សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត

2026/09/09 06:23:23 pm        233
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោបានសម្ដែងនូវក្តីរីករាយក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានស្វាគមន៍ហើយអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។សម្ដេចសង្ឃឹមថា ក្នុងនាមឯកឧត្តមជាឯកអគ្គរដ្ឋទូតនឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអ៊ីរ៉ង់កាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងឱកាសនោះឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមបានជួប ជូនសារតាំងនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមបានស្គាល់សម្ដេចតេជោតាមរយៈការបញ្ជាក់អំពីជំហរនៃការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៊ីរ៉ង់ ឲ្យកាន់តែមានភាពសកម្ម និងកាន់តែរីកចម្រើន។ សម្ដេចចង់ឃើញការពង្រីកនូវពាណិជ្ជកម្មសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន ជាពិសេសផ្ដោតទៅលើវិស័យកសិកម្ម។ ជាចុងក្រោយ សម្ដេចតេជោហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ទទួលបាននៅភាពជោគជ័យនៅក្នុងបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕

ឯកអគ្គរដ្ឋទូតថ្មីអ៊ុយរូហ្កាយប្រចាំកម្ពុជា ប្ដេជ្ញាថាខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៊ុយរូហ្កាយឱ្យកាន់តែរីកចម្រើន

2026/09/09 06:17:41 pm        196
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ បានប្ដេជ្ញាថា នឹងខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៊ុយ រូហ្កាយ ឲ្យកាន់តែរីកចម្រើនហើយជាពិសេសនោះគឺឯកឧត្តមមានមោទនភាពណាស់ដែលបានធ្វើជាឯកអគ្គរដ្ឋទូតរបស់អ៊ុយរូហ្កាយ ប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសនោះ ដែរសម្ដេចតេជោបានសម្ដែងនូវការពេញ្ចិតចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូត អ៊ុយរូហ្កាយ ដោយសម្ដេចបានឯកភាពនៅក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងអ៊ុយរូហ្កាយឲ្យកាន់តែរីកចម្រើន។ សម្ដេចបានមានប្រសាសន៍អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសទាំងពីរអាចមានសក្កានុពល ជាច្រើនទៀតក្នុងការពង្រីកទំនាក់ទំនងជាមួយគ្នា ជាពិសេសផ្ដោតទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយរូហ្កាយ។ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូត អ៊ុយរូហ្កាយ ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យនៅក្នុងបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើររដ្ឋបាលរាជធានីភ្នំពេញរៀបចំសន្តិសុខ និង​សណ្តាប់​ធ្នាប់​បាន​យ៉ាង​ល្អនៅ Walk Street

2026/09/07 10:33:00 am        931
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងកូនស្រី នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បាន​អញ្ជើញ​ដើរ​កម្សាន្តដោយផ្ទាល់នៅ Walk Street ក្នុងរាជធានីភ្នំពេញ។ ក្រោយនាំភរិយា និងកូនស្រីទៅដើរលេងនៅ Walk Street សម្រេចដូចបំណង, នៅព្រឹកថ្ងៃទី៧ ខែ​កញ្ញានេះ សម្តេចធិបតីប បានបង្ហោះសារដោយបញ្ជាក់ថា សម្តេចបាននាំភរិយា និងកូន ទៅ​លេង Walk Street ដូចបំណងហើយ។ ជាមួយគ្នានេះ សម្តេច​បាន​កោត​សរសើរ​សាលា​រាជ​ធានី​ភ្នំពេញ ដែលបានរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។ សម្តេចធិបតី បានបង្ហោះវីដេអូ និងជាមួយសារមានខ្លឹមសារថា៖ «ទីបំផុតខ្ញុំបាន​នាំ​ភរិយា និង​កូន​មក​លេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោង​ទៅ​សម្ពោធ​ទី​នោះ​ត្រូវ​បាន​លើក​ពេល​ជា​បន្ត​បន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ»។ សម្ដេច​បានមានប្រសាសន៍បន្តថា៖«ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំង​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​បានយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ​បរទេស​បាន​មក​លេង​កម្សាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកម្សាន្ត»។ ក្នុង​ឱកាសនោះ សម្ដេចធិបតី ក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោក អ៊ំ ពូ មីង បង​ប្អូន ក្មួយៗ សម្រាប់រូបសម្ដេច ព្រមទាំងភរិយា និងកូន៕

រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams

2026/09/06 02:18:19 pm        456
កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដាន​វឌ្ឍនភាព​ដោយ​ផ្ទាល់​នៅ​តាម​ទីតាំង​ធ្លាប់​មាន​ការ​ប្រព្រឹត្ត​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់​ពី​កង​កម្លាំង​អនុវត្ត​ច្បាប់ និងអាជ្ញាធរមាន​សមត្ថកិច្ច​បាន​បោស​សម្អាត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។ បើ​ទោះបីជាសមត្ថកិច្ចកម្ពុជាបានប្រកាសពីបោសសម្អាតសំបុកឆបោកធំៗចំនួន៨៦ កន្លែង និង​បង្រ្កាប​ចំនួន ៦៦៣ ទីតាំង យ៉ាងណាក្តី ក៏បេសកកម្មនេះមិនទាន់បញ្ចប់ឡើយ។ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កំពុងបន្តប្រតិបត្តិការស្រាវជ្រាវ តាមដាន និងឆែកឆេរយ៉ាង​ស្អិត​រមួត​លើ​គ្រប់​ទីតាំង​សង្ស័យ​ទាំង​អស់ ដោយមិនទុកឱ្យសល់សូម្បីតែមួយចន្លោះប្រហោងឡើយ។ រាជរដ្ឋាភិបាលនឹងប្រើវិធានការកណ្តាប់ដៃដែក ដើម្បីកាត់ផ្តាច់បណ្តាញ និងបញ្ចប់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាឱ្យអស់ ដោយមិនទុកលំហរ ឬច្រកដកដង្ហើមឱ្យក្រុមឧក្រិដ្ឋជនឡើយ ព្រម​ទាំង​សូម​លើក​ទឹក​ចិត្តដល់សាធារណជន និងដៃគូទាំងអស់ ឱ្យចូលរួមផ្តល់​ព័ត៌មាន​អំពី​ទីតាំង​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការឆបោកអនឡាញ ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍ បង្ក្រាប និងលុប​បំបាត់​បាន​ទាន់​ពេល​វេលា ​ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ គឺជាសារនយោបាយ​ច្បាស់​លាស់​ទៅ​កាន់​ពិភព​លោក​ថា ​កម្ពុជាមិនមែន និងមិនដែលអនុញ្ញាតឲ្យទីតាំងណាមួយនៃដែនដីខ្លួន ក្លាយជាជម្រក​នៃ​ឧក្រិដ្ឋ​ជន​ឆបោកអនឡាញឡើយ។ ក្នុងការចុះពិនិត្យផ្ទាល់ដល់ទីតាំងក្នុងខេត្តកោះកុង សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី បានផ្ដោតជាសំខាន់លើទីតាំងដែលជាធ្លាប់ជាតំបន់ក្តៅ ពិសេស​តំបន់​អភិវឌ្ឍន៍​តារា​សាគរ និងទីតាំងសង្ស័យមួយចំនួនទៀតក្នុងខេត្តកោះកុង ដែល​កន្លង​មក​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជនជ្រកកោនកេងបន្លំធ្វើសកម្មភាពឆបោកឆ្លងដែន។ បច្ចុប្បន្ន ទីតាំងទាំងនេះត្រូវបានកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី បិទ​ប្រតិបត្តិ​ការ​ខុស​ច្បាប់​ទាំង​ស្រុង ដោយមណ្ឌលឆបោកធំៗ និងទីតាំងបណ្តាញតូចតាចទាំងអស់ ត្រូវបានបង្ក្រាប ដក​ហូតឧបករណ៍បច្ចេកវិទ្យា បិទចោលទាំងស្រុង និងដាក់​វិធាន​ការ​ឈាន​ទៅ​រឹប​អូស​តាម​នីតិ​វិធី​ច្បាប់​ដោយ​គ្មានការលើកលែង។ ជាមួយគ្នានេះ ការគ្រប់គ្រងសន្តិសុខពេញលេញត្រូវបានធានា ដោយ​អាជ្ញាធរបានដាក់ការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ២៤/៧ ដើម្បីធានា​ថា​គ្មាន​ការ​លួច​លាក់​បង្កើត​ឡើង​វិញជាដាច់ខាត សំដៅស្តាររូបភាព ជំនឿចិត្តក្នុងការវិនិយោគ ព្រមទាំងធានា​បរិយាកាស​អាជីវកម្មស្របច្បាប់ ជំរុញសកម្មភាពទេសចរណ៍ និងការអភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរ​ភាព​សម្រាប់ប្រជាជនមូលដ្ឋាន។ វត្តមានរបស់សម្តេចធិបតីនៅខេត្តកោះកុងនាពេលនេះ គូសរំលេចនូវលទ្ធផលនៃការអនុវត្ត «យុទ្ធ​នាកា​រ​ជាតិបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកើតចេញពីភាពសកម្ម ពុះពារ និងឥតដកថយ របស់កងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នៅក្នុង​រាជ​ធានី-ខេត្តទាំង ២៥ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ ក្នុង​រយៈពេលប្រមាណ ១៤ ខែ នៃប្រតិបត្តិការជាប់ជាប្រចាំក្នុងការវាយសន្ធប់ និងកម្ទេច​ឫស​គល់​នៃ​បទ​ល្មើសអនឡាញនេះ សមត្ថកិច្ចកម្ពុជាបានបង្រ្កាបចំនួន ៦៦៣ ទីតាំង ហើយក្នុង​ចំណោម​នេះ ​សមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក(scam compounds) ៨៦ទីតាំង ដើម្បី​ឈាន​ទៅ​រឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ ថវិកាជាង ៣០០​លាន​ដុល្លារ​អាមេរិក​ ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​ដែល​កំពុង​បន្ត​នីតិ​វិធី​បង្កក​ និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ ចំណែកឯ ក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ត្រូវបានចាប់ខ្លួន និងផ្តន្ទា​ទោស​តាម​ច្បាប់​។ ​សំណុំរឿង ចំនួន ៤៤៦ ករណីស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ ​៣,៩២៧ នាក់ រួមមានមេខ្លោងនិងគូកន មកពី២៩សញ្ជាតិ។ វិធានការ​ច្បាប់​ក៏​ត្រូវ​បាន​អនុវត្ត​ចំពោះ​មន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន ៤ ទាក់ទិនជនសង្ស័យ ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីត​អគ្គ​នាយក​នៃ​ក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។ ស្រប​គ្នានេះ ជនបរទេស ចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ បានធ្វើមា​តុ​ភូមិ​និវត្តន៍​ត្រលប់​ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធ និង​ស្មោះត្រ​ង់ជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ។ សូមបញ្ជាក់ថា ពួកគេត្រូវ​បាន​សមត្ថ​កិច្ច​ជួយ​រំដោះ ​និងសង្គ្រោះឱ្យរួចផុតពីពលកម្មការងារខុសច្បាប់ ការកេងប្រវ័ញ្ច និងអំពើទារុណ​កម្ម​អ​មនុស្ស​ធម៌​ដោយពួកមេខ្លោងឧក្រិដ្ឋជនបរទេស។ បេសកកម្មចុះត្រួត​ពិនិត្យដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ គឺជាសក្ខីកម្មរស់​ដែល​ឆ្លុះ​បញ្ចាំងពីឆន្ទៈនយោបាយមុះមុតឥតកែប្រែរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ការ​ពារ​អធិប​តេយ្យ​ភាព ស្ដារ និងលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ដាច់​ខាត​។ កម្ពុជាមិនត្រឹមតែវាយកម្ទេច ជម្រកចាស់ បំបែក និងកាត់​ផ្តាច់​បណ្តាញ​ក្រុម​ឧក្រិដ្ឋ​ជន​ឲ្យ​អស់​ពី​ឫស​គល់​ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងពង្រឹងយន្តការច្បាប់កាន់តែតឹងរ៉ឹង បន្តបោស​សម្អាត​អំពើ​ល្មើស ​បង្កើនការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា និងលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​ជិត​ស្និទ្ធ ដើម្បីធានាឱ្យ​បានជាដាច់ខាត​ថា​បទល្មើស​ឆបោក​អន​ឡាញ​មិន​កើត​ឡើង​ជា​ថ្មីឡើ​យ​៕​

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

2026/09/04 05:10:32 pm        173
នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញាឆ្នាំ២០២៦​ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជី តាជី និងគណៈកម្មកាវត្តចំនួន១០១នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅទីតាំងវត្ត តាប៉ុក ហៅវត្តព្រះអង្គថ្នា ស្ថិតនៅក្នុងភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។សូមរំលឹកថា កាលពីឆ្នាំទៅ ឯកឧត្តម និងលោកជំទាវ ក៏បានមកប្រគេនទេយ្យវត្ថុនៅទីអារាមនេះផងដែរ ហើយពេលនោះ ដោយឃើញពីការខ្វះខាតបច្ច័យក្នុងការសាងសង់ព្រះវិហារ ដែលកំពុងសាងសង់ទើបបានប្រមាណជា៣០% នោះ និងតាមរយៈការបិណ្ឌបាត្រពីព្រះចៅអធិការវត្ត ឯកឧត្តម និងលោកជំទាវ ក៏បានសម្រេចកសាងបង្ហើយនិងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល៣ខែខាងមុខនេះ។ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណាបានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់បុព្វការីជនដែលបានចែក និងដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវក៏បានចែកនូវកាតាបសិស្សដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខ និងចំណីអាហារដល់សិស្សានុសិស្សចំនួន ១២០នាក់ និងចែករទេះរុញសម្រាប់ជនពិការ១គ្រឿង។ ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖១-អង្ករ១តោន២-មី៣០កេសតូច៣-ត្រីងៀត១០គីឡូក្រាម៤-ត្រខ១កេស មាន១០យួ ៥-សាច់ក្រក១០គីឡូក្រាម៦-សាច់ផាត់១០គីឡូក្រាម៧-ទឹកដោះគោខាប់២កេស៨-កាហ្វេ៥កញ្ចប់ធំ៩-តែ២គីឡូក្រាម១០-ស្ករស១បេ១១-អំបិល១បេ១២-ទឹកត្រី៥យួរ១៣-ទឹកស៊ីអ៊ីវ៥យួរ១៤-ទឹកម្ទេស៥យួរ១៥-ទឹកសៀង៥យួរ១៦-សាប៊ូដុំ១០០ដុំតូច១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត១៨-ប្រេងកូឡា១០០ដប ១៩-ប្រេងខ្យល់១០០ដប២០-ថ្នាំពេទ្យ២០ប្រអប់២១-ស្លាដក់៦១ ២២-សាប៊ូម្ស៉ៅ១០កញ្ចប់២៣-ទៀនព្រះវស្សាចំនួន២គូ ២៤-ថវិកា២លានរៀលកញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់២-ថ្នាំដុសធ្មេញ ១ទីប ៣-ច្រាសដុសធ្មេញ១៤-ប្រេងកូឡា ១ដបតូច ៥-ប្រេងខ្យល់មួយ ១ដបតូច ៦-សាប៊ូដុសខ្លួន ១ដុំតូច៧-សាប៊ូកក់សក់ ១២កញ្ចប់ ៨-សាប៊ូបោកខោអាវ ១កញ្ចប់ ៩-ក្រណាត់ស ១ដុំ ១០-ក្រមា១១១-កន្សែងធំ១១២-ភួយ១១៣-កាហ្វេ ១កញ្ចប់ធំ១៤-នំធុង ១ធុង១៥-ស្ករស ១គីឡូក្រាម ១៦-តែ១កញ្ចប់ ១៧-ទឹកដោះគោខាប់២កំប៉ុង១៨-ស្បែកជើងផ្ទាត់១គូ១៩-ថវិកា ៥ម៉ឺនរៀល៕

កម្ពុជា ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​នៃ​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​ថៃ ​លើដែនអធិបតេយ្យកម្ពុជា

2026/09/04 11:52:20 am        949
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ២០២៦ បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​នៃ​ឧទ្ធម្ភាគចក្រ​របស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​ហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើ​ដែន​អធិប​តេយ្យ​ក​ម្ពុជាមួយគ្រឿង បានរំលោភបំពានចូលដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅ​ជិត​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា សកម្មភាពនេះរំលោភលើ៖ មាត្រា១ នៃ​អនុ​សញ្ញា​ស្តីពី​អាកាស​ចរណ៍ ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋ​នីមួយ​ៗ​មា​ន​អធិបតេយ្យពេញ លេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន។ មាត្រា៣ (គ) នៃ​អនុសញ្ញាដដែលនេះ បានហាមឃាត់ យន្ត​ហោះរ​បស់​រដ្ឋ​នីមួយៗ​មិន​ឱ្យ​ហោះ​ហើរ​លើដែ​ន​ដី​រដ្ឋ​ដទៃ​ដោយ​គ្មាន​ការអនុញ្ញាត និងចំណុចទី៦ នៃ វិធានការបន្ថយភាពតានតឹង ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ-កម្មាធិការព្រំដែនទូទៅ (GBC) ដែល​បាន​ចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរព​ការ​ប្តេជ្ញា​ចិត្តរ​បស់​ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្រប​សម្រួល​ដល់​ការ​ដោះស្រា​យជម្លោះ ដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​នៅ​តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីនូវកា​រ​ប្តេជ្ញា​ចិត្តឥត​ងាក​រេរ​បស់​ខ្លួន​ក្នុង​កា​រដោះស្រា​យប​ញ្ហា​ព្រំ​ដែន ដោយសន្តិវិធី និងការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន

2026/09/02 04:30:45 pm        364
នៅរសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នក​តំណាង​រាស្ត្រម​ណ្ឌលតាកែវ នីតិកាលទី៧ នៃរដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ វេលា​ម៉ោង ១២ និង២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។ យោងតាមលិខិតចូលរួមរំលែកទុក្ខរបស់សម្ដេចតេជោ ជូនចំពោះមហាឧបាសិកា សុខ កែវ និងក្រុមគ្រួសារ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោបានបញ្ជាក់ឲ្យដឹងថា ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងភរិយា និងក្រុមគ្រួសារ និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចពិតជាមានសេចក្តីតក់ស្លុត និងនឹកស្តាយ ស្រងោចចិត្ត ឥតឧបមាបន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត ថា ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ នីតិកាលទី៧នៃរដ្ឋសភា និងជាអតីត រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវជាស្វាមីជាទីស្រឡាញ់របស់ លោកជំទាវ បានទទួល មរណភាព។ ក្នុងឱកាសដ៏សោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខអាឡោះអាល័យឥតគណនា ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជាការបាត់បង់ដ៏ធំធេង នូវស្វាមី បិតា ជីតា សាច់ញាតិ សហការីប្រកបដោយថាមវន្ត និងតំណាងរាស្ត្រ ដ៏ឆ្នើមមួយរូប ដែលតែងតែបានលះបង់ស្ទើរពេញ មួយជីវិតរបស់ឯកឧត្តម បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនប្រកបដោយ ស្វាមីភ័ក្តិ និងស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ។ ការចូលរួមអភិវឌ្ឍជាតិដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ កន្លងមក ជាពិសេស វិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានា សន្តិសុខស្បៀង បង្កើតការងារ ជំរុញការនាំចេញផលិតផលកសិកម្ម កសិឧស្សាហកម្ម ការពារបរិស្ថាន និង ធនធានធម្មជាតិ។ ការណ៍នេះ គឺជាអនុភាគយុទ្ធសាស្ត្រដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ព្រោះ វិស័យកសិកម្មមិនគ្រាន់តែជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជន្ទល់អាទិភាពទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់ សំដៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ គំរូវីរភាពរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ នឹងត្រូវបានចងចាំជានិច្ចនិរន្តរ៍។ យើងទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ 

សម្ដេចធិបតី សាទរចំពោះសិស្សប្រឡប់ជាប់បាក់ឌុប និងលើកទឹកចិត្តដល់សិស្សដែលធ្លាក់ ចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ

2026/09/01 03:31:20 pm        2064
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងអបអរសាទរចំពោះបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំនេះទាំងអស់ និងបានលើកទឹកចិត្តដល់បេក្ខជនដែលធ្លាក់ ចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ។តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានសរសេរយ៉ាងដូច្នេះថា «សូមចូលរួមអបអរសាទរ ក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥~២០២៦ នេះ»សម្ដេចធិបតីបានបន្តថា សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរ ក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ឆ្នាំ២០២៦ សរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ខណៈបេក្ខជននិទ្ទេស A មានចំនួន ២ ០២២នាក់, និទ្ទេសB ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។សូមបញ្ជាក់ថា ក្រសួងអប់រំនឹងប្រកាស និងបិទផ្សាយលទ្ធផលផ្លូវការនៅតាមមណ្ឌលប្រឡងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ស្អែកនេះ ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ លទ្ធផលនេះក៏នឹងត្រូវបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន៖ ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់)៕

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់

2026/08/29 06:48:43 pm        187
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភា អាស៊ែបៃហ្សង់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា នៅក្នុងជំនួបសម្តេចតេជោបានសម្តែងនៅការរីករាយដែលបានជួបសន្ទនាសារជាថ្មីជាមួយលោកជំទាវប្រធានរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់។ សម្តេចតេជោបានអរគុណលោកជំទាវដែលបានបញ្ជូនសមាជិកសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ មកចូលរួមកិច្ចប្រជុំប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលមានភាពល្អប្រសើរ។ ហើយប្រទេសទាំងពីរកំពុងតែសហការគ្នាយ៉ាងល្អ។ សម្តេចក៏បានរម្លឹកអំពីសារបានដែលសម្តេចធ្លាប់ទៅទស្សនកិច្ចនៅប្រទេសមួយនេះជាបន្តបន្ទាប់។ អ្នកនាំពាក្យបានបន្តថា នៅក្នុងឱកាសនោះ លោកជំទាវ Sahiba GAFAROVA បានសម្តែងនៅការអរគុណជាអនេកចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជួបជាមួយលោកជំទាវតាមរយៈការសន្ទនាតាមរយៈវិដេអូខិនហ្វ្រើរិន។ ហើយលោកជំទាវរីករាយណាស់ដែលបានជួបសន្ទនាជាមួយសម្តេចតេជោសាជាថ្មី។ លោកជំទាវក៏បានអបអរសាទរដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភា ដែលទើបតែបានបញ្ចប់ទៅនាពេលថ្មីៗនេះ។ លោកជំទាវក៏បានអញ្ជើញសម្តេចតេជោអញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់នៅពេលខាងមុនេះ។ លោកជំទាវក៏បានស្នើសុំសម្តេតេជោឲ្យជួយគាំទ្រលោកជំទាវជាបេក្ខភាពប្រធានសហភាពអន្តរសភា (IPU) ដែលលោកជំទាវ គឺជាបេក្ខភាពមួយរូបសម្រាប់ឈរជាប្រធាននៃ IPU។នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនៅការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសអរគុណលោកជំទាវដែលបានអបអរសាទរជុំវិញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភា។ ហើយសម្តេចតេជោក៏បានទទួលយកនៅការអញ្ជើញរបស់លោកជំទាវនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ែបៃហ្សង់នៅពេលខាងមុខ។ សម្តេចតេជោបានបញ្ជាក់ថា សម្តេចនឹងពិនិត្យមើលនៅពេលវេលាសមស្របដើម្បីទៅទស្សនកិច្ចសារជាថ្មីនៅអាស៊ែបៃហ្សង់។សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះសំណើរបស់លោកជំទាវ Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលស្វែងរកការគាំទ្រពីកម្ពុជានៅក្នុងបេក្ខភាពរបស់លោកជំទាវ គឺជាប្រធានសហភាពអន្តរសភា (IPU) ដែលនឹងបោះឆ្នោតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខាតមុខនេះ។ ដោយសម្តេចតេជោបានបញ្ជាក់ថា សម្រាប់កម្ពុជានឹងពិចារណាដោយយកចិត្តទុកដាក់ និងមានការអនុគ្រោះចំពោះការស្នើរបស់អាស៊ែបៃហ្សង់នៅពេលនេះ៕ អត្ថបទ៖ វង្ស សុភាព

គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា

2026/08/28 08:52:54 pm        95
នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយគ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំ​ដោយ ឯកឧត្តម Syed Yusaf Raza Gilani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានគណ:ប្រតិភូ​ នៃISC បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ ​ប្រកបដោយ​ជោគជ័យ​។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវេទិកា ISC បានត្រូវបង្កើតឡើង ដោយឈរលើទស្សនាទាននៃសន្តិភាព, ស្ថិរភាព​ និងការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់​ការគោរពច្បាប់អន្តរជាតិ រួមទាំង ធម្មនុញ្ញអង្គការសហប្រជាជាតិ,​ សំដៅចូលរួមចំណែកធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោក។ ឯកឧត្តម​ប្រធានគណៈប្រតិភូ​ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងការទូត និងការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការកសាង និងការរក្សាសន្តិភាព និង​ស្ថិរភាព។ជាការឆ្លើយតប, សម្តេចធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទ ISC-2 នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីតួនាទីគន្លឹះរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលបំពេញបន្ថែមឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការកសាងទំនាក់ទំនង​ និង​កិច្ចសហប្រតិ​បត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សន្តិភាពមានតម្លៃជាសារវន្ត សម្រាប់ការអភិវឌ្ឍ ។ ឆ្លៀតក្នុងឱកាសនោះ, សម្តេចធិបតីបានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាមទាំងស្រុង ប្រកបដោយជោគជ័យ​ ដែល​បាន​នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសជាប្រវត្តិសាស្ត្រ​ តាមរយៈ​ «នយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន​ ។ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាពយូរអង្វែងជាមួយបណ្តាប្រទេសជិតខាងទាំងអស់។មុននឹងបញ្ចប់, សម្តេចធិបតីបានជម្រាបជូនគណៈប្រតិភូ​ នៃសន្និសីទប្រធានសភា​ នៃអន្តរសភា លើកទី២​ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM