​​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបជាមួយរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ​ឡើង​ ព្រះអង្គ​មាន​រាជ​បន្ទូល​ឆ្លងឆ្លើយ​ជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា»
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយ​ព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះស្បើយ​ពី​ព្រះ​រោគ

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

2024/06/04 11:51:12 am        150
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត​ជូនឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ចូល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រ​កម្ពុជា។ 

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិកជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/06/04 10:53:30 am        232
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៩ ព្រឹកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ឡយ អូស្ទីន ត្រូវបានទទួលបានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ តំណាងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងតំណាងមេបញ្ជាការកងទ័ពទាំង៣ប្រភេទរបស់កម្ពុជាផងដែរ។ដាក់ជើងជាន់ដីកម្ពុជាភ្លាមលោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានធ្វើដំណើរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាភ្លាមតែម្ដងនៅព្រឹកនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបសម្តេចតេជោ ហើយនោះ លោក ឡយ អូស្ទីន នឹងជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជា។ នៅទីស្តីការក្រសួងការពារជាតិ មុននឹងជំនួបពិភាក្សានោះ ក៏នឹងមានការរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការផងដែរ។ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះត្រូវបានគេមើលឃើញថាជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ។ក្រសួងការពារជាតិកម្ពុជាបានចាត់ទុកថា នេះជាទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ លើកដំបូង មកកាន់ប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា- អាមេរិក ដែលមានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។ក្រសួងការពារជាតិ បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការ លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិ អាមេរិក និងកងយោធរាលខេមរភូមិន្ទក្នុងការសហការជាដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះ គឺជាលើកទី២ហើយ។ កាលឆ្នាំ២០២២ លោក ឡយ អូស្ទីន ធ្លាប់បានអញ្ជើញមកកម្ពុជាម្តងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រយាងថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស

2024/06/03 12:14:57 pm        135
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះមេរុ មុខវត្តបទុមវតីរាជរោម រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រយាងថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស

2024/06/03 12:12:06 pm        216
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះមេរុ មុខវត្តបទុមវតីរាជរោម រាជធានីភ្នំពេញ។ នៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានយាង និមន្ត និងអញ្ជើញចូលរួមដោយ ម្រមុខដឹកនាំកំពូលៗ ឥស្សរជនឆ្នើមជាច្រើនរួមមាន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រីសម្តេចព្រះមហាសង្ឃរាជ និងជាសម្តេចព្រះប្រធានគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃតាមព្រះឋានាក្រម ព្រះថេរានុត្ថេរៈ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេច ឯកឧត្តម ដែលជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ លោកតាជី ដូនជី ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ សូមរំឭកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត់ នៅថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។យោងតាមសារាចរណែនាំលេខ ០៣ សរណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ លើកទី២។នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយ គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្តអារាម មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ឱ្យស្របតាមប្រពៃណីជាតិ ស័ក្តិសមនឹងព្រះកិត្តិយស និងព្រះគុណូបការៈ ដ៏ធំធេងបំផុតរបស់សម្តេច ដែលបានបូជាថ្វាយចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕

សម្ដេចធិបតីស្នើឱ្យរៀបចំប្រកួតប្រដាល់សេរីចម្រុះ ដោយយកតែក្បាច់គុនខ្មែរមកប្រកួតប៉ុណ្ណោះ

2024/05/31 07:49:18 pm        165
ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីក្នុងកម្មវិធីអ្នកស្នងមរតករបស់សមាគមសិល្បករខ្មែរនាល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅ ក្នុងពេលបច្ចុប្បន្ននេះ មានការប្រកួតកីឡាប្រដាល់អន្តរជាតិ ដោយប្រើក្បាច់គុនចម្រុះ ឬ ហៅកាត់ថា MMA។ តាមរយៈការប្រកួតនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការរៀបចំប្រកួតប្រដាល់ សេរីចម្រុះដែរ ប៉ុន្តែយកតែក្បាច់គុនខ្មែរមកប្រកួតប៉ុណ្ណោះ។តាមរយៈចម្លាក់នៅបុរាណប្រាសាទនានា បានបង្ហាញឱ្យឃើញថា កម្ពុជាមានក្បាច់គុនជាច្រើន ដែល អាចប្រើទាំងនៅក្នុងចម្បាំងការពារជាតិ ទឹកដី និងការការពារខ្លួន។ យ៉ាងនេះក្ដីដោយសារសង្គ្រាម និង របបប្រល័យពូជសាសន៍ បានធ្វើឱ្យកិត្តិសព្ទកម្ពុជា ហាក់ដូចជាត្រូវពិភពលោកភ្លេច ក្នុងនោះក៏មាន ទាំងក្បាច់គុនបុរាណខ្មែរផងដែរ។ការស្នើឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើឱ្យក្បាច់គុនខ្មែរមានការរីកចម្រើនកាន់តែខ្លាំង និងល្បីល្បាញថែមទៀត៕ដោយ៖ គង់ ឌិន

សម្ដេចធិបតីណែនាំឱ្យស្រាវជ្រាវចងក្រងទម្រង់សិល្បៈដែលបាត់បង់ ដើម្បីចងក្រង និងផ្សព្វផ្សាយឡើងវិញ

2024/05/31 07:45:16 pm        131
ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីក្នុងកម្មវិធីអ្នកស្នងមរតករបស់សមាគមសិល្បករខ្មែរនាល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដោយ កត់សម្គាល់ថា នៅក្នុងពេលបច្ចុប្បន្ននេះទម្រង់សិល្បៈមួយចំនួនហាក់លែងឃើញមានវត្តមានសម្ដែង ហេតុនេះសម្ដេចអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាចូលរួមថែរក្សា និងអភិរក្សមរតកទាំង នោះឡើងវិញ។​ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំដល់ស្ថាប័នជំនាញ និងគ្រប់ភាគីពាក់ត្រូវខិត ខំស្រាវជ្រាវទម្រង់សិល្បៈទាំងនោះ និងត្រូវរៀបចំចងក្រង ព្រមទាំងផ្សព្វផ្សាយឡើងវិញផងដែរ។កម្ពុជាត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាប្រទេសនៃមហាអំណាចសម្បត្តិវប្បធម៌។ ដោយសារ តែភាពសម្បូរបែបនៃមរតកវប្បធម៌នេះហើយ ទើបបណ្ដាលឱ្យមានមរតកខ្លះ មិនសូវត្រូវបានយកមក បង្ហាញជាសាធារណៈ ជូនសាធារណជនបានឃើញ បានមើល និងបានទស្សនា៕ដោយ៖ គង់ ឌិន

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងតំណាងរដ្ឋាភិបាលប្រទេសនានា គោរពវិញ្ញាណក្ខន្ធ​អ្នកថែរក្សាសន្តិភាព

2024/05/29 12:26:40 pm        143
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និងតំណាងរដ្ឋាភិបាលបណ្តា​ប្រទសេនានា បាន​អញ្ជើញ​ប្រារព្ធ​ទិវាអ្នក​ថែ​រក្សា​សន្តិភាព​​អង្គការសហប្រជាជាតិ និងគោរពវិញ្ញាណក្ខន្ធ កងកម្លាំងរក្សា​សន្តិភាព​ដែល​បាន​ពលីជីវិត​​ក្នុងបុព្វហេតុបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោក នៅសាលាហ្វឹ​កហ្វឺន​ពហុសាសន៍ ACO ខេត្តកំពង់ស្ពឺ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ថ្លែងថា ពិធីគោរព វិញ្ញាណក្ខន្ធ កង​កម្លាំង​រក្សា​សន្តិភាព​ពិភព​លោក​​នេះ បានធ្វើឡើងស្របពេល​ដែល​បណ្តា​ប្រទេស​បរិច្ចាគ​កង​កម្លាំង​ចូល​រួម​ថែ​រក្សា​សន្តិភាព​​លើ​​ពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ (UN) ២៩ ឧសភា លើកទី៧៦ ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយ​ក៏​ជា​ថ្ងៃប្រារព្ធ​ពិធីគោរព វិញ្ញាណក្ខន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលី​ក្នុង​បុព្ធហេតុ​ចូល​រួម​ស្វែង​រក​សន្តិភាព​នៅ​តាម​ប្រទេសមានជម្លោះសង្គ្រាមតាំងពីឆ្នាំ ១៩៤៨ រហូតមកដល់បច្ចុប្បន្ន។ នាយឧត្តមសេនីយ ទៀ សីហា ថ្លែងថា តាមរយៈការប្រារព្ធទិវានេះ គឺបានធ្វើឲ្យពលរដ្ឋកម្ពុជា នឹកឃើញអំពីគុណតម្លៃសន្តិភាព ដែលកម្ពុជា ពិបាករកបាន ក្នុងប្រវត្តិចូចត់ពីអតីតកាល ហើយ​បច្ចុប្បន្ន​ទោះ​បីកម្ពុជា បន្តជួបបញ្ហាប្រឈមដោយសារវិបត្តិជាសកល ក៏កម្ពុជានៅតែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​ជាមួយ UN បន្តបញ្ជូនកងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ទៅ​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​តាម​តម្រូវការរបស់ UN ផងដែរ។លោក Joseph Scheuer ( ចូសិប ស៊ូអើ ) អ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ថ្លែងថា ថ្ងៃនេះអ្នកទាំងអស់គ្នាមានការចងចាំ សមាជិកអ្នក​ថែរក្សា​សន្តិភាព​អង្គ​ការ​សហប្រជាតិ ដែលបានបាត់បង់ជីវិត ក្នុងបុព្ធហេតុថែរក្សាសន្តិភាព។ សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មាន​អ្នក​ថែ​រក្សា​សន្តិភាព​ជាបុរស និងស្ត្រី ប្រមាណជាង១លាននាក់ បានចូលរួមប្រតិបត្តិ​ថែ​រក្សា​សន្តិភាព​ពិភព​លោក ក្រោមឆ័ត្រ UN ក្នុងនោះមានយុទ្ធជន យុទ្ធនារីថែរក្សា​សន្តិភាព​ប្រមាណ​ជាង ៤៣៧៤​នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនៅមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ១១នាក់ផងដែរ។ ដោយឡែក ទ័ពមួកខៀវប្រមាណ​១៥០០០​នាក់​ដែល​បាន​បំពេញ​បេសកកម្ម​ថែ​រក្សាសន្តិភាពនៅកម្ពុជា ក្នុងកងអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ UNTAC ក្នុងអំឡុងឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ គឺមានកង​មួក​ខៀវ​ចំនួន​ ៨២នាក់ ដែលបានពលី ក្នុងបុព្វហេតុថែរក្សាសន្តិភាពនៅកម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា

សម្ដេចធិបតីលើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបញ្ចូលកម្មវិធីសិក្សាសំខាន់ៗមួយចំនួន

2024/05/28 06:55:48 pm        115
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្ដិភាព។​បន្ទាប់ពីបានស្ដាប់របាយការណ៍ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្ដីអំពីវឌ្ឍនភាពការងារ ការចូលរួមសកម្មភាពសង្គម និងសំណូមពរបស់ សមាគមរួចមក សម្ដេចធិបតី បានមានប្រសាសន៍សំណេះសំណាល ដោយបានអរគុណចំពោះ សមាគមដែលបានខិតខំបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្រ្តាចារ្យគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីធានាចីរភាពនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ព្រមទាំងបានចូលរួមសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល។ សម្តេចធិបតី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់វិស័យឯកជន ជាពិសេសសមាជិក សមាជិកា នៃសមាគម ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះបណ្តាលមូលធនមនុស្ស ជាពិសេសការបង្កើន និងការពង្រីកសេវាអប់រំគ្រប់កម្រិត នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងការខិតខំផ្តល់សេវាអប់រំ ប្រកបដោយគុណភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ការធ្វើទំនើបកម្ម និងទាញយកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យឯកជនជាដៃគូ ដែលជាប្រតិបត្តិករសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើគ្រប់វិស័យ។ក្នុងឱកាសនេះ សម្ដេចធិបតីក៏បានជំរុញដល់សមាគមយកចិត្តទុកដាក់លើ កិច្ចការ សំខាន់៣ ដូចខាងក្រោម៖ (១) ពិនិត្យលទ្ធភាពសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីបណ្ដុះបណ្ដាលជំនាញដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន និងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។ (២) ត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ តាមរយៈការចូលរួមអនុវត្តនូវយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ព្រមទាំងការដាក់ចេញនូវយន្តការនៅក្នុងការត្រួតពិនិត្យតាមដានដើម្បីតម្រង់ទិសទៅតាមវិស័យនីមួយៗ និង (៣) បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ សីលធម៌ គុណធម៌ និងប្រវត្តិសាស្ត្រ ព្រោះថាទោះបីជាប្រទេសជាតិមានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាបាននូវអត្តសញ្ញាណជាតិ។មុននឹងបញ្ចប់ សម្ដេចធិបតី បានសម្រេច ចំពោះសំណូមពររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដូចខាងក្រោម៖ ១. ឯកភាពតាមការស្នើសុំ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសរួចហើយ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំ ដែលបានផ្តល់ការអនុគ្រោះដូចអ្វីដែលជាការស្នើសុំរបស់សមាគម។ ២. ឯកភាព ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួន។ ៣. ឯកភាពក្នុងការផ្ដល់នូវអាគារជាន់ទី១បន្ថែមទៀត នៃអាគារបណ្ណាល័យបច្ចុប្បន្ន ដើម្បីឱ្យសមាគមប្រើប្រាស់ក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន។ជាទីបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូលរួមធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីឱ្យសិស្ស-និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា មានសមត្ថភាពកាន់តែខ្ពស់ក្នុងទីផ្សារការងារ រួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍមូលធនបញ្ញាដល់យុវជន សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងឯកឧត្តម វ៉ាង វិនធាន ចូលរួមពិធីសម្ពោធនិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង»

2024/05/28 06:24:14 pm        157
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ភាគីទាំងពីរបានចូលរួមពិធីសម្ពោធនិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង»។«មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤ - ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ក្នុងឱកាសនោះសម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថាទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤០០០ គីឡូម៉ែត្រនៅកម្ពុជា ។ សូមជម្រាបថា តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង» ។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕ ដោយ ៖ ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន រំលែកទុក្ខ និងសោកស្តាយចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញដែលកើតនៅអ៊ុយក្រែនរយៈពេលជាង២ឆ្នាំមកនេះ

2024/05/28 05:17:22 pm        132
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ។ជាកិច្ចចាប់ផ្តើមឯកឧត្តម ប្រធានសភា បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ ចំពោះកិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។ ជាការឆ្លើយតបសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្ដែងក្តីរីករាយដែលបានជួប ឯកឧត្តមតាមប្រព័ន្ធវីដេអូ និង សម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែនអស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ហើយសម្ដេចតេជោ ក៏បានបញ្ជាក់ថាកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង។សម្តេចតេជោបានរំលឹកពីការជួបសន្ទនាតាមទូរស័ព្ទចំនួន ២ដងជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសយើងទាំងពីរ ហើយក្នុងឱកាសនេះដែរ សម្តេចតេជោក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈឯកឧត្តម ប្រធានសភា ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ផងដែរ។ ឯកឧត្តម ប្រធានសភា បានអរគុណសម្តេចតេជោនូវពាក្យពេចន៍ប្រកបដោយសម្មានចិត្ត និងកក់ក្តៅបំផុតដល់ប្រជាជនអ៊ុយក្រែន និងបានបញ្ជាក់ថានឹងពាំនាំការសួរសុខទុក្ខរបស់សម្តេច ជូនដល់ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានសភា បានលើកឡើងប្រធានបទចំនួន៣ ជូនសម្តេចតេជោ រួមមានទី១)ប្រទេសអ៊ុយក្រែនបានលើក ១០ ចំណុច ដើម្បីស្តារបូរណភាពដែនដី និងសន្តិភាព និងអំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ។ ជាមួយគ្នានេះដែរនៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដោយឯកឧត្តមលើកឡើងថា កូនប្រុសសម្ដេចដែលជានាយករដ្ឋមន្រ្ដី អាចចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានសារៈសំខាន់សម្រាប់ អ៊ុយក្រែន និងពិភពលោក។ ទី២) ការដោះមីន នៅអ៊ុយក្រែន គឺជាកិច្ចការសំខាន់ណាស់ ហើយកម្ពុជាគឺមានបទពិសោធន៍ដ៏មានតម្លៃមិនអាចថ្លៃបានក្នុងការដោះមីន។ ចំនុចនេះ ឯកឧត្តម ស្នើសុំការគាំទ្រពី សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងទន្ទឹងរងចាំកម្ពុជាចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងដែរ។ ទី៣) ក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន ឯកឧត្តម ប្រធានសភា បានអញ្ជើញ សម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និងសុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិងសូមគោរពអញ្ជើញសម្តេចតេជោទៅបំពេញទស្សនកិច្ចនៅទីក្រុងគាវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែនផងដែរ។ ជាកិច្ចឆ្លើយតបសម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងយករូបមន្ត១០ចំណុច ទៅពិចារណា។ ចំណែកការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុកជូនរាជរដ្ឋាភិបាលសម្រេច។ សម្តេចតេជោបានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី។ សម្តេចតេជោ ក៏បានជម្រាប ឯកឧត្តម ប្រធានសភា ថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំង ឯកអគ្គរាជទូតកម្ពុជា ចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខនេះ។ ពាក់ព័ន្ធនឹងបញ្ហាមីននៅអ៊ុយក្រែន ឯកឧត្តម ប្រធានសភា បានស្នើឱ្យមានអ្នកដោះមីនកម្ពុជា ទៅជួយនៅអ៊ុយក្រែន ។ សម្តេចបានមានប្រសាសន៍ថា សម្តេចមានការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសារ រដ្ឋធម្មនុញ កម្ពុជា មិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្រអង្គការសហប្រជាជាតិ ។ កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន។ សម្តេចបានបញ្ជាក់ថា កម្ពុជានឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀតដោយសហការជាមួយនឹងជប៉ុន។ ចំពោះការអញ្ជើញសម្តេចតេជោទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោ បានមានប្រសាសន៍ សម្តេចនឹងផ្តល់ចម្លើយក្នុងពេលសមស្របណាមួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមកាន់កាប់អ៊ីស្រាអែល សម្រុកចូលវិហារ Al-Aqsa របស់ក្រុងយេរូសាឡឹម ចំពេលមានភាពតានតឹង
04/22/2026 06:04 PM
មេបញ្ជាការកងទ័ព៖ អ៊ីរ៉ង់នឹងបន្តប្រយុទ្ធ«រហូតដល់ដំណក់ឈាមចុងក្រោយ»
04/22/2026 06:04 PM
កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិនបានចាប់ផ្តើមជាផ្លូវការ
04/22/2026 05:04 PM
ចិនព្រមានថា មជ្ឈិមបូព៌ាស្ថិតក្នុង «ដំណាក់កាលសំខាន់ណាស់» ក្រោយលោក Trump ពន្យារបទឈប់បាញ់
04/22/2026 05:04 PM
អ្នកការទូត៖ ប្រទេសជាច្រើននៅក្នុងតំបន់ ត្រូវតែបង់ប្រាក់សំណងដល់អ៊ីរ៉ង់ សម្រាប់ការគាំទ្រការវាយប្រហារ
04/22/2026 05:04 PM
កាតាគាំទ្រការបន្តបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ រហូតដល់មានដំណោះស្រាយ
04/22/2026 05:04 PM
អ្នកជំនាញ៖ កាណាដាលែងមើលឃើញអាមេរិក ជាអ្នកធានាស្ថិរភាពទៀតហើយ
04/22/2026 05:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ ពាក់ព័ន្ធលើរឿង “អាវក្រៅ jacket” គឺត្រូវមើលលើសពី “ម៉ាក brand របស់អាវ” ដែលនៅលើអាវ ដោយបង្វែរមកមើលពីសារៈសំខាន់ពីអត្ថន័យ និងអនុស្សាវរីយ៍នៃ “អាវក្រៅ jacket” វិញ
04/22/2026 05:04 PM
សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យក្រុមហ៊ុនការពារជាតិអាមេរិកទទួលបានការបញ្ជាទិញគ្រឿងយុទ្ធោបករណ៍កាន់តែច្រើន
04/22/2026 05:04 PM
មនុស្សជិត៨០០០នាក់ស្លាប់ ឬបាត់ខ្លួនក្នុងដំណើរចំណាកស្រុកជនអន្តោប្រវេសន៍ឆ្នាំ២០២៥
04/22/2026 05:04 PM