សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

2025/10/28 05:07:37 pm        180
នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតីថា កម្ពុជាជាមិត្តយូរអង្វែងរបស់រុស្ស៊ី ហើយប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីបំណងរបស់រុស្ស៊ី ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយផ្តោតជាសំខាន់លើវិស័យអាទិភាពមួយចំនួនដូចជា៖ ពាណិជ្ជកម្ម សេដ្ឋកិច្ច វត្ថុធាតុដើមសម្រាប់ វាយនភណ្ឌ ការផលិតវ៉ាក់សាំង កសិកម្ម សន្តិសុខថាមពល ការដឹកជញ្ជូន និងភស្តុភារកម្ម។ជាការឆ្លើយតប សម្ដេចបវរធិបតីបានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីមិត្តភាពយូរអង្វែង និងទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងរុស្ស៊ី។ សម្ដេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជា នឹង ធ្វើការជាមួយរុស្ស៊ី ក្នុងការបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរុស្ស៊ីដែលបានគាំទ្រ និងផ្ដល់ជំនួយដល់កម្ពុជា នាពេលកន្លងមក។ សម្ដេចបវរធិបតីបានស្វាមគន៍ចំណាប់អារម្មណ៍ និងបំណងរបស់ភាគីរុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗខាងលើ និងបានលើកទឹកចិត្តភាគីរុស្ស៊ី ឱ្យបញ្ជូនគណៈប្រតិភូជំនាញពីវិស័យពាក់ព័ន្ធមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននានា ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា ដើម្បីឱ្យចេញជាលទ្ធផលជាក់ស្តែង៕

សម្ដេចធិបតីរំឭកជាថ្មីដល់នាយករដ្ឋមន្រ្ដីថៃចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូបឱ្យបានឆាប់

2025/10/28 04:41:19 pm        240
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំឭកជាថ្មីដល់នាយករដ្ឋមន្រ្ដីថៃឱ្យមានការដោះលែងទាហានកម្ពុជាចំនួន១៨រូបឱ្យបានឆាប់ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមសេក្ដីប្រកាសព័ត៌មានលទ្ធផលនៃជំនួប។ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជូនឯកឧត្តម Anutin Charnvirakul ចំពោះការសោយព្រះទិវង្គតរបស់ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា Sirikit។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រី Anutin បានថ្លែងអំណរគុណ សម្តេចធិបតី ចំពោះសារលិខិតរំលែកទុក្ខ និងសេចក្តីអាណិតអាសូរដ៏ស្មោះអស់ពីដួងចិត្តរបស់កម្ពុជា ក្នុងពេលវេលានៃការកាន់មរណទុក្ខនេះ។នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០៥ និងត្រូវបានធ្វើជាសាក្សីដោយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះ សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរក្នុងការធ្វើការ ជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។សម្តេចធិបតីបានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះឆ្លុះបញ្ចាំងវឌ្ឍនភាពបន្ថែមទៀតចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះ បានជួយរក្សានូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមបណ្តោយព្រំដែន។ សម្តេចធិបតីបានលើកឡើងថា កិច្ចការបន្ទាន់សម្រាប់ភាគីទាំងពីរ គឺត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានានូវការអនុវត្តសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញ និង ប្រកបដោយភាពស្មោះត្រង់។សម្តេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា ការអនុវត្តសកម្មភាពមានចែងក្នុងសេចក្តីថ្លែងការណ៍នេះ គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរួមគ្នារបស់ភាគីទាំងពីរ។ តាមរយៈយន្តការទ្វេភាគី ប្រទេសទាំងពីរបាន ពិភាក្សាគ្នារួចមកហើយ និងបានឈានដល់ការព្រមព្រៀងនានា សម្រាប់ដំណើរឆ្ពោះទៅមុខ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលភាគីទាំងពីរត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការព្រមព្រៀងទាំងនេះ ដោយសុច្ចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរត្រូវ តែបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នា សម្រាប់ជំនាន់ក្រោយៗទៀត៕

ទីម័រឡេស្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្ពុជា គាំទ្រឱ្យបានចូលអាស៊ានពេញសិទ្ធិ

2025/10/28 04:15:39 pm        1079
ឯកឧត្តមបណ្ឌិត Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រ និងការរួមចំណែកដ៏ធំធេងដល់ការចូលជាសមាជិកពេញសិទ្ធិអាស៊ាន។យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគី កម្ពុជា-ទីម័រឡេស្ត នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត Bendito dos Santos Freitas ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ព្រមទាំងបានពាំនាំនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះទីម័រឡេស្តេ ក្នុងការចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ ឯកឧត្តមបណ្ឌិត Freitas បានពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ទីម័រឡេស្តចំពោះកម្ពុជា សម្រាប់ការគាំទ្រ និងការរួមចំណែកដ៏ធំធេងដល់ការចូលជាសមាជិកពេញសិទ្ធិ អាស៊ានរបស់ទីម័រឡេស្ត និងបានសម្តែងការអបអរសាទរដោយស្មោះត្រង់ដល់កម្ពុជា ចំពោះការចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានជំនឿយ៉ាងមុតមាំថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងពង្រឹងបន្ថែមនូវសាមគ្គីភាពគ្នាក្នុងតំបន់ និងដំណើររួមគ្នាឆ្ពោះទៅកាន់សហគមន៍អាស៊ានឱ្យកាន់តែរីកចម្រើន ប្រកបដោយ បរិយាបន្ន ភាពធន់ និងវិបុលភាព។ ឯកឧត្ដម បានបញ្ជាក់សាជាថ្មីនូវការបន្តគាំទ្ររបស់កម្ពុជា តាមលទ្ធភាពរបស់ខ្លួនដល់ទីម័រឡេស្តេ នៅជំហានបន្ទាប់ក្នុងនាមជារដ្ឋសមាជិកអាស៊ាន។រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នា លើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ ព្រមទាំងបានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។ គួរបញ្ជាក់ថា កាលឆ្នាំ២០២២ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ ហើយបានប្រកាសបញ្ចូលប្រទេសទីម័រឡេស្តេ​ជាគោលការណ៍​ជាសមាជិកទី១១ របស់អាស៊ាន។ ការបញ្ចូលប្រទេស​ទីម័រឡេស្តេជាសមាជិ​ក​ពេញ​សិទ្ធិទី១១ របស់អាស៊ាន នៅពេលនេះ បានបង្ហាញពីការខិតខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលបាន​ខិតខំជួយជំរុញប្រទេសទីម័រឡេស្តេ​ឱ្យក្លាយជាសមាជិកមួយបន្ថែមទៀតរបស់អាស៊ាន៕

សម្ដេចធិបតី៖ ការពង្រីកសមាជិកភាពកិច្ចព្រមព្រៀង RCEP ជាកម្លាំង​ចលករដ៏សំខាន់​នៃកំណើន​ប្រកបដោយចីរភាព និងស្ថិរភាពក្នុងតំបន់

2025/10/28 03:47:16 pm        295
ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) លើកទី៥ នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគាំទ្រយ៉ាងខ្លាំង​ចំពោះការពន្លឿនការចូលជាភាគីថ្មីរបស់ RCEP ស្របតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។ សម្ដេចបានសង្កត់ធ្ងន់ថា ការពង្រីកសមាជិកភាពនេះនឹងបង្កើនភាពជឿជាក់ និងបរិយាបន្ន​របស់​កិច្ចព្រមព្រៀងដែលជាកម្លាំងចលករដ៏សំខាន់នៃកំណើនប្រកបដោយចីរភាព និងស្ថិរភាពក្នុង​តំបន់​។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល​នៃកិច្ចប្រជុំរបស់​ក្រសួង​ការបរទេស​កម្ពុជា។តាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃ​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុ​ងជ្រោយក្នុងតំបន់ (RCEP) បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀង RCEP ក្នុងការជំរុញសមាហរណកម្ម សេដ្ឋកិច្ចតំបន់ និងបង្កើនភាពធន់ស្របពេល​នៃការកើនឡើងនូវ​ភាព​មិនប្រាកដប្រជារបស់សកលលោក។ ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាង RCEP ឱ្យបានពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធភាព ដោយធានាទីផ្សារបើកចំហ និងអាចព្យាករណ៍បាន σε សនិងសហប្រតិបត្តិការ ការកាត់បន្ថយរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ និងការធ្វើឱ្យប្រសើរឡើងនូវកិច្ច​សម្រួល​ពាណិជ្ជកម្ម និងវិនិយោគនៅទូទាំងតំបន់។ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀង ពាណិជ្ជ​កម្មសេរី (FTA) ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទីផ្សារប្រមាណ ១ភាគ៣​នៃចំនួន ប្រជាជននិងផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងបានបង្ហាញពី​មហិច្ឆតា​បន្ថែម​ទៀតក្នុងការប្រើ ប្រាស់ការពិនិត្យឡើងវិញទូទៅនៃកិច្ចព្រមព្រៀង RCEP ដែលគ្រោង​នឹង​ធ្វើ​ឡើងនៅឆ្នាំ២០២៧ ដើម្បីធ្វើឱ្យ RCEP ក្លាយទៅជាកិច្ចព្រមព្រៀងដែលទំនើប រស់រវើក និង​មាន​ស្តង់ដាខ្ពស់ ដោយរួមបញ្ចូលបទប្បញ្ញត្តិ លើបញ្ហាសម័យទំនើប និងដែលកំពុងលេចឡើង រួមមានសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ជាដើម។ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា RCEP គឺជានិមិត្តរូបនៃ​ការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះពាណិជ្ជកម្មដែលមានមូលដ្ឋានលើច្បាប់ និងជា​ឧទាហរណ៍​នៃតំបន់និយមបើកចំហ ដែលផ្អែកលើមជ្ឈភាពអាស៊ាន៕

សម្ដេចធិបតី ជំរុញឱ្យពង្រឹងកិច្ចសន្ទនា និងកិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ក្នុង​កិច្ច​ប្រជុំ​កំពូលអាស៊ានបូកបី លើកទី២៨

2025/10/28 03:22:13 pm        1015
ភ្នំពេញ៖ ក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៨ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនា និង​កិច្ច​សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹង​ការ​គ្រប់គ្រ​ង​បន្ទាត់​ព្រំដែន តាមរយៈយន្តការដែល​មាន​ស្រាប់​ដែល​ស្ថិត​ក្រោម​កិច្ច​ប្រជុំ​ពិគ្រោះយោ​បល់​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​បូកបីស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC+3)។ នេះបើយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​រ​បស់ក្រសួងការបរទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំបានពិនិត្យឡើងវិញនូវទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និង​បាន​គូស​បញ្ជាក់​ពី​ភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពីប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីនិយមដែលបើកចំហ តម្លាភាព និងផ្អែកលើវិធានច្បាប់។ ថ្នាក់​ដឹកនាំក៏​បានបានគូសបញ្ជាក់អំពី សារៈសំខាន់នៃការពង្រឹងការរួបរួមគ្នា និងកិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ក្នុងការដោះស្រាយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ស្រប​ជា​មួយ​នឹង​ការរក្សាបាននូវតួនាទីស្នូលរបស់អាស៊ាននៅក្នុង ដំណើរវិវឌ្ឍន៍​នៃ​និម្មាបន​កម្ម​តំបន់​ដែល​ដឹក​នាំដោ​យអាស៊ាន ដើម្បីលើកកម្ពស់បរិយាបន្ន ចីរភាព ការអភិវឌ្ឍ និងវិបុលភាព។ ក្នុង​ន័យ​នេះ​កិច្ចប្រជុំកំពូលបានអនុម័តសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញនូវតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា។ សម្តេច​ធិបតី ក៏បានលើក​បន្ថែម​អំពី​សារៈ​សំខាន់​នៃការ​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ដែលមានស្រាប់រួមមាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ជាមួយ​ប្រទេស​បូក​នីមួយៗ (FTA+1) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលពង្រឹងដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមដែលបើកចំហ និងផ្អែកលើវិធានច្បាប់ ដោយ​មាន​អង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ជាប្រយោជន៍រួមសម្រាប់ប្រជាជនយើងទាំងអស់គ្នា។ ដើម្បី​ស្របជាមួយ​គ្នានឹ​ង​ការ​ស្វាគមន៍​នូវ​ការ​ពង្រឹង​យន្តការថ្មី​ៗ​នៃ​គំនិត​ផ្តួច​ផ្តើម​ឈៀង​ម៉ៃ​ស្តីពី​ពហុ​ភាគី​និយម (CMIM) ដែលជាគន្លឹះចម្បងក្នុងការគាំពារហិរញ្ញវត្ថុក្នុងតំបន់ សម្តេចធិបតី​បាន​គូស​បញ្ជាក់​អំពី​កាលានុវត្តភាពសំខាន់ៗនៃសេដ្ឋកិច្ចឌីជីថល និងកិច្ចព្រមព្រៀង​ក្រប​ខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល ​(DEFA) ដែលជាកម្លាំងចលករនៃកំណើនឌីជីថលក្នុងតំបន់។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់បន្ថែមអំពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនា និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងការគ្រប់គ្រងបន្ទាត់ព្រំដែន តាម​រយៈយន្តការដែលមានស្រាប់ដែលស្ថិតក្រោមកិច្ចប្រជុំពិគ្រោះ​យោបល់ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​បូក​បី​ស្តី​ពី​ឧក្រិដ្ឋកម្មឆ្លងដែន (AMMTC+3)៕

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៨ នៅទីក្រុងកូឡាឡាំពួ

2025/10/28 12:16:46 pm        288
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាល នៃបណ្តាប្រទេស​អាស៊ាន​ទាំង១១ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ជាសហប្រធានពីសំណាក់ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​អាស៊ានឆ្នាំ២០២៥ និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណ​រដ្ឋ​ប្រជាមានិត​ចិន នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបានអញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន ៣.០ ផងដែរ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង១១ និងនាយក​រដ្ឋ​មន្ត្រីចិន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំ​ពាក់ព័ន្ធ​នៅទី​ក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul

2025/10/28 11:00:10 am        273
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី ថៃ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កម្ពុជា និងអូស្ត្រាលី ឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

2025/10/27 09:00:30 pm        235
នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្ដេចបវរធិបតី និងឯកឧត្តម Anthony Albanese កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជិត៦០០លានដុល្លារ ក្នុងឆ្នាំ២០២៤ និងបានអរគុណអូស្ត្រាលីដែលបានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា តាមសំណើរបស់សម្តេចបវរធិបតី ពី ៥០កន្លែង ឡើងដល់ ៦២កន្លែង សម្រាប់ឆ្នាំ២០២៥។ សម្ដេចបវរធិបតីក៏បានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោយនាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម នាថ្ងៃទី១០-១៥ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចបវរធិបតី ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ ព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ជាមួយគ្នានេះ, ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់រូបឯកឧត្តមនៅកម្ពុជាចំនួន ៣លើកកន្លងមក និងបានកត់សម្គាល់អំពីសក្កានុពលរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីបានចាត់ទុកបញ្ហាទាំងនេះជាបញ្ហាប្រឈមរបស់ប្រទេសទាំងអស់។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានស្វាគមន៍ការវិវត្តជាវិជ្ជមានចំពោះដំណោះស្រាយនៃជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ និងបានវាយតម្លៃខ្ពស់អំពីភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ក្នុងដំណើរការរកដំណោះស្រាយនេះ។ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីថែមទៀត៕

កម្ពុជា-នូវែលហ្សេឡង់ ឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

2025/10/27 08:50:52 pm        167
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលហ្សេឡង់។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ សម្ដេចបវរធិបតីបានជម្រាបជូនអំពីការអភិវឌ្ឍ និងអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការធ្វើពិពិធកម្មទៅលើទីផ្សារនាំចេញ និងប្រភេទផលិតផលនាំចេញ។ ទន្ទឹមនេះ កម្ពុជាក៏មានសក្តានុពលជាច្រើនទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា។ ដោយយោងលើសក្តានុពលទាំងនេះរបស់កម្ពុជា, សម្ដេចបវរធិបតីបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ជួយជំរុញវិនិយោគិននូវែលហ្សេឡង់ពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា។ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលហ្សេឡង់”។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទៅលើបញ្ហាតំបន់ និងសកលមួយចំនួន៕

កម្ពុជា-ឡាវ-វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនឱ្យកាន់ជិតស្និទ្ធ

2025/10/27 02:20:48 pm        616
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម និងឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានអបអរសាទរការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយមានការចូលរួមជាសាក្សីពីឯកឧត្តមប្រធានាធិបតិសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។ ជាមួយនឹងប្រទេសឡាវ សម្ដេចបវរធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការជ្រើសរើសទីតាំងសាងសងស្ពានឆ្លងកាត់ទន្លេរពៅ-ទន្លេសេឡាំផាវ។ ជាមួយប្រទេសវៀតណាម សម្ដេចបវរធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។ ក្នុងវិស័យទេសចរណ៍, ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានឯកភាពនឹងណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងបី បន្តពិភាក្សាជាមួយគ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌ “ប្រទេស៣ គោលដៅ១” ។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានអរគុណវៀតណាម និងឡាវ ដែលបានគាំទ្រ និងចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាពេលកន្លងមក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគាំទ្រនិង ចូលរួមនៅក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM