អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
​សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន
សម្ដេចតេជោ ហ៊ុន សែន អរគុណសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលុបសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្ដេច

ព័ត៌មានសំខាន់ៗ

TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ

2025/06/14 03:42:18 pm        529
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមិថុនានេះ បានចេញសារអំពាវនាវដល់បងប្អូនពលករខ្មែរនៅប្រទសថៃ សូមវិលត្រលប់មកមាតុភូមិកំណើតវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។ សម្ដេចតជោ បានសរសេរថា មុននេះនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវឹលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើ ឬបង្កើតមុខរបរថ្មី។សម្ដេចតេជោបានបញ្ជាក់ថា៖«បងប្អូនខ្លះបានចោទសួរថា មានបងប្អូននៅថៃ ៣០ ឆ្នាំហើយចង់មករស់នៅមើលម្តាយដែលមានអាយុ ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសារ រាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង»។សម្ដេចតេជោសែនបញ្ជាក់បន្ថែមថា៖«សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។      ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរ ពិសេសនៅពេលកម្ពុជា ដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ពេលនោះពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននឹងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយមិនរួច»៕

TOP STORY សម្ដេចធិបតី៖បញ្ហាប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី តំបន់មុំបី និងបញ្ហាបិទព្រំដែនជាឯកតោភាគីរបស់ថៃនឹងមិនត្រូវលើកយកមកនិយាយក្នុងកិច្ចប្រជុំ JBC ស្អែកនេះទេ!

2025/06/13 10:29:17 pm        281
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ បានផ្ញើសារជូនជនរួមជាតិថា ថ្ងៃសៅទី១៤ មិថុនា ឆ្នាំ ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ ប៉ុន្ដែកិច្ចប្រជុំនេះ នឹងមិនលើកយកបញ្ហាប្រសាទតាមាន់ធំ, តាមាន់តូច, តាក្របី តំបន់មុំបី និងបញ្ហាបិទព្រំដែនជាឯកតោភាគីរបស់ថៃមកនិយាយក្នុងកិច្ចប្រជុំឡើយ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។ សម្ដេចធិបតីបានបញ្ជាក់ជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ៖១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ២០២៥ ខានស្អែកនេះ។ ២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ។ សម្ដេចថ្លែងថា៖«ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរនោះទេ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច»៕

TOP STORY សម្ដេចតេជោ អំពាវនាវដល់មិត្តបរទេសលើកទឹកចិត្តភាគីថៃឱ្យទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមផ្លូវតុលាការ ICJ ខណៈបើមិនដោះស្រាយទេ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ

2025/06/13 10:14:40 pm        335
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ បានផ្ញើសារអំពាវនាវដល់មិត្តបរទេសលើកទឹកចិត្តភាគីថៃឱ្យទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសម្ដេចមើលឃើញថា វិវាទនៅចំណុច តំបន់មុំបី, ប្រាសាទតាមាន់ធំ, តាមាន់តូច និងប្រាសាទតាក្របី បើមិនដោះស្រាយតាមផ្លូវតុលាការអន្តរជាតិទេ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។សម្ដេចតេជោ បានសរសេរថា មកដល់ពេលនេះ បងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។សម្ដេចបានថ្លែងថា៖«ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ទៀតហើយ។ ពេលនេះភាពគឃ្លើញមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង»។ សម្ដេចតេជោ បានបន្តថា កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។ សសំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ ៤ ចំណុច៖ទី១ តំបន់មុំបីនៃព្រំដែន កម្ពុជា-ឡាវ-ថៃទី២ ប្រាសាទតាមាន់ធំទី៣ ប្រាសាទតាមាន់តូច និងទី៤ ប្រាសាទតាក្របី។សម្ដេចតេជោថ្លែងថា កម្ពុជាមិនស្នើ សុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជា និងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែន កម្ពុជា-ថៃ មានប្រវែងជាង ៨០០ គីឡូម៉ែត្រ កម្ពុជាលើកតែ ៤ ចំណុច ដែលជាចំណុចក្តៅ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ សម្ដេចតេជោបានបញ្ជាក់ថា៖«៤ ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះទើបអាចដោះស្រាយបាន»។សម្ដេចតេជោ បានបន្តថា ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រដ្ឋាភិបាលក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។ ក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី, សឹង្ហបុរី និងម៉ាឡេស៊ី នាំយកជម្លោះទឹកដី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនិមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី និងទំនាក់ទំនងម៉ាឡេស៊ី ជាមួយសឹង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។សម្ដេចតេជោបានបញ្ជាក់ថា ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់៕

TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ

2025/06/13 01:06:56 pm        529
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចបិទច្រកអន្តរជាតិដូង នៅខេត្តបាត់ដំបង ខណៈថៃបានប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ។សម្ដេចតេជោបានសរសេរថា៖«ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃនៃខេត្តបាត់ដំបង»។សម្ដេចតេជោ បានបញ្ជាក់ថា ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃនេះ កកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ក្នុងឱកាសនេះ សម្ដេចតេជោ បានណែនាំដល់ បងប្អូនកសិករថៃ ដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគី សម្រួលដូចមុនពេលបិទ។សម្ដេចតេជោបានបញ្ជាក់ថា៖«យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ ៣ ប៉ុណ្ណោះ គឺទី១ឈប់ទិញអ៊ិនធឺណិត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និងទី៣ បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា»៕

TOP STORY សម្តេចតេជោ ហ៊ុន សែន៖រាជរដ្ឋាភិបាលកម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ

2025/06/12 10:19:13 pm        1657
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាបុរសខ្លាំងរបស់កម្ពុជា បានណែនាំ និងផ្តល់យោ បលឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ ហើយកុំខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញឲ្យសោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អ៊ីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៊ីនធើណែតអី បើកម្ពុជាមានអ៊ីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។ បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា«កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា»៕អត្ថបទ ៖​បាន ចក់

​​TOP STORY ​ចាប់ពីម៉ោង១២យប់ថ្ងៃនេះកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត និងអគ្គិសនីពីប្រទេសថៃហើយ

2025/06/12 09:39:59 pm        1502
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីម៉ោង១២យប់ថ្ងៃទី១២ ខែមថុនា ឆ្នាំ២០២៥ កម្ពុជានឹងបញ្ចប់ការទិញអ៊ីនធឺណិត (INTERNET BANDWIDTH) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯងហើយ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាយប់នេះ សម្តេចធិបតី បានបញ្ជាក់ថា«  ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឱ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឱ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង»។  សម្តេចធិបតីបានបញ្ជាក់បន្ថែមទៀតថា«ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (INTERNET BANDWIDTH) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង»។ ដោយឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាដោយខ្លួនឯង។ បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរ៕

កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវឈានដល់ការលើកកម្រិតនៃទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ»

2025/06/11 11:50:00 am        206
នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀតនៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយដែលបានជួបឯកឧត្តមប្រធានាធិបតីជាថ្មីទៀត។ សម្តេចបវរធិបតី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតី ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦។ ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ”។សម្តេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌ ជាដើម។ ឯកឧត្តមប្រធានាធិបតីនឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ឯកឧត្តមប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជាក្នុងវិស័យបោសសម្អាតមីន។ រដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ៕

កម្ពុជា-កូតឌីវ័រ ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

2025/06/10 09:06:15 pm        87
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានរំឭកអំពីវត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៩។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។ បន្ថែមលើនេះ, សម្ដេចបវរធិបតីក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័របំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ និងពិនិត្យលទ្ធភាព ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តសៀមរាប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័របានកោតសរសើរភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពរបស់សម្ដេចបវរធិបតី ដែលបន្តរក្សាបាននូវសន្ដិភាព, ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានោះ, ឯកឧត្តមនាយករដ្ឋមន្ត្រីសង្ឃឹមថា នឹងមានឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលនឹងជាកាលានុវត្តភាពនៃការបន្តកិច្ចពិភាក្សាទ្វេភាគី សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ នាយករដ្ឋមន្ត្រីទាំងពីរ បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅលើកិច្ចសហប្រតិបត្តិការសក្ដានុពលមួយចំនួន, ជាពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្ម។ ឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័រ បានសន្យាថា នឹងចាត់រដ្ឋមន្ត្រីឧស្សាហកម្ម ទៅធ្វើទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពពង្រីកការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមូលដ្ឋានផលិតកម្មជាមួយប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពក្នុងការបន្តពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជាផ្លែផ្កា និង ឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា

2025/06/10 07:33:34 pm        132
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប, លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងគណប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ជាពិសេស វឌ្ឍនភាពនៃការចរចាលើកិច្ចព្រមព្រៀងក្នុងវិស័យយុត្តិធម៌ រវាងក្រសួងទាំងពីរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងបែលហ្ស៊ិក និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិក ដែលបានរួមចំណែកគាំទ្រ ការបោសសម្អាតមីន វិស័យអប់រំ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ជាដើម។ សម្តេចធិបតីបានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗទៀត ។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រសួងយុត្តិធម៌ទាំងពីរ ជំរុញការបញ្ចប់នីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានបញ្ចប់កិច្ចពិភាក្សារួចរាល់៕

សម្ដេចធិបតីសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ ICJ ករណីវិវាទព្រំដែនជាមួយថៃ

2025/06/10 06:29:01 pm        141
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួមាន ឯកឧត្តម ឧបនាយក ប្រាក់ សុខុន រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន។ ក្រៅពីប្រធាន និងអនុប្រធានដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលហើយនោះ គណៈកម្មការនេះមានសមាជិកចំនួន៩រូបផ្សេងទៀត រួមមាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹង សមាជិកដែលមានមន្រ្ដីរាជការមកពីបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ សូមជម្រាបថា ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ គឺត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ មិនបានដកថយនោះឡើយ។ ជាក់ស្ដែងនៅពេលនេះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា ការយកវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់ទាំង៤ខាងលើ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចប់វិវាទព្រំដែលរវាងប្រទេសទាំងពីរដែលបន្សល់ទុករាប់រយឆ្នាំមកហើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា តុលាការយុត្តិធម៌អន្តរជាតិសម្រេចយ៉ាងណា ក៏កម្ពុជាទទួលយកផងដែរ។សូមបញ្ជាក់ថា កម្ពុជាធ្លាប់បានលើកយកវិវាទទឹកដីជាមួយថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិចំនួនពីរលើក ហើយទទួលបានជោគជ័យទាំងពីរលើកផងដែរ។ លើកទី១នៅឆ្នាំ១៩៦២ ហើយលើកទី២នៅឆ្នាំ២០១៣ ពេលថៃចូលមកឈ្លានពានប្រាសាទព្រះវិហារ និងទឹកដីនៅតំបន់នោះ៕អត្ថបទ៖ វ៉ន ដារ៉

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ
03/03/2026 12:03 PM
តម្លៃប្រេង និងឧស្ម័នកើនឡើង ផ្សារភាគហ៊ុនសកលធ្លាក់ចុះ ខណៈជម្លោះអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ
03/03/2026 12:03 PM
ក្រសួងការងារនឹងពង្រីកការបណ្តុះបណ្តាលជំនាញចល័តទៅបណ្ដាខេត្ត ដើម្បី​ផ្តល់​ជំនាញ​ដល់​ពលរដ្ឋ​ខ្វះខាត
03/03/2026 12:03 PM
លោក Netanyahu៖ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ អាចចំណាយពេលខ្លះ ប៉ុន្តែមិនមែនរាប់ឆ្នាំនោះទេ
03/03/2026 12:03 PM
វិបត្តិអ៊ីរ៉ង់ នាំឱ្យមានការវែកញែកថាតើកូរ៉េខាងជើង អាចបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយលោក ត្រាំ ដែរឬទេ
03/03/2026 12:03 PM
អនុប្រធានទី១អាជ្ញាធរមីន៖ គោលនយោបាយរបស់សម្តេចធិបតី គឺមិនទុក​ឱ្យ​នរណាម្នាក់​បន្ត​រង​គ្រោះ​ដោយ​សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឡើយ
03/03/2026 12:03 PM
លោក Zelenskyy ៖ កិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី នៅតែរំពឹងទុកថានឹងធ្វើឡើង ក្នុងសប្តាហ៍នេះ
03/03/2026 12:03 PM
តម្លៃដឹកជញ្ជូនប្រេងនៅមជ្ឈិមបូព៌ា ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន ខណៈជម្លោះអាមេរិក-អ៊ីរ៉ង់ កាន់តែតានតឹង
03/03/2026 12:03 PM
ចំនួនទាហានសហរដ្ឋអាមេរិក ដែលបានស្លាប់នៅក្នុងសង្គ្រាមអ៊ីរ៉ង់ កើនឡើងដល់ ៦នាក់
03/03/2026 12:03 PM
មកទស្សនាកីឡដ្ឋាន World Cup 2026 នៅលើទឹកដីអាមេរិក ម៉ិកស៊ិក និងកាណាដា
03/03/2026 11:03 AM