ក្នុងជំនួបជាមួយយោធិន​ទាំង១៨រូប, សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែង៖«ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កម្លាំងចិត្តដល់ក្រុមការងារវេចខ្ចប់អំណោយជូនពលរដ្ឋភៀសសឹក
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយគ្រឿងរណ្ដាប់បូជា ជូនទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បួងសួងសុំសេចក្តីសុខ សន្តិភាព និងការរីកចម្រើនជូនជាតិមាតុភូមិ

ព័ត៌មានសំខាន់ៗ

អគ្គលេខាធិការរង UN៖ ជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ

2024/07/05 06:54:50 pm        138
ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួប លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកអគ្គលេខាធិការរង បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីចូលរួមធានានូវសុខសន្តិសុខ និងសុវត្ថិភាព ដល់បណ្ដាប្រទេសដទៃទៀត ដែលការណ៍នេះគឺជាគំរូដ៏ល្អមួយសម្រាប់ បណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោក។ ភាពជោគជ័យនេះក៏ទទួលបានផងដែរ នូវការសាទរ និងការគាំទ្រពីបណ្ដាប្រទេសនានាជាច្រើន។ ជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានកោតសរសើរជាពិសេស ចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយវិន័យខ្ពស់ ។ លោកអគ្គលេខាធិការរង ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ផងដែរថា អង្គការសហប្រជាជាតិបន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ និងអសន្តិសុខ។ ព្រមជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់អំពីការគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខ។ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គលេខាធិការរង និងបានសម្ដែងនូវការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តចូលរួមចំណែកជាមួយនឹងអង្គការសហប្រជាជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខ ដល់បណ្ដាប្រទេសដែលកំពុងតែប្រឈមនឹងជម្លោះ និងអសន្តិសុខ ក៏ដូចជាការចូលរួមចំណែកក្នុងការកិច្ចការមនុស្សធម៌ផងដែរ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែងតែផ្ដល់នូវការចិត្តទុកដាក់ និងការគាំទ្រដល់សុវត្ថិភាព ក៏ដូចជាសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាព របស់ព្រះជាណាចក្រកម្ពុជានៅតាមបណ្ដាប្រទេសនានា។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសផ្សេងៗ។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ក្នុងការបោសសម្អាតមីន ហើយមកដល់ពេលបច្ចុប្បន្ននេះខេត្តចំនួន ១៥ របស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសជាផ្លូវការថាជាខេត្តដែលគ្មានមីន ហើយរាជរដ្ឋាភិបាលនឹងបន្តការខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ព្រោះថាបញ្ហាបន្សល់ទុកពីសង្រ្គាមនេះគឺជាបញ្ហាប្រឈម ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។ មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេច របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាអូតាវ៉ា នាពេលខាងមុខនេះ។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរលោកអគ្គលេខាធិការរង និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/05 03:15:01 pm        199
នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានអនុញ្ញាតឲ្យលោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង ហើយ​ថែម​ទាំង​អាច​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​បុព្វហេតុសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ ២០០៦ ដល់ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជា​បាន​បញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន ៩៥៧០ នាក់ (ស្ត្រី ៨១៨ នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និង​កុងហ្គោ។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧ (ស្ត្រី ១២៥ នាក់) នាក់ត្រូវបានដាក់ពង្រាយ នៅស៊ូដង់ខាងត្បូង (UNMISS) លីបង់ (UNFIL) អាហ្រ្វិកកណ្តាល (MINUSCA) កុងហ្គោ (MONUSCO) និងស៊ូដង់ (UNISFA)។ កម្ពុជាបន្តឈរនៅលំដាប់កំពូលទាំង ២៥ ក្នុងចំណោមប្រទេសចំនួន ១២១ ដែល​រួម​ចំណែក​កង​ទ័ព​ក្នុង​ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ ៣ (បន្ទាប់​ពី​ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេសអាស៊ាន។ សម្រាប់ការ​រួម​ចំណែក​ដល់​កង​ទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់​ចំណាត់​ថ្នាក់​លេខ១ ក្នុងចំណោមប្រទេសអាស៊ាន។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖កម្ពុជាមានការរីកចម្រើន ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿន និងរស់រវើក

2024/07/04 03:24:47 pm        127
ភ្នំពេញ ៖ ឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេលពីរឆ្នាំនៃការបំពេញការងារនៅកម្ពុជា ឯកឧត្តមបានឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿន និងរស់រវើកគួរជាទីចាប់អារម្មណ៍យ៉ាងក្រៃលែង។ ​ឯកឧត្ដម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ក្នុងឱកាសជំនួបនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយដែលបានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត សាជាថ្មីម្ដងទៀតបន្ទាប់ពីការជំនួបលើកមុន ក្រោយពេល ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្វាយសារតាំងចំពោះ ព្រះករុណា ព្រះមហាក្សត្រ។ ជាមួយនេះដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានអបអរសាទររដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការរៀបចំការប្រកួត EURO Cup 2024 បានល្អប្រសើរ និងអបអរសាទរក្រុមបាល់ទាត់អាល្លឺម៉ង់ដែលទទួលបានជោគជ័យក្នុងការប្រកួតរហូតមកដល់ពេលនេះ។ឯកឧត្តម ឯកអគ្គរដ្ឋទូត អាល្លឺម៉ង បានសម្ដែងការអរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម បានចូលជួបសម្ដែងការគួរសម និងពិភាក្សា ក្នុងឋានៈសម្ដេចជាប្រធានព្រឹទ្ធសភា។ ឯកឧត្ដមក៏បានសម្ដែងការរីករាយផងដែរ ដោយឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងអាល្លឺម៉ង់ មានការរីកចម្រើនរឹងមាំជាបន្តបន្ទាប់ ពិសេស បានពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ១៧ គណៈប្រតិភូរួចហើយ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំង ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ។ ចំនួននេះច្រើនជាងរយៈពេល១០ឆ្នាំកន្លងមក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបសម្ដេចតេជោ ពីការបើកស្ថានកុងស៊ុលកិត្តិយសរបស់អាល្លឺម៉ង់ប្រចាំទីក្រុងសៀមរាប នៅខែមិថុនាកន្លងទៅ ដែលដឹកនាំដោយកុងស៊ុលកិត្តិយសម្នាក់មានជំនាញខាងពាណិជ្ជកម្ម និងទេសចរណ៍ ។ ឯកឧត្តម ជឿជាក់ថា ស្ថានកុងស៊ុលកិត្តិយសនេះ នឹងអាចជួយជំរុញការទាក់ទាញទេសចរអាល្លឺម៉ង់និងបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនទៀត មកបំពេញទស្សនកិច្ចនៅខេត្តសៀមរាបដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌។ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបន្ថែមថា ឯកឧត្តមនឹងប្រឹងប្រែងបន្តទៀតដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍនូវយុទ្ធសាស្ត្របញ្ចកោណរបស់ខ្លួន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាក្រុមហ៊ុនអាល្លឺម៉ង់មួយដែលកំពុងធ្វើការវិនិយោគនៅវៀតណាមកំពុងពិនិត្យលទ្ធភាព វិនិយោគនៅកម្ពុជា ហើយគេកំពុងតែធ្វើការសិក្សាបន្ថែមទៀតនៅលើបរិយាកាសសម្រាប់ការវិនិយោគ រួមមាននីតិវិធី ពន្ធដារជាដើម។ ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយដោយសម្ដេចបានធ្វើការជាបន្តបន្ទាប់ជាមួយនឹងថ្នាក់ដឹកនាំ អាល្លឺម៉ង់ ជាពិសេសក្នុងជំនួបជាមួយ ប្រធានាធិបតីអាល្លឺម៉ង់ ក្នុងទីក្រុងព្រុចសែលពេលកន្លងមកនេះ ហើយថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នានិងធ្វើការជាមួយគ្នាបន្តទៀត។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបន្តជួយកម្ពុជានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ បានបង្កើនកម្រិតកាន់តែខ្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ដែលធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ សម្ដេចបានបន្តថាសម្ដេចផ្ទាល់ មានមោទនភាពចំពោះសមិទ្ធផលល្អៗ ដែលសម្រេចបានជាមួយគ្នា។ សម្ដេច បានស្នើសុំឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្តការងារ ជាពិសេស ការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ និង ការអភិវឌ្ឍធនធានមនុស្ស។ ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានជូនពរឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងសហការី ទទួលបានសុខភាពល្អ និងជោគជ័យក្នុងការងារបន្តដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

​ សម្ដេចតេជោ ហ៊ុន សែន ណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ច

2024/07/03 04:31:07 pm        81
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានណែនាំឱ្យក្រុមប្រឹក្សាជាតិកម្ពុជាខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន ៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។ ​សម្ដេចតេជោ បានណែនាំបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន៧មករា។ ក្នុងឱកាសនោះសម្ដេចតេជោប្រធានព្រឹទ្ធសភា សម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដោយសម្ដេចបានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០២៣ លើកលែងតែងឆ្នាំ ២០២១ដែលមានជំងឺរាតត្បាតកូវីដ-១៩ដែលបានអាក់ខានប្រជុំប្រចាំឆ្នាំ។ជាកិច្ចឆ្លើយតប លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានសម្ដែងនូវអំណរសាទរ និងចាត់ទុកជាកិត្តិយលដ៏ខ្ពង់ខ្ពស់បំផុតដែលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានទទួលការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនពីវឌ្ឍនភាពការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។លោកជំទាវកិត្តិបណ្ឌិត បានជម្រាបជូនសម្ដេចតេជោថានៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភានេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានរៀបចំជាថ្មីនូវព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីដើម្បីឱ្យស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលសមាសភាពត្រូវបានផ្លាស់ប្ដូរក្នុងនោះអនុប្រធានមានចំនួន៦រូប និងសមាជិកកើនឡើងចំនួន៣៧រូប មកពី៣៧ក្រសួងស្ថាប័ន ដែលពីអាណត្តិមុនមានតែ២៤ក្រសួងនិងស្ថាប័នតែប៉ុណ្ណោះ។លោកជំទាវកិត្តិបណ្ឌិត បានជម្រាបថា នៅក្នុងវិស័យសេដ្ឋកិច្ច និងការងារ ស្ត្រីបានដើរតួនាទីក្នុងវិស័យសេដ្ឋកិច្ច និងការងារដែលយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានបង្ហាញថាស្ត្រីចំនួន ៦១,៨% ជាអ្នកតំណាងក្នុងចំណោមអង្គការសរុបនៅកម្ពុជា។ ហើយស្ត្រីភាគច្រើន បានដើរតួនាទីក្នុងការដឹកនាំនៅក្នុងសហគ្រាសធុនតូច និងមធ្យមក្នុងការលក់ផលិតផលទៅកាន់ទីផ្សារ។ តាមការសង្កេតស្ត្រីបានដើរតួនាទីច្រើននៅក្នុងការអភិវឌ្ឍសហគមន៍ កសិកម្មចម្រុះ និងក្រុមផលិតមានសារៈសំខាន់ដែលស្ត្រីបានដឹកនាំការអភិវឌ្ឍមានសមត្ថភាពលើជំនាញផលិតកម្ម និងការគ្រប់គ្រងអាជីវកម្មនៅតាមសហគមន៍ផងដែរ និងបានដើរតួនាទីក្នុងការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនិងសហគមន៍តាមរយៈមុខរបរក្រៅពីកសិកម្មនិងសេវាអេកូទេសចរណ៍និងសហគមន៍តំបន់ការពារធម្មជាតិ។ល។ជាមួយនេះដែរ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក៏បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជំនួយផ្នែកច្បាប់ដល់ស្ត្រីនិងស្ថានភាពស្ត្រីនៅក្នុងមន្ទីរឃុំឃាំង។ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានយកចិត្តទុកដាក់ក្នុងការចុះជួបទណ្ឌិត និងពិរុទ្ធជនជាស្ត្រីដែលជាប់ឃុំនៅក្នុងពន្ធនាគារនៅក្នុងខេត្តចំនួន៧ ស្វែងយល់ពីស្ថានភាព និងផ្ដល់សេវាជំនួយផ្សេងៗ ក្នុងនោះក្នុងចំនួនស្ត្រីដែលជាប់ឃុំទាំងនោះ លោកជំទាវកិត្តិបណ្ឌិត ក៏បានបញ្ជាក់ថាមានស្ត្រីមានផ្ទៃពោះចំនួន២៧នាក់ និងស្ត្រីដែលមានកូនតាមម្ដាយចំនួន១១៥ នាក់ផងដែរ។លោកជំទាវកិត្តិបណ្ឌិត ក៏បានជម្រាបពីការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងការគ្រប់គ្រងក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីត្រៀមចេញទៅបម្រើការងារនៅប្រទេសដែលក្នុងនោះស្ត្រីមានចំនួនស្មើនឹង៤១,៧១% នៃចំនួនពលករទៅក្រៅប្រទេស តាមរយៈការខិតខំរបស់ក្រុមប្រឹក្សាជាតិក៏បានយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ការជួយរកការងារជូនដល់ស្ត្រីនិងកុមារដែលមានពិការភាព ក្នុងនោះបានជួយឱ្យជនដែលមានពិការភាពសរុបប្រមាណ៧៥៣៥ នាក់បានចូលបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋនិងអង្គការនានាក៏ដូចជាវិស័យឯកជនផងដែរ។ បន្ថែមលើនោះ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក៏បានជំរុញក្នុងការបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅក្នុងមុខងារសាធារណៈដែលបច្ចុប្បន្ននេះ កំណើនស្ត្រីនៅក្នុងអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីបានកើនពីចំនួន ៤០% នៅឆ្នាំ២០១៩ ដល់ ៤២ % នៅឆ្នាំ២០២២កន្លងទៅនេះ។ ស្ត្រីដែលបានធ្វើការនៅក្នុងមុខងារសាធារណៈមានតួនាទីចាប់ពីអនុប្រធានការិយាល័យដល់អគ្គនាយក និងមានឋានៈស្មើប្រមាណជា២៧% នៅឆ្នាំ២០២២ ហើយស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានី ខេត្តមានចំនួន៨០រូប ស្មើនឹង ១២,៨៤% និងស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុងថ្នាក់ក្រុង ស្រុក ខណ្ឌមានចំនួន៧៨៩រូបស្មើនឹង១៩,៧៥ % ។នៅក្នុងវិស័យអប់រំយុវជននិងកីឡា មានការរីកចម្រើនដោយការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ លើកទឹកចិត្តឱ្យសិស្សនិស្សិតបានចុះឈ្មោះចូលរៀនមានកំណើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយដែលធ្វើឱ្យគម្លាតយេនឌ័រក្នុងវិស័យអប់រំនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សាត្រូវបានលុបបំបាត់។ ក្នុងតួលេខក្នុងឆ្នាំសិក្សា២០២២ ដល់ ២០២៣ សិស្សស្រីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៥៧,៧៣% ដែលក្នុងនោះសិស្សស្រីជាប់និទ្ទេសមានចំនួនដល់ទៅ៥២,៦២% តែនៅក្នុងកម្រិតឧត្ដមសិក្សា គឺចំនួនស្ត្រីបានថយចុះជាបន្តបន្ទាប់ ដែលក្នុងការសិក្សាបានបង្ហាញថាក្នុងឆ្នាំ ២០២៣ និស្សិតស្រីកំពុងសិក្សានៅកម្រិតឧត្ដមសិក្សាមាន៤៥,៧៣% ហើយនិស្សិតដែលកំពុងសិក្សាមុខវិទ្យាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEM មានចំនួន ៣០,៦៩% នៃចំនួននិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រក្នុងនោះនិស្សិតស្រីមានចំនួនត្រឹមតែ១៧,៧៤% ណ្ណោះ។ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសុខាភិបាលនិងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីនិងកុមារដែលបានលើកកម្ពស់សុខភាពមាតានិងទារកឱ្យកាន់តែប្រសើរឡើងរួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀតនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជាមួយគ្នានោះដែរក៏បានយកចិត្តទុកដាក់ដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ដោយបានទទួលសេវាផ្ដល់ថ្នាំប្រឆាំងមេរោគអេដស៍ដោយឥតគិតថ្លៃ ក្នុងនោះមាន ២១៥៣គ្រួសារបានទទួលសាច់ប្រាក់ឧបត្ថម្ភប្រចាំខែតាមរយៈប័ណ្ណសមធម៌។ពាក់ព័ន្ធនឹងការរីកចម្រើនខាងលើ លោកជំទាវកិត្តិបណ្ឌិត ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានបង្ហាញនូវភាពប្រឈមនឹងកង្វល់ផ្សេងៗ តែក៏បានខិតខំបន្តដោះស្រាយទាក់ទងនឹងបញ្ហាអំពើហិង្សាគ្រប់រូបភាពនៅតែបន្តកើតមាននៅក្នុងគ្រួសារ នៅកន្លែងធ្វើការ និងនៅក្នុងសហគមន៍ ជាពិសេសការកើនឡើងនៃអំពើហិង្សាបង្កដោយការប្រើប្រាស់បច្ចេកវិទ្យា (Technology Facilitated Gender Based Violence) ដែលកើតឡើងនៅក្នុងសហគមន៍។ កិច្ចការនេះ ត្រូវការការពារសិទ្ធិស្ត្រីនិងការផ្ដល់សេវាចាំបាច់ជួយដល់ជនងាយរងគ្រោះដែលនៅតែជាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ។អំពីការរីកចម្រើននៃបច្ចេកវិទ្យា ស្ត្រីដែលជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនិងសិប្បកម្ម នៅតែមានជួបការលំបាកក្នុងការអភិវឌ្ឍអាជីវកម្មដោយសារខ្វះចំណេះដឹងលើបច្ចេកវិទ្យាថ្មី ការយល់ដឹងអំពីសេវាកម្ម និងនិតិវិធីក្នុងការចុះបញ្ជីសហគ្រាស ហើយសមត្ថភាពនៅមានកម្រិតនៅក្នុងការប្រកួតប្រជែង។ជាមួយគ្នានេះដែរ អត្រាសិស្សស្រីដែលសិក្សាមុខវិជ្ជា STEM នៅមានកម្រិតដែលមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារនិងការងារដែលតម្រូវឱ្យមានការវិនិយោគបន្ថែមទៀតស្របតាមបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថល។លោកជំទាវកិត្តិបណ្ឌិតប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានជម្រាបជូនសម្ដេចតេជោផងដែរ តបតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី បានណែនាំឱ្យក្រសួងស្ថាប័ននិងអង្គភាពថ្នាក់ក្រោមជាតិបន្តអនុវត្តអនុសាសន៍ទាំង១២ ចំណុចរបស់សម្ដេចតេជោ កន្លងមកដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងបញ្ហាថ្មីៗរបស់ស្ត្រី ដោយឈរលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ បំពេញ និងពង្រឹងគ្នាទៅវិញទៅមកក្នុងអភិក្រមប្រព័ន្ធតួអង្គតែ១ប្រកបដោយការទទួលខុសត្រូវ តាមដានត្រួតពិនិត្យសកម្ម និងបុរេសកម្ម ដើម្បីទាញយកលទ្ធផលជាក់លាក់ពីការអនុវត្តរបស់ខ្លួន។មុននឹងបញ្ចប់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានប្រកាសក្នុងនាមក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្ដេជ្ញាបន្តប្រើប្រាស់កាលានុវត្តភាពក្នុងការដឹកនាំភារកិច្ចរបស់ខ្លួនប្រកបដោយនវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់តាមរយៈការចូលរួមអនុវត្តន៍កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលដែលកំណត់លើការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីក្នុងអភិក្រមភាពជាពលរដ្ឋក្នុងសង្គមប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នក្នុងនោះស្ត្រីគឺជាស្នូល។សូមជម្រាបផងដែរថា មុននឹងលោកជំទាវកិត្តិបណ្ឌិត បានរាយការណ៍ជូនសម្ដេចធិបតីនូវរបាយការណ៍ដូចបានរៀបរាប់ខាងលើ លោកជំទាវបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្ដួចផ្ដើមដោយសម្ដេចតេជោប្រធានព្រឹទ្ធសភា ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តនិងកំពុងជំរុញដើម្បីឱ្យចេញជារូបរាងនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ហើយអង្គប្រជុំបានទះដៃអបអរសាទរគម្រោងជាប្រវត្តិសាស្ត្រនេះ។ជាកិច្ចឆ្លើយតបសម្ដេចតេជោប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះ លោកជំទាវកិត្តិបណ្ឌិតប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរាយការណ៍ពីវឌ្ឍនភាព និងការងារបន្ត និងបានកោតសរសើរចំពោះការខិតខំរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី រួមនឹងស្ថាប័ននានាពាក់ព័ន្ធដើម្បីបន្តការងារមានការរីកចម្រើនថែមទៀត។ សម្ដេចតេជោ ក៏បានសម្ដែងនូវមោទនភាព ដែលសម្ដេចផ្ទាល់បានចូលរួមនៅក្នុងក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងការអនុវត្តការងារនានាកន្លងមក។សម្ដេចតេជោបានសង្កត់ធ្ងន់ថា ឱ្យខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន ៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ដែលក្នុងនេះ។ សម្ដេចតេជោលើកឡើងថាត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សានិងមធ្យមសិក្សាគឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារានិងកុមារី ទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ។សម្ដេចបានផ្ដល់អនុសាសន៍ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់ ជាចុងក្រោយ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថាត្រូវពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង គឺត្រូវជំរុញយ៉ាងណាឱ្យស្ត្រីដែលកំពុងដឹកនាំក៏ដូចជាស្ត្រីដែលកំពុងសិក្សា ឱ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឱ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍។សម្ដេចតេជោ បានណែនាំឱ្យខិតខំរកវិធីយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។ សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ផងដែរថា គួរធ្វើការសិក្សាលើស្ត្រីដែលមានទោសនិងមានផ្ទៃពោះហើយជាពិសេសអ្នកដែលមានកូននៅជាមួយសូមឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិភាក្សាដើម្បីរៀបចំយ៉ាងណាបានសម្រួលដល់ស្ត្រីទាំងនោះ។លោកជំទាវកិត្តិបណ្ឌិត និងគណៈប្រតិភូ បានគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យសុខភាពល្អនិង ជន្មាយុយឺនយូរ។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/03 09:01:28 am        130
នាព្រឹកថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បី​ស្ត្រី អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។ 

ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា

2024/07/02 09:49:50 pm        77
ភ្នំពេញ ÷ ក្នុងឱកាសនៃជំនួប លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ (១) វិស័យឧស្ម័ន និងប្រេង (២) វិស័យសុខាភិបាល (3) មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ (4) វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង (5) វិស័យយានយន្ត។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Lee Q. Shim និងសហការី ព្រមទាំងបានសម្ដែងនូវក្តីរីករាយ ដែលក្រុមហ៊ុនមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ក៏បានគូសរំលេចផងដែរថា កម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរនៅប្រទេសកាណាដា គឺនៅទីក្រុងតូរុនតូ (Toronto) និងទីក្រុងម៉ុងត្រេអាល់ (Montreal) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកាណាដា ក៏ដូចជាជួយសម្របសម្រួលការនាំចេញផលិតផលពីប្រទេសកម្ពុជាទៅកាន់ប្រទេសកាណាដា និងពីប្រទេសកាណាដាមកកាន់កម្ពុជាផងដែរ ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដល់វិស័យឯកជន ដោយផ្តល់ការលើកទឹកចិត្ត និងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានការរីកចម្រើនធំធាត់។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាលម្អិតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល៕

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា

2024/07/02 09:45:31 pm        94
ភ្នំពេញ ÷ ក្នុងឱកាសនៃជំនួប ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពរំឭកអំពីទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរ ហើយក្នុងអាណត្តិការទូតរបស់ឯកឧត្តមរយៈពេលជាង២ឆ្នាំមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់-កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយរដ្ឋាភិបាល អាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ឯកឧត្តមក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យ វិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះ ឯកឧត្តមកឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស និងគាំទ្រលើការបើកស្ថានកុងស៊ុលនេះផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះឯកឧត្តម Stefan Messerer និងគណៈប្រតិភូ ព្រមទាំងបានបញ្ជាក់ថា តាមរយៈជំនួបនាថ្ងៃនេះគឺជាឱកាសដ៏ល្អមួយ សម្រាប់ពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងចក្ខុវិស័យរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការបង្កើតស្ថានកុងស៊ុល កិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប ដើម្បីសម្រួលការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ព្រមទាំងសម្រួលនូវវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។ មុននឹងបញ្ចប់ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនបន្ថែមទៀត ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិរក្ស ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត និងកិច្ចសហប្រតិបត្តិការលើវិស័យបោះសម្អាតមីននៅកម្ពុជា។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរឯកឧត្តមឯកអគ្គរជ្ឋទូត ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្ម ការទូតនៅព្រះរាជាណាចក្រកម្ពុជា និងសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសពីរនឹង ត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

2024/07/02 09:18:38 pm        194
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានគោរពជម្រាបជូនសម្តេចធិបតីផងដែរថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះរូបលោក និងគណៈប្រតិភូ ERIA បានជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្ម ធនាគារជាតិនៃកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈដំណើរទស្សនកិច្ចនេះ ERIA នឹងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេស ERIA នឹងបន្តផ្ដោតលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។​ បន្ថែម​ពីនេះ​ លោកសាស្ត្រចារ្យ​ Tetsuya Watanabe​ ក៍បានជម្រាបជូនអំពីបំណងក្នុង​ការ​គោរពអញ្ជេីញសម្តេចតេជោ ធ្វេីជាវាគ្មិន​ពិសេស​ នៅ​ERIA School of Government ដេីម្បី​ចំណែក​រំលែកនូវបទពិសោធន៍ជោគជ័យ​ នៃដំណេីរស្វែងរកសន្តិភាព​ និង​បញ្ចប់សង្គ្រាម​នៅកម្ពុជា​ ដល់សិក្ខាកាម​ដែលជាមន្ត្រីសាធារណៈ​។ ជោគជ័យរបស់កម្ពុជា ក៏ជាការ​ចូលរួមចំណែកក្នុង​ការថែរក្សា​សន្តិភាព និងស្ថិរភាព​ក្នុង​តំបន់ផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ និងសម្តែងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក សាស្ត្រចារ្យ និងគណៈប្រតិភូនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្សតាម រយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក៏ដូចជាដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ការកែទម្រង់ក្នុងវិស័យអាទិភាពផ្សេងៗទៀត និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ និងការត្រៀមលក្ខណៈចំពោះកត្តាប្រឈមដែលអាចកើតមានឡើងខណៈដែលកម្ពុជាត្រៀមចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩។ ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការអភិវឌ្ឍសមត្ថភាពផលិតរបស់ពលរដ្ឋ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់កម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សលើវិស័យឧស្សាហកម្ម។ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ERIA ឱ្យទទួលបានជោគជ័យក្នុងការ បំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តដល់ERIA បន្ដកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត

2024/07/02 09:09:05 pm        49
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម Shaharuddin Bin Onn បានថ្លែងអំណរគុណយ៉ងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានគោរពជម្រាបជូនសម្តេចធិបតីផងដែរថា ឯកឧត្តមពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ហើយឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Shaharuddin Bin Onn និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato' Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ីផងដែរ។ក្នុងជំនួបនេះដែរ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យនយោបាយ, សន្ដិសុខ និង​ការពារជាតិ, សេដ្ឋកិច្ច, ទេសចរណ៍ , អប់រំនិង​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ បន្ថែមលើនេះ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការជំរុញនូវកិច្ច សហប្រតិបត្តិការលើការបង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជាក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងការ បំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឱ្យឯកឧត្តម ឯកអគ្គរាជទូត បន្តធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Groupចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/02 05:53:18 pm        131
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យលោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្រុមហ៊ុន Lee Li Holdings Group គឺជាក្រុមហ៊ុនមានឈ្មោះបោះសំឡេងមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានឥទ្ធិពល ក៏ដូចជាទំនាក់ទំនងខ្ពស់នៅក្នុងអាជីវកម្ម ព្រមទាំងសហគមន៍នយោបាយនៃប្រទេសកាណាដា ។ ក្រុមហ៊ុនមានសេវាកម្មជាច្រើនវិស័យ ដូចជា៖ វិស័យម្ហូបអាហារ ភេសជ្ជៈ ការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ វេជ្ជសាស្ត្រ ភាគហ៊ុនឯកជន ឧស្សាហកម្មរុករករ៉ែជាដើម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកជំនន់បានបំផ្លិចបំផ្លាញតំបន់ជាច្រើននៅលើពិភពលោកក្នុងឆ្នាំ ២០២៥នេះ
12/31/2025 08:12 PM
នាយករដ្ឋមន្រ្តីប៉ូឡូញ៖ សន្តិភាពអាចនឹងសម្រេចបាននៅអ៊ុយក្រែន ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
12/31/2025 08:12 PM
អ្នកស្រុកអ៊ុយក្រែននៅតំបន់ Zaporizhzhia ប្រឆាំងការជំរុញរបស់លោក Putinក្នុងគ្រប់គ្រងទីក្រុងរបស់ពួកគេ
12/31/2025 08:12 PM
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ចិន-តៃវ៉ាន នឹងស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍
12/31/2025 08:12 PM
ការស្វែងរកតាមសមុទ្រទឹកជ្រៅចុងក្រោយ សម្រាប់យន្តហោះម៉ាឡេស៊ីបាត់ខ្លួន MH370 កំពុងដំណើរការ
12/31/2025 08:12 PM
ជំរំភៀសខ្លួនកាន់តែរីកធំ ក្រោយមនុស្សជម្លៀសខ្លួនកាន់តែច្រើនចេញទីក្រុង el-Fasher របស់ស៊ូដង់
12/31/2025 08:12 PM
ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ប្រាប់ក្រុមបាតុករអ៊ីរ៉ង់ថា «យើងកំពុងនៅជាមួយអ្នក»
12/31/2025 08:12 PM
ជប៉ុន៖ សមយុទ្ធយោធាចិន នៅជុំវិញកោះតៃវ៉ាន់ នឹងបង្កើនភាពតានតឹង
12/31/2025 08:12 PM
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ជំរុញឱ្យមន្ត្រីបង្កើនសកម្មភាពអនុវត្តវិធានការសន្តិសុខ និងប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់
12/31/2025 08:12 PM
អតីតយុទ្ធជនជួបការលំបាក ចាប់ឆ្នោតទទួលយកផ្ទះ និងដីសម្បទានសង្គមកិច្ចជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន
12/31/2025 08:12 PM