កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម
កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី៖ ការធ្វើបរិវត្តកម្មឌីជីថលគឺដើម្បីចាប់យកឱកាស និងផលប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិ

2024/03/11 10:39:10 am        246
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល​របស់​រាជរដ្ឋាសភិបាល គឺដើម្បីចាប់យក និងការទាញយក​ផល​ប្រយោជន៍​ជា​អតិបរមា​ពី​ការ​រីក​ចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល និងដើម្បី​បង្កើន​ផលិត​ភាព ប្រសិទ្ធភាពសេដ្ឋកិច្ចព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី​បើក​«វេទិកា​រដ្ឋាភិបាល​ឌីជីថល លើកទី១ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃទី១១ មីនា ២០២៤ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះសម្តេចធិបតី បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផលធំៗក្នុងវិស័យឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួង​-ស្ថាប័នពាក់ព័ន្ធ និង​លេខាធិការដ្ឋាន​អាស៊ាន​សម្រេច​បាន​នា​ពេល​កន្លង​​ទៅ​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​កម្ពុជា និងក្របខ័ណ្ឌអាស៊ាន។ សម្តេចធិបតីថ្លែងថា ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើរយៈពេល៣ថ្ងៃ ដើម្បី​អប​អរ​សាទរ​សមិទ្ធផល ដែលកម្ពុជាសម្រេចបានកន្លងមកព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាម​រយៈ​ការ​ពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ លើក​គំនិត​ផ្តួច​ផ្តើម និងកិច្ច​សហប្រតិបត្តិការ​នានា​ព្រម​ទាំង​ជំរុញ​ការ​អភិវឌ្ឍ​សេវា​សាធារណៈ​ឌីជីថលថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា និង​អាស៊ានក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។សម្ដេច​ធិបតីបញ្ជាក់ថាការធ្វើបរិវត្តកម្មឌីជីថល ក៏ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និង​កសាង​សង្គម​ស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកប​ដោយ​បរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់​ហើយ​ក៏​រក្សា​ឱ្យ​បាន​នូវ​អ​ត្ត​សញ្ញាណ និងវប្បធម៌ជាតិផងដែរ។សូមជម្រាបថា បច្ចេកវិទ្យាឌីជីថល​គឺ​ជាវិស័យ​ដ៏មានសារៈសំ​ខា​ន់​ក្នុង​យុគ​សម័យ​បរិវត្ត​កម្ម​ឌីជីថល​នេះ ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលចាប់តាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើបច្ចេកវិទ្យាឌីជីថលនេះថែមទៀត ក្នុង​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមឌីជីថល៕ អត្ថបទ៖ វ៉ន ដារ៉ា

អនុស្សរណៈយោគយល់គ្នាចំនួន៤ បានចុះហត្ថលេខាក្នុងវេទិការដ្ឋាភិបាលឌីជីថល

2024/03/11 10:30:09 am        242
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤ និងពិព័រណ៍​បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។បន្ទាប់ពីបានចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ក៏បានអញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ រួមមាន៖១/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និង​ទូរគមនាគមន៍ នៃ​សាធារណរដ្ឋ​ប្រជាមានិតឡាវ២/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៣/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខ នៃសាធារណរដ្ឋកូរ៉េ៤/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)។

កម្ពុជាបាននិងកំពុងចូលរួមជាមួយប្រទេសក្នុងតំបន់អាស៊ាន ជំរុញរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន

2024/03/11 10:05:46 am        255
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា នា​ពេល​នេះ​ប្រទេស​កម្ពុជា​​បាន និងកំពុងចូលរួមជាមួយប្រទេសជាសមាជិកអាស៊ាន ជំរុញ​រៀបចំ​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឌីជីថលអាស៊ាន ដើម្បីធ្វើយ៉ាង​ណាជួយ​បង្កើន​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ពី​មួយ​ទ្រី​លាន​ដុល្លារ ដល់ពីរទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០៣០។ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី​នេះ​គឺ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​បើក​វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិ​ទ្យា​ឌីជីថល​នៅ​កម្ពុជា​អន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោ​ម​ប្រធានបទ«ការលើកកម្ពស់ចិរភាព និង​បរិយាប័ន្ន​នៃ​ការ​អភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៤​នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ បច្ចេកវិទ្យា​ជាអាទិភាពថ្មីមួយ ក្នុងយុទ្ធសាស្រ្ត​បញ្ចកោណ​របស់រាជរដ្ឋាភិបាល នីតិកាលទី៧

2024/03/11 09:54:46 am        290
សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងថា បច្ចេកវិទ្យា គឺ​ជា​អាទិភាព​ថ្មី​មួយ ​ក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ហើយ​រាជ​រដ្ឋាភិបាល​នឹង​ខិតខំ​លើក​កម្ពស់នូវឌីជីថលូបនីយកម្មឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុ​ជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្ពុជា​អន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោម​ប្រធាន​បទ ​«ការ​លើក​កម្ពស់​ចិរ​ភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថ្មី​របស់​បង​ប្អូន​ប្រជាពលរ​ដ្ឋក​ម្ពុជា និងអាស៊ាន និងក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ពេញ​លេញ​នោះ​សម្តេច​សូមធ្វើ​ការកោតសរសើរ និងវាយ តម្លៃខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទាក់ទងនឹងការលើកកម្ពស់វិស័យបច្ចេកវិទ្យានេះ ខណៈ​វិស័យ​មួយ​នេះ​បាន​កំពុង​ស្ថិត​នៅ​ជា​អាទិភាពមួយក្នុងយុទ្ធសាស្រ្តបញ្ច​កោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា សម្រាប់កម្ពុជាការធ្វើបរិវត្តកម្មឌីជីថល គឺជាការ ចាប់​យក និងទាញយកផលប្រយោជន៍ជាអតិបរមា នៃការរីកចម្រើនបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ប្រើប្រាស់សេ​វា​ឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយ​ដំណាល​គ្នា​នេះ​ក៏​រក្សាឲ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិផងដែរ៕ អត្ថបទ៖ បាន ចក់

កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិ នៃគ្រួសារ​ទាហាន​អាមេរិក​បាត់ខ្លួន​នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ

2024/03/08 12:53:59 pm        207
នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធាន​សហព័ន្ធជាតិ​នៃ​គ្រួសារ​ទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួប​សម្តែង​ការ​គួរសម ព្រមទាំងបានចូលរួមអបអរសាទរ​ចំពោះជោគជ័យ​នៃដំណើរបំពេញបេសកកម្ម​ការងារ​របស់សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុង​ម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកជូនចំពោះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា ​អាណត្តិទី៥ កាលពីថ្ងៃទី២៥​​​ខែកុម្ភៈ​​កន្លងមកនេះ។ លោកស្រី ក៏បានគោរពថ្លែងអំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សកម្មភាព​របស់​សហព័ន្ធជាតិ នៃ​គ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណ​ជាង ៣២ ឆ្នាំមកនេះ។ ជាងនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូ​ដ៏ល្អបំផុត​ក្នុង​ការ​គាំទ្រ​សកម្ម​ភាព​ការងារ​របស់​សហព័ន្ធជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ ដែលនេះជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ​ចំពោះក្រុម​គ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាង​ច្បាស់រវាង​ការងារ​មនុស្ស​ធម៌ និងបញ្ហានយោបាយ។ ទន្ទឹងនឹងនេះ លោកស្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពី​អ្នក​ដែលត្រូវបន្តការងារបន្ទាប់ពីលោកស្រីបញ្ចប់ភារកិច្ច គីលោក Mark Stephensen ដែល​លោក​នឹងត្រូវបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ លោកស្រី Ann Mills-Griffiths និងសហការី ព្រមទាំងបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះសកម្មភាពការងាររបស់សហព័ន្ធជាតិ​នៃគ្រួសារ​ទាហាន​អាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។ សម្តេចធិបតី ក៏បានបញ្ជាក់ផង​ដែរថា​ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការគាំទ្រការងារបស់សហព័ន្ធលោកស្រី ហើយរាជ​រដ្ឋាភិបាល​នឹង​ខិតខំបន្ថែមទៀតក្នុងការសម្របសម្រួល​លើ​សកម្មភាព​នេះ​ឱ្យ​សម្រេច​បាន​ជោគជ័យ ទោះបីជានៅតំបន់ខ្លះ​នៅមានលក្ខណៈស្មុគស្មាញក៏ដោយ។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់​ជូនលោកស្រីថា​ជាមួយនឹងបទពិសោធន៍ដ៏ច្បាស់លាស់​និងយូរអង្វែង​រាជរដ្ឋាភិបាលនឹងប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ុល សារឿន បន្តទៀត​ក្នុងការសម្របសម្រួល និងសហកា​រជា​មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុ​ជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសា​រនៃទាហានដែលបានបាត់ខ្លួន ៕

សម្តេច ឃួន សុដារី៖ ការដោះស្រាយវិសមភាពយេនឌ័រមិនមែន ដើម្បីតែស្ត្រីប៉ុណ្ណោះទេ តែនឹងធ្វើឱ្យសង្គមមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា

2024/03/08 12:38:32 pm        186
ភ្នំពេញ៖ នៅពេលអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងវេទិកាតុមូលលើកទី២ ស្តីពី សមភាព និង​ចំនួនស្មើគ្នារវាងស្រ្តី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងពីតួនាទីគម្រូរបស់ស្រ្តី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមោះមុត​ក្នុងកា​រពង្រឹង​សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលនីតិកាលទី ៧ ជាផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៨) បាន​គូស​បញ្ជាក់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី នៅលើ​វិស័យ​សំខាន់ៗរួមមាន សេដ្ឋកិច្ច អប់រំ សុខាភិបាល និងភាពជាអ្នកដឹកនាំសាធារណៈ។ សម្តេច​រដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា រដ្ឋសភា​បា​នប្តេជ្ញា​ចិត្ត​ក្នុង​បុព្វ​ហេតុ​លើក​កម្ពស់​សម​ភាព​យេនឌ័រ តាមរយៈការងារនីតិកម្ម ការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃ និង​ភាព​ជាតំ​ណាង​របស់​ខ្លួន “យើងបានបញ្ជាក់ច្បាស់នូវវិធីសាស្ត្រផ្តោតលើយេនឌ័រ និងការរឆ្លើយត​ប​ទៅ​នឹង​តម្រូវ​ការ​យេនឌ័រ​ក្នុងការស្វែងរកការគាំទ្រមតិលើការបង្កើតច្បាប់ និងគោលនយោបាយ”។ សម្តេចប្រធានរដ្ឋសភា បានបន្តទៀតថា នៅពេល​យើង​អាច​លើក​កម្ពស់​កម្រិត​នៃ​សមភាព​យេនឌ័របាន យើងមិនត្រឹមតែអាចកៀរគរមតិដើម្បីសម្រេចបាននូវសិទ្ធិសម្រាប់ស្ត្រីនោះទេ ហើយ​យើង​ក៏​អាចជួយជំរុញឱ្យសង្គមមួយមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកលើកទី១ ដែលរដ្ឋសភាប្រទេសបាំងធ្វើជាម្ចាស់ផ្ទះ មាន​ការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តី មកពីប្រទេសចំនួន២៥ នៅទូទាំងពិភពលោក ដែល​មក​ជួប​ជុំគ្នាដើម្បីជំរុញបន្ថែមទៀតនូវការទូតសភាប្រកបដោយភាពបុរេសកម្ម ដែលគិតគូរ​ពី​បញ្ហា​ស្រ្តី​ និង​ក្មេងស្រី ការលើកកម្ពស់សិទ្ធិស្រ្តី និងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ ជាង​នេះ​ទៀត អ្វីដែលសំខាន់គឺ សភាដើរតួនាទីនាំមុខ ក្នុងការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរស តាមរយៈ​ការតាក់តែងនិងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។ កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលសំខាន់ចំនួនពីរ គឺទី១ មានប្រធានបទ ការអប់រំ​ប្រកប​ដោយ​សមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី និងទី២មានប្រធានបទ សមភាព និង​ចំនួនស្មើគ្នារវាងស្ត្រី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទី​គម្រូ​របស់​ស្ត្រី។​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងទៅកាន់អង្គប្រជុំបន្តថា ភាពជាអ្នកដឹកនាំរបស់ស្ត្រី មិន​មែន​គ្រាន់​តែជារឿងនិទាននោះទេ តែជាសក្ខីកម្មនៃភាពធន់ និងសមត្ថភាពរបស់ស្រ្តី។ ស្ត្រីបាន​បង្ហាញ​នូវ​ភាពជាអ្នកដឹកនាំដែលរួមបញ្ចូលដោយលក្ខណៈនៃការយល់ចិត្ត ការយកចិត្តទុកដាក់ ការ​ចែក​រំលែក និងភាពជាអ្នកដឹកនាំល្អិតល្អន់ទាំងនៅតាមគេហដ្ឋាន និងក្នុងវិស័យវិជ្ជាជីវៈ។សម្តេច​ប្រធានរដ្ឋសភា បានជម្រាបជូនអង្គប្រជុំថា គេត្រូវទទួល​ស្គាល់​ពី​ធម្មជាតិ​ដែល​បាន​ចាក់​ឫស​យ៉ា​ងជ្រៅក្នុងវិសមភាពយេនឌ័រ។ ស្ត្រីនិងក្មេងស្រីតែងប្រឈមទៅនឹងអំពើហិង្សា ការ​រំលោភ​បំពាន និងការផ្តល់តម្លៃមិនស្មើគ្នា ទាំងនៅតាមផ្ទះ កន្លែងធ្វើការ និងតាមសហគមន៍ ព្រមទាំង​មិន​ទាន់​បាន​នូវឱកាសរៀនសូត្រ រកប្រាក់ចំណូល និងដឹកនាំថែមទៀតផង។ ការដោះស្រាយ​វិសម​ភាព​យេនឌ័រ គឺជាបញ្ហាសកលមួយដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប មិនមែន​សម្រាប់​តែ​ស្ត្រីប៉ុណ្ណោះទេ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានលើកឡើង​ថា​ការ​ជួប​ជុំ​ប្រធាន​សភា​ជា​ស្រ្តី​នាឱកាសនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រ្តី។ តំណាងស្រ្តីដែលបានជជែក ពិភាក្សាយ៉ាងហ្មត់​ចត់​អំពី​ប្រធាន​បទ​ដ៏​មា​ន​សក្តា​នុពល​រវាង​សម​ភាព​យេន​ឌ័រ ភាពស្មើគ្នា និងការពង្រឹងអំណាចនៅក្នុងនយោបាយ បានគូសបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​គម្រូក្នុងសង្គម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា “ស្ត្រីត្រូវកសា​ង​សមត្ថ​ភាព និងជំនាញរបស់ខ្លួន ដើម្បីចាប់យកនូវកាលានុវត្តភាព ដែលគាំទ្រដោយ​បរិយាកាស​អំណោយ​ផល រួមបញ្ចូលទាំងការគាំទ្រពីក្រុមគ្រួសារ ដៃគូ និងសហគមន៍។ យើងចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរបទដ្ឋានសង្គម រួមមានផ្នត់គំនិត ក៏ដូចជាប្រព័ន្ធនយោបាយ និង​សេដ្ឋកិច្ច សំដៅផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ដើម្បី​ឱ្យ​ពួក​គេអាចសម្រេច​បាន​នូវ​សក្តា​នុពលរបស់​ខ្លួន”៕​

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តផ្ដល់អាទិភាពខ្ពស់ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី​លើគ្រប់វិស័យ

2024/03/08 10:42:04 am        146
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថាថា រាជរដ្ឋាភិបាល បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង​ការ​បង្កើន​ភាពអង់​អាច​របស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងរបៀបវារៈគោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ដ្រី គឺជាស្នូល។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា អបអរ​សាទរ​ខួប​ទី​១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែលកម្ពុជា ប្រារព្ធ​ទិវា​អន្តរជាតិ​នេះឡើ​ង ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណង​រំលេច ​អំពីសក្តានុពលនិងសារៈសំខាន់នៃការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី នៅ​ក្នុង​សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានឹង​បន្ត​ថែ​រក្សា​មរតក​ដ៏​ថ្លៃ​ថ្លា​របស់​រាជ​រដ្ឋាភិបាល អាណត្តិ មុនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ​របស់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈ​ការ​បង្កើន​ការ​វិនិយោគ​លើ​របៀប​វារៈយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យ សេដ្ឋកិច្ច អប់រំ សុខភាព និង​ក្នុង​តួនាទី​ជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈ អំណោយ​ផល​ដល់ស្ត្រី ការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីសុខភាព និងផែនការគ្រួសារ កាត់​បន្ថយ​ភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តីនិងក្មេងស្រី ព្រម​ទាំង​ការ​លើក​កម្ពស់ទំនាក់ទំនងអន្តរជំនាន់។សម្ដេចបន្តថា នយោបាយឈ្នះឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្ត្រីនៅកម្ពុជា ដោយ​សុខ​សន្តិភាព​បាន​បង្កើតស្ថានភាព អំណោយផល ធ្វើឲ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍ និងភាពរីក​ចម្រើន ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និង​អនុវត្ត​កម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេស ការលើក​កម្ពស់​សិទ្ធិ​ស្រ្តីឲ្យបានកាន់តែទូលំទូលាយ។ មានដូចជា នៅក្នុងវិស័យអប់រំ គម្លាតយេនឌ័រនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា​ត្រូវ​បាន​លុប​បំបាត់​។ ស្ត្រីកម្ពុជា បានចូលរួមយ៉ាងសកម្ម និងជាតួអង្គដ៏សំខាន់ នៅក្នុងការ​លើក​កម្ពស់​ស្ថានភាព​ជីវភាព​គ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ស្ត្រីមាន​អត្រា​ប្រមាណ​៦៩%​ ជាអ្នកតំណាងនៅក្នុងចំណោមអង្គភាព សេដ្ឋកិច្ចសរុបនៅកម្ពុជា។ កម្ពុជា​ទទួល​បាន​ការ​ដាក់​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត នៅក្នុងចំណោមបណ្ដាប្រទេស លើសកលលោក ដែល​មាន​សេរីភាព​សម្រាប់​ស្ត្រី ក្នុងការចាប់ផ្តើមធ្វើអាជីវកម្មនិងធុរកិច្ច។ អត្រាមរណភាពមាតាមានការថយចុះជាបន្តបន្ទាប់ (ពី៤៣៧នាក់ ក្នុងឆ្នាំ២០០០ មកនៅ​ត្រឹម​១៥៤​នាក់ នៅឆ្នាំ២០២២ ក្នុងចំណោមទារកកើតរស់ ១០០,០០០នាក់)។ ស្ត្រីជាកម្មការិនី ទទួល​បានការឈប់សម្រាកលំហែមាតុភាពរយៈពេល៣ខែ ដោយទទួលបានប្រាក់បៀវត្សរ៍ ១២០% បូកបន្ថែមជាមួយនឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន៤០ម៉ឺនរៀល សម្រាប់​ការ​សម្រាល​កូន១នាក់ ចំនួន៨០ម៉ឺនរៀល សម្រាប់ការសម្រាលកូនភ្លោះ២នាក់ ហើយសម្រាប់​កូន​ភ្លោះ​៣​នាក់ ចំនួន១លាន២០ម៉ឺនរៀល បូកបន្ថែមនឹងជំនួយឧបត្ថម្ភរបស់សម្ដេចតេជោ ចំនួន ៥លាន​រៀលទៀត។ របាយការណ៍អង្កេតប្រជាសាស្ត្រនិងសុខភាព ចុងក្រោយ បានឱ្យដឹងថា អត្រា​ប្រេវ៉ាឡង់ នៃអំពើហិង្សាលើស្រ្តីពី សំណាក់ដៃគូ​ស្និទ្ធ​ស្នាល​ក្នុង​មួយ​ជីវិត​មាន​ការ​ថយ​ចុះ​ពី​២៩% នៅឆ្នាំ២០១៤ មកត្រឹម២១% នៅឆ្នាំ២០២១។ ការចូលរួមរបស់ស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច បានកើនឡើងជាបន្តបន្ទាប់ តាមរយៈ​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល និងថ្នាក់ដឹកនាំនៅគ្រប់កម្រិត ជាពិសេស ការប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ក្នុង​ការ​ដាក់​ចេញ​វិធាន​ការជាវិជ្ជមាន ក្នុងការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការថ្មីតាមក្រសួង ស្ថាប័ន ដោយ​កំណត់​ឱ្យ​មាន​អត្រាចំនួនស្ត្រីពី២០% ទៅ៥០%។ វប្បធម៌អហិង្សា សីលធម៌សង្គម និងការ​ថែ​រក្សា​ភាព​ថ្លៃថ្នូររបស់ស្ត្រី និងតម្លៃគ្រួសារខ្មែរ ត្រូវបានលើកកម្ពស់ជា បន្តបន្ទាប់ ដោយចាត់​ទុក​ថា​ជា​កត្តា​ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ភាពជាពលរដ្ឋ ក្នុងសង្គមដែលមាន អារ្យធម៌ខ្ពស់ ប្រកប​ដោយ​សីលធម៌ សមធម៌ និងបរិយាបន្ន៕

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីចាត់ទុកកម្ពុជាជាប្រទេសមួយអស្ចារ្យ

2024/03/07 11:32:39 am        209
ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយអស្ចារ្យ ដែល​ឆ្លង​កាត់​របបប្រល័យពូជសាសន៍ ហើយឥឡូវក្លាយជាប្រទេសរឹងមាំ មានសន្តិភាព និងស្ថិរភាព​នយោបាយ និងការអភិវឌ្ឍដូចប្រទេសសមាជិកអាស៊ានដទៃទៀតដែរ។ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅ​ព្រលាន​យន្ត​ហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី កាល​ពីយប់​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមថ្លែងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី​បានចាត់​ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​អស្ចារ្យ​ក្នុង​ន័យ​ថា ជាប្រទេសមួយមានភាពធន់ខ្លាំង គួរឱ្យស្ញប់ស្ញែង ដ្បិតកម្ពុជា​បាន​ឆ្លង​កាត់​សោកនាដកម្ម​មួយ​ពាន់​ជំពូក រួមទាំងបានឆ្លងកាត់របបប្រល័យពូជសាសន៍ថែមទៀត ប៉ុន្ដែឥឡូវ​ក្លាយ​ជា​ប្រទេស​រឹងមាំ ដែលមានសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីបន្តអភិវឌ្ឍ ដោយតាម​ប្រកិត​ពី​ក្រោយ​បណ្តា​ប្រទេសនានានៅអាស៊ីអាគ្នេយ៍ដែរ។សូមជម្រាបថា កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងជាមួយគ្នាយូរអង្វែងជាង៧ទសវត្ស កន្លង​មក​ហើយ ដោយអូស្រ្តាលីជួយកម្ពុជាច្រើន ជាពិសេសអំឡុងស្វែងរកសន្តិភាព ជូនកម្ពុជា​នៅ​ក្នុង​ទសវត្ស​ ឆ្នាំ១៩៩០ ហើយពេលនេះអូស្រ្តាលីបន្តជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស និង​ក្នុង​វិស័យគន្លឹះៗជាច្រើន ដូចជាកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ និង​ការ​ការ​ពារ​សន្តិសុខជាដើម។ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា អូស្ត្រាលី បានដាក់ចេញ​នូវ​យុទ្ធសាស្រ្តសេ​ដ្ឋកិច្ច​អូស្ត្រាលីមួ​យច្បាស់លាស់សម្រាប់អាស៊ីអាគ្នេយ៍ ហើយនៅក្របខ័ណ្ឌ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ អូស្រ្តាលីគ្រោងនឹងសហការជាមួយកម្ពុជា នៅលើវិស័យមួយ​ចំនួន​ដូច​ជាវិស័យ​កសិកម្ម​ដែល​ត្រូវតែលើកកម្ពស់ផលិតភាព វិស័យអប់រំតាមរយៈការលើកកម្ពស់ជំនាញវិទ្យាសាស្ត្រ ព្រម​ទាំងវិស័យទេសចរណ៍ជាដើម។ តាមរយៈវិស័យទេសចរណ៍នេះដែរ រដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី តាមរយៈក្រសួងការបរទេស នៃប្រទេសទាំងពីរ បានចុះកិច្ច​ព្រមព្រៀង​មួយ​ស្តីពី​សេវា​កម្ម​ដឹក​អញ្ជូន​តាមផ្លូវអាកាស ហើយគោលដៅគឺជំរុញទំនាក់ទំនងកម្ពុជា-អូស្រ្តាលីជាអាទិ៍ នៅ​លើ​វិស័យទេសចរណ៍នេះឯង៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្តេចធិបតីស្វាគមន៍អូស្ត្រាលីក្នុងការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ចជាមួយតំបន់អាស៊ីអាគ្នេយ៍

2024/03/07 11:11:55 am        163
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៤។ប្រមុខដឹកនាំអាស៊ាន និងអូស្ត្រាលី បានពិនិត្យឡើង​វិញ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្រោម​សសរ​ស្ដម្ភ​សហគមន៍​ទាំងបី​របស់អាស៊ាន ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ជាពិសេសវឌ្ឍនភាព​សម្រេច​បាន​សំខាន់​ៗ បន្ទាប់ពីការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២១ ព្រមទាំង​បាន​កំណត់​ទិសដៅអនាគតសម្រាប់តំបន់ទាំងពីរ ទន្ទឹមនឹងការបញ្ចប់​ឱ្យ​បាន​ឆាប់​នូវ​ផែន​ការ​សកម្មភាព​ថ្មី (២០២៥-២០២៩)។ កិច្ចប្រជុំកំពូលពិសេសបានអនុម័តឯកសារចំនួនពីរ គឺទី១ សេចក្តីប្រកាសចក្ខុវិស័យ​រួម​របស់​ថ្នាក់​ដឹក​នាំ​អាស៊ាន-អូស្ត្រាលី៖ ដៃគូសម្រាប់សន្តិភាព និងវិបុលភាព និងទី២ សេចក្តីថ្លែងការណ៍​ទីក្រុងម៉ែលប៊ន​៖ ភាពជាដៃគូសម្រាប់អនាគត។នៅក្នុងកិច្ចប្រជុំកំពូលពិសេសសម្តេចធិបតីបានគូសបង្ហាញថា ដោយការផ្សារភ្ជាប់គ្នា​នៃ​កត្តា​ភូមិសាស្រ្ត និងលក្ខណៈរួមគ្នាអាស៊ាន និងអូស្ត្រាលីគឺជាដៃគូដ៏ស្និទ្ធស្នាល។ ចាប់តាំងពីបានក្លាយ ជា​ដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី​បាន​រីកលូតលាស់​កាន់​តែខ្លាំងឡើងៗជាលំដាប់ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន និងឈាន​ដល់​ការ​បង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២១។ ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងវិបុលភាពនៅក្នុងតំបន់កម្ពុជាតែងតែផ្អែកលើបំណងប្រាថ្នាមួយ និងមកការជឿជាក់គ្នា និងការ​ផ្តល់​ផល​ប្រយោជន៍ទៅវិញទៅមក។អាស្រ័យដោយអាស៊ាន និងអូស្ត្រាលីមានសក្តានុពលកំណើនសេដ្ឋកិច្ចដ៏ត្រចះត្រចង់ដូចគ្នា សម្តេចធិបតី បានគូសបញ្ជាក់​ពីសារៈ​សំខាន់​ក្នុង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មពហុភាគីដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-​អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ (RCEP) ជាដើម និងទន្ទឹងការចូល​ជា​ធរមាន​នៃ​ពិធី​សារ​ទីពីរ​ដើម្បី​ធ្វើ​វិសោធនកម្ម​នៃ​កិច្ច​ព្រមព្រៀង AANZFTA ឱ្យបានទាន់ពេលវេលា។ សម្តេចធិបតីក៏បានស្វាគមន៍ការផ្តោតការយកចិត្តទុកដាក់របស់អូស្ត្រាលីក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ជាមួយតំបន់អាស៊ីអាគ្នេយ៍ និងការដាក់ចេញនូវរបាយការណ៍ស្តីពី «វិនិយោគ៖ យុទ្ធសាស្ត្រ​សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីឆ្ពោះទៅឆ្នាំ២០៤០។សម្តេចធិបតី បានលើកឡើងនូវតម្រូវការបន្តពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន​ដោយ​បាន​បញ្ជាក់​ថា ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីការ​អប់រំ​ប្រកប​ដោយគុណភាពខ្ពស់របស់អូស្ត្រាលី តាមរយៈអាហារូបករណ៍អូស្ត្រាលីសម្រាប់អាស៊ាន, អូស្ត្រាលី សម្រាប់គំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថលអាស៊ាន និងជំនាញសម្រាប់ពេលអនាគត, និង​អាហារូបករណ៍អូស្ត្រាលី Awards។ សម្តេចធិបតីក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អូស្ត្រាលី ចំពោះភាព​ជាដៃគូ​អូស្ត្រាលី​សម្រាប់​គំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ និងចំពោះការគាំទ្ររបស់ខ្លួនដល់កម្មវិធីពង្រឹង សមត្ថភាព​មន្ត្រីរាជការកម្ពុជា និងវិស័យឯកជន​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភាពជាដៃគូ​រវាងរដ្ឋ និងឯកជន។នៅក្នុងសម័យប្រជុំចង្អៀតប្រមុខដឹកនាំអាស៊ាន និងអូស្ត្រាលីក៏បានពិភាក្សាលើបញ្ហាជា យុទ្ធសាស្ត្រ ដែលជាកង្វល់ និងផលប្រយោជន៍រួម និងវិធីសាស្ត្រដែលអាស៊ាន និងអូស្ត្រាលី​អាច​ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ សម្តេចធិបតី បានលើក​ទឹកចិត្ត​ឱ្យមា​ន​កិច្ច​ប្រឹង​ប្រែង​បន្ថែម​ទៀតក្នុងកា​រជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក និងពង្រឹងពហុភាគីនិយមដែលសេរី បើកចំហ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងផ្អែក​លើ​វិធាន​ច្បាប់​។ បន្ថែមពីលើនេះសម្តេចធិបតីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃកិច្ចសន្ទនាការទំនាក់ទំនង និង​វិធានការ កសាងជំនឿទុកចិត្តគ្នា ក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុងតំបន់ និងសាកលលោក៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្ដេចធិបតី បានជួបពិភាក្សាការងារ​ទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូល ៦រូប ប្រកបដោយផ្លែផ្កា

2024/03/07 10:24:42 am        171
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ពីថ្ងៃទី ២-៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំ ៦រូប ក្នុង​នោះមា​នឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី សិង្ហបុរី ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្ដម Christopher Luxon នាយករដ្ឋ​មន្ត្រីនូវែលសេឡង់ និងឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។ក្នុងជំនួបនៅថ្ងៃទី៤ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ប្រធានាធិបតីហ្វីលីពីន បាន​សម្តែង​ការ​ពេញ​ចិត្តដែលភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះ សម្រាប់​កិច្ច​សហប្រតិបត្តិការទ្វេភាគីនៅប្រទេសហ្វីលីពីន ក្នុងឆមាសទី២ ឆ្នាំ២០២៤ ដើម្បី​ពិភាក្សា ​រិះរកមធ្យោបាយជំរុញសន្ទុះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទៅលើវិស័យថ្មីៗទៀត។ ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនពាណិជ្ជកម្ម ទ្វេភាគី ពិសេសការ​ទិញ-​លក់​អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្ត ឱ្យស្ថាប័ន រដ្ឋ និង​ផ្នែកឯ​កជន​សហការគ្នាជំរុញលំហូរទេសចរ រួមទាំងតាមរយៈការបង្កើតជើងហោះហើរត្រង់ តភ្ជាប់​តំបន់​ទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរឯកឧត្តមប្រធានាធិបតី ហ្វីលីពីន បានបញ្ជាក់ថា​នឹង​ជំរុ​ញ​ឱ្យ​បាន​ឆាប់​ការ​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ចៀស​វាង ការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដែល​នឹង​ជួយជំរុញដល់ការផ្លាស់ប្តូរផ្នែកធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលយក​ដោយ​រីក​រាយ​នូវ​ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ហ្វីលីពីនក្នុងពេលសមស្រប។ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែមីនា។ ថ្នាក់ដឹកនាំទាំងពីរ បានលើកពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃ​ទំនាក់​ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ីនៅឆ្នាំ២០២៤ ដែលជាឱកាសប្រសើរសម្រាប់រៀបចំ កិច្ច​ប្រជុំ​គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៥។ ភាគីទាំងពីរ បាន​ឯកភាព គ្នាលើកទឹក​ចិត្ត​ស្ថាប័ន​ពាក់​ព័ន្ធ​អនុវ​ត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នូវ​អនុស្ស​រណៈ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ លើវិស័យកសិកម្ម និងជំរុញឱ្យ​បាន​ឆាប់​នូវ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពីការ​ពង្រីកពាណិជ្ជកម្ម អង្គរ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បាន​ឯកភាព​ជាមួយ​សម្តេច​ធិបតី​នាយករដ្ឋ​មន្ត្រី អំពី សារៈសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងអាកាស ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង វិនិយោគ ព្រមទាំងលំហូរទេសចររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បាន​ឯកភាព​លើកទឹកចិត្តឱ្យ ស្ថាប័នជំនាញ និងផ្នែកឯកជន សិក្សាពីលទ្ធភាព​តភ្ជាប់​តំបន់​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ឱ្យសហគ្រាស និងក្រុមហ៊ុន​ឥណ្ឌូណេស៊ី ពិនិត្យលទ្ធភាព វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី នៅរសៀលថ្ងៃ ដដែល បាន​គ្រប​ដណ្តប់លើវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច និងអប់រំ។ ថ្នាក់ដឹកនាំទាំងពីរ បាន​ឯកភាព​ជំរុញ​គម្រោងសហប្រតិបត្តិការទ្វេភាគីផ្នែកថាមពលកកើតឡើងវិញ និងយល់ស្របគ្នា ផងដែរថា​ជា​ការសំខាន់ក្នុងការជំរុញការតភ្ជាប់បណ្ដាញថាមពលអគ្គិសនីអាស៊ាន ដើម្បីលើក​កម្ពស់​ សន្តិសុខថាមពលក្នុងតំបន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​សិង្ហ​បុរី​ ក៏ បានលើកពីការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ពិសេសការ​លើក​ទឹក​ចិត្ត​វិស័យ​ឯកជន​ឱ្យ​បង្កើត​កញ្ចប់​ទេសចរណ៍​រួមសំដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។ ដើម្បីជួយបង្កើនសមត្ថភាពជំនាញនៃកម្លាំងពលកម្មកម្ពុជា ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​ Lee Hsien Loong បានថ្លែងថា សិង្ហបុរីត្រៀមចែករំលែកបទពិសោធន៍ដល់កម្ពុជា ក្នុង​ការ​លើក កម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ទទួលយក ដោយរីករាយចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ក្នុង​ត្រីមាស​ទី៣​ឆ្នាំ២០២៤។ក្នុង​ជំនួបជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយ តម្លៃ​ខ្ពស់​​ចំ​ពោះ​ការរួមចំណែករបស់អូស្ត្រាលីដល់ដំណើរការសន្តិភាពនៅកម្ពុជា និងការគាំទ្រ​ដល់​ការ​ស្តារ និងអភិវឌ្ឍន៍កម្ពុជាលើវិស័យជាច្រើន ដូចជាកសិកម្ម អប់រំ សកម្មភាពមីន។ល។ និង​ស្វាគមន៍ ការប្រកាស​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​សេដ្ឋកិច្ច​អូស្ត្រាលី​សម្រាប់​អាស៊ី​អាគ្នេយ៍​ឆ្ពោះ​ទៅ​ឆ្នាំ​២០៤០​។សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យស្ថាប័នពាក់ព័ន្ធ​នៃប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​កាន់​តែ​សកម្ម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្ត​ឱ្យ​សាកល​វិទ្យាល័យ​នៃ​ប្រទេស ទាំងពីរសហការគ្នាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកកសិកម្ម និងវិទ្យាសាស្ត្រ ព្រម​ទាំង​ជំរុញ​ឱ្យ​មានកិច្ចសហប្រតិបត្តិការផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការងារ។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់​ពីការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ទំនាក់​ទំនង​គ្រប់​វិស័យ​ជាមួយ តំបន់អាស៊ីអាគ្នេយ៍និយាយជារួម និងជាមួយកម្ពុជា និយាយដោយឡែក ហើយ​បាន​យល់​ស្របថា មានវិស័យជាច្រើនដែលកម្ពុជា និងអូស្ត្រាលី​អាច​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន ជាអាទិ៍ អូស្ត្រាលីមានបទពិសោធន៍ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និង​ជំនាញ​ផ្នែក​វិទ្យា​សាស្ត្រ រីឯកម្ពុជាមានកាលានុវត្តភាពវិស័យទេសចរណ៍។ ថ្នាក់ដឹកនាំ​ទាំងពីរបានអបអរសាទរចំពោះការចុះ ហត្ថលេខាលើកិច្ច​ព្រមព្រៀង​ស្ដីពី​សេវា​កម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដោយរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរ នៅថ្ងៃទី៥ ខែមីនា នេះដែរ ដែល​នឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការប្រាស្រ័យ​ទាក់​ទង​រវាង​ប្រជាជន និង​ប្រជាជន។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បាន ទទួលយក​ដោយ​ភាព​រីករាយ​នូវ​ការ​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្រប។ក្នុង​ជំនួប​ជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់​ចំពោះ​ទំនាក់​ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្ដម Christopher Luxon បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់​កម្ពុជា​ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី។ សម្តេចធិបតី​នាយករដ្ឋមន្ត្រី​បានថ្លែង​អំណរគុណ​ជ្រាលជ្រៅ​ចំពោះជំនួយ​ដ៏មានត​ម្លៃ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោស​សម្អាត​មីន​។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យមានទំនាក់ទំនងពាណិជ្ជកម្ម និងការ​វិនិយោគ​បន្ថែម​ទៀតពីប្រទេសនូវែលសេឡង់លើ វិស័យដែលមានសក្តានុពល រួមទាំងវិស័យ កសិកម្ម និងកសិឧស្សាហកម្ម។ ដោយឡែក​នៅព្រឹកថ្ងៃទី៦ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតពេលជួប ពិភាក្សា​ជាមួយ​ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ផងដែរដើម្បីបន្តកិច្ចពិភាក្សាអំពីការខិតខំបន្ត លើក​កម្ពស់​ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និង វៀតណាម។ នាយករដ្ឋ​មន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ដ៏ ញឹកញាប់​រវាង​ប្រទេស​ទាំងពីរដែលបាន ធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស្អិតរមួតក្នុងក្របខ័ណ្ឌរដ្ឋ ក៏​ដូច​ជា​ក្រប​ខ័ណ្ឌ​បក្ស និងបានផ្លាស់ប្តូរយោបល់គ្នាអំពីការត្រៀមរៀបចំទទួលទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធាន​រដ្ឋវៀតណាមនៅកម្ពុជា និងទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជា ណា​ចក្រ​កម្ពុជា នៅវៀតណាម ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាប​សមភាគី​វៀតណាម​អំពី​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ត្រី​កោណ​អភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម នៅចុងឆ្នាំនេះនៅកម្ពុជា និងបានរំលឹក​អំពី​ការ​ឯកភាព​ឱ្យ​មាន​កិច្ច​ប្រជុំទៀងទាត់ជារៀង រាល់ឆ្នាំរវាងស្ថាប័នទទួលបន្ទុកកិច្ចការបរទេស សន្តិសុខ និង​ការពារ​ជាតិ។ ក្នុងគោលដៅជំរុញសន្ទុះ ទំនាក់ទំនងសេដ្ឋកិច្ច សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ឯក​ភាព​ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម អំពីការ​ចាំបាច់​ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថាប័ន​ពាក់ព័​ន្ធ​បន្តខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណា សម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ ប៊ីលាន​ដុល្លារអាមេរិក ក្នុងអនាគតដ៏ខ្លីខាងមុខ។ ពាក់ព័ន្ធនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាឱ្យស្ថាប័នជំនាញ កំណត់​ឱ្យបានឆាប់នូវចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ និង​បន្ត​ខិតខំ សម្រេចការកសាងផ្លូវល្បឿនលឿនផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាព និង​ភាព​ងាយ​ស្រួល​សម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ ចំពោះការតភ្ជាប់វិស័យទេសចរណ៍ ភាគីទាំងពីរ បាន​ឯកភាព ជំរុញ​ការ​អនុវត្ត​គំនិត​ផ្ដួច​ផ្ដើម​ប្រទេស​បី​គោលដៅតែ​មួយ​ដែល​ជា​រូបមន្ត​កិច្ច​សហ​ប្រតិបត្តិការវិស័យ ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំកំពូលទាំង៦រូបខាងលើ អំពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ រួមទាំង​ការ​ជួញ​ដូរ​មនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា ដែលទាមទារកិច្ចសហប្រតិបត្តិការ ពហុភាគី​។ ក្រៅពីជំនួបខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុនជាច្រើនដែល មាន​ការចាប់អារម្មណ៍ចំពោះកាលានុវត្តភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រោយបុណ្យអុំទូក ក្រសួងការងារបន្តអំពាវនាវឱ្យបងប្អូនពលករមកពីថៃទាក់ទង ១២៩៧ ហើយ​បើគ្មាន​ជំនាញ​ក៏គ្មានបញ្ហាដែរ
11/07/2025 12:11 PM
អ្នកជំនាញអន្តរជាតិ៖ ការអនុវត្តគោលនយោបាយបើកចំហរបានធ្វើឱ្យ​កម្ពុជាកំពុង​ស្រូបយក​ឱកាស​វិនិយោគ
11/07/2025 12:11 PM
ស្ត្រីដំបូងគេដែលធ្វើជាប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ប្រកាសចូលនិវត្តន៍
11/07/2025 12:11 PM
បារាំង៖ សារមន្ទីរ លូវ៉ា នឹងត្រូវការពេលវេលាជាច្រើនឆ្នាំ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ
11/07/2025 12:11 PM
លោក Trump និយាយថា រូបលោកបើកចំហក្នុងការពិចារណាដកទណ្ឌកម្មលើអ៊ីរ៉ង់
11/07/2025 12:11 PM
លោក Trump រិះគន់អភិបាលក្រុងញូវយ៉កជាប់ឆ្នោត លោក Mamdani និងការពារការឆ្មក់បង្ក្រាបរបស់ទីភ្នាក់ងារICE
11/07/2025 12:11 PM
ប្រធានាធិបតីចាស់បំផុតលើពិភពរបស់ប្រទេសកាមេរូន ស្បថចូលកាន់តំណែង ក្រោយការបោះឆ្នោតដែលមានជម្លោះ
11/07/2025 12:11 PM
UN៖ ឆ្នាំ២០២៥ ស្ថិតក្នុងចំណោមឆ្នាំដែលក្តៅបំផុតចំនួនបីឆ្នាំ ក្នុងកំណត់ត្រា
11/07/2025 11:11 AM
តុលាការហូឡង់ ច្រានចោលបំណង ដើម្បីបញ្ឈប់ការនាំចេញសព្វាវុធទៅអ៊ីស្រាអែល ជុំវិញសង្រ្គាមនៅហ្កាហ្សា
11/07/2025 11:11 AM
សហរដ្ឋអាមេរិក នឹងចរចាជាមួយចិន លើការដឹកជញ្ជូនតាមសមុទ្រ ខណៈផ្អាកយកថ្លៃកំពង់ផែ
11/07/2025 11:11 AM