សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ក្រុមហ៊ុន China Huaneng Group ប្ដេជ្ញាបន្តជំរុញនាំយកបច្ចេកទេសថ្មីៗ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីដល់យុវជនកម្ពុជា

2023/09/14 09:51:31 pm        154
ភ្នំពេញ÷ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ។ជាកិច្ចចាប់ផ្ដើម ឯកឧត្តម វិន ស៊ូកាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ។ ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចអធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​​កម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចិន​​ និងកម្ពុជា មានចំណងមិត្តភាព និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរលង់ណាស់មកហើយ និងតាមរយៈទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នាពេលនេះ នឹងកាន់តែជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឈានដល់កម្រិតមួយបន្ថែមទៀត។ សម្ដេចធិបតី បានអរគុណចំពោះការអបអរសាទរ និងបានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់ក្រុមហ៊ុននៅក្នុងការសម្រេចបានសមិទ្ធផលជាច្រើននៅកម្ពុជា ជាពិសេស ការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកថាជាស្ថានីយគំរូមួយ តាមរយៈការធានាបាននូវបរិស្ថានល្អ ។ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជា ស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែម អំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជន ឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម។ សម្រាប់ការផ្តួចផ្តើមគំនិតក្នុងការនាំចូលនូវបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាត សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ។ ទនឹ្ទមនឹងនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាងមុខ។ជាការឆ្លើយតប ឯកឧត្តម វិន ស៊ូកាំង បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការនាំយកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះ ទៅដល់យុវជនកម្ពុជាផងដែរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់សារ​ជាថ្មីនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាកិច្ចបញ្ចប់ ឯកឧត្តម វិន ស៊ូកាំង បានគោរពជូនពរ សម្តេចធិបតី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ ដោយ ÷ ដារា

សម្ដេចធិបតីណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន SINOMACH Heavy Equipment សិក្សាស្វែងរកគម្រោងបន្ថែមទៀត

2023/09/14 08:16:15 pm        98
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យលោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group និង គណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។នៅក្នុងជំនួបនេះ, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ លោក ហាន ស៊ាជុន (Han Xiaojun) ដែលជាភ្ញៀវទីមួយ សម្តេចធិបតី ទទួលជួប នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ ។ លោក ហាន ស៊ាជុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រសាសន៍នេះ ក៏ដូចជាការណ៍ដែល សម្តេចធិបតី បានចំណាយវេលាដ៏មានតម្លៃ ឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក ហាន ស៊ាជុន ក៏បានឆ្លៀតយកឱកាសនេះ អបអរសាទរ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា, ព្រមទាំងជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក ។ទន្ទឹមនេះ, លោក ហាន ស៊ាជុន បានរាយការណ៍ជូន សម្តេចធិបតី ដ៏ខ្ពង់ខ្ពស់ អំពីប្រវត្តិ និងដំណើរការអាជីវកម្ម ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុន SINOMACH Heavy Equipment Group នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ មក, ដែលបច្ចុប្បន្នមានគម្រោងជាច្រើន ក្នុងទំហំទឹកប្រាក់រហូតដល់ជិត ៣ ប៊ីលានដុល្លារអាមេរិក ។ ដោយមានការគាំទ្រ និងកិច្ចសម្របសម្រួលយ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាល, ក្រុមហ៊ុនបានរីកលូតលាស់ និងបានសម្រេចនូវសមិទ្ធផលជាទីមោទនៈជាច្រើន, ជាពិសេស នៅក្នុងការសាងសង់បណ្តាញអគ្គិសនី និងរោងចក្រថាមពលអគ្គិសនី ។ ជាកិច្ចឆ្លើយតប, សម្តេចធិបតី បានបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងការបន្តគាំទ្រ សហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងទាំងអស់ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ សម្តេចធិបតី ក៏បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន ដើម្បីសិក្សាស្វែងរកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើកកម្ពស់ស្ថិរភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ដូចជា គម្រោងក្នុងវិស័យថាមពលស្អាត ដែលមានចីរភាព និងតម្លៃសមរម្យជាដើម ។ សម្តេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តវិនិយោគ និងផ្តល់កិច្ចសហការនៅក្នុងគម្រោងទាំងនេះ ដែលក្រុមហ៊ុនមានជំនាញ និងមានឧត្តមភាពស្រាប់ ។ មុននឹងបញ្ចប់, សម្តេចធិបតី បានគូសបង្ហាញជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាកិច្ចបញ្ចប់, លោក ហាន ស៊ាជុន បានជូនពរ សម្តេចធិបតី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ ដោយ ៖ វ៉ន ដារា

សម្ដេចតេជោ៖«នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត»

2023/09/14 06:32:58 pm        170
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាព្រលប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបង្ហោះសារបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់របស់សម្ដេចទៅទៀត។ ខណៈផ្ទុយពីការគិតរបស់សម្ដេចនាយករដ្ឋមន្ត្រីរូបនេះ បានចេញដំណើរដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែកទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេសនៅលើឆាកអន្តរជាតិថែមទៀត។ ​សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។សម្ដេចបានបញ្ជាក់ថា សម្ដេចកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង ៣៨ ឆ្នាំ សម្ដេចតេជោបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់សម្ដេចទៅទៀត។សម្ដេចតេសជោអះអាងថា មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះសម្ដចបានគិតថាត្រូវប្រើពេលប្រមាណ ៣ ខែ ទើបនាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។ ប៉ុន្ដែផ្ទុយពីការគិតរបស់សម្ដេចនាយករដ្ឋមន្ត្រីរូបនេះ ចេញដំណើរដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃនេះ និងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ។សម្ដេចតេជោបញ្ជាក់ថា៖«កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»៕ ដោយ ៖ វ៉ន ដារា

​សម្ដេចធិបតី និងលោកជំទាវចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរនៅចិន

2023/09/14 06:03:16 pm        86
ភ្នំពេញ ៖ ​នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ។​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៤ ថ្ងៃទៅកាន់រដ្ឋធានីប៉េកាំង និងអញ្ជើញចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាន់នីង តំបន់ស្វយ័តក្វាងស៊ី ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧កញ្ញា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០០១ បានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង កាលពីវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី១៤កញ្ញាម៉ោងនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។សូមបញ្ជាក់ថា នេះគឺជាដំណើរបំពេញទស្សកិច្ចផ្លូវការ ក្រៅប្រទេសជាលើកដំបូង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេចធិបតី បានស្បថចូលកាន់មុខដំណែងជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ ក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ វ៉ន ដារ៉ា

លោក ពូទីន និងលោក គីម ពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមអ៊ុយក្រែន និងផ្កាយរណប

2023/09/14 08:56:32 am        122
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន(Kim Jong Un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលដ៏កម្រមួយកាលពីថ្ងៃពុធ ដែល​មេដឹក​នាំ​ទាំង​២ ពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងជំនួយ​របស់​រុស្ស៊ី​សម្រាប់​កម្មវិធី​ផ្កាយរណប​សម្ងាត់​របស់រដ្ឋនេះ។ លោក ពូទីន បានបង្ហាញលោក គីម ជុំវិញមូលដ្ឋានបាញ់​បង្ហោះ​រ៉ូកែត​អវកាស​ទំនើប​បំផុត​របស់​រុស្ស៊ី នៅ​តំបន់ចុងបូព៌ាក្នុងទឹកដីរុស្ស៊ី និងបាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការប​ញ្ជូន​អវកាស​យានិក​កូរ៉េខាង​ជើង​ទៅ​កាន់ទីលំហ។ លោក គីម ដែលទៅដល់តាមរថភ្លើងពីកូរ៉េខាងជើង បាន​សួរ​សំណួរ​លម្អិត​អំពីគ្រាប់រ៉ូកែត ខណៈលោក ពូទីន បង្ហាញរូបលោកនៅជុំវិញទីតាំងវ៉ូស្តូចឈ្នី កូស្មូ​ដ្រូម​(Vostochny Cosmodrome) ។ បន្ទាប់ពីការទស្សនាតាមទីកន្លែងនានាក្នុងមូលដ្ឋាននេះរួច លោក ពូទីន វ័យ៧០ឆ្នាំ និងលោក គីម វ័យ ៣៩ឆ្នាំ បានពិភាក្សាគ្នាជាច្រើនម៉ោងជាមួយរដ្ឋមន្ត្រីរបស់ប្រទេសទាំង២ ហើយ​បន្ទាប់​មក​បាន​ពិភាក្សាអំពីកិច្ចការពិភពលោក និងផ្នែកដែល​អា​ច​ធ្វើ​ទៅ​បាន​នៃ​កិច្ច​សហប្រតិបត្តិការ​មួយ​ទល់​នឹង​មួយ អមដោយអាហារថ្ងៃត្រង់ដ៏សម្បូរបែបនៃនំប៉ាវ របស់រុស្ស៊ីរួមជាមួយ ក្តាម Kamchatka ​ហើយបន្ទាប់មក មានត្រី Sturgeon ជាមួយផ្សិតនិងដំឡូង។លោក គីម បានលើកកែវស្រារុស្ស៊ីមួយកែវ ដើម្បីជូនពរលោកពូទីនឲ្យមានសុខភាពល្អ  ជ័យជម្នះ​នៃ "រុស្ស៊ីដ៏អស្ចារ្យ" និងមិត្តភាពកូរ៉េ-រុស្ស៊ី ដោយ​ព្យាករណ៍​ថា​នឹង​ទទួល​ជ័យជម្នះ​សម្រាប់​ទីក្រុង​មូស្គូ​ក្នុង​ "ការប្រយុទ្ធដ៏ពិសិដ្ឋ" ជាមួយលោកខាងលិចក្នុងសង្គ្រាមអ៊ុយក្រែន។ក្រុម​មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភថា លោក គីម នឹងផ្តល់​សព្វាវុធ​ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលបានចំណាយយ៉ាងច្រើននៅក្នុងសង្គ្រាមជាង ១៨ ខែ​នៅ​អ៊ុយក្រែន​៕​

រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2023/09/13 07:28:53 pm        167
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយសម្តេចធិបតី សម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹង ការបំពេញបែបបទធ្វើអាជីវកម្ម ដែលកំណត់ដោយអន្តរក្រសួងកាលពីឆ្នាំ២០១៦កន្លងទៅផងដែរ ដើម្បីកុំឲ្យប៉ះពាល់ការប្រកបមុខរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈផេកហ្វេសបុកផ្ទាល់នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីៗនេះមានការផ្សព្វផ្សាយពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារតូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ក្រោយពីបានពិភាក្សាជាមួយ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្តេចបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្មតូចតាចជាច្រើនផងផងដែរ។ តាមរយៈផេកហ្វេសបុកនេះ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា«ទន្ទឹមនេះដែរ, ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ»៕ អត្ថបទ ៖ បាន ចក់

សម្ដេចធិបតីបង្ហាញពីអំណោយផលនៃច្បាប់វិនិយោគនៅកម្ពុជា ដល់ធុរជនជប៉ុន

2023/09/12 08:46:22 pm        81
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រ ធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។​ក្នុងជំនួបនេះ ឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណជូនចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ សម្ដេចធិបតី បានស្វាគមន៍យ៉ាងក ក់ក្ដៅចំពោះ ឯកឧត្តម និងគណៈប្រតិភូ និងបានអរគុណ ចំពោះការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដែលឯកឧត្តម និងគណៈប្រតិភូជួបសម្ដែងការគួរសមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូប រួមទាំងសម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។អំឡុងជំនួបនេះដែរ សម្ដេចធិបតី និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាទៅលើកិច្ចសហប្រ តិបត្តិការវាងកម្ពុជា-ជប៉ុន ជាពិសេសក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។ ជាក់ស្តែង, សម្ដេចធិបតី បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើនដែលកម្ពុជាសម្រេចបា នក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ, ជាពិសេសក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោ យគតិបណ្ឌិតរបស់សម្តេចតេជោ ដែលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែលបានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗ ស ម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព។ ជាមួយនឹងការកំណត់ក្របខណ្ឌគតិយុត្ត និងយន្តការជាក់លា ក់, ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសស ហគ្រាសធុនតូច និងមធ្យម(SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ឯកឧត្តមបានគោរពជម្រាបជូន សម្ដេចធិបតី អំពីចំណាប់អារម្មណ៍របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗ ២ គឺ៖ (១.) ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគក្នុងវិស័យដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យទាំងនេះក៏មានសង្គតិភាពទៅនឹងក្របខណ្ឌគោលនយោបាយ អភិវឌ្ឍសង្គ ម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម។ ក្នុងន័ យនេះ សម្ដេចធិបតី ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងទាំងនេះ ហើយសម្តេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចធិបតី បានត្រៀមខ្លួនរួចជាស្រេច ដើ ម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់។ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបបន្ថែមអំពីគោលបំណង នៃការដឹកនាំគណៈប្រតិភូធុ រកិច្ចជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត នៅខែវិច្ឆិកាខាងមុខ និងបានគោរពស្នើសុំការអនុ ញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ដើម្បីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ។ សម្ដេចធិបតី បានស្វាគមន៍ដោយវិជ្ជមាន ចំពោះគោលបំណងនេះ ហើយសម្ដេចធិបតី នឹងទទួលជួបក្នុងករណីមិ នមានបេសកកម្មក្រៅប្រទេស ហើយពេលវេលាសមស្រប។សម្ដេចធិបតី បានជូនពរឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំ ណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសេចក្តីសុខសុ វត្ថិភាព៕ ដោយ៖ គង់ ឌិន​

កាកបាទក្រហមកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២

2023/09/11 07:56:02 pm        160
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារ គណ:កម្មការ និងអនុគណ:កម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុននេះ ។ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់មតិណែនាំក្នុងអង្គប្រជុំ ដោយត្រូវយកចិត្ដទុកដាក់ធ្វើកិច្ចការងារឱ្យបានល្អ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងនាមកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ លើសពីនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានស្នើដល់ មន្ដ្រី បុគ្គលិក សមាជិក សមាជិកា និងមន្ដ្រីស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹង និងពង្រីកសមត្ថភាពភាពការងារបន្ថែមទៀត ដើម្បីបំពេញកិច្ចការងារ ទៅតាមមុខងារ ដែលខ្លួនទទួលខុសត្រូវ ឱ្យបានកាន់ច្បាស់លាស់។បន្ទាប់ពីមានមតិណែនាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានការបង្ហាញពីរបាយការណ៍បូកសរុប ការត្រៀមរបស់កាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ លើកទី២០ និងវេទិកាយុវជនលើកទី២ សមាគមជាតិអាស៊ីអាគ្នេយ៍ ដោយអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការ រៀបចំវេទិកាយុវជនលើកទី២០ ធ្វើឡើងពីថ្ងៃទី ១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយនោះក្នុងមានពិធីដំាដើមឈើ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា។ វេទិកាយុវជនទី២ ដែលប្រារព្ធធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញានេះដែរ នឹងមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួល មកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។ វេទិកាយុវជននេះនឹងផ្ដោតសំខាន់លើការកសាងសមត្ថភាព នៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌។ គណៈប្រតិភូយុវជនទាំងអស់ គ្រោងនឹងដាំដើមឈើចំនួន ២,០០០ដើមលើផ្ទៃដីជាង ២ហិកតា និងនៅកសិណ ជុំវិញព្រះចុល្លាមុនីចេតិយ នាថ្ងៃទី២០ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងប្រធានមជ្ឈមណ្ឌល។ ការដាំដើមឈើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីដំណោះស្រាយដោយផ្អែកលើធម្មជាតិ ក៏ដូចជាលើកទឹកចិត្តដល់ការចូលរួមរបស់យុវជន ក្នុងការដាំដើមឈើ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។ដោយឡែកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងធ្វើឡើងពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ និងបញ្ហាផ្សេងៗទៀត។ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នេះដែរ នឹងប្រមូលផ្ដុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមកម្ពុជា, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម មានគ្នាសរុបប្រមាណ៤០នាក់៕ អត្ថបទៈ សំ ងីម

កិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័សលើឆាកតំបន់ និងអន្តរជាតិ

2023/09/10 10:57:32 am        221
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា វត្តមាន និង​សកម្មភាព​រប​ស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅឯកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ៤ ដល់ទី ៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជា​វិញ្ញាសា​សាកល្បង​ដ៏ធំ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដឹកនាំ និង​ចាត់ចែង​របស់​នាយករដ្ឋ​មន្ត្រី​វ័យ​ក្មេង​ នៃកម្ពុជា ក្នុងវិស័យនយោបាយការទូតកម្រិតតំបន់ និងអន្តរជាតិ ខណៈ​ដែល​រាជ​រដ្ឋាភិបាល​ថ្មី​ទើប​តែចាប់កំណើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។សំណួរសំខាន់បំផុតនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​ហ្សាការតា​ នោះគឺ តើនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងរបស់កម្ពុជា មាន​សមត្ថភាព​អាច​ប្រឈម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​កម្រិតតំបន់ និងកម្រិតអន្តរជាតិនេះបានដែរឬទេ? ទី​បំផុត​វិញ្ញាសា​ដ៏​ធំមួយ​នេះ​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​បន្ត​វេន​ឆ្លង​កាត់​ដោយ​ជោគ​ជ័យ​ហួស​ពី​ការ​រំពឹងទុក។ បេសកកម្មដ៏ធំ និងដំបូងបំផុតលើឆាកតំបន់ និងអន្តរជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកស្ទួយកិត្យានុភាពរបស់រាជរដ្ឋាភិបាលស្របច្បាប់ និង​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋខ្មែរឲ្យល្បី​រន្ទឺលើឆាកតំបន់ និងអន្តរជាតិ។ទី១-អំពីភាពស្របច្បាប់៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា កើតឡើង​ដោយ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានគណបក្សចំនួន ១៨ ចូលរួម។ មាន​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះក្នុ​ងបញ្ជីអ្នកបោះឆ្នោតជាង ៨៤% បានទៅបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ហើយក្នុងនោះជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយ​ការ​ប្រកាស​លទ្ធផល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​ព្រះមហាក្សត្រចា​ត់​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​តាម​សំណើរបស់ប្រធានគណបក្សឈ្នះឆ្នោតស្របតាមមាត្រា១១៩(ថ្មី)២ នៃរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីចាត់តាំងក៏បានបង្កើតគណៈរដ្ឋមន្ត្រី ហើយ​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​នៅ​ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ ២០២៣។ នៅរសៀលថ្ងៃដដែល សមាជិក​រាជ​រដ្ឋាភិបាល​ទាំ​ងអ​ស់​ក៏​បានចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង។ នេះ​គឺ​ជា​ដំណើរ​ការ​នីតិវិធី​ស្រប​តាម​ច្បាប់​កម្ពុជា​ទាំង​ស្រុង​ដែល​ធ្វើ​ឲ្យរាជរដ្ឋាភិបាល​អាណត្តិទី៧ មាន​លក្ខណៈ​ស្រប​ច្បាប់​យ៉ាង​ពេញ​លេញ​ដោយ​មិន​អាច​ប្រកែក​បាន។ទី២-អំពីកិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧៖ ចាប់​តាំង​ពី​ក្រោយ​ការ​ជ្រើស​តាំង​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សារ​អបអរ​សាទរ​ពី​សំណាក់​ប្រទេស​ជា​មិត្ត​បាន​ធ្លាក់​មក​ជាបន្តបន្ទាប់ពីគ្រប់ជ្រុងជ្រោយ នៃពិភពលោក។ រហូតមកទល់ពេលនេះ មាន​មេ​ដឹក​នាំ​បរទេស​ជាង​ ៥០ ប្រទេស និងស្ថាប័ន រាប់ទាំងប្រទេសមហាអំណាច និង​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិផង បានបន្តផ្ញើសាអបអរសាទរដល់ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។ នៅ​ឯ​កិច្ច​ប្រជុំ​កំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅហ្សាការតា មេដឹកនាំ​អាស៊ាន​ក៏​ដូច​ជា​មេដឹកនាំប្រទេសធំៗផ្សេងទៀត សុទ្ធតែបានសម្តែងការសាទរ និងស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ ម្យ៉ាងទៀត ការ​ចូល​រួមប្រជុំ​ស្មើ​មុខ​មាត់​គ្នា​ជា​មួយ​ប្រទេស​ដទៃ​គឺ​ជាតម្លៃដែលប្រទេសក្នុងតំបន់ និងពិភព​លោក​ផ្តល់​ជូន​កម្ពុជា​ក្នុង​នាម​ជា​រាជរដ្ឋាភិបាល​ស្របច្បាប់ និងជារដ្ឋអធិបតេយ្យមួយដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។ សរុប​មកវិញ លើស​ពី​ភាព​ស្រប​ច្បាប់​ដែល​ខ្លួន​ទទួល​បាន​យ៉ាង​ពេញ​លេញ​ស្រប​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ និងនីតិវិធីច្បាប់របស់កម្ពុជា កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេ​ច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និង​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​ឆាក​តំបន់ និងអន្តរជាតិ ដោយសារសមត្ថភាពក្នុងការចាត់ចែង និង​ដឹក​នាំ​ដ៏​ប៉ិន​ប្រសប់​របស់​នាយករដ្ឋម​ន្ត្រីវ័យក្មេងនៃកម្ពុជា៕

គុយបា ប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត

2023/09/10 08:40:46 am        240
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស បានលើកឡើងថា គុយបាប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើអនុស្សរណៈ ដែ​លភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងនាពេលកន្លងមកនោះ។ ក្នុងជំនួបនេះ, ឯកឧត្តម ប្រធានាធិបតី ក៏បាន​គូស​បញ្ជាក់​ឡើង​វិញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពី​ការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ឯកឧត្តមប្រធានាធិបតី ក៏​បាន​រំឭក​នូវ​អនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ នៅ​សាធារណ​រដ្ឋ​គុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូ​វ​បាន​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​សំខាន់​នៃ​ការ​លើក​កម្ពស់​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែង​ឡើង​តាម​រយៈ​កា​រចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។ ក្នុងកិច្ចសន្ទនានោះដែរ ឯកឧត្តមប្រធានាធិបតីគុយបា ក៏បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ជូន​ចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​បាន​ផ្តាំ​ផ្ញើ​នូវការសួរសុខទុក្ខ និងអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅផងដែរ។ក្នុង​កិច្ច​ជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតីគុយបា ដែលបានគាំទ្រ និងអបអរ​សាទរ​ចំពោះ​សម្តេច​ត្រូវ​បាន​តែង​តាំង​ជា​នាយករដ្ឋ​មន្រ្តីក​ម្ពុជា ហើយជាមួយគ្នានោះ សម្តេចក៏​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ជំនួយ​ឧបត្ថម្ភ​ និងការគាំទ្រ របស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុត ជា​ពិសេស​​នៅ​ក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់​នេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​​ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។សម្តេចធិបតីបានលើកឡើងទៀតថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច​ធិបតី បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹង​កិច្ច​សហប្រត្តិ​ការ​ល្អ​នៅ​ក្នុង​វិស័យ​ដែល​មាន​ស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងការពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុង​ន័យនេះ, សម្តេចធិបតី បានគាំទ្រ និងជំរុញ​ឱ្យមា​ន​ការ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើកទី៣​ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំ​រុញ​ការ​អនុវត្ត​អនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យ​មាន​ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ផងដែរ៕ អត្ថបទ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិង្ហបុរីបង្ហាញការគាំទ្រយ៉ាងសកម្មដល់គម្រោងការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
04/28/2026 08:04 AM
ឯកអគ្គរដ្ឋទូតសិង្ហបុរី គាំទ្រច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង Scam Online ដែលបង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់លើការប្រឆាំងបទល្មើសនេះរបស់កម្ពុជា
04/28/2026 07:04 AM
ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM