សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

សម្ដេច​ធិ​បតី ជំរុញឱ្យមន្ត្រីតាមបណ្ដាខណ្ឌយកគំរូតាមអភិបាលរងខណ្ឌពោធិ៍សែនជ័យ ចុះ​ប្រមូល​សំរាម​ និងរៀបហេដ្ឋារចនាសម្ព័ន្ធដែល​មិនត្រឹមត្រូវ និងអំពាវនាវ​ពលរដ្ឋ​ជួយ​ថែ​រក្សា​បរិស្ថាន

2026/09/16 03:01:11 pm        340
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​ជំរុ​ញ​ឱ្យ​មន្ត្រី​តាម​បណ្ដា​ខណ្ឌ​យកគំរូតាមលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្នុង​ការ​ចុះ​ប្រមូល​សំរាម និងរៀបហេដ្ឋារចនាសម្ព័ន្ធដែលមិនត្រឹមត្រូវដែលពលរដ្ឋសាងសង់​នៅតាមមូលដ្ឋាន និង​អំពាវនាវឱ្យប្រជាពលរដ្ឋជួយថែរក្សាបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ​២០២៦នេះ នាឱកាសអញ្ជើញ​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ​ហ្លួង​ម៉ែ» ដែល​ជា​មន្ទីរ​ពេទ្យ​ផ្តល់សេវា​ព្យាបាល​ជំងឺមហារីក។ សម្តេចធិបតី បានថ្លែង​ថា «ខ្ញុំសូមយកឱកាសនេះសរសើរលោក ប៉ាង លីដា (លោក ប៉ាង លីដា អភិបាល​រង​​ខណ្ឌ​ពោធិ៍សែន​ជ័យ) ឃើញចុះធ្វើច្រើន បាលូសំអាតសំរាម ហើយក៏មានការ​ចូល​រួម​ពី​ខណ្ឌ​ផ្សេងៗ បន្តធ្វើទៀតទៅអាណឹង ហើយខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋផង កន្លែង​ខ្លះ​ឃើញ​គាត់​បារ​លូហើយឥលូវមកវិញទៀតសំរាម បារអត់អស់ទេសំរាម ហើយនេះសម្រាប់​សុខភាព​បង​ប្អូន​ប្រជាពលរដ្ឋទេ សូមចូលរួមគ្នាដើម្បីការពារ»។ សម្ដេច​ធិបតី​ក៏​បាន​រំលឹកឡើងវិញគ្រា​ដែល​បាន​បើក​ដំណើរ​ការ​សាក​ល្បង​ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​លេង​កម្សាន្ត​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) មុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ​២០២៥ មានប្រជាពលរដ្ឋបានចូលលេងកម្សាន្តរាប់ម៉ឺននាក់ តែមិនមាន​សំរាម​រាយ​ប៉ាយ​នោះ​ឡើយ​​ ដោយប្រជាពលរដ្ឋបានទុកដាក់សំរាមបានត្រឹមត្រូវ និងបានជួយថែរក្សាបរិស្ថានបានល្អ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា បរិស្ថានស្អាត គឺបាន​ផ្តើម​ចេញ​ពី​យើង​ម្នាក់ៗ ប្រជាពលរដ្ឋនីមួយៗ មិនអាចថារង់ចាំតែអាជ្ញាធរ ក្រុមហ៊ុនប្រមូលសំរាមដើរប្រមូលសំរាម ទើ​ប​ធ្វើឱ្យស្អាតបាននោះទេ គឺយើងត្រូវតែចូលរួមរួមគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀស​វាង​ការ​បោះចោលពាសវាលពាសកាល ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព និងសុខភាពល្អសម្រាប់ទាំងអស់គ្នា ដែលនេះហើយគឺ​ជាកិច្ច​ការ​សំខាន់​មួយ​ផ្នែក​រឿង​សុខភាពផងដែរ។ សូមបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន បច្ចុប្បន្នរាជធានី​ភ្នំពេញ​​មាន​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ចំនួន៣ ដែលទទួលខុសត្រូវលើការប្រមូល និងដឹកជញ្ជូនសំរាម។ ក្រុមហ៊ុន​ទាំង​នេះ​បាន​ចូល​រួមប្រកួតប្រជែងគ្នា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែទម្រង់លើការគ្រប់គ្រង និង​ដឹកជញ្ជូនសំរាមពីក្រុមហ៊ុនតែមួយដាច់មុខកាលពីមុន។ បរិមាណសំរាមដែលប្រមូល បាន​នៅ​រាជ​ធានីភ្នំពេញបានកើនឡើងគួរឱ្យកត់សម្គាល់។ កាលពីមុន ការប្រមូល​ដឹក​ជញ្ជូន​សំរាម​បាន​ត្រឹម​តែ​ប្រមាណ ៣,០០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ន បរិមាណសំរាម​បាន​កើន​ឡើង​រហូតដល់ ៤,១០០តោនក្នុងមួយថ្ងៃ៕

ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត

2026/09/15 05:35:05 pm        212
លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់នូវទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត។លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ បានបង្ហាញ ការប្ដេជ្ញាចិត្ត បែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រសូមសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលទទួលបាននូវការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថាវត្តមានរបស់លោកជំទាវនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។នៅក្នុងឱកាសនោះលោកជំទាវបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកជំទាវបានចូលជួប និងជូនសារតាំងលាឱកាសនេះ។ លោកជំទាវបានប្តេជ្ញាចិត្តថាក្នុងអាណត្តិរបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់នូវទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកជំទាវបានលើកឡើងទៀតថា ក្នុងបេសកកម្មរបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ទាក់ទាញធុរជន របស់អាល្លឺម៉ង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសសម្ដេចបានពេញចិត្តទៅលើការពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ។ សម្ដេចតេជៅ ចាត់ទុកថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគនេះឯង គឺជាចំណុចស្នូលនៃទំនាក់ទំនោងរវាងប្រទេសទាំងពីរ សម្ដេចក៏ពេញចិត្តផងដែរ ចំពោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនាពេលកន្លងមកនេះ ដែលមានការកើនឡើងជាបន្តបន្ទាប់។ អាល្លឺម៉ង់ គឺជាប្រទេសមួយ ជាដៃគូដ៏សំខាន់របស់កម្ពុជា ក្នុងការធ្វើពាណិជកម្មនៅក្នុងតំបន់អឺរ៉ុប ដែលកន្លងទៅទំហំពាណិជកម្មរវាងប្រទេសទាំងពីរគឺមានរហូតដល់៣ពាន់លានដុល្លារ ហើយនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។ជាចុងក្រោយ សម្ដេចតេជោបានជូនពរលោកជំទាវ ឯកអគ្គ រដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យ ក្នុងបេសកកម្មការងារនៅកម្ពុជា៕

ប្រមុខការទូតកម្ពុជា៖ កម្ពុជាជ្រើសរើសយកជម្រើសយន្តការ UNCLOS ដើម្បី​ស្វែង​រក​ផ្លូវ​សន្តិភាព​ទៅ​មុខ ស្របតាមច្បាប់អន្តរជាតិ

2026/09/15 09:32:43 am        627
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ នៃ​គណៈកម្មការ​ផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី) បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជាបានជ្រើសរើសយកជម្រើសយន្តការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOSនេះ គឺ​ដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជា​មើល​ឃើញ​ដំណើរ​ការ​ផ្សះ​ផ្សា​នេះ​ថា ជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែន​ជា​ទម្រង់​នៃ​ការ​បង្កើន​ភាព​តាន​តឹង​នោះឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំឭកឡើងថា កម្ពុជា បាន​ចាប់​ផ្តើម​កសាង​ប្រទេស​ឡើង​វិញ​យ៉ាងសកម្ម បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសឆ្នាំ១៩៩១ និង​ដំណើរ​ការ​ស្វែង​រក​សន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួចបំផុតមួយលើលោក កម្ពុជាដែលទើបតែងើបចេញពីជម្លោះ និងភាព​ឯកោ​អស់​ពេល​ជា​ច្រើនទ​សវត្សរ៍ ត្រូវប្រឈមមុខនឹងភារកិច្ចដ៏ធំធេងក្នុងការកសាងឡើង វិញនូវសេដ្ឋកិច្ច ស្ថាប័ន និងសង្គមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថាក្នុងន័យនេះពុំមានប្រទេសច្រើនអាចយល់ស៊ីជម្រៅជាងកម្ពុជាអំពីតម្លៃនៃសន្តិភាព និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទាំងផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះ គឺស្ថិតក្នុងបរិបទ ប្រវត្តិសាស្ត្រនេះហើយកម្ពុជាបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំឭកថា ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍១៩៩០ កម្ពុជាបានព្យាយាមដោះស្រាយបញ្ហាព្រំដែន សមុទ្រជាមួយថៃ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ធនធានចាំបាច់ សម្រាប់ជំរុញកំណើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ដូចប្រទេសជិតខាងកម្ពុជាដែលបានទទួលផលប្រយោជន៍នេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ កម្ពុជានិងថៃបានចាប់ផ្តើមការពិភាក្សាគ្នាអំពីព្រំដែនសមុទ្រនៃប្រទេសទាំងពីរ ក្នុងខែមេសា ឆ្នាំ១៩៩៥។ មកដល់ឆ្នាំ២០០១ រដ្ឋទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ។ អនុស្សរណៈនេះបានឆ្លុះបញ្ចាំងអំពីការ ប្តេជ្ញាចិត្តរួមគ្នាក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធានដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ទោះបីជាមានការខិតខំចរចារកដំណោះស្រាយក៏ដោយក៏ភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយលើបញ្ហាព្រំដែនសមុទ្រ ឬសន្ធិសញ្ញាអភិវឌ្ឍន៍រួមហើយធនធានក្រោមសមុទ្រ ក្នុងតំបន់ដែលមិនទាន់កំណត់ព្រំដែន ក៏នៅតែមិនទាន់ត្រូវបានរុករក។ ខណៈដែលពិភពលោកកំពុង តែប្រឈមនឹងបញ្ហារាំងស្ទះក្នុងការផ្គត់ផ្គង់ថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ តំបន់យើងនឹងទទួលបានផលប្រយោជន៍ច្រើនជាងពេលណាៗទាំងអស់ ពីការអភិវឌ្ឍធនធានក្រោមសមុទ្រនេះ។ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ ប្រទេសថៃបានប្រកាសជាសាធារណៈអំពីការលុបចោល ដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ បើទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់ពីសំណាក់ប្រទេសកម្ពុជាសុំឱ្យថៃគោរពអនុស្សរណៈនេះក៏ដោយ។ ស្ថិតនៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជាបានពិចារណាដោយហ្មត់ចត់លើគ្រប់ ជម្រើសនៃដំណោះស្រាយដោយសន្តិវិធី ដែលខ្លួនមានស្របតាមច្បាប់អន្តរជាតិ។ ឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជាបានសម្រេចយក ជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា នៅពេលកម្ពុជាចាប់ផ្តើមដំណើរការនីតិវិធីនេះ នាយករដ្ឋមន្ត្រីរបស់ខ្ញុំ គឺសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាពិសេសមួយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមាន ប្រសាសន៍ថា៖ «កម្ពុជា ក៏ដូចជាថៃនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ដោយស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធីនឹងផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ហើយនឹងរួមដំណោះស្រាយនេះនឹងចំណែកផងដែរដល់ការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការពារអធិបតេយ្យ ពង្រឹងទំនុកចិត្ត ទាញយកផលប្រយោជន៍ពីធនធានថាមពល គាំទ្រដល់ ការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗ មិនមែនសម្រាប់តែពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់កូនចៅជំនាន់ក្រោយនៃប្រទេសកម្ពុជានិងថៃទៀតផង់»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា៖«កម្ពុជាបានជ្រើសរើសយកជម្រើសនេះដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខ ស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថាជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជា សង្ឃឹមដោយស្មោះថា ប្រទេសថៃចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរនឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពបែបនេះនឹងសម្រួលឱ្យប្រជាជនភៀសសឹកជាង ២ម៉ឺននាក់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ការអភិរក្សទីតាំងវប្បធម៌សំខាន់ៗដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នាហើយនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកប្រក្រតីនៃភាពទំនាក់ទំនងទ្វេភាគី។ កិច្ចប្រឹងប្រែងបែបនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពតានតឹង និងការកសាងជំនឿទុកចិត្តឡើងវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា៖«ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ មិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង»៕

កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បាន​បិទ​បញ្ចប់​នៅ​រសៀលថ្ងៃនេះ

2026/09/14 03:43:29 pm        1324
ភ្នំពេញ៖ កិច្ចប្រជុំ​បិទទ្វារ​របស់​គណៈកម្មកា​​រ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​នីតិ​សមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធាន​គណៈ​កម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណ​រដ្ឋ​សិង្ហបុរី​។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បាន​អញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។ សូម​ជម្រាបថា គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជានិងថៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅ​ក្នុង​ប្រទេសសិង្ហបុរី។ កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ដោយ​សុន្ទរកថា បើកកិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ វេលាម៉ោង៨ព្រឹក ម៉ោង​នៅ​កម្ពុជា។ សុន្ទរកថា បើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារ​កម្ពុជា​ដោយ​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈជា ៣ភាសា គឺខ្មែរ អង់គ្លេស និងថៃ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន ​ក្នុងនាមជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូ និងក្រុមការងារច្បាប់ជាច្រើនរូបទៀត។ កិច្ច​ប្រជុំនេះ គឺជាជំហានសំខាន់មួយទៀត ក្នុង​ដំណើរ​កា​រ​ដោះ​ស្រាយ​ទំនាស់​ដែន​សមុទ្រ​ប្រទេសទាំ​ង​ពីរ​បន្ទាប់​ពីគណៈកម្មការផ្សះផ្សា ដែលមានសមាជិក ៥រូបដែលសុទ្ធសឹង​ជា​អ្នក​ជំនាញ​ច្បាប់​សមុទ្រ​អន្តរជាតិត្រូ​វបានជ្រើសរើស ក្នុងនោះអ្នកជំនាញ ២រូបជ្រើសរើសដោយភាគីកម្ពុជា ២​រូប​ទៀត​ដោយ​ភាគីថៃ និងបន្ទាប់មកអ្នកទាំង ៤ ក៏បានជ្រើសរើសអ្នកជំនាញអន្តរជាតិទី៥ មក​ធ្វើ​ជា​ប្រធានគណៈកម្មការផ្សះផ្សា។ កម្ពុជា បានផ្តួចផ្តើមការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃ​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃ​បាន​បញ្ចប់​ជា​ឯកតោ​ភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី (MOU-2001) ដែលជាមូលដ្ឋាន​សម្រាប់​ការ​ចរចា​អំពី​ការទាមទារតំបន់សមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង ២ទសវត្សរ៍​កន្លង​ទៅ ​បើទោះបីជាកម្ពុជាបានសម្តែងការសោកស្តាយ និងបានស្នើ​ថៃ​កុំឱ្យ​លុប​ចោល​កិច្ច​ព្រម​ព្រៀង​នេះ​ក៏​ដោយ​។ ដោយឈរលើមូលដ្ឋាននៃគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថា កម្ពុជាបានបញ្ជូនលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សាដោយចាប់បង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិនិងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ៕ រូប AKP

កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌

2026/09/11 06:26:19 pm        291
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ដើម្បី ​ពង្រឹង​ទំនាក់ទំនង​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌។នារសៀលថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦ នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សម្ដេចធិបតី ចូលរួមជាអធិបតីភាពជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤៖១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។៣. វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និងទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។៤. អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ គួរបញ្ជាក់ថា ឯកឧត្តម មីន អោង ឡាំង បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ យ៉ាង ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ ៖ វីរះ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា

2026/09/11 05:41:35 pm        218
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។ក្រោយកិច្ចប្រជុំនេះទៅ សម្តេចមហាបវរធិបតី និងឯកឧត្តម មីន អោង ឡាំង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។បន្ទាប់មក សម្តេចមហាបវរធិបតី នឹងរៀបចំអាហារពេលល្ងាចជូនលោកប្រធានាធិបតី និងគណៈប្រតិភូ។ សូមជម្រាបថា ឯកឧត្តម មីន អោង ឡាំង បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ទស្សនកិច្ចនេះ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិការរវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែល្អប្រសើរ។ខណៈប្រមាណជាមួយម៉ោងក្រោយអញ្ជើញដល់កម្ពុជា ឯកឧត្តម មីន អោង ឡាំង ត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋយ៉ាងកក់ក្ដៅដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ និងឯកឧត្តម មីន អោង ឡាំង បានប្រជុំកំពូលជាមួយគ្នា និងឯកភាពពង្រឹកលើវិស័យជាច្រើនរួមទាំងសេដ្ឋ ការទូត នយោបាយជាមួយគ្នា។ក្នុងជំនួបកំពូលនេះ សម្តេចតេជោ ក៏បានហៅដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះរបស់ ឯកឧត្តម មីន អោង ឡាំង ជាសក្ខីភាពនៃការបញ្ជាក់អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូ ដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ យ៉ាង ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកវត្តមាន​ប្រធានាធិបតី​មីយ៉ាន់ម៉ា​នៅ​កម្ពុជា​នឹង​ជំរុញ​មិត្ត​ភាព​ប្រទេស​ទាំង​ពីរ​ឱ្យកាន់តែរឹងមាំបន្ថែមទៀត

2026/09/11 03:57:14 pm        396
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចាត់​ទុក​វត្ត​មាន​របស់ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជានៅពេលនេះថា ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុ​ងការជំរុញនូវមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុង​កិច្ច​ប្រជុំ​កំពូល​ជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងឱកាសដែលឯកឧត្តម អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមាន​សាមគ្គីភាព ព្រឹទ្ធសភាកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ភាគី​ទាំង​ពីរ​បានជជែកគ្នាទៅលើទំនាក់ទំនងទ្វេភាគី និងចែករំលែកនូវ​ទស្សនៈ​ជុំវិញ​បញ្ហា​តំបន់​មួយ​ចំនួន​ផងដែរ។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជានៅ​ពេលនេះ ថាជាផ្នែកដ៏សំខាន់មួយនៅក្នុងការជំរុញនូវមិត្តភាពរវាងកម្ពុជា និង​មីយ៉ាន់ម៉ា​ឲ្យ​កាន់​តែរឹ​ង​មាំបន្ថែមទៀត។ កម្ពុជា និងមីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា តាំង​ពីឆ្នាំ១៩៥៥មក ហើយនៅឆ្នាំ២០២៥ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ នៃ​ការ​បង្កើត​ទំនាក់ទំនងការទូត ដោយបានរៀបចំសកម្មភាព ជាច្រើន ដើម្បីជំរុញទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅក្នុង​ជំនួបនេះ ឯកឧត្តម មីន អោង ឡាំង បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍ និង​វឌ្ឍន​ភាព​របស់កម្ពុជា ជាពិសេស ការរីកចម្រើនរបស់រាជធានីភ្នំពេញ។ ឯកឧត្តម បានលើក​ឡើង​ថា ​ការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ បើ​ប្រៀប​ធៀប​នឹង​ពេល​ដែល​ឯកឧត្តមបានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ២០១៧។ ថ្នាក់ដឹកនាំទាំងពីរ ក៏បាន​ឯកភាព​គ្នា​ថា ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវការការចូល​រួម​ទាំង​ក្នុង​ក្រប​ខណ្ឌ​នីតិ​ប្រតិបត្តិ និងនីតិបញ្ញត្តិ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើន។ ជាមួយគ្នានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងការវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងចង់ឃើញ ទំហំពាណិជ្ជកម្ម រវាង​កម្ពុជា និងមីយ៉ាន់ម៉ា កើនឡើងខ្ពស់ជាងបច្ចុប្បន្ន ខណៈឆ្នាំ២០២៥ ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ មានប្រមាណជាង៣៥លានដុល្លារអាម៉េរិក។ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏​បាន​បង្ហាញការស្វាគមន៍ ចំពោះវិនិយោគិនកម្ពុជា ឱ្យទៅវិនិយោគនៅ មីយ៉ាន់ម៉ាកាន់តែច្រើន ខណៈ​ភាគីកម្ពុជាក៏មានបំណងជំរុញឱ្យមានការវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទៅ​វិញ​ទៅ​មក​។ ឯកឧត្តមប្រធានាធិបតី មីយ៉ាន់ម៉ា ក៏បានសម្តែងការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងការបង្កើតក្របខណ្ឌ សមាគមបណ្តាប្រទេសនាំចេញអង្ករ ដោយចាត់ទុកថា ជា​គំនិតផ្តួចផ្តើមមានសារៈសំខាន់ ហើយភាគីទាំងពីរ នឹងបន្ត​ពិភាក្សា និង​សហការ​គ្នា​បន្ថែម​ទៀត​។ ​ក្រៅពីនេះប្រទេសទាំងពីរ ក៏បានបង្ហាញពីសក្តានុពលនៃការពង្រឹងទំនាក់ទំនងផ្នែកវប្បធម៌ សាសនា និងទេសចរណ៍ ដោយសារកម្ពុជា និងមីយ៉ាន់ម៉ា មានទំនាក់ទំនង ប្រវត្តិសាស្ត្រ វប្បធម៌ និង​ព្រះពុទ្ធសាសនា ស្រដៀងគ្នា ព្រមទាំងមានបំណង ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ឱ្យ​កាន់តែសកម្ម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ ក្នុង​ជំនួប ដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហា តំបន់​មួយ​ចំនួន​រួម​ទាំង​បញ្ហា​ព្រំដែន រវាងកម្ពុជា និងថៃផងដែរ៕

គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

2026/09/10 05:51:42 pm        282
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber - ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា (Sokveasna Chan) ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកស្រីប្រធាន ACBC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ACBC ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា។ លោកស្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចធុរកិច្ចនេះ, គណៈប្រតិភូបានជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានសម្តែងការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះការស្វាគមន៍ និងការគាំទ្ររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានចែករំលែកព័ត៌មានអំពីសក្តានុពលវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជា។ ជាពិសេស, បណ្តាក្រុមហ៊ុនរបស់ ACBC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យឡូជីស្ទីក, វិស័យកសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការតភ្ជាប់រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាពថែមទៀត។ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះស្ថាបនិក និងគណៈប្រតិភូ ACBC ដែលបានមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបាន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចធិបតីក៏បានបង្ហាញសុទិដ្ឋិនិយមថា នៅថ្ងៃអនាគត ផលិតផលកម្ពុជានឹងមានវត្តមានកាន់តែច្រើនឡើងនៅលើទីផ្សារសហរដ្ឋអាមេរិក។ បន្ថែមពីនេះ, សម្តេចធិបតីបានគូសរំលេចពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់គោលដៅប្រែក្លាយកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ព្រមទាំងមានបំណងជំរុញការតភ្ជាប់រវាងកំពង់ផែនេះ ជាមួយបណ្តាកំពង់ផែសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ៕

សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល

2026/09/10 05:27:25 pm        191
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគម JCA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចធិបតីដែលតែងតែផ្ដល់ពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូរបស់ JCA ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ ជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសកម្មភាពនៃដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ ដោយ JCA បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សំដៅលើកម្ពស់សហគ្រាសធុនតូចនិងមធ្យម (SME) របស់ជប៉ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក៏ដូចជាគម្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីការផ្ដោតអាទិភាពខ្ពស់របស់ JCA ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើសសរស្ដម្ភចំនួន៣ រួមមាន៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម, និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូ JCA ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីទិសដៅក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ដែលមានជាអាទិ៍៖ (១) ការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងពិភពលោក, និង (២) ការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាការសហការជាមួយនឹងក្រុមហ៊ុន TOYOTA ក្នុងការបណ្ដុះបណ្ដាលអ្នកថែទាំរថយន្ត ជាដើម។ ក្រៅពីនេះ, ក្នុងទិសដៅផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, JCA គ្រោងនឹងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុននាពេលខាងមុខ ដើម្បីមានឱកាសពន្យល់ដល់ក្រុមហ៊ុនជប៉ុនឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ, ក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានា នៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណដល់ JCA ដែលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជាការទាក់ទាញក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតីសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង JCA នាពេលកន្លងមក។ សម្ដេចធិបតីក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តជាគំរូល្អក្នុងការទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។ សម្ដេចធិបតីរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្នុងការបន្តធ្វើការរួមគ្នាដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ហើយតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះផងដែរ, សម្ដេចធិបតីក៏សង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត។ មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យគណៈប្រតិភូ JCA បន្តពិភាក្សា និងសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2026/09/10 05:17:57 pm        191
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរ ឯកឧត្តម Akbar Ghasemi Ali Abadi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានកត់សម្គាល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តម នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ, សម្តេចធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត និងលើកទឹកចិត្ត ឯកឧត្តម ពិភាក្សាបន្ថែមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM