ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

ព័ត៌មានសំខាន់ៗ

មនុស្ស​កន្លះ​លាន​នាក់​ចេញ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​ ដោយសារ​ជម្លោះ​ប្រាក់​បៀវត្ស និង​លក្ខខណ្ឌ​ការងារ​

2023/02/02 04:58:39 pm        264
​អង់គ្លេស៖ បុគ្គលិក​បម្រើការ​នៅតាម​ស្ថាប័ន​នានា​ ទូទាំង​ចក្រភព​អង់គ្លេស​ប្រមាណ​កន្លះ​លាន​នាក់ រួមទាំងគ្រូបង្រៀន បុគ្គលិក​នៅតាម​សាកល​វិទ្យាល័យ អ្នក​បើកបរ​រថភ្លើង និង​មន្ត្រីរាជការដែល​បាន​ដើរ​ចេញ​​ពី​ការងារ​បានចេញ​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ពុធ ក្នុង​សកម្មភាព​ដែល​ទទួល​បាន​ការ​សម្រប​សម្រួល​ដ៏​ធំ​បំផុត​រយៈពេល​ជាច្រើន​ឆ្នាំ​ ស្រប​ពេល​មាន​ជម្លោះ​ជុំវិញ​ការ​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ នៅតែ​មិនទាន់​ដោះស្រាយ​ចេញ​។ ​បុគ្គលិក​នៅតាម​ស្ថាប័នរដ្ឋ​នានា​ រួម​ទាំង​បុគ្គលិក​ត្រួតពិនិត្យ​លិខិតឆ្លងដែន​នៅ​តាម​អាកាស​យានដ្ឋាន​ទូទាំង​ប្រទេស ​កំពុង​ធ្វើ​កូដកម្ម​ជុំវិញ​ការ​ចំណាយ និង​លក្ខខណ្ឌ​ការងារ ខណៈ​ជីវភាព​ប្រចាំថ្ងៃ​នៅតែ​បន្ត​ធ្លាក់​ចុះ ក្រោយ​ការ​ហក់​ឡើង​អតិផរណា​ខ្ពស់​ជាច្រើន​ឆ្នាំ​មកនេះ​។ ​សមាជិក​គ្រូបង្រៀន​នៃ​សហជីព​អប់រំ​ជាតិ​នៅ​ក្នុង​ចក្រ​ភព​អង់គ្លេស​ និង​ដែនដី Wales បាន​ដើរ​ចេញពី​ការ​ជា​លើកដំបូង​ជាច្រើន​ថ្ងៃ​មកនេះ​ ដែល​ធ្វើ​ឲ្យ​សាលារៀន​ចំនួន​ ២៣.៤០០ ត្រូវ​បិទទ្វារ​។ ​សហជីព​សាកលវិទ្យាល័យ​ និង​មហាវិទ្យាល័យ​បាន​និយាយថា បុគ្គលិក​ប្រមាណ ៧០.០០០​នាក់​នៅ​សាកលវិទ្យា​ល័យ​ចំនួន ​១៥០កន្លែង​ទូទាំង​ចក្រភព​អង់គ្លេស កំពុង​ធ្វើ​កូដកម្ម​ដំបូង​ក្នុង​រយៈពេល​ ១៨​ថ្ងៃ​ពាក់ព័ន្ធ​ជម្លោះ​ជុំវិញ​ការចំណាយ​លើ​ជីវភាព លក្ខខណ្ឌ​ការងារ និង​ប្រាក់​សោធន​និវត្តន៍របស់​ពួកគេ ហើយ​ការដើរ​ចេញពី​ការងារ​របស់​ពួកគេ​នឹង​ប៉ះពាល់​ដល់​សិស្ស​-​និស្សិត​ប្រមាណ ២.៥លាន​នាក់​នៅ​ចន្លោះ​ខែកុម្ភៈ​នេះរហូតដល់​ខែមីនាខាងមុខ​។​ ​ជាការ​ឆ្លើយ​តបអ្នកនាំពាក្យ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak បាន​និយាយថា ការធ្វើ​កូដកម្ម​មិន​ចូល​បម្រើ​ការ​ងារ​នេះនឹង​រំខាន​ដល់​ជីវភាព​ប្រចាំថ្ងៃ​ប្រជាពលរដ្ឋ ហើយ​ការចរចា​គឺជា​ជម្រើស​ល្អ​បំផុត​ ប្រសើរ​ជាង​មិន​ព្រម​ចូលធ្វើការ​បែបនេះ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ជាង១ពាន់នាក់

2023/02/02 02:31:00 pm        323
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០២​ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។គួរបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ និងជាការលើកទឹកចិត្តបន្ថែមទៀតឱ្យសិស្សានុសិស្សទាំងអស់ ក៏ដូចជាសិស្សានុសិស្សដែលត្រូវប្រឡងនាឆ្នាំបន្តបន្ទាប់អោយខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។

២​ឆ្នាំ​បន្ទាប់ពី​រដ្ឋប្រហារ​យោធា ជីវិត​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង

2023/02/01 10:20:26 pm        319
​មីយ៉ាន់ម៉ា៖ រយៈពេល​ ២​ឆ្នាំ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​នៅ​សហភាព​មី​យ៉ាន់​ម៉ា ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ស្រី Aung San Suu Kyi ជីវិត​ធម្មតា​របស់​ប្រជាជន​ជួប​ភាព​ស្មុគស្មាញ ខណៈ​មនុស្ស​រាប់​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ និង​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​នៅ​ជុំវិញ​ពិភព​លោក​។ យុវជន​អាយុ ២១ឆ្នាំម្នាក់​ឈ្មោះ Aye Chan ជា​កម្មករ​រោងចក្រ​ផលិត​មី​មុន​រដ្ឋប្រហារ លោក​បាន​ភ្ញាក់​ពី​ដំណេក​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ជា​ថ្ងៃ​រដ្ឋប្រហារ ដើម្បី​ស្វែងរក​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​កាត់​ផ្តាច់​។ នៅ​ព្រឹក​ថ្ងៃ​កើតមាន​រដ្ឋប្រហារ​លោក​ភ្ញាក់​ឡើង​ហើយ​ប្រើ​ទូរស័ព្ទ ប៉ុន្តែ​គ្មាន​អ៊ីនធឺណិត​នោះ​ទេ ដំបូង​លោក​គិត​ថា​ មកពី​លោក​មិនបាន​បង់​វិក្កយបត្រ​ថ្លៃ​ទូរស័ព្ទ​របស់​លោក ដូច្នេះ​លោក​បាន​បញ្ចូល​លុយ ប៉ុន្តែ​វា​នៅតែ​មិន​ដំណើរការ​។ សំណួរ​ដំបូង​របស់​លោក​គឺ​អ្វី​ទៅជា​រដ្ឋប្រហារ ហើយ​ហេតុអ្វី​បាន​ជា​មាន​រដ្ឋប្រហារ​? ក្រោយមក​លោក​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​។ នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​ចាប់ផ្តើម​កាន់​អាវុធ លោក​បាន​ចូលរួម​ជាមួយ​ពួកគេ ហើយ​ធ្វើដំណើរ​ទៅ​ហ្វឹកហាត់​នៅ​តំបន់​ព្រំដែន​។ វា​ពិតជា​នឿយហត់​ខ្លាំង ​ហើយ​លោក​ស្ទើរតែ​បោះបង់​វា​ចោល​។ អំឡុង​ការវាយប្រហារ​ដោយ​យោធា​កាលពី​ឆ្នាំមុន លោក​បាន​បាត់បង់​ជើង​ម្ខាង​បន្ទាប់ពី​ការ​ផ្ទុះ​គ្រាប់​។ ទោះបីជា​លោក​បាត់​បង់​ជើង​ម្ខាង​ក៏ដោយ ក៏​លោក​មិន​សោកស្តាយ​ចំពោះ​ការចូលរួម​តស៊ូ​នេះ​ដែរ ដោយ​លោក​និយាយ​ថា ប្រសិនបើ​លោក​ជាសះស្បើយ​ លោក​នឹង​ត្រលប់​ទៅធ្វើ​សង្គ្រាម​វិញ​រហូតដល់​ទី​បញ្ចប់​។ ពលរដ្ឋ​ម្នាក់ទៀត​នៅ​ពេល​យោធា​ឡើង​កាន់​អំណាច នាង Han Lay អាយុ ២៣​ឆ្នាំ​ជាតា​រា​ម៉ូ​ដែល ដែល​ត្រៀម​ចូលរួម​ការប្រកួត​បវរកញ្ញា​អន្តរជាតិ​នៅ​ប្រទេស​ថៃ​។ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ជាមួយ​មិត្តភក្តិ​របស់​នាង នាង​បាន​សម្រេចចិត្ត​ប្រើ​វេទិកា​របស់​នាង ​ដើម្បី​និយាយ​អំពី​ស្ថានភាព​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។ នៅ​លើ​ឆាក នាង​បាន​ទប់ទឹក​ភ្នែក ខណៈ​នាង​និយាយ​អំពី​អំពើ​ហិង្សា​យោធា​នៅ​ថ្ងៃ​ដែល​ក្រុម​បាតុករ​ជាង ១៤០​នាក់​ត្រូវ​បាន​សម្លាប់​។ វីដេអូ​នេះ​ត្រូវ​បាន​ចែកចាយ ហើយ​បន្ទាប់​ពី​នោះយោធា​មី​យ៉ាន់​ម៉ា​បាន​ចោទប្រកាន់​នាង​ពី​បទ​បះបោរ​។ នាង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​បាងកក​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដោយ​សុំ​អង្វរ​តាម​បណ្តាញ​សង្គម​កុំ​ឲ្យ​បញ្ជូន​នាង​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​។ នាង​និយាយ​ថា នគរបាល​មី​យ៉ាន់​ម៉ា​កំពុង​នៅ​អាកាសយានដ្ឋាន​ដើម្បី​ស្វែងរក​ជួប​នាង ប៉ុន្តែ​នាង​បាន​បដិសេធ ហើយ​បាន​ទាក់ទង​ទៅកាន់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​៕អត្ថបទ៖ ប៊ុនថន

អំពើហិង្សា​ដោយ​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ខ្ពស់បំផុត​ក្នុង​ខែ​ដំបូង​នៅ​ឆ្នាំ​២០២៣​ នេះ

2023/02/01 09:42:54 pm        262
អាមេរិក៖ អង្គការ​ឃ្លាំមើល​ហិង្សា​ដោយ​អាវុធ ជា​គេហទំព័រ​តាមដាន​ការ​បាញ់ប្រហារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​បាន​ចាប់ផ្ដើម​តាមដាន​ការ​បាញ់បោះ​ដោយ​សេរី​កាលពី​ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ជួបប្រទះ​ការ​បាញ់ប្រហារ​ធំៗ​ចំនួន ​៤៤​លើក​នៅ​ក្នុង​ឆ្នាំ​២០២៣ ​នេះគិត​ត្រឹម​ថ្ងៃទី​២៩ ​ខែ​មករា​ដែល​ជា​ឆ្នាំ​អាក្រក់​បំផុត។ ​កាលពី​ថ្ងៃ​ទី​៣០​ ខែមករា មានការ​បាញ់ប្រហារ​ជាច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​ទឹកដី​រដ្ឋ Texas, រដ្ឋ Illinois, រដ្ឋ​ Alabama របស់​សហរដ្ឋអាមេរិក ដែល​ភាគច្រើន​នៃ​ជនរងគ្រោះ​គឺជា​កុមារ​។ ​យោង​តាម​អង្គការ Gun Violence Archive ដដែល​មានការ​បាញ់​បោះ​ដោយ​សេរី​ចំនួន ​៦៤១​លើក​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០២២ ជា​ចំនួន​ខ្ពស់​បំផុត​ទី​២ ក្រោម​ចំនួន​ ៦៩០​លើក​ក្នុង​ឆ្នាំ​២០២១​។ គ្រាន់​តែ​នៅ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ​ថ្មី​២០២៣ មាន​ហេតុការណ៍​បាញ់​ប្រហារ​ធំ​ចំនួន​៣ បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ California សម្លាប់​មនុស្ស​ជាង ​២០​នាក់​។​ ​សារព័ត៌មាន​មួយ​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​គ្មាន​ទីកន្លែង​ណា​មាន​សុវត្ថិភាព​ផុត​ពី​អំពើ​ហិង្សា​ដោយ​កាំភ្លើង​នោះ​ទេ។ ការ​ចុះផ្សាយ​នេះ​បាន​និយាយ​ថា មាន​មនុស្ស​ជាង ​១០០​នាក់​បាន​ស្លាប់ និង​ជាង ​២០០​នាក់​ផ្សេងទៀត​រង​របួស​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ឧបទ្ទវហេតុ​ជាប់​ពាក់ព័ន្ធ​នឹង​អាវុធ​។ ការ​បាញ់​បោះ​ដោយ​សេរី​បាន​ក្លាយ​ជា​មូលហេតុ​ ធ្វើ​ឲ្យ​មាន​កុមារ​អាមេរិក​ជាច្រើន​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​៕​អត្ថបទ៖ សុខមាន

អាមេរិក​បញ្ជូន​យានយន្ត​ប្រយុទ្ធ Bradley ៦០​គ្រឿង​ទៅ​អ៊ុយ​ក្រែ​ន ខណៈ​បារាំង​បញ្ជូន​យាន Caesar បន្ថែម ​១២​គ្រឿង​

2023/02/01 09:08:18 pm        332
​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​បញ្ជូន​យានយន្ត​ប្រយុទ្ធ Bradley ចំនួន ៦០គ្រឿង​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ជា​ផ្នែក​មួយ​នៃ​កញ្ចប់​សព្វាវុធ​ថ្មីដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​ការវាយលុក​របស់​រុស្ស៊ី​។​ ​សហរដ្ឋអាមេរិក​បាន​បញ្ជូន​សព្វាវុធ ​ដែលមាន​សមត្ថភាព​កាន់តែច្រើន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​សង្គ្រាម​កើនឡើង ហើយ​តម្រូវការ​របស់​អ៊ុយ​ក្រែ​ន​បាន​ផ្លាស់ប្តូរ ដែល​ប្រព័ន្ធ​សព្វាវុធ​ស្មុ​បន្ថែមទៀតរួមមាន​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​រ៉ុក្កែត​ចល័ត ​(​​HIMARS) និង​ប្រព័ន្ធ​កាំ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​ទំនើប ​(NASAMS) ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​ទីក្រុង Kyiv។ កាលពី​ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​បាន​សន្យា​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត ​(Patriot) ដើម្បី​ទប់ទល់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​របស់​រុស្ស៊ី​។ Bradley ជា​រថពាសដែក​បំពាក់​កាំភ្លើង​ដ៏​មាន​ឥទ្ធិពល ត្រូវបាន​គេ​ប្រើប្រាស់​ជា​ចម្បង​ដោយ​កងទ័ព​សហរដ្ឋអាមេរិក ដើម្បី​ដឹក​កងទ័ព​នៅ​ជុំវិញ​សមរភូមិ​ចាប់តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៨០។ តាម​សេចក្តីរាយការណ៍ រដ្ឋបាល​ប្រធានាធិបតី Joe Biden បាន​សម្រេច​បញ្ជូន​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​នឹង​ផ្តល់​ឲ្យ​កងកម្លាំង​ទីក្រុង​គី​វនូវ​សមត្ថភាព​ដើម្បី​វាយប្រហារ​គោលដៅ​កាន់តែ​ឆ្ងាយ​។ កាំភ្លើង​ធំ​បាញ់​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ GLSDB បាញ់​បាន​ក្នុង​ចម្ងាយ​ ១៥០​គីឡូម៉ែត្រនឹង​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​យោធា​នៅពេល​ខាងមុខ ​សម្រាប់​អ៊ុយ​ក្រែ​ន​ដែលមាន​តម្លៃ​ជាង ​២​ពាន់​លាន​ដុល្លារ​។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បារាំង​លោក​ Sebastien Lecornu បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​បារាំង​នឹង​បញ្ជូន​យានយន្ត Caesar ចំនួន ១២គ្រឿង​បន្ថែមទៀត​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​បាន​និយាយនៅ​ពេល​សួរ​អំពី​ការផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​ថា «​វា​គ្មាន​បម្រាម​អ្វី​នោះទេ​»​។ លោក​និយាយថា ប្រទេស​បារាំង និង​អ៊ុយ​ក្រែ​ន​បាន​ពិភាក្សា​អំពី​ការបណ្តុះបណ្តាល ​អ្នកបើក​យន្តហោះ​អ៊ុយ​ក្រែ​ន​ឱ្យ​បើក​យន្តហោះ​ចម្បាំង​របស់​បារាំង ប៉ុន្តែ​មិនទាន់មាន​ការសម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​។ លោក Lecornu បានបញ្ជាក់​ឡើងវិញ​នូវ​ជំហរ​របស់​ប្រទេស​បារាំង ​នៅពេល​និយាយ​អំពី​ការផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន ដោយ​និយាយថា វា​នឹងមិន​ធ្វើឱ្យ​សមត្ថភាព​ការពារជាតិ​របស់​បារាំង​ចុះខ្សោយ​នោះទេ វា​នឹងមាន​ប្រយោជន៍​ក្នុង​ការជួយ​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី ហើយ​អាវុធ​នឹង​ប្រើ​សម្រាប់តែ​អ៊ុយ​ក្រែ​ន​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ៕អត្ថបទ៖ ប៊ុនថន

UN៖ រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ពី​រដ្ឋប្រហារ មី​យ៉ាន់​ម៉ា​នៅតែ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​

2023/02/01 07:07:11 pm        808
​មីយ៉ាន់ម៉ា៖ រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​សហភាព​មី​យ៉ាន់​ម៉ាដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ស្រី Aung San Suu Kyi បាន​បន្សល់ទុក​នូវ​ដំណើរ​ជីវិត​ដ៏​ស្មុគស្មាញ​។ ក្រុម​ឃ្លាំមើល​ជម្លោះ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក អា​ក្លេត​ (Acled) និយាយថា មនុស្ស​ប្រហែល ១៩,០០០នាក់បាន​ស្លាប់​កាលពី​ឆ្នាំមុន ខណៈ​ការបង្ក្រាប​លើ​ការតវ៉ា​ បាន​នាំឱ្យ​មនុស្ស​ជាច្រើន​ចាប់​កាន់​អាវុធ​ប្រឆាំង​យោធា​។ យោងតាម​អង្គការសហប្រជាជាតិ ដែល​បាន​ចោទប្រកាន់​យោធា​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​បាន​ឲ្យ​ដឹងថា ប្រជាជន​ប្រមាណ ១.២លាន​នាក់​បាន​ជម្លៀស​ខ្លួន​ចេញពី​ទីលំនៅ និង​ជាង ៧០.០០០នាក់​បាន​ចាក​ចេញពី​ប្រទេស​។ យោធា​មី​យ៉ាន់​ម៉ា​និយាយថា ខ្លួន​កំពុង​ធ្វើ​យុទ្ធនាការ​ស្របច្បាប់​ប្រឆាំង «​ភេរ​វករ​»។ ​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារបាន​និយាយថា វា​ចូលដល់​ខួប​២​ឆ្នាំនៃ​ការបរាជ័យ​របស់​យើងក្នុងនាម​សហគមន៍​អន្តរជាតិ ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ​ដោយ​ប្រសិទ្ធភាព​។ លោក Tom Andrews អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​សហភាព​មី​យ៉ាន់​ម៉ាបានចេញ​របាយការណ៍​មួយ​ថា «​ខុសច្បាប់​» ដែល​កំពុងតែ​ពិនិត្យមើល​ការអះអាង​របស់​យោធា​មី​យ៉ាន់​ម៉ា ​ខណៈ​រដ្ឋាភិបាល​ឆ្លើយតប​អន្តរជាតិ​។ លោក​និយាយថា វា​មាន​សារៈសំខាន់​ខ្លាំង​ ដែល​យើងក្នុងនាម​សហគមន៍​អន្តរជាតិស្វែងយល់​ពី​តួនាទី​ដ៏​សំខាន់ ពិសេស​ដែល​យើង​មាន​ក្នុងការ​ទទួលស្គាល់​ភាពស្របច្បាប់ ឬ​ភាពមិន​ស្របច្បាប់​របស់​របប​យោធា ហើយ​នោះ​ជា​អ្វីដែល​របាយ​ការ​ណ៏​បានលើកឡើង។ មានរឿង​រ៉ាវ​បី​ដែល​របប​យោធា​ត្រូវការ​ទ្រទ្រង់​ខ្លួនឯង ត្រូវការ​ថវិកា ត្រូវការ​អាវុធ និង​ត្រូវការ​ភាពស្របច្បាប់​។ របប​យោធា​នេះ​ពុំមាន​ភាពស្របច្បាប់​នោះទេ​ ក្នុង​ក្រសែភ្នែក​ប្រជាជន​មី​យ៉ាន់​ម៉ា៕អត្ថបទ៖ ប៊ុនថន

ពលរដ្ឋ​អាល្លឺម៉ង់​រាប់រយ​នាក់​តវ៉ា​ប្រឆាំង​គោលនយោបាយ​បញ្ជូន​រថក្រោះ​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/02/01 06:35:37 pm        290
​អាល្លឺម៉ង់៖ មនុស្ស​រាប់​រយ​នាក់​បាន​ដើរ​ក្បួន​តវ៉ា​ក្នុង​រដ្ឋធានី Berlin ​និង​ទីក្រុង Nuremberg ក្នុង​រដ្ឋ Bavarian តវ៉ា​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ផ្ដល់​អាវុធ​ធុន​ធ្ងន់​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន រួម​ទាំង​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២។ ក្រុម​អ្នកចូលរួម​ក្បួន​តវ៉ា​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ទីបំផុត​ទៅ​អាល្លឺម៉ង់​អាច​នឹង​ត្រូវ​បាន​អូសទាញ​ចូល​ក្នុង​សង្គ្រាម​ដ៏​ធំ​ជាមួយ​រុស្ស៊ី ដោយសារតែ​ជួយ​អ៊ុយ​ក្រែ​ន​។ ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ពាក្យ​ស្លោក​ផ្សេងៗ ​និង​វាយ​ស្គរ​។ បដា​មួយ​ក្នុងចំណោម​បដា​ជាច្រើន​បាន​សរសេរ​ថា យើង​គឺជា​បន្ទាត់​ក្រហម​។ នគរបាល​បាន​តាម​ឃ្លាំ​មើល​ព្រឹត្តិការណ៍​នេះដោយ​ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា​ ឬការ​ចាប់ខ្លួន​មនុស្ស​នោះ​ទេ​។ ថ្លែងប្រាប់​ទូរទស្សន៍ Ruptly ម្នាក់​ក្នុងចំណោម​អ្នក​តវ៉ា​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​អាច​មាន​លទ្ធភាព​សង​ថ្លៃ​អាវុធ​ដែល​លោក​ខាង​លិច​បាន​ផ្ដល់​ឲ្យ​នោះទេ​។​ លោក​បាន​អះអាង​ថា ​គឺ​ប្រជាជន​អាល្លឺម៉ង់​ទេ​ដែល​នឹង​ត្រូវ​ចេញ​សង​ប្រាក់​ទាំងនោះ​។ ​យោង​តាម​អ្នកចូលរួម​បាតុកម្ម​នេះ​ មិន​ត្រូវ​ឲ្យ​មាន​សង្គ្រាម​ណាមួយ​ពាក់ព័ន្ធ​នឹង​អាល្លឺម៉ង់​ទេ ហើយក៏​គ្មាន​ការ​បញ្ជូន​អាវុធ​ ឬអ្វី​ផ្សេង​ដែរ ព្រោះ​អាល្លឺម៉ង់​នឹង​ស្ថិតនៅ​ចន្លោះ​កណ្ដាល​ម្ដងទៀត។ ​លោក​បាន​អះអាង​ថា ​នោះ​ជា​អ្វី​ដែល​អាមេរិក​ចង់បាន​ប៉ុណ្ណោះ​។ អ្នក​តវ៉ា​ម្នាក់ទៀត​និយាយ​ថា ប្រសិនបើ​អ្វីៗ​ដើរ​តាម​ផ្លូវ​នេះ អាល្លឺម៉ង់​អាច​នឹង​មមើ​ដើរចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី​៣ ​ដោយ​មិន​ដឹង​ខ្លួន​៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​ចោទប្រកាន់​រុស្ស៊ី​ពីបទ​បំពាន​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ដែល​នៅសល់​ចុងក្រោយ​

2023/02/01 05:52:26 pm        293
​អាមេរិក៖ រដ្ឋបាល​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden ត្រូវ​គេ​រាយការណ៍​ថា បាន​ចោទប្រកាន់​រុស្ស៊ី​ពី​បទ​បំពាន​ការអនុវត្ត​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ ដែល​នៅសល់​ចុងក្រោយ​រវាង​ប្រទេស​ទាំង​២ ដោយ​ការ​បិទ​ការ​ធ្វើ​ត្រួតពិនិត្យ​នៅ​លើ​ទីតាំង​។ ​សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​ថា ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​ចោទប្រកាន់​នេះ ដែល​ក្លាយ​ជាការ​អះ​អាង​លើកដំបូង​ពី​សហរដ្ឋអាមេរិក​ថា ​ទីក្រុង Moscow បាន​បំពាន​ការអនុវត្ត​សន្ធិសញ្ញា New START នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ផ្ញើ​ទៅកាន់​សភា​កាល​ពី​ថ្ងៃ​អង្គារ។​ របាយការណ៍​ដដែល​នេះ​ក៏បាន​អះ​អាង​​ផង​ដែរ​ថា ក្រុមមន្ត្រី​រុស្ស៊ី​បាន​ច្រាន​ចោល​សំណើ​របស់​សហរដ្ឋអាមេរិក​ជួប​គ្នា ​ដើម្បី​ដោះស្រាយ​ក្ដីកង្វល់​ជុំវិញ​ការអនុវត្ត​សន្ធិសញ្ញា​នេះ​។ ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ទៅកាន់​សារព័ត៌មាន Reuters ថា ការ​ច្រាន​ចោល​សកម្មភាព​ត្រួតពិនិត្យ​នៅ​លើ​ទី​តាង រារាំង​សហរដ្ឋអាមេរិក​មិន​ឲ្យ​ប្រើប្រាស់​សិទ្ធិ​សំខាន់​ក្រោម​សន្ធិសញ្ញា​នេះ និង​គំរាមកំហែង​ដល់​លទ្ធភាព​ជោគជ័យ​ នៃ​ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​។ ​ជម្លោះ​នេះ​អាច​នឹង​បន្ថែម​លើ​ក្ដី​កង្វល់​ដែល​ថា មហា​អំណាច​នុយក្លេអ៊ែរ​ទាំង​២ ​របស់​ពិភពលោកលែង​អាច​ធ្វើការ​ជាមួយគ្នា​ទៀត​លើ​គោលដៅ​មិន​រីក​សាយ​អាវុធ ស្រប​ពេល​ទំនាក់ទំនង​រវាង​ទីក្រុង Washington និង Moscow ​កំពុង​ធ្លាក់​ដល់​ចំណុចសូន្យ​។ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​អាច​យ៉ាប់​យ៉ឺន​គ្រប់ពេលវេលា និង​ពុំ​មាន​សង្ឃឹម​ថា​នឹង​ធូរស្រាល​ឡើយ ខណៈ​ទីក្រុង Washington បាន​ធ្វើ​អន្តរាគមន៍​ប្រឆាំង​រុស្ស៊ី​នៅ​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/02/01 05:49:37 pm        246
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា នៅវិមានសន្តិភាព។

លោក Netanyahu និយាយថា កុំ​ខ្វល់ខ្វាយ​ខ្លាំងពេក​ពី​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​

2023/02/01 05:16:44 pm        337
​អ៊ីស្រាអែល៖ លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​Benjamin Netanyahu បាន​និយាយ​ថា ​អ្នកដទៃ​អាច​លះបង់​ដើម្បី​ការចរចា​ស្វែងរក​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​បាន តែ​រូបលោក​បាន​ជ្រើស​រើស​វិធី​ផ្សេង​ពី​នោះ​ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​អ្នក​សម្របសម្រួល​កម្មវិធី​របស់​ទូរទស្សន៍ CNN លោក Jake Tapper កាលពី​ថ្ងៃ​អង្គារ​។ ​លោក​និយាយថា​ នៅពេល​ជម្លោះ​រវាង​អារ៉ាប់​-​អ៊ីស្រាអែល​បាន​ផ្ទុះឡើង​រហូតដល់​បញ្ចប់​ទៅវិញ ខ្ញុំ​គិត​ថា ​យើង​នឹង​វិលត្រឡប់​ទៅរក​ប៉ា​ឡេ​ស្ទី​ន និង​ទទួលយក​ដំណើរការ​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​។ នៅពេល​ត្រូវបាន​សួរ​ដោយ​លោក​ Tapper អំពី​ការព្រួយបារម្ភ​របស់រ​ដ្ឋ​បាល​លោក Biden ដែលថា​ ការតាំង​ទីលំនៅ​នៅ​តំបន់ West Bank ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែលអាចធ្វើឲ្យភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ដែរ ឬទេ លោក Netanyahu បានចង្អុលបង្ហាញ​ពី​ភាពជោគជ័យ​នៃ​កិច្ចព្រមព្រៀង Abraham សម័យ​អតីត​ប្រធានាធិបតី​អាមេរិកលោក Trump ដែល​ធ្វើឲ្យមាន​ទំនាក់ទំនង​ធម្មតា​រវាង​អ៊ីស្រាអែល និង​ប្រទេស​នៅ​អារ៉ាប់​មួយចំនួន​។ ខ្ញុំ​បាន​ដើរ​ជុំវិញ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ខ្ញុំ​បាន​ទៅ​រដ្ឋ​នៅ​អារ៉ាប់​ដោយផ្ទាល់ ហើយ​បាន​បង្កើត​គំនិត​ថ្មី​នៃ​សន្តិភាព​… ខ្ញុំ​បាន​បង្កើត​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ​ចំនួន​៤ គឺ​កិច្ចព្រមព្រៀង Abraham ដែលជា​កិច្ចព្រមព្រៀង​សន្តិភាព​ ២ដង​ដែល​អ្នក​កាន់តំណែង​មុន​របស់ខ្ញុំ​ទាំងអស់​រយៈពេល​ ៧០ឆ្នាំ​កន្លងទៅបាន​ឯកភាពគ្នា​។​ ​ការអធិប្បាយ​របស់លោក​កើតឡើង​ ស្របពេល​មាន​ភាព​តានតឹង​ដ៏​ក្ដៅគគុក​សម្រាប់​អ៊ីស្រាអែល​។ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​បាន​រង​ការ​បង្ហូរឈាម​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​កាលពី​សប្តាហ៍​មុន ហើយ​ការភ័យខ្លាច​កាន់តែខ្លាំង​ឡើង​ថា ស្ថានភាព​នឹងមិន​អាច​គ្រប់គ្រង​បាន​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន គឺជា​ថ្ងៃ​ដ៏​សាហាវ​បំផុត​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់ West Bank ដែល​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ ក្រោយ​មានការ​បាញ់ប្រហារ​នៅ​ជិត​សាលា​ប្រជុំ​ក្រុង Jerusalem កាលពី​យប់​ថ្ងៃ​សុក្រ ដែល​អ៊ីស្រាអែល​បាន​ចាត់ទុកថា​ ជាការ​វាយប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM