សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

2026/08/09 06:31:37 pm        791
នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជី តាជី និងគណៈកម្មកាវត្តចំនួន១៣០នាក់ នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ ដែលពិធីនេះបានប្រារព្ធរួមគ្នានៅវត្ត ឃីងសីហនុបារមី ហៅវត្តភ្នំខុស ក្នុងស្រុកក្រគរ។ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណាបានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់បុព្វការីជនដែលបានចែក និងដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវក៏បានចែកនូវកាតាបសិស្សដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខ និងចំណីអាហារដល់សិស្សានុសិស្សចំនួន ១២០នាក់។ ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖១-អង្ករ១តោន២-មី៣០កេសតូច៣-ត្រីងៀត១០គីឡូក្រាម៤-ត្រខ១កេស មាន១០យួ ៥-សាច់ក្រក១០គីឡូក្រាម៦-សាច់ផាត់១០គីឡូក្រាម៧-ទឹកដោះគោខាប់២កេស៨-កាហ្វេ៥កញ្ចប់ធំ៩-តែ២គីឡូក្រាម១០-ស្ករស១បេ១១-អំបិល១បេ១២-ទឹកត្រី៥យួរ១៣-ទឹកស៊ីអ៊ីវ៥យួរ១៤-ទឹកម្ទេស៥យួរ១៥-ទឹកសៀង៥យួរ១៦-សាប៊ូដុំ១០០ដុំតូច១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត១៨-ប្រេងកូឡា១០០ដប ១៩-ប្រេងខ្យល់១០០ដប២០-ថ្នាំពេទ្យ២០ប្រអប់២១-ស្លាដក់១០២ ២២-សាប៊ូម្ស៉ៅ១០កញ្ចប់២៣-ទៀនព្រះវស្សាចំនួន២គូ ២៤-ថវិកា២លានរៀលកញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់២-ថ្នាំដុសធ្មេញ ១ទីប ៣-ច្រាសដុសធ្មេញ១៤-ប្រេងកូឡា ១ដបតូច ៥-ប្រេងខ្យល់មួយ ១ដបតូច ៦-សាប៊ូដុសខ្លួន ១ដុំតូច៧-សាប៊ូកក់សក់ ១២កញ្ចប់ ៨-សាប៊ូបោកខោអាវ ១កញ្ចប់ ៩-ក្រណាត់ស ១ដុំ ១០-ក្រមា១១១-កន្សែងធំ១១២-ភួយ១១៣-កាហ្វេ ១កញ្ចប់ធំ១៤-នំធុង ១ធុង១៥-ស្ករស ១គីឡូក្រាម ១៦-តែ១កញ្ចប់ ១៧-ទឹកដោះគោខាប់២កំប៉ុង១៨-ស្បែកជើងផ្ទាត់១គូ១៩-ថវិកា ៥ម៉ឺនរៀល។ បន្ទាប់ពីចប់ពិធីនៅវត្តភ្នំខុស ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារក៏បានបន្តដំណើរអញ្ជើញមកកាន់វត្ត លាំង ត្រាច ក្នុងឃុំស្វាយស ស្រុកក្រគរ នៃខេត្តពោធិ៍សាត់នេះជាបន្តទៀត ដើម្បីពិនិត្យមើលស្ថានភាព នៃទីអារាមនេះ ក្នុងបរិយាកាសរីករាយ៕

គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

2026/08/07 06:43:35 pm        611
នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង(CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) ដែលមានចំនួនប្រមាណជា ២០ក្រុមហ៊ុន ដែលដឹកនាំដោយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធាន CGCC និងជាប្រធាន GBA Alliance ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ គណៈប្រតិភូCGCC និង GBA Alliance បានសម្ដែងនូវចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងបានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំចំពោះឱកាសការវិនិយោគនៅកម្ពុជា។ គណៈប្រតិភូ បានជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចធុរកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យសក្ដានុពលសំខាន់ៗជាច្រើននៅកម្ពុជា ដែលរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត,ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce), ថាមពល, ការដឹកជញ្ជូននិងឡូជីស្ទីក, អាកាសចរណ៍, កសិកម្ម, អប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុខាភិបាល។ជាការឆ្លើយតប សម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ សម្តេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិន, ការកែទម្រង់ស្ថាប័ន, ការធ្វើសាមញ្ញកម្មនីតិវិធីនានា ព្រមទាំងការផ្តល់ការលើកចិត្តផ្នែកពន្ធដារ លើវិស័យសក្តានុពលមួយចំនួន សំដៅធានាភាពរីកចម្រើន និងជោគជ័យរបស់វិនិយោគិននៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតីបានបន្តថា រាជរដ្ឋាភិបាលប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែកឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការតភ្ជាប់ផ្លូវអាកាសជាមួយអន្តរជាតិ​ សំដៅកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូន។ ទន្ទឹមនឹងនេះ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការវិនិយោគនៅកម្ពុជាគឺជាឱកាសក្នុងការបោះជំហានឈានចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលទៅកាន់តំបន់ និងពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពធន់, ភាពប្រកួតប្រជែង, និងសុខសុវត្ថិភាព។ជាទីបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូCGCC និង GBA Alliance ឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងឧ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីចាប់យកឱកាសក្នុងការវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

2026/08/06 08:47:59 pm        729
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះអត្ថបទមួយនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបង្ហាញចំណាប់អារម្មណ៍ចំពោះការវិភាគរបស់ លោក សុរៈឆាត បំរុងសុខ (Surachart Bamrungsuk) ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ អត្ថបទដែលសម្តេចតេជោ ហ៊ុន សែន បានចែករំលែកនោះ មានចំណងជើងថា «ស្វាដោះសំណាញ់!» ខាងក្រោមជាខ្លឹមសារទាំងស្រុង៖ថ្ងៃនេះជាថ្មីម្តងទៀត ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក សុរៈឆាត បំរុងសុខ (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»។ ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោកនោះទេ សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖«ស្វាដោះសំណាញ់!» | លោក សុរៈឆាត បំរុងសុខMATI CHON weekly: ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ខ្ញុំមិនប្រាកដទេថា ទីបញ្ចប់ទៅបញ្ហាជម្លោះរវាងថៃ និងកម្ពុជាដែលកាន់តែមានភាពស្មុគស្មាញឡើងឥតឈប់ឈរ នឹងត្រូវបានដោះស្រាយដោយរបៀបណា។ ផ្នែកមួយនៃភាពស្មុគស្មាញនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការដែលភាគីទាំងពីរប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីធ្វើ «សង្គ្រាមពាក្យសម្តី» ឬអាចហៅថា «សង្គ្រាមតាមប្រព័ន្ធផ្សព្វផ្សាយ»។ បើនិយាយតាមភាសាសាមញ្ញ គឺជាការឆ្លើយតប និងជជែកដេញដោលគ្នាទៅវិញទៅមកដោយមិនចេះចប់។ប្រសិនបើមានចំណុចវិជ្ជមានខ្លះ នោះគឺយ៉ាងហោចណាស់ សង្គ្រាមពាក្យសម្តីនេះ មិនទាន់បានពង្រីកជម្លោះឱ្យក្លាយទៅជា «សង្គ្រាមនៅតាមព្រំដែន» ហើយក៏មិនទាន់បណ្ដាលឱ្យមានការបាត់បង់អាយុជីវិត និងការខូចខាតដូចនៅលើសមរភូមិពិតប្រាកដ ដែលធ្លាប់កើតមានការប្រយុទ្ធទ្រង់ទ្រាយធំពីរលើកក្នុងឆ្នាំ ២០២៥ នោះដែរ។នៅពេលនេះ គ្មាននរណាម្នាក់ចង់ឃើញសង្គ្រាម និងការបាត់បង់បន្ថែមទៀតកើតឡើងនៅក្នុងឆ្នាំ ២០២៦ ឡើយ។ អ្វីដែលសំខាន់ទៀតនោះ គឺប្រាក់សំណង និងថវិកាជំនួយពីរដ្ឋសម្រាប់អ្នករងផលប៉ះពាល់ ក៏នៅមិនទាន់បានបើកផ្ដល់គ្រប់ចំនួននៅឡើយដែរ!ប្រសិនបើពិចារណាពី «សង្គ្រាមពាក្យសម្តី» នៅលើ «សមរភូមិប្រព័ន្ធផ្សព្វផ្សាយ» របស់រដ្ឋាភិបាលថៃនាពេលនេះ គេឃើញថា អ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺជំហររបស់តំណាងរដ្ឋាភិបាលថៃ។ ជាពិសេស ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ បានរងការចោទសួរយ៉ាងច្រើន ទាំងក្នុងន័យគោលការណ៍ និងភាពត្រឹមត្រូវនៃព័ត៌មានដែលបានបង្ហាញ។ដោយសារតែ ការស្វែងរកជោគជ័យនៅលើវេទិកាអន្តរជាតិ ទាមទារឱ្យរដ្ឋាភិបាលថៃផ្អែកលើហេតុផល និងភស្តុតាងឱ្យបានច្រើនជាជាងការលើកឡើងនូវអ្វីដែល ក្រុមជាតិនិយមជ្រុលនិយមចង់ឮ។ ប៉ុន្តែ តាមការពិត ហាក់ដូចជារដ្ឋាភិបាលថៃផ្តល់អាទិភាពដល់នយោបាយក្នុងស្រុកជាចម្បង រហូតធ្វើឱ្យមានការរិះគន់ថា ការដោះស្រាយបញ្ហានេះប្រៀបបាននឹង «ស្វាដោះសំណាញ់» ។ការដោះស្រាយបញ្ហាអន្តរជាតិ ដោយយកទិសដៅនយោបាយក្នុងស្រុកជាគោល អាចនឹងមិនជួយឱ្យថៃទទួលបានប្រៀបនៅលើវេទិកាអន្តរជាតិឡើយ ហើយផ្ទុយទៅវិញ អាចធ្វើឱ្យប្រទេសថៃប្រឈមនឹងការបាត់បង់ប្រៀប និងជួបការលំបាកកាន់តែខ្លាំងថែមទៀត។ត។ចំណុចសង្កតសភាព «ស្វាដោះសំណាញ់» លើកចុងក្រោយ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសេចក្ដីថ្លែងការណ៍របស់លោក ស៊ីហាស័ក្ដិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ កាលពីថ្ងៃទី០៥ ខែសីហា ដែលធ្វើឱ្យខ្ញុំត្រូវលើកយកមកធ្វើជាប្រធានបទក្នុងអត្ថបទនេះ ដូចខាងក្រោម៖១៖ រដ្ឋាភិបាលថៃនឹងបន្តប្រកាន់យកផែនទីខ្នាត ១:៥០ ០០០ ខណៈរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យអង្គការសហប្រជាជាតិទទួលស្គាល់ផែនទីខ្នាត ១:២០០ ០០០៖ សេចក្ដីថ្លែងការណ៍លើចំណុចនេះគួរឱ្យភ្ញាក់ផ្អើល ព្រោះបញ្ហានេះត្រូវបានពិភាក្សាយ៉ាងច្រើនក្នុងសង្គមថៃ ហើយត្រូវបានទទួលស្គាល់រួចហើយថា ផែនទីយោធាខ្នាត ១:៥០ ០០០ មិនអាចយកទៅប្រើជាមូលដ្ឋានតស៊ូផ្លូវច្បាប់អន្តរជាតិបានឡើយ។២៖ ចំណុចសំខាន់មួយទៀតពាក់ព័ន្ធនឹងផែនទី គឺនៅគែមផែនទីមានការបញ្ជាក់យ៉ាងច្បាស់ថា មិនអាចយកទៅបើជាឯកសារយោងសម្រាប់ខ្សែព្រំដែនបានទេ។ ខ្ញុំជឿថា លោកនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រីអាចស្នើសុំផែនទីយោធាមកពិនិត្យដោយផ្ទាល់បាន។៣៖ រដ្ឋាភិបាលថៃ និងមន្ត្រីពាក់ព័ន្ធប្រាកដជាដឹងច្បាស់ថា ផែនទីកំណត់ព្រំដែនខ្នាត ១:២០០ ០០០ ត្រូវបានប្រើសម្រាប់ទាំងព្រំដែនថៃ-ឡាវ និងថៃ-កម្ពុជា ក្នុងពេលដំណាលគ្នា។ ដូច្នេះនៅក្នុងការអនុវត្តជាក់ស្តែង វាមិនអាចទៅរួចទេ ដែលខ្សែព្រំដែនថៃ-កម្ពុជាប្រើផែនទីយោធាខ្នាត ១ : ៥០ ០០០ ប៉ុន្តែខ្សែព្រំដែនថៃ-ឡាវបែរជាប្រើផែនទីកំណត់ព្រំដែនខ្នាត ១:២០០ ០០០។៤៖ ក្រៅពីអគ្គនាយកដ្ឋានផែនទីយោធា អគ្គនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់អន្តរជាតិក៏ដឹងយ៉ាងច្បាស់ថា ផែនទីណាមួយត្រូវបានប្រើប្រាស់ក្នុងផ្លូវច្បាប់អន្តរជាតិ។ ប្រសិនបើលោកនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រីមិនមានទំនុកចិត្ត ពួកលោកអាចសាកសួរដោយផ្ទាល់ពីស្ថាប័នទាំងពីរ ជាពិសេសអគ្គនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលជាអង្គភាពទទួលបន្ទុកដោយផ្ទាល់របស់ក្រសួងការបរទេសថៃ។ ដូចគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីអាចកោះហៅអគ្គនាយក នៃអគ្គនាយកដ្ឋានផែនទីយោធា មកផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពាក់ព័ន្ធនឹងផែនទីបាន។៥៖ អត្ថបទនេះ មិនមានបំណងអំពាវនាវឱ្យមន្ត្រីរាជការអាជីពចេញមកបកស្រាយជាសាធារណៈអំពីភាពត្រឹមត្រូវនៃព័ត៌មានឡើយ ព្រោះការពិតទាំងនោះអាចផ្ទុយនឹង ជំហររបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ អ្នកនិពន្ធចង់ឃើញ «ភាពក្លាហានខាងសីលធម៌» របស់អគ្គនាយកនៃនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ ដែលហ៊ាន «ខ្សឹបប្រាប់» រដ្ឋមន្ត្រីការបរទេសអំពីព័ត៌មានដែលត្រឹមត្រូវ ព្រោះពួកគេសុទ្ធតែស្ថិតនៅក្នុងក្រសួងការបរទេសតែមួយ។ លើកលែងតែអគ្គនាយក និងមន្ត្រីនៃនាយកដ្ឋាននេះ ជឿលើ «រឿងនិទានអំពីផែនទីខ្នាត ១:៥០,០០០»។ប្រសិនបើពួកគេពិតជាមានជំនឿបែបនោះមែន សូមមេត្តាចេញសេចក្ដីថ្លែងការណ៍ឱ្យសាធារណជនបានដឹងផងថា នាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ នឹងយក «ផែនទីខ្នាត ១:៥០,០០០» ជាផែនទីគោលសម្រាប់អនុវត្តការងារ។ សំណួរនេះក៏មានន័យសំដៅទៅកាន់នាយកដ្ឋានផែនទីយោធាផងដែរ ថាតើស្ថាប័នទាំងពីរនឹងប្រើប្រាស់ផែនទីច្បាប់ណាមួយជាគោលក្នុងការបំពេញភារកិច្ចរបស់ខ្លួន។៦៖ ក្រសួងការបរទេសថៃ ជាពិសេសមន្ត្រីរាជការអាជីពកម្រិតថ្នាក់ដឹកនាំ ប្រហែលត្រូវទទួលស្គាល់ថា ការណ៍ដែលរដ្ឋមន្ត្រីការបរទេសចេញមកនិយាយព័ត៌មានខុស អំពីផែនទី មិនបានជួយបង្កើតប្រៀបឱ្យភាគីថៃនៅលើវេទិការអន្តរជាតិឡើយ។ ផ្ទុយទៅវិញ វាបានធ្វើឱ្យរូបភាពរបស់ថៃកាន់តែអាក្រក់ឡើង ព្រោះការនិយាយបែបនេះស្មើនឹងបង្ហាញថា ថៃមិនទទួលយកវិធានអន្តរជាតិ លើកលែងតែមន្ត្រីនៃក្រសួងនេះក៏ប្រកាន់យក «ផែនទីយោធាខ្នាត ១:៥០ ០០០» ជាគោល ដូចការលើកឡើងរបស់ រដ្ឋមន្ត្រីដែរ។ (ឬក៏ប្រហែលអគ្គនាយកពាក់ព័ន្ធខ្លះមិនជំទាស់ព្រោះកំពុងរង់ចាំទទួលតំណែងជាទូតប្រចាំការនៅបរទេស—ដូច្នោះហើយ ពួកគេក៏មិនថាដែរ ហាហាហា!)៧៖ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសផ្ទាល់ ធ្លាប់កាន់តំណែងជាអគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងការបរទេសពីមុន ហើយគួរតែដឹងច្បាស់អំពីផែនទី ដែលត្រូវប្រើសម្រាប់ដោះស្រាយបញ្ហាអន្តរជាតិ និងអំពីអនុស្សរណៈនៃការយោគយល់គ្នា (MOU)។ កន្លងមក លោកក៏មិនធ្លាប់បង្ហាញជំហរជំទាស់លើបញ្ហានេះដែរ។ ដូច្នេះ គួរឱ្យភ្ញាក់ផ្អើលដែលនៅថ្ងៃនេះ លោកបែរជាប្រកាន់យកផែនទីដែលមិនអាចប្រើប្រាស់ក្នុងផ្លូវច្បាប់បាន។៨៖ ថៃព្យាយាមជំទាស់ថា មុននឹងឈានទៅរកដំណើរការសម្រុះសម្រួលដោយបង្ខំ កម្ពុជាគួរតែយល់ព្រមបើកវេទិកាទ្វេភាគីជាមួយថៃជាមុនសិន។ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាអតីតអ្នកការទូត គួរតែដឹងច្បាស់ថា នៅពេលរដ្ឋាភិបាលថៃបានប្រកាសលុបចោល MOU ឆ្នាំ២០០១ ដែលបានកំណត់ក្របខ័ណ្ឌ ចរចាបញ្ហានេះតាមបែបទ្វេភាគី ការប្រកាសលុបចោលនោះស្មើនឹងភាគីថៃបានបោះបង់ការចរចាទ្វេភាគីជាមុនរួចទៅហើយ។ ការណ៍នេះបានបើកផ្លូវឱ្យកម្ពុជាអាចដាក់ សម្ពាធឱ្យថៃចូលក្នុងដំណើរការសម្រុះសម្រួលដោយបង្ខំដោយចៀសមិនរួច។៩៖ ឧបនាយករដ្ឋមន្ត្រីថៃបានព្យាយាមស្នើថា គួរពិភាក្សាបញ្ហាសមុទ្រជាមុន ហើយបន្ទាប់មកទើបបន្តទៅបញ្ហាព្រំដែនគោក។ ការលើកឡើងបែបនេះស្មើនឹងបញ្ជូនសញ្ញាថា រដ្ឋាភិបាលថៃនៅមិនទាន់ដោះស្រាយបញ្ហាខ្សែព្រំដែនគោកនៅឡើយ។ ជំហរបែបនេះបានបើកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យមានកិច្ចប្រជុំពាក់ព័ន្ធនឹងខ្សែព្រំដែនគោកតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ប៉ុន្តែជំហររបស់នាយករដ្ឋមន្តី និង ឧបនាយករដ្ឋមន្ត្រីថៃ មិនបានបង្ហាញការឆ្លើយតបលើបញ្ហា នេះឡើយ។ នេះអាចត្រូវបានគេយល់ថា ជាសញ្ញាមួយទៀតថា រដ្ឋាភិបាលថៃបាន «បិទទ្វារ JBC» រួចទៅហើយ។១០៖ ជំហរ «បិទទ្វារ JBC» បូករួមនឹងការត្រូវរង់ចាំដំណើរការសម្រុះសម្រួលដោយបង្ខំ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំជ្រើសរើសប្រធាន នឹងក្លាយជាសញ្ញាថា ការដោះស្រាយបញ្ហាថៃ-កម្ពុជានឹងត្រូវអូសបន្លាយទៅយូរដោយគ្មានភាពច្បាស់លាស់។ គ្មាននរណាដឹងថា នឹងមានអ្វីកើតឡើងនាពេលអនាគត ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសង្គ្រាម។១១៖ នៅថ្ងៃនេះ ប្រសិនបើរដ្ឋាភិបាលនៅមានស្មារតីពិចារណាខ្លះ នោះគួរតែទទួលស្គាល់ថា «សង្គ្រាមជុំទី៣» មិនអាចផ្ដល់ផលចំណេញផ្នែកយុទ្ធសាស្ត្រដល់ថៃឡើយ។ ផ្ទុយទៅវិញ វាអាចធ្វើឱ្យថៃកាន់តែចាញ់ប្រៀបនៅលើវេទិកាអន្តរជាតិ។ អ្វីដែលសំខាន់នោះ គឺកងទ័ពមិនត្រូវក្លាយជា «ជនរងគ្រោះ» នៃចរន្តជាតិនិយមបែបនេះទេ។ ព្រោះប្រសិនបើស្ថានការណ៍សង្គ្រាមប្រែប្រួលមិនដូចការរំពឹងទុក នោះកងទ័ពនឹងក្លាយជា «ពពែទទួលបាបដ៏ធ្ងន់» របស់អ្នកនយោបាយភ្លាមៗជាមិនខាន។ (សូមអនុញ្ញាតសើច ហាហាហា!)សេចក្តីបញ្ចប់អត្ថបទនេះមិនត្រូវបានសរសេរឡើងដើម្បីឱ្យភាគីកម្ពុជា យកទៅប្រើប្រាស់ជាប្រយោជន៍ផ្នែកនយោបាយឡើយហើយជាការពិត វាប្រហែលមិនត្រូវចិត្តមនុស្សជាច្រើននៅក្នុងសង្គមថៃទេ។ ប៉ុន្តែតើដល់ពេលហើយឬនៅដែលយើងត្រូវគិតឡើងវិញថា ថៃគួរតែពិនិត្យឡើងវិញនូវជំហររបស់ខ្លួននៅលើវេទិកាអន្តរជាតិ? សភាពបែប «ស្វាដោះសំណាញ់» ធ្វើឱ្យយើងកាន់តែដើរ កាន់តែភ្លាត់ស្នៀត។ តើយើងនឹងបណ្ដោយឱ្យ «ស្វា (នៅផ្លូវស្រីអយុធ្យា) ដោះសំណាញ់»និងបន្តភ្លាត់ស្នៀតរហូតតទៅទៀតឬ?បញ្ជាក់បន្ថែម៖ ការណ៍ដែលរដ្ឋមន្ត្រីការបរទេសថៃថ្លែងជាថ្មីនៅថ្ងៃទី០៥ ខែសីហា ថា MOU ឆ្នាំ២០០១ «មិនមានវឌ្ឍនភាពអស់រយៈពេល ២០ឆ្នាំមកហើយ» នោះ លោកគួរតែសាកសួរលោកសាស្ត្រាចារ្យបណ្ឌិត សុរៈគៀត សាធៀនថ ដែលជាអ្នកចុះហត្ថលេខាលើ MOU នេះថា តើការលើកឡើងខាងលើមានការពិតកម្រិតណា។ ប្រសិនបើអាចធ្វើទៅបាន ខ្ញុំចង់ឃើញក្រសួងការបរទេសថៃបើកវេទិកាឱ្យលោកសាស្ត្រាចារ្យ សុរៈគៀត និយាយអំពី MOU ឆ្នាំ២០០១ដើម្បីឱ្យមន្ត្រីក្រសួងបានស្ដាប់អង្គហេតុពីទស្សនៈមួយផ្សេងទៀត។ ប៉ុន្តែខ្ញុំក៏មិនប្រាកដដែរថា លោករដ្ឋមន្ត្រីស្គាល់ លោកសាស្ដ្រាចារ្យ សុរៈគៀត ដែរឬអត់?

សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

2026/08/05 04:51:27 pm        233
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថាកម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសបូកបី និងដៃគូសន្ទនា ដើម្បីបំប្លែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្តែង។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែង ស្វាគមន៍ចំពោះការរៀបចំផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការលើកកម្ពស់នវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ក៏ដូចជាសមិទ្ធផលសំខាន់ៗផ្សេងទៀត ដូចជាលក្ខខណ្ឌយោងនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ និងវិធាននីតិវិធី (ROP) នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ ACCSM+3។សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា៖«កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសបូកបី និងដៃគូសន្ទនា ដើម្បីបំប្លែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្តែង។ ក្នុងស្មារតីនេះ កម្ពុជាមានមោទកភាពក្នុងការទទួលតួនាទីជាប្រធានប្តូរវេន នៃបណ្តាញវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨»។ក្នុងឱកាសនោះសម្តេចធិបតី បានប្រគល់ភារកិច្ចដ៏សំខាន់នេះជូនសាលាភូមិន្ទរដ្ឋបាលក្នុងនាមជាស្ថាប័នទទួលខុសត្រូវ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យចេញលទ្ធផលជាក់ស្តែង។សម្ដេចធិបតី បន្តថា ការកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជាមានឫសគល់ចេញពីដំណើរដ៏ពិសេសមួយ គឺការស្តារឡើងវិញ ការកសាងជាតិ និងការកសាងសន្តិភាព។ បន្ទាប់ពីការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃស្ថាប័ននានាក្រោមរបបខ្មែរក្រហម ប្រទេសកម្ពុជាបានចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តាមរយៈប្រមូលផ្តុំធនធានមនុស្ស និងបញ្ញាវន្តដែលនៅមានជីវិត។ ដំណើរការនៃការស្តារឡើងវិញនេះបានឈានដល់គោលនយោបាយឈ្នះ-ឈ្នះជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ជម្លោះស៊ីវិលរាប់ទសវត្សរ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សន្តិភាពដែលសម្រេចបានដោយលំបាកនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបស់កម្ពុជា ដោយផ្តល់នូវគ្រឹះដ៏សំខាន់សម្រាប់រដ្ឋបាលសេវាសាធារណៈទំនើប ការកសាងជាតិឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង។សម្ដេចបានបន្តថា ដំណើរនៃការស្តារជាតិឡើងវិញ និងការកសាងសន្តិភាពនោះ គឺជាមូលដ្ឋានគ្រឹះដែលកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់កម្ពុជាបានរីកចម្រើន ហើយវានៅតែបន្តកំណត់ទស្សនវិជ្ជាដែលដឹកនាំយើងសព្វថ្ងៃនេះ។ ក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ ទស្សនវិជ្ជាដ៏សំខាន់របស់កម្ពុជា គឺតែងតែផ្តោតជាចំបងលើសុខុមាលភាពរបស់ជាតិ និងប្រជាជន។ ទោះបីយើងមកពីប្រទេសផ្សេងៗគ្នា ខ្ញុំជឿជាក់យ៉ាងមុតមាំថាគោលការណ៍ស្នូលរបស់យើងគឺដូចគ្នា គឺ៖ «លះបង់បម្រើប្រជាជនដោយស្មោះត្រង់ និងមិនងាករេ»។សម្តេចធិបតីថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តល់អទិភាពខ្ពស់ដល់ «អភិបាលកិច្ច និងកំណែទម្រង់» គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិរបស់យើងក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួនប្រាំ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

2026/08/05 04:40:05 pm        240
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅទូទាំងពិភពលោក និន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញ ទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅទូទាំងពិភពលោក និន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញ ទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ។ទីមួយ៖ ការរំពឹងរបស់ប្រជាពលរដ្ឋ៖ ប្រជាពលរដ្ឋកាន់តែរំពឹងទុកសេវាសាធារណៈដែលមានភាពឆ្លើយតបខ្ពស់ រហ័សទាន់ចិត្ត ងាយស្រួលប្រើប្រាស់ និងមានតម្លាភាព។ ទំនុកចិត្តសាធារណៈក៏កាន់តែភ្ជាប់ទៅនឹងសុចរិតភាព ក្រមសីលធម៌វិជ្ជាជីវៈ និងតម្លាភាពផងដែរ។ទីពីរ៖ បដិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)៖ រដ្ឋាភិបាលជាច្រើនកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធដែលជំរុញដោយទិន្នន័យ ដើម្បីបង្កើនការផ្តល់សេវាដល់ប្រជាពលរដ្ឋ។ ការផ្លាស់ប្តូរនេះតម្រូវឱ្យមានសមត្ថភាពឌីជីថលថ្មីក្នុងចំណោមមន្ត្រី ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ បរិយាប័ន្ន និងគណនេយ្យភាព។ទីបី៖ ការប្រកួតប្រជែងសម្រាប់ធនធានមនុស្ស៖ ស្ថាប័នសាធារណៈប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីវិស័យឯកជនសម្រាប់ទេពកោសល្យលំដាប់កំពូល។ ការពិតនេះតម្រូវឱ្យមានការជ្រើសរើសបុគ្គលិកដែលមានលក្ខណៈទំនើប ប្រកាន់ខ្ជាប់នូវគុណាធិបតេយ្យ ការរីកចម្រើនអាជីពប្រកបដោយភាពបត់បែន និងការអភិវឌ្ឍន៍មូលធនមនុស្សជាយុទ្ធសាស្ត្រ។សម្ដេចធិបតីបានបញ្ជាក់ថា៖«និន្នាការរចនាសម្ព័ន្ធទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់ដ៏សំខាន់នៃវេទិកាពហុភាគី ដូចជាក្របខ័ណ្ឌ ACCSM។ ដូចដែលឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិច្ចប្រជុំបានសង្កត់ធ្ងន់ថា ខ្ញុំពិតជារីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពដែលសម្រេចបានក្រោមផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២១-២០២៥»៕

កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

2026/08/05 04:18:21 pm        268
នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២៦ កម្ពុជាបានបើកជាផ្លូវការ កិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី ២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីមុខងារសាធារណៈ (ACCSM ) ក្រោមមូលបទ « នវានុវត្តន៍សម្រាប់ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរឡើង» បានជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរ។ពិធីបើកជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រតិភូជាថ្នាក់ដឹកនាំ គ្រូបង្គោល មន្ត្រីរាជការ មុខងារសាធារណៈនៃប្រទេសអាស៊ាន និងដៃគូ ចិន កូរ៉េខាងត្បូង និងជប៉ុន និងលេខាធិការដ្ឋានអាស៊ានក្នុងនាមអ្នកសម្របសម្រួល។កិច្ចប្រជុំ ACCSM មានគោលបំណងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ ដើម្បីជម្រុញកម្រិតកិច្ចនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមមុខងារសាធារណៈអាស៊ានកាន់តែរីកធំឡើង។បន្ទាប់ពីឆ្លងកាត់ការពិគ្រោះយោបល់ ចែករលែកបទពិសោធន៍ នៅក្នុងវេទិកាពិភាក្សានានាឆ្លើយតបជាមួយនឹងមូលបទដ៍មានសារៈសំខាន់នៅឆ្នាំនេះ ប្រតិភូបានឯកភាពថ្លែងការណ៍រួម ស្ដីពីការលើកកម្ពស់នវានុវត្តន៍ដើម្បីផ្ដល់សេវាសាធារណៈកាន់តែប្រសើរ ដោយបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមដូចជា ពង្រឹងការចែករំលែកចំណេះដឹងជាប្រចាំ ស្ដីពីយុទ្ធសាស្ត្រដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ការធ្វើឌីជីថលភាវូបនីយកម្ម អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច និងសេវារដ្ឋបាលដែលមានភាពរហ័សរហួន លើកកម្ពស់បរិយាកាសអំណោយផល និងមានបរិយាបន្ន ជំរុញការផ្លាស់ប្ដូរឌីជីថលនៅក្នុងវិស័យសាធារណៈ លើកកម្ពស់ស្ថាប័នសាធារណៈដែលត្រៀមរួចជាស្រេចសម្រាប់អនាគតអាស៊ាន បង្កើនសមត្ថភាពមន្ត្រីរាជការ ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងដៃគូខាងក្រៅ រួមទាំងពង្រឹងការផ្ដល់សេវាសាធារណៈ ដោយផ្ដោតលើប្រជាជន ។ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ពីការដឹកនាំរៀបចំកិច្ចប្រជុំ ACCSM របស់កម្ពុជា ដែលប្រព្រឹត្តទៅយ៉ាងរលូន និងបានចែករំលែកបទពិសោធន៍ល្អៗជុំវិញកំណែទម្រង់រដ្ឋបាលសាធារណៈរបស់បណ្ដាប្រទេសអាស៊ាន និងអាស៊ានបូកបី ។ ឯកឧត្តមបានលើកឡើងបន្ថែមទៀតថា ជុំវិញកិច្ចសហប្រតិបត្តិការនេះ គឺគ្របដណ្ដប់លើ ការបណ្ដុះបណ្ដាលកសាងសមត្ថភាពមន្ត្រីរាជការ ការកែទម្រង់ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជម្រុញការផ្ដល់សេវាសាធារណៈលើគ្រប់វិស័យ។ឯកឧត្តមមើលឃើញថា កន្លងមកកម្ពុជា បានធ្វើកិច្ចការងារច្រើនក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ប៉ុន្តែដោយសារបរិបទពិភពលោកមានការប្រែប្រួល បច្ចេកវិទ្យាកាន់តែរីកចម្រើន ពិសេសបញ្ញាសិប្បនិមិត្ត ទើបទាំងកម្ពុជា និងបណ្ដាប្រទេសអាស៊ានទាំងអស់ត្រូវរួមគ្នាពិគ្រោះយោបល់ ស្វែងរកបញ្ហាប្រឈម និងដាក់ចេញផែនការបន្ថែមទៀត ដើម្បីលើកកម្ពស់រដ្ឋបាលសាធារណៈ ពិសេសការផ្ដល់សេវាជូនប្រជាពលរដ្ឋរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ។ចំណែកលោក Christopher C. Mabale តំណាងប្រតិភូហ្វីលីពីន បានលើកឡើងថា អនុសាសន៍របស់សម្ដេចធិបតី មានចំណុចល្អៗជាច្រើនដែលហ្វីលីពីនទទួលបាន និងអាចរៀនសូត្រពីកម្ពុជា ហ្វីលីពីនក៍ទទួលបានបទពិសោធន៍ល្អៗពីប្រទេសអាស៊ានផ្សេងៗទៀត ពិសេសរបៀបដែលនវានុវត្តន៍បានចូលរួមលើកកម្ពស់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ។ លោករំពឹងថា បន្ទាប់ពីកិច្ចប្រជុំនេះ បណ្ដាប្រទេសដែលចូលរួម នឹងអាចទទួលបានចំណេះដឹងក្នុងការពង្រឹងរដ្ឋបាលសាធារណៈ ពិសេសការផ្ដល់សេវានានាជូនប្រជាពលរដ្ឋរបស់ខ្លួនកាន់តែចំគោលដៅ និងល្អប្រសើរថែមទៀត ។គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការស្ដីពីមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី ជាការរួមគ្នារបស់សមាជិកអាស៊ានទាំងអស់ក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ឆ្ពោះទៅរកអាស៊ាន ដែលមានភាពធន់ នវានុវត្តន៍ មានភាពស្វាហាន់ និងផ្ដោតលើប្រជាជន ព្រមទាំងជាការប្ដេជ្ញាចិត្តចំពោះរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសគោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៦ (SDG 16) ផងដែរ៕អត្ថបទ: គន្ធា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

2026/08/03 01:30:30 pm        477
កណ្តាល៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល ។ ក្នុងការគិតគូរជាបន្តបន្ទាប់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់​នៅ​ក្នុង​ទឹក​ដី​ខេត្តកណ្តាល ។ ផងដែរនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួម​ជា​មួយ​ប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់​ក្រុម​គ្រួសារ​នៃ​សព​ផង​ដែរ។ ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយក​មក​ជាមួយ​នូវ​អំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀង​អាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព។ សូមបញ្ជាក់ផងដែរថា ជាការគិតគូរដល់ស្ថានភាពជីវិតរបស់វីរកងទ័ពរួមទាំងក្រុមគ្រួសារ សម្តេច​ធិបតី​បានដាក់ចេញនូវគោលនយោបាយ និងយន្តការជា​ច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​គ្រួសារ​របស់​យុទ្ធជនពលីដូចជាការណែនាំក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់​សមាជិក​គ្រួសារ​ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំ​ឥណទា​ន​សារ​ជា​ថ្មី​ ការជួយសម្រួលដល់ការផ្ទេរប័ណ្ណកម្មសិទ្ធិដោយមិនគិតកម្រៃសេវា និងការសាងសង់ផ្ទះ ជំរំ​ភៀស​សឹក​ សាលារៀន មន្ទីរពេទ្យសម្រាប់ប្រជាជនភៀសសឹក រួមទាំងក្រុមគ្រួសារវីរកងទ័ព៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក

2026/07/30 07:58:53 pm        801
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទៀនចំណាំព្រះវស្សា រួមជាមួយនឹងទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យប្រគេន «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» និងព្រះសង្ឃគ្រប់ព្រះអង្គដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ។សូមបញ្ជាក់ផងដែរ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយធំមួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុងរយៈពេល ៣ខែ (មួយត្រៃមាស) ចាប់ពីថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ ពោលគឺក្នុងរដូវវស្សា គឺស្របតាមបញ្ញតិ្តរបស់ព្រះបរមសម្ពុទ្ធ ដែលទ្រង់បានបញ្ញត្តិសិក្ខាបទឱ្យភិក្ខុសង្ឃ និងសាមណេរនៅគង់ក្នុងវត្តដើម្បីរៀនសូត្រធម៌អាថ៌ ធម៌វិន័យ និងប្រតិបត្តិវិបស្សនាកម្មដ្ឋាន ហើយក៏ដើម្បីកាត់បន្ថយការលំបាកក្នុងការនិមន្តធ្វើដំណើរបិណ្ឌបាតក្នុងវស្សានរដូវដែលត្រូវនិមន្តក្រោមតំណក់ទឹកភ្លៀង សើមព្រះកាយ មានទឹកលិច ភក់ជ្រាំ ជាពិសេសចៀសវាងការនិមន្តជាន់កម្ទេចពន្លកដំណាំ ស្រូវរបស់ប្រជាកសិករដែលទើបដុះលូតលាស់ផងដែរ។ក្នុងវេលាគង់ចាំព្រះវស្សានេះដែរ ពុទ្ធបរិស័ទគ្រប់ៗរូបតែងនាំគ្នាប្រារព្ធពិធីបុណ្យចូលព្រះវស្សានេះដើម្បីនាំយកទៀន ប្រេងកាត ធូបអុជបំភ្លឺ ទេយ្យទាន ទេយ្យវត្ថុ សម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ ចង្ហាន់បរិភោគ ព្រមទាំងបច្ច័យផងដែរ ប្រគេនព្រះសង្ឃ សាមណេរគ្រប់ព្រះអង្គ សម្រាប់ចាត់ចែងប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ចេញព្រះវស្សា៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

2026/07/30 05:36:07 pm        207
ខេត្តត្បូងឃ្មុំ៖ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បានអញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ បានប្រព្រឹត្តទៅនៅវត្តគិរីសុវណ្ណរាម (ហៅវត្តថ្កូវ) ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីរួមចំណែកទ្រទ្រង់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេលបីខែ។ពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ តែងតែចូលមកដល់នៅថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ។ ការចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ក្នុងគោលបំណងសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ។ ដើម្បីចូលរួមទ្រទ្រង់ដល់ព្រះសង្ឃក្នុងរយៈពេលបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ស្លាដក និងគ្រឿងសម្ភារផ្សេងៗទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម។ក្នុងឱកាសនោះ សម្តេចពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំង ឯកឧត្តម វង សូត និងលោកជំទាវ បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនដល់វត្តទាំង ១៨ ក្នុងស្រុកពញាក្រែក ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនព្រះវស្សា ១គូ អង្ករ ១០០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់កសាងចំនួន ១លានរៀល។ ដោយឡែក យាយជី និងតាជីចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានប្រេងកូឡា ១ប្រអប់ និងថវិកាចំនួន ២ម៉ឺនរៀល។ក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តម វង សូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់។ឯកឧត្តមក៏បានលើកឡើងថា ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសាមគ្គីភាពជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនា ដែលបន្តទទួលបានការយកចិត្តទុកដាក់ និងរីកចម្រើនជាបន្តបន្ទាប់។ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ជាពិសេសភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍អាសន្នណាមួយកើតឡើង៕

ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

2026/07/29 11:06:38 am        432
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ចែក​វិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧​បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត​៖-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចូលរួមអបអរសាទរ និងរីករាយចំពោះបងប្អូនប្រជាពលរដ្ឋខេត្តកណ្ដាល ដែលទទួលបានការបញ្ចប់ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្ដែគឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាលនាពេលនេះ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ក៏ដូចជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី ការស្នើសុំឥណទានផ្លូវការ ការប្រកបអាជីវកម្មគ្រួសារ និងការទាក់ទាញវិនិយោគ ព្រមទាំងការធានាសន្ដិសុខសង្គម តាមរយៈការធានាសិទ្ធិស្របច្បាប់ ការរស់នៅដោយសុខុដម និងការបន្តមរតក។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំបន្តឆន្ទៈ មនសិកា ឧត្តមានិយម ផលប្រយោជន៍ជាតិ និងប្រជាជនមកដល់បច្ចុប្បន្ន ដោយឆ្លុះបញ្ចាំងមួយផ្នែកតាមរយៈការប្រឹងប្រែងកែទម្រង់វិស័យដីធ្លីជាប់ជាប្រចាំ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនូវសុវត្ថិភាពផ្លូវច្បាប់ និងសន្ដិភាពចិត្ត លើការកាន់កាប់អចលនទ្រព្យរបស់ខ្លួនសំដៅរួមគ្នាកសាងប្រទេសឱ្យក្លាយទៅជាប្រទេសមានអរិយធម៌ ជាសង្គមស៊ីវិល័យ និងជាភូមិឋានក្សេមក្សាន្ត។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកការវាស់វែង ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋគឺជាសេវាចាំបាច់ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ជូនប្រជាពលរដ្ឋ ស្របតាមទស្សនទាននៃការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត បរិយាកាសមិនមានវិវាទនៅកម្ពុជា។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទស្សនទាននៃការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត បរិយាកាសមិនមានវិវាទនៅកម្ពុជា គឺមានអត្ថន័យទូលំទូលាយ និងឆ្លុះបញ្ចាំងពីការពិត ប៉ុន្ដែទស្សនទានដែលមានត្រឹមតែនៅលើក្រដាសមិនដំណើរការទេ អ្វីដែលសំខាន់ គឺរាជរដ្ឋាភិបាលត្រូវ ធ្វើឱ្យក្លាយទៅជាការពិត ហើយបានធ្វើជាង២០ឆ្នាំមកហើយ ដូចរបាយការណ៍ខេត្តកណ្ដាលជាង ២០ ប៉ុន្ដែយើងធ្វើកំណែទម្រង់ជាប្រចាំ ជាពិសេសកំណែទម្រង់ឆ្នាំ១៩៨៩។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទិដ្ឋភាពនៃពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលថ្ងៃនេះ គឺឆ្លុះបញ្ចាំងអំពីការវិវត្តជាក់ស្ដែងរបស់លទ្ធផលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងសកម្មភាពជាក់ស្ដែងដែលបានធ្វើ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ខ្ញុំឧស្សាហ៍ឃើញអ្នកខ្លះថា រដ្ឋាភិបាលនិយាយច្រើន ប៉ុន្ដែលទ្ធផលសូន្យ ប៉ុន្ដែមិនសូន្យទេ ឥឡូវទាក់ទងរឿងដីធ្លីនេះ ជាក់ស្ដែងកាលពីអាណត្តិកន្លងទៅរដ្ឋាភិបាលបានវាស់វែង និងចុះបញ្ជីដីធ្លីសរុបជាង ៧,៧ លានក្បាលដី ហើយបានចេញបណ្ណសម្គាល់ដីធ្លីសរុបជាង ៧ លានបណ្ណ។-សម្ដេចធិបតីបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ កាលពីដើមអាណត្តិសម្ដេចបានជួបជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងដែនដី ដោយបានពិក្សាគ្នាផ្ដោតសំខាន់លើការដោះស្រាយបញ្ហាដីធ្លី ព្រោះមានបញ្ហាបុរីជាប់គាំងមួយ ប៉ុន្ដែទំនាស់ដីធ្លី វិវាទនៅតាមភូមិ រួមទាំងវិវាទនៅក្នុងការកាន់កាប់ដីរដ្ឋ ដីព្រៃជាដើម កំណើននៃប្រជាជនធ្វើឱ្យមានបញ្ហា ដូច្នេះហើយដើម្បីបញ្ចប់បញ្ហា ឬបង្ការកុំឱ្យមានបញ្ហា គឺត្រូវដោះស្រាយបញ្ហាឫសគល់របស់វា ដែលបញ្ហានោះមួយភាគធំគឺជាភាពមិនច្បាស់លាស់នៃការកាន់កាប់ ដូច្នេះទើបរដ្ឋាភិបាលបានធ្វើយ៉ាងណាជំរុញបន្តលើការវាស់វែងដើម្បីឱ្យបានចប់ទូទាំងប្រទេស ចុះបញ្ជី និងចែកបណ្ណជូនពលរដ្ឋ ដើម្បីបញ្ចប់បញ្ហា។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអរគុណដល់មន្រ្ដីវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដែលបានខិតខំធ្វើការទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យជូនប្រជាពលរដ្ឋ។-សម្ដេចធិបតី៖ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ រដ្ឋាភិបាលបានវាស់វែងដីធ្លីបន្ថែមជូនប្រជាពលរដ្ឋបានចំនួន ៦,៣ លានក្បាលដី ហើយបើសរុបតាំងពីអាណត្តិមុនមកដល់ពេលនេះ មានចំនួន ១៤ លានក្បាលដី និងបានចេញបណ្ណសម្គាល់ដីធ្លីបន្ថែមចំនួន ២, ៦ លានបណ្ណ ដូច្នេះបើសរុបចាប់តាំងពីអាណត្តិមុនមកដល់ពេលនេះ រដ្ឋាភិបាលបានចេញបណ្ណសម្គាល់ដីធ្លីជូនពលរដ្ឋជិត ១០លានបណ្ណ និងបានចែកវិញ្ញាបនបត្រជូនពលរដ្ឋបានជិត ៩លានបណ្ណ ស្មើនឹង ៨៦ភាគរយនៃក្បាលដីសរុបទូទាំងប្រទេស។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា រដ្ឋាភិបាលកំពុងបន្តធ្វើការវាស់វែង ការកំណត់ព្រំ ការចុះបញ្ជីក្បាលដី និងការចែកបណ្ណដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ខណៈទិសដៅរបស់រដ្ឋាភិបាលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខនេះ ដូច្នេះត្រូវខិតខំធ្វើឱ្យបានដែលនេះគឺជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលនៅតែទទួលស្គាល់ថា យើងនៅមានបញ្ហាដែលត្រូវកែសម្រួល ព្រោះរឿងពេលខ្លះមិនអាចកែមួយថ្ងៃទេ ប៉ុន្ដែសំខាន់យើងក្ដាប់បាននូវបញ្ហា ហើយដោះស្រាយជាបណ្ដើៗដើម្បីក្នុងគោលដៅធ្វើយ៉ាណាឱ្យប្រជាជនមានបណ្ណដីធ្លីគ្រប់គ្រាន់ ជាពិសេសការបញ្ជាក់នៅព្រំដីកុំឱ្យមានបញ្ហាតទៅទៀត។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរំឭកថា កាលពីថ្ងៃមុន សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការចេញបណ្ណដីធ្លីជូនប្រជាពលរដ្ឋមានការកកស្ទះនេះដែរ។ សម្ដេចធិបតីបញ្ជាក់ថា បញ្ហានេះមានកត្តាច្រើនដែលរដ្ឋាភិបាលត្រូវក្ដាប់ឱ្យជាប់ថាតើមូលហេតុអី ហើយត្រូវដាក់ចេញនូវបញ្ហាអ្វី។ សម្ដេចបន្តថា បញ្ហាកកស្ទះនេះ មិនមែនតែត្រឹមការវាស់វែង ចុះបញ្ជីទេ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំពន្លឿនលើការងារនេះ ក្នុងនោះកន្លងទៅក្រុមការងារក្រសួងសេដ្ឋកិច្ចក៏បានចុះសិក្សាលើបញ្ហានេះនៅទូទាំងប្រទេសដើម្បីដោះស្រាយផងដែរ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ហ្វេសប៊ុក និងបណ្ដាញសង្គម គឺជាមូលដ្ឋាន និងមធ្យោបាយមួយដែលប្រជាពលរដ្ឋអាចផ្ដល់ព័ត៌មានផ្ទាល់តែម្ដង ហើយរដ្ឋាភិបាលតាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ រហូតមកដល់អាណត្តិថ្មីនេះគឺបានបន្តតាមដានពិនិត្យមើលទាក់ទងនឹងបញ្ហាផ្សេងៗ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមបញ្ចេញមតិ ជាពិសេសនៅតាមបណ្ដាញសង្គម ប៉ុន្ដែសូមកុំចូលមកជេរយក ប៉ុន្ដែបញ្ចេញមតិថា តើបញ្ហាមានអ្វីពិតប្រាកដដើម្បីរដ្ឋាភិបាលក្ដាប់បាន ជាពិសេសអ្នកដែលដឹងរឿងផ្ទាល់ ដើម្បីរដ្ឋាភិបាលមានមូលដ្ឋានច្បាស់លាស់លើការដោះស្រាយបញ្ហានោះ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ទាក់ទងនឹងបញ្ហាកកស្ទះការចេញបណ្ណដីធ្លីជូនប្រជាពលរដ្ឋ សម្ដេចបានចារឯកភាពលើកត្តាមួយចំនួន ក្នុងនោះសម្ដេចពិនិត្យមើលឃើញមានបញ្ហាចំនួន ៨ បញ្ហាដែលបានលើកឡើង ហើយលើកជាសំណើរសុំគោលការណ៍ដោះស្រាយ ដូច្នេះបញ្ហានេះនៅពេលបន្តិតទៀតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចេញសេចក្ដីប្រកាសព័ត៌មានលើការដោះស្រាយបញ្ហានេះ។-សម្ដេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធគិតគូររៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបម្រើដល់សេវាធ្វើដំណើររួមដែលមានល្បឿនលឿនកាត់បន្ថយការកកស្ទះ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី១ គឺការគ្រប់គ្រងការចុះបញ្ជីដីធ្លីនៅមន្ទីរដែនដីរាជធានី-ខេត្តមិនទាន់មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលអាចគ្រប់គ្រងនូវលំហូរឯកសារ និងទិន្នន័យរួមនៅឡើយដែលប្រព័ន្ធទាំងនោះនៅដាច់ដោយឡែកពីប្រព័ន្ធភូមិបាល និងរដ្ឋបាលសុរិយោដីនៅតាមភូមិសាស្រ្ដរាជធានី ខេត្តធ្វើឱ្យថ្នាក់កណ្ដាលគ្រប់គ្រងទិន្នន័យ មិនទាន់គ្រប់ជ្រុងជ្រោយ ហើយពិបាកយកទៅផ្ទៀងផ្ទាត់។ ដូច្នេះជាដំណោះស្រាយ គឺត្រូវជំរុញការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្ដាលឱ្យបានឆាប់ ដើម្បីចែករំលែកទិន្នន័យតាមប្រព័ន្ធមកអគ្គនាយកដ្ឋានពន្ធដារដើម្បីងាយស្រួល និងមានភាពប្រទាក់ក្រឡា ក្នុងការដំណើរការឯកសារនីមួយៗឱ្យបានឆាប់។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី២ ម្ចាស់អចលនទ្រព្យមួយចំនួនមិនបានផ្ដល់ការសហការ ដោយឯកសារមួយចំនួនម្ចាស់អចលនទ្រព្យ មិនបានមកដកយកឯកសារដើម្បីបង់ប្រាក់ពន្ធដោយសារមិនមានលទ្ធភាពទូទាត់ប្រាក់ពន្ធ ឬម្ចាស់អចលនទ្រព្យមិននៅក្នុងស្រុក ឬមួយចំនួនម្ចាស់អចលនទ្រព្យមិនបានផ្ដល់ឯកសារគ្រប់គ្រាន់ ហើយរដ្ឋបាលសុរិយោដីក៏ពុំសូវបានជំរុញកិច្ចការនេះជាមួយម្ចាស់អចលនទ្រព្យ។ សម្ដេចបញ្ជាក់ថា បញ្ហានេះ ជាដំណោះស្រាយ រដ្ឋបាលសុរិយោដី ត្រូវជំរុញការដោះស្រាយ ចុះបញ្ជីឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព តាមរយៈការជូនដំណឹង និងទំនាក់ទំនងផ្ទាល់ទៅម្ចាស់អចលនទ្រព្យ និងជំរុញឱ្យមកបំពេញនីតិវិធីឱ្យបានឆាប់រហ័ស។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី៣ ប្រជាពលរដ្ឋ មានបណ្ណកម្មសិទ្ធិចាស់ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ជាប់បន្ទុកធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលពុំអាចដកយកមកប្ដូរយកបណ្ណថ្មី ដែលទើបចុះបញ្ជីដីធ្លីបាន ក្នុងករណីខ្លះ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏អាចផ្ដល់កម្ចីដោយគ្រាន់តែមានបង្កាន់ដៃ ទទួលបណ្ណកម្មសិទ្ធិប្រើប្រាស់ជាឯកសារធានាកម្ចីដើម្បីដាក់បន្ទុកការខ្ចីនេះ ដែលនាំឱ្យម្ចាស់ពុំមានបង្កាន់ដៃទៅដកយកបណ្ណកម្មសិទ្ធិដែលនៅកកស្ទះនៅរដ្ឋបាលសុរិយោដី។ ក្នុងករណីនេះ សម្ដេចធិបតីឱ្យក្រសួងដែនដី ពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ និងធនាគារអាចធ្វើការផ្លាស់ប្ដូរបណ្ណ ឬឯកសារដែលជាប់បន្ទុក មកដកយកបណ្ណកម្មសិទ្ធិ ដើម្បីបន្តសុពលភាពឯកសារធានាកម្ចីបានជាជាងទុកឱ្យនៅកកស្ទះនៅរដ្ឋបាលសុរិយោដី។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី៤ ឯកសារមួយចំនួនដែលមានដីកាអមរយៈពេលបីខែ ដែលមានកាលបរិច្ឆេទចេញពីមន្ទីរដែនដី រាជធានី ខេត្ត ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ម្ចាស់កម្មសិទ្ធិត្រូវទទួលរងនូវពិន័យដោយត្រូវបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវស្មើ ១០០%នៃប្រាក់ពន្ធដែលនាំឱ្យម្ចាស់អចលនទ្រព្យ មួយចំនួនមិនមានលទ្ធភាពបង់ និងមួយចំនួនទៀត បានស្នើបញ្ជាក់ដីកាអមថ្មីឡើងវិញពីមន្ទីរដែនដី ដែលបញ្ហានេះធ្វើឱ្យយឺតយ៉ាវការងារ។ ដូច្នេះជាដំណោះស្រាយ សម្ដេចធិបតី បានឯកភាព ផ្ដល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រាដែលត្រូវរងពិន័យស្មើ ១០០%នៃប្រាក់បង់ពន្ធដែលត្រូវបង់រហូតដល់បំណាច់ឆ្នាំ២០២៧។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី៥ ក្នុងនោះឯកសារមួយចំនួនជាការផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដង នៅត្រឹមឃុំសង្កាត់ ឬក្រុង ស្រុក ខណ្ឌ និងពុំមានលិខិតបញ្ជាក់ ប្រវត្តិដី អាជ្ញាធរដែនដី ដែលម្ចាស់ចុងក្រោយត្រូវរងការបង់ពន្ធច្រើនតំណ។ សម្ដេចបន្តថា រឿងនេះកន្លងទៅជាបញ្ហាចោទមួយដែរ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ សម្ដេចបញ្ជាក់ថា ដីធ្លីណា ដែលបានលក់ដូរ បន្តម្ចាស់ច្រើនក៏ដោយ គិតចាប់ពីឆ្នាំ ២០១៧ រហូតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ គឺអាចបង់ពន្ធតែមួយដងសម្រាប់អ្នកលក់ចុងក្រោយនេះតែម្ដង ដើម្បីកុំឱ្យពិបាកទៅសើរើឡើងវិញទៀត។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី៦ ករណីមួយចំនួន ម្ចាស់កម្មសិទ្ធិទិញដី គ្មានសំណង់ និងបានផ្ទេរសិទ្ធិ កាន់កាប់បន្តដៃគ្នាច្រើនតំណ ប៉ុន្ដែក្រោយមក គាត់បានសាងសង់សំណង់ ឬផ្ទះនៅលើទីតាំងដីនោះ ដែលតម្រូវឱ្យម្ចាស់កម្មសិទ្ធិបង់ពន្ធប្រថាប់ត្រា តាមសាវតានីមួយៗលើដី និងរួមទាំងសំណង់ដែលទើបសាងសង់នោះ ដោយសារសំណង់នោះមិនមានលិខិតអនុញ្ញាតសាងសង់ដែលជាឧបសគ្គនៅក្នុងការកកស្ទះ ដោយម្ចាស់ចុងក្រោយមិនព្រមទទួលការរងនូវការកំណត់ពន្ធច្រើនតំណ។ ដូច្នេះជាដំណោះស្រាយ សម្ដេចធិបតី បានឯកភាព សម្រេចអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចនទ្រព្យ ចំពោះសំណង់ដែលចាប់ផ្ដើមពីឆ្នាំដែលចាប់ផ្ដើមសាងសង់ជាក់ស្ដែងដែលមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ចៀសជាងកំណត់ចាប់ពីពេលផ្ទេរសិទ្ធិដំបូងដែលអចលនទ្រព្យពុំមានសំណង់នៅឡើយ ដែលឱ្យតែមានការបញ្ជាក់ពីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានច្បាស់លាស់។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី៧ ករណីខ្លះទៀត ការចុះបញ្ជីកម្មសិទ្ធិដីធ្លីតម្រូវឱ្យម្ចាស់បង់សេវាសុរិយោដី និងសេវាផ្សេងៗស្របតាមប្រកាស អន្តរក្រសួងលេខ ១៨៦ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងដែនដី, ទោះបីជាករណីមួយចំនួនដែលមាន ឬពុំមានការបង់ពន្ធប្រថាប់ត្រាក៏ដោយដែលប្រជាពលរដ្ឋខ្លះពុំមានលទ្ធភាពបង់ជាហេតុនាំឱ្យមានការកកស្ទះ, ឯកសារខ្លះទៀតពលរដ្ឋធ្លាប់ដាក់ស្នើសុំពីពេលមុន ក្នុងអំឡុងសុពលភាពប្រកាសអន្តរក្រសួងចាស់ ដែលតម្លៃសេវាសុរិយោដីនៅមានទាប ប៉ុន្ដែនីតិវិធីស្នើសុំបណ្ណកម្មសិទ្ធិត្រូវអូសបន្លាយរហូតដល់ប្រកាសអន្តរក្រសួងថ្មីដែលមានតម្លៃខ្ពស់ជាងដែលពលរដ្ឋពុំមានលទ្ធភាពបង់។ ដូច្នេះជាដំណោះស្រាយ សម្ដេចធិបតី សម្ដេចធិបតីបានឯកភាព ឱ្យពិនិត្យមើលលទ្ធភាពនៅក្នុងការពន្យានូវការអនុវត្តកម្រៃសេវា តាមប្រកាសអន្តរក្រសួងលេខ ១៨៦ ឬផ្ដល់ការសម្រួលកម្រៃសេវាសុរិយោដីម្រិតទាបណាមួយដើម្បីពលរដ្ឋមានលទ្ធភាពបង់ និងអាចបន្តនីតិវិធីក្នុងការទទួលយកបណ្ណកម្មសិទ្ធិដីធ្លីបាន។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី រឿងបញ្ហាការកកស្ទះនេះក្នុងនោះបញ្ហាទី៨ សម្រាប់វីរយុទ្ធជន វីរនគរបាលជាតិរបស់កម្ពុជាទាំងអស់ សម្ដេចធិបតី បានឯកភាពលើការអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានប្រាក់ត្រូវបង់ពន្ធមិនលើស ២០លានរៀល ដែលម្ចាស់កម្មសិទ្ធិជាយោធិនដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចអង្គភាពសាមីថាពិតជាបានចូលរួមបម្រើការងារប្រយុទ្ធនៅសមរភូមិ។ **ប្រសាសន៍សម្ដេចធិបតីចប់នៅវេលាម៉ោង ៩ និង៥៧នាទី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM