TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ​ឡើង​ ព្រះអង្គ​មាន​រាជ​បន្ទូល​ឆ្លងឆ្លើយ​ជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា»
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយ​ព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះស្បើយ​ពី​ព្រះ​រោគ
សម្ដេចតេជោ៖«របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»!

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី

2024/06/17 01:59:38 pm        85
តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​នៅសាធារណ​រដ្ឋសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១៨ដល់១៩ ខែមិថុនា ឆ្នាំ២០២៤ ។អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និង​តំណាងពី សភាពាណិជ្ជកម្មកម្ពុជា។សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសិង្ហបុរី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរ​ទស្សនៈ​គ្នា​អំពី​មធ្យោបាយ​នានាក្នុង ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ច​សហប្រតិបត្តិការ​លើវិស័យជាច្រើន ខណៈ ដែលប្រទេសទាំងពីរ​នឹង​ប្រារព្ធខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ នាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹង​ថា​នឹង​ពិភាក្សា​លើ​បញ្ហា​តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្រោយពីជំនួបពិភាក្សានោះ នឹង​មានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ហើយ គម្រោងច្រក​របៀង​តម្លាភាព​ហិរញ្ញវត្ថុនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការ ផងដែរ។ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ ឯកឧត្តម ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និង ឯកឧត្តម លី សៀនឡុង ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។ជាមួយគ្នានេះ សម្តេចធិបតី ក៏នឹងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។ សម្តេចធិបតី ក៏នឹងអញ្ជើញ​ទស្សនា​វិទ្យាស្ថាន​ពហុបច្ចេក​ទេស​ណានយ៉ាង និង មជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ុនធឺណិត (Electronics and Internet of Things) ព្រមទាំង​អញ្ជើញទ​ស្សនា​អគារ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​របស់ក្រុមហ៊ុន Keppel (Keppel's Infrastructure@Changi)ផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ និងជូនពរដល់បងប្អូន​ម៉ូស្លីមទាំងអស់ ក្នុងឱកាស​បុណ្យរ៉ាយ៉ាហាជី

2024/06/17 07:36:56 am        205
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរ និង​ជូនពរ​ដល់​បងប្អូន ម៉ូស្លីមកម្ពុជា ក៏ដូចជាបងប្អូនម៉ូស្លីមទាំងអស់នៅទូទាំងពិភពលោក​ក្នុង​ឱកាស​បុណ្យ​រ៉ាយ៉ាហាជី ខណៈ បុណ្យដ៏ធំមួយនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅប្រទេស​អារ៉ាប៊ី​សាអូឌីត ដោយមានបងប្អូន ម៉ូស្លីមជាងពីរលាននាក់ចូលរួមនៅទួទាំងពិភពលោក ដោយ​ក្នុង​នោះ​ក៏​​មាន​ម៉ូស្លីមកម្ពុជាជិតមួយពាន់នាក់ដែរ។តាមរយៈឆាណែលតេលេក្រាមផ្ទាល់ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចនិងភរិយា សូម​អបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់​បង​ប្អូន​ម៉ូស្លីម​កម្ពុជា​ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយ​​រីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៥ មូហាំ​ម៉ា​ត់​សករាជ ត្រូវនឹងថ្ងៃទី ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០២៤។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា សម្តេច និងភរិយា សូម​អបអរ​សាទរ​ចំពោះ​បង​ប្អូន​ម៉ូស្លីមកម្ពុជា ចំនួន៩១០រូបដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជា​កាតព្វកិច្ច​សាសនា នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមបងប្អូនមកពីគ្រប់ជាតិសាសន៍ប្រមាណជាង ២​លាន​នាក់​នៅជុំវិញសកលលោក ។ តាមរយៈឆាណែលតេលេក្រាមនេះ សម្តេចធិបតី​បាន​បន្ថែម​ទៀត​ថា ​« ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាង​ជ្រាលជ្រៅបំ​ផុត​ចំពោះ​បង​ប្អូន​ម៉ូស្លីម​កម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបាន​ប្រកាន់​យក​សាសនាផ្សេងៗប្រកបដោយសុខដុមនីយកម្មរស់នៅដោយសុខដុមរមនា ក្រោមការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។ ក្នុងឱកាសនេះដែរ សម្តេចធិបតី ក៏សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូម​ទទួល​បាន​ជោគជ័យ ទឹកចិត្តជ្រះថ្លា ក្នុងការបំពេញកាតព្វកិច្ចសាសនានេះ ហើយក៏​សូម​បួង​សួង​សុំ​ឱ្យ​បង​ប្អូនម៉ូស្លីមទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្ដីសប្បាយ មានភាពចម្រុងចម្រើន ប្រកប​ដោយសុភមង្គលគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយផងដែរ៕ អត្ថបទ៖ បាន ចក់ 

នៅព្រឹកថ្ងៃទី១៣មិថុនានេះសម្តេចធិបតី អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យលីមកុកវីងជាង ៥០០នាក់

2024/06/13 06:59:55 am        130
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ លីមកុកវីងជាង៥០០នាក់ ដែលបញ្ចប់ការសិក្សា ដោយជោគជ័យ។ ដោយកម្មវិធីនេះធ្វើឡើងនៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរី ប៉េង ហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សូមបញ្ជាក់ថានិស្សិតដែលទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ នារី ៣៣នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ នារី ២៣៥នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ នារី ៥នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ និងឆ្នាំសិក្សា២០២២-២០២៣។សាកលវិទ្យាល័យលីមកុកវីង គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីល្បាញមួយនៅកម្ពុជា បណ្តុះបណ្តាលលើជំនាញស្ថាបត្យកម្ម និងរចនាផ្ទៃក្នុង ជំនាញច្នៃម៉ូដសម្លៀកបំពាក់ និងរចនាក្រាហ្វិក ជំនាញវិស្វកម្មសូហ្វវែរ និងជំនាញគ្រប់គ្រងពាណិជ្ជកម្មជាដើម។ ចាប់ពីឆ្នាំសិក្សា២០០៧-២០០៨ ដល់ឆ្នាំសិក្សា២០២២-២០២៣ និស្សិត បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យលីមកុកវីងនៅកម្ពុជា មានចំនួនសរុបចំនួន ១,៥២៥នាក់ នារី ៧១១នាក់។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ និស្សិតកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យលីមកុកវីង មានចំនួនសរុប ១,៦២៨នាក់ នារី ៧៨៦នាក់។ សាកលវិទ្យាល័យលីមកុកវីង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩១ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងមានសាខានៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ សាកលវិទ្យាល័យ បានបណ្តុះបណ្តាលនិស្សិតបញ្ញវន្តឆ្នើមរាប់ម៉ឺននាក់មកពីប្រទេសផ្សេងៗគ្នាជាង១៥០ជាតិសាសន៍៕

សម្ដេចតេជោ ហ៊ុន សែន៖«ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ»

2024/06/13 04:54:45 am        238
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឆ្លើយតប​ទៅនឹងការចុះផ្សាយរបស់លោក David Hutt អ្នកសរសេរ​ព័ត៌មាន​នៅកាសែត The Diplomat ថា សម្ដេចគឺបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពី​ឆ្នាំ១៩៩៧​មកម្ល៉េះ។តាមរយៈហ្វេសប៊ុកផ្លូវការនាយប់រំលងអាធ្រាត្រឈានដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលខ្ញុំបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលខ្ញុំបាននិយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភ័ន្តច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។ ជំនួបដែលសំខាន់គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ។ឆ្នាំ២០១២ ជួបជាមួយ នាយក CIA លោក David Patraeus នៅផ្ទះរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns ឆ្នាំ២០២៤ នៅផ្ទះទីក្រុងតាខ្មៅ។ ករណីមិនមានការជួបគ្នាផ្ទាល់ ខ្ញុំក៏បញ្ជូនតំណាងរបស់ខ្ញុំទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៉ីនតោន រាប់ទាំងលោក Mike Pompeo ដែលក្រោយមកក្លាយជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។  កិច្ចសហការសំខាន់របស់យើង គឺប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ។កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយដែលមានអធិបតេយ្យភាព។ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ៕»

ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត

2024/06/12 07:09:25 pm        119
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមអភិបាលខេត្តជេជូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ គឺដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តពិសេសជេជូ ព្រមទាំងបានសម្ដែងនូវការអំណរគុណចំពោះសម្តេចធិបតី ដែលបានគាំទ្រក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ជាមួយរាជធានីភ្នំពេញនាពេលនេះ និងខេត្តសៀមរាបនាពេលកន្លងមកផងដែរ។ បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្តក៏បានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយនឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។ ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការស្វែងរកឱកាស សម្រាប់ការវិនិយោគលើវិស័យផ្សេងៗទៀត រួមមាន៖ វិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាត ជាដើម ក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្រ្ត រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូ និងបានអបអរសាទរចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត រវាងរាជធានីភ្នំពេញ និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ដែលនេះជាផ្នែកមួយក្នុងការរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីការពិភាក្សារវាងសម្តេចធិបតី និងឯកឧត្តមអភិបាលខេត្ត នៅទីក្រុងសេអ៊ូល ក្នុងអំឡុងពេលដែលសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ អំពីការតភ្ជាប់រវាងខេត្តជេជូ និងព្រះរាជាណាចក្រកម្ពុជា តាមរយ:ការផ្តោតសំខាន់លើការជំរុញនូវកំណើនទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់ រវាងខេត្តជេជូ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ឯកឧត្តមអភិបាលខេត្ត ក្នុងការបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការស្វែងរកឱកាសសម្រាប់ការពង្រីកការវិនិយោគ នៅក្នុងវិស័យសក្តានុពលនៅកម្ពុជា។ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរឯកឧត្តមអភិបាលខេត្ត ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអភិបាលខេត្តស្វយ័តពិសេសជេជូ សាធារណរដ្ឋកូរ៉េជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/06/12 05:44:05 pm        65
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម OH Young Hun អភិបាលខេត្តស្វយ័តពិសេសជេជូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។នេះជាជំនួបលើកទី២ ជាមួយ ឯកឧត្តម Oh Young Hun ដែលជំនួបលើកទី១ ក្នុងឱកាស ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពី ថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ ដោយបានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង រដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និង លើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ឱ្យកាន់តែមានការរីកចម្រើន។ក្នុងដំណើរបំពេញទស្សនកិច្ច របស់ ឯកឧត្ដម OH Young Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជានាពេលនេះ នឹងកាន់តែមានវឌ្ឍនភាពបន្ថែមទៀត ។ ដោយ ៖ ដារ៉ា

សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបឯកភាពគ្នារកដំណោះស្រាយបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា

2024/06/12 04:09:58 pm        61
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឯកភាពគ្នា ស្វែងរកដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។​សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានឯកភាពគ្នាបែបនេះ ក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យ ឯកឧត្តកអគ្គរដ្ឋទូតចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។ក្នុងឱកាសនោះឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើងថា សហភាពអឺរ៉ុប និងកម្ពុជាមានទំនាក់ទំនងយូរអង្វែងហើយមានកិច្ចព្រមព្រៀងជាច្រើនជាពិសេសក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលមានទំហំជាង៥ ពាន់លានអឺរ៉ូ។ ឯកឧត្តមបន្តថា ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈកម្មការ អឺរ៉ុបមកកម្ពុជាកាលពីខែមីនាកន្លងទៅនេះ បានចុះកិច្ចព្រមព្រៀងជាច្រើន ក្នុងការជំរុញទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរសម្ដេចតេជោ ក្នុងពេលដែលសម្ដេចជានាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ។ ឯកឧត្តមបានកោតសរសើរសម្ដេចតេជោ និងកម្ពុជាដែលមានជំហរឯករាជ្យនៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងកោតសរសើរសម្ដេចក្នុងការប្រឹងប្រែងរកសុខសន្តិភាពនៅមីយ៉ាន់ម៉ាផងដែរ។ ក្នុងនាមឯកឧត្តម ជាប្រេសិតពិសេសសហភាពអឺរ៉ុបប្រចាំនៅមីយ៉ាន់ម៉ាដែរនោះ ឯកឧត្តមបានបញ្ជាក់ពីការសារៈសំខាន់នៃគុណតម្លៃនានាដូចជា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាពបញ្ជ្ចញមតិ សម្រាប់សហភាពអឺរ៉ុប និងពីការស្វែងរកដំណោះស្រាយដើម្បីនាំមីយ៉ាន់ម៉ាទៅរកប្រក្រតីភាពឡើងវិញ។ ជាកិច្ចឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវមោទនភាព ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុបក្នុងរយៈពេលប្រមាណជាង៣០ឆ្នាំកន្លងមកនេះ។ ទំហំពាណិជ្ជកម្ម ជំនួយ និងការវិនិយោគផ្សេងៗចេញពីសហភាពអឺរ៉ុបបាននាំមកឱ្យកម្ពុជាបានកសាងប្រទេស និងរើបម្រាស់ខ្លួនពីការស្ថានការណ៍លំបាកបន្ទាប់ពីចេញពីរបបប្រល័យពូជសាសន៍។ សម្ដេចបន្តថាកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងអរគុណសហភាពអឺរ៉ុបដែលបានជួយកម្ពុជាក្នុងការស្ដារប្រទេសជាតិឡើងវិញក្រោយវិបត្តិផ្សេងៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានមនុស្ស និងការបោសសម្អាតមីនជាដើម។ ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានពិភាក្សាអំពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លើបញ្ហាមីយ៉ាន់ម៉ា សម្ដេចតេជោ និងឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្ដែង ការព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម។ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។សម្ដេចតេជោបានប្តេជ្ញាចិត្តមិនបោះបង់ក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរស្វែងរកសុខសន្តិភាពនោះឡើយ ដោយត្រូវមានការអំណត់អត់ធន់បន្តិច ដោយសារសភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែលំបាក និងស្មុគស្មាញ។ ចំណែកឯលើបញ្ហាសង្គ្រាមរុស្សី និងអ៊ុយក្រែន សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេត្រូវមានការចរចា។ សម្ដេចក៏កំពុងតាមដានមើលលទ្ធផលនៃកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ដែលពុំមានភាគីពាក់ព័ន្ធផ្ទាល់ក្រៅពីអ៊ុយក្រែនចូលរួម ជាពិសេសរុស្ស៊ី។ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏បានពិភាក្សាគ្នា អំពីសភាពការណ៍ជុំវិញការបោះឆ្នោតសភាអឺរ៉ុបដែលបានប្រព្រឹត្តទៅនាពេលកន្លងទៅនេះ និង ផលវិបាកនៃការបោះឆ្នោតនេះនៅក្នុងប្រទេសអឺរ៉ុបមួយចំនួនផងដែរ។ សម្តេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នា និងបន្តការពិភាក្សាគ្នាតទៅទៀត តាមពេលវេលាសមស្របណាមួយនៅពេលខាងមុខ៕ ដោយ ៖ ដារ៉ា

សម្តេចធិបតី៖ ការអនុវត្តវិធានការគន្លឹះកែទម្រង់រដ្ឋបាលសាធារណៈជាមូលដ្ឋានដ៏ចាំបាច់ កសាងប្រព័ន្ធរដ្ឋបាលសាធារណៈប្រកបដោយសមិទ្ធកម្ម និងភាពធន់

2024/06/12 02:18:59 pm        108
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មា​ន​ប្រសាសន៍​បញ្ជាក់ថា ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ គឺជា​មូលដ្ឋាន​ដ៏​ចាំបាច់បំផុត​ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈ​មួយដែល​ប្រកប​ដោយ​សមិទ្ធកម្ម មានជវភាព និងមានភាពធន់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់​គណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះ ក្នុងការកែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជ​រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅវិមាន​សន្ដិភាព​។មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសម្តេចធិបតី បានសង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការ​កសាង​នូវ​ប្រព័ន្ធ​រដ្ឋបាលសាធារណៈ មួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការ​អនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែល​ត្រូវ​បានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា​ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកប​ដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយ ប្រសិទ្ធ​ភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System) ។ជា​កិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​អនុ​ប្រធាន​ប្រចាំការ នៃគណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​ក្នុង​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ (គ.វ.រ.) បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការ​ដាក់​ឱ្យ​អនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយផ្តោតលើ៖ (១) ការដាក់ ឱ្យអនុវត្ត​ប្រព័ន្ធ​ជ្រើស​រើស​មន្ត្រី​ចូល​បម្រើ​ការងារ​ប្រកប​ដោយ​គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និង​សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធ​ភាព និងស័ក្តិសិទ្ធិភាព និង (៣)​ការដាក់ឱ្យអនុវត្តប្រព័ន្ធ​លើកទឹក​ចិត្ត​គាំទ្រ​សមិទ្ធ​កម្ម​ក្នុង​រដ្ឋបាល​សាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។បន្ទាប់​ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ហ៊ុន ម៉ានី សម្តេចធិបតី បានសម្តែង​ការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងរយៈពេល ៩ខែមកនេះ និង​បានគូសបញ្ជាក់ លើចំណុចសំខាន់ៗដូចខាងក្រោម៖ (១) ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូលបម្រើ ត្រូវអនុវត្តបន្ត តាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ» (២) ការពង្រឹង​សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់ និងធ្វើឱ្យបាន​សម្រេច​លើ​ការងារ​នេះឱ្យបានតាមគោលដៅ គឺ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ និង (៣) ក្រសួង​មុខងារសាធារណៈត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធ លើកទឹក​ចិត្តគាំទ្រ​សមិទ្ធ​កម្ម​នេះ​ឱ្យបានសមស្រប និងទាន់ពេល។នៅក្នុងកិច្ចប្រជុំនេះ​ដែរ​សម្តេចធិបតីក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈ​រប​ស់រា​ជ​រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។ សម្តេចធិបតី ក៏បានផ្តល់​អនុសាសន៍​បន្ថែម​មួយ​ចំនួន​សម្រាប់​ជា​ទិសដៅ ការងារដែលត្រូវអនុវត្តបន្តរបស់ គ.វ.រ. ដូចខាងក្រោម៖ (១) ក្រសួងមុខងារ​សាធារណៈ ក្នុងនាមជាលេខាធិការដ្ឋានរបស់ គ.វ.រ. ត្រូវបន្តដឹកនាំ និងសម្របសម្រួល ការងារ​អនុវត្ត​ផែនការសកម្មភាពវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការ​ចូលរួម សហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។(២) ត្រូវបន្តរៀបចំការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​រាជការ​សម្រាប់​ផែនការ​ក្រប​ខណ្ឌ​ដែល​បាន​អនុម័ត​ក្នុងឆ្នាំ២០២៣ និង ផ្អែកលើគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយត្រូវរៀប​ចំ​ឱ្យ​មាន​ផែនការប្រឡង ប្រជែងជ្រើសរើស និងអនុវត្តទៅតាមនិយាម​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការ​ប្រឡង​ប្រជែង​ជ្រើសរើសមន្ត្រីរាជការ ស៊ីវិល ដែលរាជរដ្ឋាភិបាល​បាន​អនុម័ត​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៤​កន្លងមក។(៣) ត្រូវជំរុញក្នុងការរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្ត្រីប​ច្ចេក​ទេស​សុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀង) ឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការជ្រើសរើស នាពេលខាងមុខ ហើយក៏ជាមូលដ្ឋាន​សម្រាប់​ការ​គិត​គូ​រៀប​ចំ​ក្រប​ខណ្ឌ​គតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រង មន្ត្រីបច្ចេកទេសក្នុងវិស័យ អប់រំ និងក្នុង​វិស័យ​គន្លឹះ​ដទៃ​ផ្សេងទៀត។(៤) ត្រូវបន្តកិច្ចការពិនិត្យឡើងវិញ, ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ក៏ដូច​ជា​ការធ្វើ បច្ចុប្បន្នភាពទិន្នន័យមន្ត្រីក្រសួង-ស្ថាប័ន និងមន្ត្រីថ្នាក់មូលដ្ឋានសម្រាប់វិស័យ អប់រំ និង​វិស័យសុខាភិបាល ដោយឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានស្អាត ដោយ​ក្នុង​នោះត្រូវ៖ - មានការកំណត់មុខងារឱ្យបានច្បាស់លាស់នៅក្នុងកម្រិតក្រសួង និង​អង្គភាព​របស់​ក្រសួង។ការរៀបចំ​រចនាសម្ព័ន្ធរបស់អង្គភាព ត្រូវគិតគូរដល់ការគាំទ្រការអនុវត្តមុខងារ ដែល​អាច​ធានា​បាន​នូវ ប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នា​នៅ​ក្នុង​ដំណើរ​ការ​ក្នុង​ក្រប​ខណ្ឌ​ការងារ​របស់​ក្រសួង​នីមួយៗ សំដៅឆ្ពោះទៅគាំទ្រក្របខណ្ឌរដ្ឋាភិបាលទាំងមូល ដោយភាព​ប្រទាក់​ក្រឡា​គ្នា​នេះ​អាច​ធានាបាននូវផលវិជ្ជមាន ប្រសើរជាងមុន និងផ្តល់ផលប្រយោជន៍ជារួមជូនដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលនិងប្រើប្រាស់សេវាសាធារណៈ​ការប្រើប្រាស់ធនធានមនុស្ស ត្រូវអនុវត្តទៅតាមរចនាសម្ព័ន្ធដែលបានកំណត់ ដែលក្នុងនោះ​ត្រូវ​កំណត់ក្របខណ្ឌមុខតំណែងឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋាន​ក្នុង​ការភ្ជាប់​ការ​អនុវត្ត​ជាមួយ​មុខ​ងារ​របស់ អង្គភាព ដែលកិច្ចការនេះនឹង​ផ្តល់​ជា​មូលដ្ឋាន​​ឈាន​ទៅ​បន្តការ​ពិនិត្យ​មើល​ស្ថានភាព​លើស ឬ ខ្វះមន្ត្រី ការរៀបចំ ផែនការជ្រើសរើស ការរៀបចំផែនការពង្រាយមន្ត្រី ការ​រៀប​ចំ​​ផែនការបណ្តុះបណ្តាល ព្រមទាំងជាមូលដ្ឋាន គិតគូរអំពី​លទ្ធភាព​រៀបចំ​ផែនការ​ចូលនិ​វត្តន៍​មុន​កាល​កំណត់ផងដែរ។ជាចុងក្រោយ សម្តេចធិបតី បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ បន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម ព្រមទាំង​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក ក្រោមអភិក្រម “ជវភាពនៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​”៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

2024/06/12 11:36:52 am        205
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការអន្តរក្រសួង នឹងរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤- ដែលនឹង ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កង​កម្លាំង​ប្រដាប់​អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជា​សាច់​ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិនៃយើង គណៈកម្មការអន្តរក្រសួង នឹង​រៀប​ចំ​ពិធី​ដាក់​កម្រង​ផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមហាចេតិយតំបន់ ប្រវត្តិសាស្ត្រ​យោធាតេជោ​កោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការជាតិ​កំណែ​ទម្រង់​រដ្ឋបាលសាធារណៈ

2024/06/12 09:22:51 am        207
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការជាតិ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។អស់រយៈពេលជាង ៨ខែ មកហើយ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុង​ការ​កែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឬ គ.វ.រ. បានជួប​ប្រជុំគ្នា​។សារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជា​មូលដ្ឋាន​ដ៏​ចាំ​បាច់​បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មាន​ជីវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌនៃការសម្រេច ចក្ខុ​វិស័យ​កម្ពុជាឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុង​រយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មាន​អភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និង​ប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ​ (Dynamics of Stakeholder System)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មានរបស់អ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ ពុំបានស្នើសុំការបន្ថែមពេលបទឈប់បាញ់ទេ
04/22/2026 03:04 PM
ភ្ញៀវទេសចររាប់រយនាក់ ជាប់គាំងនៅលើភ្នំ Rio de Janeiro អំឡុងពេលប្រតិបត្តិការរបស់នគរបាល
04/22/2026 03:04 PM
Lufthansa នឹងលុបការហោះហើររដូវក្តៅ ២០.០០០ជើង ដើម្បីសន្សំសំចៃការចំណាយថ្លៃប្រេងឥន្ធនៈ
04/22/2026 03:04 PM
បារាំង ប្រកាសវិធានការថ្មីៗដើម្បីជួយកម្មករ និងវិស័យជាច្រើនទៀតក្នុងពេលតម្លៃប្រេងឡើងខ្ពស់
04/22/2026 03:04 PM
រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិន បានអញ្ជើញមកដល់កម្ពុជាក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដើម្បីចូលរួមកិច្ចប្រជុំលើកទី១នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២»
04/22/2026 03:04 PM
ប្រធានាធិបតីម៉ិកស៊ិក ហៅការវាយប្រហារនៅតំបន់ទេសចរណ៍បណ្តាលឲ្យមនុស្សស្លាប់និងរបួសថា មិនធ្លាប់មានពីមុនមក
04/22/2026 03:04 PM
ប្រធានាធិបតីអាហ្សង់ទីន ដុតបំភ្លឺភ្លើងគប់សម្រាប់ទិវាឯករាជ្យរបស់អ៊ីស្រាអែល
04/22/2026 03:04 PM
រយៈពេល៤ខែឆ្នាំនេះ កម្ពុជាប្រមូលចំណូលពន្ធអាករ សួយសារពីរ៉ែមាសបានជាង ៦០ លានដុល្លារ
04/22/2026 03:04 PM
អឺរ៉ុបត្រៀមខ្លួនឆ្លើយតបវិបត្តិថាមពលដោយសារសង្គ្រាមអ៊ីរ៉ង់ ជាលើកទី២ រយៈពេល ៤ឆ្នាំ
04/22/2026 03:04 PM
ការចរចា រវាងអាមេរិក និងអ៊ីរ៉ង់ មិនច្បាស់លាស់ ដោយដំណើររបស់លោក Vance ត្រូវបានលុបចោល
04/22/2026 03:04 PM