សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

កម្ពុជា-តួកគីយ៉េ នឹងបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

2026/10/17 09:57:13 am        299
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីតួកគីយ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាតរភាពជូនចំពោះ សម្តេចធិបតី និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយ៉េ នាពេលនេះ។ ឯកឧត្តមប្រធានាធិបតី ក៏បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ដែលជំនួបនេះបានឆ្លុះបញ្ចាំង និងបើកទំព័រថ្មីបន្ថែមទៀត​ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-តួកគីយ៉េ។ ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យស្ញប់ស្ញែងរបស់តួកគីយ៉េ ព្រមទាំងតួនាទីដ៏សំខាន់របស់តួកគីយ៉េក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពទាំងក្នុងតំបន់​ និងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ, សម្តេចធិបតីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចការងាររបស់សម្ដេចនាឱកាសនេះ នឹងផ្តល់សម្ទុះថ្មីដល់ចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ,​ ជាក់ស្តែង និងគ្របដណ្តប់លើវិស័យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រកាលពីប្រាំបីឆ្នាំមុនរបស់ សម្តេចតេជោ ហ៊ុន សែន អតីតយករដ្ឋមន្ត្រី​ នៃកម្ពុជា ។ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ប្រកបដោយផ្លែផ្កា នាពេលកន្លងមក​ ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយដើម្បីពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ លើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន​ នៃប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តាមរយៈទីភ្នាក់ងារ TIKA, និងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈការជំរុញវិស័យទេសចរណ៍ អប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ ជាដើម។ បន្ថែមពីនេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សាគ្នាក្នុងក្របខ័ណ្ឌអន្តរជាតិ សំដៅលើកកម្ពស់សន្តិភាព, ស្ថិរភាព, ការអភិវឌ្ឍប្រកបដោយចីរភាព, ព្រមទាំងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ក៏បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ

2026/10/16 07:16:14 pm        155
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើក «វេទិកាធុរកិច្ចកម្ពុជា-តួកគី ឆ្នាំ២០២៦» នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបង្ហាញនូវឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពស្នូលចំនួន ៦ របស់កម្ពុជា ដើម្បីទាក់ទាញធុរជន និងវិនិយោគិនតួកគី ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំធុរកិច្ច និងវិនិយោគិនតួកគីយ៉ាងច្រើនកុះករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ក្នុងខណៈពេលដែលកម្ពុជា និងតួកគីឈានចូលជំពូកថ្មីនៃភាពជាដៃគូសេដ្ឋកិច្ច កម្ពុជាមានអត្ថប្រយោជន៍ និងសក្តានុពលលេចធ្លោចំនួន ៦យ៉ាង រួមមាន៖ ទី១. កម្លាំងពលកម្មប្រកបដោយថាមវន្ត៖ ប្រជាជនកម្ពុជាប្រមាណ ៦០% មានអាយុក្រោម ៣៥ឆ្នាំ, កម្លាំងពលកម្មកម្ពុជា នៅភាពវ័យក្មេង ថាមវន្ត និងបានរៀនប្រើប្រាស់បច្ចេកវិទ្យបានលឿនដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្មទំនើប។ ទី២. បរិយាកាសធុរកិច្ចអំណោយផល និងមានការលើកទឹកចិត្ត៖ កម្ពុជាផ្តល់នូវកញ្ចប់លើកទឹកចិត្តដ៏មានភាពទាក់ទាញ រួមទាំងការលើកលែងពន្ធរហូតដល់ ១២ឆ្នាំ និងអនុញ្ញាតឱ្យធុរជនជនបរទេសកាន់កាប់កម្មសិទ្ធិអាជីវកម្ម ១០០% ដោយគ្មានការកម្រិតនូវផ្ទេរប្រាក់ចំណេញព្រមទាំងដើមទុនឡើយ។ ទន្ទឹមនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើរតួជាច្រកចេញចូលតែមួយសម្រាប់ការដាក់ទុនវិនិយោគ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ។ ទី៣. ការគាំទ្រ និងការថែទាំពីរាជរដ្ឋាភិបាលកម្ពុជា៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងនូវការវិនិយោគរបស់វិនិយោគិន តាមរយៈសេវាថែទាំក្រោយការវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ។ ទី៤. ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់ក្នុងតំបន់៖ ស្ថិតនៅចំកណ្តាលនៃតំបន់អាស៊ាន កម្ពុជាផ្តល់នូវបណ្តាញតភ្ជាប់ដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពទូទាំងតំបន់។ បន្ថែមលើនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាប្រវត្តិសាស្ត្រ ដូចជា «ព្រែកជីកហ្វូណនតេជោ» នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែទាប ព្រមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការធុរកិច្ច ដែលជាអាទិភាពធំរបស់កម្ពុជា។ ទី៥. ការទទួលបានទីផ្សារតំបន់ និងសកល ដោយអនុគ្រោះ៖ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន និងជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កម្ពុជាផ្តល់លទ្ធភាពដល់វិនិយោគិនក្នុងការនាំចេញទៅកាន់ទីផ្សារអ្នកប្រើប្រាស់រហូតដល់ ២,២ ពាន់លាននាក់។ លើសពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន (CCFTA) និងកូរ៉េខាងត្បូង (CKFTA) ក៏បានពង្រីកសក្តានុពលទីផ្សារឱ្យកាន់តែធំធេងថែមទៀត។ ទី៦. ការប្តេជ្ញាចិត្តចំពោះចេរភាពថាមពល និងកំណើនបៃតង៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ថាមពលកកើតឡើងវិញ (វារីអគ្គិសនី ពន្លឺព្រះអាទិត្យ និងខ្យល់) ស្រូបយកបានដល់ទៅ ៦៣% នៃល្បាយថាមពលសរុបរបស់កម្ពុជា។ កម្ពុជាកំពុងស្ថិតនៅលើគន្លងឆ្ពោះទៅសម្រេចបាន ៧០% ត្រឹមឆ្នាំ២០៣០ និងឈានទៅសម្រេចបានអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា វេទិកាធុរកិច្ចនាពេលនេះ មិនត្រូវបញ្ចប់ត្រឹមតែការផ្លាស់ប្តូរគំនិតនោះឡើយ ប៉ុន្តែសម្តេចចង់ឃើញការពិភាក្សាប្រែក្លាយទៅជាការចុះទស្សនកិច្ចសិក្សាទីតាំងផ្ទាល់ ភាពជាដៃគូសាជីវកម្ម និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។ ជាមួយគ្នានោះសម្តេចធិបតី បានអញ្ជើញធុរជន និងវិនិយោគិនតួកគី ឱ្យមកចាប់យកឱកាសវិនិយោគដ៏សម្បូរបែបនៅកម្ពុជា និងបានធានាអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រួល និងគាំទ្រដល់ដំណើរការវិនិយោគរបស់វិស័យឯកជន ធានាបាននូវបទពិសោធន៍វិនិយោគដ៏រលូន និងជោគជ័យយូរអង្វែង៕

កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ

2026/10/16 07:11:30 pm        160
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរវាងកម្ពុជា និងតួកគី ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានទៅសម្រេចបានតាមគោលដៅ«១ពាន់លានដុល្លារអាមេរិក» នាពេលខាងមុខ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ៤០០ លានដុល្លារអាមេរិក ដោយកើនឡើងជាង១៨%បើធៀបនឹងឆ្នាំ២០២៤។ការថ្លែងគូសបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-តួកគី ឆ្នាំ២០២៦» នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នសេដ្ឋកិច្ចពាក់ព័ន្ធ និងធុរជន វិនិយោគិនឈានមុខនៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។ថ្លែងទៅកាន់អង្គវេទិកា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គន្លងនៃការកើនឡើងនៃទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២៥ គឺជាសក្ខីភាពបង្ហាញពីសន្ទុះដ៏រឹងមាំឆ្ពោះទៅរកការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ១ពាន់លានដុល្លារ។ ដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតានេះ សម្តេចបវរធិបតីបានរំលេចនូវយន្តការគន្លឹះសំខាន់ៗដែលត្រូវបន្តជំរុញ រួមមាន​គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី, ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-តួកគី និងការិយាល័យពាណិជ្ជកម្មនៃស្ថានទូតតួកគី ដែលជាស្ពានយ៉ាងសំខាន់សម្រាប់រក្សាកិច្ចសន្ទនាជាប្រចាំ សំដៅលុបបំបាត់រាល់ឧបសគ្គចំពោះពាណិជ្ជកម្ម និងការវិនិយោគ។សម្តេចបវធិបតីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គឺបង្កើតនូវក្របខ័ណ្ឌគតិយុត្តចាំបាច់ ប៉ុន្តែសហគមន៍ធុរកិច្ចខ្លួនឯងផ្ទាល់ គឺជាកម្លាំងចលករពិតប្រាកដក្នុងការរុញច្រានការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។​ សម្តេចបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នជំរុញការវិនិយោគ និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ (រួមទាំងក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី - DEİK) ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្គូផ្គងដៃគូធុរកិច្ច ចែករំលែកព័ត៌មានទីផ្សារ និងគាំទ្រដល់ការអភិវឌ្ឍគម្រោងវិនិយោគជាក់ស្តែង។លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យធុរជន មើលឱ្យហួសពីទំហំតួលេខពាណិជ្ជកម្ម ដោយត្រូវផ្តោតលើការធ្វើពិពិធកម្មផលិតផល ការពង្រឹងបណ្តាញធុរកិច្ច និងការតភ្ជាប់សមត្ថភាពឧស្សាហកម្មដ៏រឹងមាំរបស់តួកគី ជាមួយមូលដ្ឋានផលិតកម្មដែលកំពុងរីកចម្រើន និងធនធានកសិកម្មដ៏សម្បូរបែបរបស់កម្ពុជា។​សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ធុរជន និងវិនិយោគិនតួកគី ឱ្យចាប់យកកាលានុវត្តភាពលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរ រួមមាន៖ វិស័យកម្មន្តសាល, កសិកម្ម និងការកែច្នៃកសិផល, ការដឹកជញ្ជូន និងភស្តុភារកម្ម, ថាមពលកកើតឡើងវិញ, បច្ចេកវិទ្យាឌីជីថល និងទេសចរណ៍ប្រកបដោយចីរភាព ដើម្បីបង្កើតតម្លៃបន្ថែម និងផលប្រយោជន៍សេដ្ឋកិច្ចយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការចរចាព្រំដែនរវាងប្រទេស និងប្រទេស ជា​ការ​ទទួល​ខុស​ចំពោះ​ជាតិ ​និងប្រជាជន មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមញ្ញាណពិសេស នោះទេ

2026/10/16 12:15:19 pm        2216
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​សរសេរ​សារ​បញ្ជាក់​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះថា កិច្ចការចរចា​ព្រំដែន​រវាង​ប្រទេស ​និងប្រទេស ជាការទទួលខុសចំពោះជាតិ និងប្រជាជន មិនអាចធ្វើ​ការ​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ឬតាមញ្ញាណពិសេស នោះទេ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា កិច្ចការចរចារព្រំដែនរវាងប្រទេស និងប្រទេស គឺ​ជា​ការ​ទទួល​ខុស​ត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទាអោយ​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទាំង​ផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើធ្វើកិច្ចការដោយភាពម៉ត់ចត់ និង​ការ​អត់​ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូច​ជា​តាម​ទូរទស្ស​ន៍​ឬ​បណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។ សម្ដេចធិបតី​បាន​សង្គត់ធ្ងន់ថា ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើស​រើស​វិធី​សាស្ត្រ​ណាមួ​យដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។ តាមរយៈសារលើបណ្ដាញសង្គមសម្ដេចធិបតី ក៏បានជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦ផងដែរ៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនូវកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ CICA

2026/10/16 11:21:39 am        308
ថ្លែងក្នុងកិច្ចប្រជុំកំពូលសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាមេដឹកនាំនៃរដ្ឋសមាជិកសន្និសីទនេះ បានលើកឡើងកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ CICA ខណៈសម្ដេចមើលឃើញពីតួនាទីដ៏សំខាន់របស់អង្គការតំបន់មួយនេះ សម្រាប់ការសន្ទនា, ការកសាងទំនុកចិត្ត, កិច្ចសហប្រតិបត្តិការ និងការសម្រេចចិត្តដោយផ្អែកលើការសម្រេចជាឯកច្ឆន្ទ។ក្នុងឱកាសនោះ សម្តេចធិបតី បានគូសរំលេចពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បន្តថា ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា, ជម្លោះអូសបន្លាយ, ការបែកបាក់ផ្នែកសេដ្ឋកិច្ច, ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ កំពុងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តអន្តរជាតិ និងកំពុងសាកល្បងភាពធន់ នៃពហុភាគីនិយម។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា នៅក្នុងបរិបទនេះ, គោលការណ៍នានា ដែលបានបញ្ជាក់ឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងបាគូ រួមមាន៖ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ, សមភាពអធិបតេយ្យភាព,បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនគ្រាន់តែជាបំណងប្រាថ្នានោះទេ ប៉ុន្តែគឺជាគ្រឹះដែលមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាព។ សម្ដេចបន្តថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា គោលការណ៍ទាំងនេះ ត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសមភាពសម្រាប់រដ្ឋទាំងអស់។ ក្នុងកិច្ចប្រជុំកំពូលនោះសម្តេចធិបតី ក្នុងនាមជាមេដឹកនាំកម្ពុជា ដែលជារដ្ឋសមាជិករបស់ CICA ដែរនោះ បានលើកនូវកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសសមាជិករបស់ CICA។ ការងារអាទិភាពទាំង៤នោះរួមមាន៖ ១៖ កម្ពុជាបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងមុតមាំចំពោះការប្រែក្លាយ CICA ទៅជាអង្គការអន្តរជាតិពេញលេញមួយ។ កម្ពុជានឹងធ្វើការរួមគ្នាជាមួយរដ្ឋសមាជិកដទៃទៀត ដើម្បីជំរុញការអនុវត្ត «ផែនទីបង្ហាញផ្លូវសម្រាប់បរិវត្តកម្ម CICA» និងសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតក្នុងការចរចាលើធម្មនុញ្ញរបស់ CICA។ កម្ពុជាមានក្តីសោមនស្សដែលបានផ្តល់សច្ចាប័នលើ «អនុសញ្ញាស្តីពីឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់លេខាធិការដ្ឋាន CICA បុគ្គលិក និងតំណាងរបស់ខ្លួន» ហើយលិខិតុបករណ៍នៃការផ្តល់សច្ចាប័ននេះ ក៏ត្រូវបានតម្កល់ទុកនៅលេខាធិការដ្ឋាន CICA រួចរាល់ផងដែរ។ ២៖កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅដែលរួមមានការជំរុញសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិក CICA, ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលមានភាពធន់, សន្តិសុខថាមពល, ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជា ក៏ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយលើវិស័យទេសចរណ៍, អប់រំ, នវានុវត្តន៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ៣៖ CICA គួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ឆ្លងដែនតាមប្រព័ន្ធបច្ចេក វិទ្យា។ នៅក្នុងពិភពលោកដែលកាន់តែមានភាពរីកចម្រើនផ្នែកឌីជីថល ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត កាន់តែមានភាពស្មុគស្មាញ និងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយសកម្មភាពរបស់ប្រទេសណាមួយ តែឯកឯងបានឡើយ។ ដូច្នេះ កម្ពុជាគាំទ្រដល់ការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់, ការកសាងសមត្ថភាព និងភាពធន់ក្នុងវិស័យសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការបែបនេះគួរតែត្រូវបានអនុវត្ត ដោយគោរពយ៉ាងពេញលេញនូវអធិបតេយ្យជាតិ, ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។ ត្រង់ចំណុចនេះ សម្តេចមហាបវរធិបតី ក៏បានរំលឹកព្រឹត្តិការណ៍សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ ដោយមានការចូលរួមពីតំណាងនៃប្រទេសចំនួន ២៦ និងអង្គការអន្តរជាតិចំនួន ៧ រួមមាន៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ព្រមទាំងការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងសកម្មភាពរួម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមឆ្លងដែនដែលកំពុងកើនឡើងនេះ។ ៤៖ កម្ពុជាលើកទឹកចិត្តឱ្យមានការបំពេញបន្ថែមគ្នាកាន់តែរឹងមាំរវាង CICA និង អង្គការក្នុងតំបន់ និងអន្តរជាតិដទៃទៀត ជាពិសេស អង្គការសហប្រជាជាតិ ដែលនៅតែមានតួនាទីស្នូលក្នុងប្រព័ន្ធពហុភាគី។ កិច្ចសហប្រតិបត្តិការអន្តរជាតិដែលកាន់តែរឹងមាំ អាចរួមចំណែកដល់ការកសាងសណ្តាប់ធ្នាប់អន្តរជាតិមួយ ដែលកាន់តែមានបរិយាបន្ន, មានភាពជាតំណាងសមស្រប, មានសមធម៌ និងភាពធន់។ ក្នុងសុន្ទរកថានោះ សម្តេចមហាបវរធិបតី បានបញ្ជាក់ដែរថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងបាគូ នៃកិច្ចប្រជុំកំពូលCICA លើកទី៧» និង «សេចក្តីថ្លែងការណ៍ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុវត្ថិភាព និង សុខភាពការងារ»។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចជំហរកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិក CICA ទាំងអស់ ដើម្បីសម្រេចឱ្យបានពេញលេញនូវសក្តានុពលរបស់សន្និសីទ និងជំរុញឱ្យអាស៊ីកាន់តែមានសន្តិភាព, ភាពធន់, បរិយាបន្ន និងវិបុលភាព។ នៅក្នុងពេលវេលាដែលទំនុកចិត្តកាន់តែមានភាពផុយស្រួយ,CICA បានពង្រឹងការប្ដេជ្ញាចិត្តរបស់ CICA ក្នុងការបន្តកិច្ចសន្ទនា, កិច្ចសហប្រតិ បត្តិការ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយទាត់ចោលនូវការប្រឈមមុខដាក់គ្នា, ការបែកបាក់ និងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។ សម្តេចមហាបវរធិបតី បានបន្ថែមថា រដ្ឋជាសមាជិករបស់ CICA ត្រូវបន្តរួមគ្នាផ្សាភ្ជាប់ភាពខុសគ្នាតាមរយៈ កិច្ចសន្ទនា, ការពង្រឹងទំនុកចិត្តទៅវិញទៅមកតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រូវគោរពខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះរួមនៃទំនាក់ទំនងរវាងប្រជាជាតិ។ សូមបញ្ជាក់ថា សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែលបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី។ អង្គការតំបន់មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ មានរដ្ឋជាសមាជិកចំនួន២៨រួមមាន៖ អាស៊ែបៃហ្សង់ អាហ្វហ្គានីស្ថាន បារ៉ែន បង់ក្លាដែស កម្ពុជា ចិន អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ាឡេស្ទីន កាតា កូរ៉េខាងត្បូង រុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ តួកគី អារ៉ាប់រួម អេមីរ៉ាត អ៊ូសបេគីស្ថាន វៀតណាម និងឡាវ។ ចំណែកប្រទេសបេឡារុស ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត តូមិននីស្ថាន អ៊ុយក្រែន និងសហរដ្ឋអាមេរិក គឺជារដ្ឋសង្កេតការណ៍របស់អង្គការ៕ 

សម្តេចធិបតី៖ ការបង្ក្រាបស្កេមគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នា ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ

2026/10/16 11:16:04 am        496
ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាឬហៅថាស្កេម គឺជាកិច្ចអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពដទៃទៀត ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំកំពូលសន្តិសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីលើកទី៧ (CICA) រៀបចំឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល CICA នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា CICA គួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចបានគូសរំលេចថា ក្នុងពិភពលោកដែលកាន់តែមានភាពរីកចម្រើនផ្នែកឌីជីថលឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត កាន់តែមានភាពស្មុគស្មាញ និងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយសកម្មភាពរបស់ប្រទេសណាមួយ តែឯកឯងបានឡើយ។ ដូច្នេះកម្ពុជាគាំទ្រដល់ការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់, ការកសាងសមត្ថភាព និងភាពធន់ក្នុងវិស័យសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចធិបតីសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការប្រយុត្ធប្រឆាំងនឹងបទល្មើសទាំងនេះ គួរតែត្រូវបានអនុវត្តដោយគោរពយ៉ាងពេញលេញនូវអធិបតេយ្យជាតិ, ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមកជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។ សម្តេចធិបតី ក៏បានឆ្លៀតរំលឹកព្រឹត្តិការណ៍សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែរ។ សម្តេចបានគូសបញ្ជាក់ថា សន្និសីទនេះមានការចូលរួមពីតំណាងនៃប្រទេសចំនួន២៦ និងអង្គការអន្តរជាតិចំនួន៧ រួមមាន៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ព្រមទាំងការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងសកម្មភាពរួម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមឆ្លងដែនដែលកំពុងកើនឡើងនេះ៕

កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ

2026/10/16 09:57:55 am        321
នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីអ៊ីស្រាអែល បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ក្នុងឱកាសនេះ។ ឯកឧត្តមបន្តថា ជំនួបនេះបានឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏យូរអង្វែងរវាងអ៊ីស្រាអែល-កម្ពុជា។ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីអ៊ីស្រាអែល ហើយ សម្ដេចធិបតីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល ក្នុងរយៈពេលជិត ៦ទសវត្សរ៍ កន្លមកនេះ និងប្ដេជ្ញាបន្តពង្រឹង និងពង្រីកបន្ថែមទៀតដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ។ ព្រមជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, អប់រំ, ទេសចរណ៍, និងការងារ ជាដើម។ សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីអ៊ីស្រាអែល បានឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ សំដៅស្វែងរក និងទាញយកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្ពោះទៅកម្រិតថ្មី។មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានយកចិត្តទុកដាក់ ផ្ដល់ការគាំទ្រ និងទំនុកបម្រុងដល់និស្សិត និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងអ៊ីស្រាអែល៕

-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

2026/10/14 11:16:40 pm        137
នារសៀលថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ali Asadov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ច និងវត្តមានរបស់សម្តេចធិបតី គឺជាការបើកផ្លូវបន្ថែមទៀតដើម្បីជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាដល់ប្រទេសអាស៊ែបៃហ្សង់ លើវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ជាការឆ្លើយតប, សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនាពេលនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក ព្រមទាំងប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងនេះ ឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ សម្តេចធិបតី​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការបណ្តុះបណ្តាល​លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការធានាឱ្យបាននូវសន្តិសុខថាមពល, ការពង្រឹងការតភ្ជាប់ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម, និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ​ ព្រមទាំងការបន្តប្រពៃណីនៃការផ្លាស់ប្ដូរអាហារូបករណ៍ក្នុងគោលដៅលើកកម្ពស់វិស័យអប់រំ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងពីគ្នា និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ក្នុងវិស័យរដ្ឋាភិបាលឌីជីថល, សម្តេច​ធិបតី​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង​វិស័យសេវាសាធារណៈជូនប្រជាពលរដ្ឋ​ តាមរយៈ​ការចែករំលែកចំណេះដឹង និងការចូលរួមអភិវឌ្ឍប្រព័ន្ធឌីជីថលនៅកម្ពុជា ដើម្បីធានាថាការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានភាពពេញលេញ និងទាន់ពេល៕

កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2026/10/14 07:39:06 pm        144
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់បានសម្តែងក្តីរីករាយក្នុងការស្វាគមន៍សម្តេចធិបតីក្នុងដំណើរទស្សនកិច្ចផ្លូវការ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ លោកជំទាវក៏បានគូសរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងអាស៊ែបៃហ្សង់ និងកម្ពុជាក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ ទាំងគ្រប់កម្រិតរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា ក៏ដូចជាគណបក្សនិងគណបក្ស ដែលការណ៍នេះបង្ហាញអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ ហើយលោកជំទាវសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីផ្ដល់ជាឧត្តមប្រយោជន៍បន្ថែមទៀតដល់ប្រជាជន និងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនសម្តេច និង​ គណៈប្រតិភូកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការ នាពេលនេះ។ ជាមួយគ្នានេះ, សម្ដេចធិបតីបានគូសរំលេចអំពីកិច្ចពិភាក្សាដែលសម្ដេច និងឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ បានឯកភាពគ្នា​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សម្តេច​ធិបតី​ និង​លោកជំទាវ​ប្រធាន​សភា​ ក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានលើកឡើងពីតួនាទីដ៏មានសារៈសំខាន់របស់សភា ក្នុងការពង្រឹងភាពជឿជាក់, កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ ជូនដល់ប្រទេស និងប្រជាជនយើងទាំងពីរ តាមរយៈការទាញយកសក្ដានុពលពេញលេញពីទំនាក់ទំនងទ្វេភាគីនេះ៕

កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/10/13 09:16:33 pm        173
នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់បានសម្តែងក្តីរីករាយដែលជួបសម្តេចធិបតី​ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច​ នៅ​អាស៊ែបៃហ្សង់​ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៩៤។ តាមរយៈដំណើរទស្សនកិច្ចនេះ, កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យសំខាន់ៗ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រួមទាំងក្នុងវិស័យសន្តិសុខ និងការពារជាតិ។សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ក៏បានបន្តពិភាក្សាគ្នាក្នុងការស្វែងរកនូវលទ្ធភាពក្នុងការជំរុញកសាងទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ តាមរយៈការកសាងសមត្ថភាព, ការហ្វឹកហ្វឺន, និងបណ្ដុះបណ្ដាលជំនាញដល់យោធិន, ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM