កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម
កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតីណែនាំឱ្យស្រាវជ្រាវចងក្រងទម្រង់សិល្បៈដែលបាត់បង់ ដើម្បីចងក្រង និងផ្សព្វផ្សាយឡើងវិញ

2024/05/31 07:45:16 pm        127
ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីក្នុងកម្មវិធីអ្នកស្នងមរតករបស់សមាគមសិល្បករខ្មែរនាល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដោយ កត់សម្គាល់ថា នៅក្នុងពេលបច្ចុប្បន្ននេះទម្រង់សិល្បៈមួយចំនួនហាក់លែងឃើញមានវត្តមានសម្ដែង ហេតុនេះសម្ដេចអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាចូលរួមថែរក្សា និងអភិរក្សមរតកទាំង នោះឡើងវិញ។​ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំដល់ស្ថាប័នជំនាញ និងគ្រប់ភាគីពាក់ត្រូវខិត ខំស្រាវជ្រាវទម្រង់សិល្បៈទាំងនោះ និងត្រូវរៀបចំចងក្រង ព្រមទាំងផ្សព្វផ្សាយឡើងវិញផងដែរ។កម្ពុជាត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាប្រទេសនៃមហាអំណាចសម្បត្តិវប្បធម៌។ ដោយសារ តែភាពសម្បូរបែបនៃមរតកវប្បធម៌នេះហើយ ទើបបណ្ដាលឱ្យមានមរតកខ្លះ មិនសូវត្រូវបានយកមក បង្ហាញជាសាធារណៈ ជូនសាធារណជនបានឃើញ បានមើល និងបានទស្សនា៕ដោយ៖ គង់ ឌិន

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងតំណាងរដ្ឋាភិបាលប្រទេសនានា គោរពវិញ្ញាណក្ខន្ធ​អ្នកថែរក្សាសន្តិភាព

2024/05/29 12:26:40 pm        130
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និងតំណាងរដ្ឋាភិបាលបណ្តា​ប្រទសេនានា បាន​អញ្ជើញ​ប្រារព្ធ​ទិវាអ្នក​ថែ​រក្សា​សន្តិភាព​​អង្គការសហប្រជាជាតិ និងគោរពវិញ្ញាណក្ខន្ធ កងកម្លាំងរក្សា​សន្តិភាព​ដែល​បាន​ពលីជីវិត​​ក្នុងបុព្វហេតុបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោក នៅសាលាហ្វឹ​កហ្វឺន​ពហុសាសន៍ ACO ខេត្តកំពង់ស្ពឺ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ថ្លែងថា ពិធីគោរព វិញ្ញាណក្ខន្ធ កង​កម្លាំង​រក្សា​សន្តិភាព​ពិភព​លោក​​នេះ បានធ្វើឡើងស្របពេល​ដែល​បណ្តា​ប្រទេស​បរិច្ចាគ​កង​កម្លាំង​ចូល​រួម​ថែ​រក្សា​សន្តិភាព​​លើ​​ពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ (UN) ២៩ ឧសភា លើកទី៧៦ ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយ​ក៏​ជា​ថ្ងៃប្រារព្ធ​ពិធីគោរព វិញ្ញាណក្ខន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលី​ក្នុង​បុព្ធហេតុ​ចូល​រួម​ស្វែង​រក​សន្តិភាព​នៅ​តាម​ប្រទេសមានជម្លោះសង្គ្រាមតាំងពីឆ្នាំ ១៩៤៨ រហូតមកដល់បច្ចុប្បន្ន។ នាយឧត្តមសេនីយ ទៀ សីហា ថ្លែងថា តាមរយៈការប្រារព្ធទិវានេះ គឺបានធ្វើឲ្យពលរដ្ឋកម្ពុជា នឹកឃើញអំពីគុណតម្លៃសន្តិភាព ដែលកម្ពុជា ពិបាករកបាន ក្នុងប្រវត្តិចូចត់ពីអតីតកាល ហើយ​បច្ចុប្បន្ន​ទោះ​បីកម្ពុជា បន្តជួបបញ្ហាប្រឈមដោយសារវិបត្តិជាសកល ក៏កម្ពុជានៅតែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​ជាមួយ UN បន្តបញ្ជូនកងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ទៅ​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​តាម​តម្រូវការរបស់ UN ផងដែរ។លោក Joseph Scheuer ( ចូសិប ស៊ូអើ ) អ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ថ្លែងថា ថ្ងៃនេះអ្នកទាំងអស់គ្នាមានការចងចាំ សមាជិកអ្នក​ថែរក្សា​សន្តិភាព​អង្គ​ការ​សហប្រជាតិ ដែលបានបាត់បង់ជីវិត ក្នុងបុព្ធហេតុថែរក្សាសន្តិភាព។ សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មាន​អ្នក​ថែ​រក្សា​សន្តិភាព​ជាបុរស និងស្ត្រី ប្រមាណជាង១លាននាក់ បានចូលរួមប្រតិបត្តិ​ថែ​រក្សា​សន្តិភាព​ពិភព​លោក ក្រោមឆ័ត្រ UN ក្នុងនោះមានយុទ្ធជន យុទ្ធនារីថែរក្សា​សន្តិភាព​ប្រមាណ​ជាង ៤៣៧៤​នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនៅមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ១១នាក់ផងដែរ។ ដោយឡែក ទ័ពមួកខៀវប្រមាណ​១៥០០០​នាក់​ដែល​បាន​បំពេញ​បេសកកម្ម​ថែ​រក្សាសន្តិភាពនៅកម្ពុជា ក្នុងកងអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ UNTAC ក្នុងអំឡុងឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ គឺមានកង​មួក​ខៀវ​ចំនួន​ ៨២នាក់ ដែលបានពលី ក្នុងបុព្វហេតុថែរក្សាសន្តិភាពនៅកម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា

សម្ដេចធិបតីលើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបញ្ចូលកម្មវិធីសិក្សាសំខាន់ៗមួយចំនួន

2024/05/28 06:55:48 pm        111
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្ដិភាព។​បន្ទាប់ពីបានស្ដាប់របាយការណ៍ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្ដីអំពីវឌ្ឍនភាពការងារ ការចូលរួមសកម្មភាពសង្គម និងសំណូមពរបស់ សមាគមរួចមក សម្ដេចធិបតី បានមានប្រសាសន៍សំណេះសំណាល ដោយបានអរគុណចំពោះ សមាគមដែលបានខិតខំបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្រ្តាចារ្យគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីធានាចីរភាពនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ព្រមទាំងបានចូលរួមសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល។ សម្តេចធិបតី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់វិស័យឯកជន ជាពិសេសសមាជិក សមាជិកា នៃសមាគម ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះបណ្តាលមូលធនមនុស្ស ជាពិសេសការបង្កើន និងការពង្រីកសេវាអប់រំគ្រប់កម្រិត នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងការខិតខំផ្តល់សេវាអប់រំ ប្រកបដោយគុណភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ការធ្វើទំនើបកម្ម និងទាញយកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យឯកជនជាដៃគូ ដែលជាប្រតិបត្តិករសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើគ្រប់វិស័យ។ក្នុងឱកាសនេះ សម្ដេចធិបតីក៏បានជំរុញដល់សមាគមយកចិត្តទុកដាក់លើ កិច្ចការ សំខាន់៣ ដូចខាងក្រោម៖ (១) ពិនិត្យលទ្ធភាពសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីបណ្ដុះបណ្ដាលជំនាញដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន និងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។ (២) ត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ តាមរយៈការចូលរួមអនុវត្តនូវយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ព្រមទាំងការដាក់ចេញនូវយន្តការនៅក្នុងការត្រួតពិនិត្យតាមដានដើម្បីតម្រង់ទិសទៅតាមវិស័យនីមួយៗ និង (៣) បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ សីលធម៌ គុណធម៌ និងប្រវត្តិសាស្ត្រ ព្រោះថាទោះបីជាប្រទេសជាតិមានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាបាននូវអត្តសញ្ញាណជាតិ។មុននឹងបញ្ចប់ សម្ដេចធិបតី បានសម្រេច ចំពោះសំណូមពររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដូចខាងក្រោម៖ ១. ឯកភាពតាមការស្នើសុំ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសរួចហើយ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំ ដែលបានផ្តល់ការអនុគ្រោះដូចអ្វីដែលជាការស្នើសុំរបស់សមាគម។ ២. ឯកភាព ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួន។ ៣. ឯកភាពក្នុងការផ្ដល់នូវអាគារជាន់ទី១បន្ថែមទៀត នៃអាគារបណ្ណាល័យបច្ចុប្បន្ន ដើម្បីឱ្យសមាគមប្រើប្រាស់ក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន។ជាទីបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូលរួមធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីឱ្យសិស្ស-និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា មានសមត្ថភាពកាន់តែខ្ពស់ក្នុងទីផ្សារការងារ រួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍមូលធនបញ្ញាដល់យុវជន សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងឯកឧត្តម វ៉ាង វិនធាន ចូលរួមពិធីសម្ពោធនិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង»

2024/05/28 06:24:14 pm        150
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ភាគីទាំងពីរបានចូលរួមពិធីសម្ពោធនិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង»។«មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤ - ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ក្នុងឱកាសនោះសម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថាទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤០០០ គីឡូម៉ែត្រនៅកម្ពុជា ។ សូមជម្រាបថា តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង» ។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕ ដោយ ៖ ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន រំលែកទុក្ខ និងសោកស្តាយចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញដែលកើតនៅអ៊ុយក្រែនរយៈពេលជាង២ឆ្នាំមកនេះ

2024/05/28 05:17:22 pm        127
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ។ជាកិច្ចចាប់ផ្តើមឯកឧត្តម ប្រធានសភា បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ ចំពោះកិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។ ជាការឆ្លើយតបសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្ដែងក្តីរីករាយដែលបានជួប ឯកឧត្តមតាមប្រព័ន្ធវីដេអូ និង សម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែនអស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ហើយសម្ដេចតេជោ ក៏បានបញ្ជាក់ថាកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង។សម្តេចតេជោបានរំលឹកពីការជួបសន្ទនាតាមទូរស័ព្ទចំនួន ២ដងជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសយើងទាំងពីរ ហើយក្នុងឱកាសនេះដែរ សម្តេចតេជោក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈឯកឧត្តម ប្រធានសភា ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ផងដែរ។ ឯកឧត្តម ប្រធានសភា បានអរគុណសម្តេចតេជោនូវពាក្យពេចន៍ប្រកបដោយសម្មានចិត្ត និងកក់ក្តៅបំផុតដល់ប្រជាជនអ៊ុយក្រែន និងបានបញ្ជាក់ថានឹងពាំនាំការសួរសុខទុក្ខរបស់សម្តេច ជូនដល់ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានសភា បានលើកឡើងប្រធានបទចំនួន៣ ជូនសម្តេចតេជោ រួមមានទី១)ប្រទេសអ៊ុយក្រែនបានលើក ១០ ចំណុច ដើម្បីស្តារបូរណភាពដែនដី និងសន្តិភាព និងអំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ។ ជាមួយគ្នានេះដែរនៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដោយឯកឧត្តមលើកឡើងថា កូនប្រុសសម្ដេចដែលជានាយករដ្ឋមន្រ្ដី អាចចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានសារៈសំខាន់សម្រាប់ អ៊ុយក្រែន និងពិភពលោក។ ទី២) ការដោះមីន នៅអ៊ុយក្រែន គឺជាកិច្ចការសំខាន់ណាស់ ហើយកម្ពុជាគឺមានបទពិសោធន៍ដ៏មានតម្លៃមិនអាចថ្លៃបានក្នុងការដោះមីន។ ចំនុចនេះ ឯកឧត្តម ស្នើសុំការគាំទ្រពី សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងទន្ទឹងរងចាំកម្ពុជាចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងដែរ។ ទី៣) ក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន ឯកឧត្តម ប្រធានសភា បានអញ្ជើញ សម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និងសុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិងសូមគោរពអញ្ជើញសម្តេចតេជោទៅបំពេញទស្សនកិច្ចនៅទីក្រុងគាវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែនផងដែរ។ ជាកិច្ចឆ្លើយតបសម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងយករូបមន្ត១០ចំណុច ទៅពិចារណា។ ចំណែកការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុកជូនរាជរដ្ឋាភិបាលសម្រេច។ សម្តេចតេជោបានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី។ សម្តេចតេជោ ក៏បានជម្រាប ឯកឧត្តម ប្រធានសភា ថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំង ឯកអគ្គរាជទូតកម្ពុជា ចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខនេះ។ ពាក់ព័ន្ធនឹងបញ្ហាមីននៅអ៊ុយក្រែន ឯកឧត្តម ប្រធានសភា បានស្នើឱ្យមានអ្នកដោះមីនកម្ពុជា ទៅជួយនៅអ៊ុយក្រែន ។ សម្តេចបានមានប្រសាសន៍ថា សម្តេចមានការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសារ រដ្ឋធម្មនុញ កម្ពុជា មិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្រអង្គការសហប្រជាជាតិ ។ កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន។ សម្តេចបានបញ្ជាក់ថា កម្ពុជានឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀតដោយសហការជាមួយនឹងជប៉ុន។ ចំពោះការអញ្ជើញសម្តេចតេជោទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោ បានមានប្រសាសន៍ សម្តេចនឹងផ្តល់ចម្លើយក្នុងពេលសមស្របណាមួយ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនជួបសម្តែងការគួរសម និងជម្រាបលា

2024/05/28 05:15:22 pm        117
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ។

ព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពិធីអបអរសាទររំលឹកខួប២០ឆ្នាំរបស់អង្គការមូលនិធិកុមារកម្ពុជា

2024/05/28 05:05:54 pm        78
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី    ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីរំលឹកខួប២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា (ហៅកាត់ថា ស៊ីស៊ីអេហ្វ)។ ព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូល កោតសរសើរដល់ស៊ីស៊ីអេហ្វសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កុមារនិងគ្រួសារក្នុងសហគមន៍ក្រីក្រក្នុងប្រទេសកម្ពុជា។ក្នុងមហាព្រឹត្តិការណ៍នេះ ក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួងនានា អង្គទូត លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករប្រមាណ ៥០០នាក់ ដើម្បីអបអរដំណើរវិថីដ៏អស្ចារ្យ របស់អង្គការមូលនិធិកុមារកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៤។ ពិធីរំលឹកខួប ២០ឆ្នាំនេះបានប្រារព្ធធ្វើឡើងនៅសាលានីសិនគ្រីបអាខាដេមីដែលជាអគារសិក្សាថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យរបស់ស៊ីស៊ីអេហ្វ។នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានេះ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ អង្គការមូលនិធិកុមារកម្ពុជា និងលោកគ្រូ អ្នកគ្រូ មន្ត្រី បុគ្គលិកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអប់រំ ថែបំប៉នកុមារា កុមារី ដូចជាកូនរបស់ខ្លួនបង្កើត ដែលនាំឱ្យចៅៗទទួលបានភាពកក់ក្តៅក្នុងជីវិត ព្រមទាំងទទួលបាន នូវសីលធម៌ ប្រពៃណី និងចំណេះវិជ្ជាផ្សេងៗសម្រាប់ជាមធ្យោបាយក្នុងការរស់នៅក្នុងសង្គម»។ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា៖ «ខ្ញុំសូមអរគុណលោក ស្កុត នីសិន ស្ថាបនិក និងជា នាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា ដែលបានជួយដល់កុមារកម្ពុជាកំព្រា ក្រីក្រខ្វះខាតរាប់ពាន់នាក់ ជារៀងរាល់ឆ្នាំ ឱ្យទទួលបានចំណេះដឹងជាច្រើន តាមរយៈការអប់រំ ការថែទាំនិងគាំទ្រដល់សហគមន៍ ការបណ្តុះបណ្តាល វិជ្ជាជីវៈ »។ព្រះករុណា បានមានព្រះរាជបន្ទូលទៀតថា កូនសិស្សមួយចំនួនដែលរៀនបញ្ចប់ពីសាលានេះ មានការងារធ្វើជា មន្រ្តីរាជការ ឬប្រកបការងារក្នុងវិស័យឯកជន រីឯសិស្សផ្សេងទៀតបានទៅប្រឡងយកអាហារូបករណ៍ទៅរៀនបន្ត នៅបរទេស ដើម្បីយកជំនាញឯកទេសឧត្តមសិក្សាណាមួយធ្វើឱ្យជីវភាពក្នុងគ្រួសារបានធូរស្រាលល្អជាងមុន។ ទាំងនេះជាសកម្មភាពដ៏ល្អប្រពៃថ្លៃថ្លា របស់អង្គការមូលនិធិកុមារកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ជួយកសាងធនធានមនុស្ស ដែលជាកត្តាចម្បងបំផុត សម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា។មុនបញ្ចប់ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី    ព្រះមហាក្សត្រនៃ  ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលថា ទិដ្ឋភាពគួរឱ្យចងចាំនាឱកាសដ៏  ថ្លៃថ្លានេះ ជាការលើកទឹកចិត្តដល់ចៅៗកុមារា កុមារីទាំងឡាយ ដែលអាចនាំចៅៗសម្រេចបានជោគជ័យនៅពេល អនាគត គឺជាទំពាំងស្នងឬស្សី ជាពលរដ្ឋល្អនៃសង្គមជាតិ ស្របតាមគោលការណ៍អប់រំថ្មី គឺ កូនល្អ សិស្សល្អ និង ពលរដ្ឋល្អ។ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំនិងម្ចាស់ជំនួយរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលបានចូលរួមក្នុងការសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន នាពេលកន្លងមក។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទតសាលានីសិនគ្រីបអាខាដេមី ដែលនៅក្នុងនោះមានការដាក់តាំងពិព័រណ៍នានាដែលជាស្នាដៃរបស់សិស្សស៊ីស៊ីអេហ្វ រួមមានពិព័រណ៍ស្តីអំពី វិទ្យាសាស្រ្ត      បច្ចេកវិទ្យា សិល្បៈនិងការច្នៃប្រឌិត គំនូរជីវចល និង កំណាព្យភាសាខ្មែរជាដើម។លោកស្កុតបានគូសបញ្ជាក់ថា៖ «សាលានីសិនគ្រីបអាខាដេមី គឺជា តឹកតាងដ៏អស្ចារ្យមួយបង្ហាញពីភាពផ្លាស់ប្ដូរ។   ទីកន្លែងមួយនេះ ដើមឡើយគឺជាដីវាលចាក់សម្រាមស្មោកគ្រោក បានប្រែមកជាអាគារដ៏ធំសម្បើមមួយដែលក្លាយជាតំណាងនៃក្ដីសង្ឃឹមសម្រាប់សហគមន៍»។ជាចុងក្រោយ លោកស្កុតបានមានប្រសាសន៍បន្តទៀតថា៖ «បើសម្លឹងមើលទៅអនាគត ខ្ញុំមានសេចក្តីរំភើបចំពោះ  ឱកាសល្អៗជាច្រើនដែលនឹងអាចកើតឡើងតាមរយៈការពង្រីកការផ្លាស់ប្តូរជាវិជ្ជមាន និងការចែករំលែកចំនេះដឹងរបស់ពួកយើង ដើម្បីបន្តផ្ដល់ជាប្រយោជន៍ដល់ក្មេងៗនិងមនុស្សជាច្រើននាក់ទៀតដែលត្រូវការជំនួយ»។ គួរបញ្ជាក់ផងដែរថា ប្រមាណជាង ៧០% នៃនិស្សិតដែលជាកុមារស៊ីស៊ីអេហ្វដំបូងគេ បានឆ្លងកាត់ថ្នាក់ឧត្តមសិក្សា និងអភិវឌ្ឍអាជីពជោគជ័យ ហើយភាគច្រើនកំពុងប្រឹងប្រែងជួយគ្រួសាររបស់ពួកគេអោយចេញផុតពីភាពក្រីក្រ។ មកទល់ពេលនេះ អង្គការបានជួយទំនុកបម្រុងកុមារប្រមាណ ៤.៣០០នាក់អោយទទួលបានការអប់រំ និងសេវាជំនួយ សហគមន៍នានាប្រកបដោយគុណភាព៕

ឯកឧត្តម Wang Wentian បង្ហាញមោទនភាពបានធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងបានចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា

2024/05/27 02:59:19 pm        23
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្ដីរីករាយដែលបានជួបឯកឧត្តម ឯកអគ្គរដ្ឋទូត ប៉ុន្តែក៏មានអារម្មណ៍សោកស្តាយ ដោយឯកឧត្តមចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា។ សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេលកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាជិត៦ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើនប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ដែលសម្តេចបានធ្វើការយ៉ាងស្អិតរមួតជាមួយគ្នាក្នុងការខិតខំទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ។ឯកឧត្តម Wang Wentian បានលើកឡើងថា ឯកឧត្តមពិតជាសោកស្តាយដែលត្រូវមកជម្រាបលា សម្តេចនិងសូមថ្លែងអំណរគុណដែលសម្តេច ឆ្លៀតពេលដ៏មមាញឹកទទួលជួបឯកឧត្តមនៅថ្ងៃនេះ។ ឯកឧត្តមសង្កត់បញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។ ឯកឧត្តម មានកិត្តិយសបំផុត ក្នុងជីវិតរបស់ឯកឧត្តម ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងត្រូវបានផ្តល់ឱកាសឱ្យចូលរួមលើកកម្ពស់ទំនាក់ទំនង ចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។ ឯកឧត្តមមានការពេញចិត្តបំផុតដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពជូនប្រជាជនកម្ពុជា។ ឯកឧត្តម បានអបអរសារកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូនដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ និងអបអរសាទរសម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម មានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។ ឯកឧត្តម ចាត់ទុកថាទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ ចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ ឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡាដ្ឋានមរតតេជោ ... ។ល។ ជាលទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។ឯកឧត្តម ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាប្រធានអាស៊ាន និង ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ដែលបានលើកកម្ពស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំង ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានការចូលរួមចំណែករបស់ប្រទេសនិងប្រជាជនចិន។ នេះគឺសក្ខីភាពបញ្ជាក់ពីការរួមសុខរួមទុក្ខរបស់ចិន ជាមួយកម្ពុជា។ ឯកឧត្តម បានថ្លែងអំណរគុណសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។ ឯកឧត្តម បានលើកឡើងថា ប្រជាជនចិននឹងមានក្តីរំភើបទទួលទស្សនកិច្ចរបស់សម្តេច តេជោ នៅប្រទេសចិននាពេលខាងមុខ ។ ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម Wang Wentian ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង។ សម្តេច បានមានប្រសាសន៍ថា ការបែកគ្នា គឺជាពេលដែលពិបាក ក៏ប៉ុន្តែ គឺជាកាតព្វកិច្ចការទូតដែលចៀសមិនផុត។សម្ដេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ សម្ដេច បានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជាមួយចិននោះឡើយ និង ជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ ។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលធ្វើឱ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោ ក៏បានកោតសរសើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កន្លងទៅនេះ។ ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឱ្យ ឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរ ឯកឧត្តមឱ្យមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា ឯកឧត្តមនឹងត្រឡប់មកប្រទេសកម្ពុជា និងមានវត្តមាននៅកម្ពុជា នាពេលខាងមុខ ៕ដោយ ៖ ដារ៉ា

សភាតំណាងប្រជាជនចិន៖ភាគីចិនប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ

2024/05/23 04:48:42 pm        88
ភ្នំពេញ ៖ ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានបញ្ជាក់ថា ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ​ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានបញ្ជាក់បែបនេះក្នុងឱកាសជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានសម្តែងនូវក្តីរីករាយដោយឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរមានការរីកចម្រើន។ សម្ដេចតេជោពិតជារីករាយ ដោយឃើញពីលទ្ធផលនៃជំនួប រវាងឯកឧត្តមជាមួយនឹងសម្ដេចរដ្ឋមហាសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅកាលពីម្សិលមិញ។ ជាការឆ្លើយតបឯកឧត្តម សូរ៉ាត ហ្សាគៀរ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តម ចាវជីលី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ តំណាងប្រជាជនចិន និងថ្នាក់ដឹកនាំចិនជាច្រើនទៀតផងដែរ ជូនសម្ដេចតេជោ។ ឯកឧត្តមសម្ដែងអំណរសាទរ ចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់កម្ពុជាដែលគណបក្សប្រជាជនកម្ពុជាបានទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ ដែលបង្ហាញពីការគាំទ្រដ៏លើសលប់ពីប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ ឯកឧត្តមបានបន្តទៀតថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលបានបង្កើតជាច្រើនជំនាន់មកហើយ ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះបរមរតនៈកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ជាមួយនឹងថ្នាក់ដឹកនាំចិន ហើយដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំចិន និងកម្ពុជាជាបន្តបន្ទាប់រៀងរហូតមកដោយរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្ដល់នូវភាពរីកចម្រើនឲ្យគ្នាទៅវិញទៅមក។ ឯកឧត្តមបន្តថាភាគីចិនក៏នឹងត្រៀមរៀបចំទទួលស្វាគមន៍វត្តមានសម្ដេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របនាពេលខាងមុខនេះផងដែរ។ ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិនក៏នឹងខិតខំធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ ជាមួយកម្ពុជាលើគ្រប់វិស័យជាច្រើនទៀត។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះការអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នឹងបានលើកពីកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ។ល។ ហើយរាល់កិច្ចសហប្រតិបត្តិការទាំងអស់បានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើន។ សម្ដេចក៏បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។ សម្ដេចបានមានប្រសាសន៍បន្តថា មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕ ដោយ ៖ ដារ៉ា

សភាតំណាងប្រជាជនចិន នឹងចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃនេះ

2024/05/21 11:54:02 am        174
មន្រ្តីជាន់ខ្ពស់នៃសភាតំណាងប្រជាជនចិន នឹងដឹកនាំ​គណៈប្រតិភូ​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជានៅថ្ងៃនេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាបានឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ្សូរ៉ាត់ ហ្សាគា (Shohrat Zakir) អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភាតំណាងប្រជាជនចិន នឹងដឹកនាំគណៈប្រតិភូស​ភាតំណាង​ប្រជាជន​ចិន​មក​បំពេញ​ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ។ក្នុងកំឡុងពេលទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ហ្សូរ៉ាត់ ហ្សាគា នឹងចូលជួប​សម្តែង​ការ​គួរសម​ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​មហា​រដ្ឋ​សភា​ធិការ​ធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា។ទន្ទឹមនឹងនេះ ឯកឧត្តម ហ្សូរ៉ាត់ ហ្សាគា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ពង្រឹង​ពង្រីក​ចំណង​មិត្ត​ភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។នៅក្នុង​ដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូនៃសភាតំណាងប្រជាជនចិន នឹងអញ្ជើញ​ជួប​ពិភាក្សា ការងារជាមួយអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងទស្សនា​ប្រាសាទ​បុរាណ​នានា ក្នុងខេត្តសៀមរាបផងដែរ៕ អត្ថបទ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន សាងសង់តាមរចនាបទកម្ពុជាយុគសម័យទំនើប ចែកជា ៤តំបន់
11/05/2025 09:11 PM
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ ពីអាស៊ាន
11/05/2025 07:11 PM
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ នាំយកគ្រឿងឧបភោគបរិភោគ បរិក្ខារប្រើប្រាស់ ជូន កងកម្លាំងជួរមុខ នៅស្រុកថ្មពួក
11/05/2025 06:11 PM
សិស្សនិស្សិតកម្ពុជា ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ អាចបន្តការសិក្សា និងហាត់ការ នៅ អូស្ត្រាលី
11/05/2025 05:11 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
11/05/2025 04:11 PM
កុមាររងផលប៉ះពាល់ជម្លោះកម្ពុជា-ថៃ ជាង១ ៦០០នាក់ ទទួលស្បៀង និងសាច់ប្រាក់ ពីអង្កការកែប្រែសហគមន៍
11/05/2025 04:11 PM
បណ្តាញព័ត៌មានអន្តរជាតិ BBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហារកម្ពុជា ដល់ពិភពលោក
11/05/2025 04:11 PM
ក្រោយបញ្ចប់ការជួសជុល ទំនប់អាងទឹកសួង៧៨ នឹងជួយផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋជាង ១៧០០ គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប
11/05/2025 03:11 PM
ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោក កម្ពុជាបង្ហាញបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ប្រកបដោយចីរភាព
11/05/2025 03:11 PM
កម្ពុជា-តួកគីយ៉េ មានលទ្ធភាពខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យរឹតតែខ្លាំងបន្ថែមទៀត
11/05/2025 03:11 PM