កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
សម្ដេចតេជោ៖ «ទោះបីជាពិភពលោកបច្ចុប្បន្នមានការប្រែប្រួល ប៉ុន្តែទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ»
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
​​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបជាមួយរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានសំខាន់ៗ

តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ

2025/07/01 08:11:50 pm        176
នារសៀលថ្ងៃអង្គារ ទី១ ខែកក្កដា ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប , លោកស្រី Alissar Chaker បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសនេះ។ លោកស្រី Alissar Chaker បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃភាពជាដៃគូដ៏ល្អរវាងUNDP និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយ UNDP, ជាពិសេស នៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលគ្រោងនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅក្នុងឆ្នាំ ២០២៩ ដែលនេះគឺជាជោគជ័យមួយបន្ថែមទៀត របស់កម្ពុជា ហើយលោកស្រីសង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។ លោកស្រីក៏បានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាលើសកម្មភាពបោសសម្អាតមីន ដោយលោកស្រីបានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រពីអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា, កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងលើសកម្មភាពបោសសម្អាតមីនដោយប្រសិទ្ធភាព, ប្រកបដោយភាពម្ចាស់ការ និង ស្វ័យប្រវត្តិ។ លោកស្រី Alissar Chaker បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលជាច្រើន និង ជាប្រទេសដែលបានចាប់ផ្ដើមកសាងប្រទេសឡេីងវិញពីចំណុចសូន្យ ក្រោយពីសង្គ្រាម  ឱ្យមានការអភិវឌ្ឍលេីគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។ លោកស្រីបានសង្កត់ធ្ងន់ថា៖ សន្តិភាពបាននាំមកនូវការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍណាដែលអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ។ លោកស្រី Alissar Chaker មានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យ របស់សម្ដេចបវរធិបតី, កម្ពុជានឹងកាន់តែមានការអភិវឌ្ឍ, រីកចម្រើន និង រឹងមាំបន្ថែមទៀត។ លោក ស្រី Alissar Chaker ក៏បាន ជម្រាប ជូន សម្តេច បវរ ធិបតី អំពី ការ បន្ត កិច្ច សហប្រតិបត្តិការ របស់ UNDP ជាមួយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កម្ពុជា និង សង្ឃឹម ថា រាជរដ្ឋាភិបាល កម្ពុជា នឹង នៅ តែ បន្ត កិច្ច សហប្រតិបត្តិការ ជាមួយ UNDP ក្នុង ភាព ជាដៃគូ ប្រកប ដោយ ទំនុកចិត្ត។ ជាឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់ និងអរគុណចំពោះការគាំទ្រ  និង កិច្ចសហ ប្រតិបត្តិការ របស់ UNDP តាម រយៈ កម្មវិធីនានា ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា និង បាន ផ្តល់នូវ ផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនកម្ពុជា។ សម្តេច បវរ ធិបតី បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨, រាជរដ្ឋាភិបាលបានខិតខំកៀរគរ ប្រមូលកម្លាំង និងធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្ដេចបវរធិបតីគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើប្រជាជន ជាចម្បង តាមរយៈការពង្រឹងវិស័យអប់រំ , វិស័យសុខាភិបាល, ការបង្កើតការងារជូនដល់ប្រជាជនកម្ពុជាសំដៅដល់ការ លេីកកម្ពស់ មូលធនមនុស្សកម្ពុជា ព្រមទាំង ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គម និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១.៥ លាននាក់ ឱ្យមាន ចំណេះដឹង និង ជំនាញ មួយច្បាស់លាស់ ដែល នឹង រួម ចំណែកដល់ ការ ត្រៀមខ្លួន របស់ កម្ពុជាក្នុងការចាកចេញ ពី ប្រទេស ដែល មាន ការ អភិវឌ្ឍ តិចតួច (LDC) នៅ ឆ្នាំ ២០២៩ ប្រកប ដោយ ភាព ធន់។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពី ការបន្តការគាំទ្រ ដល់ កិច្ច សហប្រតិបត្តិការ របស់ រាជរដ្ឋាភិបាល កម្ពុជា ជាមួយនឹង UNDP និង លេីកទឹកចិត្ត ដល់ UNDP ឱ្យបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុង ភាព ជាដៃគូ ឱ្យ កាន់តែ រីកចម្រើន និងរឹងមាំ បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម

2025/07/01 08:05:22 pm        199
ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថាសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយដែលបានជួបឯកឧត្តមប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតឲ្យកាន់តែល្អប្រសើរទាំងក្នុងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្ដេចតេជោបានអរគុណចំពោះការទទួលស្វាគមន៍សម្ដេចយ៉ាងរាក់ទាក់ពេលសម្ដេចទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនាពេលកន្លងទៅ។ ឯកឧត្តមប្រធានសភាអារ៉ាប់ប៊ីសាអូឌីត បានអរគុណចំពោះសម្ដេចតេជោដែលបានចំណាយពេលវេលាឱ្យឯកឧត្តមបានជួបពិភាក្សានាពេលនេះ។ ឯកឧត្តមបានសរសើរអំពីទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមក៏ចង់ឃើញភាពរីកចម្រើនរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរកើនឡើងទៀតតាមរយៈភាគីទាំងពីរផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានបញ្ជាក់ពីការជំរុញទំនាក់ទំនងប្រទេសទាំងពីរតាមរយៈការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលឯកឧត្តមបានចាត់ទុកថាជាចំណុចសំខាន់ ក្នុងការរុញច្រើនទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរ។ ឯកឧត្តមក៏ចាប់អារម្មណ៍លើវិស័យកសិកម្ម និងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលក្នុងវិស័យទេសចរណ៍ឯកឧត្តមបានលើកឡើងថា ប្រទេសទាំងពីរនៅមិនទាន់មានជើងហោះហើរ ហើយក៏មិនទាន់មានក្រុមហ៊ុនទេសចរណ៍ច្រើនដែលទៅទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងនាំទេសចរណ៍ពីអារ៉ាប៊ីសាអូឌីតមកកម្ពុជាដែរ ច្រើនដែរ។ ឯកឧត្តមចង់ឲ្យភាគីទាំងពីរ បង្កើននូវកិច្ចសហប្រតិបត្តិការមួយគ្នាឲ្យកាន់តែល្អប្រសើរ លើវិស័យទេសចរណ៍និងកសិកម្ម ជាដើម។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត ហើយសម្ដេចក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសកម្ពុជាដែលអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតគួរតែសម្លឹងមក នឹងធ្វើការសិក្សា ហ្នឹងវិនិយោគក្នុងវិស័យសំខាន់ៗក្នុងប្រទេសកម្ពុជាគឺវិស័យកសិកម្មតែម្ដង។ សម្ដេចបញ្ជាក់ថាវិស័យកសិកម្មនៅកម្ពុជាគឺមានសក្តានុពលច្រើនដែលត្រូវការវិនិយោគពីក្រៅប្រទេស ហើយប្រសិនបើអារ៉ាប់ប៊ីសាអូឌីតចាប់អារម្មណ៍គួរតែពិនិត្យទៅលើការវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ពិសេសកាកែច្នៃផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ កម្ពុជាសព្វថ្ងៃមានសមត្ថភាពផលិត ដែលជាវត្ថុធាតុដើម ប៉ុន្តែយើងនៅមានកង្វះខាតក្នុងការកែច្នៃដើម្បីនាំចេញ។ សម្ដេចតេជោក៏បានលើកឡើងទាក់ទងទៅនឹងអង្កររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍លើទីផ្សារអន្តរជាតិជាច្រើន ដែលជាអង្ករមិនមានជាតិគីមី ហើយទទួលបានការផ្ដល់តម្លៃហើយអាចវាយលុកទៅលើទីផ្សារគ្រប់ទីកន្លែង ប៉ុន្តែចំណុចសំខាន់គឺយើងនៅខ្វះការកែច្នៃដើម្បីនាំចេញ។ ទាក់ទងទៅនឹងទេសចរណ៍ សម្ដេចតេជោចង់ឃើញអារ៉ាប់ប៊ីសាអូឌីតមានការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលមិនត្រឹមតែប្រជាជនរ៉ាប៊ីសាវ៉ាឌីតមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ តែប្រជាជននៅតំបន់មជ្ឈឹមបូព៌ានិងអាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជាបានផងដែរ ហើយក៏ជាការបង្កើតនូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជនផងដែរ។ សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ និងថៃបានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត។ឯកឧត្តមប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត ក៏បានអរគុណសម្តេចតេជោដែលបានប្រាប់អំពីមូលហេតុបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយឯកឧត្តមបានដឹងច្បាស់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការរីកចម្រើន និងមានសុខសន្តិភាព ហើយឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងអារ៉ាប៊ីសាអូឌីត នឹងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕

សម្ដេចធិបតីជួបជាមួយមេធាវីអន្តរជាតិដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធការបន្តនីតិវិធីរបស់កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីវិវាទព្រំដែនជាមួយថៃ

2025/07/01 07:31:02 pm        316
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិនិត្យ និងពិភាក្សាជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដែលជាក្រុមទីប្រឹក្សាអ្នកច្បាប់ និងជាមេធាវីអន្តរជាតិមួយរូប ពាក់ព័ន្ធនឹងការនាំរឿងក្ដីវិវាទព្រំដែនកម្ពុជាជាមួយថៃទៅតុលាការអន្តរជាតិ ICI។ សម្ដេចធិបតីបានសរសេរថា៖«ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី»។សម្ដេចធិបតីបានបញ្ជាក់ាថ លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល គឺជាសមាជិកដ៏សំខាន់មួយរូបក្នុងក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយអោយកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ជាថ្មីថា៖‍«កម្ពុជានៅបន្តមិនរាថយ ចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិនោះទេ»៕

សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី

2025/07/01 02:56:52 pm        452
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានអនុញ្ញាតឲ្យ លោក Nagashima Akihisa សមាជិករដ្ឋសភា និង​ជា​ទីប្រឹក្សា​ពិសេស​នាយក​រដ្ឋ​មន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើម សម្ដេច​តេជោ​ បានសម្ដែងការសាទរ និងរីករាយចំពោះវត្តមានរបស់ឯកឧត្តមសមាជិកសភា និងជា​ទី​ប្រឹក្សា​ពិសេស​នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយ​សម្ដេច​បានចាត់ទុកដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា គឺជា​ផ្នែក​មួយ​នៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។នៅ​ក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន បានសម្ដែង​នូវ​ក្ដី​អរ​គុណ​ចំពោះ​សម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែង​ការ​គួរ​សម​ក្នុង​ឱកាស​នេះ ហើយឯកឧត្តម បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងជប៉ុន នា​ពេល​កន្លងមក ក៏ដូចជាបច្ចុប្បន្ន និងបន្តរីកចម្រើនទៅមុខទៀត ។ឯកឧត្តម​ក៏​បានរំលេចអំពីទំនាក់ទំនងជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺទទួលបាននូវផ្លែផ្កាដ៏ល្អ។ ជា​មួយ​គ្នា​នេះ ​ឯកឧត្តមក៏បានសម្ដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេស សម្ដេចតេជោផ្ទាល់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​នាវាជើងទឹករបស់ជប៉ុន បានចូលចតនូវកំពង់ផែរាមកាលពីពេលថ្មីៗនេះ ដែលជាផ្នែក​ដ៏​សំខាន់ នៃការញ៉ាំងទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ អោយកាន់​តែ​រីក​ចម្រើន​។ ក្រៅពីនោះ ឯកឧត្តម ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងកម្ពុជា និង​ជប៉ុន នៅក្នុងវិស័យដោះមីន ជាពិសេស គឺការចូលរួមចំណែករបស់ជប៉ុន ក្នុងកា​រ​ជួយ​ដល់​ការ​ដោះ​មីន​ នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និង​ជប៉ុន ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេស ចាប់តាំងពីជំនាន់ឯកឧត្តមស៊ីនហ្សូ អាបេ ដែលមានការរីកចម្រើនខ្លាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយមកដល់ពេលនេះ គឺ​កម្ពុជា នឹងជប៉ុន បានឈានដ៏កម្រិតដៃគូយុទ្ធសាស្ត្រជាមួយគ្នា នៃកម្រិត​ទំនាក់​ទំនង​ដ៏​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ។ សម្ដេចតេជោ ក៏បានរំលេចអំពីភាពជោគជ័យ​របស់​សម្ដេចធិប​តី​កន្លង​មក​នៅ​ប្រទេស​ជប៉ុន និងជាផ្នែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំង​សេដ្ឋកិច្ច នយោបាយ និងយោធាជាមួយគ្នា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ទន្ទឹម​នឹង​នោះ សម្ដេចតេជោ ក៏បានកត់សម្គាល់ទាក់ទងទៅនឹងវិស័យដោះមីនផងដែរ ដោយ​សម្ដេច​តេជោ បានរំលឹកថា កម្ពុជា នាពេលបច្ចុប្បន្ននេះ បានបញ្ជូនកងទ័ពរបស់ខ្លួន ទៅ​ចូល​រួម​រក្សា​សន្តិភាព​ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយក្នុងចំណោមកងទ័ព របស់កម្ពុជា​ភាគច្រើន​នោះ ត្រូវបានទៅជួយដោះមីននៅតាមបណ្ដាប្រទេសនានា ដែលជាផ្នែកជំនាញរបស់កម្ពុជា ដែល​បាន​ធ្វើកិច្ចការទៅលើការដោះមីន ហើយសម្ដេច ក៏មិនភ្លេចដែរនូវការអរគុណចំពោះភាគីជប៉ុន ពី​ព្រោះភា​ព​ជំនាញរបស់កម្ពុជា នៅក្នុងការដោះមីននេះ ក៏មានការរួម​ចំណែក​ជួយ​ជ្រោមជ្រែង​ទាំង​បច្ចេក​ទេស និងសម្ភារៈផងដែរ ដែលជួយដល់កងកម្លាំងរបស់កម្ពុជា ។ទាក់ទង​ទៅ​នឹងបញ្ហាព្រំដែន សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ទីប្រឹក្សាពិសេស របស់នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បន្ថែមឱ្យបានយល់អំពីទិដ្ឋភាពជាក់ស្ដែងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែល​កំពុង​កើត​មាន ដោយចាប់ផ្ដើមចេញពីការបាញ់ប្រហាររបស់ទាហានថៃ មកលើទាហានកម្ពុជាស្លាប់ កាល​ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ និងការសម្រេចបិទព្រំដែនជាឯកតោភាគទី រប​ស់​ភាគី​ថៃ ដែលធ្វើឲ្យស្ថានភាព នៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កាន់តែ​តាន​តឹង​នា​ពេល​បច្ចុប្បន្ន​នេះ​។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីចំណុចសំខាន់ ដើម្បីពន្យល់​ទៅ​កាន់​ទីប្រឹក្សា​ពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន ឱ្យបានជ្រាបពីទិដ្ឋភាពជាក់ស្ដែង ដែលបាន​កើត​ឡើង​រវាង​កម្ពុជា​ និងថៃនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ។ក្នុងឱកាស​នោះ សម្ដេចតេជោ ក៏បានឆ្លៀតប្រាប់ទៅទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា កម្ពុជា មកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហា​ព្រំដែន​រវាង​កម្ពុជា និងថៃទេ (ភាគីទី៣ នោះ គឺសំដៅទៅលើប្រទេសទី៣) ។ អ្វីដែលកម្ពុជា ត្រូវ​ការ​នោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធី ពោល គឺតាមរយៈយន្តការ នៃច្បាប់​អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ ក្នុងនោះ សម្ដេចតេជោ បានបញ្ជាក់ថា ទោះ​បី​ពេល​នេះ កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ក៏​ពិតមែន ប៉ុន្តែសម្ដេចបានប្រាប់ទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា ដោយ​អាច​ប្រាប់​ទៅនាយករដ្ឋមន្ត្រីជប៉ុន បានជ្រាប ហើយអាចឲ្យជប៉ុន ជំរុញភាគីថៃ ឲ្យដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ ពោល គឺទៅកាន់តុលាការ ICJ ៕ 

TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា

2025/06/30 02:58:42 pm        5644
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥នេះ បានបង្ហោះ​សារ​នៅ​លើ​ប​​ណ្ដាញ​សង្គមដោយសម្ដេចតេជោបានបញ្ជាក់ថា «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតា​ចង់​បាន​ទឹក​ដី​កម្ពុជា​»។សម្ដេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹម​ថង​គុល​ បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹង​លើក​កង​ទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយ​អាច​រហូត​ដល់​រាជ​ធានី​ភ្នំពេញ​ទៀត​ផង​។សម្ដេច​តេជោបានបង្ហាញសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អា​ហ៊ុន​សែន​មហា​តេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែល​អញ​អត់​មាន​អំណាច​ ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះបាត់ដំបង សៀមរាប សិរីសោភណ្ឌ អញ​នឹង​ដណ្តើម​យក​មក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយ​អញ​សួរ​ហ្អែង​ថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។សម្ដេចតេជោ​បានចាត់ទុក សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញ​យ៉ាង​ច្បាស់​អំពី​​ការ​ចិញ្ចឹម​ចិត្ត និងមហិច្ចតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះ​ហើយ​ខ្ញុំ​សូម​ប្រកាស​ឲ្យ​ជន​រួម​ជាតិ​​ខ្មែរ​យើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវ​ត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែល​ចិញ្ចឹម​ចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។សម្ដេចតេជោបានបញ្ជាក់ថា ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូ​វព​ង្រឹង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បី​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ថៃ​ឲ្យ​បានឆាប់។ យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការ​ទូត និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាព​ប៉ះ​ទង្គិច​ខាង​យោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសផុត។សម្ដេចតេជោបានសង្គត់ធ្ងន់ថា៖«ខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ តែ​នេះ​ជា​សារ​ដាស់​តឿន​ដល់ បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀម ខ្លួនវាយចោរឈ្លានពានទឹកដី»៕

TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍​មិនអនុញ្ញាតឱ្យ​មានការ​ដឹកជញ្ជូន​ទំនិញគ្រប់​ប្រភេទចូល ចេញឬ​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ឬច្រកទ្វារតំបន់​ណាមួយ​តាមខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃឡើយ

2025/06/29 01:40:00 pm        1967
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែមិថុនានេះ បានជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ!។

គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

2025/06/29 11:51:28 am        310
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឆ្លងកាត់រយៈពេល ៧៤ ឆ្នាំមកនេះការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធមីទ្ទិញអបអរសាទរខួប ៧៤ ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩មក គណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្ដែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាននូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល។ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាជនពិតជាបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជាគណបក្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិ ការកសាង និងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបន្តដឹកនាំប្រជាជនឆ្ពោះទៅរកអនាគតដ៏រុងរឿងបាន។ សច្ចធម៌នេះ បានបញ្ជាក់ច្បាស់តាមរយៈការគាំទ្រយ៉ាងច្រើនលើសលប់របស់ប្រជាជនមកលើគណបក្សនៅក្នុងរាល់ការបោះឆ្នោតកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋានឃុំ សង្កាត់៕ អត្ថបទ៖ វ៉ន ដារ៉ា

ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាជាង៤៦ឆ្នាំមកនេះអាស្រ័យមូលហេតុធំៗចំនួន៦

2025/06/29 11:46:54 am        325
ក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ប្រារព្ធអង្គមីទ្ទីង អបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យដោយមូលហេតុធំៗ ចំនួន៦។មូលហេតុធំៗទាំង៦នោះរួមាន៖១៖ គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព២៖ គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស៣៖ គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ម៉ត់ចត់៤៖ គណបក្សមានជួរមន្ត្រីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌៥៖ គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន៦៖ គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើរ។បើតាមប្រសាសន៍សម្តេចតេជោ មូលហេតុទាំងនេះ មានសារៈសំខាន់បំផុតសម្រាប់ការដឹកនាំរបស់គណបក្សតទៅមុខទៀត ដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាសេចក្តីប្រាថ្នារបស់ប្រជាជន៕

សម្ដេចតេជោអំពាវនាវជនរួមជាតិរួមសាមគ្គីគាំទ្រកងកម្លាំងប្រដាប់អាវុធដើម្បីពង្រឹងខឿនការពារជាតិ

2025/06/29 11:33:46 am        3074
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ជនរួមជាតិទាំងមូល រួមសាមគ្គី ជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រ ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវបែបនេះ ក្នុងឱកាស ពិធីប្រារព្ធមីទ្ទីង​អបអរសាទរខួប ៧៤​ឆ្នាំ​ថ្ងៃ​កំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០២៥ ម្សិលមិញនេះ នៅវិមាន៧មករា។ សម្តេចតេជោ បានថ្លែងថា កម្ពុជា​យើង​ត្រូវ​ការ​បំផុត​នូវ​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរ​អមិត្ត​ជា​មួយ​ប្រជា​ជាតិណាមួយឡើយ។ក្នុងឱកាសនោះ សម្ដេចតេជោ បានគូសបញ្ជាក់ថា សកម្ម​ភាព​វាយ​ប្រហារ​ខុស​ច្បាប់​ដោយ​កង​ទ័ព​ថៃ​មក​លើក​ងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺ​ជា​ការ​រំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍​នេះ ​បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើ​ង​មាន​សុឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​យ៉ាងណាក្តី។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជន​កម្ពុជា​គាំទ្រ​ពេញ​ទំហឹង​ នូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រ ជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុច​ផ្សេង​ទៀត​ក្រៅ​ពី​ចំណុចទាំង៤ ដោយសន្តិវិធី​ស្រប​តាម​អនុស្សារណៈនៃ​ការ​យោគ​យល់គ្នា​រវាង​ប្រទេស​ទាំង​ពី​រ​នៅ​ឆ្នាំ២០០០»៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល និង ពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា

2025/06/27 07:55:39 pm        197
ភ្នំពេញ ៖ ​នៅល្ងាចថ្ងៃសុក្រ ទី២៧ មិថុនា ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជួបសំណេះសំណាល និងពិសារអាហាសាមគ្គីជាមួយសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ​ជាវិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលមានចំណែករហូតជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ ដែលបានចូលរួមបង្កើតការងារ ផ្តល់ប្រាក់ចំណូលផ្ទាល់ និងប្រយ៉ោល និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្ដបន្ទាប់។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានផ្តល់ការយកចិត្តទុកដាក់ គាំទ្រ និងលើកកម្ពស់វិស័យឯកជន ជាពិសេស ការយកចិត្តទុកដាក់ទៅលើ សហគ្រាសធុនតូច និងមធ្យម(SMEs) ដែលបានកំណត់ជាអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិទី៧។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
04/23/2026 06:04 PM
ទឹកជំនន់ សម្លាប់មនុស្សយ៉ាងតិច ២៤នាក់ និងប៉ះពាល់ជាង ៣១.០០០គ្រួសារ នៅភាគនិរតីយេម៉ែន
04/23/2026 06:04 PM
មន្ត្រីអ៊ីរ៉ង់និយាយថា ទីក្រុងតេអេរ៉ង់ទទួលបានប្រាក់ចំណូលដំបូងពីថ្លៃប្រើប្រាស់ច្រកសមុទ្រហ័រមូស
04/23/2026 06:04 PM
មន្ត្រីប៉ាគីស្ថាន បង្ហាញក្ដីសង្ឃឹមពីការមាន «វឌ្ឍនភាពជាវិជ្ជមាន» ពីអ៊ីរ៉ង់
04/23/2026 06:04 PM
រថភ្លើងបុកគ្នា នៅដាណឺម៉ាក បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះ ៤នាក់ធ្ងន់ធ្ងរ
04/23/2026 05:04 PM
ស្លូវ៉ាគីនិយាយថា ខ្លួនកំពុងទទួលបានប្រេងរបស់រុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេងអ៊ុយក្រែនដែលបានជួសជុលរួច
04/23/2026 05:04 PM
លីបង់ និងអ៊ីស្រាអែល នឹងបន្តកិច្ចចរចាផ្ទាល់ដ៏កម្រនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា
04/23/2026 05:04 PM
លីបង់ ត្រៀមជួបអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំការបន្តបទឈប់បាញ់
04/23/2026 05:04 PM
ចក្រភពអង់គ្លេសនឹងបង់ប្រាក់ឲ្យបារាំងរហូតដល់៨៩២លានដុល្លារក្នុងកិច្ចព្រមព្រៀងទប់ស្កាត់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍
04/23/2026 05:04 PM
រូបសំណាកនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធទម្ងន់ ៨តោ នត្រូវបានដាក់តម្កល់លើផ្លូវជាតិលេខ៧
04/23/2026 05:04 PM