សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

2026/05/13 12:09:29 am        227
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនៅឆ្នាំ២០២៦នេះ ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់របស់កម្ពុជាដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា។ តាមរយៈបទអន្តរាគមន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី បានថ្លែងថា ស្ថិតនៅក្នុងបរិការណ៍ដែលស្ថានភាពនៅតាមតំបន់ និងពិភពលោក កាន់តែមានភាពតានតឹង ស្មុគស្មាញ និងប្រកបដោយភាពមិនប្រាកដប្រជា និងដោយសារការកើតឡើងនូវទំនាស់ព្រំដែន ទំនាស់ពាណិជ្ជកម្ម ជាមួយនឹងការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាកាន់តែស្រួចស្រាល់ ដើម្បីយកឈ្នះគ្នាទៅវិញទៅមករហូតស្ទើតែលែងគោរពកិច្ចព្រមព្រៀង គួបផ្សំនឹងការធ្លាក់ចុះនៃពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ប្រទេសជាច្រើនបានកំពុងត្រឡប់មកអនុវត្តគោលនយោបាយគាំពារនិយម និងប្រកាន់យកជំហរអាត្មានិយម។ នៅក្នុងបរិបទនេះ កម្ពុជាពិតជាមានសេចក្ដីត្រូវការចាំបាច់ និងបន្ទាន់ជាងពេលណាទាំងអស់ ក្នុងការពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីការពារឱ្យបាននូវសន្ដិភាព អធិបតេយ្យជាតិ និងផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដើម្បីកសាងប្រទេសមួយឱ្យរីកចម្រើនរឹងមាំ ពលរដ្ឋម្នាក់ៗត្រូវតែខិតខំកសាងខ្លួនឱ្យក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់ជាតិ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន សិក្សាឈ្វេងយល់អំពី បទពិសោធន៍អន្តរជាតិក្នុងការកសាងកម្លាំងទ័ព ដើម្បីរក្សាសន្ដិភាព ការពារអធិបតេយ្យជាតិ និងផលប្រយោជន៍សង្គមជាតិតាមគំរូមួយចំនួន ក្នុងនោះមាន៖ ទីមួយគឺប្រព័ន្ធពលរដ្ឋម្នាក់ ជាយោធាម្នាក់ ដែលអនុវត្តនៅប្រទេសស្វីស និងអ៊ីស្រាអ៊ែល, តាមរយៈការបណ្ដុះបណ្ដាលជាប្រចាំទោះជាមិនពេញម៉ោង ប៉ុន្ដែបានរក្សាតុល្យភាពល្អរវាងជីវិតស៊ីវិល និងសន្ដិសុខជាតិ រក្សាអព្យាក្រឹត ប៉ុន្ដែត្រៀមខ្លួនជានិច្ចក្នុងបុព្វហេតុបម្រើជាតិ និងបណ្ដុះស្មារតីឱ្យប្រជាជនមានអារម្មស្រឡាញ់ និងទទួលខុសត្រូវ រួមចំពោះជាតិ។ គំរូទីពីរ គឺជាប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការ ដែលអនុវត្តនៅតាមប្រទេសមួយចំនួនដូចជាសិង្ហបុរី និងហ្វាងឡង់ តាមរយៈការកំណត់កាតព្វកិច្ចបម្រើជាតិ ចំពោះបុរស និងដោយស្ម័គចិត្តចំពោះស្រ្ដី ដោយលើការបណ្ដុះបណ្ដាលខ្លាំង និងត្រៀមកម្លាំងបម្រុង និងរក្សាកងយោធា ពេញម៉ោងតូចល្មម ប៉ុន្ដែអាចប្រមូលកម្លាំងបានលឿនក្នុងករណីមានតម្រូវការចាំបាច់ និងគំរូទីបី គឺជាប្រព័ន្ធស្ម័គ្រចិត្តដែលអនុវត្តនៅសហរដ្ឋអាមេរិកតាមរយៈការផ្ដោតលើការកសាងកម្លាំងយោធា ដែលមានជំនាញខ្ពស់, ការវិនិយោគលើបច្ចេកវិទ្យា និងបច្ចេកទេសជំនាញខ្ពស់ និងការបង្កើតឧស្សាហកម្មយោធាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតីបានបញ្ជាក់ថា សម្រាប់កម្ពុជាដែលជាប្រទេសតូច និងធនធាននូវមានកម្រិត ប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការជាក់ស្ដែង វាជាជម្រើសដែលសមស្របក្នុងការពង្រឹង និងបង្កើនកងទ័ពពេញម៉ោង ឬយើងហៅថាទ័ពអាជីព និងបង្កើតកងទ័ពបម្រុងផងដើម្បីធានាដល់រដ្ឋាភិបាលអាចប្រមូលផ្ដុំកម្លាំងកងទ័ពបានលឿន គ្រប់គ្រាន់សម្រាប់បម្រើសេចក្ដីត្រូវការចាំបាច់ និងបន្ទាន់ នេះផ្អែកទៅលើបទពិសោធជាក់ស្ដែងដែលយើងប្រឈមនៅពេលថ្មីៗនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា៖«អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់ដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»៕

សម្ដេចធិបតី៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធាបានផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិ, ចំពោះយុវជនខ្មែរ និងគ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល

2026/05/13 12:02:23 am        160
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ចំនួន៣ នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា ដោយសម្តេចបញ្ជាក់ថា ច្បាប់នេះមានអត្ថប្រយោជន៍ផ្ទាល់ទាំងលើវិស័យការពារជាតិ, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ និងអត្ថប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។ថ្លែងក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា អត្ថប្រយោជន៍ ៣ចំណុច នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា រួមមាន៖ទី១៖ អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិ៖ បង្កើតជាប្រព័ន្ធ និងយន្តការមួយច្បាស់លាស់ដែលជាប្រភពកសាងកម្លាំងការពារជាតិដ៏រឹងមាំ ប្រកបដោយសមត្ថភាព មានវិជ្ជាជីវៈខ្ពស់ និងមានប្រសិទ្ធភាពឆ្លើយគ្រប់កម្រិត និងទាន់ពេលទៅនឹងសេចក្តីត្រូវការ ជាពិសេសការគំរាមកំហែងពីខាងក្រៅ ដោយភាពជឿជាក់ និងសក្តិសិទ្ធភាព។ទី២៖ អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ៖ បានក្លាយជាយុវជនដែលមានកាយសម្បទារឹងមាំ មានការអប់រំផ្លូវចិត្តប្រកបដោយសីលធម័ សុជីវធម៍ និងឥរិយាបថល្អ ទទួលបានការតម្រង់ទិសក្នុងការកំណត់គោលជំហរ និងអត្តសញ្ញាណច្បាស់លាស់ ភាពជឿជាក់ និងភាពម្ចាស់ការ និងទទួលបានការបំពាក់ស្មារតី ទម្លាប់រស់នៅ និងធ្វើការជាក្រុម ព្រមទាំងភាពពេញវ័យ និងចាស់ទុំ ប្រកបដោយការទទួលខុសត្រូវ និងគុណតម្លៃខ្ពស់។ ទី៣៖ អត្ថប្រយោជន៍សម្រាប់សង្គមជាតិ៖ ទទួលបានយុវជនដែលជាពលរដ្ឋល្អ និងជាកម្លាំងចលនករប្រកបដោយថាមពល, ទទួលបានយុវជនដែលជាពលរដ្ឋប្រកបដោយស្មារតីសហគមន៍ និងការស្រលាញ់ការងារសង្គម និងដើម្បីទទួលបានជាពលរដ្ឋមានផ្នត់គំនិតបំរើជាតិ។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។តាមផែនការសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធា មានព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋ មិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕

សម្ដេចធិបតី គូសរំលេចគោលការណ៍ចំនួន ៥ ក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាទៅដល់យុវជនខ្មែរ

2026/05/12 11:51:24 pm        463
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គូសរំលេចគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលការណ៍សំខាន់ៗចំនួន៥ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធា រួមមាន៖ទី១៖ គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្ដែង ដែលអាចអនុវត្ដតាមការស្មោះចិត្ដ ឬការចាប់បង្ខំទៅតាមស្ថានភាពជាក់ស្ដែង ចំពោះពលរដ្ឋអាយុ១៨ឆ្នាំ ទៅ២៥ឆ្នាំ នឹងត្រូវក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ៤៥ឆ្នាំ ក្រោយបញ្ចប់កាតព្វកិច្ចយោធា រយៈពេល២៤ខែ។ទី២៖ គោលការណ៍កាតព្វកិច្ចចំពោះបុរស និងគោលការណ៍ស្មោះចិត្ដចំពោះស្ដ្រី។ទី៣៖ គោលការណ៍ហ្វឺកហ្វាត់ជាប្រចាំ ចំពោះយោធិនបម្រុងតាមកម្មវិធី និងការកំណត់ជាក់ស្ដែង។ទី៤៖ គោលការណ៍រក្សាក្របខណ្ឌដើម និងមុខតំណែងក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ចំពោះប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យ ហើយវិលទៅបម្រើការនៅអង្គភាព និងស្ថាប័នក្នុងក្របខណ្ឌ និងមុខតំណែងដដែល។ទី៥៖ គោលការណ៍ត្រៀមចូលបេសកម្ម នៅពេលដែលប្រទេសជាតិមានតម្រូវការ ចំពោះយោធិនបម្រុង។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្ដតាមគោលការណ៍ទាំង៥នេះ ទើបអាចរួចចំណែកក្នុងការកសាងធនធានយុវជនខ្មែរ មានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ មិនថាក្នុងវិស័យយោធា វិស័យសាធារណៈ ឬវិស័យស៊ីវិលឯកជន។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។តាមផែនការសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធា មានព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋ មិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

2026/05/12 04:28:27 am        131
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ លោក Flavio Bonetti ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការរួមចំណែករបស់យូណេស្កូ ក្នុងការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលនេះជាអាទិភាពចម្បងរបស់អង្គការយូណេស្កូ ។ បន្ថែមលើនេះ លោក Flavio Bonetti បានសង្កត់ធ្ងន់ពីការបន្តភាពជាដៃគូយូរអង្វែងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការរៀបចំគោលនយោបាយអប់រំ ការពង្រឹងគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា សំដៅចូលរួមចំណែកដល់ការកសាងមូលធនមនុស្ស នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅតែជាអាទិភាពដ៏សំខាន់របស់កម្ពុជា ហើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។ មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល៕

ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត

2026/05/12 03:35:46 am        175
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងនូវមោទនភាពដែលត្រូវបានរដ្ឋាភិបាលឡាវតែងតែងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ ឯកឧត្តមបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតលើគ្រប់វិស័យ រវាងឡាវ និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹង "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង" ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រ និងជួយដល់ប្រទេសឡាវ កន្លងមក ជាពិសេសក្នុងពេលដែលឡាវធ្វើជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២៤ ក៏ដូចជា ក្នុងគ្រាដែលប្រទេសឡាវស្ថិតក្នុងគ្រាលំបាកនៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត លើគ្រប់វិស័យ ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីនានា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីថា ក្នុងខួបលើកទី៧០ នៃការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ នេះ, ប្រទេសទាំងពីរបានត្រៀមរៀបចំកម្មវិធីអបអរសាទរ ទាំងនៅទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ សម្ដេចធិបតីមានជំនឿជឿជាក់ថា ឯកឧត្តម នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅបន្ថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវលើគ្រប់វិស័យ។ សម្តេចធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពលអគ្គីសនី ការពារជាតិ និងសន្តិសុខ៕

កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន

2026/05/12 03:23:56 am        165
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និង​សហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមតំណាងប្រធានាធិបតី បានគោរពជម្រាបជូនសម្តេចធិបតីថា អាស៊ែបៃហ្សង់ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានបន្តថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ជាពិសេសការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកនូវលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះសម្តេចធិបតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងឆ្នាំ២០២៦ នេះ។ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ភាពរីកចម្រើននៃចំណងមិត្តភាពនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ ទន្ទឹមនឹងនេះ សម្តេចក៏បានកត់សម្គាល់ថា ប្រទេសទាំងពីរនៅមានវិសាលភាពច្រើនទៀតក្នុងការបង្កើនកិច្ចសហការលើវិស័យសក្តានុពលនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសនានាលើសកលលោក។ សម្តេចធិបតី និងឯកឧត្តមតំណាងប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ថាមពល, ទេសចរណ៍, វប្បធម៌, អប់រំ, កសិកម្ម, ព្រមទាំងបានពិភាក្សាលើការជំរុញទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន​ ប្រទេសទាំងពីរ តាមរយៈ​ការរៀបចំឱ្យមានជំនួបធុរជន និងធុរជន​ និងវេទិកាធុរកិច្ចជាដេីម​ ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងថែមទៀត៕

ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

2026/05/09 03:40:24 am        196
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jude Aguilar ប្រធាសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកប្រធានបានគោរពជម្រាបជូនសម្តេចធិបតីអំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) តាមរយៈការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពធុរកិច្ចនានាប្រកបដោយផ្លែផ្កា នាពេលកន្លងមក។ បន្ថែមលើនេះ, លោកប្រធាន ក៏បានជម្រាបជូន សម្តេចធិបតី អំពីផែនការបន្តពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការអាជីវកម្ម រវាងសភាពាណិជ្ជកម្មនៃ ប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចធុរកិច្ច កាន់តែសកម្មបន្ថែមទៀត។ លោកប្រធានបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះកំណើនទ្វេដងនៃទំហំពាណិជ្ជកម្ម ហ្វីលីពីន-កម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦។ លោកប្រធានបានគោរពជម្រាបជូនសម្ដេចធិបតីថា នៅក្នុងឆ្នាំ២០២៦ នេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗបន្ថែមទៀត។ លោកប្រធាន ក៏បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលសំខាន់ៗមួយចំនួន រួមមាន៖ វិស័យវេចខ្ចប់ និងការកែច្នៃចំណីអាហារ, វិស័យកសិ-ទេសចរណ៍, និងវិស័យអាកាសចរណ៍ ជាពិសេសការអភិវឌ្ឍតំបន់រមណីយដ្ឋាននៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជាដើម។ លោកប្រធាន ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបង្កើតនូវសកម្មភាពធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មប្រកបដោយថាមវ័ន្តបន្ថែមទៀត រវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មទាំងពីរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពថ្មីៗទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច​ ក្នុងការគាំទ្រទៅដល់វិស័យឯកជន។ ពាក់ព័ន្ធទៅនឹងវិស័យកសិ-ទេសចរណ៍, សម្ដេចធិបតីបានគូសបញ្ជាក់អំពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជាកាលានុវត្តភាពដែលប្រទេសទាំងពីរអាចចាប់យកក្នុងការតភ្ជាប់វិស័យកសិ-ទេសចរណ៍ជាមួយគ្នា តាមរយៈការតភ្ជាប់ទីផ្សារទេសចរណ៍ជាមួយគ្នា រវាងកោះសេប៊ូ និងខេត្តសៀមរាប ក៏ដូចជាខេត្តព្រះសីហនុ។ ក្នុងន័យនេះ, សម្ដេចធិបតីលើកទឹកចិត្តឱ្យកោះសេប៊ូបន្តពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំឱ្យមានជើងហោះហើរត្រង់រវាងកោះសេប៊ូ និងខេត្តសៀមរាប។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ ក៏ដូចជាការថែរក្សាបរិស្ថានវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់, ភាពទាក់ទាញ និង សុខសុវត្ថិភាព។ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីស្វែងរក កាលានុវត្តភាពថ្មីៗ ក្នុងការពង្រីកការវិនិយោគ, ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ

2026/05/09 03:13:34 am        42
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយបណ្តាថ្នាក់ដឹកនាំនៃប្រទេសអាសាន និងអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋហ្វីលីពីន នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត

2026/05/09 02:46:27 am        164
រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តម Anwar Ibrahim បានបង្ហាញនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី សាជាថ្មីម្ដងទៀត ដោយឯកឧត្តមបានបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងឯកឧត្តមនិងសម្ដេចធិបតី ឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងម៉ាឡេស៊ី និង កម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តម Anwar Ibrahim បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី និងបានគូសបញ្ជាក់អំពីការប្ដេជ្ញាបន្តជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន ទូលំទូលាយ និង រឹងមាំបន្ថែមទៀត ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពល សម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណឯកឧត្តម Anwar Ibrahim ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ចំនួន ២ លើក, ២៨ កក្កដា និង ២៧ ធ្នូ ឆ្នាំ២០២៥។ សម្ដេចធិបតី បានគូសបញ្ជាក់ថា តួនាទីរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់រដ្ឋជាសមាជិកអាស៊ាន ដែលបានបំពេញតួនាទីដ៏សំខាន់ ក្នុងការធានាស្ថិរភាព វិបុលភាព និងចីរភាព នៅក្នុងតំបន់អាស៊ាន។ បន្ថែមលើនេះ, សម្ដេចធិបតី ក៏បានពិភាក្សាជាមួយឯកឧត្តម Anwar Ibrahim អំពីការជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស ការផ្ដោតលើឧស្សាហកម្មហាឡាល់ (Halal Industry) ដែលជាឧស្សាហកម្មមួយមានសក្ដានុពលខ្ពស់ចំពោះកម្ពុជា ក្នុងកិច្ចទំនាក់ទំនងពាណិជ្ជកម្មជាមួយម៉ាឡេស៊ី។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានគាំទ្រកម្ពុជា និងបានបញ្ជូនអ្នកបច្ចេកទេសផ្នែកអាហារហាឡាល់មកកាន់កម្ពុជា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង វេទិកាគាំទ្រ សំដៅធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសដែលទទួលបានសិទ្ធិក្នុងការនាំចេញអាហារហាឡាល់។មុននឹងបញ្ចប់, ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាអំពីការថែរក្សាស្ថិរភាព និង សន្តិភាព ក្នុងតំបន់ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី លើវិស័យការពារជាតិ និងសន្តិសុខ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

2026/05/09 02:07:35 am        36
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Jude Aguilar ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន នាល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM