កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម
កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី៖សិល្បករសិល្បការិនី សុទ្ធតែជាឯកអគ្គរាជទូតក្នុងការបង្ហាញវប្បធម៌ខ្មែរទៅលើពិភពលោក

2024/04/25 06:31:09 pm        73
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សិល្បករ សិល្បការិនីកម្ពុជាមួយរូបៗ សុទ្ធតែជាឯកអគ្គរាជទូតតំណាងឱ្យវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ និងពិភពលោក។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញ អញ្ជើញជាអធិបតីពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួវវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានពង្រឹងតួនាទីគន្លឹះរបស់សិល្បករ សិល្បការិនី គ្រប់ទម្រង់ ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាខ្មែរ ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ។សម្តេចធិបតីថ្លែងថា សិល្បករ សិល្បការិនីខ្មែរជាច្រើនរាប់មិនអស់នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់។ សម្ដេចបញ្ជាក់ថា សិល្បករ សិល្បការិនីខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នា ទៅវិញទៅមកផងដែរ។ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិក សមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នាក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរ។ សម្តេចធិបតីបញ្ជាក់ថា ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ សិល្បការិនី គឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្ដែងដោយផ្ទាល់ ឬមិនផ្ទាល់៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ដែលកំពុងត្រូវការ​ សម្រាប់ព្យាបាលដល់កុមារកម្ពុជា

2024/04/25 11:01:43 am        343
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវ​សប្បុរស​ជន​ចូលរួមថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការ សម្រាប់ព្យាបាលដល់កុមារ​កម្ពុជា​។សម្ដេចតេជោ បានមានប្រសាសន៍តាមរយៈសារនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៤នេះ សម្ដេចត្រូវ​បាន​ទទួល​នូវ​ការ​អញ្ជើញ​ឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់​ក្រុម​បាល់ទាត់​​តារាកម្ពុជា(Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធាន​ក្រុម​។ ព្រឹកនេះសម្ដេចបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ​ទាំងអស់​ដើម្បី​រៀបចំផែន​ការស​ម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង​របស់​ក្រុម​បាល់ទាត់​មួយនេះ។សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា អ្វីដែលជាកិច្ចការបន្ទាន់ គឺការរៀបចំការ​ប្រកួត​បាល់​ទាត់​នា​ល្ងាច​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ «រួមគ្នា​ដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា»។សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្ដេចនឹង​ចូល​រួមដឹកនាំ​ការ​ប្រកួត​ជាមួយ​គ្រូ​បង្វឹក​ផ្លូវការ​នៅ​ស្តាត​អូឡាំពិកនាល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់​ផ្តើម​នូវ​ទម្រង់​លេង​របស់​សម្ដេច​គឺ ៣.៤.៣. ។សម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណៈចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ជំរុញ​ចលនា​មនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពាវនាវសប្បុរសជន​ចូលរួមជួយ​ថវិកា​សម្រាប់​ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។សម្ដេចតេជោ បញ្ជាក់ថា សម្រាប់សម្ដេច និងភរិយានឹងចូលរួមថវិកាចំនួន ២០០ លានរៀល ហើយ​ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈសម្ដេច សូមទាក់ទងទៅ ឯកឧត្តម សៀង ទៀង ដែលមានលេខទូរស័ព្ទ០១២ ៩៦១៩៧១៕

សម្ដេចតេជោ ហ៊ុន សែន បដិសេធចំពោះការបង្ហោះសាររបស់លោក សាពូន មីដាដា ថាបានផ្ដល់លុយជិត ៧ លានដុល្លារ

2024/04/24 06:21:59 pm        151
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែមេសានេះ បានចេញសារតាមបណ្ដាញសង្គម បដិសេធ ចំពោះសាររបស់លោក សាពូន មីដាដា ដែលបានបង្ហោះថាសម្ដេចបានផ្ដល់លុយជិត៧លានដុល្លារ។ សម្ដេចបានបញ្ជាក់ថាលុយនេះច្រើនណាស់សម្ដេចគ្មានលទ្ធភាពផ្តល់ឲ្យលោកសាពូនមីដាដានោះឡើយ។សម្ដេចតេជោ បានបញ្ជាក់ថា៖«លោកសាពូនមីដាដាបានបង្ហោះសារ ដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន ៦,៧ លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។ តើកូនឆ្កួត ឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរ និងចៅទៅលេងផ្ទះនៅវិមានឯករាជ្យ និងបានផ្តល់ប្រាក់ ៣០ម៉ឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ»។សម្ដចតេជោបញ្ជាក់ថា៖«ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើត ពុកម៉ែបដិសេដ្ឋមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន ៤ ដែលគ្មានលុយបង់រំលោះឲ្យគេ។ កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»៕

ឯកឧត្តមប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

2024/04/24 07:22:54 am        131
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋ ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជំនួបពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេសចំពោះការរៀបចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជាពីជំនាន់មុន មកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតី ប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤ ដោយឡាវនឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ប្រទេសឡាវក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ ជាមួយនឹងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងវិស័យថាមពល សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ហើយសម្តេចធិបតី ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេល។ ចំពោះកិច្ចការព្រំដែន ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ជូនសម្តេចធិបតីថា ប្រទេសឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។ចំពោះមុខសម្តេចធិបតី ឯកឧត្តមប្រធានរដ្ឋបានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងជូនពរមហាប្រសើរដល់ឯកឧត្ដមប្រធានរដ្ឋ និងគណៈប្រតិភូ ជាមួយនឹងការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2024/04/23 09:13:12 pm        110
ភ្នំពេញ÷ នៅព្រះបរមរាជវាំង នាល្ងាចថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤។ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  និងមន្ត្រីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាសំខាន់ៗជាច្រើនទៀតផងដែរ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានរដ្ឋឡាវនៅពេលនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងក្នុងភាពជាបងប្អូន និងស្មារតីសាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងដើម្បីវិបុលភាពរួមរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ ៕

សម្ដេចធិបតី៖ កម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩

2024/04/23 12:17:50 pm        200
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) និង សហការី ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោក តាង ហ្គោដុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​វេលា​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និង​ពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការអរគុណយ៉ាងខ្លាំងចំពោះ សម្តេចធិបតី ដែល​បាន​ទទួល​ស្គា​ល់នូវការងារ និង ការចូលរួមរបស់លោក ក្នុងការ​អភិវឌ្ឍ​វិស័​យកី​ឡា​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ លោក តាង ហ្គោដុន គោរពជម្រាបជូន សម្តេចធិបតី អំពីការចូល​រួម​ចំណែក​របស់​លោក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុង​វិស័យ​កីឡា​ទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ក៏ដូចជា​ការ​បញ្ជូន​អត្ត​ពលិក​ក​ម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន។ បន្ថែមលើនេះលោកក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីកិច្ច​សហការ​ជាមួយ​គណៈ​កម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​គុន​ចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA)។ ព្រឹត្តការណ៍​គុន​ចម្រុះ​អាស៊ី​នេះ គឺជាការប្រកួតជ្រើសរើសជើងឯកគុនចម្រុះលើកទី២ ដែល​គ្រោង​នឹង​រៀប​ចំ​ឡើង​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤។ លោកក៏បាន​គោរពជម្រាបជូន សម្តេចធិបតី អំពីការបន្តចូលរួមចំណែករបស់លោក ក្នុងការគាំទ្រ​ដល់​ការ​រៀបចំកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែល​កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើម​គំនិត​នៅ​ក្នុង​ការ​នាំ​យក​នូវ​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​បន្ថែម​ទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឈាន​ទៅ​ដល់​ការ​ពង្រឹង​ផ្នែក​សមត្ថភាពរបស់អត្តពលិកនៅកម្ពុជា ឆ្ពោះទៅកាន់ការ​រៀបចំ​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩​។ លោកបន្តថា លោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី វិស័យ​កីឡា​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជានឹងកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត ហើយអត្ត​ពលិក​នឹង​ដណ្ដើម​បាន​មេដាយច្រើន ពីព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ជូនដល់ប្រទេសកម្ពុជា។ជា​ការ​ឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក តាង ហ្គោដុន និងសហការី ដែល​បាន​អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​បាន​ថ្លែង​អំណរ​គុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកក្នុងការគាំទ្រ និងអភិវឌ្ឍ​វិស័យ​កីឡា​នៅ​ព្រះរាជាណាចក្រកម្ពុជា រួមទាំងផ្នែកយុទ្ធគុនចម្រុះផងដែរ។ សម្តេចធិបតី ក៏បានគូស​បញ្ជាក់​ជូ​ន លោក តាង ហ្គោដុន ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និង​វិស័យ​ឯកជន​នឹង​ត្រៀម​ខ្លួន​ក្នុង​ការ​សម្របសម្រួល និងសហការ ក្នុងការរៀបចំព្រឹត្តិការណ៍​គុន​ចម្រុះ​នេះ​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ី។ ពាក់ព័ន្ធទៅនឹង​ការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាបានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កីឡា​យុវជន​អាស៊ី​នេះ ហើយដោយផ្អែក​លើ​បទ​ពិសោធន៍​ដែល​កម្ពុជា​ធ្លាប់​បាន​រៀបចំ​ដោយ​ជោគ​ជ័យ​នូវ​ព្រឹត្តិការ​ណ៍​ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាល​ពី​ឆ្នាំ​២០២៣ កន្លងទៅនេះ។ បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើង​ផង​ដែរ​ថា​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លក្ខណៈ​អន្តរជាតិ និងព្រឹត្តិការណ៍កីឡាធំៗមិនត្រឹមតែបង្ហាញពីការរឹតចំណងសាមគ្គីភាព និងមិត្ត​ភាព​នៅ​ក្នុង​វិស័យ​កីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឱ្យបរទេសយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីកម្ពុជា ក៏​ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា។ ព្រមជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគាំទ្រ និង​លើក​ទឹកចិត្តឱ្យមានការរៀបចំនូវ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​សំខាន់ៗ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា ជាបន្តបន្ទាប់ ដោយសម្តេចធិបតីបានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំង​វិស័យឯកជន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ មុននឹង​បញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យ លោក តាង ហ្គោដុន បន្តជួយគាំ​ទ្រ​ក្នុង​ការ​អភិវឌ្ឍ​វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេស​គាំទ្រ​ដល់​កម្ម​វិធី​ហ្វឹក​ហាត់​របស់​អត្តពលិក​កម្ពុជា​នៅ​ប្រទេស​ចិន​ជាបន្តទៀត ដើម្បីពង្រឹងនូវសមត្ថភាពឆ្ពោះ​ទៅ​ការ​ប្រកួត​ប្រជែង​ក្នុង​កីឡា​យុវជនអាស៊ីឆ្នាំ២០២៩ ផងដែរ ៕ 

ប្រមុខរដ្ឋឡាវចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ

2024/04/23 11:33:25 am        153
ប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតឡាវ ឯកឧត្តម ថងលុន ស៊ីសុលីត និងលោកជំទាវទី១ ចាប់​ផ្តើម​អញ្ជើញ​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដែលទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ជាក់ស្តែង ការចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខរដ្ឋឡាវ ឯកឧត្តម ថងលុន ស៊ីសុលីត និង​លោកជំទាវទី១ ដែលបានអញ្ជើញដល់កម្ពុជានៅថ្ងៃនេះ បានទទួល​បដិសណ្ឋាកិច្ច​ស្វាគមន៍​ពី​សំណាក់​ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ច​ការទូទៅអមក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និង​សាសនា ក៏ដូចជាមហាជននៃប្រទេសទាំងពីរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ បន្ទាប់​ពីអញ្ជើញដល់ប្រទេសកម្ពុជា ប្រមុខរដ្ឋឡាវ និងលោកជំទាវទី១ បានអញ្ជើញ​ក្រាប​បង្គំ​គាល់​ និងទទួលជួបសវនាការក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។ ក្រៅ​ពី​នោះ​ឯកឧត្តម ថងលុន ស៊ីសុលីត បានបន្តអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និង​ដាក់​កម្រង​ផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូបព្រះបរមរតនកោដ្ឋផងដែរ។ការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធារដ្ឋឡាវ និងលោកជំទាវទី១ គឺ​ជា​ទស្សន​កិច្ច លើកទី១ សម្រាប់ឆ្នាំ២០២៤ ខណៈមុនការបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រមុ​ខរដ្ឋឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំ​គណៈប្រតិភូទៅ​កាន់​ប្រទេស​ឡាវ និងបានជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋឡាវ កាលពីអំឡុងពីខែមីនា ឆ្នាំ​២០២៤។ សូមជម្រាបថា កម្ពុជា-ឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​១៩៥៦ ដែលទំនាក់ទំនងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង​យូរ​អង្វែង៕ អត្ថបទ សេក ឧត្តម 

លទ្ធផលនៃជំនួបពិភាក្សារវាងសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្ដម វ៉ាង យី ប្រមុខការទូតចិន

2024/04/22 08:25:59 pm        134
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។​ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម វ៉ាង យី បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេ លវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភា ក្សាការងារ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង ជូនចំពោះសម្តេចធិបតី និងបានអបអរសាទរចំពោះកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រារព្ធទៅនាពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ព្រមជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងទៅ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និង មានដំណើរការកាន់តែរឹងមាំ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្រ្តី វ៉ាង យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីវ៉ាង យី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះឯកឧត្តម វ៉ាង យី បានបញ្ជាក់ថា ភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ផងដែរ។ ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីបានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។ជាទីបញ្ចប់ សម្ដេចធិបតីបានជូនពរឯកឧត្តម វ៉ាង យី និងគណៈប្រតិភូ ឱ្យទទួលបាននូវជោគជ័យក្នុងដំណើរបំពេញបេសកកម្មនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍វិញប្រកបដោយសុខសុវត្ថិភាព៕​ ដោយ ៖ គង់ ឌិន

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកាតព្វកិច្ច អនុសញ្ញាអូតាវ៉ា

2024/04/22 03:49:53 pm        129
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា​កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែង​ក្នុង​អនុសញ្ញា​ស្តីពី​ការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និង​ការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីបាងកក ប្រទេសថៃ។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ ពាក់ព័ន្ធនឹងបញ្ហាប្រឈមរួមនៃតំបន់ និងសកល ដោយសម្តេចបានលើកឡើងអំពី បញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួម បូករួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិត ដែលមានគុណភាព។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះសកម្មភាពមីនត្រូវបានបញ្ចូលទៅជា គោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា។ សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី ៥ ក្រោមប្រធាបទ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីអំពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ ថ្ងៃ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤។ សម្តេចធិបតីបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ ក៏ដូចជាគាំទ្រ និងចូលរួមនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះព្រមទាំងបានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ដែលបាន ជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលជាលើកដំបូង សម្រាប់គណ:កម្មការ ESCAP ចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ នវានុវត្តន៍ឌីជីថលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់

2024/04/22 03:39:18 pm        126
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និង​ភាពធន់ ជាពិសេស នៅក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេល ទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធី​បើក​សន្និបាត​ប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានី​បាងកក ប្រទេសថៃ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ទាំង​អស់​គ្នា​អាច​បង្រួម​គម្លាត ក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺអាច​ចែក​រំលែក​បាន​នូវ​ផ្លែផ្កា​នៃការអភិវឌ្ឍ ដល់ប្រជាពលរដ្ឋគ្រប់ៗរូបស្មើៗគ្នា។ ដូចបណ្តាប្រទេសនានាដែរ កម្ពុជា​បាន​ចាត់​ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុង​បរិបទ​បដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារ បច្ចេកវិទ្យាឌីជីថល អាចបង្កើត​ក្បាលម៉ា​ស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈ ចាំបាច់ក៏ដូច​ជា​កសាង​សង្គម​ទំនើប និងស៊ីវីល័យមួយ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ ប្រកបដោយបរិយាបន្ន ភាព​ជឿ​ទុកចិត្តបាន និងសុវត្ថិភាពខ្ពស់។ សម្ដេចធិបតីមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល អាចជួយរក្សាបាននូវអត្តសញ្ញាណ និង​វប្បធម៌​ជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាស​ដាក់​ឱ្យ​អនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា, ពោលគឺបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពថ្មីមួយ កំណត់នៅក្នុងបញ្ចកោណទី៥ គឺ «ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល»។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «គោល​នយោបាយ​ជាតិ​ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ឆ្នាំ ២០២០-២០៣០» ។ល។សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដីបន្តថាក្នុងបរិបទសកល និងតំបន់, កម្ពុជា បាននិង​កំពុង​ចូល​រួម​យ៉ាង​បុរេស​កម្ម ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយ ឌីជីថល សំដៅសម្រេច​ឱ្យ​បាន​គោល​ដៅ​អភិវឌ្ឍន៍​ឌីជីថលក្នុងតំបន់ និងសកលរួមមានដូចជា «ផែនការមេ ឌីជីថលអាស៊ាន២០២៥» និង«យុទ្ធសាស្ត្រឌីជីថល២០២២-២០២៥» របស់អង្គការ សហប្រជាជាតិ។ ទន្ទឹមនេះ​កម្ពុជា​បាន​និង​កំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមឌីជីថលអាស៊ានផ្សេងៗ ជាពិសេសការរៀបចំ កិច្ចព្រមព្រៀង​ក្រប​ខ័ណ្ឌ​សេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលមានគោលបំណង ក្នុងការផ្តល់ជាអភិក្រម យុទ្ធសាស្ត្រ និងពេញលេញកម្រិតតំបន់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ក្នុងតំបន់ ប្រកប​ដោយ បរិយាបន្ន និងទាន់ពេល។ លើសពីនេះ អាស៊ានក៏បានចាត់ទុកសេដ្ឋកិច្ចឌីជីថល ជា​ជំពូក​អាទិភាពមួយ នៅក្នុង កិច្ចព្រមព្រៀងនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។សម្តេចធិបតីបានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈវេទិកានេះនឹង​អាច​រួម​គ្នា​ដោះ​ស្រាយ​បាន​នូវបញ្ហាប្រឈមមួយចំនួន ដូចជា គម្លាតឌីជីថលទាំងរវាងប្រទេស និង ប្រទេស និងរវាង​ទីក្រុង និងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និង ការទទួលបាន​សេវា​អ៊ីន​ធឺណិត​ដែល​មាន​គុណភាព, អក្ខរកម្មឌីជីថលរបស់ ប្រជាពលរដ្ឋនៅមានកម្រិត កង្វះការចាប់យក និងប្រើប្រាស់​បច្ចេក​វិទ្យា​ឌីជីថល, កង្វះការធ្វើពាណិជ្ជកម្ម និង សេវាកម្មឌីជីថល បញ្ហាសន្តិសុខសាយប័រ និង បទ​ល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ។ល។ ដើម្បីឆ្លើយតប ឱ្យទាន់ពេល​ទៅ​នឹង​កំណើន​នៃ​តម្រូ​វ​កា​រ​ថ្មី​របស់​ប្រជាពលរដ្ឋក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណើរឆ្ពោះទៅកាន់ សេដ្ឋកិច្ច និងសង្គម​ឌីជីថល​ពេញ​លេញ​៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅខេត្តពោធិ៍សាត់មានពលរដ្ឋទស្សនាយ៉ាងច្រើនកុះករ
11/06/2025 03:11 PM
ពិធីបណ្តែតប្រទីប រម្លឹកគុណព្រះគង្គា និងព្រះធរណី នៅខេត្តសៀមរាប
11/06/2025 03:11 PM
សៀវភៅមគ្គុទេសក៍ទេសចរណ៍ដ៏ល្បីរបស់ពិភពលោក Lonely Planet បានចាត់ថ្នាក់ទីក្រុងសៀមរាបជាគោលដៅទេសចរណ៍ដ៏ល្អមួយក្នុងឆ្នាំ២០២៥ នេះ
11/06/2025 03:11 PM
មនុស្ស ៧នាក់យ៉ាងតិច បានជាប់ក្នុងនោះ ក្រោយរចនាសម្ព័ន្ធរោងចក្រថាមពលដួលរលំ នៅកូរ៉េខាងត្បូង
11/06/2025 03:11 PM
អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន ប្រឈមរដូវរងាដ៏ត្រជាក់ បន្ទាប់ពីរញ្ជួយដីដ៏សម្លាប់មនុស្ស២៧នាក់
11/06/2025 03:11 PM
លោក Putin និយាយថា លោកខាងលិចបរាជ័យក្នុងការធ្វើឲ្យរុស្ស៊ី ចុះខ្សោយ និងបែកបាក់
11/06/2025 03:11 PM
លោក Rubio និងលោក Hegseth ធ្វើបច្ចុប្បន្នភាពប្រាប់សមាជិកសភា ជុំវិញការវាយប្រហារលើទូក ក្រោយសភាខកខិត្ត
11/06/2025 03:11 PM
កម្ពុជាដាក់តាំងស្តង់ជាតិ បង្ហាញសិល្បៈ វប្បធម៌ និងផលិតផលខ្មែរក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន-CIIE នៅទីក្រុងសៀងហៃ
11/06/2025 02:11 PM
សម្ដេចធិបតី អបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១២ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាពសន្តិភាពដើម្បីអាហារូបត្ថម្ភ»
11/06/2025 02:11 PM
កូរ៉េខាងត្បូងយល់ថា ការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរនៅក្នុងស្រុក គឺ «សមហេតុផល»
11/06/2025 02:11 PM