កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម
កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

ព័ត៌មានសំខាន់ៗ

ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ៖ ការដឹកនាំរបស់សម្ដេចតេជោបានប្រែក្លាយកម្ពុជា ជាប្រទេសអភិវឌ្ឍន៍លឿននៅក្នុងតំបន់

2024/04/09 01:48:17 pm        179
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានស្វាគមន៍ចំពោះដំណើរតទស្សនកិច្ចរបស់លោក តាន់ ស្រ៊ី មីឆែល យ៉េវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូនៅកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះលោកប្រធានវិទ្យាស្ថានដែលកន្លងមក តែងតែ​គាំទ្រ​កម្ពុជា​ជា​ហូរហែរពិសេសក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំអាស៊ានឆ្នាំ ២០២២ ហើយ​ក៏​អរគុណ​ចំពោះ​វិទ្យាស្ថានដែលបានផ្ដល់ពានរង្វាន់មួយជីវិតដល់សម្ដេច ជាថ្នាក់ដឹកនាំ​ឆ្នើម​នៅ​ក្នុង​អាស៊ាន ដែលបានកាន់ញរញ៊ូអាស៊ានរហូតដល់ទៅ៣ដង។ សម្ដេច​តេជោក៏​បាន​សម្ដែង​ការ​រីក​រាយ​ដោយ​បាន​ធ្វើការជាមួយគ្នាក្នុងរយៈពេលជាងដប់ឆ្នាំនេះ ដែលលោក តាន់ ស្រ៊ី មីឆែល យ៉េវ បាន​ធ្វើការនេះតាំងពីឆ្នាំ២០២១រហូតដល់បច្ចុប្បន្ន។ជាការឆ្លើយ​តបលោក លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានថ្លែងអំណរគុណ​ចំពោះសម្ដេច​ដែល​បាន​អនុញ្ញាត​ឲ្យ​ចូលជួប​សម្ដែង​ការគួរសម​ក្នុងពេលនេះក្នុងពេលដែលលោកបានបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយលោកក៏បានសម្ដែងការសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ចាប់តាំងពី​លោក​បាន​ចាប់ផ្ដើមគ្រប់គ្រង KSI មក គឺលោកបានធ្វើការកត់​សម្គាល់​ឃើញ​ថា​កម្ពុជា​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន យ៉ាងសម្បើម ដែលបង្ហាញពីការដឹកនាំរបស់សម្ដេចតេជោ ហើយសង្ឃឹម​ថា​សម្ដេចតេជោ​នឹង​មានការចែករំលែកនូវការដឹកនាំរបស់សម្ដេច ប្រកបដោយប្រសិទ្ធ​ភាព​នេះ​ដល់​បណ្ដាល​ថ្នាក់​ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត។ ការដឹកនាំរបស់​សម្ដេច​បាន​នាំ​មក​នូវ​ស្ថិរភាព សន្តិសុខដល់កម្ពុជា ធ្វើឲ្យមានកំណើនក្នុងវិស័យសេដ្ឋកិច្ច សង្គម ហើយប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជាប្រទេសដែលមានការអភិវឌ្ឍន៍លឿននៅក្នុងតំបន់។លោក​បានសម្ដែងការចាប់អារម្មណ៍ចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ដែល​លោក​បាន​មានប្រសាសន៍ថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ មាន​ភា​ព​ឆ្លាត​វៃ​ក្នុង​ការដឹកនាំ ហើយសង្ឃឹមថា សម្ដេចធិបតី​នឹង​បន្ត​ពី​សម្ដេច​តេជោដឹក​នាំក​ម្ពុជា​ទៅ​រក​ការ​រីក​ចម្រើន​នៅក្នុងសម័យកាលថ្មីមួយថែមទៀត។លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានជម្រាបជូនសម្ដេចតេជោថា លោកគ្រោង​នឹង​នាំ​មក​នូវ​សហគ្រិន អ្នកវិនិយោគជាច្រើនដែលផ្ដោតទៅលើ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យ​ថាមពលដែលកកើតពីជីវម៉ាស លោកក៏បានជម្រាបជូនសម្ដេចថា ពីលោក​បាន​គោរព​ស្នើ​សុំ​សម្ដេច​ធិបតី ដើម្បីបានរៀបចំនូវវេទិកា ២ សំខាន់ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ដែល​ចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។សម្ដេច​តេជោ​បានថ្លែងអំណរគុណចំពោះការរៀបចំវេទិកាទាំងពីរនោះ និងបានផ្ដល់យោបល់ថា សូមឲ្យ​កម្ម​វិធីនានា ចូលរួមដោយសម្ដេចធិបតី នាយករដ្ឋមន្ត្រី។ សម្ដេច​តេជោ​ផ្ដល់​យោបល់​បន្ថែម​ថា ​សូមឱ្យមានការគិតគូរ ធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយ​ផ្ដោត​ទៅ​លើ​ពាណិជ្ជកម្ម​តម្រង់​ទិស​ទៅលើ ពាណិជ្ជកម្មអាស៊ាន និងចិន ដោយសម្ដេច ចាត់ទុកថាប្រទេសចិន គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់អាស៊ាន សម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយបើ​ប្រៀប​ធៀប​ប្រជាជន​ចិន​គឺ​ច្រើនជាងអាមេរិក និងអឺរ៉ុបបូកចូល​គ្នា​ទៀត​ហើយ​សេច​ក្ដី​ត្រូវ​ការ​របស់​ចិន​គឺ​ធំ​ធេង​ណាស់ ដូច្នេះត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ ដោយសម្ដេច បានធ្វើ​ការ​ប្រៀប​ធៀប​ក្នុង​ សម័យកូវីដ-១៩ ដែលពីមុននោះគិតគូរតែទីផ្សារឆ្ងាយៗ ផ្ទុយទៅវិញ​នៅ​ពេល​ការ​រារាំង​ដោយ​ជំងឺ​កូវីដ-១៩ ពាណិជ្ជកម្មរបស់កម្ពុជា និងបណ្ដាប្រទេសអាស៊ានជាអាទិ៍ជាមួយ វៀតណាម ជា​មួយថៃ ជាមួយម៉ាឡេស៊ី និងជាមួយចិន មានការកើនឡើងទ្វេរដង ឬអាច​លើស​ទ្វេរ​ដង​ទៅ​ទៀត​។ដូច្នេះសម្ដេច​តេជោបានផ្ដល់យោបល់ឲ្យយកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវ​យក​ទុក​ដាក់​លើ​អ្វី​ដែលមានហើយដូចជាកិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និង​សមាជិក​អាស៊ាន​នីមួយៗ ជាមួយបណ្ដាប្រទេសផ្សេងទៀត។សម្ដេចតេជោ​បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ាននេះ គឺមិន​ព្រួយ​បារម្ភ​ពី​ការ​ខ្វះ​ស្បៀង​នោះ​ទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយ​ប្រទេ​ស​មួយចំនួនទៀត គឺជាប្រទេសដែលនាំចូលនូវស្បៀងអាហារ ដូច្នេះអាច​បំពេញ​ឲ្យគ្នា​ទៅ​វិញ​ទៅម​ក ហើយត្រូវធ្វើខិតខំធ្វើ សមាហរណកម្ម លើវិស័យពាណិជ្ជកម្ម ការវិនិយោគ​ផ្សេង​ៗ​ជា​មួយ​គ្នា​។សម្ដេចក៏​បានផ្ដល់អនុសាសន៍ដល់វិទ្យាស្ថាន KSI និង AVI របស់កម្ពុជាធ្វើការសិក្សារួមគ្នា ជំរុញ​ទំនាក់​ទំនង​រកទីផ្សារនៅក្នុងតំបន់ជាពិសេសរវាងអាស៊ាន និងចិន។ ជាចុងក្រោយសម្ដេចតេជោ បាន​ជូនពរដល់ លោកប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ដ និងប្រតិភូ​សូម​ឲ្យ​ដំណើរ​ទស្សន​កិច្ច​រប​ស់លោ​ក បានប្រកបដោយជោគជ័យ និងជូនពរឲ្យការរៀបចំកិច្ចប្រជុំកំពូលទាំងពីរ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​ប្រកប​ដោយជោគជ័យ។ជាការឆ្លើយតប លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ចំពោះ​ការផ្ដល់​ជា​អនុសាសន៍លើការទំនាក់ទំនងរវាង អាស៊ាន និងចិន និងបានកោតសរសើរនូវរចនាបទ និង​ការសំបូរណ៍បែបនៃវប្បធម៌ អរិយធម៌ បេតិកភណ្ឌរបស់កម្ពុជាដោយថែរក្សាបានយ៉ាងល្អ៕

អូស្រ្តាលីសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៀតលើការវិនិយោគ និងវិស័យការពារជាតិ

2024/04/08 06:29:50 pm        70
ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំ នងដ៏ល្អរវាងកម្ពុជា និងអូស្រ្តាលី ហើយលោកបានអះអាងថា រដ្ឋាភិបាលអូស្រ្តាលីនឹងពង្រឹងកិច្ចសហប្រតិ បត្តិការជាមួយកម្ពុជាឲ្យកាន់តែប្រសើរបន្ថែមទៀត លើវិស័យវិនិយោគ ពាណិជ្ជកម្ម និងវិស័យការពារ ជាតិជាដើម។កិច្ចជំនួបនោះ លោក ចាស្ទីន ខេវិន វ៉ាយអេត បានលើកឡើង អំពីការបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិតកម្ពុជា និងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអូស្ត្រាលី និងសាកលវិទ្យាល័យនានា របស់កម្ពុជា។ បន្ថែមលើនេះទៀត លោកឯកអគ្គរដ្ឋទូតក៏បានគោរពបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ(កម្ពុជា-អូស្ត្រាលី)លើវិស័យអាទិភាពមួយចំនួន ដូចជា« កសិកម្ម ការវិនិយោគពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងការពារជាតិ និងសន្តិសុខ»។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់ លោក ចាស្ទីន ខេវិន វ៉ាយអេត និងសហការី ព្រមទាំងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការ ដែលសម្តេច និងឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាគ្នានាពេលកន្លងមក និងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រលើវិស័យអាទិភាព និងលើកិច្ចសហប្រតិបត្តិការ ពីសំណាក់ប្រទេសអូស្រ្តាលី។ ពាក់ព័ន្ធនឹងវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី ក៏បានបញ្ជាក់ពីការជំរុញនូវការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ហើយសម្តេចមានជំនឿជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន។ ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតង សម្តេចធិបតី បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍថាមពលបៃតង ដោយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនលើការអភិវឌ្ឍ និងការវិនិយោគលើវិស័យទាំងនេះ។ ក្នុងក្របខ័ណ្ឌវិស័យការពារជាតិ និងសន្តិសុខវិញ សម្តេចធិបតី បានបញ្ជាក់ពីការបន្តនូវការផ្សារភ្ជាប់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា-អូស្រ្តាលី តាមរយៈការជំរុញការបណ្តុះបណ្តាល និងការកសាងសមត្ថភាពជាដើម។ នៅក្នុងកិច្ចជំនួបពិភាក្សានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ(កម្ពុជា-អូស្រ្តាលី) ក្នុងការចូលរួមចំណែកថែរក្សានូវសុខសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផងដែរ៕អត្ថបទ ៖ បាន ចក់ 

ប្រធានក្រុមហ៊ុនSunwah Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា

2024/04/08 04:08:40 pm        118
ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៤នេះ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group បានបង្ហាញបំណងពង្រីក ការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយក្នុងនោះមានដូចជាវិស័យទេសចរណ៍ អគារពាណិជ្ជកម្ម ថាមពលយានយន្តអគ្គិសនី និងវិស័យទូរគមនាគមន៍ជាដើម។ លោក Jonathan K.S. Choi បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group នៅ កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ជាពិសេសការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រ ដើម្បីនាំចេញទៅទីផ្សារបរទេស។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីផងដែរទាក់ទងនឹង ដំណើរទស្សនកិច្ចរបស់លោក និងសហការីនាឱកាសនេះ មានតំណាងក្រុមហ៊ុនវិនិយោគប្រមាណជាង៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ជាដើម។ជាងនេះទៅទៀត លោក Jonathan K.S. Choiក៏បានបង្ហាញបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបានអរគុណចំពោះចំណាប់អារម្មណ៍ និងការវិនិយោគរបស់ក្រុមហ៊ុន និងសម្តែងនូវក្តីសោមនស្សចំពោះផែនការវិនិយោគបន្ថែមរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក់ព័ន្ធនឹងការបង្ហាញបំណងវិនិយោគលើវិស័យមួយចំនួន ដែលក្រុមហ៊ុនបានរៀបរាប់ខាងលើ សម្តេចធិបតី បានលើកឡើងថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជានីតិកាលមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការប្តេជ្ញាចិត្តនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងរក្សាបាននូវភាពធន់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និងត្រូវបានព្យាករណ៍ថានឹងកើនឡើង ក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤។ ទន្ទឹមនោះ ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិនផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាផ្លូវលឿន និងកំពង់ផែទឹកជ្រៅ និងបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយុទ្ធសាស្រ្តប្រទេសបូក ( Plus-One Strategy)។ទាក់ទងនឹងបំណងនៃការពង្រីកការវិនិយោគបន្ថែមរបស់ខ្លួន សម្តេចធិបតី ក៏បានណែនាំ និងលើកទឹកចិត្តឲ្យប្រ ធានក្រុមជួបពិភាក្សាគ្នាបន្ថែមទៀតជាមួយក្រសួង ស្ថាប័នជំនាញរបស់កម្ពុជាដើម្បី ធ្វើយ៉ាងណាឲ្យគម្រោងទាំងនោះបានសម្រេច និងទទួលបានផលទ្ធផលល្អឆាប់ៗ៕អត្ថបទ ៖ បាន ចក់

សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ២៩៦នាក់ ទទួលបានអំណោយពី​សមាគម​កាយឫទ្ធិនារីកម្ពុជា

2024/04/06 11:20:40 am        138
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិនារី​កម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន​ក្រុមប្រឹក្សា​មូល​និធិ​ត្រី​ចក្រ​យាន​កម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយ​ជូន​សមាជិក​មូលនិធិ​ត្រីចក្រ​យាន​កម្ពុជា​ ចំនួន២៩៦នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ឯកឧត្តម ឃួង ស្រេង បាន​ថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្ត​យក​ចិត្ត​ទុក​ដាក់​ពី​សមាគម ដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ ដើម្បីជួយ​សម្រួល​ការ​លំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​នេះ។​ ឯកឧត្តមឱ្យដឹងទៀតថា ការបង្កើតសមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការ​ចូលរួម​អនុវត្ត​ប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួម​ចំណែក​គិតគូរ​អំពី​សុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យ​ទទួល​បាន​សេវា​សង្គម​កិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍ មុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បាន​មាន​ប្រសាសន៍ថា សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះ​បណ្តាល​យុវតី-យុវនារីកម្ពុជា អោយទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រា​ប់​ប្រើប្រាស់​ក្នុង​ជីវិតរស់នៅ និងអាច​បំពេញ​ការងារ​ក្នុង​សង្គម​បាន​យ៉ាង​ល្អប្រសើរ​បន្ថែម​ពី​នេះ​សមាគម ក៏មានយន្តការលើកស្ទួយ និងគាំទ្រដល់សកម្មភាព នៃសប្បុរសធម៌​សង្គម​ដទៃ​ផ្សេង​ទៀត​ផង​ដែរ។ ជាក់ស្តែងនៅដើមឆ្នាំ២០២៤នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀប​ចំ​ឡើង​នូវក​​ម្មវិធីសប្បុរសធម៌នេះ ដើម្បីចែករំលែកក្តីស្រលាញ់ដល់ សមាជិកត្រីចក្រយាននៅកម្ពុជា ក្រោម​ការ​ដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​សាលា​រាជ​ធានី​ភ្នំពេញ​។ អំណោយសម្រាប់ចែកជូនលោកអុំ លោកពូប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិក សមាគម​មូល​និធិ​ត្រី​ចក្រយានកម្ពុជាចំនួន ២៩៦ នាក់នេះ ដោយក្នុងម្នាក់ៗរួមមាន៖ អង្ករ២៥គីឡូក្រាម, មី២​កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, ភួយ-មុង-ខ្នើយកើយ១ឈុត, ក្រមា១, មួក១, អាវ​យឺត១, អាវក្រណាត់១, ខោ២, ស្បែកជើង១គូ, អាវភ្លៀង១, ដបទឹក១, ច្រាស​និង​ថ្នាំ​ដុស​ធ្មេញ​១​ឈុត, សាប៊ូដុសខ្លួន-កក់សក់១ឈុត, ថ្នាំពេទ្យ TYDA ១ឈុត, អាហារ១ កញ្ចប់ និង​ថវិកា​ចំនួន​៤០​ម៉ឺនរៀលបន្ថែមទៀត។សូមជម្រាបថា លោកតា លោកអ៊ុំ អ្នកធាក់ស៊ីក្លូទាំង២៩៦នាក់នេះ ក៏ទទួលបាន​ប្រាក់​ខែជា​រៀង​រាល់​ខែ ចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុងមួយខែពួកគាត់អាចបើកបានបីដង។ ក្រៅពី​ប្រាក់​ខែ​ក៏​មាន​បាក់​ឧបត្ថម្ភ​បុណ្យចូលឆ្នាំថ្មី៥ម៉ឺនរៀល និងភ្ជុំបិណ្ឌ៥ម៉ឺន រៀលទៀត។ គួរបញ្ជាក់​ថា​មូល​និធិ​នេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើម​កំណើតតាំង​ពី​សម័យ​អាណា​និគមនិយមបារាំង៕ អត្ថបទៈ សំ ងីម 

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វឿង ឌិញវ៉េ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

2024/04/05 07:23:52 pm        29
ភ្នំពេញ ៖ ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿង ឌិញវ៉េ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ។ក្នុងជំនួបនេះ ឯកឧត្តម វឿង ឌិញវ៉េ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ព្រមទាំងបានអបអរសាទរ និងកោតសរសើរ សម្តេចតេជោ ដែលត្រូវបានកិច្ចប្រជុំដំបូងនៃព្រឹទ្ធសភា បោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដែលជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតរបស់សម្តេច។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការនាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់កម្ពុជាក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឯកឧត្តមប្រធានរដ្ឋសភា ជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល សភា និងប្រជាជន នៃប្រទេសទាំងពីរ។សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម វឿង ឌិញវ៉េ ដែលបានផ្ញើលិខិតអបអរសាទរចំពោះសម្តេច និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះត្រចះត្រចង់ក្នុងការបោះឆ្នោតព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ ដែលជាសក្ខីភាពនៃសាមគ្គីភាព និងភាតរភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បានលើកឡើងពីចំនួនភ្ញៀវទេសចរវៀតណាមមកកាន់ប្រទេសកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានឈរនៅលំដាប់ទី១ និង ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅត្រីមាសទី១ ឆ្នាំ២០២៤ ដែល ងើបខ្ពស់បន្តិច រីឯប្រាក់ចំណូលជាតិមានកម្រិតខ្ពស់ជាងនៅឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យរាជរដ្ឋភិបាលកម្ពុជា តំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពី គោលដៅអាទិភាពចំនួនពីររបស់សម្តេចក្នុងតំណែងជាប្រធានព្រឹទ្ធសភា ព្រឹទ្ធសភា នីតិកាលទី៥ គឺ៖ ទី១-ការលើកតម្កើងការទូតសភា ដោយចូលរួមចំណែកជាមួយនឹងរដ្ឋសភា រាជរដ្ឋាភិបាល សំដៅឱ្យមានសង្គតភាពវិស័យការបរទេស ទី២-គណនេយ្យភាពចំពោះអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម វឿង ឌិញវ៉េ ដែលបានសម្តែងអំពីការជឿជាក់ និងគាំទ្រយ៉ាងមោះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍វិវត្តនៃពិភពលោក ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណៈកាន់តែស្រួចស្រាល មិនប្រាកដប្រជា ក៏ដូចជាការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការខណ្ឌសីមា ដែលនៅសេសសល់ ១៦%ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ឯកឧត្តម វឿង ឌិញវ៉េ ប្រធានរដ្ឋសភា បានអញ្ជើញ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាថ្នាក់ដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម តាមពេលវេលាសមស្របនៅក្នុងឆ្នាំ២០២៤នេះ។ សម្តេចតេជោ បានទទួលការអញ្ជើញរបស់ ឯកឧត្តម វឿង ឌិញវ៉េ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នាពេលខាងមុខ។ នៅចុងបញ្ចប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ ឯកឧត្តម វឿង ឌិញវ៉េ និងសហការី ប្រកបដោយសុខភាពល្អមាំមួន សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចបន្តទៀត។ ជាការឆ្លើយតប ឯកឧត្តម វឿង ឌិញវ៉េ ប្រធានរដ្ឋសភា បានជូនពរ សម្តេចតេជោ នូវសុខភាពល្អ និងជោគជ័យក្នុងបេសកកម្មថ្មីដ៏ឧត្តុង្គឧត្តមរបស់សម្តច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕

ព្រះមហាក្សត្រនៃកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន

2024/04/05 08:24:23 am        160
នៅព្រឹកថ្ងៃទី៥ខែមេសានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វ​ព្រះរាជ​ហឫទ័យ​ ស្តេចយាង​ចាកចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​តាម​ព្រះទីនាំង​យន្តហោះ​ពិសេស​ ទៅ​កាន់​ប្រទេសជប៉ុន ដើម្បីបំពេញព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤​នេះតទៅ។ យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចថ្វាយព្រះករុណាស្តេចយាង​ចាកចេញ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ សង្កេតឃើញវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ សម្តេចឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ រាជវង្សានុវង្ស និង ឯក​អគ្គ​រាជ​ទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ព្រះរាជ​ទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងទៅកាន់ប្រទេសជប៉ុននេះ បើតាមព្រះរាជសារ របស់​ព្រះអង្គ​ដែលឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៤ ពេលអវត្ត​មាន​របស់​ព្រះអង្គ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួល​ជួយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថា ទំនាក់ទំនងការទូតរវាងជប៉ុន និង កម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៣ មកម៉្លេះ។ ប៉ុន្តែ​ទំនាក់ទំនងនេះបានជាប់គាំងនៅអំឡុងទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ដោយ​សារ​តែ​សង្គ្រាម​ស៊ីវិល និង​របបប្រល័យពូជសាសន៍នៅកម្ពុជា។ អ្វីដែលជាការទម្រង់ទិស និងការសម្រួច​ទំនាក់ទំនង​ប្រកប​ដោយភាពវិជ្ជមានរវាងកម្ពុជា-ជប៉ុន គឺការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ក្នុង​ការ​កសាង​សន្តិភាព និងស្តារប្រទេសកម្ពុជាឡើងវិញ ក្នុងទសវត្ស៨០ និង៩០ក្នុងនោះសម្តេច​តេជោ ហ៊ុន សែន បានចូលរួម​យ៉ាង​សកម្មជាមួយ​នឹង​ការ​រឹតចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ប្រទេសកម្ពុជា និងជប៉ុន គឺជាដៃគូ ដ៏សំខាន់ក្នុងតំបន់ជាច្រើន ហើយមាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​ចេញ​ទៅ​សិក្សា ស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន និងមានប្រជាជនជប៉ុន ជាច្រើន​កំពុង​រស់​នៅ​ប្រទេសកម្ពុជា។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានគាំទ្រការចូលរួមចំណែកក្នុងតំបន់ និង​សហគមន៍​អន្តរជាតិ។ប្រជាជនកម្ពុជា និងជប៉ុន មានការគោរពស្រឡាញ់ យោគយល់គ្នាយ៉ាងខ្លាំង។ បន្ថែម​ពីនេះ កម្ពុជា និងជប៉ុន ជាប្រទេសដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិដូចគ្នា ដោយ​រដ្ឋាភិបាលជប៉ុន បានយាងព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ទៅប្រទេស​ជប៉ុន​ក្នុង​ឋានៈ​ជា​ភ្ញៀវ​រដ្ឋ​នៅឆ្នាំ១៩៥៥។ ខណៈជាង១០ឆ្នាំមុន ព្រះចៅអធិរាជជប៉ុន ទ្រង់ក៏យាង​មក​កាន់​ទឹកដី​កម្ពុជា​ គ្រួសាររាជវង្សកម្ពុជា និងរាជវង្សជប៉ុន មានទំនាក់ទំនងយ៉ាងល្អ ដែលក្លាយជា​ចំណែក​មួយ​ដ៏សំខាន់​នៃទំនាក់ទំនងទ្វេភាគី។ជាមួយនឹងទំនាក់ទំនងការទូតនេះ ប្រទេសជប៉ុន បានបញ្ជូនអ្នកជំនាញរបស់ខ្លួន មក​ជួយ​ជួស​ជុល ប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ប្រទេស​ជ​ប៉ុន បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋ-សង្គម នៅកម្ពុជា ជាក់ស្តែង មានអ្នក​វិនិយោគិនជប៉ុនជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជប៉ុន ក៏ជា​ប្រទេស​ធំមួយ ក្នុងការផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ជាក់ស្តែង​ការ​ស្ថាបនា​ស្ពាន​ជ្រោយ​ចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង ដែលជាស្ពានឆ្លងទន្លេធំៗនៅកម្ពុជា។កម្ពុជា បានគាំទ្រគោលនយោបាយរបស់ជប៉ុន រួមទាំងនៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ប្រទេស​ទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញ ទៅមកលើឆាកអន្តរជាតិហើយតាមរយៈ ព្រះរាជទស្សន​កិច្ច​របស់​ព្រះអង្គ​ទៅ​កាន់​ប្រទេស​ជប៉ុនជាថ្មី​ម្តង​ទៀត​នេះ​នឹងនាំមកនូ​វផ្លែផ្កា​នៃ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជាច្រើនវិស័យថែមទៀតសម្រាប់ប្រទេសទាំង២៕ អត្ថបទ ៖ មុត សុទ្ធ់

សម្ដេចធិបតី៖ក្រសួងមុខងារសាធារណៈដើរតួនាទីសំខាន់គាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រដ្ឋ

2024/04/04 06:03:44 pm        111
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមានការកែទម្រង់ប្រព័ន្ធគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ, ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យ អប់រំ វិស័យសុខាភិបាលជាដើម។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី ខេត្តបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ដឹ ព្រេមៀ សែនសុខ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅក្នុងក្រសួងមុខងារសាធារណៈដែលក្នុងរយៈពេល៧ខែនេះបានខិតខំ និងចូលរួមយ៉ាងសកម្មយកចិត្តទុកដាក់លើកិច្ចការងារធ្វើកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចនៅតាមបណ្ដាក្រសួង ស្ថានប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នអាចបំពេញភាកិច្ចរឹងមាំជូនជាតិ និងប្រជាជន។សូមជម្រាបថា ក្រសួងមុខងារសារណៈត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយការរួមបញ្ចូលគ្នានូវស្ថាប័នចំនួន៣ គឺរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល។ ក្រសួងមុខងារសាធារណៈមានបេសកកម្ម និងភារកិច្ចដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ មានភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ហៅកាត់ថា គ.វ.រ.។ គណៈកម្មាធិការជាតិនេះដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់កាដូឆ្នាំថ្មីដល់ប្រធានមន្ទីររាជធានីខេត្តដំឡើងកម្រិត​ស្មើប្រធាននាយកដ្ឋាន

2024/04/04 05:55:34 pm        110
ភ្នំពេញ ៖ ជាកាដូឆ្នាំថ្មីសម្រាប់មន្រ្ដីរាជការ ជាប្រធានមន្ទីរ នៃរដ្ឋបាលរាជធានី ខេត្ត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីរនៅតាមបណ្ដារាជធានី-ខេត្តទាំងអស់មានតំណែងស្មើប្រធាននាយករដ្ឋាន ខណៈកាលពីមុនស្មើត្រឹមអនុប្រធាននាយកដ្ឋានប៉ុណ្ណោះ។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី ខេត្តបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ដឹ ព្រេមៀ សែនសុខ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ ទាក់ទងទៅនឹងការងារធ្វើកំណែទម្រង់ វិមជ្ឈការ វិសហមជ្ឈការ គឺរាជរដ្ឋាភិបាលបានប្រគល់សិទ្ធិឱ្យរដ្ឋបាលរាជធានីខេត្ត ស្រុក ក្រុង ថ្នាក់ក្រោមជាតិ ដើម្បីបម្រើសេវាដល់ប្រជាពលរដ្ឋ។ សម្ដេចបញ្ជាក់ថា តួអង្គគន្លឹះក្នុងការផ្ដល់សេវាទៅដល់ប្រជាពលរដ្ឋ គឺមន្ទីរជំនាញនៅមូលដ្ឋានផ្ទាល់ដែលមានសិទ្ធិ និងធនធានគ្រប់គ្រាន់ ដូច្នេះមុខងារ និងការទទួលខុសត្រូវរបស់មន្ទីរជំនាញក៏កាន់តែកើនផងដែរ ហើយដើម្បីលើកទឹកចិត្តប្រធានមន្ទីរសម្ដេចធិបតីបានសម្រេចដំឡើងកម្រិតស្នើប្រធាននាយករដ្ឋានតែម្ដង។  សូមជម្រាបថា ការដំឡើងកម្រិតតំណែងដល់ប្រធានន្ទីរជំនាញនៅតាមបណ្ដារាជធានី-ខេត្ត សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា គឺជាការលើកទឹកចិត្ត ក៏ដូចជាកាដូឆ្នាំថ្មីឱ្យស័ក្តិសមទៅនឹងតួនាទី និងការខិតខំរបស់មន្រ្ដីជំនាញនៅថ្នាក់ក្រោមជាតិ ក្រោយពេលរាជរដ្ឋាភិបាលបានប្រតិភូអំណាច ប្រគល់ការងារទៅដល់មន្ទីរជំនាញនានានៅថ្នាក់ក្រោមជាតិកាន់តែច្រើនជាងមុន៕ អត្ថបទ៖ វ៉ន ដារ៉ា

នាយករដ្ឋមន្រ្តណែនាំឲ្យក្រសួងមុខងារសាធារណៈធ្វើការឲ្យបានម៉ត់ចត់ចំពោះការជ្រើសរើសមន្រ្តីរាជការ

2024/04/04 04:31:15 pm        81
ភ្ណំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈត្រូវធ្វើការកែទម្រង់ឲ្យបានម៉តចត់បំផុត ចំពោះការប្រឡងចូលជាមន្រ្តីរាជការនៅតាមក្រសួង-ស្ថាប័ន នីមួយៗដោយត្រូវប្រកាន់ជំហរជានិច្ចចំពោះ«អ្នកចេះគឺជាប់»។ នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់គឺជាកត្តា ចាំបាច់បំផុត ដោយត្រូវអនុវត្តជាប្រចាំ ហើយក៏ត្រូវធ្វើការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ដូចជាការប្រឡងមន្រ្តីរាជការជាដើមត្រូវតែម៉ត់ចត់ ដោយគ្មានការសូកប៉ាន់អ្វីនោះឡើយ។​នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសបន្តអនុវត្តនូវអភិក្រមទាំងប្រាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្រ្តីផងដែរ ដោយអភិក្រមទាំងប្រាំនោះគឺ«ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ខណៈអភិ ក្រមទាំងប្រាំនេះនៅតែមានតម្លៃសម្រាប់ដាស់តឿន ឲ្យមន្រ្តីគ្រប់កម្រិតពិនិត្យកែលម្អខ្លួនឲ្យសមជាមន្រ្តីបម្រើរាស្រ្តនោះ៕អត្ថបទ ៖ បាន ចក់

សម្តេចធិបតី៖អ្វីដែលរាជរដ្ឋាភិបាលចង់បានគឺសេវាសាធារណៈមួយដែលរឹងមាំក្នុងការបម្រើដល់ពលរដ្ឋ

2024/04/04 04:25:12 pm        80
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បាន ធំបំផុតនោះ គឺសេវាសាធារណៈមួយដែលមានភាពរឹងមាំ ក្នុងការបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រ ជាពលរដ្ឋគ្រប់រូប ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការបន្ដកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឲ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ហើយបំពេញការងារនៅក្នុងជីវភាពប្រព័ន្ធតួអង្គតែមួយ ដោយធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃ នៅលើការអនុវត្តគោលនយោបាយយុទ្ធសាស្ដ្រ នៅក្នុងបរិការនៃការវិវត្តន៍ ប្រែប្រួលយ៉ាងឆាប់រហ័ស នៅក្នុងសភាពការណ៍សង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេសជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា កិច្ចការខាងលើនេះ គឺក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់បំផុតក្នុងការគាំទ្រដល់ការងារបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ជាពិសេសនោះគឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការអាទិភាពបំផុតរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧នេះតែម្តង៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

៣ថ្ងៃពិធីបុណ្យអុំទូកខេត្តព្រះសីហនុមានភ្ញៀវទេសចរមកលេងកម្សាន្តជាង៣២ម៉ឺននាក់កើនឡើង ៣,០៨%
11/06/2025 06:11 PM
ឈប់សម្រាកបុណ្យអុំទូករយៈពេល៣ថ្ងៃ ខេត្តកែប​ ទទួលស្វាគមន៍ភ្ញៀវទេសចរជាង១៥ម៉ឺននាក់មកលេងកម្សាន្ត
11/06/2025 06:11 PM
ឯកឧត្តម គីម វីរៈ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅប្រទេសចិន
11/06/2025 05:11 PM
ពលរដ្ឋនៅភ្នំពេញ និងមកពីបណ្តាខេត្តជាច្រើន ចូលមកលេងកម្សាន្តនៅរមណីយដ្ឋានប្រវតិ្តសាស្រ្តវត្តភ្នំ
11/06/2025 05:11 PM
ក្រុមហេសបូឡា បញ្ជាក់ថា លីបង់ត្រូវគោរពតាមបទឈប់បាញ់ ហើយបដិសេធមិនចរចាជាមួយអ៊ីស្រាអែល
11/06/2025 04:11 PM
អតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកកំពង់ស្វាយ ខេត្ត​កំពង់​ធំ​ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត
11/06/2025 04:11 PM
បារាំងអំពាវនាវឲ្យ EU ស៊ើបអង្កេត Shein និងចាត់វិធានការលើក្រុមហ៊ុនលក់រាយនេះ
11/06/2025 04:11 PM
ប្រមុខអង្គការណាតូ ប្រាប់ឧស្សាហកម្មឲ្យ «បង្កើនកិច្ចប្រឹងប្រែងបន្ថែម» ខណៈព្រមានថា រុស្ស៊ីជា «ការគំរាមកំហែងរយៈពេលវែង»
11/06/2025 04:11 PM
ជើងហោះហើរជាង៥០ ត្រូវបានរំខាន ខណៈព្យុះទីហ្វុង Kalmaegi ប៉ះពាល់ដល់អាកាសយានដ្ឋាន៨ ក្នុងប្រទេសវៀតណាម
11/06/2025 04:11 PM
ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅខេត្តពោធិ៍សាត់មានពលរដ្ឋទស្សនាយ៉ាងច្រើនកុះករ
11/06/2025 03:11 PM