះស្រាយរាល់បញ្ហាប្រឈម​ឲ្យមានប្រសិទ្ធិភាពខ្ពស់

2024/01/26 12:17:01 pm        166
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និង​ស្នើ​ឲ្យ​មន្រ្តី​ក្រោមឱវាទគ្រប់អនុវិស័យទាំងអស់ ត្រូវបង្កើននិងគិតគូរ​អនុវត្ត​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត ជាពិសេស​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​កសិករ​ប្រកប​ដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ នៅថ្ងៃទី២៥ ខែមករានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរម្លឹកដល់ថ្នាក់ដឹកនាំ និង​មន្ដ្រី​រាជ​ការ​ទាំងអស់ក្រោមឱវាទក្រសួង ត្រូវបន្តចូលរួមលើកស្ទួយផលិតកម្ម និង​រក្សា​ស្ថេរភាព​ថ្លៃ​រយៈ​ពេល​វែង ដើម្បីរក្សាខ្សែច្រវាក់តម្លៃឱ្យត្រូវនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីឱ្យមានប្រសិទ្ធភាព និង​ចំ​ទិស​ដៅ​ពិតប្រាកដ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងជាថ្មីម្ដងទៀត អំពីគោលនយោបាយរបស់ក្រសួង ដែល​ផ្ដល់​អាទិភាព​លើកា​ររក្សាសន្តិសុខស្បៀង និងនិរន្តរភាពធនធានធម្មជាតិ ដែលគ្រប់​អនុវិស័យ​ទាំងអស់​ត្រូវ​គិត​គូរអនុវត្តឱ្យបាននៅទូទាំងប្រទេស ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ជាមួយនេះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍បន្ថែមទៀត អំពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែល​ចាំ​បាច់​ត្រូវ​ថែ​រក្សា​ការពារ អភិវឌ្ឍ និងប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីផ្ដល់ប្រយោជន៍ដល់វិស័យកសិកម្ម។ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលសម្រេចបានលទ្ធផលល្អ ក្នុងការដោះ​ស្រាយ​បញ្ហា​ប្រឈម​នានានៅក្នុងវិស័យកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំង​ការ​ការពារ​នូវ​ធន​ធាន​ធម្មជាតិផងដែរ៕

គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា ប្រកាសបើកការដ្ឋានសាងសង់ ក្នុងទំហំទឹកប្រាក់​សរុបខ្ទង់ ១០លានដុល្លារ

2024/01/25 03:11:16 pm        328
ភ្នំពេញ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់ គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា ក្នុងទំហំទឹកប្រាក់សរុបខ្ទង់ ១០​លាន​ដុល្លារ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថី អូស៊ីអាយស៊ី (OCIC) ខណ្ឌជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ ជាមួយនឹងការផ្តល់ជូននូវកញ្ចប់អាំងប៉ាវយ៉ាងពិសេសដែរ។នៅក្នុងកម្មវិធីបើកការដ្ឋានសាងសង់គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆានេះ លោក សំរិត ម៉ារឌី ប្រធាន​ផ្នែកសិក្សាគម្រោង ប្លង់គម្រោងទីក្រុងរណបជ្រោយចង្វារ បានមាន​ប្រសាសន៍ថា គម្រោង​នេះរចនាបទឡើងប្រកបដោយវឌ្ឍនភាព និងប្រណីតភាពលើទំហំផ្ទៃដីសរុប ២ហិចតា តាមបែប Modernism Architecture កម្ពស់ ៦ជាន់ ដែលស័ក្តិសម សម្រាប់អ្នក​ដែល​មាន​បំណង​បើក​ហាង​គ្រឿងអលង្ការប្រណិតៗ, ការិយាល័យ, គ្លីនីក, និងក្រុមហ៊ុនធំៗ លើដង​មហា​វិថី​ដែល​មាន​ដង់ស៊ីតេប្រជាជនច្រើនកុះករ និងចរាចរខ្វែងខ្វាត់ អមដោយទេសភាព​ដ៏​ស្រស់​ត្រកាល​តាម​ដងទន្លេសាប និងទន្លេមេគង្គ ជាពិសេសនៅទល់មុខគម្រោងផ្សារទំនើប Big C តែម្តង។ លក្ខណៈ​ពិសេសរបស់គម្រោងនេះទៀតសោត គឺជាទីតាំងដ៏មានសក្កានុពលខ្លាំង ជាចរន្ត​ផ្លូវ​តភ្ជាប់​សេដ្ឋកិច្ច​ទី២ បន្ទាប់ពីស្ពានជ្រោយចង្វារ គឺតភ្ជាប់រវាងផ្លូវជាតិលេខ៥ និង៦អា ដែលជា​ច្រក​សេដ្ឋកិច្ច​សំខាន់ៗ​នៅក្នុងប្រទេស។ដោយឡែក លោកស្រី មាន ដាវិន ប្រធានគ្រប់គ្រងផ្នែកលក់គម្រោងទីក្រុងរណបជ្រោយចង្វារ បាន​បញ្ជាក់ថា ខាងគម្រោងផ្តល់ជូនការបញ្ចុះតម្លៃ ៥% កញ្ចប់អាំងប៉ាវ​ពិសេស​មាន​ទឹកប្រាក់​ចំនួន​ ២៦,៨៨៨ដុល្លារ រួមទាំងកញ្ចប់មួយចំនួនថែមទៀត មានដូចជា៖ មិនគិត​ថ្លៃ​សេ​វា​គ្រប់​គ្រង​រយៈពេល ១ឆ្នាំ , កញ្ចប់ពិនិត្យសុខភាព , ការផ្សព្វផ្សាយព័ត៌មានលើ Light box រយៈពេល ១ឆ្នាំ និង​កម្មវិធីសំខាន់ៗមួយចំនួនផ្សេងទៀត។សូមបញ្ជាក់ថា គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៣០​ខែ​ខាង​មុខ ក្នុងដំណាក់ទី១។ ស្ថាបត្យកម្មនៃអគារ បានផ្តោតទៅលើសោភ័ណភាព ទំនើប និង​ពហុ​មុខងារ ដោយរួមបញ្ចូលយ៉ាងរលូនជាមួយបរិស្ថានទីក្រុង។ បន្ថែមពីនេះ គឺបច្ចេកវិទ្យា សុខ​មាល​ភាព​ក្នុងការរស់នៅ តម្រឹមជាមួយនិន្នាការទីផ្សារបច្ចុប្បន្ន និងធានា​ការ​សម្រប​ខ្លួន​ទៅ​នឹង​តម្រូវ​ការ​អាជីវកម្មនាពេលអនាគត។សម្រាប់ព័ត៌មាន​លម្អិតសូមទំនាក់ទំនង៖ លេខទំនាក់ទំនង៖ 099 76 76 65 | 010 91 90 28 | 093 66 36 03 ,ឆាតសួរព័ត៌មាន: https://t.me/chroychangvarsatellitecity៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM