សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

អ៊ីស្រាអែលចោទក្រុមហាម៉ាសថា កំពុងប្រើប្រាស់មន្ទីរពេទ្យនៅតំបន់ហ្កាហ្សា ដើម្បីធ្វើទារុណកម្មពលរដ្ឋប៉ាឡេស្ទីន

2026/08/21 02:56:27 pm        62
អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ក្រុមហាម៉ាសថា កំពុងប្រើប្រាស់មន្ទីរពេទ្យមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាកន្លែងធ្វើទារុណកម្មពលរដ្ឋប៉ាឡេស្ទីន ដើម្បីទប់ស្កាត់ការបាត់បង់ការគាំទ្រចំពោះក្រុមភេរវកម្មនៅក្នុងតំបន់នេះ ខណៈដែលវឌ្ឍនភាពលើផែនការរំសាយអាវុធដែលគាំទ្រដោយសហរដ្ឋអាមេរិក បានបន្តជាប់គាំង។ ផែនការនេះ កំណត់ឲ្យក្រុមហាម៉ាសប្រគល់អាវុធរបស់ខ្លួន ជាថ្នូរនឹងការដែលអ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញពីតំបន់ហ្កាហ្សាជាបណ្តើរៗ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបដិសេធផែនការនេះ រហូតទាល់តែក្រុមហាម៉ាសរំសាយអាវុធទាំងស្រុង ហើយកាលពីថ្ងៃព្រហស្បតិ៍ លោកក៏បានបដិសេធថា លោកមិនបានអនុម័តឲ្យកងកម្លាំងរក្សាសន្តិភាពអន្តរជាតិចូលទៅក្នុងតំបន់ហ្កាហ្សានោះទេ។ ក្រុមហាម៉ាសបាននិយាយថា ខ្លួនទទួលយកផែនការនេះ។ ប៉ុន្តែសេចក្តីថ្លែងការណ៍រួមរបស់កងទ័ពការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខ Shin Bet កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា ក្រុមនេះនៅតែព្យាយាម ដើម្បីបន្តការគ្រប់គ្រងនៅក្នុងតំបន់ហ្កាហ្សា ដោយសារការគាំទ្រចំពោះខ្លួននៅទីនោះ កំពុងធ្លាក់ចុះ ហើយកំពុងបង្កើនការបំភ័យ និងគំរាមកំហែងជនជាតិប៉ាឡេស្ទីន។ កងទ័ពការពារអ៊ីស្រាអែលបាននិយាយថា៖ «ក្រុមហាម៉ាសកំពុងបង្កើនសកម្មភាពរបស់ស្ថាប័នសន្តិសុខរបស់ខ្លួន និងព្យាយាមដាក់ការគ្រប់គ្រងរបស់ខ្លួនតាមរយៈការបំភិតបំភ័យ ការសួរចម្លើយ និងការធ្វើទារុណកម្មលើប្រជាជនប៉ាឡេស្ទីន»៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៦ខ្នង ជូន​ក្រុម​គ្រួសារ​វីរកងទ័ពពលី

2026/08/20 02:10:16 pm        526
កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​មកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងខេត្តកំពង់ស្ពឺ ។ ក្នុងឱកាសជជែកសំណេះសំណាលសួរសុខទុក្ខ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។បន្ថែមពីនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ។ សូមបញ្ជាក់ផងដែរថា ជាការគិតគូរដល់ស្ថានភាពរស់នៅរបស់វីរកងទ័ពរួមទាំងក្រុមគ្រួសារ សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការណែនាំនិងផ្តល់ជូននូវមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សារហូតដល់ចប់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុល រហូតដល់ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសារថែមទៀតផង។ រីឯវីរកងទ័ព វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថដែលបានចូលសមរភូមិប្រយុទ្ធការពារទឹកដី ក៏ដូចជាកំពុងឈរជើងនៅជួរមុខ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់មេដាយពិសេស ដំឡើងឋានន្តរស័ក្តិ ជាពិសេសគឺលើកលែងទាំងស្រុងនូវសេវាពន្ធប្រថាប់ត្រាលើការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ដើម្បីជាការលើកទឹកចិត្ត និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ៕

សម្ដេចធិបតី ឧបត្ថម្ភថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែដល់សាលាដូង និងផ្អាកការអនុវត្តការរុះរើ

2026/08/19 10:41:09 am        700
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបញ្ជាឱ្យផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឲ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស ហើយបានឧបត្ថមថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចធិបតីបានថ្លែងថា កាលពីថ្ងៃទី១៨ ខែសីហានេះ សម្ដេចបានឆ្លៀតពេលជួបជាមួយលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ក្នុងឱកាសនោះ សម្ដេច បានបង្ហាញការចាប់អារម្មណ៍ពីសកម្មភាពរបស់លោក វណ្ណដេ ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។ សម្ដេចថ្លែងថា ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង សម្ដេច បានកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ សម្ដេចបានបញ្ជាក់ថា ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតិឲ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹង និងបំណិនដល់ក្មួយៗជាង ១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។ ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ សម្ដេចបាន៖ ១. ចេញបទបញ្ជាឲ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឲ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ ២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយឲ្យបានសមស្រប និងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ និង៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ៕

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ

2026/08/18 06:40:44 pm        421
នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព។ក្នុង​ឱកាស​នោះ, លោក​ប្រធានក្រុមប្រឹក្សាភិបាល​បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងផ្តល់​ការ​គាំទ្រ និង​សម្របសម្រួល ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ ប្រព្រឹត្ត​ទៅ​ដោយរលូន​។ លោក​ប្រធានក្រុមប្រឹក្សាភិបាល​ក៏បាន​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​សមិទ្ធផល និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដោយបាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង​ Chevrolet នៅកម្ពុជា ហើយ​ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើ​ការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ​ នៅប្រទេសកម្ពុជា​ ដោយរោងចក្របង្គុំ​ និងដំឡេីងរថយន្តនេះ បានសាងសង់រួចរាល់​ និងបាន​ចាប់ផ្តេីមដំណេីរការបឋម​ នាពេលថ្មីៗនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀត​ថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្ត​ដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយ នាឆ្នាំ២០២៦នេះ​។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសារទរចំពោះវឌ្ឍនភាពនៃប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន និងជឿជាក់ថា ក្រុមហ៊ុននឹងបន្តរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន​ ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផលដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ។ បន្ថែមលើនេះ, សម្ដេចធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាសវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង។ ជាទីបញ្ចប់, សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕

សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ

2026/08/16 03:42:15 pm        2682
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ បានបង្ហោះ​រូបភាព​ជាច្រើនសន្លឹក​ដែល​បង្ហាញ​ពីជំនួប​របស់សម្ដេចជាមួយនឹង​ឯកឧត្តម កឹម សុខា រួមនឹងភរិយា និងកូនស្រី​ផងដែរ​។ សម្ដេចសរសើរថា​ក្មួយស្រី កឹម មនោវិទ្យា ​ពិត​ជា​ធន​ធាន​មនុស្ស​ដ៏​ល្អ​សម្រាប់​ជាតិ។តាមរយៈបណ្ដាញសង្គម​នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន​ បានបញ្ជាក់ថា ប៉ុន្មានសប្តាហ៍មុនឯកឧត្តម កឹម សុខា បាន​មក​ជួបសម្ដេច​​​នៅ​ផ្ទះមុន​ពេល​គាត់​ទៅ​សួរ​សុខ​ទុក្ខកងទ័ព និងជនភៀសសឹក ហើយ​ថ្ងៃនេះរួមជាមួយ​លោកជំទាវ និង​កូន​ស្រី​ ឯកឧត្តម ​កឹម សុខា មក​សួរសុខទុក្ខសម្ដេចម្តងទៀត។សម្ដេចតេជោបន្តថា សម្ដេច និងលោក កឹម សុខា ជក់និយាយគ្នារហូត៣ម៉ោង (ម៉ោង៩ ដល់១២) ដោយ​និយាយ​ច្រើន​ជាមួយក្មួយស្រី កឹម មនោវិទ្យា។សម្ដេចតេជោ​ថ្លែងសរសើរថា ​ក្មួយស្រី កឹម មនោវិទ្យា ​ពិត​ជា​ធន​ធាន​មនុស្ស​ដ៏​ល្អ​សម្រាប់​ជាតិ។សូមជំរាបផងដែរថា កាលពីថ្ងៃសុក្រកន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​ ក៏មានជំនួបមួយដែរ​ជាមួយ​នឹង​លោកស្រី កឹម មនោវិទ្យា។ សម្ដេចធិបតីបញ្ជាក់ថា ជំនួប​នោះ​​​គឺជជែក​​លើកិច្ច​ការមួយចំនួនដែល​​​ក្នុងនាម​ជាអ្នក​នយោយ​បាយ​​ជំនាន់​ថ្មីដូចគ្នា គឺ​អាចរួម​សហការគ្នាធ្វើ ​ដើម្បីឧត្ដម​ប្រយោជន៍ជាតិ​៕​

សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ

2026/08/14 04:55:03 pm        1297
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចបានណែនាំរួចហើយក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាទៅកាន់បណ្ដាមន្រ្ដីគណបក្សនៅមូលដ្ឋានឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប ហើយសម្ដេចក៏លើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំឱ្យបាន៥០ភាគរយ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍បែបនេះក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទរជាមួយរាជរដ្ឋាភិបាលចំពោះការបង្កើនចំនួនស្រ្ដីនៅក្នុងតួនាទីនៃរាជការស៊ីវិល ខណៈគិតត្រឹមឆ្នាំ២០២៥ អត្រាមន្រ្ដីរាជការជាស្រ្ដីមានចំនួន ៤២ភាគរយ នៃមន្រ្ដីរាជការស៊ីវិលសរុប។ ប៉ុន្ដែជាមួយគ្នានេះសម្ដេចក៏បានបញ្ជូនការណែនាំរបស់គណបក្សប្រជាជន ទៅគណបក្សនៅតាមមូលដ្ឋានរួចហើយ ក្នុងនោះមានការរៀបចំបេក្ខជន គឺកំណត់ឱ្យមានស្រ្ដីជាបេក្ខភាពជាប់ឆ្នោត។ សម្ដេចបន្តថា សម្ដេចបានសួរខេត្តខ្លះថាមានស្រ្ដីគ្រប់ជាបេក្ខភាព ប៉ុន្ដែមានគ្រប់នៅតែក្នុងបញ្ជីបោះឆ្នោត ប៉ុន្ដែមិនដាក់នៅលេខរៀងជាប់ឆ្នោតជាក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក។ សម្ដេចបញ្ជាក់ថា ឥឡូវនេះគោលការណ៍ជារួម គឺត្រូវធ្វើម៉េចក្នុងមួយឃុំយ៉ាងហោចឱ្យមានស្រ្ដីម្នាក់ជាប់ឆ្នោត។ ជាមួយគ្នានេះពាក់ព័ន្ធនឹងស្មៀនឃុំ សម្ដេចតេជោ បញ្ជាក់ថា បច្ចុប្បន្នចំនួនស្ត្រីជាស្មៀងឃុំ នៅមានចំនួនតិចតួចនៅឡើយដែលទាមទារឱ្យមានការគិតគូរបន្ថែម និងបើកឱកាសដល់ស្ត្រីចូលរួមជាសរសៃឈាមសម្រាប់ជាតិ។ សម្ដេចតេជោ បានណែនាំដល់គណបក្សទាំងអស់ត្រូវផ្ដល់ឱកាសដល់ស្ត្រីឈរឈ្មោះជាបេក្ខជនឱ្យបានច្រើនហើយស្ត្រីទាំងអស់ដែលបានឈរឈ្មោះ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងអាចបម្រើប្រជាជនបាន។ដើម្បីលើកទឹកចិត្តដល់ស្ត្រី សម្ដេចតេជោ ហ៊ុន សែន នឹងដាក់ចេញគោលដៅឆ្នាំ២០៥០ កម្ពុជានឹងមានស្ត្រីជាស្មៀនឃុំ ៥០% និងផ្ដល់ឱកាសឱ្យប្រឡងនៅឃុំដែលខ្លួនរស់នៅ ជាពិសេសស្ត្រីដែលមកពីតំបន់ជនជាតិដើមភាគតិច៕

សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

2026/08/14 04:36:44 pm        253
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង អប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់លើការសាងសង់អន្តេវាសិកាដ្ឋាន ឬកន្លែងស្នាក់ នៅសម្រាប់សិស្សជាស្ត្រីទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញលើកទឹកចិត្តបែបនេះ តាមរយៈការផ្ដល់អនុសាសន៍ក្នុងឱកាស អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។សម្តេចតេជោថ្លែងថា កន្លែងស្នាក់នៅរបស់និស្សិតជាស្ត្រី ដែលសម្តេចសាងសង់នៅរាជធានីភ្នំពេញ បានសាងសង់ជិតរួចរាល់ហើយ។ កន្លែងស្នាក់នៅអាចឱ្យនិស្សិតស្នាក់នៅរហូតដល់ទៅ ៥០០នាក់។ សម្តេចតេជោ បន្តថា កម្ពុជា បានដើរចេញឆ្ងាយហើយពីស្ថានភាពអតីតកាលដែលមិនអនុញ្ញាតឱ្យស្ត្រីរៀនបានច្រើន។ ដូច្នេះពេលនេះ ត្រូវយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី ដើម្បីអាបន្តការសិក្សាបានខ្ពង់ខ្ពស់ និងមានលទ្ធភាព និងសមត្ថភាពអាចចូលរួមធ្វើការងារ និងដឹកនាំនៅក្នុងសង្គមជាតិ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងឡាយ ដែលពេលកន្លងទៅ បានបង្កភាពងាយស្រួលសម្រាប់សិស្សទាំងបុរស និងស្ត្រីមកពីតាមជនបទ មកស្នាក់នៅជាពិសេសក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ ជឿជាក់ថា អត្រាប្រលងជាប់បាក់ឌុបនៅឆ្នាំ២០២៦នេះ សិស្សជាស្ត្រីនឹងមានអត្រាខ្ពស់ជាងបុរស ហើយកំណើនសិស្សជាស្រ្ដីមកស្នាក់នៅរាជធានីភ្នំពេញក៏មានកំណើនផងដែរ។សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន តាំងតែពីនៅដឹកនាំជានាយករដ្ឋមន្រ្ដី រហូតមកទល់ពេលនេះជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិត និងសិស្សជាស្ត្រី ដើម្បីជំរុញសមភាពយេនឌ័រ និងផ្តល់ឱកាសឱ្យស្ត្រីបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ កន្លងទៅសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ដីផ្ទាល់ខ្លួនទំហំ ២ហិកតា នៅខណ្ឌជ្រោយចង្វារ (អតីតស្ថានីយទូរទស្សន៍បាយ័ន) ដែលមានតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីដែលមកទល់ពេលនេះជិតរួចរាល់ហើយ។ អគារនេះមានកម្ពស់ ៤ជាន់ ស្មើនឹង ១២៦បន្ទប់, អាចទទួលនិស្សិតស្រីក្រីក្រមកពីបណ្តាខេត្តឱ្យស្នាក់នៅបានប្រមាណ ៥០០នាក់៕

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តពង្រឹងសិទ្ធិអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ

2026/08/14 04:29:47 pm        210
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងសិទ្ធិអំណាចដល់ស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងក្នុងគ្រួសារ និងក្នុងសង្គមជាតិ ខណៈកំណើនស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចនឹងជួយទៅដល់ការអភិវឌ្ឍសង្គមជាតិ និងនយោបាយរបស់ប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញលើកទឹកចិត្តបែបនេះ តាមរយៈការផ្ដល់អនុសាសន៍ក្នុងឱកាស អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះសម្ដេចតេជោ ផ្ញើសារទៅបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាច តួនាទីស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ការណ៍នេះ សំខាន់ខ្លាំងណាស់ ពីព្រោះបើយើងពង្រឹងអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចបាន យើងក៏អាចពង្រឹងអំណាចស្រ្ដីក្នុងវិស័យនយោបាយបានដែរ។ បើអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចមិនត្រូវបានលើកកម្ពស់ទេ អំណាចស្រ្ដីនៅក្នុងគ្រួសារ និងក្នុងសង្គមក៏មិនត្រូវបានលើកកម្ពស់ដែរ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បុរសៗចាយលុយអត់ដឹងអស់ទេ ប៉ុន្ដែស្រ្ដីទៅវិញទេ ដែលគាត់ដឹងថា ត្រូវចំណាយទៅលើកូនសិក្សា លើគ្រួសារប៉ុណ្ណានោះ ប៉ុន្ដែងយើងមិនសំដៅលើបុរសទាំងអស់នោះទេ។ សម្ដេចតេជោ បញ្ជាក់ថា បើគ្រួសារនីមួយៗអាចពង្រឹងអំណាចស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចបាន នោះការពង្រឹងសមភាពយេនឌ័រនៅក្នុងសង្គមក៏បានល្អប្រសើរដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បន្តជំរុញឱ្យពង្រឹងសមត្ថភាពរបស់ស្ដ្រី ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់ស្រ្ដីបន្ថែមទាំងនៅតាមស្ថាប័ន និងគ្រួសារផងដែរ ខណៈសម្ដេចបង្ហាញមោទនភាពដែលស្រ្ដីដែលកំពុងសិក្សាមានចំនួន ៥៤ភាគរយនៃប្រជាជនកម្ពុជាក្នុងវ័យសិក្សា។ សូមជម្រាបថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់សិទ្ធិអំណាចដល់ស្រ្ដី ត្រូវបានអនុវត្តជាបន្តបន្ទាប់យ៉ាងម៉ឺងម៉ាត់ ចាប់តាំងពីអាណត្តិមុនៗ (តាមរយៈផែនការយុទ្ធសាស្ត្រនារីរតនៈ) រហូតមកដល់អាណត្តិទី៧នេះ ដែលត្រូវបានបញ្ចូលជាស្នូលនៅក្នុង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្ត្រីជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» ដោយបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនសិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យគន្លឹះចំនួន៤ គឺ៖ សេដ្ឋកិច្ច ការអប់រំ សុខាភិបាល និងការដឹកនាំសាធារណៈ៕

សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

2026/08/12 06:44:59 pm        292
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់របស់ខេត្តស្ទឹងត្រែង ដែលបានសហការគ្នាជិតស្និទ្ធ ក្នុងការបំពេញការងារ និងជំរុញការអភិវឌ្ឍខេត្តស្ទឹងត្រែងយ៉ាងឆាប់រហ័ស។ ព្រមជាមួយគ្នានោះ, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិប្រកបដោយស្ថិរភាព, សន្តិសុខ និងបរិស្ថានល្អ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងមាតាបិតាដែលបានខិតខំប្រឹងប្រែង និងជ្រោមជ្រែងកូនៗក្នុងដំណើរការនៃការសិក្សា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព, វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានឈរជើងការពារទឹកដីនៅតាមព្រំដែន, ចូលរួមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, គាំទ្រការបោះបង្គោលព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្មដែលបានខិតខំកសាងផ្លូវក្រវាត់ព្រំដែន។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការបង្កើតទីធ្លា និងសួនសាធារណៈនានា គឺធ្វើឡើងក្នុងគោលបំណងចម្បងដើម្បីបម្រើដល់សុខុមាលភាព និងផាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានជាអាទិភាព មុននឹងឈានទៅទាក់ទាញភ្ញៀវទេសចរពីខាងក្រៅ។ សម្រាប់ទិសដៅអភិវឌ្ឍន៍ភូមិភាគឦសាន រួមមាន៖ ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ឬ «កម្មវិធី​ SPIN» លើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលប្រើប្រាស់វិធានការគាំទ្រ និងជំរុញការវិនិយោគចំនួន៣៖ ទី១. វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២. ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ, និង ទី៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, កម្មវិធី SPINនេះ ទទួលបានគម្រោងស្នើសុំវិនិយោគសរុបចំនួន ៧២ គម្រោង ដែលមានទុនវិនិយោគជិត ២,៧ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានជិត ៨​៣០០០ កន្លែង។ ដោយឡែក, ក្នុងក្របខណ្ឌទូទាំងប្រទេស, ដោយគិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ (៧ខែ ដើមឆ្នាំ២០២៦), កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ២១៤ គម្រោង គិតជាទឹកប្រាក់ជិត ៤ ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ ១៤០​ ០០០កន្លែង ដែលបញ្ជាក់ថា កម្ពុជានៅតែមានភាពទាក់ទាញការវិនិយោគខ្ពស់ តាមរយៈគោលនយោបាយច្បាស់លាស់ និងសក្តានុពលប្រកួតប្រជែង។ ជាមួយគ្នានេះ, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលបច្ចុប្បន្នការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៩៥% ដែលក្នុងនោះ ខេត្តមណ្ឌលគិរីបានបញ្ចប់១០០%, ខណៈខេត្តរតនគិរីបានឈូសឆាយដល់គោលដៅរួចរាល់ ប៉ុន្តែបន្តកែសម្រួល និងបន្តសាងសង់សំណង់សិល្បការ និងស្ពាន។ ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង ឱ្យបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសឆ្លងដែន និងការរត់ពន្ធគ្រឿងញៀនឆ្លងដែន ដោយមិនត្រូវពាក់ព័ន្ធនឹង «សេដ្ឋកិច្ចពណ៌ខ្មៅ» ជាដាច់ខាត ក្រោមអនុសាសន៍ថា «កុំដើរជាន់ភក់ កុំយកភក់មកដាក់ជាប់ខ្លួន» និងត្រូវខិតខំបង្កើតសេដ្ឋកិច្ចពណ៌ស ទោះបីដើរយឺតបន្តិចក៏ដោយ។ជាចុងក្រោយ, សម្ដេចធិបតីបានរំលឹកពីគោលការណ៍ស្នូលក្នុងការបម្រើរាស្ត្រ ដោយបានផ្តាំផ្ញើដល់អភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទិសស្លោក «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ» ដោយមិនត្រូវគិតថា «តើក្នុងតួនាទីនេះ ខ្ញុំទទួលបានអ្វីខ្លះ» នោះឡើយ ប៉ុន្តែត្រូវគិតថា «តើខ្ញុំបានកសាងស្នាដៃ និងសមិទ្ធផលអ្វីខ្លះបន្សល់ទុកជូនជាតិ និងប្រជាជន»។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកប្រជាជនជាគោល ហើយសម្រាប់សម្ដេចធិបតី កាតព្វកិច្ចចម្បងរបស់រាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋម្នាក់ៗមាន ៣ យ៉ាងគឺ៖ ទី (១) ធានាសុខភាព, ទី (២) ធានាឱ្យមានចំណេះដឹង និងបំណិន, និងទី (៣) ធានាជីវភាពរស់នៅឱ្យបានល្អប្រសើរ តាមរយៈការបង្កើតការងារ៕

សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»

2026/08/10 03:29:39 pm        775
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បាន​ចែករំលែក ​អត្ថបទរបស់ ​អ្នកស្រាវជ្រាវថៃដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ សម្ដេច​តេជោបានថ្លែងថា​ ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ សម្ដេច​តេជោបន្តថា ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោកនោះទេ សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖ «មនុស្សធម៌ខ្វះការអាណិតអាសូរ» ផ្សាយលើគណនី Facebook : ประชาไท Prachatai.com: ថ្ងៃទី១០ ខែសីហា ២០២៦ ភាពច្របូកច្របល់រវាងគោលការណ៍ «មនុស្សធម៌» និង «អធិបតេយ្យភាព» បានធ្វើឱ្យក្រសួងការបរទេសថៃរុញជម្លោះជាមួយកម្ពុជាចូលទៅកាន់វេទិកាអន្តរជាតិម្តងទៀត ដោយបានចេញថ្លែងការណ៍ឆ្លើយតបទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ការឆ្លើយតបនេះបានប្រើប្រាស់ខ្លឹមសារ និងព័ត៌មានដែលមិនស៊ីសង្វាក់គ្នា និងមិនសមហេតុផល រហូតបង្កជាការបារម្ភថា «អាចក្លាយជាចំណុចខ្សោយចោទជា បញ្ហាដល់ជំហរការទូត និងកិច្ចការអន្តរជាតិរបស់ថៃខ្លួនឯង» ដូចខាងក្រោម៖ ការអះអាងរបស់ថៃ៖ ចំពោះករណីដែលអ្នករាយការណ៍ពិសេសអះអាងថា មានជនភៀសខ្លួនកម្ពុជា (Internally Displaced Persons: IDPs) ចំនួន 650,000 នាក់នោះ ភាគីថៃសូមធ្វើការបកស្រាយថា ចំនួនដែលបានលើកឡើងនោះ តាមការពិតមួយផ្នែកគឺជាប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ដែលថៃ ធ្លាប់បានបើកជាមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្នកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលជាការផ្តល់ជំនួយមនុស្សធម៌ពីភាគីថៃ។ ទោះជាយ៉ាងណា បន្ទាប់ពីស្ថានភាពបានធូរស្រាល ក្រុមបុគ្គលទាំងនោះមិនបានចាកចេញពីតំបន់នោះឡើយ ទោះបីជាភាគីថៃបានធ្វើការតវ៉ាទៅកាន់ភាគីកម្ពុជា ជាច្រើនលើកច្រើនសារក៏ដោយ។ ដូច្នេះពួកគេត្រូវបានចាត់ទុកថា ជាបុគ្គលដែលបានឈ្លានពានទឹកដីថៃ និងមិនរាប់បញ្ចូលក្នុងនិយមន័យនៃជនភៀសខ្លួនក្នុងស្រុក (IDPs) ឡើយ។ ចំណុចខ្សោយទី១៖ ជនភៀសខ្លួនក្នុងស្រុក (IDPs) តាមនិយមន័យរបស់អង្គការសហប្រជាជាតិ សំដៅលើ «បុគ្គលឬក្រុមមនុស្សដែលត្រូវបានបង្ខំ ឬចាំបាច់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង ឬទីលំនៅធម្មតារបស់ខ្លួន ដើម្បីចៀសវាងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ អំពើហិង្សារាលដាល ការរំលោភសិទ្ធិមនុស្ស ឬគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយដែលកើតចេញពីមនុស្ស ដោយបុគ្គលទាំងនោះមិនបានឆ្លងកាត់ព្រំដែននៃរដ្ឋដែលទទួលស្គាល់ជាអន្តរជាតិនោះឡើយ»។ ការដែលហេតុការណ៍ប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនរវាងទាហានថៃ និងកម្ពុជា បានបណ្តាលឱ្យប្រជាជនកម្ពុជាជាច្រើន (មិនថាក្នុងចំនួនប៉ុន្មានក៏ដោយ) ត្រូវភៀសខ្លួនចូលកាន់តែជ្រៅទៅក្នុងដែនដីកម្ពុជានោះគឺត្រឹមត្រូវតាមនិយមន័យទាំងស្រុង ដោយមិនចាំបាច់ឱ្យភាគីថៃលើកយកមកធ្វើជាប្រធានបទតស៊ូមតិ ឬប្រកែកជំទាស់នោះឡើយ។ ចំណុចខ្សោយទី២៖ អាជ្ញាធរថៃមិនបានធ្វើបញ្ជីជំរឿនប្រជាជនកម្ពុជានៅក្នុងតំបន់ទាំងនោះទាល់តែសោះ ដោយមិនអាចបញ្ជាក់បានច្បាស់លាស់ថា តើនរណា ភេទអ្វី អាយុប៉ុន្មាន និងមានចំនួនប៉ុន្មានប្រាកដ ដែលបានរស់នៅក្នុងតំបន់ដែលថៃអះអាងថា ធ្លាប់ជាមជ្ឈមណ្ឌលជ្រកកោនតាំងពីសម័យសង្គ្រាមស៊ីវិល រហូតមកដល់បច្ចុប្បន្ននោះឡើយ។ ការប្រើប្រាស់ពាក្យថា «មួយផ្នែក» គ្រាន់តែជាការសន្និដ្ឋានទាញចេញពីហេតុការណ៍ប្រវត្តិសាស្ត្រ ដែលតាមការពិតគ្មានទំនាក់ទំនងចាំបាច់អ្វីជាមួយហេតុការណ៍ប៉ះទង្គិច តាមបណ្ដោយព្រំដែនដែលទើបតែកើតឡើងនាពេលថ្មីៗនេះនោះទេ។ ចំណុចខ្សោយទី៣៖ ការអះអាងថា តំបន់ទាំងនោះ (តំបន់ជោគជ័យ-ណងចាន និងព្រៃចាន់-ណងយ៉ាកែវ) ជាដែនដីរបស់ថៃ គឺជាការអះអាងតែខាងភាគីថៃតែម្នាក់ឯងប៉ុណ្ណោះ។ អង្គហេតុជាក់ស្តែងគឺទាំងភាគីថៃ និងកម្ពុជា នៅតែមានទស្សនៈមិនត្រូវគ្នាស្តីពីទីតាំងបង្គោលព្រំដែនលេខ 42, 43, 46 និង 47 ដោយកំពុងរង់ចាំការបញ្ជាក់ខាង បច្ចេកទេសពីគណៈកម្មាធិការព្រំដែនរួម (JBC) នៅឡើយ។ ដូច្នេះវាមិនអាចរាប់បញ្ចូលថាជា «ដែនដីនៃរដ្ឋដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ» បាននោះឡើយ។ ចំណុចខ្សោយទី៤៖ សហគមន៍ជោគជ័យ និងព្រៃចាន់ ឬភូមិណងចាន និងណងយ៉ាកែវ តាមការយល់ឃើញរបស់ភាគីថៃ ត្រូវបានកាត់ផ្តាច់ដោយខ្សែព្រំដែនដែលភាគី ទាំង២អះអាងថា ត្រួតស៊ីគ្នានៅឡើយ។ នៅពេលពិនិត្យមើលស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាជននៅតំបន់នោះឃើញថា ប្រជាជនភាគច្រើនរស់នៅក្នុងដែនដីដែលហួសពីខ្សែព្រំដែន ដែលថៃទាមទារទៅទៀត។ ដូច្នេះការសន្និដ្ឋានជារួមថា ពួកគេរស់នៅក្នុងមជ្ឈមណ្ឌលជ្រកកោនដោយមិនព្រមចាកចេញ គឺជាការអះអាងដែលលើសពីការពិត។ ការអះអាងរបស់ថៃ៖ ថៃយល់ឃើញថា ប្រធានបទស្តីពីសិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិវិញ (right of return) មិនគួររបង្កើតឡើងដើម្បីប្រើប្រាស់ជាឧបករណ៍ ស្វែងរកផលប្រយោជន៍នយោបាយ ឬដើម្បីការផ្សព្វផ្សាយបែបឃោសនា ជារឿងសំខាន់ជាងការគិតគូរដល់គោលការណ៍មនុស្សធម៌ពិតប្រាកដនោះឡើយ។ ចំណុចខ្សោយ៖ ការតស៊ូមតិនេះស្តាប់ទៅហាក់ដូចជា មានហេតុផលខ្លាំងណាស់ ប៉ុន្តែខ្វះទម្ងន់ ព្រោះថៃខ្លួនឯងក៏បានធ្វើទង្វើបែបនោះដែរ ដោយការយករឿងអធិបតេយ្យភាព និងបូរណភាពទឹកដីមកធ្វើជាប្រធានបទ រហូតក្លាយជាការជិះជាន់លើរឿងមនុស្សធម៌ដែលថៃអះអាងថា ប្រកាន់ខ្ជាប់នោះទៅវិញ។ គោលការណ៍សំខាន់របស់អង្គការសហប្រជាជាតិគឺ «សិទ្ធិមនុស្ស/មនុស្សធម៌គ្មានព្រំដែន» នោះទេ។ សិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិ សំដៅលើទីកន្លែងដែលធ្លាប់រស់នៅ កើត ឬធំធាត់ឡើង ប៉ុន្តែមិនចាំបាច់ទាមទារឱ្យមានកម្មសិទ្ធិ ឬជាពលរដ្ឋនៃរដ្ឋនោះជានិច្ចនោះទេ។ មនុស្សជាច្រើននៅលើពិភពលោកនេះ កើតមកដោយមិនដឹងខ្លួនឯងថា ជាពលរដ្ឋនៃរដ្ឋណាមួយឡើយ (ជនអនាថាក្រៅស្រុក/stateless) ប៉ុន្តែពួកគេនៅតែមានសិទ្ធិរស់នៅលើពិភពលោកនេះ ឬវិលត្រឡប់ទៅកាន់ទីកន្លែងដែលពួកគេធ្លាប់ស្គាល់។ រដ្ឋដែលអះអាងថាគោរពគោលការណ៍មនុស្សធម៌ត្រូវតែគោរព និងអនុញ្ញាតឱ្យពួកគេរស់នៅទីនោះ។ លើសពីនេះ តាមការពិត រដ្ឋថៃក៏ធ្លាប់អាស្រ័យលើគោលការណ៍មនុស្សធម៌ អនុញ្ញាតឱ្យពួកគេរស់នៅបានអស់ជាច្រើនទសវត្សរ៍មកហើយ។ ដូច្នេះ គ្មានហេតុផលអ្វីដែលត្រូវបណ្ដេញពួកគេចេញនៅពេលនេះឡើយ។ រឿងដែលសំខាន់បំផុតគឺជារឿងដែលត្រូវបែងចែកឱ្យបានច្បាស់លាស់ថា «អធិបតេយ្យភាពគឺជាប្រធានបទរវាងរដ្ឋនិងរដ្ឋ»។ការដែលប្រទេសថៃអនុញ្ញាតឱ្យបុគ្គលណាម្នាក់ រស់នៅលើដែនដីដែលបានឈ្មោះថានៅក្រោមអធិបតេយ្យភាពថៃ ក៏មិនបានបង្កឱ្យបាត់បង់អធិបតេយ្យភាព ឬបូរណភាពដែនដីទៅឱ្យរដ្ឋផ្សេងទៀតឡើយ។ ករណីនេះក៏ដូចគ្នាប្រទេសថៃឱ្យប្រជាជនកម្ពុជាមួយចំនួនរស់នៅលើដែនដីដែលជឿថា ស្ថិតនៅក្រោមអធិបតេយ្យភាពថៃអស់រយៈពេលជាយូរ ក៏មិនបានធ្វើឱ្យកម្ពុជាក្នុងនាមជារដ្ឋមួយ អាចមកទាមទារអធិបតេយ្យភាពលើដែនដីនោះបានដែរ ហើយក៏មិនអាចប្រើប្រាស់គោលការណ៍នៃការកាន់កាប់ផ្ទុយក្រោម ច្បាប់ស៊ីវិលថៃ ដើម្បីទាមទារសិទ្ធិរបស់ខ្លួនបានដែរ។ ការអះអាងរបស់ថៃ៖ ចំពោះករណីពលករកម្ពុជាដែលធ្វើដំណើរចេញពីប្រទេសថៃ ដែលអ្នករាយការណ៍ពិសេសអះអាងថាមានចំនួន 900,000 នាក់នោះ ភាគីថៃសូមធ្វើការបកស្រាយថា ពលករកម្ពុជាដែលធ្វើដំណើរត្រឡប់ទៅប្រទេសវិញបន្ទាប់ពីកើតមានជម្លោះនៅតំបន់ព្រំដែនថៃ-កម្ពុជា រួមមានទាំងអ្នកដែលមានច្បាប់ អនុញ្ញាតធ្វើការត្រឹមត្រូវ និងអ្នកដែលលួចចូលមកធ្វើការដោយខុសច្បាប់។ ហើយពលករទាំងនោះបានធ្វើដំណើរត្រឡប់ទៅកម្ពុជាដោយស្ម័គ្រចិត្ត បន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃបានផ្តល់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ថា តែងតែយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលករកម្ពុជាទាំងអស់នៅក្នុងប្រទេសថៃ ហើយមិនដែលប្រកាន់យកគោលនយោបាយបណ្តេញពលករកម្ពុជាចេញពីប្រទេសនោះឡើយ។ ចំណុចខ្សោយ៖ ប្រទេសថៃបានបិទច្រកព្រំដែនតាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយទើបតែបានប្រកាសពីការពន្យារពេលក្នុងការបន្តលិខិត អនុញ្ញាតការងារសម្រាប់ពលករ កម្ពុជាជិត 100,000 នាក់កាលពីខែធ្នូ ឆ្នាំ២០២៥ ដែលជាហេតុធ្វើឱ្យពលករទាំងនោះមិនអាចត្រឡប់មកធ្វើការនៅក្នុង ប្រទេសថៃវិញបាន។ ទោះបីជាមិនមានគោល នយោបាយដេញពួកគេត្រឡប់ទៅវិញដូចការអះអាងក៏ដោយ ប៉ុន្តែទង្វើនេះមិនបានបង្កើតបរិយាកាសអំណោយផលដល់ការដែលពួកគេអាចធ្វើការនៅក្នុងប្រទេសថៃ បានទៀតនោះទេ។ សេចក្តីសន្និដ្ឋាន៖ ទោះបីជាការចេញថ្លែងការណ៍ឆ្លើយតបទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលបានបំពេញភារកិច្ចតាមវិសាលភាព មុខងាររបស់ខ្លួនគឺជាសិទ្ធិរបស់រដ្ឋាភិបាលថៃដែលអាចធ្វើបានក៏ដោយ ប៉ុន្តែវាក៏មិនបានផ្តល់ប្រយោជន៍អ្វីនោះដែរ។ លើសពីនេះការជ្រើសរើសផ្តល់ព័ត៌មានមិន គ្រប់ជ្រុងជ្រោយ ឬការកាត់យករឿងរ៉ាវយកមកនិយាយត្រឹមតែមួយផ្នែក ដូចដែលក្រសួងការបរទេសថៃបានប្រព្រឹត្តនោះ មើលទៅហាក់បីដូចជាការកាត់បន្ថយភាព គួរឱ្យទុកចិត្តខាងការទូត និងកិច្ចការអន្តរជាតិរបស់ប្រទេសថៃខ្លួនឯងទៅវិញទេ។ អត្ថបទ៖ ដោយលោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន https://www.facebook.com/Prachatai/posts/1506923698148599

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM