សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា

ព័ត៌មានសំខាន់ៗ

ប្រទេស​ប៉ូឡូញ​ព្យាយាម​បង្កើត​ក្រុមចម្រុះ​ដើម្បី​បញ្ជូន​រថក្រោះ​ Leopard ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​

2023/01/24 05:31:32 pm        683
​​ប៉ូឡូញ​៖ ប្រទេស​ប៉ូឡូញ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ មករា​ថា ខ្លួន​នឹង​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​អាល្លឺម៉ង់​បញ្ជូន​រថក្រោះ​ Leopard ទៅកាន់​អ៊ុយ​ក្រែ​ន ហើយនឹង​បញ្ជូន​រថក្រោះ​ទាំងនោះ​ថា ​តើ​ទីក្រុង​ប៊ែ​រ​ឡាំង​យល់ព្រម ​ឬ​អត់ ដរាបណា​ប្រទេស​ផ្សេងទៀត​បាន​ធ្វើ​ដូចគ្នា​ផងដែរ​។​ ​រដ្ឋាភិបាល​ក្រុង Kyiv ចង់បាន​រថក្រោះ​ Leopard 2 ផលិត​ដោយ​អាល្លឺម៉ង់ មួយ​ក្នុងចំណោម​រថក្រោះ​ភាគច្រើន​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​លោកខាងលិច ដើម្បី​ជួយ​បំបែក​ខ្សែ​ត្រៀម​របស់​រុស្ស៊ី និង​ដណ្ដើមយក​ដែនដី​របស់ខ្លួន​មក​វិញ​ឲ្យ​បាន​នៅ​ឆ្នាំនេះ។ ​ប្រទេស​អាល្លឺម៉ង់​ដែល​ត្រូវតែ​យល់ព្រម​លើ​ការនាំចេញ​ឡើងវិញ​នូវ​ប្រភេទ​រថក្រោះ Leopard បាន​បង្ហាញ​ភាព​ស្ទាក់ស្ទើរ និង​ការប្រុងប្រយ័ត្ន​ចំពោះ​ទង្វើ ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង​ជាមួយ​ទីក្រុង Moscow ហើយ​និយាយថា ​ប្រទេស​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ផ្សេងទៀត ​មិន​ទាន់​បាន​ស្នើសុំ​ជា​ផ្លូវការ​ឲ្យ​នាំចេញ​រថក្រោះ​ទាំងនោះ​ឡើងវិញ​នៅឡើយ​ទេ​។ ​កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់លោកស្រី​ Annalena Baerbock បាន​និយាយថា អាល្លឺម៉ង់​នឹងមិន​រារាំង​ប៉ូឡូញ​ក្នុង​ការ​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​ការ​អំពាវនាវ​របស់​ទីក្រុង​វ៉ា​សា​វី (Warsaw) ឲ្យ​បង្កើត​ក្រុមចម្រុះ​ ដើម្បី​បញ្ជូន​អាវុធ​ណាមួយ​នៅតែ​មិន​ទាន់​មាន​ច្រក​នៅឡើយ។ ​ប្រភព​ចំនួន​៣ ​បាន​និយាយ​ថា បណ្ដា​ប្រទេស​លោកខាង​លិច​បាន​ប្ដេជ្ញា​ផ្ដល់​កញ្ចប់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ កាលពី​ថ្ងៃ​ចន្ទ​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប បាន​ព្រមព្រៀង​បញ្ចេញ​កញ្ចប់​ថវិកា​ចុង​ក្រោយ​របស់​ខ្លួន ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៥៤៥​លាន​ដុល្លារ​អាមេរិក​ដល់​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ប៉ា​គី​ស្ថាន​ប្រញាប់ប្រញាល់​ត​ភ្ជាប់​បណ្ដាញ​ថាមពល​ ក្រោយ​ដាច់​ចរន្តអគ្គិសនី​លើក​ទី​២ ​ក្នុងពេល​ជាច្រើន​ខែ​

2023/01/24 04:50:06 pm        783
​ប៉ា​គី​ស្ថាន​៖ ប្រទេស​ប៉ា​គី​ស្ថាន​បាន​ធ្លាក់​ក្នុង​ភាព​ងងឹត​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ក្នុង​ទីក្រុង​តូច​ធំ​ជាច្រើន ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​។ អគ្គិសនី​ត្រូវបាន​ដាច់​នៅក្នុង​ទីក្រុង​សំខាន់ៗ​ទាំងអស់​រួមទាំង​ទីក្រុង​ធំ​បំផុត​កា​រ៉ា​ជី (Karachi) និង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ (Islamabad) ព្រមទាំង​ទីក្រុង​ឡា​ហ័​រ (Lahore) និង​ទីក្រុង​ផេ​សាវ៉ា ​( Peshawar)​។​ ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​ចាប់ផ្ដើម​ត​ភ្ជាប់​ចរន្តអគ្គិសនី​ឡើងវិញ​ ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​ដាច់​បណ្ដាញ​ថាមពល ​ដែល​ក្លាយ​ជា​ការ​ដាច់​ចរន្តអគ្គិសនី​ធំ​បំផុត​មិន​ធ្លាប់​មាន​រយៈពេល​ជាង​ ១២​ម៉ោង​ក្នុង​រយៈពេល​ជាច្រើន​ខែ​មកនេះ និង​បាន​បង្ហាញ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ខ្សោយ​ នៃ​ប្រទេស​ដែល​រួមរឹត​ដោយ​បំណុល​មួយ​នេះ​។ ​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​លោក Khurrum Dastagir បាន​និយាយ​ថា ការ​ដាច់​ចរន្តអគ្គិសនី​បាន​កើត​ឡើង​ជា​ញឹកញាប់​នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។ មក​ទល់​នឹង​យប់មិញ​នេះបណ្ដាញ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​ជាច្រើន នៅតែ​ពុំ​ទាន់​បាន​ត​ភ្ជាប់​ឡើងវិញ​នៅឡើយ​ទេ​។ ប្រទេស​ប៉ា​គី​ស្ថានតែង​រង​ការ​ដាច់​ចរន្តអគ្គិសនី​ជា​ញឹកញាប់​ ដែល​ត្រូវ​បាន​ដាក់​ការស្ដីបន្ទោស​ទៅលើ​ការគ្រប់គ្រង​មិនបាន​ល្អ និង​កង្វះ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ ​ការ​ដាច់​ចរន្តអគ្គិសនី​ដ៏​ធំ​ចុង​ក្រោយ​បំផុត​បាន​កើត​ឡើង​កាលពី​ខែ​តុលា ដែល​ត្រូវការ​ពេល​ជាច្រើន​ម៉ោង​ទើប​អា​ចត​ភ្ជាប់​ឡើងវិញ​បាន​៕អត្ថបទ៖ សុខមាន

ប្រជាជន​ចិន​បួងសួង​សុំ​សុខ​ភាព​ល្អ​ក្នុង​ថ្ងៃ​ចូលឆ្នាំ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ Covid-19 កើនឡើង​

2023/01/23 10:12:42 pm        725
​ចិន៖ ប្រទេស​ចិន​បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ចាប់តាំងពី​ថ្ងៃអាទិត្យ ដោយមាន​ពលរដ្ឋ​ជាច្រើន​បាន​បួងសួង​សុំ​សុខ​ភាពល្អ ​បន្ទាប់ពី​ភាព​តានតឹង ​និង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល ៣ឆ្នាំ​ដោយ​សារ​ជំងឺ​រាតត្បាត ខណៈ​មន្ត្រី​បាន​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​ថ្មី​ជិត ១៣,០០០នាក់​ដែល​បណ្តាល​មកពី​វីរុស​នេះ​នៅ​ចន្លោះ​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៩ ខែមករា​។ ​មនុស្ស​ជាច្រើន​ជួរ​លាតសន្ធឹង​ប្រហែល​មួយ​គីឡូម៉ែត្រ​នៅ​ខាងក្រៅ​វិហារ Lama ដ៏​ល្បីល្បាញ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​ត្រូវ​បាន​បិទ​ម្តង​ហើយ​ម្តង​ទៀត​មុន​ពេល​វិធានការ​រឹតត្បិត​វីរុស COVID-19 បាន​បញ្ចប់​កាលពីដើម​ខែធ្នូ ដោយ​មនុស្ស​រាប់ពាន់នាក់​រង់ចាំ​វេន​របស់​ពួកគេ ​ដើម្បី​បួងសួង​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​។ ហិរញ្ញវត្ថុ ឬ​ជីវិត​របស់​មនុស្ស​គ្រប់គ្នា​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយ​ជំងឺ​រាតត្បាត​រយៈពេល​បី​ឆ្នាំ​មកនេះ​។ ​អ្នក​ជំនាញ​សុខភាព​ចិន​និយាយ​ថា រលក​នៃ​ករណី​ឆ្លង​នៅ​ទូទាំង​ប្រទេស​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​។ ការ​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​អ្នកស្លាប់​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​របស់​ប្រទេស​ចិនធ្វើឡើង​ ក្នុង​ពេល​មានការ​សង្ស័យ​លើ​តម្លាភាព​ទិន្នន័យ​របស់​ទីក្រុង​ប៉េកាំង ហើយ​នៅតែមាន​កម្រិត​ទាប​បំផុត​តាម​ស្តង់ដារ​ពិភពលោក៕អត្ថបទ៖ ប៊ុនថន

អ្នកស្លាប់​កើនឡើង​ដល់​ ១៦​នាក់​ បន្ទាប់ពី​ការបាក់​រលំ​អគារ​នៅ​ទីក្រុង Aleppo ប្រទេស​ស៊ី​រី​

2023/01/23 07:31:36 pm        633
​ស៊ីរី៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា មនុស្ស​ ១៦​នាក់​ស្លាប់នៅពេលដែល​អគារ​លំនៅ​ឋាន​មួយកន្លែង​បាន​បាក់​រលំ​នៅក្នុង​ទីក្រុង​ Aleppo ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃអាទិត្យ ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ស្វែងរក​មនុស្ស​ដែល​ត្រូវបាន​គេ​ជឿថា ​នៅតែមាន​កប់​នៅក្រោម​គំនរ​បាក់​បែក​។ ​​មន្ត្រី​រដ្ឋាភិបាល​ត្រូវបាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន​រដ្ឋ​និយាយ​ថា អគារ​កម្ពស់​ ៥​ជាន់​នៅ​ក្នុង​សង្កាត់ Sheikh Maksoud ក្នុង​ទីក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​ស៊ី​រី​បាន​បាក់​រលំ​ ដោយសារតែ​ការ​លេច​ទឹក​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​គ្រឹះ​អគារ​។ វា​ជា​អគារ​មួយ​ក្នុងចំណោម​អគារ​ជាច្រើន​ដែល​បាន​បាក់​រលំ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​នៅ​ទីក្រុង​Allepo ដែល​បាន​ទទួលរង​ពី​ការទម្លាក់​គ្រាប់បែក​ពីលើ​អាកាស​របស់​រុស្ស៊ី​ និង​ស៊ី​រី នៅក្នុង​តំបន់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម រហូតដល់​ក្រុម​នេះ​ត្រូវបាន​បណ្តេញចេញ​កាលពី​ ៦​ឆ្នាំមុន​។​ ​ប្រជាជន​និយាយថា ពលរដ្ឋ​ស៊ី​រី​ជាច្រើន​នាក់​ដែល​ភៀសខ្លួនបាន​ចាកចេញ​ ក្នុងអំឡុងពេល​ជម្លោះ​យូរ​ជាង​មួយ​ទសវត្សរ៍ទៅកាន់​អគារ​ដែល​រង​ការបំផ្លាញ ​ខណៈ​ពុំទាន់​មានការ​ស្ថាបនា​ឡើងវិញ​ជា​ប្រព័ន្ធ​នៅ​តំបន់​លំនៅឋាន ហើយ​សេវាកម្ម​រដ្ឋ​នៅមាន​តិចតួច​។ ​ពលរដ្ឋ​និយាយថា ការងារ​ជួសជុល​អគារ​ដែល​រង​ការបំផ្លាញ​ដោយ​សង្គ្រាម មាន​ករណី​ជាច្រើន​ដែល​ប្រជាជន​ក្នុង​តំបន់​បានធ្វើ និង​ចំណាយ​ដោយ​ខ្លួនឯង​។ រដ្ឋាភិបាល​បាន​បន្ទោស​ការ​ងើប​ឡើងវិញ​យឺត និង​ការលំបាក​ពី​សង្គ្រាម និង​ទណ្ឌកម្ម​ប្រទេស​លោកខាងលិច​៕អត្ថបទ៖ ប៊ុនថន

គណបក្ស​ប្រជាធិបតេយ្យ​រិះគន់​លោក Biden ជុំវិញ​ការរកឃើញ​ឯកសារ​ដែលថា លោក​បាន​លាក់ទុក​

2023/01/23 06:10:24 pm        658
​អាមេរិក៖ អ្នកតំណាងរាស្ត្រ​នៅ​ក្នុង​គណបក្ស​របស់​លោក​ប្រធានាធិបតី Joe Biden ខ្លួនឯង​កំពុង​រិះគន់​កាន់​តែ​ខ្លាំង​លើ​លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ ជុំវិញ​ការគ្រប់គ្រង​ឯកសារ​សំងាត់​រដ្ឋ​មិនបាន​ត្រឹម​ត្រូវ បន្ទាប់ពី​ទីភ្នាក់ងារ​ស៊ើបអង្កេត FBI បាន​រឹបអូស​ឯកសារ​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​រួច​បន្ថែម​ទៀត អំឡុង​ការ​ឆែកឆេរ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware​។​ ​ថ្លែង​ទៅកាន់​កម្មវិធី​ទូរទស្សន៍ Morning talk shows របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ ​សមាជិក​ព្រឹទ្ធសភា​ចាស់​វស្សាមកពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Manchin និង​លោក Dick Durbin បាន​ស្ដីបន្ទោស​មេដឹកនាំ​បក្ស​របស់​ខ្លួនចំពោះ​ការបរាជ័យ​ក្នុងការ​គ្រប់គ្រង​ឯកសារ​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​គេហដ្ឋាន​របស់​មេ​បក្ស​ខ្លួន។​ ​ឯកសារ​ទី​៤ ត្រូវ​បាន​រកឃើញ​នៅពេល​ក្រុម​អ្នកស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ FBI បាន​ឆែកឆេរ​ឃើញ​នៅ​គេហដ្ឋាន​របស់​ប្រធានាធិបតី​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ​មេធាវី​មួយរូប​របស់លោក Biden បាន​និយាយ​ថា ក្រុម​អ្នកស៊ើប​អង្កេត​របស់​ក្រសួងយុត្តិធម៌​អាមេរិក បាន​រក​ឃើញ​ឯកសារ​ផ្ទៀងផ្ទាត់​រួច​ចំនួន ​៦​បន្ថែមអំឡុង​ការ​ឆែកឆេរ​រយៈពេល​ ១៣​ម៉ោង​នៅ​គេហដ្ឋាន​របស់​លោក​ប្រធានាធិបតី Joe Biden ក្នុង​រដ្ឋ Delaware។​ ការ​រក​ឃើញ​នេះ​បាន​កើតមានឡើង មួយថ្ងៃ​បន្ទាប់ពី​លោក Biden បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​គ្មាន​ការ​សោកស្ដាយ​ឡើយ​ចំពោះ​ការ​ដោះ​ស្រាយ​ស្ថានការណ៍​នេះ៕អត្ថបទ៖ សុខមាន

សម្ព័ន្ធមិត្ត​លោក Putin៖​ ការបញ្ជូន​អាវុធ​ថ្មី​របស់លោក​ខាងលិច​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​នឹង​នាំ​ទៅ​រក​មហន្តរាយ​សកល​

2023/01/23 05:42:30 pm        715
​រុស្ស៊ី៖ សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​មួយរូប​របស់លោក​ប្រធានាធិបតី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ ការផ្ដល់​អាវុធ​ឲ្យ​ទីក្រុង​ Kyiv ដែល​គំរាមកំហែង​ដល់​អធិបតេយ្យភាព​របស់​រុស្ស៊ី​ នឹង​នាំ​ទៅ​រក​មហន្តរាយ​សក​ល និង​បង្ក​ឲ្យ​ផ្ទុះ​ជម្លោះ​ប្រឆាំង​នឹង​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​ ដែល​មិន​អាច​ទទួល​យក​បាន​។ ​លោក Vyacheslav Volodin ប្រធាន​សភា​រុស្ស៊ី​បាន​ព្រមាន​ថា ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក និង​លោក​ខាង​លិច​កំពុង​ដឹកនាំ​ពិភពលោក​ឈាន​ទៅ​រក​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​។ លោក Volodin បាន​និយាយ​នៅ​លើ​បណ្ដាញ Telegram ថា ប្រសិនបើ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​សមាជិក​សម្ព័ន្ធ​ណា​តូ​ផ្គត់ផ្គង់​អាវុធ ​ដែល​នឹង​ត្រូវ​ប្រើ​ដើម្បី​វាយប្រហារ​លើ​ទីក្រុង​ស៊ីវិល​នានា និង​មានបំណង​ដណ្ដើមយក​ទឹកដី​របស់​យើង ដូចដែល​ពួកគេ​គំរាម​មែន​នោះ នឹង​នាំ​ឲ្យ​មាន​វិធានការ​សងសឹក​នានា​ដោយ​ប្រើ​អាវុធ​កាន់​តែ​មាន​ឥទ្ធិពល​បន្ថែម​ទៀត​។ ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​បាន​ប្ដេជ្ញា​ផ្ដល់​ជំនួយ​អាវុធ​ មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​អ៊ុយ​ក្រែ​ន​កាលពី​សប្ដាហ៍​មុន ទោះបីជា​ពួកគេ​បាន​បរាជ័យ​យ៉ាងណាក្ដី​ ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេស​អាល្លឺម៉ង់ឲ្យ​ដក​សិទ្ធិ​វ៉េតូ​លើ​ការ​ផ្ដល់​រថក្រោះ​ប្រយុទ្ធ​លី​អូ​ផាត (Leopard) ​ផលិត​ដោយ​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​ជា​សមាជិក​ណា​តូ ប៉ុន្តែ​ការផ្ទេរ​ទៅ​អ៊ុយ​ក្រែ​ន​ទាមទារ​ការ​យល់​ព្រម​ពី​ទីក្រុង​ប៊ែ​រ​ឡាំង​៕អត្ថបទ៖ សុខមាន

នគរបាល​រដ្ឋ California និយាយថា ​ជនសង្ស័យ​បាញ់សម្លាប់​មនុស្ស​ ១០​នាក់​នៅ​ក្លឹប​រាំ​កម្សាន្ត​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​បាញ់សម្លាប់​ខ្លួនឯង​នៅក្នុង​រថយន្ត​

2023/01/23 05:07:54 pm        845
​អាមេរិក៖ ការតាមប្រមាញ់​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​បាន​បើក​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស ​១០​នាក់នៅ​ក្លឹប​រាំ​កម្សាន្ត​ក្នុង​ទីក្រុង Los Angeles បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ នៅពេល​ក្រុម​អាជ្ញាធរ​រកឃើញ​ជនល្មើស​ស្លាប់ ​ដោយសារ​បាញ់​សម្លាប់ខ្លួន​ឯងនៅក្នុង​រថយន្តដែល​រូបគេ​បាន​បើក​រត់គេចខ្លួន បន្ទាប់ពី​មនុស្ស​បាន​រារាំង​ការប៉ុនប៉ង​ការបាញ់ប្រហារ​លើក​ទី​២ ​របស់​ខ្មាន់កាំភ្លើង​រូបនេះ​។​ស្នងការ​នគរបាល​តំបន់ Los Angeles រដ្ឋ ​California លោក Robert Luna បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ជា​បុរស​ជនជាតិ​អាស៊ីវ័យ ៧២​ឆ្នាំ ឈ្មោះ​ Huu Can Tran និង​និយាយថា ពុំមាន​ជនសង្ស័យ​ផ្សេងទៀត​នោះទេ​។ លោក​បាន​បន្ថែមថា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេពី​មូលហេតុ​ នាំ​ឈានដល់​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស ​១០​នាក់ និង ​១០​នាក់​រងរបួស​អំឡុង​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​។ ​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់ប្រហារ ខណៈ​សហគមន៍​ក្នុង​តំបន់​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ទីតាំង​មួយ​ក្នុង​ទីក្រុងម៉ុ​ន​ធើ​រ៉េ ផាក ដែល​អ្នកឃើញ​ហេតុការណ៍​និយាយថា ជនល្មើស​បាន​បាញ់ប្រហារ​ដោយ​មិន​រើសមុខ​ ដោយ​ប្រើប្រាស់​អាវុធ​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ​មួយ​ដើម​។ ​លោក Luna និយាយថា​ ក្រុមមន្ត្រី​បាន​ឆ្លើយតប​ទូរស័ព្ទ​បន្ទាន់​នៅ​ម៉ោង​ 10.22នាទី​យប់​កាលពី​ថ្ងៃ​សៅរ៍ និង​បានឃើញ​មនុស្ស​សម្រុក​ចាកចេញ​ពី​ក្លឹប​កម្សាន្ត​នោះ​។ ​ក្រុមមន្ត្រី​បាន​និយាយថា ជនរងគ្រោះ​ទាំង​ ១០​នាក់​នោះមាន​ស្ត្រី ​៥​នាក់ និង​បុរស​ ៥​នាក់​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់

2023/01/23 02:44:54 pm        764
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ អ្នកមានការងារធ្វើ មានចំនួន ៦,៥៦២នាក់ ស្មើនឹងជិត ៩៧ភាគរយ រួមមានកម្រិតបរិញ្ញាបត្ររង ចំនួន ៤០៦នាក់ ស្មើនឹងជាង ៩២ភាគរយ, កម្រិតបរិញ្ញាបត្រ ចំនួន ៤,២៧៩នាក់ ស្មើជាង ៩៦ភាគរយ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១,៨៧៦នាក់ ស្មើនឹងជិត ៩៩ភាគរយ និងកម្រិតបណ្ឌិត ចំនួន ១នាក់ ស្មើ ១០០%៕

មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រឹងប្រែង​ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ទាំងអស់

2023/01/21 06:19:19 pm        870
​ចិន៖ មន្ទីរពេទ្យ​នៅ​ទីក្រុង​ប៉េកាំង​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួកគេ និង​ផ្តល់​សេវា​កាន់តែ​ប្រសើរ​ដល់​អ្នកជំងឺ COVID-19​។ នៅក្នុង​មន្ទីរពេទ្យ BTCH ក្នុង​ទីក្រុង​ប៉េកាំង បុគ្គលិក​ពេទ្យ​កំពុង​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ព្យាបាល​អ្នកជំងឺ​នៅ​ក្នុង​គ្លីនិក​គ្រុន​ក្តៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ផ្នែក​ជំងឺ​ផ្លូវ​ដង្ហើម​។​ ​ដើម្បី​ដោះស្រាយ​ការ​កើន​ឡើង​ករណី​ឆ្លង មន្ទីរពេទ្យ​បាន​បន្ថែម​គ្រែ​សម្រាប់​អ្នកជំងឺ ដែល​បាន​បង្កើន​បន្ទុក​ការងារ​របស់​បុគ្គលិក​ពេទ្យ​យ៉ាង​ច្រើន​។​ លោក ដុង ជែ​ហុង (Dong Jiahong) ប្រធាន​មន្ទីរពេទ្យ​បាន​និយាយ​ថា យើង​បាន​ពង្រីក​បន្ទប់​សង្គ្រោះបន្ទាន់​ដែល​មាន​ទំហំ​ធំ​ជាង​មុន ដើម្បី​ផ្ទុក​អ្នកជំងឺ COVID-19 អ្នកជំងឺ​ត្រូវ​សង្គ្រោះ​បន្ទាន់ និង​អ្នកជំងឺ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​។ ​​យោង​តាម​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ពេទ្យ​មាន​បន្ទុក​ការងារ​របស់​ពួកគេដែលបាន​កើន​ឡើង​ពី ២ ទៅ ៣​ដង​ចាប់​តាំង​ពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំមុន​។ លោក ស៊ី ហ្សី​ជី (Xie Zhiyi) ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​មន្ទីរពេទ្យ​បាន​និយាយ​ថា បុគ្គលិក​ពេទ្យ​ជាង ១,០០០​នាក់ និង​ជំនួយ​ការ​ពេទ្យ​រាប់​រយ​នាក់​មិនបាន​ព្រងើយកន្តើយ​ឡើយ យើង​កំពុង​ធ្វើការ​អស់ពី​សមត្ថភាព​ ព្រោះ​នេះ​ជា​កិច្ចការ និង​បេសកកម្ម​របស់​យើង​។ ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែល​រស់​នៅ​ក្នុង​សហគមន៍ មន្ទីរពេទ្យ​ក៏បាន​ធ្វើការ​ជាមួយ​មណ្ឌល​សុខភាព​សហគមន៍ ដែល​អាច​ឱ្យ​គ្រូពេទ្យ​គ្រួសារ​អាច​ផ្តល់​សេវា​ដល់​លំនៅឋាន​ដល់​ប្រជាពលរដ្ឋ​។ ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ គ្រូពេទ្យ​គ្រួសារ​បាន​ផ្តល់​សេវា​ថែទាំ​តាម​លំនៅឋាន​ដល់​អ្នកជំងឺ COVID-19 ជាង ៨,៣០០​នាក់៕អត្ថបទ៖ ប៊ុនថន

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន

2023/01/21 04:27:18 pm        904
​ភ្នំពេញ​៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន នា​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០២៣ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៣​។ ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ជា​ច្រើនដែល​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​នៃ​ក្រុម​មេធាវី​ទាំងពីរ​យន្តការខិតខំ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ដែល​សម្រាប់​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​រួមមាន​ជាអាទិ៍​៖ ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជូន​រាជរដ្ឋាភិបាល និង​ក្រសួង​-​ស្ថាប័នរដ្ឋ ព្រមទាំង​ការ​តំណាង និង​ការ​ជួយ​ការ​ពារ​ក្តី​ជូន​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ជាតិ ​នៅ​ចំពោះ​មុខ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​សាលា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់ និង​សម្រាប់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​គឺ​មាន​ដូចជា​៖ ការ​ទទួល​ពិគ្រោះ​យោបល់​, ការ​តំណាង និង​ការ​ជួយ​ការពារ​ក្តី​ដោយ​ឥត​យក​កម្រៃ​ជូន​ស្ត្រី​-​កុមារី​ងាយ​រងគ្រោះ​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្សត់ខ្សោយ និង​ខ្វះ​ការការពារ​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​។ ទាំងអស់នេះពិតជា​បាន​បង្ហាញ​អំពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​មេធាវី ​ដែល​ជា​អ្នក​វិជ្ជាជីវៈ​ច្បាប់​ឯករាជ្យ និង​សេរី ក្នុង​ការ​ចូលរួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​សង្គម​ប្រជាធិបតេ​យ្យ​ផ្អែកលើ​នីតិរដ្ឋ ក៏ដូចជា​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​យុត្តិធម៌​សង្គម និង​ការ​ធានា​បាន​នូវ​ភាព​សុខដុមរមនា​តាមរយៈ​ការ​សម្រប​សម្រួល​ដោះស្រាយ​ទំនាស់​ផ្សេងៗ​។​ ​ឯកឧត្ដម​ជំរុញ​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​នៃ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន បន្ត​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​នីតិរដ្ឋ​, ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​, ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​, ការ​ពង្រឹង​យុត្តិធម៌​សង្គម និង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹង​និរន្តរភាព​នៃ​ការ​កសាង​អភិវឌ្ឍ​ជាតិ​ឱ្យ​មាន​មូលដ្ឋាន​រឹងមាំ ស្របតាម​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ​។​​ឯកឧត្ដម​សូម​បន្ត​ប្រតិបត្តិ និង​ប្រកាន់ខ្ជាប់​នូវ​វិធាន​វិជ្ជាជីវៈ​មេធាវី ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​, ក្រមសីលធម៌ និង​បទបញ្ជាផ្ទៃក្នុង​នៃ​គណៈមេធាវី ក៏ដូចជា​សេចក្តីសម្រេច​ផ្សេងៗ​របស់​គណៈមេធាវី និង​រក្សា​ឱ្យបាន​នូវ​សុចរិត​ភាព និង​ភាព​ស្មោះត្រង់ ដើម្បី​លើក​តម្កើង​ឧ​ត្ត​ម​ប្រយោជន៍​នៃ​យុត្តិធម៌ ព្រមទាំង​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​តម្លៃ​នៃ​វិជ្ជាជីវៈ​មេធាវី ហើយក៏​សូម​បន្ត​ពង្រឹង​សមត្ថភាព​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​ជឿនលឿន​នៃ​សង្គម ក៏ដូចជា​ការ​សម្រប​ខ្លួន​នៅ​នឹង​ដំណើរ​សមាហរណកម្ម និង​ការប្រកួតប្រជែង​នៅក្នុង​តំបន់ និង​សកលលោក​។ សូម​បន្ត​ចូលរួមចំណែក​កសាង​សង្គម​មួយ​ប្រកបដោយ​យុត្តិធម៌ សមធម៌ និង​សុខដុមរមនា សម្រាប់​ទាំងអស់គ្នា ជាពិសេស​ការបន្ត​ផ្តល់​សេវា​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​លទ្ធភាព​ទទួលបាន​សេវា​ផ្លូវច្បាប់ ស្របតាម​គោលការណ៍​សតិសម្បជញ្ញៈ សីលធម៌​វិជ្ជាជីវៈ និង​កាតព្វកិច្ច​ផ្លូវច្បាប់​ក្នុងនាម​ជា​មេធាវី និង​ក្នុងតួនាទី​ជា​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
11/14/2026 09:11 PM
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM