ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

ព័ត៌មានសំខាន់ៗ

ចិន​រិះគន់​ការ​ធ្វើ​អត្ថាធិប្បាយ​គ្មាន​ការទទួលខុសត្រូវ​រប​ស់​លោក ​Biden​ ពាក់ព័ន្ធ​នឹង​លោក Xi Jinping

2023/02/10 09:30:46 pm        623
​ចិន៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​កុម្ភៈ ទីក្រុង​ប៉េកាំង​បាន​ថ្កោលទោស​ការអត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ដែលថា​លោក Xi Jinping ប្រឈម​នឹង​បញ្ហា​ជាច្រើន ​ដោយ​និយាយ​ថាគឺជា​ការអត្ថាធិប្បាយ​គ្មាន​ការទទួលខុសត្រូវ​។ ​សង្គ្រាម​វោហារសាស្ត្រ​ចុងក្រោយ​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​ពេលនេះបាន​កើត​មាន​ឡើង ​បន្ទាប់ពី​ការ​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន​កាលពី​សប្ដាហ៍​មុន ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ជា​ផ្នែក​មួយ​នៃ​កង​បា​ឡុង​ចារកម្ម​ដែល​បាន​ប្រើប្រាស់​ពង្រីក​ទៅដល់​ទ្វីប​ទាំង​៥។ ប្រទេស​ចិន​ក៏បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផងដែរ​ថា ខ្លួន​បាន​ច្រានចោល​សំណើ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​ការពារជាតិ​អាមេរិក ដោយសារតែ​សេចក្ដីសម្រេចចិត្ត​គ្មាន​ការទទួលខុសត្រូវ​រប​ស់​ក្រុង​វ៉ា​ស៊ីនតោន ក្នុង​ការបាញ់​ទម្លាក់​បា​ឡុង​ដែល​ចោទប្រកាន់ថា​ជា​បា​ឡុង​ចារកម្ម​កាលពី​សប្ដាហ៍​មុន​។ ​ក្រសួងការពារជាតិ​ចិន​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ការប្រើប្រាស់​មធ្យោបាយ​ដ៏​ឆ្គាំឆ្គង​ដែល​គ្មាន​ការទទួលខុសត្រូវ​ និង​ធ្ងន់ធ្ងរ​ពី​សហរដ្ឋអាមេរិក​បែប​នេះ ពុំបាន​បង្កើត​បរិយាកាស​ត្រឹមត្រូវសម្រាប់​ការសន្ទនា និង​ការផ្លាស់ប្ដូរ​យោបល់​រវាង​យោធា​ទាំង​២ ​ឡើយ​។ ​ក្រោយ​ទទួលបាន​ភាពកក់ក្ដៅ​មួយរយៈ​ខ្លី បន្ទាប់ពី​កិច្ចប្រជុំ G20 កាលពី​ខែវិច្ឆិកានៅ​ប្រទេស​ឥណ្ឌូនេស៊ី រវាង​លោក Biden និង​លោក Xi ទំនាក់ទំនង​ចិន​-​អាមេរិកបាន​ធ្លាក់ចុះ​ជាថ្មី ហើយ​ប្រមុខ​ការទូត​អាមេរិកលោក Antony Blinken បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង​កាលពី​សប្ដាហ៍​មុន ដោយសារតែ​ជម្លោះ​ជុំវិញ​ការបាញ់​ទម្លាក់​បា​ឡុង​នេះ៕អត្ថបទ៖ សុខមាន

ឯកឧត្ដម ខៀវ កាញារីទ្ធ៖សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិនពិភាក្សាពីការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ និងកិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន ២០២៥

2023/02/10 08:41:03 pm        756
ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន នាព្រឹកថ្ងៃទី ១០ កុម្ភៈ ២០២៣ នេះ គឺបានពិភាក្សាគ្នាលើការបង្កើត ប៉ូលសេដ្ឋកិច្ចទី ៤ នៅកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន-១០ កុម្ភៈ ២០២៥។ឯកឧត្ដម ខៀវ កាញារីទ្ធ បានសរសេរថា នៅក្នុងជំនួបជាមួយ ឯកឧត្ដម ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីព្រឹកថ្ងៃទី ១០ កុម្ភៈ ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកពីបំណងរបស់សម្តេចក្នុងការបង្កើត ប៉ូលសេដ្ឋកិច្ចទី៤ ទៅលើប៉ូលសេដ្ឋកិច្ចទាំង៣ ដែលមានស្រាប់នោះគឺជាប៉ូលសេដ្ឋកិច្ច ត្រី និងអង្ករ ដែលគ្របដណ្ដប់លើខេត្តនៅទិសនីរតីនៃប្រទេសកម្ពុជា ។ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ដែលជា «មិត្តចាស់» និងជាភ្ញៀវបរទេសទី១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និងបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន-១០ កុម្ភៈ ២០២៥។គួរបញ្ជាក់ថា នៅវេលាម៉ោង១៣.២០ ម៉ោងនៅប្រទេសចិនត្រូវនឹងម៉ោង១២.២០ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕

ការបញ្ចុះ​សព​ដ៏​ធំ​ចាប់ផ្តើម​នៅ​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​ដី ខណៈ​អ្នកស្លាប់​កើន​លើស​ ២​ម៉ឺន​នាក់

2023/02/10 07:14:37 pm        679
​ទួរគី៖ ការរញ្ជួយ​ដី​ដ៏​ធំ​ចំនួន​ ២លើក​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ចន្ទ បាន​បំផ្លាញ​ទីក្រុង និង​ទីប្រជុំជន​នានា​នៅ​ទូទាំង​តំបន់​ភាគខាងត្បូង​ប្រទេស​ទួរគី និង​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី ដែល​បាន​ក្លាយ​ជា​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​បំផុត​ក្នុង​សតវត្សរ៍​នេះ ដោយមាន​ចំនួន​អ្នក​ស្លាប់​ច្រើនជាង ២​ម៉ឺន​នាក់​។ ​នៅ​ក្នុង​ខេត្ត Pazarcik អ្នក​រស់រាន​មាន​ជីវិត​ពី​ការរញ្ជួយ​ដី​ បាន​ចាប់ផ្តើម​បញ្ចុះ​សាកសព​សាច់ញាតិ​របស់​ពួកគេ ​ដែល​បាន​ស្លាប់​រយៈពេល​បួន​ថ្ងៃ​បន្ទាប់ពី​គ្រោះ​មហន្តរាយ​។​ ​វីដេអូ​បង្ហាញ​មនុស្ស​ជា​ច្រើន​នាក់​កំពុង​យំ និង​បួងសួង​នៅ​ជិត​ជួរ​​នៃ​ផ្នូរ​ដែល​ទើប​ជីក​ថ្មីសម្រាប់​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​។ ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​រញ្ជួយ​ដី​ដែល​កំពុង​រង់ចាំ​លា​សាច់ញាតិ​និយាយ​ថា​ វា​ជា​ថ្ងៃ​ប្រល័យ​លោក​។ ភាព​ត្រជាក់ ភាព​ឃ្លាន និង​ភាព​អស់សង្ឃឹម​បាន​កើត​ឡើង ​សម្រាប់​មនុស្ស​រាប់​សែន​នាក់​ដែល​បាន​បាត់បង់​លំនៅឋាន​ ដោយសារ​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី ខណៈ​ក្តី​សង្ឃឹម​បាន​រសាត់​ទៅ ហើយ​មនុស្ស​ជាច្រើន​ទៀត​ត្រូវ​បាន​មើល​ឃើញ​រស់​នៅ​ក្នុង​ទីក្រុង​បាក់បែក​៕អត្ថបទ៖ ប៊ុនថន

ជំនួយ​អន្តរជាតិ​កាន់តែច្រើន​មកដល់​ ខណៈ​ទឹកជំនន់​នៅតាម​ផ្លូវ ​និង​ការស្វែងរក​ពេលយប់​បន្ត

2023/02/10 06:49:18 pm        632
​ទួរគី៖ ភាព​ត្រជាក់​ខ្លាំង ភាព​ឃ្លាន និង​ភាព​អស់សង្ឃឹម​បានកើត​ឡើង​ សម្រាប់​មនុស្ស​រាប់​សែន​នាក់​ដែល​បាន​បាត់បង់​លំនៅឋាន បន្ទាប់ពី​រញ្ជួយ​ដី​បាន​វាយប្រហារ​នៅ​ប្រទេស​ទួរគី និង​ស៊ី​រី​កាលពី​បី​ថ្ងៃ​កន្លង​ទៅ​នេះ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ជាង ២០,០០០​នាក់​។ ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំងប្រទេស​ទាំង២ នា​ពេលនេះ​បាន​កើន​លើស ១៧,០០០​នាក់​ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ​១៩៩៩ នៅពេលដែល​រញ្ជួយ​ដី​ដ៏​ខ្លាំង​ស្រដៀង​គ្នា​នេះ ​បាន​វាយប្រហារ​ភាគ​ពាយព្យ​ប្រទេស​ទួរគី​។ មនុស្ស​រាប់​សែន​នាក់​នៅ​ទូទាំង​ប្រទេស​ទាំង២ ​បាន​បាត់បង់​លំនៅឋាន​នៅ​ពាក់​កណ្តាល​រដូវរងា​នេះ​។ មនុស្ស​ជាច្រើន​ត្រូវបាន​បោះជំរំ​នៅក្នុង​ទីជម្រក​បណ្ដោះអាសន្ន​នៅក្នុង​ចំណតរថយន្ត​ផ្សារ​ទំនើប វិហារ​ឥស្លាម តាម​ចិញ្ចើមផ្លូវ ហើយ​ជា​ញឹកញាប់​មាន​ភាព​អស់សង្ឃឹម កង្វះ​អាហារ ទឹក និង​កម្ដៅ​។ នៅ​ទីក្រុង​អ៊ី​ខេន​ឌឺ​រុន ​(Iskenderun) ប្រទេស​ទួរគី ផ្លូវ​ជាច្រើន​កន្លែង​ត្រូវ​បាន​ជន់​លិច​ដោយសារ​ការ​រញ្ជួយ​ដី ខណៈ​ត្រាក់ទ័រ​ត្រូវបាន​ដាក់ពង្រាយ​ ដើម្បី​ជួយ​សម្អាត​ផ្លូវ​ពី​សំណល់​ដីល្បាប់​ដ៏​ក្រាស់​។ ក្រុម​ជួយសង្គ្រោះ​មកពី​អ៊ុយ​ក្រែ​នបាន​ស្វែងរក​តាម​កម្ទេចកម្ទី​អគារ​លំនៅឋាន​ក្នុង​ទីក្រុង Hatay ដោយមាន​ជំនួយ​ពី​សត្វ​សុនខ​ហិតក្លិន។ ទីក្រុង​គី​វ​បាន​បញ្ជូន​សមាជិក​ជួយសង្គ្រោះ ៨៨នាក់​ទៅ​ប្រទេស​ទួរគី​ដើម្បី​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​។ ក្រុម​នេះ​រួមមាន​អ្នកជំនាញ​ក្នុង​ប្រតិបត្តិ​ការស្វែងរក និង​ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ ក្រុម​វេជ្ជបណ្ឌិត អ្នក​កាន់​សត្វ​សុនខ​ហិតក្លិន និង​ក្រុម​ពន្លត់អគ្គីភ័យ​។ កងទ័ព​អាល្លឺម៉ង់​បាន​រើ​យកចេញ​ទំនិញ​សង្គ្រោះ ​សម្រាប់​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​ទួរគី​នៅ​មូលដ្ឋាន​ទ័ពអាកាសអ៊ី​ន​សឺ​លី​ក ​(Incirlik)​។ យោងតាម​កងទ័ព​អាល្លឺម៉ង់​បាន​ឲ្យ​ដឹងថា យន្តហោះ​ដឹកជញ្ជូន Airbus A400M ចំនួន​បី​គ្រឿងបាន​ដឹក​តង់ ប៉ា​អ៊ី និង​ម៉ាស៊ីនកម្ដៅ​អគ្គិសនី​។ ជាមួយគ្នានេះ ប្រទេស​ក្រិច​បាន​បញ្ជូន​តង់ ប៉ា​អ៊ី និង​ភួយ​រាប់ពាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួយ​អ្នក​បាត់បង់​លំនៅឋាន​ដោយសារ​ការរញ្ជួយ​ដី​នេះ ក្នុង​សកម្មភាព​នៃ​សាមគ្គីភាព​ជាមួយ​ប្រទេសជិតខាង​ដែលជា​សម្ព័ន្ធ​យោធា​ការ​ណា​តូ ប៉ុន្តែ​ក៏​ជាស​ត្រូវ​ប្រវត្តិសាស្ត្រ​ផងដែរ​។ បន្ទាប់ពី​ប្រឈមមុខ​នឹង​ការរិះគន់​ជុំវិញ​ការឆ្លើយតប​ដំបូង លោក Erdogan បាន​និយាយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​រងគ្រោះ​កាលពី​ថ្ងៃ​ពុធ​ថា ប្រតិបត្តិការ​ពេលនេះ​កំពុងដំណើរការ​ជាធម្មតា ហើយ​បាន​សន្យា​ថា​​គ្មាន​នរណាម្នាក់​នឹង​គ្មាន​លំនៅឋាន​ឡើយ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy៖ ​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ត្រៀម​រួចរាល់​ក្នុង​ការផ្ដល់​យន្តហោះ​ចម្បាំង​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/02/10 05:55:45 pm        435
អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​Volodymyr Zelenskyy និយាយថា សំណើ​របស់លោក​សម្រាប់​យន្តហោះ​ចម្បាំង​កំពុង​ត្រូវ​បាន​ពិចារណា​ ក្រោយ​ជំនួប​ជាមួយ​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង Brussels ​ជាទី​ដែល​លោក​ក៏បាន​អំពាវនាវ​ជាថ្មី​ផង​ដែរ ​សម្រាប់​ការ​ទទួល​យក​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​ប្លុក​នេះ​។ ​ក្រោយ​ការ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ឡុង​ដ៍ និង​ប៉ារីស​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ លោក​បាន​និយាយ​ថា លោក​ក៏​មាន​កិច្ចព្រមព្រៀង​ជាក់លាក់​មួយ​ចំនួន​ផង​ដែរ​ ដែល​មិនបាន​បញ្ចេញ​ជា​សាធារណៈ​ ប៉ុន្តែ​ជា​ចំណុច​វិជ្ជមាន​ដោយ​ពុំបាន​បញ្ជាក់​លម្អិត​នោះ​ទេ​។ ​នាយករដ្ឋមន្ត្រី​ហូ​ឡង់​លោក Mark Rutte បាន​ជំរុញ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រទេសជិតខាង​របស់​លោក ដោយ​បង្ហាញ​ក្ដី​បារម្ភ​ជុំវិញ​ការ​ទាញ​ទម្លាក់​រុស្ស៊ី ​ចូល​ក្នុង​ជម្លោះ​ដោយ​ផ្ទាល់​ជាមួយ​លោក​ខាង​លិច​។ សហភាព​អឺរ៉ុប​និយាយ​ថា ​ខ្លួន​នឹង​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​រុស្ស៊ី រួម​ទាំង​បម្រាម​នាំចេញ​ថ្មីៗ និង​ការ​ដាក់​គោលដៅ​លើ​ក្រុម​អ្នក​ឃោសនា​ឲ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។ ​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ឋានៈ​ឲ្យ​អ៊ុយ​ក្រែ​ន​ជា​បេក្ខភាព​កាលពី​ខែ​មិថុនា ប៉ុន្តែ​តាម​ធម្មតា​ត្រូវការ​ពេល​ជាច្រើន​ឆ្នាំ ​ដើម្បី​ទទួលយក​ជា​សមាជិក​ពេញលេញ​ចូល​ក្នុង​ប្លុក​នេះ​។ ​លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា ​យើង​នឹង​ដាក់​គោលដៅ​លើ​ក្រុម​អ្នក​ជួយ​ឃោសនា​ឲ្យ​លោក Putin ព្រោះ​ការ​កុហក​របស់​ពួកគេ​កំពុង​បំពុល​សាធារណជន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​នៅ​ក្រៅ​ប្រទេស​៕ អត្ថបទ៖ សុខមាន

ទួរគី និង​ស៊ី​រី​បញ្ចេញ​វីដេអូ​ដ៏​រន្ធត់​នៃ​ការ​ជួយ​សង្គ្រោះ​ក្មេងៗ​ចេញពី​កម្ទេច​ថ្ម​ ក្រោយ​រញ្ជួយ​ដី​

2023/02/10 05:24:17 pm        468
ទួរគី៖ វីដេអូ​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ក្រុម​មូលនិធិ​ជំនួយ​មនុស្សធម៌​របស់​ទួរគី ​ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ពី​កុមារ​អាយុ​ ២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​គំនរ​កម្ទេច​ថ្ម​នៅ​ក្នុង​ប្រទេស​ទួរគី ដោយ​និយាយថា ក្មេង​ប្រុស​រូប​នេះ​ត្រូវបាន​ជួយសង្គ្រោះ​ ៧៩​ម៉ោងក្រោយ​កា​រ​រញ្ជួយ​ដី​។ ចំណែក​ក្មេង​ម្នាក់ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​គំនរ​កម្ទេច​ថ្ម​ជិត​ទីក្រុង Idlib ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​មួក​ស​របស់​ប្រទេស​ស៊ី​រី​នៅ​សប្ដាហ៍​នេះ​មួយថ្ងៃ​ ក្រោយ​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​ចំនួន ​២​លើក​បាន​វាយប្រហារ​ប្រទេស​ទួរគី​ និង​ស៊ី​រី​។ វីដេអូ​មួយទៀត​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ដោយ​អភិបាលក្រុង​អង់កា​រ៉ា​របស់​ទួរគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បង្ហាញ​ពី​ក្មេងប្រុស​អាយុ​ ៣​ឆ្នាំ​ម្នាក់​ឈ្មោះ Eymen ត្រូវ​បាន​ទាញ​ចេញពី​គំនរ​កម្ទេច​ថ្ម​អគារ​ដែល​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ការរញ្ជួយ​ដី​នៅ​ខេត្ត Hatay​ របស់​ទួរគី​។ វីដេអូ​មួយទៀតបានបង្ហាញ​ពី​ក្រុម​អ្នក​សង្គ្រោះ​កំពុង​ប្រើ​ភ្លើង​ពិល​ទាញ​ក្មេង​អាយុ​ ៣​ឆ្នាំ​ពី​គំនរ​កម្ទេច​ថ្ម​នៅ​ប្រទេស​ស៊ី​រី រយៈពេល​ ៤២​ម៉ោង​ក្រោយ​ការរញ្ជួយ​ដី​ដែល​បានសម្លាប់​សមាជិកគ្រួសា​រ​របស់​គេ​ទាំងអស់​។​ ត្បិត​រូបគេ​ត្រូវបាន​ជួយសង្គ្រោះ​ តែ​គេ​ត្រូវ​បាត់បង់​ជើង​ម្ខាង​។​ ខុសពី​ក្មេង​ដទៃ វីដេអូ​បញ្ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង Istanbul បានបង្ហាញ​ពី​ក្មេងប្រុស​ទួរគី​ម្នាក់​បាន​ញញឹម ខណៈ​ក្រុម​អ្នក​សង្គ្រោះបាន​យក​រូបគេ​ចេញពី​កម្ទេច​ថ្ម​អគារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ កាលពី​ថ្ងៃ​ពុធ​សប្ដា​ហ៍​នេះ កងទ័ព​សង្គ្រោះ​របស់​អ៊ីស្រាអែល​បាន​បញ្ចេញ​វីដេអូ​នៃ​ការជួយ​សង្គ្រោះ​របស់​ពួកគេ ​ដោយ​បង្ហាញ​ពី​ការទាញយក​ក្មេង​អាយុ ២​ឆ្នាំ​ម្នាក់​ដោយនៅ​មានជីវិត​ពី​គំនរ​ថ្ម​ក្នុង​ទីក្រុង Kahramanmaras របស់​ទួរគី​។ វីដេអូ​មួយ​ផ្សេងទៀត បង្ហាញ​ពី​ក្មេង​ម្នាក់​ត្រូវបាន​ទាញ​ចេញពី​គំនរ​ថ្ម​អគារ​បាក់​រលំនៅ​ស៊ី​រី​កាលពី​ ​២​ថ្ងៃក្រោយ​ការរញ្ជួយ​ដី​។ ក្រៅពីនេះ​ក៏​នៅមាន​ក្មេង ​និង​មនុស្ស​ចាស់​ជាច្រើន​ទៀត​ដែរ ​ដែល​កំពុង​ត្រូវបាន​បន្ត​ទាញយក​ចេ​ញ​ពី​គំនរ​កម្ទេច​ថ្ម ​ដែល​ខ្លះ​នៅមាន​ជីវិត និង​ខ្លះទៀត​បាន​ស្លាប់ ​ក្នុងចំណោម​ជនរងគ្រោះ​រាប់ម៉ឺន​នាក់​នៅក្នុង​ការរញ្ជួយ​ដី​នៃ​ប្រទេស​ទួរគី និង​ស៊ី​រី៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ​ ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុនចិន សិក្សាគម្រោងផ្លូវល្បឿនលឿនធនស្រាលពីភ្នំពេញទៅព្រលានយន្តហោះថ្មី

2023/02/10 04:57:38 pm        447
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited ធ្វើការេសិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ការស្នើនេះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យម្ចាស់ក្រុមហ៊ុនធំៗចំនួនបីនៅចិនចូលជួបសម្តែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោគបន្ថែមនៅកម្ពុជា គ្រាដែលសម្តេចអញ្ជើញទៅកាន់រដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលនេះ។ សម្តេចតេជោនាយករដមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ ហើយទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹកផងដែរ។ នៅក្នុងកិច្ចជំនួបពិភាក្សានេះដែរម្ចាស់ក្រុមហ៊ុនទាំងបីនោះ ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧នេះដែរ។ នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន ក៏បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូលនូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត ហើយជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាមជាដើម។សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគធំៗចំនួន៣របស់ប្រទេសចិន ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនោះ រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited។ ក្រុមហ៊ុនទាំងបីនេះបាន មានវត្តមាននៅកម្ពុជារួចហើយ ដោយពួកគេបានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមកផងដែរ៕ ដោយ៖ បាន ចក់

ក.អ.ក បង្កើតគណៈកម្មការចំពោះកិច្ចមួយចាប់ផ្តើមពិនិត្យ និងពិភាក្សា​​​ឆ្ពោះទៅបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានកម្ពុជា

2023/02/10 04:50:23 pm        396
ភ្នំពេញ៖ ដោយយោងលើសេចក្តីប្រកាសព័ត៌មានរួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា អនុសាសន៍របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក ) បង្កើតគណៈកម្មការចំពោះកិច្ចមួយ ចាប់ផ្តើមពិនិត្យ និងពិភាក្សា​​​ឆ្ពោះទៅបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរួមបញ្ជាក់ថា គណៈកម្មាធិការនាយក ក.អ.ក យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យសិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនទៀត ដើម្បីបំពេញបន្ថែមលើក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជាឱ្យកាន់តែប្រសើរជាងបច្ចុប្បន្ន និងឲ្យស្របតាមការវិវត្តន៍នៃយុគ្គសម័យឌីជីថល។សូមអានសេចក្តីប្រកាសព័ត៌មានរបស ក.រ.ក ទាំងស្រុងដូចខាងក្រោម ៖

ព្រឹទ្ធាចារ្យ ៩រូប​ ទទួលបានការប្រោសប្រទានគោរមងារមត៌កមនុស្សរស់ ដោយព្រះករុណា ព្រះមហាក្សត្រ

2023/02/10 04:41:41 pm        487
ភ្នំពេញ៖ ព្រឹទ្ធាចារ្យចំនួន ៩រូប​ ទទួលបានការប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា៕

អាកាសធាតុ​ត្រជាក់​ខ្លាំង​បន្ថែម​លើ​ភាព​អស់សង្ឃឹម ខណៈ​អ្នក​ស្លាប់​ក្នុង​ការ​រញ្ជួយ​ដី​នៅ​ទួរគី និង​ស៊ី​រី​ឡើងដល់​ជាង ​២​ម៉ឺន​នាក់

2023/02/10 02:42:42 pm        446
​ទួរគី៖ ពេលនេះ​មនុស្ស​ជាង ​២០.០០០​នាក់​ត្រូវគេ​ដឹងថា​បាន​ស្លាប់​ក្នុង​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ ​ទី​៦​កុម្ភៈ​សប្ដាហ៍​នេះ​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី ទោះបីជា​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ វិសាល​ដ៏​ធំធេង​របស់​គ្រោះ​មហន្តរាយ​នេះ​នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​ក៏ដោយ។ ​ក្រុម​អ្នក​សង្គ្រោះ​នៅតែ​កំពុង​ជីក​កកាយ​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​ក្នុង​គំនរ​កម្ទេច​ថ្មី ប៉ុន្តែ​ក្ដីសង្ឃឹម​កាន់​តែ​តិច​ទៅ​ៗ​ជិត ​១០០​ម៉ោង​ចាប់​តាំងពី​ការរញ្ជួយ​ដី​បានចាប់ផ្ដើម​។ ​អាកាសធាតុ​ត្រជាក់​ខ្លាំង​គំរាម​កំហែង​ដល់​អាយុជីវិត​អ្នក​នៅ​រស់រានមានជីវិត​រាប់ពាន់នាក់ ដែល​ពេលនេះ​គ្មាន​កន្លែង​ស្នាក់នៅ គ្មាន​ទឹក ​និង​អាហារ​។ ​ប្រធានាធិបតី​ទួរគី​បាន​ហៅ​ការរញ្ជួយ​ដី​នេះ​ថា ​ជា​គ្រោះមហន្តរាយ​នៃ​សតវត្សរ៍​។​ កិច្ចខិតខំ​ប្រឹងប្រែង​ផ្ដល់ជំនួយ​អន្តរជាតិ​ដ៏​ធំ​កំពុង​រួបរួមគ្នា​។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​កុម្ភៈ​ធនាគារ​ពិភពលោក​បាន​សន្យា​ផ្ដល់​ជំនួយ​ចំនួន ១.៧៨​ពាន់​លាន​ដុល្លារ​អាមេរិក​ឲ្យ​ទួរគី រួម​ទាំង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​បន្ទាន់ ​ដើម្បី​កសាង​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន និង​គាំទ្រ​ដល់​អ្នក​ទាំងឡាយ​ដែល​បាន​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​។​ ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា វិសាលភាព​ដ៏​ធំធេង​នៃ​គ្រោះ​មហន្តរាយ​នៅតែ​មិនទាន់​បង្ហាញ​នៅឡើយ មុន​ពេល​យើង​បិទ​ភ្នែក ពិសេស​នៅ​ក្នុង​ប្រទេស​ស៊ី​រី ជាទី​ដែល​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​បាន​បំផ្លិចបំផ្លាញ​ប្រទេស​នេះ​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជំនួយ​មនុស្ស​ដំបូង​របស់​អង្គការសហប្រជាជាតិ​ បាន​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ី​រី​ភាគ​ពាយ័ព្យ​ឆ្លងកាត់​តំបន់ Bab al-Hawa ក្នុង​ខេត្ត Idlib​។ ការ​ឆ្លង​កាត់​នេះ​គឺជា​ជម្រើស​តែមួយគត់​សម្រាប់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​អាច​ចូល​ទៅដល់​តំបន់​នេះ ដោយ​មិន​ចាំ​បាច់​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នានា​គ្រប់គ្រង​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM