កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម
កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

ព័ត៌មានសំខាន់ៗ

រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការជំរុញ​នវានុវត្តន៍ឌីជីថល

2024/04/22 03:17:24 pm        69
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ី​យ៉ាអាលីស​ចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការ​សហ​ប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ។ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ធិបតី ដែលបានចំណាយពេលដ៏មមាញឹកចូលរួម និងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និបាតលើកទី៨០ របស់​គណៈកម្មការ ESCAP។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែល​ផ្តល់​អាទិភាពលើបច្ចេកវិទ្យាឌីជីថល ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគណ:កម្មការ ESCAP។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និ​ង​ការគាំទ្ររបស់គណ:កម្មការ ESCAP ដែលបានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក ដោយគណ:កម្មការ ESCAP គឺជាដៃគូ​ដ៏​សំខាន់​មួយ​របស់កម្ពុជាដែលបានផ្តល់នូវជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាល​ជំនាញ​លើ​វិស័យ​នានា រួមមាន ដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាប័ន្នសង្គម និងអភិបាលកិច្ច ជាដើម។បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ក្នុងការ​ជួយ​គាំទ្រ​ដល់​ក្នុង​ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលគោលនយោបាយនេះ គឺ​ជា​លើកដំបូងក្នុងប្រវត្តិសាស្ត្រ ESCAP ក្នុងការចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន។ ទន្ទឹមនោះ សម្តេចធិបតី បានបង្ហាញ​នូវ​ការ​ប្ដេជា្ញ​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ និងភាពជាដៃគូរវាងកម្ពុជា និង គណ:កម្មការ ESCAP បន្ថែមទៀត ដើម្បីជំរុញ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការ​កសាង​អនាគតដ៏ល្អប្រសើរមួយសម្រាប់ទាំងអស់គ្នា។សម្តេចធិបតី ក៏បានជម្រាបជូនលោកជំទាវបណ្ឌិតអំពីក្របខ័ណ្ឌគោលនយោបាយ និងក្រប​ខ័ណ្ឌ​យុទ្ធ​សាស្រ្ត​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត​បញ្ច​កោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុ​ដ៏​សំខាន់​នៃ​ការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបាន​ចក្ខុ​វិស័យ​នៃ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាបើកសន្និបាតលើកទី៨០របស់ UN-ESCAP នៅទីក្រុងបាងកក

2024/04/22 12:06:18 pm        162
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា​ពិសេសនៅ​ក្នុង​ពិធី​បើក​សន្និបាត​លើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។ក្នុងឱកាសថ្លែងសុន្ទរកថានោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​សម្ដែង​ការ​អបអរ​សាទរ​ដល់​លោក​ស្រី​បណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការ​រង​អង្គការ​សហ​ប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក ដែល​បាន​រៀប​ចំ​ពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាំងកក ប្រទេសថៃប្រកបដោយជោគជ័យ ជាពិសេស​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​សម្រេច​គោល​ដៅរបស់ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ទាំងអស់គ្នា។សម្ដេចធិបតី បានថ្លែងថា សន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» បានពិភាក្សាលម្អិតអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និង​វិធី​សាស្ត្រ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និង​ការ​ពន្លឿន​ការ​សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ក្នុងឱកាសនោះ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានសម្ដែងការអរគុណដល់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្ដីថៃ រួមនឹងនិងប្រជាជនថៃដែលបានទទួលស្វាគមន៍សម្ដេច និង​គណៈ​ប្រតិភូកម្ពុជា ប្រកបដោយភាពកក់ក្ដៅបំផុតក្នុងដំណើរចូលរួមសន្និបាតនេះ។ សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បរិវត្តន៍ឧស្សាហកម្មឌីជី កំពុងដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់ក្នុងសកលលោក។ ជាពិសេស​នា​អំឡុង​ពេល​ជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញយ៉ាង​ច្បាស់​អំពី​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាឌីជីថលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតីបញ្ជាក់ថា តាមរយៈបច្ចេកវិទ្យាឌីជីថល ទាំងអស់គ្នាអាចកាត់បន្ថយគម្លាត និង​ពេល​វេលា បានជាច្រើនក្នុងការធ្វើកិច្ចការងារ និងការផ្ដល់សេវាកម្មផ្សេងនៅក្នុងអាជីវកម្ម ពាណិជ្ជកម្ម និង​ការ​រស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ហើយសម្រាប់ប្រទេសកម្ពុជា បានចាត់​ទុក​បច្ចេក​វិទ្យា​ឌីជីថល​ គឺជាគោលនយោបាយស្នូលមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសហគ្រិន​សង្គមលោក Pierre Tami ចូលជួបសម្ដែងការគួរសម

2024/04/19 12:06:24 pm        198
ភ្នំពេញ៖ នៅថ្ងៃព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត អោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់​ដោយ​សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួល​ស្គាល់​នូវ​ស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិន​សង្គម​។ក្នុងឱកាសនោះ សម្ដេចតេជោ បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួបលោក សែន សិលា ដែលជាមិត្តភក្ដិចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ ឆ្នាំ​២០២២ នៅដាវូស ប្រទេសស្វីស ។លោក សែន សិលា បានគោរពអរគុណ សម្តេចតេជោ ជាអនេក ដែលសម្ដេច បានឆ្លៀត​ពេល​ដ៏​មមារ​ញឹក អនុញ្ញាតអោយ លោកមានកិត្តិយស ចូលជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ លោកបាន​គោរព​អបអរសាទរចំពោះ សម្តេចតេជោ ដែលត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធា​នព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជាថ្មីៗនេះ។ រំលឹកពីពេលវេលាដែល លោក សិលា និងកូនស្រី បានជួប​សម្តេច​តេជោ ដំបូងនៅឆ្នាំ១៩៩៧ នៅក្រុងកំពង់សោម លោកបានលើកឡើងថា ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​កត់ត្រា​យ៉ាង​ច្បាស់នូវ ភាពជោគជ័យរបស់សម្តេចតេជោ ក្នុងការកសាងកម្ពុជា ចាប់​តាំង​ទសវត្ស៨០មកឱ្យទទួលបាននូវសន្តិភាពពេញលេញ និង កំពុងស្ថិតនៅក្នុង​សករាជថ្មី​នៃ​ការ​អភិឌ្ឍ​កាន់​តែរីកចម្រើនឥតឈប់ឈរ។លោក សិលា ពិតជាមានក្តីសប្បាយរីករាយ និងបានគោរពអរគុណ សម្តេចតេជោ ដែលបាន​អនុញ្ញាត​ឱ្យលោកបានបម្រើការងារជូនសម្តេច និងប្រទេសកម្ពុជា ជាពិសេសជួយកុមារកម្ពុជា ដោយ​បានកៀរគរអ្នកវិនិយោគមកកម្ពុជា ក៏ដូចជាការអមដំណើរគណៈប្រតិភូកម្ពុជា ទៅដាវូស ប្រទេស​ស្វីស​ជាច្រើនលើក។លោក សិលា បានបន្តទៀតថា លោកពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយ ថ្នាក់ដឹកនាំ វ័យក្មេង ដូចជា ឯកឧត្ដម ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ នៅក្នុងវិស័យបដិសណ្ឋាកិច្ច ផលិតកម្មអាហារ ដោយប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកវិជ្ជា។ លោករីករាយណាស់ដែលឃើញកម្ពុជា បានកសាងធនធានមនុស្ស មាន​យុវជន​វ័យ​ក្មេង​ដឹកនាំ និងនាំមកនូវបច្ចេកវិទ្យា វិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេស។ នៅ​ពេល​នេះ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាសេដ្ឋកិច្ចដែលផ្អែកលើជំនាញ ដែលនឹងអនុញ្ញាត​ឱ្យ​ឈាន​ទៅ​សម្រេច​គោល​ដៅ ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០។ ទោះបីជាពេលនេះ មានការផ្ទេរ​ការ​ដឹកនាំ​ទៅ​អ្នក​ជំនាន់ថ្មីក៏ដោយ ក៏វត្តមានរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅតែមានសារៈសំខាន់សម្រាប់ការអភិឌ្ឍន៍ប្រទេសកម្ពុជា ។ លោក​មាន​បំណង​ចង់​បម្រើ​សម្តេចតេជោ បន្តទៀត និងសូមទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ម្តេច។ជាកិច្ចឆ្លើយតបសម្តេចតេជោ បានអរគុណ លោក សិលា ដែលបានរំឮក អំពីអតីតកាលនៃការជួប លោកនិង កូនស្រី នៅ១៩៩៧ នៅកំពង់សោម។ កម្ពុជាបានសន្តិភាព និងស្ថិរភាព​ជាង​២៥​ឆ្នាំ​ហើយ​ គិតចាប់ពីឆ្នាំ១៩៩៨ មក។ កាលពី៨ខែមុន សម្តេចតេជោ បានសម្រេច​ចិត្ត​ផ្ទេរ​ការ​ដឹកនាំ​ទៅ​អ្នក​ជំនាន់ថ្មី ហើយជាលទ្ធផល មរតសន្តិភាពនៅតែមានបន្ត កំណើនសេដ្ឋកិច្ច​ក៏​នៅតែ​មាន​បន្ត​ផង​ដែរ។ គណៈរដ្ឋមន្ត្រីថ្មីធ្វើការយ៉ាងល្អ ដោយរក្សាបាននូវស្ថិរភាព និងកំពុងបន្ត​ជំរុញ​ការ​អភិវឌ្ឍ។សម្តេចតេជបានគូសបញ្ជាក់ថា កាលពីឆ្នាំ១៩៨៧ សម្តេចបានកំណត់អទិភាព ៤ គឺ « ទឹក ផ្លូវ ភ្លើង មនុស្ស »  បន្ទាប់មក កាលពីជាង១០ឆ្នាំមុននេះ សម្តេចតេជោ ក៏បានប្ដូរដាក់ មនុស្ស មកជាអាទិភាពទី១ វិញ។ រាជរដ្ឋាភិបាលថ្មី បានដាក់មុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ជាមុំ បច្ចេក​វិទ្យា និង បានដាក់គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈយុវជនចំនួន ១.៥ លាននាក់ ហើយ​សេដ្ឋកិច្ចកម្ពុជា គឺផ្អែកលើចំណេះដឹង និងជំនាញ។សម្តេចតេជោ បានអរគុណ លោក សែន សិលា ដែលបាន​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​ខាង​បដិ​សណ្ឋាកិច្ច កន្លងមក និង លើកទឹកចិត្តឱ្យបន្តការបណ្ដុះបណ្ដាលនេះបន្ថែមទៀតទៀត។ ជាចុងក្រោយ សម្តេចតេជោ បានយល់ព្រមស្នើតែងតាំង លោក សែន សីលា ជាទីប្រឹក្សា សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕ 

ប្រាក់រៀលបានដាក់ជួញដូររូបិយប័ណ្ណជាលើកដំបូង នៅព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ

2024/04/17 02:17:03 pm        263
ប្រាក់រៀលរបស់កម្ពុជា ត្រូវបានបញ្ចូលនៅក្នុងតារាងជួញដូររូបិយប័ណ្ណជាលើកដំបូង ក្នុង​បញ្ជរ​ប្តូរ​ប្រាក់​មួយ នៅព្រលានយន្តហោះ អន្តរជាតិ Haneda ទីក្រុងតូក្យូ នេះជាសក្ខីភាពបញ្ជាក់ថា ប្រាក់​រៀល​អាច​ជួញដូរជាលក្ខណៈអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្ត និងការ​ទទួល​ស្គាល់​ប្រាក់​រៀល​កាន់​តែ​ទូលំទូលាយ។ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៤​ម្សិល​មិញនេះ បាន អញ្ជើញចូលរួមកាត់ខ្សែបូរ សម្ភោធដាក់​បញ្ចូល​ប្រាក់​រៀល​នៅ​ក្នុង​តារាង​ជួញ​ដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និង​ក្រុម​ហ៊ុន Travelex, ដោយការ​ដាក់​ឱ្យ​មាន​ការ​ជួញ​ដូរ​ប្រាក់​រៀល​ជា​លើក​ដំបូង​នៅ​ប្រទេស​ជប៉ុន​នេះ នឹងសម្រួលជួយទេសចរជប៉ុន ដែលទៅ ទស្សនកិច្ចនៅប្រទេសកម្ពុជា អាចប្ដូរ​យក​ប្រាក់​រៀល​ដោយ​ងាយ​ស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេស កម្ពុជាកាន់តែ​ច្រើ​ន​ជាងមុន។ ជុំវិញការដាក់បញ្ចូលប្រាក់រៀល នៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នៅ​ទីក្រុង​តូក្យូ នេះបានបង្ហាញនូវ ការរីកចម្រើនប្រាក់រៀល និងជាសក្ខីភាពបញ្ជាក់ថា ប្រាក់​រៀល​អាច​ជួញ​ដូរជាលក្ខណៈអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿ ទុកចិត្ត និង​ការ​ទទួល​ស្គាល់​ប្រាក់​រៀល​កាន់តែទូលំទូលាយ ដែលនេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀល នៅក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។ គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលក្រុមហ៊ុន Travelex បាន​សហការ​ជា​មួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ នៃការដាក់បញ្ចូលប្រាក់រៀល នៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់​ពី​បានដាក់បញ្ចូលនៅព្រលានយន្តហោះអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ ២០២៣​, ហើយពេលខាងមុខ ធនាគារជាតិនៃកម្ពុជានឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ ប្រាក់រៀលនៅលើតារាង​ជួញដូរ​នៅ​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ជា​ច្រើន​ទៀត​នៅ​លើ​ពិភព​លោក៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់គ្រប់ភាគីពាក់ព័ន្ធ​ញុំាងឲ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅ​ដោយសុវត្ថិភាព និងភាពរីករាយ

2024/04/17 08:32:44 am        103
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើសារ​ថ្លែង​អំណរ​គុណ​ដល់គ្រប់ភាគីទាំងអស់ ដែលបានញុំាងឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុង​រយៈពេល​បួន​ថ្ងៃកន្លងមកនេះប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និង​សប្បាយ​រីករាយ​បំផុត​របស់​ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងប្រទេស។តាមរយៈផេកហ្វេសបុក និងតេលេក្រាមផ្ទាល់ នាថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៤នេះ សម្តេចធិប តី​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែន​ដី​គ្រប់​លំដាប់​ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ កងយោធពលខេមរភូមិន្ទ កង​នគរបាល​ជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែល​បាន​ចូល​រួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានា​បាន​នូវសុវត្ថិភាព បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូនអ៊ុំពូមីង តាយាយ​ព្រម​ទាំង​បាន​ញុំាង​ឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅ​ទូទាំង​ប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ» ។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ និង​ភ្ញៀវ​បរទេស​ទាំងអស់ ដែលបានចូលរួមលេងកម្សាន្តប្រកបដោយភាពរីករាយ ព្រម​ទាំង​ថែ​រក្សា​បាន​នូវ​ប្រពៃណី​វប្បធម៌​ដ៏ផូរផង់របស់ខ្មែរ ។ យ៉ាងណាក៏ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា «កត្តាចម្បងបំផុត គឺម្លប់​នៃ​សុខ​សន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និង​សាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និង​ក្នុង​សេចក្តី​សុខ​ក្សេម​ក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ»។ ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បាន សូមប្រគេនពរដល់ព្រះ​តេជ​ព្រះគុណ​គ្រប់​ព្រះអង្គ និងជូនពរដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក ​លោកស្រី អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបប្រទះតែសុខភាពល្អ សុភមង្គល និងទទួលបានសិរីសួស្តីជោគជ័យគ្រប់ប្រការ ព្រមជាមួយ​នឹង​ពុទ្ធពរ​ទាំង​ឡាយ​បួន​ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូម​ជូនពរ​អ៊ំពូមីង​បងប្អូន​ប្រជាព​លរដ្ឋ​ ដែលមិនមែនជាពុទ្ធសាសនិកជន នៅពរជ័យសិរីសួស្ដី ជ័យជម្នះគ្រប់​ប្រការ​កុំបី​អាក់​ខាន​ឡើយ​ និងសូមធ្វើដំណើរប្រកបដោយភាពប្រុងប្រយ័ត្ន និងសុខសុវត្ថិភាព៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំ​ដែលពិការដោយសារ​សង្គ្រាម មូលហេតុនេះហើយទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាព»

2024/04/16 09:07:38 am        177
នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរម្លឹកដល់ខួបលើក៤៩ឆ្នាំនៃ​ថ្ងៃដែល​សម្ដេច​ត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង(១៦មេសា១៩៧៥-១៦មេសា២០២៤)។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពិតស្តាយស្រណោះកែវភ្នែករបស់សម្ដេច​ដែលពិការ​ដោយ​សារសង្គ្រាម។ ដោយមូល​ហេតុនេះហើយ​ទើប​សម្ដេច​ខិតខំ​បញ្ចប់​សង្គ្រាម​នាំ​មកនៅ​សន្តិភាព​ឯកភាពជាតិឯកភាពទឹកដីបង្កើតនូវការសប្បាយរីករាយជូន​ប្រជាជនដូច​ដែល​ប្រជាជន​យើង​កំពុង​សប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ។តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំ នៃថ្ងៃដែល​ខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (១៦មេសា១៩៧៥-១៦មេសា២០២៤)។ ពេល​នោះ​រយៈពេលនេះខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃពេលដឹងខ្លួនទើប​ខ្ញុំដឹងថាភ្នែក​ឆ្វេង​របស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត។ យុវជនដែលមានអាយុ ២៣ឆ្នាំ​ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម។»សម្ដេចតេជោ បានបន្តថា ដោយមូលហេតុ​នេះ​ហើយ​ទើប​សម្ដេចខិតខំបញ្ចប់​សង្គ្រាមនាំ​មក​នៅ​សន្តិភាព​ឯកភាព​ជាតិ​ឯកភាព​ទឹកដី​បង្កើត​នូវ​ការសប្បាយរីករាយជូនប្រជាជនដូច​ដែល​ប្រជាជន​យើងកំពុង​សប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ។ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវផងដែរសូមរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន៕

ព្រះមហាក្សត្រ៖ពិធីបុណ្យចូលឆ្នាំខ្មែរប្រាព្ធឡើងដើម្បីបណ្តុះស្មារតីសាមគ្គីភាពជាតិ ថែរក្សាការពារទំនៀមទម្លាប់ ប្រពៃណីខ្មែរ

2024/04/12 03:19:06 pm        73
ភ្នំពេញ ៖ ៖នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជឱង្កាថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យមួយដែលមាន អត្ថន័យដ៏ធំធេងក្នុងការបណ្តុះស្មារតីសាមគ្គីភាពជាតិ ថែរក្សា ការពារស្រឡាញ់ទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង។ នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.។​នៅក្នុងព្រះរាជសារ ព្រះករុណាព្រះមហាក្សត្របានគូសបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨នេះ ព្រះករុណាព្រះមហាក្សត្រ មានហឫទ័យសោមនស្សរីករាយឥតឧបមា អបអរសាទរ បុណ្យចូលឆ្នាំថ្មី រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ ព្រះករុណាព្រះមហាក្សត្របានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិ តែងតែប្រារព្ធឡើងក្នុងខែមេសា ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក ព្រោះជារដូវកាលដែលប្រជារាស្ត្រខ្មែរមានពេលទំនេរ ពីការប្រមូលផលស្រូវ ដំណាំផ្សេងៗ និងបានជួបជុំក្រុមគ្រួសារ ញាតិមិត្ត ដើម្បីស្វាគមន៍ឆ្នាំថ្មី ព្រមទាំងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដែលជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរស ជូនតាខ្មែរបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ ពិធីបុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យមួយដែលមាន អត្ថន័យដ៏ធំធេង ក្នុងការបណ្តុះស្មារតីសាមគ្គីភាពជាតិ ថែរក្សា ការពារ ស្រឡាញ់ទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង»។ព្រះករុណា ព្រះមហាក្សត្រ បានបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី និងគុណបុណ្យព្រះ រតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយ-ប្រគេន សូមសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក សូមប្រកបតែនឹងព្រះពុទ្ធពរ គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ដារ៉ា

សម្ដេចតេជោ ជូនពរពលរដ្ឋទូទាំងប្រទេសធ្វើដំណើរទៅលេងស្រុកកំណើត​ប្រកបដោយសេចក្តីសុខសុវត្ថិភាព

2024/04/12 11:00:32 am        84
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ កម្មករកម្មករិនី ដែលមក​ធ្វើការងារ​នៅ​រាជ​ធានី​ភ្នំពេញ កំពុងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ នាឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្ញើសារជូនពរ​ដល់បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​សូម​ធ្វើ​ដំណើរ​ប្រកប​ដោយសេចក្ដីសុខសុវត្ថិភាពគ្រប់ៗគ្នា។ តាមរយៈបណ្ដាញសង្គមតេឡេក្រាមនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់​បង​ប្អូន​ប្រជា​ពលរដ្ឋគ្រប់គ្នាថា សូមរីករាយឱកាសឆ្នាំថ្មី សូមជូនពរពុកម៉ែបងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដែលអញ្ជើញធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ សូមឲ្យការធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាពគ្រប់ៗគ្នា។ក្នុង​ឱកាសនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់រាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងរដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ដែល​បាន​ផ្ដល់​រថយន្ត​ក្រុង​ជា​ច្រើន​រយ​គ្រឿង​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​គ្រប់​រាជ​ធានី​ខេត្ត​ទាំង​អស់ ​នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។សូមជម្រាបថា នាព្រឹកនេះ បងប្អូន អ៊ំពូមីង តាយាយ បាននិងកំពុង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ ដើម្បីទៅកាន់ស្រុកកំណើតរៀងៗខ្លួនតាមរយៈរថយន្តក្រុង ដែលរៀបចំ​ដោយ​សាលា​រាជ​ធានី​ភ្នំពេញ ប្រកបដោយទឹកមុខរីករាយ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។តាមរយៈ​ការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ដូចជា​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន អ៊ំពូមីង តាយាយទៅកាន់ភូមិដ្ឋានរបស់ខ្លួនដើម្បីជួបជុំក្រុមគ្រួសារ រីករា​យ​សាទរ​ទទួល​ទេវតាឆ្នាំថ្មី ចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយបានរៀប​ចំ​នៅ​រថយន្ត​ក្រុង​ជា​ច្រើន​រយ​គ្រឿង​សម្រាប់​ដឹកជញ្ជូនបងប្អូន អ៊ំពូមីង តាយាយប្រកបដោយការយកចិត្តទុកដាក់ ស្នាមញញឹម និង​សុខសុវត្ថិភាពជានិច្ចទាំងទៅ និងត្រឡប់មកវិញ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីឱ្យកម្លាំងចម្រុះបន្តអនុវត្តបង្ក្រាបបទល្មើសធនធានម្មជាតិ ខណៈឃាត់បានមេខ្លោងមួយចំនួន

2024/04/10 05:46:32 pm        121
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់បន្ថែមទៅដល់កងកម្លាំងចម្រុះឱ្យបន្តអនុវត្តយុទ្ធនាការនៃការបង្ក្រាបបទល្មើសការកាប់ទន្រ្ទាន រុករានដីព្រៃ និងដីអភិរក្សរបស់រដ្ឋ ខណៈចាប់ពីការអនុវត្តរយពេលជាង ៧០ ថ្ងៃមកនេះ គឺមិនបានសម្រាកនោះទេដោយបន្តធ្វើជាបន្តទៀតក្នុងនោះបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោងមួយចំនួន រួមមានទាំងអភិបាលរងស្រុកមួយរូបផងដែរ។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ដោយបានណែនាំដល់ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្តទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និង ជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់ ២ និង តំបន់៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដីឬថ្មចូលក្នុងទន្លេ ស្ទឹង អូរ និង បឹងបួរ នៅទូទាំងប្រទេស។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា រយៈពេលជាង៧០ថ្ងៃមកនេះ ក្រុមការងារចម្រុះបានចុះធ្វើការ ហើយបញ្ចប់ការធ្វើបច្ចុប្បន្នភាព លើការកំណត់ព្រំលើទីតាំងដីនៅតំបន់ទន្លេសាប និងបានឃាត់ខ្លួនមេខ្យល់មួយចំនួនដែលដឹកនាំចូលទៅកាប់ទន្រ្ទាន់រុករានដីព្រៃរបស់រដ្ឋ។ សម្តេចធិបតីបញ្ជក់ថាកិច្ចការការពារដីព្រៃអភិរក្ស និងដីបឹងទន្លេសាប គឺត្រូវតែបន្តធ្វើដោយគ្មានការដកថយឡើយ។​បើតាមការបញ្ជាក់របស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោយមានបទបញ្ជាពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាឱ្យចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់ដីអភិរក្សរបស់រដ្ឋ ចាប់ពីដើមខែមីនា រហូតមកដល់ដើមខែមេសា ឆ្នាំ ២០២៤នេះ ក្រុមការងារចម្រុះមកពីក្រសួងបរិស្ថាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងកម្លាំងគណៈបញ្ជាឯកភាពខេត្ត បានចុះឃ្លុំផ្ទៃដីដែលរងការទន្រ្ទានបានជិត២ម៉ឺនហិកតា និងឃាត់ខ្លួនមនុស្ស ៤៧ នាក់ ក្នុងនោះបញ្ជូនទៅតុលាការ១៨នាក់៕អត្ថបទ៖ វ៉ន ដារ៉ា

រាជរដ្ឋាភិបាលចំណាយថវិកាជាង៣០០លានដុល្លារសម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ

2024/04/10 04:43:36 pm        98
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិ ប្រមាណជាងបីរយលានដុល្លារអាមេរិកសម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅតាមទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះបានកំពុងដំណើរការជាបណ្តើរៗ ដោយធ្វើការផ្លាស់ប្តូរប្រព័ន្ធលូពីតូចទៅធំ និងជីក ប្រព័ន្ធលូរថ្មីបន្ថែមទៀតនោះ។ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញត្រូវ តែដោះស្រាយឲ្យបានទាន់ពេលវេលា ដោយត្រូវបង្កើនឧបករណ៍បន្ថែមជាពិសេសគឺស្ថានីយ៍បូមទឹក ដើម្បី បញ្ជៀសទឹកកុំឲ្យបុកចូលក្នុងភ្នំពេញ និងដោះស្រាយប្រព័ន្ធទឹកនៅក្នុងរាជធានីដែលមានស្រាប់ ពោលគឺ ស្តារប្រព័ន្ធលូរ ដោយលូណាចាស់ និងតូចត្រូវផ្លាស់ប្តូរ។​សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា គម្រោងដែលបានចំណាយនេះគឺភាគច្រើនពាក់ ព័ន្ធទៅនឹងការស្តាប្រឡាយដែលមានស្រាប់ ដោយក្នុងនោះគឺមានចំនួនបីកន្លែងធំៗទី១ពីទំនប់រលាំងជ្រៃ មកព្រែកហូរតាខ្មៅដោយមានចម្ងាយជាង២៦០គីឡូម៉ែត្រ និងស្ទឹងតូចៗជាង១០ទៀត រួមទាំងការធ្វើស្ថានីយ៍បូមទឹកថ្មីចំនួនបួនកន្លែងទៀត ខណៈគម្រោងទាំងនេះគឺធ្វើយ៉ាងណាកុំឲ្យទឹកជំនន់បុកចូលរាជធានីភ្នំពេញបន្តទៀត។ ទី២គឺគម្រោងជុសជុលកែលម្អរ ស្តារប្រព័ន្ធស្រោចស្របរំដោះទឹកពីភាគនារតីភ្នំពេញដែល ក្នុងនោះគឺស្តាអនុគម្រោងនៅច្បារមន ខេត្តកំពង់ស្ពឺ និងអនុគម្រោងនៅខេត្តកណ្តាល។ និងទី៣គ្រោងប្រព័ន្ធស្រោចស្របការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដោយធ្វើការស្តារប្រឡាយជាច្រើននៅតំបន់នោះដល់ ស្ទឹងព្រែកហូរ តាខ្មៅជាដើម៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម វីរៈ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅប្រទេសចិន
11/06/2025 05:11 PM
ពលរដ្ឋនៅភ្នំពេញ និងមកពីបណ្តាខេត្តជាច្រើន ចូលមកលេងកម្សាន្តនៅរមណីយដ្ឋានប្រវតិ្តសាស្រ្តវត្តភ្នំ
11/06/2025 05:11 PM
ក្រុមហេសបូឡា បញ្ជាក់ថា លីបង់ត្រូវគោរពតាមបទឈប់បាញ់ ហើយបដិសេធមិនចរចាជាមួយអ៊ីស្រាអែល
11/06/2025 04:11 PM
អតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកកំពង់ស្វាយ ខេត្ត​កំពង់​ធំ​ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត
11/06/2025 04:11 PM
បារាំងអំពាវនាវឲ្យ EU ស៊ើបអង្កេត Shein និងចាត់វិធានការលើក្រុមហ៊ុនលក់រាយនេះ
11/06/2025 04:11 PM
ប្រមុខអង្គការណាតូ ប្រាប់ឧស្សាហកម្មឲ្យ «បង្កើនកិច្ចប្រឹងប្រែងបន្ថែម» ខណៈព្រមានថា រុស្ស៊ីជា «ការគំរាមកំហែងរយៈពេលវែង»
11/06/2025 04:11 PM
ជើងហោះហើរជាង៥០ ត្រូវបានរំខាន ខណៈព្យុះទីហ្វុង Kalmaegi ប៉ះពាល់ដល់អាកាសយានដ្ឋាន៨ ក្នុងប្រទេសវៀតណាម
11/06/2025 04:11 PM
ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅខេត្តពោធិ៍សាត់មានពលរដ្ឋទស្សនាយ៉ាងច្រើនកុះករ
11/06/2025 03:11 PM
ពិធីបណ្តែតប្រទីប រម្លឹកគុណព្រះគង្គា និងព្រះធរណី នៅខេត្តសៀមរាប
11/06/2025 03:11 PM
សៀវភៅមគ្គុទេសក៍ទេសចរណ៍ដ៏ល្បីរបស់ពិភពលោក Lonely Planet បានចាត់ថ្នាក់ទីក្រុងសៀមរាបជាគោលដៅទេសចរណ៍ដ៏ល្អមួយក្នុងឆ្នាំ២០២៥ នេះ
11/06/2025 03:11 PM