សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​​ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រី នៃមន្ទីរ-អង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺ
TOP STORY | ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ​មានភាពប្រសើរជាបណ្តើរៗ ក្រុម​គ្រូ​ពេទ្យ​​ព្រះបរមរាជានុញ្ញាតថ្វាយព្រះអង្គ​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃនេះ និង​បន្ត​គង់​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន​

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​បង្កើន​ការវាយលុក​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន

2023/03/06 12:30:13 pm        367
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​កំពុង​បង្កើន​ការវាយលុក​របស់​ពួកគេ​ ដើម្បី​ហ៊ុមព័ទ្ធ​ទីក្រុង​យុទ្ធសាស្ត្រ Bakhmut ក្នុង​បំណង​គ្រប់គ្រង​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ នាយសេនាធិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ទាហាន​រុស្ស៊ី​មិនបាន​បោះ​បង់​ចោល​ការ​ប៉ុនប៉ង​ដើម្បី​ហ៊ុមព័ទ្ធ​ទីក្រុង Bakhmut នោះទេ​។ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​របស់​ខ្លួន​បាន​បំផ្លាញ​ទាហាន​អ៊ុយក្រែ​ន រថពាសដែក និង​គោលដៅ​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ Donetsk។ ក្រសួង​និយាយ​ថា យោធា​របស់​ខ្លួន​បាន​បាញ់​កាំភ្លើង​ធំ​ទៅលើ​ទីក្រុង Kharkiv ភាគ​ខាងកើត និង​ទីក្រុង Zaporizhzhia ភាគ​ខាង​ត្បូង​។​ ការ​បាញ់​ផ្លោង​របស់​រុស្សី​ទៅលើ​អគារ​លំនៅឋាន​បានបណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ និង​រង​របួស​កើន​ឡើង​។ មនុស្ស ១៣​នាក់​បាន​ស្លាប់​បន្ទាប់ពី​អគារ​អឹផាត់​មឹន​កម្ពស់ ៥​ជាន់​មួយ​កន្លែង​ត្រូវ​បាន​បំផ្លាញ​នៅក្នុង​ទីក្រុង Zaporizhzhia ហើយ​មនុស្ស ៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ផ្លោង​លើ​លំនៅឋាន ១​ខ្នង​នៅ​តំបន់​ភាគ​ខាង​ត្បូង​ទីក្រុង Kherson កាលពី​ថ្ងៃ​សៅរ៍​។ ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Andriy Yermak បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ភេរវ​ករ​រុស្ស៊ី​នៅតែ​បន្ត​សម្លាប់​ជន​ស៊ីវិល​។ ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយ​ថា រុស្ស៊ី​កំពុង​ប្រឈម​នឹង​កង្វះ​ការ​ផ្គត់ផ្គង់​ផ្នែក​យោធា​នៅ​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

នគរបាល និង​ក្រុម​បាតុករ​បន្ត​ប៉ះទង្គិច​នៅ​ទីក្រុង​អា​តែ​ន ក្រោយ​រថភ្លើង​បុក​គ្នា​សម្លាប់​មនុស្ស​ជិត​ ៦០​នាក់

2023/03/06 11:07:08 am        328
​ក្រិក៖ ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​រវាង​នគរបាល និង​ក្រុមបាតុករ​នៅ​កណ្ដាល​រដ្ឋធានី​អា​តែ​ន ប្រទេស​ក្រិ​កកាលពី​ថ្ងៃអាទិត្យ ទី​៥​មីនា ក្នុង​ការតវ៉ា​ជា​បន្តបន្ទាប់​បង្កឡើង​ដោយ​និស្សិត​ និង​បុគ្គលិក​ស្ថានីយ​រថភ្លើង​រាប់​ពាន់​នាក់ ទាក់ទង​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ក្រិ​ក​។ ​នគរបាល​បាន​ឆ្លើយតប​ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ និង​គ្រាប់​បែកផ្សែង​ទៅលើ​ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម ​ដែល​បាន​គប់​វត្ថុ​ផ្សេងៗ​លើ​នគរបាល​បង្ក្រាប​កុបកម្ម រួម​ទាំង​គ្រាប់បែក​ភ្លើង មុន​ពេល​បំបែក​ជួរ​ទៅកាន់​តាម​ដង​ផ្លូវ​នានា​ក្បែរ​នោះ​។​ ការ​ប៉ះទង្គិច​នានា​ក៏បាន​កើតឡើង​ផង​ដែរ​កាលពី​ថ្ងៃ​សុក្រ​រវាង​នគរបាល​ និង​ក្រុម​អ្នក​តវ៉ា​។ ​មនុស្ស​យ៉ាង​ហោចណាស់​ ៥៧​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​កាលពី​ថ្ងៃ​អង្គារ ​ទី​២៨ ​ខែ​កុម្ភៈ នៅ​ពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ដឹក​មនុស្ស​ជាង ​៣៥០​នាក់​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​រថភ្លើង​ដឹកទំនិញ​ នៅ​លើ​ផ្លូវ​ដូចគ្នា​នៅ​កណ្ដាល​ប្រទេស​ក្រិ​ក​។ ​បន្ទាប់ពី​ការ​តវ៉ា​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ នៅ​ទូទាំង​ប្រទេស​មាន​និស្សិត បុគ្គលិក​ស្ថានីយ​រថភ្លើង និង​ក្រុម​ឆ្វេង​និយម​ប្រមាណ ១​ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​ទីលាន​ចតុរង្គ​អា​តែ​ន​កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​ការបាត់បង់​អាយុជីវិត និង​ទាមទារ​ឲ្យ​មាន​ស្តង់ដារ​សុវត្ថិភាព​ប្រសើរ​ជាង​នេះ​នៅ​លើ​បណ្ដាញ​ផ្លូវ​រថភ្លើង និង​ជា​ការ​ព្រមាន​ដល់​រដ្ឋាភិបាល​ចំពោះ​ការ​ព្រងើយ​កន្តើយ​នឹង​សុវត្ថិភាព​ផ្លូវដែក​៕អត្ថបទ៖ សុខមាន

អ្នកស្លាប់​ដោយសារ​ព្យុះ​រដូវរងា​នៅ​អាមេរិក​កើនឡើង​ដល់ ​១៣​នាក់ និង​រាប់ម៉ឺន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​

2023/03/06 10:21:05 am        354
​អាមេរិក៖ ពលរដ្ឋ​អាមេរិក​ជិត​កន្លះ​លាន​នាក់​ចាប់ពី​រដ្ឋ Kentucky រហូតដល់​រដ្ឋ Michigan គ្មាន​អគ្គិសនី​ប្រើប្រាស់​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពី​ព្យុះ​ព្រិល​រដូវរងា​ដ៏​ធំ​គ្របដណ្ដប់​ភាគច្រើន​នៅ​ភាគ​ខាងជើង​សហរដ្ឋអាមេរិក និង​បាន​ប៉ះពាល់​ដល់​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាងត្បូងដោយមាន​ផ្គរ​រន្ទះ និង​ព្យុះ​កំបុត​ត្បូង​។ ​ទីភ្នាក់ងារ​ព្យាករណ៍​អាកាសធាតុ AccuWeather បាន​និយាយថា អ្នក​ស្លាប់​យ៉ាងហោចណាស់​ ១៣​នាក់​ត្រូវ​បាន​រាយការណ៍​ថា​បណ្ដាលមកពី​ព្យុះ​នេះ ដែល​បានចាប់ផ្ដើម​ដោយ​នាំមក​នូវ​ព្រិល​កម្រាស់​ជាច្រើន​ហ្វី​ត​នៅ​តាម​តំបន់​ភ្នំ និង​ភាគ​ខាងកើត​រដ្ឋ California​។ អភិបាលរដ្ឋ Kentucky លោក Andy Beshear បាន​និយាយថា មនុស្ស​ ៥​នាក់​ត្រូវបាន​បញ្ជាក់​ថា​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ Kentucky ខណៈ​ខ្យល់​កម្លាំង ១១២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​បោកបក់​រម្លើង​ដើម​ឈើ ​និង​បង្គោល​ភ្លើង និង​បំផ្លិចបំផ្លាញ​លំនៅឋាន និង​អគារ​មួយ​ចំនួន​។ ​យោង​តាម​គេហទំព័រ​តាមដាន​ថាមពល poweroutage.us. លំនៅឋាន និង​ហាង​អាជីវកម្ម​ជាង​ ២២៤.០០០ គ្មាន​ថាម​ពល​អគ្គិសនី​ប្រើប្រាស់​កាលពី​ថ្ងៃអាទិត្យ​នៅ​រដ្ឋ​ Kentucky។​ លំនៅឋាន​ និង​អគារ​ជាង ១១៧.០០០​ផ្សេងទៀត​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​រដ្ឋ Michigan និង​ជាង​ ៣៦.០០០ ​នៅ​រដ្ឋ Tennessee​។ រដ្ឋ Pennsylvania, Ohio និង West Virginia ក៏​កំពុង​ខ្វះខាត​ថាមពល​អគ្គិសនី​ប្រើ​ប្រាស់​ដែរ៕អត្ថបទ៖ សុខមាន

ទីជម្រក​ប្រមាណ ​២​ពាន់​កន្លែង​ត្រូវបាន​ឆេះ​បំផ្លាញ​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​

2023/03/06 09:49:47 am        368
​បង់ក្លាដែស៖ មន្ត្រី​ពន្លត់​អគ្គិភ័យ និង​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ឆេះ​បំផ្លាញ​ជំរំ​ជន​ភៀស​ខ្លួន ​ដែល​មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​ស្នាក់នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​សភាគ​ខាងត្បូង ​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ទីជម្រក ប៉ុន្តែ​ពុំបាន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ទេ​។ ​ក្រុម​មន្ត្រី​មកពី​អង្គភាព​ពន្លត់​អគ្គិភ័យ Balukhali បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា កូន​ផ្ទះ​តូច​ៗ​យ៉ាង​ហោច​ណាស់ ​២​ពាន់​កន្លែង​ត្រូវ​បាន​ឆេះ​បំផ្លាញ​ ឬ​ខូចខាតដោយសារ​អគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​កាលពី​ថ្ងៃអាទិត្យ ទី​៥​មីនា​។ អគ្គិភ័យ​នេះ​បាន​បំផ្លិចបំផ្លាញ​ជំរំ​១១ (Camp 11)​ ក្នុង​តំបន់ Cox’s Bazar ជា​ស្រុក​មួយ​ស្ថិត​នៅ​តាម​តំបន់​ព្រំដែន ជាទី​ដែល​មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាង ១​លាន​នាក់​រស់​នៅ​ ភាគច្រើន​រត់គេច​ចេញ​ពី​ការ​បង្ក្រាប​ដឹកនាំ​ដោយ​យោធា ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧​។ ​សេចក្ដីរាយការណ៍​ចេញពី​ទីក្រុង Dhaka អ្នកសារព័ត៌មាន​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Al Jazeera លោក Tanvir Chowdhury បាន​និយាយថា Balukhali គឺជា​ជំរំ​មួយ​ក្នុងចំណោម​ជំរំ​ ៣២ ​ក្នុង​តំបន់ ​Cox’s Bazar​។ ចំណែក​សារព័ត៌មាន​ Reuters ​វិញបាន​ដកស្រង់​សម្ដី​មន្ត្រី​នគរបាល​ក្នុងស្រុក​ម្នាក់​ឈ្មោះ Faruque Ahmed ដោយ​និយាយ​ថា ទីជម្រក​ចំនួន​ ៣​ពាន់​កន្លែង​ត្រូវ​បាន​ឆេះ​បំផ្លាញ និង​មណ្ឌល​សុខភាព​បឋម​មួយ​ត្រូវ​បាន​ឆេះ​គ្មាន​សល់។ ​ចំណែក​មូលហេតុ​នៃ​ការ​ឆេះ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​៕អត្ថបទ៖ សុខមាន

ចិន​បង្កើន​កញ្ចប់​ថវិកា​យោធា ខណៈ​ព្រមាន​ពី​ការ​គំរាមកំហែង​ពី​ខាងក្រៅ​កើនឡើង​

2023/03/06 09:24:51 am        455
​ចិន៖ ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការ​ចំណាយ​ខាង​យោធា​របស់​ខ្លួន​នឹង​កើន​ឡើង​ដល់​ដំណាក់កាល​ឆាប់រហ័ស​បំផុត​ក្នុង​រយៈពេល ​៤​ឆ្នាំ ដោយ​ព្រមាន​ពី​ការ​គំរាមកំហែង​ចេះតែ​កើន​ឡើង​ពី​ខាងក្រៅ នៅ​កិច្ចប្រជុំ​នៅ​សភា​ប្រថាប់ត្រា​របស់​ខ្លួន​ដែល​នឹង​ផ្ដល់​អំណាច​ដល់​លោក Xi Jinping កាន់​តំណែង​អាណត្តិ​ទី​៣ ​ជា​ប្រធានាធិបតី​របស់​ប្រទេស​ចិន​។ ​ការ​បង្កើន​កញ្ចប់​ថវិកា​ការពារ​ជាតិ​ធំ​បំផុត​ទី​២ ​របស់​ពិភពលោក​នេះ​បាន​កើត​ឡើង ខណៈ​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​គោលដៅ​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៥%​ សម្រាប់​ឆ្នាំនេះ មួយ​ក្នុងចំណោម​កំណើន​ទាប​បំផុត​របស់​ខ្លួន​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។ កញ្ចប់​ថវិកា​យោធា​ដែល​បាន​គ្រោងទុក​របស់​ប្រទេស​នេះ​​ ឆ្នាំនេះ​បាន​ធ្វើ​ឲ្យ​ការ​ចំណាយ​ខាង​វិស័យ​ការពារ​ជាតិ​ឡើង​ដល់ ​១.៥៥​កោដិ​យ័ន​ស្មើ​ ២២៥​ពាន់​លាន​ដុល្លារ​អាមេរិក​កើន​ឡើង ​៧.២%​ និង​ជា​អត្រា​កំណើន​​លឿន​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០១៩ ​មក​។ ​កាលពី​ឆ្នាំមុន​ប្រទេស​នេះ​បាន​បង្កើន​ជា​ផ្លូវការ​ដល់ ៧.១%។ ​លោក​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ Li Keqiang បាន​ប្រាប់​គណៈប្រតិភូ​នៅ​សភាជាតិ​ប្រជាជន​ថា​ ការ​ប៉ុន​ប៉ង​ពី​ខាងក្រៅ​ក្នុង​ការ​ដាក់​សម្ពាធ និង​ទប់ទល់​ឥទ្ធិពល​របស់​ចិន​កំពុង​កើន​ឡើង​។ លោក​បាន​បន្ថែម​ថា យោធា​ត្រូវតែ​លះបង់​ថាម​ពល​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​ហ្វឹកហាត់​ក្រោម​លក្ខខណ្ឌ​ប្រយុទ្ធ និង​ពង្រឹង​កិច្ចការ​យោធា​គ្រប់​គោលដៅ និង​ដែនដី​។​ ក្រុម​មន្ត្រី​អាមេរិក​ក៏បាន​ព្រមាន​ដដែលៗ​ផង​ដែរ​ថា ចិន​អាច​ក្រសោប​យក​កោះ​តៃវ៉ាន់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ចិន​បាន​បង្កើន​សកម្មភាព​យោធា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ទាំង​ក្នុង​សមុទ្រ ​និង​អាកាស​ជុំវិញ​កោះ​តៃវ៉ាន់ រួម​ទាំង​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត២ពាន់នាក់

2023/03/06 07:31:10 am        489
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យពេលកន្លងមក។សិស្ស និស្សិត​ដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមានសិស្សវិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញា​បត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរ​ជំនាន់ថ្មី សរុប​ចំនួន ១,៧២៨នាក់ នារី ៦៨៤នាក់។ សិស្ស និស្សិតទាំងនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩, ឆ្នាំសិក្សា​២០២០-២០២១, និង ឆ្នាំសិក្សា​២០២១​-២០២២។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិតចំនួន ១៥៣នាក់ផងដែរ។វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះ បណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូច​ជាកម្មវិធីនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០៕

សម្ដេចតេជោ បង្ហាញរូបភាពវាយកូនគោល៣លើកផ្សេងៗគ្នា នៅទីកន្លែងតែមួយ និងសួរថា តើខុសគ្នានៅកន្លែងណា?

2023/03/04 11:04:37 am        652
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា​ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញ​វាយ​កូន​​គោលឡើងវិញ ដោយសម្ដេចបញ្ជាក់ថា ការវាយឡើងវិញនេះគឺបន្ទាប់ពីខកខាន​អស់រយៈ​ពេល​ ជិត២ខែមកហើយនោះ។សម្ដេចតេជោ ហ៊ុន​ សែន​ បានបង្ហោះតាមរយៈតេឡេក្រាមថា «ថ្ងៃឆ្លៀតវាយកូនគោល​ដែល​ខក​ខាន​ជិត ២ខែហើយ។ ក្បាលពោះធំ​បន្តិច​​ក្នុ​ងទម្ងន់ ៨៧គីឡូក្រាម។ រីករាយចុងសប្តាហ៍។ ទីលាន​វាយ​កូនគោល ប្រទេសយើង។»បន្ទាប់មកសម្ដេចតេជោ បានបង្ហាញនូវរូបភាពជាច្រើនសន្លឹកបន្ថែមទៀត ក្នុងនោះរូបភាព​សម្ដេច​បាន​បង្ហាញ​នូវ​រូបភាពដែលជាវាយកូនគោល៣លើក នៅលើទីកន្លែងតែមួយ រួមនឹងខែឆ្នាំ​វាយ​កូន​គោល​ផង​ដែរ ហើយសម្ដេច​បាន​លើក​ជា​សំនួរថា តើខុសគ្នានៅកន្លែងណា?សម្ដេចតេជោ សរសេរថា «បង្ហាញរូបភាពវាយកូនគោល៣លើកនៅទីកន្លែងតែមួយ។ ខែធ្នូ២០២២ ខែមករា២០២៣ និង ខែមិនា២០២៣តើខុសគ្នានៅកន្លែងណា?។»

សម្ដេចតេជោ ហ៊ុន សែន៖ «រីករាយចុងសប្ដាហ៍ ឆ្លៀតវាយកូនគោលដែលខកខានជិត២ខែ »

2023/03/04 08:43:14 am        879
តាមរយៈChannel Telegram ផ្លូវការនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន​ សែន​ បានបង្ហោះរូបភាពរួមនឹងខ្លឹមសារ ថា «ថ្ងៃឆ្លៀតវាយកូនគោលដែលខកខានជិត ២ខែហើយ។ ក្បាលពោះធំ​បន្តិច​​ក្នុ​ងទម្ងន់ ៨៧គីឡូក្រាម។ រីករាយចុងសប្តាហ៍។ ទីលានវាយកូនគោល ប្រទេសយើង។»

អ៊ីស្រាអែល និង​អ៊ីរ៉ង់​ខិត​ជិត​សង្គ្រាម ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា ជម្លោះ​ជា​រឿង​ដែល​អាច​បញ្ចៀស​បាន

2023/03/03 02:23:05 pm        301
​អ៊ីស្រាអែល៖ ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​បាន​នាំឱ្យ​ប្រទេស​ទាំង២ ​ខិត​ជិត​ដល់​ដំណាក់កាល​នៃ​សង្គ្រាម​។ ខណៈ​អ្នក​ជំនាញ​មិន​យល់ស្រប​លើ​ព្រឹត្តិការណ៍​ដែល​អាច​នឹង​កើតឡើង ​នៃ​ជម្លោះ​យោធា​រវាង​រដ្ឋ​ជ្វី​ហ្វ និង​សាធារណៈរដ្ឋ​ឥស្លាម ដែល​ពួកគេ​បាន​យល់ស្រប​ថា ពេល​បច្ចុប្បន្ន​គឺ​សម្បូរ​ទៅ​ដោយ​បញ្ហា​ដែល​អាច​កើតមាន​។​ ​អ៊ីរ៉ង់​អាច​នឹង​ឈាន​ទៅ​ដល់​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​មន្ត្រី​មន្ទីរ​បញ្ច​កោណ​ជាន់ខ្ពស់​ម្នាក់​បាន​អះអាង​កាលពីដើម​សប្តាហ៍​នេះ​ថា ទីក្រុង​តេ​អេ​រ៉ង់​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​អាច​ក្នុង​រយៈពេល ១២​ថ្ងៃ​នៃ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​បាន​គ្រប់គ្រាន់​សម្រាប់​អាវុធ​នុយក្លេអ៊ែរ​។ ជា​ការ​ឆ្លើយតបអ៊ីស្រាអែល​កំពុង​ត្រៀម​សម្រាប់​អន្តរាគមន៍​យោធា ដើម្បី​បញ្ឈប់​នូវ​អ្វី​ដែល​ខ្លួន ​និង​ប្រទេស​លោកខាងលិច​ជាច្រើន​ជឿថា អាចជា​ការអភិវឌ្ឍន៍​ដ៏​មហន្តរាយដែល​គួរតែ​ត្រូវ​បាន​រារាំង​។ ប៉ុន្តែ​សង្គ្រាម​អាចជា​មហន្តរាយ​ផងដែរ​។​ ​លោក Bernard Avishai សាស្ត្រា​ចារ្យ​របស់​រដ្ឋាភិបាល​បាន​សរសេរ​យ៉ាង​ទូលំទូលាយ​អំពី​អ៊ីស្រាអែល​ ដែល​បាន​និយាយថា «​នេះ​គឺជា​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ខ្លាំង​»។ ​សំណួរ​ដែល​ត្រូវបាន​សួរ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​រដ្ឋធានី​ផ្សេងទៀត​លើ​ពិភពលោកគឺថា ​តើ​គ្រោះថ្នាក់​នាពេល​បច្ចុប្បន្ននេះ​ពិត​ជាធំ​ជាង​អ្វីដែល​បានកើត​ឡើង​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឬ​ថា​តើ​ការ​គំរាមកំហែង​នៃ​សង្គ្រាម​កំពុងតែ​ហួសហេតុ​សម្រាប់​ការបញ្ចប់​នយោបាយ​ឬទេ​។ ​ប៉ុន្តែ​លោក Bernard Avishai និង​អ្នក​ផ្សេងទៀត​បាន​ព្រមាន​ថា ការផ្ញើ​សារ​នេះ​ទំនងជា​កំពុង​កើនឡើង​កាន់​តែខ្លាំង​នូវ​សង្គ្រាម ខណៈ​ទីក្រុង​តេ​អេ​រ៉ង់​បាន​បន្ត​បង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដល់​កម្រិត​កាន់​តែ​ច្រើន ហើយ​អ៊ីស្រាអែល​បាន​ឆ្លើយតប​ដោយ​ការបង្ហាញ​ពី​ឆន្ទៈ​កាន់តែខ្លាំង ​ដើម្បី​វាយប្រហារ​រោង​ចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដើម្បី​បង្អាក់​ការងារ​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ទីនោះ ហើយ​អ៊ីស្រាអែល​នឹងត្រូវ​បញ្ចេញ​អាវុធ​ដ៏​មាន​ឥទ្ធិពលដែល​ការដាក់​ពង្រាយ​អាចធ្វើ​ឡើងជា​សកល៕​អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន​បង្កើត​ខ្សែការពារ​ថ្មី​នៅ​ភាគ​ខាងលិច​ទីក្រុង Bakhmut ខណៈ​ពលរដ្ឋ​ចាក​ចេញពី​តំបន់​

2023/03/03 12:17:30 pm        442
​អ៊ុយក្រែន៖ ខណៈ​ទាហាន​រុស្ស៊ី​បាន​បង្កើន​ការវាយលុក​មកលើ​ទីក្រុង Bakhmut ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមីនា ពលរដ្ឋ​នៅ​ភូមិ​ក្បែរ​ៗ​នោះ​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​ ដោយ​ភ័យខ្លាច​ការវាយលុក​រប​ស់​រុស្ស៊ី​។​ ​ពលរដ្ឋ​នៅ​ភូមិ Chasiv Yar ជា​ភូមិ​មួយ​មាន​ចម្ងាយ ​១៧​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង Bakhmut បាន​និយាយថា យើង​ង​ត្រូវតែ​ចាកចេញ យើង​បាន​ស្នាក់នៅ​រហូតដល់​ចុងក្រោយ​បំផុត​។ យើង​ចង់​រស់នៅ​ទីនេះ ប៉ុន្តែ​តើ​យើង​ត្រូវ​រស់​នៅ​ដោយ​របៀប​ណា​? ផ្ទះ​របស់​អ្នកជិតខាង​យើង​ពេលនេះ​ត្រូវបាន​បំផ្លាញ ដូច្នេះ​ដល់ពេល​ដែល​យើង​ត្រូវ​ចាកចេញ​ហើយ​។ មន្ត្រី​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សត្រូវ​កំពុង​បន្ត​រុលចូល​ទៅកាន់​ទីក្រុង Bakhmut កំពុង​វាយលុក​លើ​ទីក្រុង​នេះ​។​ ​ក្រោម​ការវាយប្រហារ​ឥតឈប់ឈរ​ពី​ទាហាន​រុស្ស៊ី ដែល​ស្វែងរក​ការដណ្តើមយក​ជ័យជំនះ​ធំ​លើកដំបូង​របស់ខ្លួន​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មកនេះ កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅតែ​ព្យាយាម​គ្រប់គ្រង​លើ​ទីតាំង​របស់​ពួកគេ​ក្នុង​ទីក្រុង​ដែល​រង​ការបំផ្លាញ​។ គ្រឿងចក្រ​កំពុង​ជីក​លេណដ្ឋាន​ថ្មី​នៅ​ភូមិ Chasiv Yar ភាគ​ខាង​លិច​​ទីក្រុង Bakhmut ដែល​ត្រូវបាន​គេ​មើលឃើញថា ​កំពុង​ជីក​លេណដ្ឋាន​ជា​ផ្នែក​នៃ​ខ្សែការពារ​ថ្មី​។​ ​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយថា មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​វាយប្រហារ​ទៅលើ​អគារ​កម្ពស់​ ៥​ជាន់​នៅក្នុង​ទីក្រុង Zaporizhzhia ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៤នាក់​ស្លាប់ និង​រងរបួស​យ៉ាងហោចណាស់ ៨នាក់ ហើយ​មនុស្ស ​៥​នាក់​បាត់​ខ្លួន​ក្នុងនោះ​មាន​កុមារ​ម្នាក់​ផងដែរ​។ អ្នកឃើញ​ហេតុការណ៍និយាយថា នៅ​ប្រហែល​ម៉ោង ៣ទៀបភ្លឺនៅតែមាន​មនុស្ស​មួយចំនួន​នៅក្រោម​គំនរ​បាក់បែក​។ អង្គភាព​សេវា​សង្គ្រោះបន្ទាន់​របស់រ​ដ្ឋ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា មនុស្ស ១១នាក់​ត្រូវបាន​ជួយសង្គ្រោះចេញពី​ផ្នែក​នៃ​អគារ​ដែល​បាន​បាក់​រលំ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិនអំពាវនាវឲ្យបន្តការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
05/02/2026 04:05 PM
អតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
05/02/2026 02:05 PM
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
05/02/2026 02:05 PM
របាយការណ៍៖ មូលដ្ឋានយោធាភាគច្រើនរបស់សអាមេរិកនៅមជ្ឈិមបូព៌ា ត្រូវរងការខូចខាត ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
05/02/2026 02:05 PM
ទីភ្នាក់ងារជនភៀសខ្លួនUN ព្រមានថាវិបត្តិមជ្ឈិមបូព៌ារារាំងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ
05/02/2026 02:05 PM
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
05/02/2026 01:05 PM
ក្រសួងសុខាភិបាល បើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគម​គ្រូពេទ្យ​វះកាត់​រោគ​ស្រី្ត​អង់​ដូ​ស្កុប​ពី​កម្ពុជា
05/02/2026 12:05 PM
ថ្ងៃដ៏បង្ហូរឈាមមួយផ្សេងទៀតនៅខាងត្បូងលីបង់ ក្នុងពេលមានការបាញ់ផ្លោងរបស់អ៊ីស្រាអែល
05/02/2026 12:05 PM
សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធផលនៅ វត្តព្រៃខ្លូតតម្លៃជាង ២៣ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង
05/02/2026 12:05 PM
ក្រុមសកម្មប្រយុទ្ធ ដណ្តើមយកបានទីក្រុងភាគខាងជើងប្រទេសម៉ាលី ខណៈក្រុមមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បង្កើតចំណុចត្រួតពិនិត្យនៅជិតរដ្ឋធានី
05/02/2026 12:05 PM