សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

ព្រះមហាក្សត្រ៖ ការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំង​សម្រាប់​រៀបចំ​សន្និសីទ ISC មានអត្ថន័យពិសេសខ្លាំងណាស់

2026/08/27 12:00:15 pm        17
តាមរយៈព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងក្នុងឱកាសបើក​សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅ​ថ្ងៃ​ទី២៧ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា សន្និសីទត្រូវបានរៀបចំឡើងក្រោមមូលបទ សាមគ្គី​ភាព​ដើម្បី​សន្តិភាពនិងវិបុលភាពរួម៖ ពង្រឹង ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ដែល​ជាប្រធានបទប្រកបដោយអត្ថន័យ និងសមស្របនឹងកាលៈទេសៈបច្ចុប្បន្ន។នៅ​ពេល​ដែល​ពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះ​ប្រដាប់អាវុធ ការបាត់បង់ទំនុកចិត្តគ្នាទៅវិញទៅមក និងបញ្ហា ប្រឈមផ្នែក​សន្តិសុខ​ទាំង​បែប​ប្រពៃណី និងមិនមែន ប្រពៃណី ប្រធានបទនេះបានបង្ហាញយ៉ាងច្បាស់ អំពី​ភាព​ចាំ​បាច់​ជា​បន្ទាន់​ក្នុង​ការពង្រឹងកិច្ចសន្ទនា ការអត់ធ្មត់ កិច្ចសហប្រតិបត្តិការ និងការប្រកាន់ ខ្ជាប់នូវ​នីតិ​អន្តរជាតិ​។ ព្រះរាជសាររបស់ព្រះមហាក្សត្របានបន្តថា ការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទនេះ មានអត្ថន័យ ពិសេសខ្លាំងណាស់។ កម្ពុជាស្ថិតនៅចំណុចប្រសព្វនៃអរិយធម៌, វប្បធម៌, និងប្រជាជន។ ឆ្លងកាត់ប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជា ជាទឹកដីនៃការផ្លាស់ប្តូរ ការប្រាស្រ័យទាក់ទងជាមួយគ្នា និងកិច្ចសហប្រតិបត្តិការ។រាជធានីភ្នំពេញ ដែលគេស្គាល់ថាជាទីក្រុងចតុម្មុខ ជាទីប្រសព្វនៃទន្លេបួន ពិតជាផ្តល់នូវ និមិត្តរូបដ៏សក្តិសម សម្រាប់ការជួបជុំថ្ងៃនេះ។ នៅទីនេះ ខ្សែទឹកផ្សេងៗហូរមកជួបប្រសព្វគ្នា ដោយ ទន្លេនីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណ និងលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែរួមគ្នាហូរឆ្ពោះទៅ កាន់ទិសដៅរួមតែមួយ។ និមិត្តរូបនេះបានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីស្មារតីនៃសន្និសីទដែល ប្រមូលផ្តុំថ្នាក់ដឹកនាំសភាមកពីតំបន់ វប្បធម៌ នឹងប្រព័ន្ធនយោបាយចម្រុះ ដើម្បីពង្រឹងការយោគយល់ គ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកដល់ផល ប្រយោជន៍រួម និងអនាគតប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។ប្រវត្តិសាស្ត្ររបស់កម្ពុជាបានផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ និងពិសេសចំពោះការពិភាក្សានៃ សន្និសីទនេះ។ ប្រជាជាតិយើងខ្ញុំ ធ្លាប់ស្គាល់ទាំងភាពរុងរឿងដ៏ត្រចះត្រចង់នៃអរិយធម៌អង្គរ សោកនាដកម្មនៃសង្គ្រាម និងការបែកបាក់ ព្រមទាំងដំណើរដ៏វែងឆ្ងាយនៃការស្តារ និងកសាងជាតិ ឡើងវិញ។ ដោយបានឆ្លងកាត់ទុក្ខលំបាក និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាយល់យ៉ាងជ្រាល ជ្រៅអំពីតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ការផ្សះផ្សាជាតិ និងការរួមរស់ដោយសុខដុមរមនា។តាមរយៈការផ្សះផ្សាជាតិ, កិច្ចសន្ទនាប្រកបដោយបរិយាបន្ន, និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជា ទទួលបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាព, និងការអភិវឌ្ឍ។ បទពិសោធនេះ រំលឹកយើងថា សន្តិភាព មិនកើតឡើងដោយឯកឯងទេ។ សន្តិភាពត្រូវកសាងដោយភាពក្លាហាន នយោបាយ ការជឿជាក់ ការផ្សះផ្សា, កិច្ចសន្ទនា, និងការគោរពនីតិរដ្ឋ។សន្តិភាពដែលកម្ពុជាសម្រេចបានក្រោយការតស៊ូ និងការលះបង់ដ៏ធំធេង បានបើកផ្លូវឱ្យ ប្រទេសរបស់យើងខ្ញុំ ដើរតួនាទីកាន់តែសកម្មក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សន្តិភាពនេះបានអនុញ្ញាតឱ្យកម្ពុ ជាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយអាស៊ាន អនុតំបន់មេគង្គ និងសហគមន៍អន្តរជាតិ ព្រមទាំង ពង្រីកការរួមចំណែករបស់ខ្លួនតាមរយៈការទូតសភា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិ សកម្មភាពមនុស្សធម៌ ការជំរុញកិច្ចសន្ទនាអន្តរជាតិ និងកិច្ចការបោសសម្អាតមីន ដើម្បីជា ប្រយោជន៍ដល់សន្តិភាព និងសន្តិសុខរួមរបស់មនុស្សជាតិ។ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ក្នុងការឆ្លងកាត់សង្គ្រាម ការផ្សះផ្សាជាតិ និងការស្តារ និង កសាងប្រទេសឡើងវិញ កម្ពុជាបានប្រែក្លាយមេរៀនដ៏ឈឺចាប់ពីអតីតកាលទៅជាការរួមចំណែកដ៏មាន អត្ថន័យក្នុងការលើកកម្ពស់ សន្តិភាព និងកិច្ចការមនុស្សធម៌នៅលើឆាកអន្តរជាតិ។ ដោយត្រូវបាន សហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសឈានមុខមួយក្នុងវិស័យសកម្មភាពបោសសម្អាតមីន និងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម កម្ពុជាបានចែករំលែកចំណេះដឹង ជំនាញ និង បទពិសោធន៍របស់ខ្លួនជាមួយបណ្តាប្រទេសដែលកំពុង់ងើបចេញពីជម្លោះ ដោយរួមចំណែកសង្គ្រោះ អាយុជីវិត ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស ស្តារសហគមន៍ឱ្យមានសុវត្ថិភាពឡើងវិញ និងបង្កើត មូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕ អត្ថបទ៖ វង្ស សុភាព

ព្រះមហាក្សត្រ៖ ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភា លើកទី២ គឺជា​មោទនភាព​ដ៏ធំធេង​សម្រាប់​​ប្រជាជាតិកម្ពុជា និងរួមចំណែកដ៏មានអត្ថន័យក្នុង​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរសភា

2026/08/27 11:51:29 am        17
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណា​ច​ក្រកម្ពុជា ជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភាលើកទី២ ដែល​កម្ពុជា​​​ធ្វើជា​ម្ចាស់ផ្ទះនាពេលនេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់​ប្រជាជាតិកម្ពុជា និង​រួម​ចំណែក​ដ៏​មានអត្ថន័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា។ ព្រះករុណា ព្រះមហាក្សត្យ មានព្រះរាជបន្ទូលបែបនេះ តាមរយៈព្រះរាជសារ ក្នុង​ឱកាស​បើក​សន្និសីទ​ប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និង​វិបុល​ភាព​រួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» រាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា​ មានជំនឿជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះ សន្និសីទ​ប្រធានសភា អន្តរសភាលើកទី២ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ហើយ​ក៏​ជាការរួមចំណែកដ៏មាន អត្ថន័យក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរសភា ក្នុ​ង​គ្រា​ដែល​ពិភពលោកកំពុងប្រឈមមុខនឹង ភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម កាន់តែ​ស្មុគ​ស្មាញ​។ ព្រះអង្គមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពី ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនា និងការទូតសភា ដោយ​បន្ត​ពង្រឹងលើភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះដែលកម្ពុជាទទួលបាន ក្នុង សម័យ​ប្រជុំ​ពេញ​អ​ង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព កាលពីឆ្នាំ២០២៤។ ព្រះករុណា ព្រះមហាក្សត្រ មានសង្ឃឹមយ៉ាងមុតមាំថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី ២​នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការពង្រឹងសាមគ្គីភាពសភា និង​អះអាង​ជា​ថ្មីនូវការប្តេជ្ញាចិត្តរួមរបស់យើង ដើម្បីសន្តិភាព, ការយោគយល់គ្នាទៅវិញទៅមក, ការផ្សះផ្សា, និងការជឿជាក់ រវាងប្រជាជាតិនិងប្រជាជាតិ។ សូមឱ្យសន្និសីទនេះ ក្លាយជាប្រភពនៃជំនឿជាថ្មីលើការសន្ទនា ពង្រឹង ឆន្ទៈរួមរបស់យើងក្នុងការលើកតម្កើង និងគោរពច្បាប់អន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាព យុត្តិធម៌ និងវិបុលភាពប្រកបដោយ ចីរភាព។ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា៖«សូមឱ្យយើងរួមគ្នាប្រែក្លាយសាមគ្គីភាព ជាសកម្មភាពជាក់ស្តែង និងផ្លាស់ប្តូរបំណងប្រាថ្នារួម របស់យើង ឱ្យទៅជាការរីកចម្រើនស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់នេះ និង ជំនាន់ក្រោយៗទៀត»។ ព្រះអង្គបានបានបន្ថែមថា សន្តិភាព និងវិបុលភាព មិនអាចចែកដាច់ពីគ្នាបានទេ។ សន្តិភាព មិនអាចគង់វង្សទេ បើការអភិវឌ្ឍត្រូវបានគេបដិសេធ។ ការអភិវឌ្ឍមិនអាចរីកចម្រើនបាននៅក្នុងស្ថានភាពជម្លោះ។ ហើយទាំង សន្តិភាព និងការអភិវឌ្ឍ មិនអាចរក្សាបានទេ បើគ្មានការជឿជាក់ យុត្តិធម៌ និងនីតិរដ្ឋ។ក្នុងហេតុផលនេះ សាមគ្គីភាពបណ្តាប្រជាជាតិ មិនអាចផ្អែកលើសុឆន្ទៈតែមួយមុខបានឡើយ។ សាមគ្គីភាពនេះ ត្រូវតែឈរលើមូលដ្ឋាននៃការទទួលខុសត្រូវរួម, ការគោរពគ្នាទៅវិញទៅមក, សន្តិ សហវិជ្ជមាន, និងប្រកាន់ ខ្ជាប់ច្បាប់អន្តរជាតិ។ សាមគ្គីភាពបែបនេះនឹងក្លាយជាមានន័យនៅពេល ដែលមានការស្តែងចេញតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង, បំណងល្អ, និងការប្តេជ្ញាប្រកបដោយ ស្មោះត្រង់ ក្នុងការដោះស្រាយនូវភាពខុសគ្នា ដោយសន្តិវិធី។ ព្រះករុណាព្រះមហាក្សត្រមានបន្ទូលបន្តថា សភាមានតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យនេះឱ្យក្លាយជាការពិត។ តាមរយៈការ តាក់តែងច្បាប់ ការត្រួតពិនិត្យ ការបំពេញតួនាទីជាតំណាងរបស់ប្រជាពលរដ្ឋ និងការទូតសភា សភា បានរួមចំណែកពង្រឹងនីតិរដ្ឋ លើកកម្ពស់គណនេយ្យភាព បង្ការជម្លោះ និងកសាងទំនុកចិត្តរវាងប្រជាជន និងប្រជាជាតិ។ ក្នុងពិភពលោកដែលមានការបែងចែក និងស្មុគស្មាញកាន់តែខ្លាំង កិច្ចសន្ទនាសភា នៅតែជាឧបករណ៍ដែលមិនអាចខ្វះបាន ក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមក ការលើកទឹក ចិត្តដល់ការសម្រុះសម្រួល, និងការលើកកម្ពស់ដំណោះស្រាយដោយ សន្តិវិធី ដោយផ្អែកលើច្បាប់ អន្តរជាតិ។ ព្រះអង្គបន្តថា ការពង្រឹងច្បាប់អន្តរជាតិ គឺស្ថិតនៅចំកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងនេះ។ ច្បាប់អន្តរជាតិ ផ្តល់នូវ ក្របខ័ណ្ឌរួម ដែលតាមរយៈនេះ រដ្ឋនានា ទាំងធំទាំងតូច អាចរួមរស់ជាមួយគ្នាប្រកបដោយភាពថ្លៃថ្នូរ, សមភាព, និងសុវត្ថិភាព។ ការការពារអធិបតេយ្យ ការលើកកម្ពស់ភាពត្រឹមត្រូវ, និងការអត់ធ្មត់ក្នុងការ ប្រើអំណាចដោយមិនត្រឹមត្រូវ, នឹងផ្តល់នូវសន្តិវិធីសម្រាប់ការដោះស្រាយជម្លោះ។ ការដោះស្រាយ ជម្លោះដោយសន្តិវិធី មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាការបង្ហាញនូវប្រាជ្ញា ការទទួលខុស ត្រូវ, និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិ។ តាមរយៈសន្និសីទនេះ ព្រះករុណាព្រះមហាក្សត្រខ្មែរ​មានជំនឿជឿជាក់ថា “សេចក្តីប្រកាសទី ក្រុងភ្នំពេញ” នឹងត្រូវអនុម័តដោយជោគជ័យ ព្រោះវាជាការរួមចំណែកប្រកបដោយអត្ថន័យ ចំពោះសហគមន៍អន្តរសភា និងសហគមន៍អន្តរជាតិដ៏ទូលំទូលាយ និងសូមឱ្យសេចក្តីប្រកាសទីក្រុងភ្នំពេញនេះឈរជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមចំពោះយុត្តិធម៌, សិទ្ធិមនុស្ស, ការអភិវឌ្ឍប្រកបដោយចីរភាព, ការកសាងសន្តិភាព, ការផ្សះផ្សា, ការដោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការឈរ លើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បើក​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា​លើក​ទី២​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ

2026/08/27 11:27:24 am        35
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd Inter-Parliamentary Speakers' Conference - ISC-2) បានអញ្ជើញជាអធិបតីភា​ព​ដ៏ខ្ពង់​ខ្ពស់​បើក​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរសភាលើកទី២ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ (GDT) រាជធានី ភ្នំពេញ។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរ​សភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីប្រទេសនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិម​បូព៌ា ​អូសេអានី និងអាម៉េរិកឡាទីន។ សន្និសីទ​ប្រធា​នសភានៃអន្តរសភាលើកទី២ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និង​វិបុល​ភាព​រួម​៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃ​ទី​២៨​ ខែសីហា ឆ្នាំ២០២៦។ ពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ រួមមាន : ព្រះរាជសារ​រប​ស់ព្រះ​ករុណា​ព្រះបា​ទស​ម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សុន្ទរកថា​ស្វាគមន៍ដោយ ឯកឧត្តម ឯក ណាត ដាកាល អគ្គលេខាធិការ ISC , បទ​បង្ហាញ​ជា​វីដេអូ ​- ប្រវត្តិ ISC។ សុន្ទរកថាឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC និង​ជាប្រ​ធានព្រឹទ្ធសភាប៉ាគីស្ថាន។ សារអបអរសាទររបស់ឯកឧត្តម បាន គីមូន អតីត​អគ្គ​លេខាធិការ​នៃអង្គការសហប្រជាជាតិ។ សុន្ទរកថាគន្លឹះរបស់ សម្តេចមហាបវរធិបតី នាយក​រដ្ឋ​មន្ត្រី​។ សុន្ទរកថាបើករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ គឺជាការជួបជុំគ្នាដ៏ធំជាប្រវត្តិសាស្ត្រ ដោយ​មាន​ប្រធាន​សភា​ជាច្រើនប្រទេសចូលរួម ទាំងក្នុងតំបន់និងអន្តរជាតិ ព្រមទាំងមាន​វត្ត​មាន​អង្គ​ការអ​ន្តរជាតិ​សំខាន់ៗជាច្រើនទៀតផងដែរ។ នេះជាវេទិកាដ៏សំខាន់នៅក្នុងការស្តារទំនុកចិត្ត និង​លើក​កម្ពស់​សន្តិភាពសម្រាប់មនុស្សជាតិទូទាំងសកលលោក ឱ្យរស់នៅប្រកប​ដោយ​សុខ​ដុមរម​នា​ជា​មួយ​គ្នា។​ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព ការ​លើកកម្ពស់ការគោរពច្បាប់ និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន។ ការ​ទទួលបានកិត្តិយស ក្នុងឋានៈជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើក​ទី​២នេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុង​ការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តាមរយៈយន្តការអន្តរសភា និង​សាមគ្គី​ភាព​រវាងសភា នៃបណ្តាប្រទេស និងអង្គការអន្តរសភាទាំងអស់ពីគ្រប់តំបន់ ដែលការណ៍នេះ ក៏​នឹង​រួមចំណែកដល់ ការសម្រេចបាននូវបំណងប្រាថ្នាជាសកលដើម្បីសន្តិភាព និងវិបុលភាពរួម ព្រម​ជា​មួយនឹងការពង្រឹង ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី៕ អត្ថបទ : វង្ស សុភាព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.)

2026/08/26 08:07:53 pm        27
​ទីតាំងទី១នៃស.វ.ស.៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងអង្គភាពប្រឆាំងអំពើពុករលួយនិងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ១២ រូប។គណៈគ្រប់គ្រង មន្រ្តីរាជការ និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែចំណាយពេលវេលាដ៏មានតម្លៃចូលរួមផ្តល់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់និងគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការប្រឡងជ្រើសរើសនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យប្រព្រឹត្តទៅដោយរលូន យុត្តិធម៌និងមានតម្លាភាពបំផុត។

ព្រះករុណាព្រះហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យអនុញ្ញាតដល់ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលក្រាបបង្គំទូលថ្វាយអំពីគម្រោង និងវឌ្ឍនភាពការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

2026/08/26 05:18:22 pm        27
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី នៅមហាប្រាសាទខេមរិន្ទ នៃព្រះបរមរាជវាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឫទ័យដ៏ថ្លៃថ្លៃជាទីបំផុត ព្រះរាជទានព្រះបរមរាជានុញ្ញាតដល់ ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីចូលក្រាបបង្គំទូលថ្វាយអំពីគម្រោងនិងវឌ្ឍនភាពការងារនៃការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត។ នាឱកាសដ៏ថ្លៃថ្លានេះ ព្រះករុណាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឫទ័យគាំទ្រដល់ការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិទុកជាកេរមរតកដ៏វិសេសវិសាលឧត្តុង្គឧត្តមថ្លៃថ្នូរបំផុត ព្រមទាំងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បន្តជួយគាំទ្រចំពោះសកម្មភាពយុវជន សុខភាពយុវជន ការអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីធានាបាននូវ សណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសូមចូលរួមជួយថែរក្សា ការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់ របស់ខ្មែរ ឱ្យនៅគង់វង្សឋិតថេររុងរឿងជានិរន្តរ៍។

កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា នៅខេត្តព្រះវិហារ

2026/08/26 11:24:38 am        38
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ។ ដូច្នេះការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើឱ្យមានភាពស្របច្បាប់តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយ។ ដំណើរទស្សនកិច្ចនេះគឺស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដូចដែល បានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាង ឥណ្ឌូចិន និងសៀម និងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងច្បាស់នូវសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹងតាមបណ្តោយព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ទាំងផែនទីដែលគូស ដោយឯកតោភាគី ឬដំណើរទស្សនកិច្ចណាមួយដែលផ្អែកលើផែនទីបែបនេះ មិនអាចផ្លាស់ប្តូរខ្សែព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិបានឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ ដំណើរទស្សនកិច្ចខាងលើនេះមិនប៉ះពាល់ដល់សិទ្ធិ ស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបាន កងកម្លាំងប្រដាប់អាវុធថៃ កាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុន ដើម្បីបន្ទូបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកសម្រួលដល់ការដោះស្រាជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាង ទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថាខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងនោះឡើយ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម

2026/08/25 04:41:19 pm        214
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត (ថ្មី) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

2026/08/24 07:42:54 pm        653
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម Andrey RUDENKO ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ។សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺជាផ្នែកនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីឲ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។ សម្ដេចបានរំលេចថា ឆ្នាំនេះទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីបានឈានមកដល់ខួប៧០ឆ្នាំហើយ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវាងប្រទេសទាំងពីរ។នៅក្នុងឱកាសនោះ ឯកឧត្តម Andrey RUDENKO បានសរសើរចំពោះសម្ដេចតេជោ និងបានលើកឡើងថា សម្ដេចតេជោគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់ ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។បន្ថែមពីលើនោះ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោ ពីការពង្រឹងនូវពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើង។សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអនុរដ្ឋមន្ត្រីជុំវិញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ សម្ដេចបានស្វាគមន៍បន្ថែមទៀតចំពោះការពិភាក្សារវាងឯកឧត្តមជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្ដោតទៅលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលសម្ដេចបានចាត់ទុកថា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ គឺជាចំណុចស្នូរបន្ថែមទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ បន្ថែមពីលើនេះ សម្ដេចតេជោក៏បានរំលេចអំពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីជាពិសេសគឺតួនាទីរបស់សម្ដេចផ្ទាល់ដែលបានពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ីតាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើនលើក និងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ីជាច្រើនកន្លងមក។សម្ដេចក៏បានអរគុណចំពោះរដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។ជាមួយគ្នានេះឯកឧត្តម Andrey RUDENKO ក៏បានលើកឡើងពីការរង់ចាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ ឯកឧត្តមបានលើកឡើងថា ថ្នាក់ដឹកនាំរបស់រុស្ស៊ី ឯកឧត្តម វ្លាឌីមៀ ពូទីន កំពុងតែរង់ចាំវត្តមានរបស់សម្ដេចតេជោក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដែលឆាប់ៗខាងមុខនេះ។ជាការឆ្លើយតប សម្ដេចតេជោក៏បានលើកឡើងថា នៅពេលនេះ សម្ដេចកំពុងតែពិនិត្យមើលពីកាលបរិច្ឆេទ ដើម្បីកំណត់នូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលខាងមុខហើយសម្ដេចក៏សូមបញ្ជាក់ផងដែរថាកម្ពុជាក៏ត្រៀមទទួលដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួមផងដែរ ដែលឯកឧត្តមដែលគ្រោងនឹងអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់ឯកឧត្តម និងប្រតិភូទាំងអស់ ឲ្យបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ៕

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត

2026/08/24 06:49:23 pm        577
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីប្ដេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក្នុងអាណត្តិការទូតរបស់ខ្លួន។ ជាមួយគ្នានេះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតី អំពីបេសកកម្មការទូតស្នូលចំនួនពីរ ដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការទ្វេភាគី​ ឱ្យកាន់តែរឹងមាំ រួមមាន៖ ទី១) ការជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត និង ទី២) ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន ដោយឯកឧត្តមបានគូសបញ្ជាក់ពីគម្រោង​របស់​គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតដែលនឹង​មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និង​​ វិនិយោគ។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តមនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ឱ្យកាន់តែរីកចម្រើនទ្វេដង។ ទន្ទឹមនឹងនោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក ដែលក្នុងនោះក៏មានអារ៉ាប៊ីសាអូឌីតផងដែរ។ សម្ដេចធិបតីបានបន្ថែមថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាមានជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិទៀតផង។មុននឹងបញ្ចប់, សម្តេចធិបតី និង ឯកឧត្តមឯកអគ្គរាជទូតក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ទេសចរណ៍, កសិកម្ម, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូតបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងរកឱកាសថ្មីៗបន្ថែមទៀតក្នុងការបោះជំហានរួមគ្នានាពេលអនាគត៕

កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/08/24 05:23:10 pm        226
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឯកឧត្តមក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងទ្វេភាគី រួមទាំងការរួមចំណែកគាំទ្រពីអតីតសហភាពសូវៀត និងបច្ចុប្បន្នសហព័ន្ធរុស្ស៊ី ក្នុងការស្តារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះ។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយម​ថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជម្នះរាល់បញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត​។ ឯកឧត្តមជឿជាក់ថា ទំនាក់ទំនង​រុស្ស៊ី-កម្ពុជា នឹង​បន្ត​រីកចម្រើនថែមទៀតដែល​ ប្រទេស​ទាំងពីរត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យសក្តានុពលជាច្រើនទៀត ​ឱ្យកាន់តែស៊ីជម្រៅ​។ ឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការបន្តផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣​ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលនឹងបន្តជំរុញទំនាក់ទំនងកិច្ចប្រតិបត្តិការឱ្យកាន់តែរីកចម្រើន។ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ សហព័ន្ធរុស្ស៊ី ក៏ដូចជាអតីតសហភាពសូវៀត​ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការ​រួម​ចំណែក​ដល់ការស្តារ និងកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងបានគូសបញ្ជាក់ពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរយោបល់គ្នាក្នុងការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ទេសចរណ៍, កសិកម្ម, សន្តិសុខ និងការពារជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM