សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់

ព័ត៌មានសំខាន់ៗ

មាន​ការតវ៉ា​ជាច្រើន​នៅ​អ៊ីស្រាអែល​ជុំវិញ​ផែនការ​តុលាការ​របស់លោក Netanyahu

2023/02/14 09:42:21 pm        597
​អ៊ីស្រាអែល៖ នៅ​ក្នុង​គណៈកម្មាធិការ​សភា​អ៊ីស្រាអែល កាលពី​ថ្ងៃ​ចន្ទ​សមាជិក​មួយ​ចំនួន​ស្រែក​ថា «​អាម៉ាស់​ណាស់​» ខណៈ​មួយ​ចំនួនទៀត​ស្រែក​ថា «​របប​ហ្វា​ស៊ី​ស​» ឬ «​ជន​ក្បត់​» ហើយ​នៅ​ខាងក្រៅ មនុស្ស​រាប់​ម៉ឺន​នាក់​ស្រែក​ថា «​លទ្ធិប្រជាធិបតេយ្យ​»​។ ភាពចលាចល​កាលពី​ថ្ងៃ​ចន្ទ​បាន​កើតមាន​ឡើង​ ខណៈ​រដ្ឋាភិបាល​មាន​ផែនការ​រៀបចំ​ឡើងវិញ​នូវ​ប្រព័ន្ធតុលាការ​នៅក្នុង​ចំណាត់ការ​មួយ ដែល​កំពុង​បង្ហាញ​ពី​ការបែកបាក់​ខ្លាំង​អាច​កើតមាន​នៅក្នុង​សង្គម​ប្រទេស​អ៊ីស្រាអែល​។ ចំណាត់ការ​នេះ​នឹង​ផ្តល់ឱ្យ​នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu គ្រប់គ្រង​កាន់តែខ្លាំង​លើ​ការតែងតាំង​មុខតំណែង និង​ធ្វើឱ្យ​ចុះខ្សោយ​សមត្ថភាព​របស់​តុលាការ​កំពូល​។ ​លោក Netanyahu ដែល​បច្ចុប្បន្នកំពុង​កាត់ក្តី​លើ​បទចោទប្រកាន់​អំពើពុករលួយ​ដែល​លោក​បដិសេធ និង​និយាយថា ការផ្លាស់ប្តូរ​គឺមាន​ភាពចាំបាច់​ដើម្បី​ស្តារ​តុល្យភាព​នៅក្នុង​ប្រព័ន្ធតុលាការ និង​ទប់ស្កាត់​ចៅក្រម​ជា​សកម្មជន ដែល​ប្រើ​អំណាច​ហួសហេតុ​ក្នុង​ការ​ជ្រៀតជ្រែក​ក្នុង​វិស័យ​នយោបាយ​។ ក្រុម​អ្នក​រិះគន់​និយាយ​ថា ផែនការ​នេះ​ប្រឈម​ការបំផ្លាញ​ការត្រួតពិនិត្យ ​និង​តុល្យភាព​តាមបែប​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើ​ឱ្យ​ប្រទេស​អ៊ីស្រាអែល​នៅឯ​កោ​ពី​អន្តរជាតិ ដោយ​ធ្វើឱ្យ​តុលាការ​ចុះ​ខ្សោយ និង​បង្ក​គ្រោះថ្នាក់​ដល់​សិទ្ធិមនុស្ស និង​សេរីភាព​ស៊ីវិល​។ ​គណបក្ស Likud របស់លោក Netanyahu និង​សម្ព័ន្ធមិត្ត​របស់ខ្លួនបាន​រិះគន់​គូប្រជែង​ពី​សំណើ​នេះ​ថា ​ជា​ក្រុម​ឆ្វេងនិយម​មាន​កំហឹង ដែល​មិន​ព្រម​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ឆ្នាំមុន។ ការស្ទង់មតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​របស់​ប្រទេសអ៊ីស្រាអែល បានបង្ហាញ​ពី​ការគាំទ្រ​មាន​ភាពយឺតយ៉ាវ​សម្រាប់​ការផ្លាស់ប្តូរ​ប្រព័ន្ធតុលាការ ដោយ ២៨% នៃ​ប្រជាជន​អ៊ីស្រាអែល​គាំទ្រ​វិធានការ​នេះ ខណៈ ៥០% ប្រឆាំង​។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាន​ជំរុញ​ឱ្យ​លោក Netanyahu បង្កើត​ការឯកភាព​គ្នា​មុនពេល​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ដ៏​ទូលំទូលាយ​នេះ ដោយ​និយាយថា ​ប្រព័ន្ធតុលាការ​ឯករាជ្យ​គឺជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​៕អត្ថបទ៖ ប៊ុនថន

កូរ៉េខាងជើង​បញ្ជា​ឲ្យ​ពលរដ្ឋ​មានឈ្មោះ​ដូច​កូនស្រី​លោក គីម ជុង​អ៊ុន ផ្លាស់ប្តូរ​ឈ្មោះ​

2023/02/14 09:23:51 pm        937
​កូរ៉េខាងជើង​៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ប្រទេស​កូរ៉េខាងជើង​កំពុង​បង្ខំ​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ដូចគ្នា​ជាមួយ​កូនស្រី​របស់លោក Kim Jong Un គឺ​នាង​ ជូ​អេ​ (Ju-ae) ឲ្យ​ផ្លាស់ប្តូរ​អត្តសញ្ញាណ​របស់​ពួកគេ​ទៅជា​ឈ្មោះ​ផ្សេង​។យោងតាម​កាសែត South China Morning Post បាន​រាយការណ៍​ថា បទបញ្ជា​នេះគឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​របស់​របប​នេះ ក្នុង​ការកសាង​អាថ៌កំបាំង​ដ៏​តឹងរ៉ឹង​ជុំវិញ​កូនស្រី​មេដឹកនាំ​ឈ្មោះនាង Kim Ju-ae ដែល​នាង​ត្រូវបាន​គេ​ជឿថា​មាន​អាយុ​ចន្លោះ​ពី ៩ ទៅ ១០ឆ្នាំ​។​ នៅ​ខេត្ត​មួយ​នៅ​ភាគ​ខាងជើង មន្ត្រី​សន្តិសុខ​ម្នាក់​បាន​កោះហៅ​ស្ត្រី​ដែល​បាន​ចុះបញ្ជី​ជាមួយ​ការិយាល័យ​ចុះឈ្មោះ​ពលរដ្ឋ​មានឈ្មោះ ជូ​-​អេ មក​ក្រសួង​សុវត្ថិភាព​ដើម្បី​ផ្លាស់ប្តូរ​ឈ្មោះ​។​ ​ប្រភព​បាន​និយាយថា ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ទាំងនោះ​ជា​ក្មេងស្រី​មាន​អាយុ​ ១២​ឆ្នាំ​។ នាយកដ្ឋាន​ចុះឈ្មោះ​ពលរដ្ឋ​របស់​ក្រសួង​សុវត្ថិភាព បាន​ទូរស័ព្ទ​ទៅ​ឪពុកម្តាយ​របស់​ក្មេងស្រី​រូបនេះ​ឲ្យ​មក​ក្រសួង​សុវត្ថិភាព ហើយ​បង្ខំ​នាង​ឲ្យ​ប្តូរ​ឈ្មោះ និង​ប្តូរ​សំបុត្រកំណើត​។ ​ប្រភព​មួយ​ផ្សេងទៀត​បាន​ប្រាប់​គេហទំព័រ​ថា នៅក្នុង​ក្រុង​ផ្សេងទៀត​របស់​ប្រទេស នាយកដ្ឋាន​សន្តិសុខ​ទីក្រុង Pyongsong បានចេញ​បទបញ្ជាផ្ទៃក្នុង​ពី​រដ្ឋាភិបាលកណ្តាល ដើម្បី​ផ្លាស់ប្តូរ​ឈ្មោះ​ស្ត្រីដែល​ប្រើ​ឈ្មោះ «​ជូ​អេ Ju-ae» ក្នុង​រយៈពេល​មួយ​សប្តាហ៍៕អត្ថបទ៖ ប៊ុនថន

BREAKING NEWS៖ ការ​បាញ់​បោះ​សេរី​សម្លាប់​មនុស្ស​ ៣​នាក់ ជំរុញ​ឲ្យ​បិទ​សាកលវិទ្យាល័យ​រដ្ឋ Michigan នៅ​សហរដ្ឋអាមេរិក

2023/02/14 08:17:28 pm        613
​អាមេរិក៖ សាកលវិទ្យាល័យ​រដ្ឋ Michigan របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​បិទ ក្រោយ​ការ​បាញ់​ប្រហារ​ដោយ​សេរី​នៅ​ក្នុង​ទីតាំង​មួយ​ចំនួន​នៃ​បរិវេណ​សាកលវិទ្យាល័យ​នេះ​។ ​នគរបាល​និយាយ​ថា ​ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់សម្លាប់​មនុស្ស​ ៣​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ ៥​នាក់​ផ្សេងទៀត​រង​របួស បាន​ស្លាប់​ដោយសារតែ​បាញ់សម្លាប់​ខ្លួនឯង​។ ​នគរបាល​បាន​រាយការណ៍​ពី​ការ​បាញ់​ប្រហារ​នៅ​សាល Berkey Hall និង​អគារ IM East building របស់​សាកលវិទ្យាល័យ​រដ្ឋ Michigan កាលពី​យប់​ថ្ងៃ​ចន្ទ​ដោយ​បញ្ជាក់​ថា អង្គភាព​អនុវត្តន៍​ច្បាប់​កំពុង​ធ្វើ​ការ​យ៉ាងសកម្ម​នៅ​កន្លែង​កើតហេតុ។ ដំបូង​ក្រុម​មន្ត្រី​បាន​និយាយ​ថា មាន​មនុស្ស​ជាច្រើន​រង​របួស ហើយ​ថា​ជនសង្ស័យ​ទំនងជា​មានតែ​ម្នាក់ឯង​ទេ​។ ក្រោយមក​នគរបាល​បាន​បញ្ជាក់​ថា មនុស្ស ​៣​នាក់​ត្រូវ​បាន​បាញ់សម្លាប់​អំឡុង​បាញ់​ដោយ​សេរី​នោះ ហើយ​មនុស្ស​ ៥​នាក់​ត្រូវ​បាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ Sparrow ក្បែរ​កន្លែង​កើត​ហេតុ ខ្លះ​មាន​របួសធ្ងន់​ដល់​អាយុជីវិត​។ ស្នងការ​រង​នគរបាល​បណ្ដោះអាសន្ន​លោក Chris Rozman បាន​ពណ៌នា​ជន​សង្ស័យ​ថា ជា​បុរស​ស្បែក​ខ្មៅ ទាប ពាក់​ស្បែក​ជើង​ពណ៌​ក្រហម អាវ​ក្រៅ​ខា​ប៊​យ និង​ពាក់មួក​កន្តិប​៕ ​អត្ថបទ៖ សុខមាន

ក្តីបារម្ភ​កើនឡើង​ក្នុងចំណោម​អ្នក​រស់រានមានជីវិត​បន្ទាប់ពី​រញ្ជួយ​ដី​នៅ​ទួរគី ខណៈ​អ្នកស្លាប់​កើន​ដល់​ជាង​ ៣៧,០០០​នាក់​

2023/02/14 07:33:48 pm        266
​ទួរគី៖ អ្នក​នៅ​រស់រានមានជីវិត​ដែល​កំពុង​ព្រួយបារម្ភ និង​គ្មាន​លំនៅឋាន​នៅក្នុង​ទីក្រុង Adiyaman ដែល​រងគ្រោះ​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ទួរគី​បាន​និយាយ​ថា ស្ថានភាព​របស់​ពួកគេ​កាន់តែ​លំបាក​យ៉ាង​ឆាប់រហ័ស ខណៈ​ប្រទេស​នេះ​បាន​ចូល​ដល់​រយៈពេល​ ១សប្តាហ៍​ចាប់​តាំង​ពី​គ្រោះ​មហន្តរាយ​ដ៏​ខ្លាំងក្លា​វាយប្រហារ​ប្រទេស​នេះ​។ អ្នក​រស់រាន​មានជីវិត​ពី​រញ្ជួយ​ដី​បាន​និយាយ​ថា មួយ​សប្តាហ៍​នេះ​ពិតជា​លំបាក​ណាស់ អ្វីៗ​ត្រូវ​បាន​បំផ្លាញ​។ ជំនួយ​មនុស្សធម៌ និង​សម្ភារៈ​ផ្សេងៗ​បាន​ចាប់ផ្តើម​មកដល់​កាលពី​ល្ងាច​ថ្ងៃទី៣ ​បន្ទាប់ពី​គ្រោះ​មហន្តរាយ ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ​។ ដោយមាន​ក្តីសង្ឃឹម​ក្នុង​ការ​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​ជាច្រើន​នាក់​ទៀត​នៅ​ក្នុង​គំនរ​បាក់បែក ចំនួន​អ្នក​ស្លាប់​រួមបញ្ចូល​គ្នា​នៅក្នុង​ប្រទេស​ទួរគី និង​ប្រទេសជិតខាង​ស៊ី​រី​ពី​ការ​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិច​ទ័​រ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​កន្លង​ទៅ​បាន​កើន​ឡើង​លើស​ពី ៣៧,០០០​នាក់ ហើយ​ទំនងជា​នឹង​បន្ត​កើន​ឡើង​។​ ​ជំនួយ​បានមក​ដល់​តំបន់​រងគ្រោះ​ដោយ​រញ្ជួយ​ដី ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ដែល​អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​ជាង ១​លាន​នាក់​កំពុង​រស់​នៅ​ក្នុង​ទីជម្រក​បណ្តោះ​អាសន្ន​។ ពលរដ្ឋ​និយាយ​ថា យើង​កំពុង​ដេក​នៅ​ក្នុង​ទីធ្លា​នៃ​វិហារ​អ៊ីស្លាម​។ យើង​ពុំ​អា​ចរក​ទីជម្រក​បានទេ ​ខណៈ​នៅ​ទី​នេះ​គ្មាន​ទឹក គ្មាន​ភ្លើង ​ហើយ​កូនៗ​របស់​យើង​ទាំងអស់​ឈឺ​។ ក្នុង​ពេល​មានការ​ព្រួយបារម្ភ​អំពី​អនាម័យ និង​ការ​រីក​រាលដាល​មេរោគ​ឆ្លង​ក្នុង​តំបន់ រដ្ឋមន្ត្រី​សុខាភិបាល​ទួរគី​លោក Fahrettin Koca បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា វ៉ាក់សាំង​ការពារ​ជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​រញ្ជួយ​ដី ហើយ​ឱសថ​ស្ថាន​ចល័ត​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ទីនោះ​។​ អាជ្ញាធរ​ទួរគី​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឆ្លើយតប​បន្ទាន់ និង​កង្វះ​ការរៀបចំ៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់

2023/02/14 07:19:07 pm        331
សៀមរាប៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ឯកឧត្ដម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងលោកជំទាវ បានទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់ ដែលអមដំណើរដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណឯកឧត្តមប្រធានាធបតី និងលោកជំទាវដែលបានចំណាយពេលមកទស្សនកិច្ចចម្ការមីន ប្រកបដោយអត្ថន័យយ៉ាងធំធេង ដែល ឆ្នាំ២០២៣នេះ ប្រទេសអាល្លឺម៉ង់ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ឯកឧត្ដមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌តាមរយៈគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដែល បោសសម្អាត ដោយអង្គការ Halo Trust ។ ចាប់តាំងពីឆ្នាំ២០១៦ ប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាជាង១៧លាន អឺរ៉ូ បានយកបោសសម្អាតមីនក្នុងទំហំផ្ទៃដីបានជាង ២៣គីឡូម៉ែត្រក្រឡា ស្មើនឹង៥៧៨ចម្ការមីន និងមានទទួលផលជាង១៣ម៉ឺននាក់។ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់ក៏ធ្លាប់បានផ្តល់ការគាំទ្រការងារបោសសម្អាតមីនដល់អង្គភាពស៊ីម៉ាក់ចាប់តាំងពីឆ្នាំ១៩៩៩ ថវិកាជាង១៩លានដុល្លារអាមេរិក ដោយបានរំដោះផ្ទៃដីមានមីនប្រមាណជា៣០គីឡូម៉ែត្រក្រឡា។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្នើសុំអោយប្រទេសអាល្លឺម៉ង់ បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។ប្រធានាធិបតី អាល្លឺម៉ងបានមានប្រសាសន៍ថា នឹង បន្តគាំទ្រការងារបោសសម្អាតមីនស្របតាមទស្សនវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាគ្មានមីនឆ្នាំ២០២៥៕

ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដោយសារ​ព្យុះ​ស៊ីក្លូន Gabrielle

2023/02/14 06:26:19 pm        296
​​ណូ​វ៉ែល​ហ្ស៊េ​ឡង់​៖ ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​បានប្រកាស​ដាក់​រដ្ឋ ​ក្នុង​គ្រាអាសន្ន​ដោយសារ​ព្យុះ​ស៊ីក្លូន Gabrielle ជា​ការ​ប្រកាស​លើក​ទី​៣​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រា​អាសន្ន​លោក Kieran McAnulty បាន​ចុះហត្ថលេខា​ចូល​ជា​ធរមាន​ប្រកាស​ដាក់​ប្រទេស ​ក្នុង​គ្រា​អាសន្ន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ​សេចក្ដីប្រកាស​នេះនឹង​អនុវត្តន៍​ចំពោះ​តំបន់ Northland Auckland Tairawhiti ឆកសមុទ្រ Bay of Plenty តំបន់ Waikato និង​តំបន់​ឆកសមុទ្រ​ Hawkes​ ជាការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ចំពោះ​គ្រោះ​មហន្តរាយ​នេះ​។ លំនៅឋាន​យ៉ាងហោចណាស់​ ៣៨.០០០​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​គឺ​ទីក្រុង Auckland ក្រុម​អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ​ចេញពី​លំនៅឋាន​ប្រមាណ​ ៥០​ខ្នងនៅ​ជុំវិញ​ប៉ម​កម្ពស់​ ៣០​ម៉ែត្រ​ដែល​អាច​ដួល​រលំ​។ មជ្ឈមណ្ឌល​ស្នាក់នៅ​បណ្ដោះអាសន្ន​រាប់​សិប​កន្លែង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​នេះ​។ ​លោក McAnulty បាន​ហៅ​ព្យុះ​នេះ​ថា ​ជា​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​។ លោក​ថា ​ការ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​សម្របសម្រួល​របស់​សហព័ន្ធ​ក្នុង​ការ​សម្អាត និង​ផ្ដល់​ជំនួយ​បន្ថែម​ដល់​អ្នក​ដែល​ត្រូវ​បាន​ប៉ះពាល់ ក៏ដូចជា​ផ្ដល់​អំណាច​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ទៀត​ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​គ្រោះថ្នាក់ រួម​ទាំង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ផង​ដែរ​។​ កាលពី​ថ្ងៃ​ចន្ទ នាយក​រដ្ឋមន្ត្រី​ណូ​វ៉ែល​ហ្ស៊េ​ឡង់​លោក​ Chris Hipkins បាន​ប្រកាស​កញ្ចប់​ជំនួយ​ចំនួន ៧.៣​លាន​ដុល្លារ​អាមេរិក​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ៕អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការសហប្រជាជាតិ​និយាយថា ប្រធានាធិបតី​ស៊ី​រីយល់ព្រម​ឲ្យ​ដឹកជញ្ជូន​ជំនួយ​របស់​ UN តាម​ច្រក​ទួរគី​

2023/02/14 05:38:27 pm        350
​ស៊ីរី៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad បាន​យល់ព្រម​ឲ្យ​អង្គការសហប្រជាជាតិ​ដឹកជញ្ជូន​ជំនួយ​ ចូល​ទៅក្នុង​ភាគ​ពាយ័ព្យ​របស់​ប្រទេស​ស៊ី​រី​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ឆ្លងកាត់​ច្រក​ព្រំដែន​ចំនួន​២ ចេញពី​ប្រទេស​ទួរគី​រយៈពេល ​៣​ខែ។ ​ក្រុម​អ្នកការទូត​បាន​ប្រាប់​សារព័ត៌មាន ​Reuters ថា ​លោក Guterres បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ បន្ទាប់ពី​ប្រធាន​គ្រប់គ្រង​ការ​ផ្ដល់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​លោក ​Martin Griffiths បាន​ជួប​លោក​ប្រធានាធិបតី​ស៊ី​រី​នៅ​ក្នុង​រដ្ឋធានី​ដា​ម៉ាស់​កាលពី​ថ្ងៃ​ចន្ទ។ លោក Griffiths បានធ្វើ​សេចក្ដីរាយការណ៍​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​អំពី​ការសម្រេចចិត្ត​របស់លោក Assad នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ។ ​វិធានការ​នេះបានកើត​ឡើង​មួយ​សប្ដាហ៍​ បន្ទាប់ពី​ការរញ្ជួយ​ដី​វាយប្រហារ​ទួរគី និង​ស៊ី​រីសម្លាប់​មនុស្ស​ជាង ​៣៧.០០០​នាក់។​ ការព្រមព្រៀង​របស់លោក Assad មានន័យថា អង្គការសហប្រជាជាតិអាច​ប្រើ​ច្រកព្រំដែន​សរុប​ចំនួន​៣ ​ឆ្លងកាត់​ពី​ទួរគី ​ដើម្បី​ទៅដល់​ភាគ​ពាយ័ព្យ​របស់​ប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។ ​កាលពី​ថ្ងៃ​ចន្ទ អង្គការសហប្រជាជាតិបាន​និយាយថា មនុស្ស​ជាង ​៤.៣០០​នាក់ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់ និង​ជាង ៧.៦០០​នាក់​រងរបួស​នៅក្នុង​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី។ ចំណែក​អ្នកស្លាប់​នៅក្នុង​តំបន់​នានា​គ្រប់គ្រង​ដោយ​រដ្ឋាភិបាលបច្ចុប្បន្ន​បាន​ហក់​ឡើងដល់ ​១.៤១៤​នាក់​។​ ​ប្រជាពលរដ្ឋ​ស៊ី​រី​ជាច្រើនបាន​បាត់បង់​លំនៅឋាន​ដោយសារ​ការរញ្ជួយ​ដី និង​ត្រូវ​ស្នាក់​នៅក្នុង​រថយន្ត និង​ជំរំ​តង់​កៅស៊ូ​។ ជាក់ស្ដែង​ពលរដ្ឋ​ដែល​រស់នៅក្នុង​ទីក្រុង Jandaris គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម៕អត្ថបទ៖ សុខមាន

ពេលវេលា​សង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ​រញ្ជួយ​ដី​នៅ​ទួរគី​ និង​ស៊ី​រី​ជិត​អស់ហើយ ខណៈ​អ្នកស្លាប់​កើន​ឡើង​ជាង​ ៣៧.០០០​នាក់​

2023/02/14 05:00:33 pm        346
​ទួរគី៖ ក្រុម​អ្នក​សង្គ្រោះបាន​ជួយ​ក្មេងប្រុស​អាយុ​ ១៣​ឆ្នាំ​ម្នាក់​ចេញពី​ក្រោម​អគារ​បាក់​រលំ​មួយ​សប្ដាហ៍ ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​ទួរគីដែល​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ ខណៈ​ឱកាស​សម្រាប់​ការស្វែងរក​អ្នក​នៅ​មាន​ជីវិត​ផ្សេងទៀត​កាន់​តែតិច​ទៅ​។​យុវជន​ម្នាក់​ដែល​បាន​ជាប់​ក្រោម​គំនរ​ថ្ម​បេតុង ​១៨២​ម៉ោង​នៅក្នុង​ខេត្ត Hatay ប្រទេស​ទួរគីបាន​មក​ដល់ដៃ​ក្រុម​អ្នក​សង្គ្រោះ​កាលពី​ថ្ងៃ​ចន្ទ ខណៈ​រូបគេ​ត្រូវ​បាន​ដាក់​លើ​ប្រង់​កា រុំ​ក្បាល និង​ខ្លួន​ដើម្បី​កំដៅ​ខ្លួន​ពី​អាកាសធាតុ​ត្រជាក់​មុន​ពេល​លើក​ចូល​រថយន្ត​សង្គ្រោះ​។ ​ខណៈ​ក្ដី​សង្ឃឹម​នៃ​ការស្វែងរក​អ្នក​នៅ​មាន​ជីវិត​នៅ​ក្នុង​គំនរ​កម្ទេច​ថ្ម​កាន់តែ​តិច​ទៅ ចំនួន​អ្នក​ស្លាប់​ទាំង​នៅ​ក្នុង​ប្រទេស​ទួរគី និង​ប្រទេសជិតខាង​ស៊ី​រី​បាន​កើន​ឡើង​ដល់​ជាង ៣៧.០០០​នាក់ដោយ​សារ​ការ​រញ្ជួយ​ដី​កម្រិត​ ៧.៨​រ៉ិ​ច​ទ័​រ ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​ថែមទៀត។​​នៅ​ក្នុង​ទីក្រុង​មួយ ​ក្រុម​អ្នក​សង្គ្រោះ​បាន​ជីក​រូង​ក្រោម​ដី​ទៅកាន់​លោកយាយ​ម្នាក់ ម្ដាយ​ម្នាក់ ​និង​កូនស្រីម្នាក់របស់​គ្រួសារ​មួយ​ដែល​ទំនងជា​នៅ​មាន​ជីវិតពី​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ ​និង​រលក​រញ្ជួយ​កាលពី​ថ្ងៃ ៧.៦​រ៉ិ​ច​ទ័​រ។ ស្ត្រី​ម្នាក់​ក៏​ត្រូវ​បាន​ជួយសង្គ្រោះ​ផង​ដែរ ក្រោយ​ជាប់​ក្នុង​កម្ទេច​ថ្ម ១៤៤ម៉ោង​នៅ​ក្នុង​ប្រទេស​ទួរគី​។​ ​នៅ​ក្នុង​ប្រទេស​ទួរគី មនុស្ស​ជាង ​១​លាន​នាក់​បាន​បាត់បង់​ផ្ទះសម្បែង កំពុង​រស់នៅ​តាម​ចិញ្ចើម​ផ្លូវក្នុង​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​កំពុង​រង់ចាំ​ទទួល​សាកសព​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

ឡាវបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតដល់សម្តេចតេជោ ហ៊ុន សែន ចំពោះគុណបំណាច់ដ៏ធំធេងជួយប្រទេស និងប្រជាជនឡាវ

2023/02/14 02:12:15 pm        314
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានឈ្មោះថា មេដាយផូសៃឡានសាង ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ពិសេសក្នុងដំណាល់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត និងការគៀងគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះនូវការលំបាកដ៏ខ្ពង់ខ្ពស់បំផុតនោះ។ ឯកឧត្តមប្រធានាធិបតីឡាវ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចំរើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា ឡាវ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2023/02/14 01:52:34 pm        611
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តមបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបគ្នានោះ ឯកឧត្តមបណ្ឌិត Saysomphone Phomvihane មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តមប្រធានរដ្ឋសភាបានចាត់ទុកថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោទៅកាន់ប្រទេសឡាវនៅពេលនេះ នឹងជួយជំរុញនិងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ និងជាប្រទេសដន្លងជាមួយគ្នា ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយនោះ។ ឯកឧត្តមប្រធានរដ្ឋសភា បានផ្ញាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមប្រធានសភាឡាវ ដែលបានទទួលជួបធ្វើកិច្ចសន្ទនាជាមួយសម្តេច។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសឡាវនៅពេលនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរឲ្យកានតែ រឹងមាំទ្វេឡើងថែមទៀត។ សម្តេចតេជោមានប្រសាសន៍អរគុណចំពោះស្ថាប័ននិតិប្រតិបត្តិឡាវ ដែលបានគាំទ្រដល់រដ្ឋាភិបាលឡាវ ក្នុងការផ្តល់សច្ចាបណ្ណផ្លូវច្បាប់នានា ក្នុងការរួមចំណែកជួយដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM
ការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានជំរុញចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែ រីកចម្រើន
11/13/2026 05:11 PM
រដ្ឋមន្ត្រីការបរទេសអង់ហ្គោឡា អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
11/13/2026 04:11 PM