រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបានប្រមាណ ១៧ពាន់លានដុល្លារក្នុងត្រីមាសទី១
ADBព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,៥% ក្នុងឆ្នាំ២០២៦ នាំមុខដោយវិស័យ​កម្មន្តសាល
រាជរដ្ឋាភិបាលប្រឹងប្រែងជំរុញឱ្យសហគ្រាសបង្កើនធាតុចូលក្នុងស្រុក ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ពិភពលោក

សេដ្ឋកិច្ច និង កសិកម្ម

ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី១៤ ប្រកាសបើកផ្លូវការថ្ងៃនេះ

2023/08/04 01:44:31 pm        258
ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានប្រកាសបើកកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូណេស៊ី លើកទី១៤ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈកិច្ចសហប្រតិបត្តិការ» ​ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៣​ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ​ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូនេស៊ី។ពិធីបើកផ្លូវការនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោកជំទាវ Lauti Nia Astri ភារធារីស្តីទី អមស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។ឯកឧត្តម ឈួន ដារ៉ា ថ្លែងថា ទំនាក់ទំនងការទូតរវាងប្រទេស កម្ពុជា-ឥណ្ឌូនេស៊ី មានរយៈពេល ៦៤ ឆ្នាំហើយដោយបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពមិនអាចកាត់ផ្តាច់បាន ក្នុងការរួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។ ឯកឧត្តមបន្តថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤នេះ គឺមានសារៈសំខាន់ណាស់ក្នុងការជំរុញ និងលើកកម្ពស់គុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យក្លាយជាមិត្តភាពដ៏រឹងមាំ និងស៊ីជម្រៅជាងមុនជាលំដាប់។ លោកជំទាវ Lauti Nia Astri ភារធារីស្តីទី អមស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនដែលចុះឈ្មោះចូលរួមបង្ហាញផលិតផលក្នុងកម្មវិធីពិព័រណ៍នេះមានចំនួនជិត ៥០ក្រុមហ៊ុន ក្នុងនោះមាន វិស័យម្ហូបអាហារ សម្លៀកបំពាក់ និងសេវាកម្មទេសចរណ៍ជាដើម។ លោកជំទាវ បានបន្តថា ព្រឹត្តិការណ៍នេះ នឹងបង្កើតឱកាសបណ្តាញសម្រាប់ភ្នាក់ងារទេសចរណ៍ក្នុងការកសាងទំនាក់ទំនងអាជីវកម្មរបស់ពួកគេក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម គិតមកត្រឹមខែមេសា ដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី មានចំនួនជិត ៤០០ លានដុល្លារ កើនឡើង ២៧% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលក្នុងនោះឥណ្ឌូនេស៊ីនាំចេញកើនឡើង ៦១% និងកម្ពុជានាំចូលកើនឡើង ២៦%៕អត្ថបទ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសហអាមេរិកពន្លឿននីតិវិធី លើការបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP

2023/08/04 11:09:43 am        240
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសហរដ្ឋអាមេរិក បន្តឡើងវិញប្រព័ន្ធអនុគ្រោះ GSP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងបែបនេះ ក្នុងជំនួបជាមួយប្រតិភូ សភាអាមេរិក អមដោយ​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២ ​ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការ​ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីគណៈប្រតិភូសភាអាមេរិក ​ដឹកនាំដោយ លោក Jason Smith ប្រធានគណៈកម្មាធិការ ស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក និងមានការ​ចូលរួមពីសមាជិក សភា អាមេរិកន និងឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅ​កម្ពុជា និងសហការីមួយចំនួនទៀតផងដែរ។ក្នុងជំនួបខាងលើនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវទៅកាន់ភាគីសហរដ្ឋអាមេរិក ជួយ​ជំរុញឱ្យក្រុមហ៊ុនអាមេរិក មកបណ្ដាក់ ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាព​ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញ​ពីគ្នាទៅវិញទៅមក។ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីសក្តានុពល និងភាពអំណោយផលរបស់កម្ពុជា នៅ​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី ​ក៏ដូចជាការរៀបចំបរិយាកាសធុរកិច្ច និងវិនិយោគឱ្យរឹតតែប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគឱ្យបានរឹតតែច្រើនមកកាន់កម្ពុជា។ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធ GSP សម្រាប់​កម្ពុជាផងដែរ​ ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សំលៀកបំពាក់ ស្បែកជើង និង​ទំនិញធ្វើដំណើរជាដើម ដោយបញ្ជាក់ថា ​ការបន្តឡើងវិញនូវប្រព័ន្ធ GSP នេះ នឹងពង្រឹងកិច្ច​សហប្រតិបត្តិការ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។សូមបញ្ជាក់ថា ​ប្រព័ន្ធអនុគ្រោះពន្ធ GSP ផ្តល់ដល់កម្ពុជា ​លើផលិតផលធ្វើដំណើរ ​និងកាបូប បាន​អស់សុពលភាព នៅចុងឆ្នាំ២០២០ កន្លងទៅ។ក្នុងអំឡុងពេលនៃការរង់ចាំបន្តសុពលភាពនៃប្រព័ន្ធអនុគ្រោះពន្ធ GSP ការនាំចេញផលិតធ្វើដំណើរ និងកាបូប ​ទៅទីផ្សារសហរដ្ឋអាមេរិក ត្រូវបង់ពន្ធ ៕ អត្ថបទ៖ វណ្ណៈ

គ្រឹះស្ថានអង្គររកចំណូលបានជាង២០លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ រយៈពេល៧ខែ

2023/08/04 11:04:32 am        887
សៀមរាប៖ គ្រឹះស្ថានអង្គរ ទទួលបានចំណូលជាង២០,៣ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៣។ ចំនួននេះ កើនឡើងជាង ៥០០ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។បើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ រយៈពេល ៧ខែនេះ មានទេសចរសរុប ៤៣៩ ៣៦៥នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើនជាង ៤២៣ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ដោយឡែក ក្នុងខែកក្កដា កន្លងទៅនេះ មានទេសចរ ជាង៥៣ពាន់នាក់ បាន​ទិញបណ្ណចូលទស្សនា​រមណីយដ្ឋានអង្គរ​ ហើយចំណូលលក់សំបុត្រនោះមានជាង២,៤លានដុល្លារ។ក្រៅពីនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ ​បានចំនួន ១០,៦ម៉ឺនដុល្លារ ដល់ទេសចរអន្តរជាតិចំនួន ៧ពាន់នាក់ ។យោងតាម​គ្រឹះស្ថាន​អង្គរ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែកចេញជា ៣​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មានតម្លៃ ៣៧​ដុល្លារ​, រយៈពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ​។​ទិន្នន័យ​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨​លាន​នាក់ កើនឡើង១ ០៥៩​ភាគរយ​ធៀប​ឆ្នាំ​២០២១៕ អត្ថបទ៖ វណ្ណៈ

ធនាគារ SME បញ្ចេញហិរញ្ញប្បទានមានចំនួន ៥៤ លានដុល្លារ សម្រាប់គម្រោងស្តារវិស័យទេសចរណ៍

2023/08/04 10:58:23 am        253
ភ្នំពេញ៖ គម្រោងសហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ របស់ ធនាគារ SME បានបញ្ចេញហិរញ្ញប្បទាន មានចំនួន ៥៤ លានដុល្លារអាមេរិក ស្មើប្រមាណ ៣៦ ភាគរយនៃគម្រោងថវិកាសរុប គិតត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ ។ធនាគារ SME បានបង្ហាញរបាយការណ៍ អំពីគម្រោងសហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ អាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៩ ក្រុមហ៊ុន/សហគ្រាស ទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ។ជុំវិញការគាំទ្រ និងជួយជ្រោមជ្រែង កែលម្អអាជីវកម្ម ដែលទទួលរងផលប៉ះពាល់ ការរៀបចំ​ដំណើរការ​អាជីវកម្មឡើងវិញ​ និងធ្វើទំនើបកម្ម ពិពិធកម្ម សេវាកម្ម​ និងផលិតផលនេះ បើគិតត្រឹម​ថ្ងៃទី ៣១ ខែកក្កដា នេះ បានផ្តល់ហិរញ្ញប្បទានទៅលើអាជីវកម្មសំខាន់រួមមាន អាជីវកម្ម​លើសណ្ឋាគារ មាន ២៩ ភាគរយ, អាជីវកម្មផ្ទះសំណាក់ ​២៥ ភាគរយ, ភោជនីយដ្ឋាន ៣១ ភាគរយ និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍ មាន ១៥ ភាគរយ ក្នុងនោះមានសហគ្រិនជាស្ត្រី ៤១ ភាគរយ ទទួលបានពីគម្រោងសហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរ​នេះផងដែរ ។ជុំវិញភ្ញៀវទេសចរណ៍នេះ បើយោងតាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានបង្ហាញឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ ចាប់គិតពីខែ មករា ដល់ ខែ មិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២.៥៧ លាននាក់ កើនឡើងជាង ៤០០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយធនាគារ​ជាដៃគូរ បានបង្កើតគម្រោងសហហិរញ្ញប្បទានលើវិស័យទេសចរនេះ ​បានចាប់ផ្តើមឡើងក្នុងខែ កក្កដា ឆ្នាំ ​២០២២ ដោយគម្រោងនេះផ្តល់ជូននូវអត្រាការប្រាក់ពិសេសជូនដល់សហគ្រាស ឬអាជីវកម្ម​ដែលរងនូវផលប៉ះពាល់ ក្នុងអត្រាការប្រាក់អតិបរមា ៦.៥% ក្នុងមួយឆ្នាំ ក្នុងនោះម្ចាស់​អាជីវកម្មអាចកម្ចីទំហំឥណទានត្រឹម ៤០ ម៉ឺនដុល្លារ សម្រាប់​ជាទុកបង្វឹលក្នុងអាជីវកម្ម ។ ចំណែកការការសង់ត្រឡប់ឥណទានមកវិញ រាជរដ្ឋាភិវបាលបានកំណត់ការកម្ចីមានរយៈពេល ៧ឆ្នាំ​ ក្នុងនោះសម្រាប់ការសងត្រឡប់រយៈពេល ១២ ខែដំបូង​ ម្ចាស់អាជីវកម្មបង់​តែការប្រាក់​ប៉ុណ្ណោះ៕អត្ថបទ៖ សុន រ៉ាឌី

តម្លៃប្រេងកើនឡើងតិចតួច ខណៈដែលទីផ្សារថ្លឹងថ្លែងទិន្នន័យសន្និធិ ការវាយតម្លៃរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

2023/08/03 12:09:32 pm        261
អាមេរិក៖ តម្លៃប្រេង បានកើនឡើងបន្តិចនៅក្នុងការជួញដូរនៅអាស៊ីដំបូង នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលទីផ្សារបានថ្លឹងថ្លែងនូវទិន្នន័យសន្និធិរបស់សហរដ្ឋអាមេរិក ដែលមានការកើនឡើងកាលពីថ្ងៃពុធ ហើយទំនងជាការបន្តកាត់បន្ថយទិន្នផលរបស់អង្គការ OPEC+ ( អូប៉ិចបូក) ទល់នឹងការធ្លាក់ចុះនៃការចំណាត់ការទាញទម្លាក់របស់ទីភ្នាក់ងារវាយតម្លៃFitchផ្នែកឥណទានដ៏ធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ភាគហ៊ុនប្រេងឆៅBrent បានកើនឡើង ២៧ សេន ឬ ០,៣២ ភាគរយដល់៨៣,៤៧ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង ០០០១ ម៉ោងសកល ខណៈប្រេងឆៅរបស់ក្រុមហ៊ុនប្រេង West Texas Intermediate របស់អាមេរិក បានកើនឡើង ២៩ សេន ឬ ០,៣៦ ភាគរយដល់ ៧៩,៧៨ ដុល្លារក្នុងមួយ  បារ៉ែល។ស្តង់ដារទាំងពីរ ត្រូវបានជួញដូរនៅជិតកម្រិតខ្ពស់បំផុតរបស់ពួកគេ ចាប់តាំងពីខែមេសា កាលពីថ្ងៃពុធ ប៉ុន្តែបានបិទ ធ្លាក់ចុះ ២ភាគរយ ចំពេលមានការបារម្ភពីវិនិយោគិនចំពោះហានិភ័យ បន្ទាប់ពីការធ្លាក់ចំណាត់ថ្នាក់។កាលពីថ្ងៃអង្គារ ទីភ្នាក់ងារវាយតម្លៃ Fitch បានទម្លាក់ចំណាត់ថ្នាក់រូបិយប័ណ្ណបរទេសរយៈពេលវែងរបស់សហរដ្ឋអាមេរិកទៅជាAA+ ពី AAA ដោយឆ្លុះបញ្ចាំងពីការថមថយសារពើពន្ធដែលរំពឹងទុកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ក៏ដូចជាការព្រួយបារម្ភអំពីបន្ទុកបំណុលរដ្ឋាភិបាលទូទៅដែលកើនឡើងខ្ពស់ បែកបាកផ្នែកនយោបាយ និងស្ថានភាពអន្តរជាតិនៃប្រាក់ដុល្លារអាមេរិក៕

មជ្ឈមណ្ឌលពាណិជ្ជកម្មឥណ្ឌា Gurugram នៅតែមានភាពតានតឹង បន្ទាប់ពីការប៉ះទង្គិចគ្នារវាងអ្នកកាន់សាសនាហិណ្ឌូ និងពលរដ្ឋមូស្លីម

2023/08/03 11:35:31 am        251
ឥណ្ឌា៖ ចរាចរណ៍មានភាពធូរស្រាលជាងធម្មតាកាលពីថ្ងៃពុធ (២ សីហា) ហើយផ្លូវមួយចំនួនមិនមានមនុស្សម្នា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Gurugram ភាគខាងត្បូងនៃរដ្ឋធានីញូវដែលី្លរបស់ឥណ្ឌា ខណៈដែលក្រុមអាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ពីការប៉ះទង្គិចគ្នាពីរថ្ងៃនៃក្រុមអ្នកសាសនាហិណ្ឌូ-ពលរដ្ឋមូស្លីម នៅក្នុងតំបន់នេះ បានកើនឡើងដល់៧នាក់ហើយ។អំពើហឹង្សាបានផ្ទុះឡើងក្នុងអំឡុងពិធីដង្ហែសាសនាដោយពួកហិណ្ឌូនៅក្នុងសង្កាត់ Nuh ដែលគ្រប់គ្រងដោយពលរដ្ឋមូស្លីមកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ រួមទាំងបុគ្គលិកនគរបាលពីរនាក់ និងប្រហែល៦០នាក់ បានរងរបួស។ភាពចលាចលបានរាលដាលដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Gurugram ដែលនៅជិតខាងនោះកាលពីយប់ថ្ងៃច័ន្ទ និងបន្តរហូតដល់ថ្ងៃអង្គារ ដោយវិហារអ៊ីស្លាមមួយត្រូវបានដុត ហើយបព្វជិតរបស់វិហារម្នាក់បានស្លាប់ផងដែរ។ បណ្ដាហាង និងភោជនីយដ្ឋានជាច្រើនត្រូវបានកម្ទេច ឬដុតបំផ្លាញ។ អ្នកស្រុកមួយចំនួនក្នុងទីក្រុងបានភៀសខ្លួននិយាយថា ពួកគេបានប្រឈមមុខនឹងការគំរាមកំហែង៕

ក្រសួងធ្វើអង្កេតសេដ្ឋកិច្ច និងសង្គមកិច្ចដើម្បីយកទិន្នន័យតាមដានគោលនយោបាយជាតិ

2023/08/02 04:31:47 pm        97
ភ្នំពេញ៖ ក្រសួងផែនការ កំពុងធ្វើការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០២៣ លើគ្រួសារប្រជាពលរដ្ឋជាង ១ ម៉ឺនគ្រួសារនៅទូទាំងប្រទេស ដើម្បីទាញយកទិន្នន័យប្រើប្រាស់សម្រាប់តាមដានគោលដៅឆ្នាំ ២០៣០ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងបប្រើប្រាស់ទិន្ន័យនេះសម្រាប់គោលដៅអភិវឌ្ឍជាតិសំខាន់ជាច្រើនទៀត។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ។លោកជំទាវមានប្រសាសន៍ថា ការធ្វើអង្កេតនេះមានលក្ខណៈទូលំទូលាយ និងមានតារាងសំណួរចំនួន ១១ ផ្នែកគ្របដណ្ដប់លើផ្នែកជាច្រើន និងផ្តោតសំខាន់លើចំណូល បំណុល ទីតាំងភូមិសាស្រ្ត ចំណេះដឹង ការងារ ការសិក្សា រួមនឹងចំណុចជាច្រើនទៀត។ លោកជំទាវបន្តថាទិន្នន័យអង្កេតនេះ គឺមានសារៈប្រយោជន៍សម្រាប់ប្រើប្រាស់ជាទិន្នន័យ តាមដានគោលដៅយុទ្ធសាស្រ្ដអភិវឌ្ឍជាតិឆ្នាំ ២០៣០ ប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងគណនាអាត្រាភាពក្រីក្រ និងប្រើប្រាស់ក្នុងគោលដៅបង្កើតគោលនយោបាយនានា។សូមជម្រាបថា ការអង្កេតសេដ្ឋកិច្ច សង្គមកិច្ច បានចាប់ផ្តើមនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ មកម្លេះ ក្រោមជំនួយពីដៃគូអភិវឌ្ឍន៍។ បច្ចុប្បន្នអង្កេតនេះបាននឹងកំពុងអនុវត្តរៀងរាល់២ឆ្នាំម្ដង ក្រោមថវិកាទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ខណៈគិតត្រឹម ៦ខែឆ្នាំ២០២៣នេះ មន្រ្តីជំនាញបានចុះសម្ភាសន៍ និងសម្រេចបានការងារមួយចំនួនរួចហើយ​៕អត្ថបទ៖ គឹមហុក 

ធនាគារកណ្តាលពិភពលោក បានទិញមាសក្នុងកំណត់ត្រាខ្ពស់បំផុតនៅឆមាសទី១នេះ

2023/08/02 02:34:07 pm        80
ក្រុមប្រឹក្សាមាសពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលពិភពលោកបានទិញមាសចំនួន ៣៨៧តោននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់ចាប់តាំងពីឆ្នាំ២០០០មក ពេលកំណត់ត្រាមាសបានចាប់ផ្តើម។របាយការណ៍និន្នាការតម្រូវការមាសចុងក្រោយរបស់ក្រុមប្រឹក្សាបង្ហាញថា តម្រូវការមាសសកលនៅក្នុងឆមាសទីមួយនេះ បានកើនឡើងចំនួន៥ភាគរយដល់២.៤៦០តោន។ ក្នុងចំណោមនោះ ការបញ្ជាទិញរបស់ធនាគារកណ្តាលត្រូវបានគេរាយការណ៍ក្នុងកម្រិតខ្ពស់បំផុតគឺចំនួន ៣៨៧ តោន។ តម្រូវការដុំមាស និងកាក់មាសមានចំនួន៥៨២តោន ខណៈដែលការប្រើប្រាស់គ្រឿងអលង្ការមាសបានកើនឡើងដល់ចំនួន៩៥១តោន។យោងតាមរបាយការណ៍នោះបានឲ្យដឹងថា តម្រូវការមាស និងកាក់មាសរបស់ប្រទេសចិនបានកើនឡើងចំនួន៣៣ភាគរយបើធៀបនឹងឆ្នាំមុន ដល់ចំនួន១១៥តោន ដែលស្មើនឹងតួលេខ២០ភាគរយនៃចំនួនសរុបទូទាំងពិភពលោក។ លោក Wang Lixin នាយកគ្រប់គ្រងនៃក្រុមប្រឹក្សាមាសពិភពលោកនៅក្នុងប្រទេសចិនបាននិយាយថា ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ រួមទាំងប្រទេសសិង្ហបុរី និងសហភាពអឺរ៉ុបបានក្លាយជាអ្នកទិញមាសដ៏សំខាន់ ជំនួសឲ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។របាយការណ៍នេះបាននិយាយថា ឆមាសទីមួយនៃឆ្នាំ២០២៣នេះ ក៏បានរាយការណ៍ពីការផលិតរ៉ែមាសរួមគ្នាចំនួន១.៧៨១តោន ដែលខ្ពស់ជាងពីរភាគរយធៀបនឹងកំណត់ត្រាមុនដែលបានកត់ត្រាកាលពីឆ្នាំ២០១៨៕

កម្ពុជាគ្រោងនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម ឆ្លើយតបនឹងតម្រូវការទីផ្សារក្រៅប្រទេស

2023/08/02 10:56:35 am        1389
ភ្នំពេញ៖ កម្ពុជាកំពុងគិតគូរជំរុញការនាំចេញជ្រូករស់ ទៅកាន់ប្រទេសវៀតណាម ខណៈទីផ្សារនៅប្រទេសនោះបានកំពុងងើបឡើង ដែលនឹងជួយរក្សាស្ថិរភាពតម្លៃជ្រូករស់ក្នុងស្រុក ដែកកំពុងស្រុតចុះ។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានថ្លែងលើកឡើង នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៣ នេះថា ជុំវិញការផ្គត់ផ្គង់ជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារ នាប៉ុន្មានឆ្នាំ​ចុងក្រោយ ​ផលិតកម្មចិញ្ចឹមជ្រូកនៅកម្ពុជា បានឆ្លើយតបតាមតម្រូវការទីផ្សារ ​បាន​គ្រប់គ្រាន់ ​ដោយកម្ពុជាលែងមានការនាំជ្រូករស់ចូល​ពីប្រទេសជិតខាងទៀតហើយ ស្របពេល​ការចិញ្ចឹម​ជ្រូកក្នុងស្រុកមានការរីកចម្រើន​ និងមានកសិដ្ឋានតូច-ធំ ជាច្រើនបានដំណើរលើ​ផលិតកម្ម​ផ្នែកនេះ។ចំណែកតម្លៃលក់វិញ លោក ស្រ៊ុន ពៅ លើកឡើងបន្តថា សម្រាប់ទីផ្សារក្នុងស្រុក តម្លៃជ្រូករស់​នាពេលកន្លងមកបានហក់ឡើងដល់ ​៩ ៣០០ រៀល ក្នុងមួយគីឡូក្រាម តែមកដល់បច្ចុប្បន្នតម្លៃ​នេះបានធ្លាក់ចុះ, ដែលការធ្លាក់ចុះនេះ ​ព្រោះនៅក្នុងរដូវវស្សាប្រជាពលរដ្ឋមួយចំនួនធំ ​ជាពិសេស​ប្រជាពលរដ្ឋនៅតាមជនបទ ​ពួកគាត់អាចរកត្រីសាច់សម្រាប់​ផ្គត់ផ្គង់​ការហូបចុកបានមួយចំនួនធំ។ សមាគម​បានសង្កេតឃើញថា ​តម្លៃជ្រូករស់នៅប្រទេសវៀតណាម ​កំពុងមានសម្ទុះងើបឡើង ក្នុងនោះដើម្បី​ជួយដល់កសិករ ​បច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធកំពុងជួយសម្រួលលើបញ្ហាទាំងនេះ ដើម្បីជំរុញការនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម។ជុំវិញការនាំចេញជ្រូករស់ទៅប្រទេសវៀតណាមនេះ, លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា ថ្មីៗនេះ កសិករអ្នកចិញ្ចឹមជ្រូក ​ក៏ដូចប្រជាពលរដ្ឋមួយចំនួន មានការយល់ច្រឡំ អំពីការនាំជ្រូកពីប្រទេសជិត​ខាងចូលមកកម្ពុជា ។ ចំពោះបញ្ហាទាំងនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ​គឺបានអនុញ្ញាត ឲ្យ​ក្រុមហ៊ុននាំចេញជ្រូកពីប្រទេសថៃ​ ឆ្លងកាត់ប្រទេសកម្ពុជា​ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយ​មិនមែន​នាំចូលទីផ្សារកម្ពុជានោះទេ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Meta ចាត់វិធានការដើម្បីបញ្ចប់ការចូលប្រើព័ត៌មាននៅក្នុងប្រទេសកាណាដា តាមច្បាប់ស្តីពីការបង់ប្រាក់ឱ្យអ្នកបោះពុម្ពផ្សាយ

2023/08/02 10:28:41 am        126
អាមេរិក៖ ក្រុមហ៊ុន Meta បាននិយាយកាលពីថ្ងៃអង្គារថា វេទិការបស់ Meta ទាំងអស់បានចាប់ផ្តើមដំណើរការដើម្បីបញ្ចប់ការចូលប្រើព័ត៌មាននៅលើបណ្ដាញសង្គម Facebook និង Instagram សម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសកាណាដា ជាឆ្លើយតបទៅនឹងច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនអ៊ីនធឺណិតយក្សជាច្រើនបង់ប្រាក់ឱ្យអ្នកផ្សាយព័ត៌មាន។ច្បាប់ស្តីពីព័ត៌មានអនឡាញដែលត្រូវបានអនុម័តដោយសភាកាណាដានឹងបង្ខំឱ្យវេទិកាអនឡាញដូចជាក្រុមហ៊ុន Google ដែលជាបុត្តសម្ព័ន្ធរបសក្រុមហ៊ុនមេ Alphabet និងក្រុមហ៊ុន Meta ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ្នកផ្សាយព័ត៌មានកាណាដាសម្រាប់មាតិការបស់ពួកគេ។នៅក្នុងយុទ្ធនាការប្រឆាំងនឹងច្បាប់ ដែលជាផ្នែកមួយនៃនិន្នាការសកលកាន់តែទូលំទូលាយដើម្បីធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាបង់ប្រាក់សម្រាប់ព័ត៌មាន ទាំងក្រុមហ៊ុន Meta និងក្រុមហ៊ុន Google បាននិយាយកាលពីខែមិថុនាថា ពួកគេនឹងបិទការចូលប្រើព័ត៌មាននៅលើវេទិការបស់ពួកគេនៅក្នុងប្រទេសនេះ។ ច្បាប់របស់ប្រទេសកាណាដាគឺស្រដៀងគ្នាទៅនឹងច្បាប់មូលដ្ឋានដែលអូស្ត្រាលីបានអនុម័តក្នុងឆ្នាំ២០២១ ហើយបានបង្កការគំរាមកំហែងពីក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ក្នុងការកាត់បន្ថយសេវាកម្មរបស់ពួកគេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM
លោក Trump និយាយថាបទឈប់បាញ់អ៊ីរ៉ង់អាចបញ្ចប់ប្រសិនបើគ្មានកិច្ច្រមព្រៀងណាមួយសម្រេចបានត្រឹមថ្ងៃពុធ
04/18/2026 02:04 PM
អ៊ីរ៉ង់និយាយថា ការផ្ទេរអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅឲ្យអាមេរិក ពុំមែនជាជម្រើសទេ
04/18/2026 02:04 PM
សហរដ្ឋអាមេរិក គ្រោងអនុវត្តដំណើរការប្រព័ន្ធសងប្រាក់ដំឡើងពន្ធវិញនៅថ្ងៃទី២០ ខែមេសា
04/18/2026 02:04 PM
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
04/18/2026 02:04 PM
វិបត្តិស្រេកឃ្លាននៅហៃទី កាន់តែធ្ងន់ធ្ងរ ខណៈមនុស្សជិត៦លាននាក់ប្រឈមនឹងអសន្តិសុខស្បៀង ធ្ងន់ធ្ងរ
04/18/2026 12:04 PM
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅយេម៉ែន ខណៈក្រុមហ៊ូទី បង្ហាញការគាំទ្រចំពោះលីបង់ ក្រោយបទឈប់បាញ់
04/18/2026 12:04 PM
ក្រុមហ៊ុនដឹកជញ្ជូន ស្វែងរកការបញ្ជាក់ច្បាស់ មុនពេលឆ្លងកាត់ច្រកសមុទ្រ Hormuz
04/18/2026 12:04 PM
UN ព្រមានថា ស៊ូដង់ខាងត្បូងប្រឈមនឹងហានិភ័យនៃ «ទុរ្ភិក្សទ្រង់ទ្រាយធំ» ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង
04/18/2026 12:04 PM