សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចូលជាសមាជិកពេញសិទ្ធិ អាស៊ានទី១១ជាផ្លូវការ

2025/10/26 05:48:56 pm        232
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនថ្នាក់ដឹកនាំ និងប្រជាជនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងទិវាជាប្រវត្តិសាស្រ្ដ ដែលបានចូលជាសមាជិកពេញសិទ្ធិទី១១ នៃសមាគមអាស៊ានជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។ តាមរយៈសារលិខិតអបអរសាទរផ្ញើជូន ឯកឧត្តម ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម ខៃ រ៉ាឡា សាណាណា គុសម៉ៅ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ម៉ារៀ ហ្វេណានដា ឡៃ ប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងប្រជាជនជាទីរាប់អាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចំពោះសមិទ្ធផលដ៏ស័ក្តិសមនឹងទទួលនេះ។សម្ដេចតេជោមានប្រសាសន៍ថា ប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយជាអនេកដែលមានទីម័រឡេស្តជាសមាជិកនៃ គ្រួសារអាស៊ាន ហើយក៏មានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាមិត្ត និងជាដៃគូមិនងាករេក្នុងដំណើរនេះចាប់តាំងពីការទទួលយកទីម័រឡេស្ដេជាគោលការណ៍ជាសមាជិកទី១១ នៃអាស៊ាន ក្នុងសន្និសីទកំពូល អាស៊ានលើកទី៤០ និង៤១ នៅប្រទេសកម្ពុជា។សម្ដេចតេជោបានបញ្ជាក់ថា ក្នុងបរិការណ៍សកលលោកដែលកាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ន ការចូលរួមជាសមាជិក ពេញសិទ្ធិនៃទីម័រឡេស្តេ គឺចំពេលវេលា និងមានតម្លៃសម្រាប់ការពង្រឹងការឯកភាពរបស់សមាគម អាស៊ាន។ នៅពេលដែលតំបន់របស់យើងកំពុងប្រឈមនឹងបញ្ហាជាច្រើន ទាំងក្នុងប្រទេស តំបន់ និង អន្តរជាតិ ការចូលរួមសកម្ម និងប្រកបដោយគោលការណ៍របស់ទីម័រឡេស្តេ នឹងរួមចំណែកដ៏មាន អត្ថន័យក្នុងការសម្រេចបាននូវចក្ខុវិស័យរួមនៃតំបន់មួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព។សម្ដេចតេជោ មានជំនឿជាក់ថាចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ នឹងកាន់តែរឹងមាំ ក្រោម សមាជិកភាពរួមគ្នារបស់យើងនៅក្នុងអាស៊ាន។ សម្ដេចក៏ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលទីម័រឡេស្ដេ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពឋិតថេរសម្រាប់ប្រទេសយើងទាំងពីរ និងសហគមន៍អាស៊ាន៕

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅរដ្ឋធានីគូឡាឡាំពួរ

2025/10/26 05:33:11 pm        176
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ

2025/10/26 05:16:55 pm        154
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រឹកថ្ងៃអាទិត្យ ទី២៦ តុលា ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ធ្វើឡើងក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងក្រៅការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោកឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។បើតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីលើបញ្ហានានាដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី

2025/10/25 10:33:20 pm        820
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ធ្វើឡើងក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងក្រៅការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោកឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។បើតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីលើបញ្ហានានាដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម៕

សម្តេចតេជោ៖ ឥឡូវស្ថានភាពព្រំដែនបានធូរស្រាលច្រើន ខណៈកម្ពុជា-ថៃ អាច​នឹង​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​រួមគ្នា

2025/10/24 09:44:06 pm        2048
ក្នុងឱកាសអញ្ជើញដឹកនាំប្រជុំពេញអង្គ សម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅ​វិមាន​ព្រឹទ្ធ​សភា នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ស្ថានការណ៍​បច្ចុប្បន្ន​ជុំវិញ​វិវាទ​ព្រំដែន​រវាងកម្ពុជា និងថៃ គឺបានមានធូរស្រាល និងល្អប្រសើរច្រើន ខណៈនៅថ្ងៃទី២៦ ខែ​តុលា​ខាង​មុខភាគីទាំងពីរអាចនឹងមានការចុះកិច្ចព្រមព្រៀងសន្ដិភាពរួមគ្នាបន្ថែមទៀត។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖« ឥឡូវដំណើរការ [ជម្លោះព្រំដែនកម្ពុជា-ថៃ] គឺ​ឈាន​ទៅ​រក​ការ​ស្រុះ​ស្រួល តាមរយៈលទ្ធផលកិច្ចប្រជុំ ប៉ុន្មានថ្ងៃមកនេះ រួមានកិច្ចប្រជុំ​ពិសេស​គណៈ​កម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី, ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២១-២២ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈ​កម្មាធិការ​ព្រំដែន​ទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដោយភាគីទាំងពីរមានការស្រុះស្រួលគ្នាច្រើនហើយ។ សម្ដេចតេជោបន្តថា៖«ហើយនៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥​ខាង​មុខ​នេះ​នឹង​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា និងថៃថែមទៀត»។ សូមបញ្ជាក់ថា ដំណើរការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មកដល់ខែតុលា ឆ្នាំ​២០២៥​នេះ ជាពិសេសតាមរយៈលទ្ធផលនៃកិច្ច ប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃគឺស្ថានការណ៍កំពុងវិវត្តមករកភាពវិជ្ជមាន និងអាចឈាន​ទៅ​ស្ដារ​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនងប្រទេសទាំងពីរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈ​រដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤

2025/10/24 04:37:30 pm        362
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈ​រដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃ សាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។៤-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧

2025/10/24 03:43:49 pm        338
នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទី សម្តេចអគ្គមហាសេនា​បតី​តេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹ​ក​នាំ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៧ មាន​ដូចខាងក្រោម៖១-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។ ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥។ ៦-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។៧-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃដដែល វេលាម៉ោង៩:០០នាទីព្រឹក បន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ខាងលើនេះ៕

សម្ដេចតេជោ ណែនាំ ក្រុមអ្នកកាសែតថៃ គួរផ្ដោតយកចិត្តទុកដាក់សភាពការណ៍ផ្ទៃក្នុងថៃល្អជាង

2025/10/24 01:12:28 am        222
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ថា ក្រោយពេលអានកាសែតថៃ The Nation ចុះផ្សាយពីកម្ពុជា សម្ដេច មានការចាំបាច់ធ្វើការណែនាំពួកគេឲ្យមានវិជ្ជាជីវៈក្នុងសរសេរ។ អ្វីដែលសម្ដេចគួរណែនាំទៅក្រុមកាសែតអស់លោកនោះគឺថា អស់លោកគួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងថៃល្អជាង មកគិតពីអនាគតនយោបាយផ្ទៃក្នុងកម្ពុជា។សម្ដេចតេជោ លើកឡើងបន្ថែមថា៖ “ខ្ញុំកាន់អំណាចតាំងពីអ្នកកាសែតថៃខ្លះមិនទាន់ចាប់កំណើត ឬនៅដើរស្រាតនៅឡើយ។ ខ្ញុំស្គាល់នូវអ្វីដែលហៅថា នយោបាយផ្ទៃក្នុងកម្ពុជា ក្នុងពេលដែលអ្នកកាសែតថៃមួយចំនួនមិនទាំងស្គាល់សភាពការណ៍ថៃខ្លួនឯងផង មកខំសរសេរវាយតម្លៃសភាពការណ៍កម្ពុជា”។សម្ដេចតេជោ ចង់ប្រាប់លោកអ្នកតាមដានឲ្យបានដិតដល់នូវអ្វីដែលនឹងកើតឡើងក្រោយរដ្ឋាភិបាលអាយុ៤ខែ? ក្រោយរំលាយសភា និងក្រោយការបោះឆ្នោតនាដើមឆ្នាំ២០២៦។ រឿងនៅកម្ពុជា ពួកយើងចេះចាត់ចែងកិច្ចការខ្លួនឯងហើយ មិនចាំបាច់សរសេរបង្វែរសាច់រឿងពីថៃ មកកម្ពុជាទេ។ (បើលេងកុំខឹង បើខឹងកុំលេង)។គួរបញ្ជាក់ថា ឃ្លាមួយរបស់ កាសែតថៃThe Nation លើកឡើងថា៖ “ផលវិបាកនៃសជម្លោះរយៈពេលប្រាំថ្ងៃ និង ភាពតានតឹងព្រំដែនកម្ពុជា-ថៃ នាំឱ្យមាន រលកឆ្លងកាត់សហគមន៍អន្តរជាតិ, ដែលឥឡូវនេះភាគច្រើន គឺគាំទ្រការបង្ក្រាបនៅ តំបន់ប្រផេះទីក្រុងចិន ក្នុងប្រទេសកម្ពុជា។ ការណ៍នេះ បានធ្វើឱ្យ រដ្ឋាភិបាល របស់ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ងាយរងគ្រោះ និងរង្គោះរង្គើគ្រឹះ”៕

សម្ដេចធិបតី៖ គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដី ដើម្បី​ដោះដូរ​ជាមួយ​នឹង​ការ​ចរចា​បទ​ឈប់​បាញ់ឬការចរចាសន្តិភាពនោះទេ

2025/10/23 10:06:29 pm        1273
ភ្នំពេញ៖ តាមរយៈសារផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គ្មាន​ការ​លួច​ឯកភាព​នៅ​ក្នុង​ការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់​កម្ពុជា​ណា​មួយ​ទៅ​ឱ្យ​ប្រទេសណាមួយដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ ឬការចរចា​សន្តិភា​ព​នោះ​ទេ​។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា កម្ពុជាមិនរំលោភបំពានលើដែនអធិបតេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិន​យល់​ព្រម​ឱ្យ​មាន​ការ​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ បើតាមសារ​របស់សម្ដេចនាយករដ្ឋមន្រ្ដី បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែល​បាន​បន្សល់​ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​អាច​រស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេល​វែង​ទៅ​ខាង​មុខ​។ ​ប៉ុន្តែការដោះស្រាយណាមួយដែលអាចទទួលយកបាន គឺត្រូវផ្អែកលើគោលការណ៍តម្លាភាព មាន​ការ​ឯកភាពគ្នា ដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរ និងដោយ​ប្រើ​ប្រាស់​យន្តការដែ​ល​បាន​ឯកភាព​គ្នា ព្រមទងផ្អែកលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀង​ដែល​មានស្រា​ប់​រវាង​ប្រទេសទាំងពីរ។ សម្ដេចបាន​ថ្លែងបញ្ជាក់ថា នៅក្នុងន័យនេះ ការងារវាស់វែង និងខណ្ឌសីមា គឺស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​គណ:កម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវ​ដោះស្រាយ​ដោយ​សន្តិ​វិធី ​ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិ​ងថៃ។ JBC បានធ្វើការរួមគ្នាប្រកបដោយផ្លែផ្កា ជាច្រើនក្នុងរយៈពេលជាង ២០ឆ្នាំកន្លង​មក​នេះ ទោះបីមិនទាន់បានចប់សព្វគ្រប់ក៏ដោយ៕

កម្ពុជា និងថៃនឹងសាងសង់បង្គោលព្រំដែនចំនួន១៥ឡើងវិញតាមគំរូដើមជំនាន់បារាំង

2025/10/23 04:34:08 pm        516
កម្ពុជា និងថៃ បានឯកភាពគ្នាសាងសង់នូវបង្គោលព្រំដែនចំនួន១៥ឡើងវិញ តាម​គំរូ​ដើម​បង្គោល​ជំនាន់​បារាំង និងសាងសង់ ឡើងវិញនូវបង្គោលលិចទឹកចំនួន៣ទីតាំង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ នៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា​-ថៃ ដែលបានធ្វើឡើងនៅ ខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ​២០២៥​នេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរួម ក្រោយ​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ពិសេស​គណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក(JBC) កម្ពុជា ថៃ បានឲ្យដឹងថា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និង​ជា​សហ​ប្រធាន​គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ (ភាគីកម្ពុជា)។ គណៈប្រតិភូថៃដឹកនាំដោយឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សា​ក្រសួង​ការ​បរទេស​នៃ​ព្រះ​រា​ជា​ណា​ចក្រថៃ និងជាសហប្រធាន គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ-កម្ពុជា (ភាគីថៃ) ដោយកិច្ចប្រជុំបានធ្វើឡើងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល។តាម​សេចក្តីប្រកាសព័ត៌មានរួមកិច្ចប្រជុំ បានឲ្យបញ្ជាក់ថា ភាគីទាំងពីរ(កម្ពុជា-ថៃ)​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ជូន​អនុ​គណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បី​សាង​សង់​ឡើង​វិ​ញ​នូវ​បង្គោល​ព្រំដែនចំនួន១៥ តាមគំរូដើមបង្គោល​ជំនាន់​បារាំង​នៅ​ទីតាំង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើទីតាំងដើម ហើយមួយវិញ​ទៀត​ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​សាង​សង់​ឡើង​វិញ​នូវ​បង្គោល​ព្រំដែ​នលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរ នឹងឯកភាពគ្នាផងដែរ។សេចក្តីប្រកាសព័ត៌មានរួមដដែល បានលើកឡើង​ទៀត​ថា​ភាគី​ទាំង​ពីរ​ក៏បា​ន​ឯកភាព​ពន្លឿន​ការ​កែ​ស​ម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹង ការផលិតផែនទីអ័រតូហ្វូតូ (ចំណុច​ទី៤ ជំហានទី២ នៃTOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន។តាម​សេចក្តីប្រកាសព័ត៌មានរួម បានឲ្យដឹងទៀតថា ពាក់ព័ន្ធ​នឹង​ករណី​ការ​ចុះ​វាស់​វែង​ និង​ខណ្ឌ​សីមា​ព្រំដែន​នៅ​លើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 នៅក្នុង​តំបន់​ភូមិ​ជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ ភាគីទាំងពីរ​បាន​ឯកភាព​ពិនិត្យ​កែ​សម្រួល​បញ្ចប់​បែបបទណែនាំបច្ចេកទេស (TI)សម្រាប់ការវាស់វែងរួមគ្នា និងបោះ​បង្គោល​បណ្តោះ​អាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47។ បន្ទាប់​ពី​បញ្ចប់​ការ​វាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​រៀង​ខ្លួន​ ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យ​សម្រេច​លើកា​រ​បង្កើត​យន្ត​ការ​សម​ស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ។សេចក្តី​ប្រកាសបានបញ្ជាក់ទៀតថា ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើង​ក្នុង​គោល​បំណង​ប​ម្រើ​ឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃនោះឡើយ ហើយ​ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំង​កង​កម្លាំ​ង​យោធា និង ជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រម​ទាំង​ត្រូវ​ចៀស​វាង រាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយ​ត្រូវ​ធានា សុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០​ផង​ដែរ​។បើតាមសេចក្តីប្រកាសព័ត៌មានភាគីទាំងពីរក៏បានឯកភាពថា កិច្ចប្រជុំ​បន្ទា​ប់របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមាព្រំដែនគោក (JBC) នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ ២០២៦ នៅ​ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM