សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន៖ «គ្មានជំនួបសីហនុ .ហ៊ុន សែន ក៏គ្មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុ​ង​ប៉ារីស​ដែរ​»

2026/10/23 11:16:52 am        200
ក្នុងឱកាសអបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នៃ​កម្ពុជា​មានប្រសាសន៍បញ្ជាក់ថា «បើគ្មានជំនួបសីហនុ .ហ៊ុន សែន ក៏គ្មានកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីសដែរ»។តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣ តុលា១៩៩១ ម៉ោង ៣ល្ងាច​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​មាន​ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនិយមហៅថា «កិច្ច​ព្រម​ព្រៀង​ប៉ារីស​»។ សម្ដេចតេជោថ្លែងថា «ដើមឈើមួយដើមត្រូវមានគល់ មានដើម មានម៉ែក មាន​ស្លឹក​ទើប​ហៅថា​ ​ដើមឈើបាន»។សម្ដេចតេជោ​បន្តថា ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាង សម្តេច​ព្រះ​នរោត្ដម​ សីហនុ​ជាមួ​យ សម្ដេចតេជោ ហ៊ុន សែន ដែលគេតែងនិយាយថា «ជំនួប សីហនុ.ហ៊ុន សែន» ថ្ងៃ ២ ធ្នូ ១៩៨៧។សម្ដេចតេជោបានថ្លែងថា «គ្មានជំនួបសីហនុ .ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។ យើង​បាន​ប្រើពេលជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។ បើគិតពីថ្ងៃ ២ ធ្នូ១៩៨៧ ដល់ ២៣ តុលា ១៩៩១ គឺមានរយៈពេល១,៤២១ ថ្ងៃត្រូវជា ២០៣សប្តាហ៍ ស្មើ និង ៤៦ ខែ​និង ២១ ថ្ងៃឬ ៣ឆ្នាំ១០ ខែនិង២១ ថ្ងៃ»។សម្ដេចតេជោបញ្ជាក់ថា សម្ដេចជាមនុស្សតែម្នាក់គត់ដែលមានវេទិការចរចាច្រើនជាងគេ (ពាក្យ​នេះ​ពួក​តាំងខ្លួនជាបិតា ២៣ តុលាច្បាស់ជាពេបជ្រាយ) ដែលអាច​បញ្ជាក់​បាន​នៅ​ត្រង់​មួយ​ទល់​បី​​(សម្ដេចតេជោ ហ៊ុន សែន ត្រូវតទល់ជាមួយសម្តេចព្រះនរោតម្ត សីហនុ ផងជា​មួយ​លោក តា​ សឺន សានផង ជាមួយ ខៀវ សំផនផង) ដែលពេលខ្លះជួបដោយឡែក និងពេលខ្លះជួបរួម។ ឯ​ដៃ​គូ​របរទេស​មិនថាប្រទេសគាំទ្រទេ ប្រទេសដែលមិនគាំទ្រក៏ត្រូវការជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ដើម្បីពន្យល់គ្នា ឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងវេទិកា​ចរចា​សម្ដេច​ជា​មនុ​ស្ស​ដែល​មាន​វ័យ​ក្មេង​ជាង​គេក្នុង​ចំណោម​ភាគីកម្ពុជា និងប្រតិភូពីប្រទេសដែលចូលរួមដែលចាប់ផ្តើមចរចាអាយុ ៣៥​ឆ្នាំ និងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។សូមបញ្ជាក់ថា ៣៥ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់​កម្ពុជា​រួម​មាន៖​ សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែល​តំណាង​ដោយ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនា​កម្ពុ​ជា​ប្រជា​ធិប​តេយ្យ ​តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិ​ច្ចព្រ​ម​ព្រៀង​សន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំង​អគ្គ​លេខា​ធិកា​រអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ មុន​នឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បាន​ជួប​ពិភាក្សា​ដំបូង​បំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មាន​សេចក្តី​ប្រកាស​រួម​ឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែល​ហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)៕

វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា

2026/10/22 08:15:50 pm        150
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកស្រីប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់វិទ្យាស្ថាន BKI ក្នុងការលើកកម្ពស់ជំនាញ និងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាង BKI និងកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា វិទ្យាស្ថាន BKI នឹងបន្តគាំទ្រ និងខិតខំប្រឹងប្រែងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រី Sharan BURROW បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងកម្លាំងពលកម្មជំនាញ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបានបង្ហាញពីការប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការបង្កើតម៉ូឌែលបណ្ដុះបណ្ដាលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅចូលរួមចំណែកសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន BKI ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតីបានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទីមួយ ដែលក្នុងនោះមូលដ្ឋានគ្រឹះក្នុងការកសាងមូលធនមនុស្ស គឺការវិនិយោគលើវិស័យសុខភាព, ការអប់រំ, ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ, និងបង្កើតការងារសមរម្យ។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព ត្រូវតែផ្សារភ្ជាប់ឱ្យជិតស្និទ្ធទៅនឹងការអនុវត្ត និងតម្រូវការជាក់ស្តែង របស់ទីផ្សារ។ ជាមួយគ្នានេះ, សម្តេចធិបតីបានលើកឡើងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ជាមួយនឹងឆន្ទៈចង់ប្រែក្លាយកម្ពុជាពីប្រទេសដែលពឹងផ្អែកលើកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើឧស្សាហកម្ម។ ជាក់ស្តែង, រាជរដ្ឋាភិបាលមានបំណងបញ្ជ្រាបខ្លួនចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តបន់ និង សកល លើផ្នែកគ្រឿងបន្លាស់ និងបរិក្ខាររថយន្ត ដែលជាការបោះជំហានដ៏សំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនតម្លៃបន្ថែមក្នុងស្រុក បន្ថែមលើការដំឡើង និងផ្គុំរថយន្តដែលមានស្រាប់។មុននឹងបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកស្រីប្រធានក្រុមប្រឹក្សាភិបាល និងសហការី បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីបន្តបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញកម្ពុជា ឱ្យកាន់តែឆ្លើយតបបាន ទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងប្រែក្លាយផែនការសហប្រតិបត្តិការនានា ឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

​សម្តេចតេជោ អស់សំណើចចំពោះមេក្រុមជ្រុលនិយម រិះគន់រឿងសៀវភៅនិពន្ធដោយបញ្ញវន្តវ័យក្មេងខ្មែរថា ក្លែងប្រវត្តិសាស្ត្រ

2026/10/21 06:47:28 pm        186
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំងក្រោយ មេក្រុមជ្រុលនិយមមួយក្តាប់តូចចេញមុខមករិះគន់រឿង បញ្ចវន្តវ័យ ក្មេងរបស់ខ្មែរបានសរសេរសៀវភៅមួយដោយមានចំណងជើងថា «យុទ្ធសាស្រ្តត្រីកោណ ឆ្នឹងខ្នងសន្តិភាព កម្ពុជា» ដែលមានកម្រាស់ជាងមួយពាន់ទំព័រនោះថា ជាការក្លែងប្រវត្តិសាស្រ្ត។តាមរយបណ្តាញសង្គមហ្វេសបុក នារាត្រី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គួរអស់សំណើច! មុននេះប៉ុន្មានថ្ងៃបញ្ញវន្តវ័យក្មេង ៤នាក់ ដែលជាមន្ត្រីនៅព្រឹទ្ធសភាបានធ្វើការផ្សព្វផ្សាយសៀវភៅមួយក្បាលដែល លោក អៀង ពិសី សរសេរអំពីយុទ្ធសាស្ត្រត្រីកោណដែលសម្តេចបានដាក់ចេញឲ្យអនុវត្តនៅ ថ្ងៃ២ ធ្នូ ១៩៩៨ នាសម័យប្រជុំដំបូង នៃគណរដ្ឋមន្ត្រីថ្មី និតិកាលទី២នៃរដ្ឋសភា។សម្តេចតេជោ បានគូសបញ្ជាក់ថា សៀវភៅមានកម្រាស់ ១ ១១១ ទំព័រ មិនទាំងបានអានផង មេក្រុមជ្រុលនិយមចេញមកអះអាងថា សៀវភៅនេះជាការក្លែងប្រវត្តិសាស្ត្រ បំភ្លៃប្រវត្តិសាស្ត្រ ឬកុហកប្រវត្តិសាស្ត្រ។ល។ សម្តេចតេជោ បានបន្ថែមថា សូមកោតសរសើរដល់ អ្នកដែលមិនទាន់បានមើល ហើយហ៊ានអះអាងបែបនេះដែលនេះបង្ហាញថា ក្រុមជ្រុលនិយមប្រឆាំងគ្រប់រឿងរាប់ ទាំងរឿងដែលខ្លួនមិនទាន់ដឹងផងដែរ។ជាមួយគ្នានោះ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា រឿងពួកជ្រុលនិយមជារឿងមួយហើយតែរឿងកាន់តែចម្លែក និងអស់សំណើច គឺសារព័ត៌មានរបស់ថៃខ្លះយកមកចុះផ្សាយដែរ៕អត្ថបទ៖ បាន ចក់

សម្ដេចធិបតី ស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញ និង​ដាក់​ចេញ​លក្ខ​ខណ្ឌ​មួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ

2026/10/21 01:43:39 pm        210
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅ​រសៀល​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០២៦នេះបានបញ្ចេញសារជាថ្មី ស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន រប​ស់​លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់សម្ដេច និងបានដាក់ចេញលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ។ សម្ដេចធិបតីបានសរសេរថា សូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅកន្លែងនោះ។ សម្ដេចធិបតីបានបង្ហាញថា ក្នុងរយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ៖ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវាយបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសានិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ (ឬធ្វើ) កិច្ចការនយោបាយ ។ល។ សម្ដេចធិបតីបានបញ្ជាក់ថា៖«ជំហររបស់ខ្ញុំគឺច្បាស់លាស់ និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាល និងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរធ្វើឱ្យខ្មែរបាត់បង់ទឹកដីទៅថៃ»។ សម្ដេចធិបតីបានបន្តថា ហេតុដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ៖ ១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោក និងក្រុមលោកបានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃ។ ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវរៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែន, ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បីមកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់។ ២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសការឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយគ្រប់រូបភាព (មិនថាសម្ងាត់ ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា។ និយាយឱ្យខ្លី គឺកុំធ្វើជាត្រីងៀតឆ្លៀតពង។ ៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ។ ៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់។ ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលាដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ។ បើតាមសម្ដេចធិបតី ករណីលោក អ៊ុំ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់៖ ១. សមាសភាពដែលត្រូវចូលរួម និងពេលវេលាដែលត្រូវមកដល់កម្ពុជា ២.តម្រូវការអ្វីខ្លះដែលរាជរដ្ឋាភិបាលអាចផ្ដល់ឱ្យលោក និងក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ឬការការពារសន្តិសុខ) ដើម្បីយើងរៀបចំឱ្យបានសមរម្យ៕

​សម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន

2026/10/20 06:01:27 pm        193
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចតេជោ បានគាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម Gordan Grlić Radman ដែលបានអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនេះ នឹងក្លាយទៅជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូ អាស៊ីឲ្យកាន់តែរីកចម្រើន។នៅក្នុងឱកាសនោះ ឯកឧត្តម Gordan Grlić Radman បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់មួយក្នុងការកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជាក៏ដូចជាការជំរុញនូវសន្តិភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ។ ឯកឧត្តមក៏បានលើកឡើងថា កម្ពុជាគឺជាដៃគូរដ៏មានសារៈសំខាន់របស់ក្រូអាស៊ី ហើយកម្ពុជាបានដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន បន្ថែមពីលើនេះឯកឧត្តមរដ្ឋមន្ត្រីបានរាយការណ៍ជូនសម្ដេចតេជោអំពីជំនួបរបស់ឯកឧត្តមជាមួយ នឹងឯកឧត្តម ប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជា និងជំនួបជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីផ្លែផ្កាដែលប្រទេសទាំងពីរបានរួមគ្នានៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ីឱ្យកាន់តែរីកចម្រើន។ ជាពិសេសក៏បានចុះហត្ថលេខាចំនួន២ នៅពេលដែលបានជួបជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីពង្រឹកទៅលើផ្នែកពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស រវាងប្រទេសទាំងពីរ ជាពិសេសគឺការបណ្ដុះបណ្ដាលអ្នកការទូតតែម្ដង។សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចំពោះទំនាក់ទំនងរវាងកម្ពុជានិងក្រូអាស៊ី ហើយសម្ដេចក៏គាំទ្រចំពោះការចុះហត្ថលេខា ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន ពោលគឺផ្ដោតទៅលើការពង្រឹងនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ រវាងប្រទេសទាំងពីរ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យការទូត។សម្ដេចតេជោក៏បានលើកឡើងបន្ថែមទៀតដោយជំរុញឱ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរបង្កើតនូវកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត ហើយអាចនឹងមានការពិចារណាក្នុងការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅពេលខាងមុខ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ រួមទាំងកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម។ សម្ដេចតេជោ ជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរពិចារណានៅពេលខាងមុខ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើននៅក្នុងទំនាក់ទំនងគ្រប់វិស័យ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ទទួលបាននូវភាពជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា៕

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

2026/10/19 04:37:17 pm        161
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួបនេះ, លោកស្រីអគ្គនាយិកាក្រុមហ៊ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគ ដែលធ្វើឱ្យប្រតិបត្តិការអាជីវកម្ម និងគម្រោងនានារបស់ក្រុមហ៊ុនដំណើរការទៅយ៉ាងរលូន, ជោគជ័យ និងបន្តវិវឌ្ឍទៅមុខជាលំដាប់។ លោកស្រីបានបន្តថា ជាមួយនឹងសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់វិនិយោគិន បានផ្ដល់ទំនុកចិត្តយ៉ាងរឹងមាំដល់ជនបរទេស និងវិនិយោគិនអន្តរជាតិ។ បន្ថែមលើនេះ, លោកស្រីក៏បានគូសបញ្ជាក់អំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។ ជាមួយនឹងកំណើននៃចំណាប់អារម្មណ៍កាន់តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញមកលើទីផ្សារកម្ពុជា, លោកស្រីក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុងការរៀបចំវេទិកាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជកម្មប៉ូឡូញ-កម្ពុជានាពេលខាងមុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរ​ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកស្រីអគ្គនាយិកាក្រុមហ៊ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ច។ សម្តេចធិបតី បានគូសរំលេចពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា, ជាមួយនឹងគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដូចជា​ការ​ធ្វើទំនើបកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងអន្តោប្រវេសន៍ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិក​( E-Visa) និងច្រកទ្វារអន្តរជាតិស្វ័យប្រវត្តិ (Smart Gates) នៅតាមអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា​ ដែលសុទ្ធតែជាកត្តាអំណោយផលដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។ ព្រមជាមួយគ្នានេះ, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបង្កើតកញ្ចប់ទេសចរណ៍ចម្រុះ និងទូលំទូលាយ ដែលតភ្ជាប់អ្នកទេសចរឱ្យហួសពីតំបន់កោះ និងឆ្នេរសមុទ្រ ឆ្ពោះទៅកាន់ប៉ូលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍នៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។មុននឹងបញ្ចប់, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះការគ្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប៉ូឡូញមកកាន់កម្ពុជានាពេលខាងមុខ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន IM Capital Holding បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ពន្ធកម្ពុជា, ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីពិភាក្សាលម្អិតបន្ថែម សំដៅប្រែក្លាយផែនការ និងគំនិតផ្តួចផ្ដើមខាងលើឱ្យទៅជាសកម្មភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង៕

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2026/10/19 04:14:52 pm        408
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្ដិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Gordan Grlić-Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួបឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់កម្ពុជា ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តមបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលស្ដែងចេញតាមរយៈការឈានទៅសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតកម្ពុជា និងបណ្ឌិត្យសភាការទូតក្រូអាស៊ី។ បន្ថែមលើនេះ, ឯកឧត្តមបានលើកឡើងពីកាលានុវត្តភាពជាច្រើនដែលប្រទេសទាំងពីរអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងពីរ ក៏ដូចជាការពង្រឹងការតភ្ជាប់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។ ជាការឆ្លើយតប, សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តមរដ្ឋមន្ត្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កន្លងមក ព្រមទាំងគូសបញ្ជាក់ពីកាលានុវត្តភាពនៃការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើ វិស័យពាណិជ្ជកម្ម, ការវិនិយោគ និងទេសចរណ៍។ ពាក់ព័ន្ធនឹងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, សម្ដេចធិបតីបានអបអរសាទរក្រូអាស៊ី ចំពោះការបំពេញកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ាយ៉ាងជោគជ័យ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជាជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម ហើយបានយល់ច្បាស់ពីផលវិបាកដ៏អាក្រក់ ដែលបង្កឡើងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្នុងន័យនេះ, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រវាងប្រទេសទាំងពីរ និងស្វាគមន៍ចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈការផ្ដល់បច្ចេកវិទ្យា, ការចែករំលែកបទពិសោធន៍ និងជំនាញ ដើម្បីឱ្យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្តានុពលសំខាន់ៗរួមមាន៖ នយោបាយ និងការទូត, ពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, ថាមពលស្អាត, និងវិស័យសន្តិសុខ ជាដើម៕

សម្ដេចធិបតី ផ្ដល់ជម្រើសបន្ថែមដល់លោក អ៊ុំ សំអាន ឱ្យចាត់តំណាង​មក​ជជែក​ជាមួយ​រដ្ឋាភិបាល​លើ​រឿងព្រំដែន​បើខ្លាចមិនហ៊ានមកខ្លួនឯង

2026/10/19 10:54:53 am        315
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាមដោយផ្ដល់ជម្រើសបន្ថែមដល់លោក អ៊ុំ សំអាន ឱ្យចាត់តំណាងមកជជែកជាមួយរដ្ឋាភិបាលលើរឿងព្រំដែន បើសិនជាលោកខ្លាចមិនហ៊ានមកខ្លួនឯង។ សម្ដេចធិបតីបានសរសេរថា ក្នុងរយៈពេលមួយសប្តាហ៍នេះ សម្ដេចជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។ សម្ដេចបានសរសេរថា ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីបព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ សម្ដេចបានបន្តថា ជារួមទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា៖ ១. គាត់ខ្លាចមិនហ៊ានមកកម្ពុជា ទោះបីជាមានការធានាសុវត្ថិភាពច្បាស់លាស់ក៏ដោយ - គាត់ថាខ្លាចគេចាប់ ខ្លាចគេលបបាញ់ ឬខ្លាចគេវ៉ៃបែកក្បាល ។ល។ ២. គាត់អត់មានមូលដ្ឋានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់ទេ - គាត់និយាយ (ឬបង្ហើបថា) ភស្តុតាងរបស់គាត់បានមកពីលឺគេថា, លឺតាមពត៌មានដូចជាអាស៊ីសេរី និងចុងក្រោយថាគាត់អត់មានអ្វីច្បាស់លាស់ទេ ទាល់តែបារាំងបានមាន (ឆ្ងល់ដែរថា ពេលដែលគាត់ចោទរាជរដ្ឋាភិបាលថាកាត់ដីអោយថៃ តើផ្អែកលើមូលដ្ឋានអ្វីអ្វីទៅវិញចឹង?), និង ៣. ព្យាយាមគេចវេស តាមរយៈការបង្កើតលក្ខខណ្ឌនានាដើម្បីបង្វែរពីការដែលគាត់ត្រូវចូលមកបង្ហាញភស្តុតាងដែលគាត់ចោទរាជរដ្ឋាភិបាលថាបានកាត់ដីអោយថៃនៅចន្លោះបង្គោលលេខ៥២-៥៩ ទៅជាការទាមទារអោយលើកលែងទោសអោយគាត់ទៅវិញ។ សម្ដេចធិបតីបង្ហាញការអស់សំណើចថា៖«និយាយអោយខ្លីទៅ រឿងគាត់ខ្លាចគឺមធ្យម ប៉ុន្តែងំត្រង់ថាគាត់បង្កើតលក្ខខណ្ឌដើម្បីធ្វើជាលេសដោះខ្លួន ហើយថែមទាំងឌឺដងទៀតផង»។ សម្ដេចធិបតីបន្ថែមថា ទោះជាយ៉ាងនេះក្តី ក៏ទ្វារមិនទាន់បិទដែរ។ ក្នុងគោលបំណងបង្កលក្ខណៈអោយក្រុមការងារលោក អ៊ុំ សំអាន មានឱកាសជជែក ផ្ទៀងផ្ទាត់គ្នាជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល និងបង្ហាញឯកសារនិងភស្តុតាងនានាពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ ៥២-៥៩ ដែលគាត់មានជាពិសេសដើម្បីកុំឲ្យប្រជាជនមានការមន្ទិលសង្ស័យ ព្រោះ លោក អ៊ុំ សំអាន បានចោទរដ្ឋាភិបាលនិងមន្ត្រីព្រំដែនរដ្ឋាភិបាលម្តងហើយម្តងទៀត ថាបានធ្វើឲ្យបាត់ដីនៅតំបន់នោះ ខ្ញុំសូមផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោកខ្លាចមិនហ៊ានមកផ្ទាល់៖ • លោក អ៊ុំ សំអាន អាចចាត់តាំងតំណាងឬក្រុមតំណាង ដែលអាចជាអ្នកមកពីក្រៅប្រទេសដែលមិនខ្លាចនឹងចូលមកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នាតាមការអញ្ជើញរបស់ខ្ញុំ (ខ្ញុំផ្ដល់ការធានាដូចបានបញ្ជាក់រួចហើយចំពោះពួកគេ) ឬអាចជាអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បាន។ • ក្នុងករណីលោក អ៊ុំ សំអាន យល់ព្រមចាត់តាំងតំណាងឬក្រុមតំណាងមកចូលរួម លោកត្រូវគោរពលក្ខខណ្ឌមួយចំនួន៖ ១• លោកត្រូវប្រគល់សិទ្ធិពេញលេញអោយ ពួកគេជាតំណាង លោក និងក្រុមលោកក្នុងការជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ២• លោកត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលលោកនិងក្រុមលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២-៥៩ អោយទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែកនិងផ្ទៀងផ្ទាត់អោយបានច្បាស់លាស់ ៣• លោកត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាងឬក្រុមតំណាង ដែលលើកមកជជែក ផ្ទៀងផ្ទាត់គ្នា និង ៤• លោកត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាងឬក្រុមតំណាងរបស់លោកបានចូលរួម។ សម្ដេចធិបតីបានបញ្ជាក់ថាសម្រាប់រាជរដ្ឋាភិបាល គឺស្វាគមន៍ជម្រើសមួយណាក៏បាន - លោកដឹកនាំមកខ្លួនឯង (ដោយគ្មានលក្ខខណ្ឌដែលលោកបានលើក ដើម្បីដោះខ្លួននោះ ព្រោះខ្ញុំធានាសុវត្ថិភាពលោកនិងក្រុមលោករួចហើយ)ក៏បាន ឬចាត់តាំងតំណាងឬក្រុមតំណាងរបស់លោកមកក៏បាន។ ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំចំពោះសុវត្ថិភាពសម្រាប់លោក អ៊ុំ សំអាន និងក្រុមការងារ (បើលោកជំនះការខ្លាចរបស់លោកបាន) ឬសម្រាប់តំណាងនិងក្រុមតំណាងរបស់លោក (ករណីលោកមិនហ៊ានមកផ្ទាល់) គឺមិនប្រែប្រួលទេ។ សម្ដេចសង្ឃឹមថាលោក អ៊ុំ សំអាន ហ៊ានសម្រេចយកជម្រើសណាមួយ និងផ្តល់ចម្លើយត្រង់ៗ ក្នុងពេលឆាប់ៗ ដើម្បីជួយបញ្ចប់មន្ទិលរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩។ សង្ឃឹមផងដែរថាលោក អ៊ុំ សំអាន មិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀតដើម្បីគេចមិនចូលរួមដូចកន្លងមកនោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា រាជរដ្ឋាភិបាលមានកិច្ចការច្រើនទៀតដើម្បីប្រទេសជាតិនិងប្រជាជន រួមទាំងការងារព្រំដែនជាមួយប្រទេសថៃ ហើយខ្ញុំតែងតែ អំពាវនាវអោយប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ផ្តល់ឱកាសអោយរាជរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាជាមួយភាគីថៃដោយការទទួលខុសត្រូវ ជាពិសេសនៅក្នុងដំណាក់កាលដែលបញ្ហាព្រំដែននៅមានភាពស្មុគស្មាញនិងមិនទាន់ដោះស្រាយរួច ជាជាងត្រូវឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងដូចជាករណីនេះ ដែលខ្ញុំត្រូវឆ្លើយតប ព្រោះការចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបានកាត់ដីអោយថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ វាពិតជាធ្ងន់ធ្ងរពេក ដែលមិនអាចទទួលយកបាន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់​កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការ ១សប្តាហ៍ នៅ ៣ប្រទេស

2026/10/18 11:48:34 am        414
នៅព្រលឹម ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមក​ដល់​ប្រទេសកម្ពុជាប្រកបដោយជោគជ័យ និងផ្លែផ្កាជាឧត្តមប្រយោជន៍សម្រាប់ជាតិ ក្រោយពីបានបញ្ចប់ការអញ្ជើញដំណើរទស្សនកិច្ចបំពេញការងារក្រៅប្រទេស ​រយៈ​ពេល​មួយសប្តាហ៍នៅប្រទេសចំនួន៣ អាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។លទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រយៈពេលមួយសប្តាហ៍រួមមាន៖១៖ ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បាន​ចាកចេញពីកម្ពុជា ដើម្បីបំពេញ​ការងារនៅប្រទេសទាំង៣ ខាងលើនេះ កាលពីថ្ងៃទី១១ ខែ​តុលា ឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បាន​ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយស​ពី​ លោក អ៊ីលហាំ អាលីយ៉េវ ប្រធានាធិបតីអាស៊ែបៃហ្សង់។ សម្តេចមហាបវរធិបតី ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធាន​រដ្ឋសភា, ​លោក អាលី អាសាដូវ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ និងលោក Zakir Hasanov រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់។បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ក៏បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែ​បៃ​ហ្សង់ ដែលរៀបចំឡើង ដើម្បីជំរុញការធ្វើធុរកិច្ចរវាងប្រទេសទាំងពីរ។ វេទិកានេះ មាន​ការចូលរួមពីតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ប្រមាណជា៨០។ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ក្រៅពីការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​ហើយ​នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA។ ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃវេទិកាតំបន់ដ៏សំខាន់មួយនេះ សម្តេចមហាបវរធិបតី បានសង្កត់​ធ្ងន់អំពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់ និងដោយស្មើភាពនូវគោលការណ៍នានា។ សម្ដេចមហាបវរធិបតី ក៏បានលើកឡើងអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់​ថា ជម្លោះនេះគួរត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី និងការសន្ទនា ស្របតាមច្បាប់​អន្តរ​ជាតិ ព្រមទាំងបានបញ្ជាក់ថា ព្រំដែន និងអធិបតេយ្យ មិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬ​ការ​​បង្កើតស្ថានភាពថ្មីនោះឡើយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបប្រជុំទ្វេភាគីជាមួយ លោក សាឌៀរ ហ្សាប៉ារូវ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន, លោក ស្សាវខាត មីស្ស៊ីយូវយេវ ប្រធានាធិបតីអ៊ូសបេគីស្ថាន និងលោក អ៊ីសាក់ ហឺហ្សូក ប្រធានាធិបតីអ៊ីស្រាអែល ក៏ដូចជាជាមួយ អនុប្រធានរដ្ឋវៀតណាម រដ្ឋមន្ត្រីការ​បរទេស​របស់ចិន និងរុស្ស៊ី ដោយបានផ្លាស់ប្តូរទស្សនៈលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំណងក្នុងវិស័យឯកជន ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។២៖ ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីយ៉េ៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមដំណើរ​ទស្សន​កិច្ចផ្លូវការនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដោយទទួលបានការស្វាគមន៍ និងប្រកបដោយដោយភាពកក់ក្តៅពីសំណាក់ លោក លោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ។ មេដឹកនាំទាំងពីរ បានកត់សម្គាល់ពីការវិវត្តន៍រីកចម្រើនដ៏ល្អប្រសើរនូវទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ លោកប្រធានាធិបតី បានចាត់ទុកកម្ពុជា គឺ​ជា​ដៃគូ​ដ៏​សំខាន់​មួយនៅអាស៊ីអាគ្នេយ៍។មេដឹកនាំទាំងពីរ ក៏បានពិភាក្សា​អំពី​ពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិ​បត្តិការ​ក្នុងវិស័យការពារជាតិ ថាមពល ការអប់រំ និងវប្បធម៌។ ជាពិសេសការបន្តជំរុញការធ្វើ​ពា​ណិជ្ជ​​កម្មជាមួយគ្នាឱ្យបាន១ពាន់លានដុល្លារអាមេរិក។មេដឹកនាំទាំងពីរ ក៏បានជជែកទៅដល់បញ្ហាតំបន់ និងពិភពលោក។ ពាក់ព័ន្ធជម្លោះ​ព្រំដែន​រវាងកម្ពុជា និងថៃ លោកប្រធានាធិបតីតួកគីយ៉េ បានអំពាវនាវឱ្យដោះស្រាយបញ្ហាដោយ​សន្តិ​វិធីផ្អែកទៅលើច្បាប់អន្តរជាតិ។ លោកប្រធានាធិបតី ប្រកាសបន្តជួយដល់ពលរដ្ឋរងផល​ប៉ះ​ពាល់ពីបញ្ហាជម្លោះនេះ។នៅតួកគីយ៉េ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ច​កម្ពុជា​-តួកគីយ៉េ។ ក្នុងវេទិកាធុរកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពី​កំណើន​ពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ ដែលមានទំហំដល់ប្រមាណ ៤០០លានដុល្លារ​អាមេរិក នៅឆ្នាំ២០២៥ កើន ១៨ភាគរយធៀបនឹងឆ្នាំ២០២៤។៣៖ ដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន៖នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដំណើរទស្សនកិច្ចរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់​លោក កាស៊ីម-យូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន។ សម្តេចមហាបវរធិបតី ក៏បានជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន លោក Olzhas Bektenov។លោក តូកាយ៉េវ បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងផ្តល់ថាមពលបន្ថែមដល់ទំនាក់ទំនងទ្វេភាគី និងបើកទូលាយនូវទស្សន​វិស័យ​ថ្មីៗ​សម្រាប់កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកបានចាត់ទុក​ដំណើរ​ទស្សនកិច្ចនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយសង្កត់ធ្ងន់ថា ​មិនធ្លាប់មាន​នាយក​រដ្ឋមន្ត្រីកម្ពុជាណាម្នាក់ធ្លាប់ទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថានពីមុនមកនោះទេ។ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហាទ្វេភាគីជាច្រើន។ ក្នុងនោះ លោក​ប្រធានាធិបតីកាហ្សាក់ស្ថាន ពលរដ្ឋកាហ្សាក់ស្ថាន មានអាកប្បកិរិយាល្អចំពោះកម្ពុជា ហើយ​ពលរដ្ឋកាហ្សាក់ស្ថានជាច្រើនចង់ទៅទស្សនាប្រទេសកម្ពុជា និងមើលឃើញភាព​ទាក់ទាញ​របស់កម្ពុជា លោកក៏បានអំពាវនាវឱ្យមានការពិភាក្សាអំពីការបង្កើតជើងហោះហើរត្រង់ រវាង​ប្រទេសទាំងពីរ និងការពង្រីកការផ្លាស់ប្តូរផ្នែកកិច្ចការមនុស្សធម៌។ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចមហាបវរធិបតី បានឈានដល់ការផ្លាស់ប្តូរឯកសារអនុស្សារណៈយោគយល់គ្នាចំនួន៧រួមមាន៖ ១៖ សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន។២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថលកាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម «បច្ចេកវិទ្យាព័ត៌មានជាតិ» ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។៤៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលកាហ្សាក់ស្ថាន។៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-​កា​ហ្សាក់​ស្ថាន រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ និងកីឡាកាហ្សាក់​ស្ថាន។៦៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ និងព័ត៌មានកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ​វប្បធម៌និងវិចិត្រសិល្បៈ។៧៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។ក្នុងដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀត​ទទួល​ជួបប្រធានក្រុមហ៊ុនរបស់កាហ្សាក់ស្ថានចំនួនពីររួមមាន៖១៖ ក្រុមហ៊ុន Daubay Production ដែលជាក្រុមហ៊ុនផលិតភាព​យន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការ​ផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។២៖ ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយ​ ដែលមាន​មូល​​ដ្ឋាន​នៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោល​ដៅ​ទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍​អន្តរ​ជាតិ ព្រមទាំងដៃគូក្នុង​វិស័យ​​ទេសចរណ៍៕

សម្ដេចតេជោ ហ៊ុន សែន​៖ ឆ្កែបានជិះរទេះ! ស្នើសុំលើកលែងទោសឲ្យ​ខ្លួន និងក្រុមខ្លួន តើ​ទទួល​ស្គាល់​ថា​ខ្លួនមានទោសមែនទេ?

2026/10/18 11:19:36 am        789
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ​តាមរយៈ​បណ្ដាញសង្គម​ សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធាន​ក្រុម​​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជា បាន​បង្ហោះសារមួយ​ដោយ​ដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ»។ខាងក្រោមជាសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ! កាលពីក្មេង​ខ្ញុំ​ឃើញ​ឆ្កែ​ខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។ ពេលឡើង​ជិះ​រទេះឃើញ​វា​ធ្វើ​មុខ​បែបឌឺ។ ក្រោយមកខ្ញុំតែងនិយាយថាអានេះ ធ្វើចរិត្តដូចឆ្កែបាន​ជិះរទេះ​សម្រាប់​មនុស្ស​ណា​ដែល​មាន​ចរិត្តបែបអំនួត។ ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រី ធុញទ្រាន់​ជាមួយ​អាម្នាក់​ធ្លាប់​ជាប់​គុក​ដែល​ខ្ញុំ​ហៅ(អាគុក)មកចង្អុលបង្ហាញចំណុចបង្គោលលេខ៥២ដល់៥៩នៃ ព្រំកម្ពុជា-ថៃ ដែល​អាគុក​វា​ចោទ​ថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ ឈ្មោះវាអាគុក​មួយ​នេះ​ធ្វើ​ចរិត្តដូចឆ្កែ បានជិះរទេះដោយស្នើសុំលើកលែងទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។ ការសុំលើក​លែង​ទោសមានន័យថា​ទទួលស្គាល់ថាខ្លួនមានទោសមែនទេ​អាគុក?សំដី​បៀប​នេះ​ខ្ញុំ​ប្រើ​តែ​ជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក។ »គួររម្លឹកថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានចេញសារលើបណ្ដាញសង្គមដោយផ្ដល់ឱកាសមាស និងធានាសុវត្ថិភាព ក៏​ដូច​ជា​ចំណាយ​ផ្សេងៗ ដល់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញ​ព្រំដែន ដែលមានការទទួលខុសត្រូវ ខណៈលោក និងក្រុម ច្រើនតែចោទ​ប្រកាន់​ត្រង់​តែ​ម្ដង​ទៅ​លើ​មន្ត្រី​ជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។ ដោយ លោក អ៊ុំ សំអាន លើកអំពីករណីព្រំដែន កម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទ​ប្រកាន់​ថា ការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេស នៃ​គណៈ​កម្មាធិការ​ព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិងអំណាច។លុះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន តាមរយៈអន្តរការី​បាន​ផ្ញើលិ​ខិត​មួយច្បា​ប់ជូ​នសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នៅក្នុងលិខិតដែលប្រើឡូ​ហ្គោរដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានបង្ហាញពីចេតនាចង់ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ​ និងស្នើ សម្ដេចនាយករដ្ឋមន្ត្រី ធានាសុវត្តិភាព ទម្លាក់ចោលបទចោទ ព្រមទាំង​លើក​លែង​ទោស​ដល់​ប្រតិភូបក្សប្រឆាំងរបស់លោក៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM