សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

2026/04/09 11:39:05 pm        166
នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានជួបសម្តេចធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀត ព្រមទាំងបានថ្លែងអំណរគុណសម្ដេចធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល One Health (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីស នាពេលនេះ។ ឯកឧត្តមអេម៉ានុយអែល ម៉ាក្រុង ក៏បានគូសបញ្ជាក់ជាថ្មីនូវមិត្តភាពជាមួយប្រទេសនិងប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី។ ទន្ទឹមនឹងនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ឯកឧត្តមមានសេចក្ដីរីករាយក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦ ខាងមុខ។ជាការឆ្លើយតប, សម្តេចធិបតីបានអបអរសាទរបារាំងចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូល One Health (One Health Summit)។ សម្តេចធិបតីបានសង្កត់ធ្ងន់ពីទំនាក់ទំនងជាយូរលង់រវាងប្រទេសកម្ពុជានិងបារាំង និងថ្លែងអំណរគុណបារាំងដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅកម្ពុជា។ សម្តេចធិបតីក៏បានសម្តែងសេចក្តីរីករាយចំពោះទស្សនកិច្ចផ្លូវរដ្ឋ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ឯកឧត្តមប្រធានាធិបតី នៅកម្ពុជា នាចុងឆ្នាំ២០២៦នេះ។  ក្នុងជំនួបនេះ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីកម្ពុជា-បារាំង ជាពិសេសការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដល់កម្រិត "ភាពជាដៃគូយុទ្ធសាស្ត្រ" (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបានផ្លាស់ប្តូរយោបល់លើគំនិតផ្តួចផ្តើមមួយចំនួនក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងថាមពល ការពារជាតិនិងសន្តិសុខ វប្បធម៌និងបេតិកភណ្ឌ សុខាភិបាល អប់រំ និងទេសចរណ៍។ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេចធិបតីក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែន ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

ក្រុមហ៊ុន VINCI Airports ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា

2026/04/09 03:42:05 am        181
នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងរក្សាបាននូវភាពជាដៃគូសហប្រតិបត្តិការយ៉ាងល្អប្រសើរ។ បន្ថែមលើនេះ, លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពនៃអាជីវកម្ម និងផែនការសកម្មភាពរបស់ក្រុមហ៊ុន ដែលកំពុងផ្តោតលើការផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។ លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបន្តពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និង បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់ និងការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ សម្តេចធិបតីក៏បានជម្រាបជូនអំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ហើយរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាជាមួយក្រុមហ៊ុន និងវិស័យឯកជន ដើម្បីស្វែងរកមធ្យោបាយថ្មីៗ សំដៅជំរុញសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការពង្រីកជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។មុននឹងបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែជោគជ័យបន្ថែមទៀត៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​អំពាវនាវឱ្យមានកិច្ចសហការសុខភាព​សកលឱ្យកាន់​តែរឹងមាំ​នៅកិច្ចប្រជុំ​កំពូលស្តីពីសុខភាពតែមួយនៅប្រទេសបារាំង

2026/04/08 09:02:11 pm        224
កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ម្សិលមិញនេះ។ បន្ទាប់ពីកិច្ចប្រជុំត្រូវបានបើកជាផ្លូវការ មេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់ឱកាសឱ្យឡើងចែករំលែកទស្សនទានគន្លឹះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសុខភាពជាសកល។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ចំនួន៣ រួមមាន៖ (១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ (២) ជំងឺឆ្លង និង(៣) ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយលោកជំទាវ Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទទី២ ស្តីពី “ជំងឺឆ្លង” ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ។ជាកិច្ចចាប់ផ្តើមនៃសុន្ទរកថា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវកិត្តិយសដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយឆ្នាំ២០២៦ នៅទិវាសុខភាពពិភពលោក។ សម្តេចមហាបវរធិបតី ក៏បានកោតសរសើររដ្ឋាភិបាលបារាំង ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះនៅពេលវេលាដ៏សំខាន់មួយសម្រាប់មនុស្សជាតិ និងភពផែនដី។សម្តេចធិបតីបានគូសរំលេចពីបញ្ហាជំងឺកូវីដ១៩ ដែលបានចូលអង្រួនសុខភាពរបស់មនុស្សជាតិកាលពីឆ្នាំ២០១៩ ជាពិសេសគូសរំលេចពីការប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតជាសកលមួយនេះ។ សម្តេចធិបតីបានលើកឡើងថា ទោះបីជាប្រទេសមានធនធានតិចតួចក៏ដោយការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាជោគជ័យគួរឱ្យកត់សម្គាល់ពីដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង រហូតដល់ដំណាក់កាលស្តារឡើងវិញនៃការចាក់វ៉ាក់សាំងខ្ពស់។សម្តេចធិបតី ក៏បានគូសរំលេចពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល។ ប្រទេសកម្ពុជាបានដោះស្រាយហានិភ័យសុខភាពតែមួយតាមរយៈការឃ្លាំមើល និងការចូលរួមរបស់សហគមន៍នៅទូទាំងពហុភាគីពាក់ព័ន្ធ តាមដានការធ្វើចំណាកស្រុករបស់សត្វស្លាបព្រៃ និងប្រព័ន្ធអេកូឡូស៊ី និងសន្តិសុខជីវសាស្រ្តកម្រិតខ្ពស់ និងវិធីសាស្រ្តផ្អែកលើហានិភ័យចំពោះសុខភាពសត្វ ស្របពេលដែលមានការកែលម្អការឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីផ្សារ និងភស្តុភារ។នៅលើឆាកអន្តរជាតិវិញកម្ពុជានៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក និងប្រព័ន្ធឃ្លាំមើល AMR របស់ខ្លួន ដែលជាគំនិតផ្តួចផ្តើមបរិស្ថាន រួមមានភាពជាដៃគូសកម្មភាពប្លាស្ទិកសកល ក៏ដូចជាគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀតក្រោមក្របខ័ណ្ឌអាស៊ាន។ក្នុងសុន្ទរកថានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចែករំលែកនូវទស្សនទានចំនួន៥ ចូលរួមដោះស្រាយបញ្ហាសុខភាពជាសកល។ ទស្សនទានទាំង៥នោះរួមមាន៖១៖ ភាពជាដៃគូ និងសាមគ្គីភាព៖ សម្តេចមហាបវរធិបតី បានស្នើឱ្យជំរុញបន្ថែមទៀតនូវកិច្ចសហការក្នុងតំបន់ និងសកល ចែករំលែកចំណេះដឹង ធនធាន និងបច្ចេកវិទ្យារវាងរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ សង្គមស៊ីវិល និងសហគមន៍។២៖ ការឃ្លាំមើលរួមបញ្ចូលគ្នា និងប្រព័ន្ធព្រមានដំបូង៖ សម្តេចមហាបវរធិបតី ស្នើឱ្យបន្តសម្របសម្រួលស្តង់ដារ ពង្រីកលំដាប់ហ្សែន និងធានាការឆ្លើយតបយ៉ាងឆាប់រហ័ស។៣៖ ការផ្តល់ហិរញ្ញប្បទាន និងនវានុវត្តន៍ប្រកបដោយចីរភាព៖ សម្តេចមហាបវរធិបតី ស្នើឱ្យជំរុញយន្តការអន្តរជាតិរយៈពេលវែងបន្ថែមទៀត បង្កើនការវិនិយោគក្នុងស្រុក និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងឯកជន។៤៖ ការប្រយុទ្ធប្រឆាំងនឹងភាពធន់នឹងភ្នាក់ងារប្រឆាំងមេរោគ (Antimicrobial Resistance -AMR) និងសម្ពាធអាកាសធាតុ៖ សម្តេចប្រមុខរាជរដ្ឋាភិបាលស្នើ លើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកដែលមានទំនួលខុសត្រូវ បង្កើនការត្រួតពិនិត្យកំណែទម្រង់បទប្បញ្ញត្តិ និងការរួមបញ្ចូលការការពារអាកាសធាតុទៅក្នុងគោលនយោបាយសុខភាព និងកសិកម្ម។៥៖ ការលើកកម្ពស់ចំណេះដឹង សមធម៌ និងការត្រៀមខ្លួន៖ សម្តេចមហាបវរធិបតី បានថ្លែងកាន់វេទិកានៃកិច្ចប្រជុំនោះថា គួរតែធានាគោលនយោបាយផ្អែកលើភស្តុតាង វិនិយោគលើមន្ទីរពិសោធន៍ និងការអភិវឌ្ឍកម្លាំងពលកម្ម ធានាការទទួលបានឧបករណ៍សង្គ្រោះជីវិតដោយសមធម៌ និងលើកតម្កើងសហគមន៍តាមរយៈការយល់ដឹង៕

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើ​ដល់​ឯកអគ្គរដ្ឋទូត​តួកគី​យ៉េ​ចប់​អាណត្តិ​ឱ្យបន្ត​ធ្វើ​ជា​ទូត​របស់​កម្ពុជា​ផ្សព្វ​ផ្សាយ​ពី​កម្ពុជា ដើម្បីទាក់ទាញវិនិយោគ និងទេសចរណ៍មកម្ពុជា

2026/04/08 07:12:52 pm        279
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើ​ដល់លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​តួក​គី​យ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ​ឱ្យបន្ត​ធ្វើ​ជា​ទូត​របស់​កម្ពុជា​ផ្សព្វ​ផ្សាយ​ពី​កម្ពុ​ជា​បន្តទៀតនៅឯប្រទេសតួកគីយ៉េ ខណៈលោក​ជំទាវ​បាន​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​ប្រជា​ជន ​និងប្រទេសកម្ពុជា និងចាត់ទុកកម្ពុជាគឺជាមិត្តអស់មួយជីវិត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្ដាំផ្ញើបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យលោកជំទាវ អ៊ុល​ឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំ​កម្ពុជា​ចប់​អាណត្តិ ​ចូលជួបសម្ដែងការគួរ និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅថ្ងៃទី៨ ខែ​មេសា ឆ្នាំ២០២៦នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ច​ចាប់​ផ្ដើម​សម្ដេច​តេជោ ​ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយក្នុងពេលដែលសម្ដេចបានជួបលោកជំទាវ អ៊ុល​ឃូ ខូខាអ៊ីវ សារជាថ្មី បើទោះបី​​ជា​ពេល​នេះ​លោក​ជំទាវ​ត្រូវ​ផុត​អាណត្តិ​បំពេញ​បេសកកម្ម​ជា​ឯកអគ្គ​រដ្ឋ​ទូត​នៅព្រះរាជាណាចក្រកម្ពុជាក្ដី។ សម្ដេចតេជោ បានកោតសរសើរ​ចំពោះ​លោក​ជំទាវ​ក្នុង​រយៈ​ពេល​នៃ​បេសកកម្មរបស់លោកជំទាវជាឯកអគ្គរដ្ឋទូត លោកជំទាវសម្រេចបាន និង​បង្កើត​សមិទ្ធ​ផល​ជា​ច្រើនសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េ ដែលមកដល់ពេលនេះ ប្រទេស​ទាំង​ពីរ​កំពុង​តែមានទំនាក់ទំនងដ៏ល្អ និងរីកចម្រើនជាបន្តបន្ទាប់។នៅក្នុងឱកាសនោះ លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ បានសម្ដែង​នូវ​ការ​អរគុណ​ជា​អនេកប្បការ​ដែល​សម្ដេច​តេជោ បា​នអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានចូលជួបសម្ដែងការគួរ និង​ជម្រា​ប​លា​នៅ​ក្នុង​ឱកាសនេះ។ លោក​ជំទាវក៏បានរាយការណ៍អំពីបេសកកម្មរបស់លោកជំទាវក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជាកន្លងម​កនេះ ជូនចំពោះសម្ដេចតេជោ ដោយលោកជំទាវ​បាន​លើក​ឡើង​នូវសមិទ្ធផល​ដែល​សម្រេច​​បា​ន​សំខាន់​សម្រាប់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េ, ដូច​ជា​ការ​បង្កើត​នូវ​ការិយាល័យ​ពាណិជ្ជ​កម្មរបស់តួកគីយ៉េនៅកម្ពុជា, បង្កើតមជ្ឈ​មណ្ឌល​វប្បធម៌​របស់​តួក​គី​យ៉េ​នៅ​កម្ពុជា ​និងសមិទ្ធផលដ៏សំខាន់ដែលទើបសម្ដេចបាននៅចុងឆ្នាំ២០២៥ គឺ​ការ​បង្កើត​នូវ​ជើង​ហោះ​ហើរ​របស់​តួកគីយ៉េ មកកាន់កម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និង​តួក​គីយ៉េ​ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ក្នុងឱកាសនោះលោកជំទាវក៏បានសម្ដែងនូវការជាប់ចិត្តចំពោះប្រជាជនកម្ពុជា ជាពិសេស គឺ​ស្មាម​ញញឹម​របស់​ប្រជាជនកម្ពុជាដែលមិនអាចធ្វើឱ្យលោកជំទាវបំភ្លេចបានឡើយ។ លោក​ជំទា​វ​ក៏​បាន​លើក​ឡើង​ថា ​បើទោះបីជាពេលនេះ លោកជំទាវផុតអាណត្តិជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ក៏ប៉ុន្ដែ​ក៏​លោក​ជំទាវ​នឹង​នៅ​តែ​ជាមិត្តរបស់កម្ពុជាអស់មួយជីវិត។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវក្ដី​ពេញ​ចិត្ត​យ៉ាង​ក្រៃ​លែង​ចំពោះពា​ក្យ​ពេចន៍​ដ៏​មាន​អត្ថន័យរបស់លោកជំទាវចំពោះការពេញចិត្តប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជា។ សម្ដេច​តេជោ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងឋានៈ​ជា​ឯក​អគ្គរ​ដ្ឋ​ទូត​ប្រចាំនៅកម្ពុជាកន្លងមក លោកជំទាវ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​ក្នុង​ការ​ពង្រីក​នូវ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បា​នកោតសរសើរចំពោះការខិតខំរបស់លោកជំទាវ ក្នុងការបង្កើត​នូវ​ការិយាល័យ​ពាណិជ្ជ​កម្ម​របស់តួកគីយ៉េនៅកម្ពុជា, បង្កើតមជ្ឈមណ្ឌលវប្បធម៌របស់តួកគីយ៉េនៅកម្ពុជា និង​ការ​បង្កើត​នូវ​ជើងហោះហើររបស់តួកគីយ៉េមកកាន់កម្ពុជា ដែលជាចរន្ត​នៃ​ការ​គាំទ្រ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និងតួកគីយ៉េឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះសម្ដេចតេជោ ក៏បានអរគុណ​ចំពោះ​ប្រទេស​តួកគី​យ៉េ​ដែល​នា​ពេល​កន្លង​មក​បាន​ចូល​រួម​ចំណែក​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ជន​ភៀស​សឹក​កម្ពុជានៅក្នុងបញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ។ សម្ដេចតេជោ ក៏លើកឡើង​អំពី​បញ្ហា​ព្រំដែន​របស់​កម្ពុជា និងថៃ និងជំហររបស់កម្ពុជា គឺក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និង​ការ​ដោះ​ស្រាយបញ្ហាដោយសន្ដិវិធីតាមរយៈការចរចា។ សម្ដេចតេជោ​ក៏បានរម្លឹកនូវពាក្យដ៏មានអត្ថន័យរបស់លោកជំទាវឯកអគ្គរដ្ឋទូតថា «នឹង​នៅ​ជា​មិត្ត​របស់​កម្ពុជាអស់មួយជីវិត» ដោយសម្ដេចតេជោ បានផ្ដាំផ្ញើបន្ថែម​ចំពោះ​លោក​ជំទាវ​ទោះ​បី​ជា​ចប់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត និងត្រឡប់ទៅតួកគីយ៉េវិញ ក៏សូមឱ្យលោក​ជំទាវ​នៅ​បន្ត​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​របស់​កម្ពុជានៅក្នុងប្រទេសតួកគីយ៉េបន្តទៀត» មានន័យថា បន្តជួយផ្សព្វផ្សាយ​ពី​កម្ពុជា​ដល់​អ្នក​វិនិយោគ ដល់ប្រជាជនតួកគីយ៉េ ដើម្បីមកវិនិយោគ និងទស្សនាកម្ពុជា៕

សម្តេចធិបតី អញ្ជើញចូលរួមកិច្ចពិភាក្សា និង​ថ្លែង​សុន្ទរ​គន្លឹះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​សុខ​ភាព​តែមួ​យ និងជួ​បជាមួយបណ្ដាថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀតនៅបារាំង​

2026/04/08 06:47:49 pm        360
បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយហើយនោះ សម្តេច​ម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ពិភាក្សា​ក្រោមប្រធានបទចំនួន៣ រួមមាន៖ ១. អភិបាលកិច្ច និងវិទ្យាសាស្ត្រ, ២ជំងឺឆ្លង និង៣ ជំងឺមិនឆ្លង។ កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយលោកស្រី Eléonore Caroit រដ្ឋមន្ត្រី​ប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះ លើ​ប្រធាន​បទ​ទី២ ស្តីពី «ជំងឺឆ្លង»ផងដែរ។ក្នុងឱកាស​មុនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយនៅប្រទេសបារាំងនេះ សម្ដចធិបតី នាយក​រដ្ឋមន្រ្ដី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី «និម្មាបនកម្មសុខភាពសាកល» និង​មាន​ជំនួបក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសមួយចំនួនទៀតផងដែរ។ក្នុង​នោះ​សម្ដេចធិបតី បានឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្ដម Akihiko Nishio អនុ​ប្រធាន​ធនាគារពិភពលោកទទួលបន្ទុកការអភិវឌ្ឍហិរញ្ញវត្ថុ។ ជួបពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​លោក​សាស្ត្រា​ចារ្យបណ្ឌិត Khaled EI Enany អគ្គនាយកអង្គការ UNESCO និងមាន​ជំនួប​ពិភាក្សា​ក្រៅ​ផ្លូវការជាមួយ ឯកឧត្តម Duma Gideon Boko ប្រធានាធិបតីបុតស្វាណា ផងដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលរៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេស​បារាំង​ ត្រូវ​បាន​បើកជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។ កិច្ចប្រ​ជុំ​កំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំ​កំពូល​ស្តី​ពី​ភព​ផែន​ដី​តែ​មួ​យ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅ​ឆ្នាំ​២០២៦។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាង​អង្គការ​អន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និង​ប្រព័ន្ធ​អេកូឡូស៊ី។ សូមបញ្ជាក់ជូនថា សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​នូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើនក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោល​បំណង​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ក្លាយ​ជា​ភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ថ្នាក់ដឹកនាំ​ទាំង​ពី​រ​ក៏​គ្រោង​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​ជុំវិញ​កិច្ចសហប្រតិបត្តិការពហុភាគីរួមទាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំងការ​វិវត្ត​នៅក្នុ​​ងតំបន់ និងពិភពលោក៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយមនុស្សធម៌សម្រាលទុក្ខលំបាក ជូនលោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

2026/04/08 03:05:05 am        124
កំពង់ស្ពឺ៖ ដោយក្តីអាណិតអាសូរជាពន់ពេក មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់លោកយាយ ខៀវ អែង អាយុ ៨៨ឆ្នាំ ជាចាស់ជរាគ្មានទីពឹង រស់នៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងលោកតា ប៉ែន ប៉ុន អាយុ១០២ឆ្នាំ រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំយកនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយ លោកតា។ លោកជំទាវ បានជម្រាបជូនលោកយាយលោកតា ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែតាមដានជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយបន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាកមួយរបស់លោកយាយខៀវ អែង រស់នៅតែម្នាក់ឯង, ឃើញលោកយាយមានសម្លៀកបំពាក់រហែករយាករយ៉ាក និងផ្ទះដែលលោកយាយរស់នៅមានសភាពចាស់ទ្រុឌទ្រោម ពេលភ្លៀងម្តងៗ មានលិចទឹកថែមទៀតនោះ ធ្វើឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានអារម្មណ៍ក្តុកក្តួល និងក្តីអាណិតអាសូរ យ៉ាងក្រៃលែង ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលើកទឹកចិត្តដល់លោកយាយផងដែរ»។លោកជំទាវ ម៉ែន នារីសោភ័គ បានបន្តថាចំពោះករណីលោកតា ប៉ែន ប៉ុន ដែលមានអាយុ១០២ឆ្នាំ រស់នៅជាមួយកូនប្រសារស្រី និងចៅស្រីដែលមានជីវភាពលំបាកខ្លាំង ដោយកូនប្រុសបង្កើតលោកតាបានស្លាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ។ លោកតា ក៏ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាដូចគ្នា ហើយនេះជាលើកទី២របស់លោកតាផងដែរ។លោកជំទាវបានឱ្យដឹងបន្តថា នេះជាសកម្មភាពមួយ ដែលកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានត្រូវតែយកចិត្តទុកដាក់ចំពោះចាស់ឥតទីពឹង ហើយ សម្តេច តែងតែណែនាំដល់កូនចៅនៅទៅតាមសាខា ក៏ដូចជាមន្ត្រីយើងទាំងអស់ឱ្យយកចិត្តទុកដាក់នៅតាមទីកន្លែងណាក៏ដោយ ឱ្យតែបានប្រទះ ឃើញគឺត្រូវតែធ្វើការដោះស្រាយ។លោកជំទាវបន្ថែមថា «ការចុះសួរសុខទុក្ខដល់ចាស់ៗដែលឥតទីពឹង ដូចករណីនៅក្នុងថ្ងៃនេះ និងមានសកម្មភាពចុះទៅតាមមណ្ឌលកុមារកំព្រា ក៏ដូចជាសមាគមតន្ត្រីសំនៀងជនពិការ កន្លែងវិទ្យុ ទូរទស្សន៍អ្នកមានពិការភាពភ្នែក និងកុមារកំព្រាមួយចំនួនដែលយើងតែងតែធ្វើនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការនៅក្នុងការរកមូលនិធិក្នុងឱកាសទិវា ៨ ឧសភា ដើម្បីបង្ហាញជូនសប្បុរសជនថា ថវិកាដែលយើងបានទទួលពីសប្បុរសជន គឺតែងតែបានទៅដល់ដៃអ្នករងគ្រោះបំផុត»។សូមបញ្ជាក់ថា អំណោយដែលជូនលោកតាលោកយាយនាឱកាសនេះរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ៥កេស, ត្រីខ ១កេស(មាន១០០កំប៉ុង), ឆៃពៅ ៣កំប៉ុង (ស្មើ៣គីឡូក្រាម), ប្រេងឆា ៣ដប(ស្មើ៣គីឡូក្រាម), ទឹកស៊ីអីវ ២យួរ(ស្មើ១២ដប), ភេសជ្ជះវីកូឡា ២កេស, ទឹកបរិសុទ្ធ ២កេស, កន្ទេល ២រាយ, ឃីត ២កញ្ចប់ និងថវិកា ៥០០.០០០រៀល ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។បន្ទាប់ពីទទួលបានអំណោយមនុស្សធម៌ខាងលើ លោកតាលោកយាយ ទាំងពីរនាក់មានក្តីរំភើបរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរ និងលើកដៃប្រណមបួងសួងទេវត្តាឆ្នាំថ្មី តាមថែរក្សាមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារមានសុខភាពល្អ អាយុយឺនយូរ និងមានសុខសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់៕

សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតជាមួយ ប្រធានាធិបតីបារាំង, អគ្គនាយក WHO និងមេដឹកនាំប្រទេសមួយចំនួនទៀត

2026/04/08 01:10:19 am        30
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតជាមួយ លោក Emmanuel Macron ប្រធានាធិបតីបារាំង, លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនទៀត នៅក្នុងប្រទេសបារាំង៕

BREAKING NEWS | ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/04/07 01:44:34 am        383
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។យោងតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ច្បាប់នេះ កំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសដែល ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។បទល្មើសដែលស្ថិតក្រោមដែនអនុវត្តនៃច្បាប់នេះ គឺជាបទល្មើសដែលត្រូវបានប្រព្រឹត្តក្នុងករណី ដូចខាងក្រោម៖១-បទល្មើសត្រូវបានប្រព្រឹត្ត ឬចាត់ថាបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាម បទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌជាធរមាន។២-បទល្មើសត្រូវបានប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីណាមួយដូចខាងក្រោម៖- បទល្មើសត្រូវបានប្រព្រឹត្តដោយពលរដ្ឋខ្មែរ។- បទល្មើសត្រូវបានប្រព្រឹត្តលើពលរដ្ឋខ្មែរ។- ទ្រព្យសម្បត្តិដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសដែលមានចែងក្នុង ច្បាប់នេះ បានផ្ទេរចូលមកក្នុង ឬបានផ្ទេរចេញពីព្រះរាជាណាចក្រកម្ពុជា។៣-បទល្មើសត្រូវបានប្រព្រឹត្តដោយប្រើប្រព័ន្ធធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ អត្ថបទ៖ វង្ស សុភាព

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គលសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន

2026/04/03 02:05:43 am        263
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ព្រមទាំងវត្តមានអញ្ជើញចូលរួមពីអ្នកឧកញ៉ា ជាម ឃុនណាត និងអ្នកឧកញ៉ា តេង ហឿង សមាជិកក្រុមប្រឹក្សាភិបាល និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន និងអតិថិជនរបស់បុរីអ័រគីដេផងដែរ។ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្ត ព្រះធម្មវនវាសី ចន្ទមុនី ព្រះសមុហ៍គណខេត្តព្រះសង្ឃាធិបតីវត្តចន្ទប្បជោនារាម (ហៅវត្តតាសុត) ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជូនដល់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា អ្នកឧកញ៉ា ជាម ឃុនណាត និងអ្នកឧកញ៉ា តេង ហឿង សហនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងក្រុមគ្រួសារ ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

វឌ្ឍនភាពថ្មីគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៖ពិធីបើកការដ្ឋានសាងសង់កំណាត់ទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១១ ខែមេសាខាងមុខនេះក្រោមអធិបតីភាពសម្ដេចធិបតីនាយករដ្ឋមន្រ្ដី

2026/04/02 11:57:19 pm        216
តាកែវ៖នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រខេត្តកែប) ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។ បេសកកម្មនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សមាជិកគណៈកម្មាធិការពិសេស, ឯកឧត្តម លោកជំទាវ តំណាងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ព្រែកជីកហ្វូណន-តេជោ គ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លា និងប្រើប្រាស់រយៈពេល៤ឆ្នាំ ទើបសាងសង់រួចរាល់។ ព្រែកជីកនេះ បានតភ្ជាប់ផ្លូវទឹករវាងទន្លេមេង្គ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ខេត្តកណ្តាល តាកែវ កំពត និងកែប។ ព្រែកជីកហ្វូណន-តេជោ មានបណ្តាយប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ព្រែកជីកនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបានបើកការដ្ឋានជាផ្លូវការ កំណាត់ទី១ កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងប្រវិត្តសាស្រ្តព្រែកជីកហ្វូណននេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាដូចជា៖លើកកម្ពស់សេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ជាដើម។អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូត៖ រុស្ស៊ី និងឥណ្ឌូនេស៊ីពិចារណាឱកាសសហការលើវិស័យធនធានលោហៈកម្រ
07/28/2026 05:07 PM
[BREAKING NEWS] មនុស្សជាប់នៅ​ក្នុងផ្សារទំនើប ក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពីមាន​រញ្ជួយដី
07/28/2026 05:07 PM
អ្នកការទូត៖ រុស្ស៊ីអំពាវនាវឲ្យជប៉ុនត្រឡប់ទៅរកផ្លូវអភិវឌ្ឍប្រកបដោយសន្តិភាពវិញ
07/28/2026 05:07 PM
កងនាវារបស់កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីបានទៅដល់កំពង់ផែ Cam Ranh របស់វៀតណាម ដើម្បីធ្វើសមយុទ្ធរួមគ្នា
07/28/2026 05:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ពិភាក្សាជាមួយសមភាគី​អារ៉ាប៊ីសាអ៊ូឌីត និងអូម៉ង់ អំពីសន្តិសុខច្រកសមុទ្រ Hormuz
07/28/2026 05:07 PM
ក្រសួងកសិកម្ម និងអាជ្ញាធរមីន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»
07/28/2026 05:07 PM
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់ឱកាសស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង ដល់សិស្សវិទ្យាល័យជិត១ពាន់នាក់
07/28/2026 05:07 PM
កម្ពុជា និងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា
07/28/2026 05:07 PM
ឯកអគ្គរដ្ឋទូត៖ ក្រុមហ៊ូទីនឹងសម្រេចចិត្តដោយខ្លួនឯងថាតើត្រូវវាយប្រហារមូលដ្ឋានទ័ពអាមេរិករួមជាមួយអ៊ីរ៉ង់ឬអត់
07/28/2026 05:07 PM
ជប៉ុនចេញការ​ព្រមាន​ អំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ
07/28/2026 04:07 PM