សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់

ព័ត៌មានសំខាន់ៗ

​របាយការណ៍​គាំទ្រ​ដោយ​អាមេរិក​និយាយថា រុស្ស៊ី​ឃុំឃាំង​កុមារ​អ៊ុយ​ក្រែ​ន​ ៦​ពាន់​នាក់​សម្រាប់​ការអប់រំ​ឡើងវិញ

2023/02/15 09:25:13 pm        493
អ៊ុយក្រែន៖ យោងតាម​របាយការណ៍​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា រុស្ស៊ី​បាន​ឃុំឃាំង​កុមារ​អ៊ុយ​ក្រែ​ន​យ៉ាងហោចណាស់ ៦,០០០នាក់ ក្នុង​ទីតាំង​ជាច្រើន​ក្នុង​តំបន់​គ្រី​មៀគ្រប់គ្រង​ដោយ​រុស្ស៊ី និង​ប្រទេស​រុស្ស៊ី ដែល​គោលបំណង​ចម្បងទំនងជា​ការអប់រំ​ឡើងវិញ​ផ្នែក​នយោបាយ​។របាយការណ៍​និយាយថា ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Yale បានកំណត់​អត្តសញ្ញាណ​យ៉ាងហោចណាស់ ជំរំ​ចំនួន ​៤៣​កន្លែង និង​ទីតាំង​ផ្សេងទៀតដែល​កុមារ​អ៊ុយ​ក្រែ​ន​ត្រូវបាន​ឃុំខ្លួន ជា​ផ្នែក​នៃ​បណ្តាញ​ជា​ប្រព័ន្ធ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ធ្វើ​ប្រតិបត្តិការ​ដោយ​ទីក្រុង​មូ​ស្គូ ចាប់តាំងពី​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ ឆ្នាំ២០២២​។ កុមារ​ទាំងនោះ​រាប់បញ្ចូល​ទាំង​អ្នក​ដែលមាន​ឪពុកម្តាយ ឬ​អាណាព្យាបាល​គ្រួសារ​ច្បាស់លាស់ ជា​អ្នក​ដែល​រុស្ស៊ី​ចាត់ទុកថាជា​កុមារកំព្រា និង​ជា​អ្នក​ដែល​ត្រូវបាន​ឃុំឃាំង​មិន​ច្បាស់លាស់​ដោយសារ​សង្គ្រាម​។​ ​អ្នកស្រាវជ្រាវ​ម្នា​ក់នៅ​សាកលវិទ្យាល័យ Yale និយាយថា កុមារ​មាន​វ័យក្មេង​ជាងគេ​បំផុតត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ នៅក្នុង​កម្មវិធី​របស់​រុស្ស៊ី​មាន​អាយុ​ទើបតែ ៤ខែ ហើយ​ជំរំ​មួយចំនួន​កំពុងផ្តល់​ការបណ្តុះបណ្តាល​យោធា​ដល់​កុមារ​អាយុ​ក្រោម ១៤ឆ្នាំ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​ពុំបាន​រកឃើញ​ភស្តុតាង​ ដែល​កុមារ​ទាំងនោះ​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ការប្រយុទ្ធ​នោះទេ​។ ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​វ៉ាស៊ីនតោនមិនបាន​ឆ្លើយតប​ភ្លាមៗ ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​លើ​របាយការណ៍​នេះឡើយ ហើយ​ទីក្រុង​មូ​ស្គូបាន​បដិសេធ​ចេតនា​កំណត់​គោលដៅ​លើ​ជន​ស៊ីវិល ជា​អ្វីដែល​ខ្លួន​ចាត់ទុកថា​ជាប្រតិបត្តិកា​រសឹក​ពិសេស​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​នបាន​និយាយថា ពួកគេ​កំពុង​ពិនិត្យមើល​ការចោទប្រកាន់​លើ​ការ​និរទេស​កុមារ​ដោយ​បង្ខំ ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រមូល​ការចោទប្រកាន់​ពីបទ​ប្រល័យពូជសាសន៍​ប្រឆាំង​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

លោក Xi Jinping និយាយថា ចិន​ប្រឆាំង​កងកម្លាំង​ខាងក្រៅ​ដែល​បំផ្លាញ​សន្តិសុខ​ក្នុងប្រទេស​អ៊ីរ៉ង់

2023/02/15 07:17:21 pm        359
​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ក្នុងអំឡុង​ជំនួប​ជាមួយ​សម​ភាគី​អ៊ីរ៉ង់លោក Ebrahim Raisi កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​របស់​កង​កម្លាំង​ខាងក្រៅ​ នៅក្នុង​កិច្ចការ​ក្នុង​តំបន់​របស់​ប្រទេស​អ៊ីរ៉ង់ ព្រមទាំង​ការប៉ុនប៉ង​ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​ប្រទេស​នេះ​។ ​ទូរទស្សន៍​កណ្តាល​រដ្ឋ​ចិន​បាន​ដកស្រង់​សម្តី​លោក Xi Jinping ថា យើង​ប្រឆាំង​កងកម្លាំង​ខាងក្រៅ​ដែល​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អ៊ីរ៉ង់ និង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថិរភាព​របស់​ប្រទេស ហើយ​យើង​មានបំណង​បន្ត​ការគាំទ្រ​គ្នា​ទៅវិញទៅមក​យ៉ាងរឹងមាំ​លើ​ផល​ប្រយោជន៍​សំខាន់ៗ​។ លោក Xi បានបង្ហាញ​ការគាំទ្រ​ប្រទេស​អ៊ីរ៉ង់ ខណៈ​ទីក្រុង​តេ​អេ​រ៉ង់​ព្យាយាម​ពង្រីក​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូ​ស្គូ ដើម្បី​ចេញពី​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​ ជុំវិញ​ការផលិត​នុយក្លេអ៊ែរ​រ​បស់​ប្រទេស​នេះ​។​ យោងតាម​ប្រធានាធិបតី​ចិន​បាន​និយាយថា ប្រទេស​ចិន​មានបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ ជាមួយ​ប្រទេស​អ៊ីរ៉ង់​ក្នុង​វិស័យដូចជា កសិកម្ម ឧស្សាហកម្ម និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។ ​ប្រធានាធិបតី​អ៊ីរ៉ង់កំពុង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែកុម្ភៈ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping​។ លោក Raisi ត្រូវបាន​អមដំណើរ​ដោយ​គណៈប្រតិភូ​ ដែល​រួមមាន​សមាជិក​រដ្ឋាភិបាល​ជាច្រើនរូបរួមមាន​រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួង​ប្រេង និង​ទេសាភិបាល​ធនាគារ​កណ្តាល​អ៊ីរ៉ង់​៕អត្ថបទ៖ ប៊ុនថន

WHO ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​ការផ្ទុះ​ឡើង​ជំងឺ​ឆ្លងតាម​ទឹក បន្ទាប់ពី​រញ្ជួយ​ដី​នៅ​ទួរគី ​និង​ស៊ី​រី​

2023/02/15 06:33:53 pm        315
​ទួរគី៖ អង្គការ​សុខភាព​ពិភពលោក ​(WHO) កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ជំងឺឆ្លង​តាម​រយៈ​ទឹក និង​ការ​ផ្ទុះឡើង​ជំងឺ​នៅ​ក្នុង​ប្រទេស​ទួរគី ​និង​ស៊ី​រី បន្ទាប់ពី​ការ​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​កាលពី​សប្តាហ៍​មុន ​ដែល​បាន​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ទាំងពីរ​។ ​​លោក Hans Kluge នាយក​ប្រចាំ​តំបន់​សម្រាប់​សហភាព​អឺរ៉ុប ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ទៅកាន់​សន្និសីទ​សារព័ត៌មាន​ថា ចាប់​តាំង​ពី​សោកនាដកម្ម​ដ៏​អាក្រក់​នេះមាន​ការ​ព្រួយបារម្ភ​កាន់​តែខ្លាំង​ អំពី​បញ្ហា​សុខភាព​ដែល​កំពុង​កើតមាន​ទាក់ទង​ទៅ​នឹង​អាកាសធាតុ​ត្រជាក់ អនាម័យ និង​ការ​រាលដាល​ជំងឺឆ្លង​។ ការ​រញ្ជួយ​ដី​ដែល​មាន​ចំនួន​អ្នក​ស្លាប់​រួមបញ្ចូល​គ្នា​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី​បាន​កើន​ឡើង​ជាង​ ៤​ម៉ឺន​នាក់ និង​បាន​បំផ្លាញ​ទីក្រុង​នានា​នៅ​ក្នុង​ប្រទេស​ទាំង២ បណ្តាល​ឲ្យ​អ្នក​រស់​រាន​មាន​ជីវិត​បាត់បង់​លំនៅឋាន​ និង​រស់​នៅ​ក្នុង​ភាព​ត្រជាក់​ខ្លាំង ដែល​មួយ​ចំនួន​ដេក​នៅ​លើ​គំនរ​បាក់បែក​នៃ​កម្ទេច​ថ្ម​។​ ​មនុស្ស​ជាង ១៥៨,០០០​នាក់​បាន​ជម្លៀស​ចេញពី​តំបន់​ដ៏​ធំ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ទួរគី ​ដែល​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​នេះ​។ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​ទួរគី​និយាយ​ថា ការបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​គឺជា​ការ​ព្រួយបារម្ភ​ខ្លាំង ហើយ​វា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដែល​ឆ្លងតាម​រយៈ​ទឹក និង​ការ​ផ្ទុះឡើង​ជំងឺឆ្លង​។ វា​មិន​ត្រឹមតែ​ជា​ជំងឺ​ដែល​ឆ្លងតាម​ទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ជំងឺ​គ្រុនផ្តាសាយ​តាម​រដូវ​កាល និង​ជំងឺ ​Covid ផងដែរ​។ លោក Hans Kluge និយាយ​ថា មនុស្ស ២៦​លាន​នាក់ទាំង​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី​ត្រូវការ​ជំនួយ​មនុស្សធម៌ ហើយ​មនុស្ស ១​លាន​នាក់​នៅ​ក្នុង​ប្រទេស​ទួរគី​បាន​បាត់បង់​លំនៅឋាន​របស់​ពួកគេ​។ អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ចាប់ផ្តើម​ការ​អំពាវនាវ​រក​ជំនួយ​ចំនួន ៤៣​លាន​ដុល្លារ ប៉ុន្តែ​លោក Kluge រំពឹង​ថា ​តួលេខ​នេះ​នឹង​កើន​ឡើង​យ៉ាង​ហោច​ណាស់​ ២ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕អត្ថបទ៖ ប៊ុនថន

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ជួបពិភាក្សាជាមួយប្រធានាធិបតីអាល្លឺម៉ង់ផ្តោតលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី

2023/02/15 06:28:11 pm        319
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងជួបសវនាការជាមួយឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនសម្តេចផ្ទាល់ និងភរិយា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោក-ជំទាវ ព្រមទាំងគណៈប្រតិភូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តមប្រធានាធិបតី និងលោកជំទាវ។សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនៅព្រះរាជាណា-ចក្រកម្ពុជា មានសារៈសំខាន់និងអត្ថន័យជាប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ប្រទេសទាំងពីរបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតីអាល្លឺម៉ង់ បានសម្តែងនូវការអរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបដិ-សណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូគណៈប្រតិភូនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅលើទឹកដីនៃព្រះរាជាណា-ចក្រកម្ពុជា។ ឯកឧត្តមប្រធានាធិបតីបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា នេះគឺលើកទី១ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺជាសក្ខីកម្មបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយ នឹងភាពសម្បួរបែបនៃវប្បធម៌ ជាពិសេសប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រព័ន្ធការពារសុខុមាល- ភាពសង្គម ធ្វើការកែលម្អសេដ្ឋកិច្ចឲ្យមានស្ថិរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាប ដែលបានឃើញអំពីស្លាកស្នាមនៃសង្គ្រាមស៊ីវិលរាបសិបឆ្នាំដែលបានបន្សល់ទុកនៅប្រទេសកម្ពុជា និងការអញ្ជើញទៅទស្សនកិច្ចនៅទីតាំងប្រតិបត្តិការដោះមីនរបស់អង្គការ HALO Trust ព្រមទាំងការអភិរក្សសម្បត្តិវប្បធម៌នៅតំបន់អង្គរ។ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានកំណើនជាលំដាប់ ក្នុងនោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសឈរលំដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជាក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មាន កំណើនចំនួន ៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្ប ទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីន។ ការគាំទ្រដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ព្រមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរយោបល់ទស្សនគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។សម្តេចប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូនឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូសូមមានសុខភាពល្អ និងទទួលបាននូវមហាជោគជ័យ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕ 

ប្រធានាធិបតីអាល្លឺម៉ង់ពេញចិត្តនិងកោតសរសើរកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ

2023/02/15 06:19:30 pm        345
​ភ្នំពេញ ៖ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រឹកថ្ងៃទី១៥កុម្ភ: ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier)ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​បង្ហាញការពេញចិត្ត​និងកោតសរសើរ​ការរីកចម្រើន​ក្រោមការ​ដឹកនាំ​របស់សម្តេចតេជោ ។​ក្រោយបញ្ចប់នៃជំនួប ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ​បានប្រាប់ដល់ក្រុម​អ្នកសារព័ត៌មានថា ៖ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោសម្រាប់​ការទទួលបដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅនិង​បានជម្រាបជូន​សម្ដេចតេជោថា៖ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ​ នៃសាធារណៈរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ​ក្នុងនាម​ជា​អ្នកដឹកនាំ​បាន​ដឹកនាំ​ប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ជំងឺកូវីដ១៩ អំពីការឆ្លងរីករាល​ដាល​រហូត​ដល់បើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ និងជាពិសេសការដឹកនាំ​កិច្ចប្រជុំកំពូល​អាស៊ាននិង​កិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានយ៉ាងជោគជ័យ ទោះបីស្ថិតក្នុងស្ថានភាពដែល​ពិភពលោក​នៅប្រឈម​និងជំងឺកូវីដ១៩ និងកំពុងប្រឈមនឹង​ការប្រែប្រួលភូមិសាស្រ្ត​នយោបាយ ហើយសម្តេចបាន​ដឹក​នាំ​កម្ពុជាឲ្យទៅជាប្រទេសនាំមុខមួយនៅក្នុងតំបន់។ក្នុងឱកាសនោះដែរ ឯកឧត្តមបានជម្រាប​ជូន​សម្ដេចតេជោ​ផងដែរ អំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល​អាកាសធាតុ​និងមានបំណង​ពង្រីកនិង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ សម្រាប់​ការវាយ​តម្លៃដ៏ល្អពីកម្ពុជា ហើយក៏បាន​ថ្លែង​អំណរ​គុណជូនចំពោះឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ប្រជាជន រដ្ឋាភិបាលអាឡឺម៉ង់ ចំពោះការ​ជួយដល់កម្ពុជាលើវិស័យដោះមីន វិស័យវប្បធម៌និងវិស័យដទៃទៀត ។សម្ដេចក៏បានជម្រាបជូនឯកឧត្តម ហ្វ្រាំង អំពីស្ថានភាពមីននៅ​កម្ពុជាដែល​ត្រូវដោះ​ឲ្យអស់​នៅឆ្នាំ២០២៥ និងដំណើរការជួយដោះមីន​នៅប្រទេសមួយ​ចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមជាមួយ​ការជួយបង្ហាត់​កងទ័ពអ៊ុយក្រែន​លើការដោះមីន​ដែលជា​ការងារ​មនុស្សធម៌កុំឲ្យសត្រូវកំបាំងមុខនេះបង្កបញ្ហាដល់ជស្លូតត្រង់។ដោយឡែកពាក់ព័ន្ធនឹងប្រាងប្រាសាទសម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាមាន​ប្រាង្គប្រាសាទ​ច្រើនដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលនេះជាមោទនភាពណាស់ ប៉ុន្តែវាក៏ជា​បន្ទុកមួយ​ផងដែរ​សម្រាប់​ការជួសជុលនិងថែរក្សា។ក្នុងន័យនេះ សម្ដេចបាន​សម្ដែង​នូវការពេញចិត្ត​ចំពោះការជួយ​របស់​សហព័ន្ធអាល្លឺម៉ង់​ក្នុងរយៈពេល២៥ឆ្នាំ។សម្ដេចក៏បានសំដែងនូវការរីករាយនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុថាមពលជាពិសេស លើវិស័យវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

លោក Zelenskiy ស្រែក​ដង្ហោយ​ឲ្យ​ព​ន្លឿ​ន​ជំនួយ​ពី​សម្ព័ន្ធមិត្ត​ ខណៈ​រុស្ស៊ី​វាយ​សម្រុក​ខ្លាំង​នៅ​ភាគ​ខាងកើត​

2023/02/15 05:49:07 pm        412
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​ជំរុញ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​បង្កើន​ជំនួយ​យោធា​ឲ្យ​បាន​លឿន ខណៈ​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សម្ព័ន្ធ​យោធា​ណា​តូ​បាន​ជួប​ប្រជុំគ្នា ហើយ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​យ៉ាង​សន្ធាប់​នៅ​ខ្សែត្រៀម​ជួរមុខ​ភាគ​ខាងកើត ដែល​ទំនងជា​ការ​ត្រៀម​វាយប្រហារ​ថ្មី​។ ​ភាគច្រើន​នៃ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​ត្រូវ​បាន​បាញ់​សំដៅ​លើ​ទីក្រុង ​Bakhmut ជាទី​ក្រុង​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​គ្រាប់​បែក​នៅ​ក្នុង​ខេត្ត Donetsk និង​ជា​គោលដៅ​សំខាន់​សម្រាប់​លោក​ប្រធានាធិបតី Vladimir Putin​។ ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ទីនោះ​បាន​ត្រៀម​ជាមុន​ក្នុង​ករណី​មានការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តាម​ផ្លូវ​។ ​ការ​ដណ្ដើម​បាន​ទីក្រុង Bakhmut នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​រុស្ស៊ី​រុល​ទៅ​មុខ​លើ​ទីក្រុង​ធំ​២​ ក្នុង​ខេត្ត Donetsk គឺ​ទីក្រុង Kramatorsk និង Sloviansk និង​ផ្ដល់​ជ័យជម្នះ​ឲ្យ​ទីក្រុង Moscow បន្ទាប់ពី​ការ​ដក​ថយ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាច្រើន​ខែ ក្រោយ​ការ​លុកលុយ​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ឆ្នាំមុន​។​ ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​សម្ព័ន្ធ​យោធា​ណា​តូ​បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង ​Brussels​ កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​ពី​ស្ថាន​ភាព​សង្គ្រាម និង​ឃ្លាំង​អាវុធ​។​ នៅ​ក្នុង​សន្ទរកថា​ពេល​ល្ងាច លោក Zelenskiy បាន​និយាយ​ថា​ រុស្ស៊ី​កំពុង​អន្ទះសា​សម្រេច​គោលដៅ​ខ្លាំង​ណាស់ មុន​ពេល​អ៊ុយ​ក្រែ​ន និង​ក្រុម​សម្ព័ន្ធមិត្ត​អាច​ប្រមូល​កម្លាំង​វាយបក​។ លោក​ថា ព្រោះតែ​ហេតុនេះ​ទើប​ត្រូវ​ព​ន្លឿ​ន​ការ​ផ្ដល់​អាវុធ​ឲ្យ​បាន​លឿន​បំផុត​។​ ប្រមុខ​សម្ព័ន្ធ​ណា​តូ​លោក Jens Stoltenberg បាន​និយាយ​ថា លោក Putin កំពុង​ត្រៀម​សង្គ្រាម​ថ្មី​បន្ត​ទៀត​ទាំង​តាម​អាកាស និង​ថ្មើរជើង​៕អត្ថបទ៖ សុខមាន

អាមេរិក​សង្ស័យ​ថា ​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​ ៣ ដែល​ខ្លួន​បាន​បាញ់​ទម្លាក់​មិន​មែន​ជា​បា​ឡុង​ចារកម្ម​របស់​ចិន​

2023/02/15 05:15:00 pm        349
​អាមេរិក៖ សេត​វិមាន​បាន​និយាយ​ថា ពុំមាន​ការបញ្ជា​ក់ថា វត្ថុ​ហោះ​ទាំង​៣​ ដែល​បាន​បាញ់​កម្ទេច​នៅ​លើ​អាកាស​កាលពី​ចុង​សប្ដាហ៍​មុន​ដោយ​យោធា​អាមេរិក ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឈ្លប​យកការណ៍​របស់​ចិន​នោះ​ទេ​។ ​អ្នកនាំពាក្យ​សេត​វិមាន​លោក John Kirby បាន​និយាយថា វត្ថុ​ទាំងនោះ​អាច​ទាក់​ទង​នឹង​ពាណិជ្ជកម្ម ​ឬ​ក្រុម​អង្គភាព​ស្រាវជ្រាវ ដូច្នេះ​វា​មិន​មែនជា​បា​ឡុង​ចារកម្ម​របស់​ចិន​។ ​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក និង​កាណាដាពុំ​ទាន់​បាន​កំណត់​ទីតាំង ​ឬ​រក​ឃើញ​បំណែក​ពី​យាន​ទាំង​៣ ​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ឡើយ​ទេ​។ ​កាលពី​ថ្មីៗ​នេះ ទីក្រុង​ប៉េកាំង​បាន​ចោទ​សហរដ្ឋអាមេរិក​ពី​បទ​បញ្ចេញ​ប្រតិកម្ម​ជ្រុល​ហួសហេតុ​។​ ​ប្រទេស​ចិន​បាន​ទាត់ចោល​មួយ​ក្នុងចំណោម​បា​ឡុង​របស់​ខ្លួន ​ដែល​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​យន្តហោះ​ចម្បាំង​អាមេរិក​កាលពី​ដើមខែ​នេះ នៅ​ក្បែរ​ឆ្នេរសមុទ្រ​រដ្ឋ South Carolina ដែល​ថា ​ខ្លួន​ប្រើ​ប្រាស់​សម្រាប់​ការ​ឈ្លប​យកការណ៍ ដោយ​និយាយ​ថា យាន​នេះ​គឺ​ប្រើ​សម្រាប់​ការ​តាម​ដាន​អាកាស​ធាតុ​ ដែល​ត្រូវ​បាន​រសាត់​តាម​កម្លាំង​ខ្យល់​។ នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​អង្គារ លោក Kirby និយាយ​ថា វា​ពិតជា​លំបាក​ក្នុង​ការកំណត់​គោល​បំណង ​ឬ​ប្រភព​នៃ​វត្ថុ​ហោះ​ទាំង​៣ ​នោះ លុះ​ត្រាតែ​រក​ឃើញ​បំណែក​ និង​ឆ្លងកាត់​ការវិភាគ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ត្រៀមគ្រែពេទ្យចំនួន ១០០-២០០គ្រែ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាពសម្រាប់ព្យាបាលរបួសកីឡាករ-កីឡាការិនី ដោយឥតគិតថ្លៃ

2023/02/15 05:04:22 pm        345
ភ្នំពេញ៖ សម្ដេចតេជោ បានប្រកាសនៅលើហ្វេសប៊ុក និងតេឡេក្រាមផ្លូវការនាថ្ងៃទី១៥ ខែកុម្ភៈនេះថា បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយ ចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផង ដែលជាញឹកញាប់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចផ្ទាល់បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ សម្ដេចបានមានប្រសាសន៍ថា ដោយមើលឃើញនូវការលំបាកបែបនេះ នៅព្រឹកនេះ (ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣) សម្ដេចបានពិភាក្សាជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាល ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលសម្ដេចបានបញ្ជាឱ្យរៀបចំ គ្រែពី ១០០ ទៅ ២០០ គ្រែ។សម្ដេចតេជោមានប្រសាសន៍ បញ្ជាក់ថា ការព្យាបាលមិនតម្រូវឱ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួសរបស់ កីឡាករកីឡាការិនី។សម្ដេចតេជោបានបញ្ជាឱ្យ ក្រសួងសុខាភិបាលរៀបចំឱ្យបានឆាប់ដែល និងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ សម្ដេចតេជោមានប្រសាសន៍ថា សូមកីឡាករ កីឡាការិនីទទួលយកនូវ សេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕

អ៊ុយ​ក្រែ​ន​ប្រឈម​នឹង​សត្រូវ​ចំនួន ​២ គឺ​រុស្ស៊ី និង​អំពើពុករលួយ​

2023/02/15 04:46:21 pm        327
​អ៊ុយក្រែន៖ រយៈពេល​ជិត​មួយឆ្នាំ​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​ និង​ជិត ​១៧.៦​លាន​នាក់​បាន​ភៀសខ្លួន​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ជំនួយ​មនុស្សធម៌​ចាំបាច់​។ ​ខណៈ​ដែល​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​នៅតែ​កំពុង​បន្ត​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី ទីក្រុង Kyiv ក៏​នៅតែ​កំពុង​ប្រឈម​នឹង​សត្រូវ​ដ៏​ធំ​មួយ​ផ្សេងទៀត​ផង​ដង​ដែរ​ នោះ​គឺ​អំពើពុករលួយ​ដែល​កំពុង​ស៊ី​រូង​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រទេស​នេះ​។ ​អំឡុង​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន បាន​ឆ្មក់​ចូល​ផ្ទះ​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ដោយ​ចោទ​ពី​បទ​ទទួល​សំណូក​។ ​លោក Oleksii Reznikov រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​នេះ​ក៏​ត្រូវ​បាន​គ្រោង​ដាក់​អ្នកថ្មី​ជំនួស​ដែរ ក្រោយ​ក្រុម​អ្នកសារព័ត៌មាន និង​សកម្មជន​បាន​រក​ឃើញ​ថា ក្រសួងការពារជាតិ​បាន​ទិញ​ចំណី​អាហារ​ឲ្យ​កងទ័ព​ក្នុង​តម្លៃ​ខ្ពស់​បំផុត​។ ​ខណៈ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​យោធា​ណា​តូ​បាន​សន្យា​បន្ត​ជួយ​ដល់​អ៊ុយ​ក្រែ​ន ក្រុម​អ្នកនយោបាយ និង​មន្ត្រី​យោធា​មួយ​ចំនួន​នៅក្នុង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ បាន​ចង្អុល​ទៅកាន់​អំពើពុករលួយ​នៅ​ក្នុង​ប្រទេស​នេះ និង​បាន​ចោទសួរ​ថា​ តើ​អ៊ុយ​ក្រែ​ន​មាន​លក្ខណ​ល្អ​សម​ស្រប​ក្នុង​ការ​ទទួល​បាន​ជំនួយ​ដែរ​ ឬ​អត់​?​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy ជា​បុគ្គល​ដែល​បាន​ដឹង​ច្បាស់​ទាំង​ការរិះគន់​ពី​លោក​ខាងលិច ទាំង​សារៈសំខាន់​នៃ​ការ​រក្សា​លំហូរ​ជំនួយ បាន​ដោះស្រាយ​អំពើពុករលួយ​អំឡុងសុន្ទរកថា​កាលពី​ខែ​មករា​។​ លោក​ថា ខ្ញុំ​ចង់​ជម្រះ​រឿង​នេះ​ឲ្យ​បាន​ច្បាស់ គឺ​អ៊ុយ​ក្រែ​ន​នឹង​លែង​ឲ្យ​អតីត​កាល​វិលត្រឡប់​មកវិញ​ទៀតហើយ​៕អត្ថបទ៖ សុខមាន

BREAKING NEWS សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ក្របខណ្ឌរដ្ឋ សម្រាប់បុគ្គលិកវិទ្យុ VOD ដែលមានបំណងចង់ចូលបំរើកិច្ចការរដ្ឋ

2023/02/14 10:54:22 pm        647
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ផ្ដល់​ក្របខណ្ឌរដ្ឋ​ដល់​បុគ្គលិកវិទ្យុ វីអូឌី ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ ក្រោយពី​វិទ្យុនេះត្រូវបាន​បិទដោយ​កំហុស​ថ្នាក់ដឹកនាំ​និងគ្មានឱកាសបើកឡើងវិញ។​សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកនារសៀលថ្ងៃទី១៤ ខែកុម្ភៈនេះ ក្រោយពីដំណើរ​ទស្សនកិច្ច​នៅប្រទេសឡាវមកដល់កម្ពុជាវិញថា ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយ​គិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ សម្ដេចសម្រេច​ផ្តល់ក្រប​ខ័ណ្ឌរដ្ឋ​សម្រាប់​បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។សម្ដេចតេជោបានមានប្រសាសន៍ថា សូមបងប្អូនធ្វើទំនាក់ទំនង​ជាមួយក្រសួង​មុខងារសាធារណៈ​ដើម្បីដាក់​ពាក្យ​សុំធ្វើការ។សម្ដេចតេជោបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាម​ក្រសួង​នានា​ស្រប​តាម​មុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្ដេចតេជោដោយផ្ទាល់។សម្ដេចតេជោបានបញ្ជាក់ថា សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយ​សម្ដេចបាន​បញ្ជាក់ថា​នឹងគ្មាន​ការផ្លាស់ប្តូរការសម្រេចចិត្តរបស់របស់សម្ដេចនោះឡើយ។សម្ដេចបាន​បន្ថែមថា ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យកម្ពុជា ធ្វើនេះ ឬធ្វើនោះតាមការ​ចង់បាន​របស់ពួក​គេឡើយ ​ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្ដេចតេជោបញ្ជាក់ថា ការបិទចោលវិទ្យុ​ដែលគ្មាន​ក្រមសីលធម៌​មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕អត្ថបទ៖ វ៉ន ដារ៉ា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM
ការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានជំរុញចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែ រីកចម្រើន
11/13/2026 05:11 PM
រដ្ឋមន្ត្រីការបរទេសអង់ហ្គោឡា អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
11/13/2026 04:11 PM