សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

ព័ត៌មានសំខាន់ៗ

ចិន​ហៅ​សហរដ្ឋអាមេរិក​ថា ​ជា​មេ​ញុះញង់​ដ៏​ធំ និង​អូសបន្លាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​

2022/08/11 11:36:31 am        515
​ចិន៖ ប្រទេស​ចិន​ដែល​រុស្ស៊ី​ស្វែងរក​ការ​ចង​សម្ព័ន្ធ​ភាព ​ចាប់តាំងពី​ត្រូវបាន​រួបរឹត​ដោយ​លោក​ខាង​លិចជុំវិញ​ការវាយប្រហារ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន បាន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា​មេ​ញុះញង់​ដ៏​ធំ​ចំពោះ​វិបត្តិ​នេះ​។​ ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​រុស្ស៊ី​បាន​លើក​ឡើង​ថា ទីក្រុង Washington កំពុង​ព្យាយាម​អូស​បន្លាយ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ឲ្យ​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បានដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ី​ចុះ​ខ្សោយ។ ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ​ទី​១០ ​សីហា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង Moscow លោក Zhang Hanhui បាន​ចោទប្រកាន់​ក្រុង Washington ពី​បទ​រុញ​រុស្ស៊ី​ឲ្យ​ចូល​អន្ទាក់ ដោយ​ការពង្រីក​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត​នៃ​សម្ព័ន្ធ​ការពារ​ណា​តូ និង​គាំទ្រ​កងកម្លាំង​ដែល​កំពុង​ព្យាយាម​ភ្ជាប់​អ៊ុយ​ក្រែ​ន​ទៅ​នឹង​សហភាព​អឺរ៉ុប​ជាជាង​ក្រុង Moscow​។ ​លោក Zhang ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​និយាយ​ថា ក្រុង Washington ក្នុងនាម​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត និង​មេ​ញុះញង់​ឲ្យ​មាន​វិបត្តិ​អ៊ុយ​ក្រែ​ន ខណៈ​កំពុង​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ង​រ​បំផុត​មិន​ធ្លាប់​មាន​លើ​រុស្ស៊ី នៅតែ​បន្ត​ផ្គត់ផ្គង់​អាវុធ និង​យុទ្ធោបករណ៍​ដល់​អ៊ុយ​ក្រែ​ន​។​ឯក​អគ្គ​រដ្ឋ​ចិន​រូប​នេះ​គូស​បញ្ជាក់ថា ​លោក​បាន​មើល​ឃើញ​ពី​ភាព​ដូច​គ្នា​រវាង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​ភាព​តានតឹង​ដែល​កំពុង​រីក​ធំ​ចុងក្រោយ​ជុំវិញ​កោះ​តៃវ៉ាន់​។ លោក​បាន​ចោទ​ប្រកាន់​ថា សេត​វិមាន​កំពុង​ដាក់​ពង្រាយ​ប្រភេទ​ឧបករណ៍ដែល​​ខ្លួន​ធ្លាប់​បាន​ប្រើ​ពីមុន​ នៅ​ក្នុង​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​៕អត្ថបទ៖ សុខមាន

លោក Donald Trump ច្រាន​ចោលការ​ស្រាយ​បំភ្លឺ​ក្នុង​ការ​ស៊ើបអង្កេត​ក្នុង​រដ្ឋ New York

2022/08/11 11:00:24 am        543
​សហរដ្ឋអាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump មិន​ព្រម​ស្រាយ​បំភ្លឺ​ជា​ផ្នែក​មួយ​ការស៊ើបអង្កេត​របស់​រដ្ឋ New York ទៅលើ​ការ​អនុវត្តន៍​ពាណិជ្ជកម្ម​គ្រួសារ​របស់​លោក​។​ ​លោក Trump បាន​ប្ដឹង​ក្នុង​កិច្ច​ខិតខំ​ប្រឹង​បិទ​ការសាកសួរ​នៅ​ការិយាល័យ​ក្រសួងយុត្តិធម៌​រដ្ឋ New York កាលពី​ថ្ងៃ​ពុធ​។ ​ក្រុម​មន្ត្រី​រដ្ឋ​នេះ​បាន​ចោទ​អង្គការ Trump Organization ពី​បទ​ផ្ដល់​ព័ត៌មាន​មិន​ពិត​ដល់​ក្រុម​អាជ្ញាធរ អំពី​តម្លៃ​ទ្រព្យសកម្ម​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ប្រាក់កម្ចី​អនុគ្រោះ និង​បន្ធូរបន្ថយ​ការ​បង់ពន្ធ​។​ ​លោក Trump ច្រានចោល​ការប្រព្រឹត្តិ​ខុស​ឆ្លង និង​បាន​ហៅ​ការស៊ើបអង្កេត​ស៊ីវិល​ថា ​ជា​ការ​ព្យាយាម​ទម្លាក់​កំហុស​។​ រយៈពេល​មួយ​ម៉ោង​ក្រោយ​លោក​បាន​បញ្ចេញ​រូបភាព​ទៅដល់​ការិយាល័យ Manhattan ជាទី​ដែល​លោក​ត្រូវ​បាន​សាកសួរ​ក្រោម​ការសន្យា​ផ្លូវការ លោក Trump​ បាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​លោក​បាន​រិះគន់​មន្ត្រី​យុត្តិធម៌​រដ្ឋ New York លោកស្រី Letitia James និង​ការស៊ើបអង្កេត​កាន់តែ​ទូលំទូលាយ​។ ​លោក​បាន​និយាយ​ថា ​ការងារ​ជាច្រើន​ឆ្នាំ និង​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ ត្រូវ​បាន​ចំណាយ​លើ​រឿង​ដែល​កំពុង​ដុត​បញ្ចេះ​ឲ្យ​អូស​បន្លាយ​យ៉ាង​យូរ​នេះ ហើយ​គ្មាន​ប្រយោជន៍​អ្វី​សោះ​។​ ខ្ញុំ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ក្រោម​សិទ្ធិ និង​សិទ្ធិ​ពិសេស​ដែល​ផ្ដល់​ឲ្យ​ពលរដ្ឋ​គ្រប់រូប​តាម​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​។ ​ការ​ទាត់​ចោល​របស់​លោក​មាន​ឡើង​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ទីភ្នាក់ងារ FBI បាន​ចូល​ឆែកឆេរ​លំនៅឋាន Mar-a-Lago របស់​លោក​ក្នុង​រដ្ឋ Florida ដោយ​គ្មាន​ដីកា​មិន​ធ្លាប់​មាន​ពី​មុន​មក ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ដាច់​ដោយឡែក​ដែល​ត្រូវ​គេ​រាយការណ៍​ថា ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដក​យក​ឯកសារ​ដែល​បាន​ផ្ទៀង​ផ្ទាត់​រួច​ចេញពី​សេត​វិមាន ខណៈ​លោក​បាន​ចុះ​ចេញពី​តំណែង​ជា​ប្រធានាធិបតី​ក្រោយ​ចាញ់​ឆ្នោត​ឆ្នាំ​2020 ៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសព និងពិនិត្យសំណង់ចេតិយសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/08/11 10:53:58 am        529
កំពង់ចាម៖ មុនពិធីបុណ្យខួបគម្រប់១០០ថ្ងៃប្រារព្ធធ្វើឡើងនៅរសៀលនេះ នាព្រឹកថ្ងៃទី១១ សីហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើដំណើរទៅកាន់ទីកន្លែងបញ្ចុះសពដើម្បីគោរពវិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងពិនិត្យមើលសំណង់ចេតិយសម្តេចទេពញាណដែលកំពុងដំណើរការសាងសង់យ៉ាងសក្តិសម នៅក្នុងបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។សូមបញ្ជាក់ថា ចេតិយតម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានកសាងឡើងក្រោមរចនាបថសម័យទំនើបមានទំហំ ១១ម៉ែត្របួនជ្រុង និងកម្ពស់ ៣៣ម៉ែត្រ បំពាក់ទៅដោយគ្រឿងរចនាបថខ្មែរ និងការស្ថាបនាសួនឧទ្យានភ្លើងបំពាក់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ មកដល់ពេលនេះ ចេតិយនេះ ស្ថាបនាហើយប្រមាណ ៣០ភារយ ដោយគ្រោងបញ្ចប់រយៈពេល១ឆ្នាំ។ ពិធីបុណ្យទក្ខិណានុបទានគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រារព្ធឡើងនៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងសារចូលរួមរំលែកមរណទុក្ខពីគ្រប់មជ្ឍដ្ឋាន បានចាត់ទុកការបាត់បង់សម្តេចឧត្តមទេពញាណ គឺជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេស ក៏ជាការបាត់បង់ ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកា ក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនីតិរដ្ឋ ប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការរហូតមក។សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិ ប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។ ដោយសារគុណបំណាច់ទាំងអស់នេះហើយ ភ្លាមៗបន្ទាប់ពីទទួលមរណភាព ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់ឯកឧត្តម ហ៊ុន ណេង ជា«សម្តេចឧត្តមទេពញាណ ហ៊ុន ណេង»។ ក្នុងព្រះរាជសាររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជប្រទាននេះ ឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងការចូលរួមរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារគ្រប់ជំនាន់ ក្នុងបុព្វហេតុរួមនៃការធានាកិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលនេះជាភាពស្មោះត្រង់ក្នុងនាមប្រជាជនខ្មែរដែលគោរពចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្ក និងរបបរាជានិយមឥតងាករ៉េ។ ការត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង គឺជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់ក្រៃលែងសម្រាប់ក្រុមគ្រួសារនៃសព៕

ចិន​ដក​ការសន្យា​ដែល​ថា ខ្លួន​មិន​បញ្ជូន​កម្លាំង​ទៅកាន់​កោះ​តៃវ៉ាន់ ប្រសិន​ខ្លួន​ត្រូវយក​ដែនដី​មួយ​នេះ​ត្រឡប់មកវិញ​

2022/08/11 10:33:06 am        542
​ចិន៖ ការិយាល័យ​ក្រុមប្រឹក្សារដ្ឋ​ទទួលបន្ទុក​កិច្ចការ​កោះ​តៃវ៉ាន់ និង​ការិយាល័យ​ព័ត៌មាន​ក្រុម​ប្រឹក្សា​រដ្ឋ​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន បាន​ផ្សព្វផ្សាយ​សៀវភៅ​ស​កាល​ពី​ថ្ងៃ​ពុធ​ដែល​មាន​ចំណងជើង​ថា បញ្ហា​តៃវ៉ាន់ និង​ការ​បង្រួម​បង្រួម​ឡើងវិញ​របស់​ចិន​ក្នុង​យុគសម័យ​ថ្មី។ ​ឯកសារ​នោះ​ពុំបាន​រាប់បញ្ចូល​ទាំង​ការសន្យា​ដែល​ថា នឹង​មិន​បញ្ជូន​កម្លាំងយោធា​ ឬ​ក្រុម​បុគ្គលិក​រដ្ឋបាល​ទៅកាន់​កោះ​តៃវ៉ាន់​ទេ ប្រសិនបើ​ចិន​យក​ដែន​កោះ​មួយ​នេះ​ត្រឡប់មកវិញ ដែល​ត្រូវ​បាន​បញ្ជាក់​កាលពី​កន្លងទៅ​តាមរយៈ​សៀវភៅ​ស​។ សៀវភៅ​សនេះ​បាន​សង្កត់ធ្ងន់​ពី​ការ​អះអាង​របស់​ចិន​ដែលថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​នៃ​អតីត​ដែនដី​របស់​ខ្លួន។​ បក្ស​កុម្មុយនីស​ចិន​បង្ហាញ​ពី​ដំណោះ​ស្រាយ និង​ឥរិយាបថ​គ្មាន​ការ​សម្របសម្រួល ចំពោះ​បញ្ហា​នៃ​ការបង្រួបបង្រួម​ជាតិ​ឡើងវិញ​។​ ​សៀវភៅ​សនោះ​បាន​និយាយ​ថា យើង​គឺជា​ចិន​តែមួយ តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន។ នេះ​គឺជា​ការពិត​មិន​អាច​ប្រកែក​បាន ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រវត្តិសាស្ត្រ និង​ច្បាប់​។ កោះ​តៃវ៉ាន់​មិន​ធ្លាប់​ជា​រដ្ឋ​ទេ។ ​ឋានៈ​របស់​ខ្លួន​ជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន គឺ​មិនអាច​ផ្លាស់ប្តូរ​បានឡើយ​។​ឯកសារ​នេះ​បាន​បង្ហាញ​ថា ​ចិន​ក៏បាន​ដក​ការសន្យា​ផង​ដែរ​ដែលថា ខ្លួន​មិន​បញ្ជូន​កម្លាំង ឬ​ក្រុម​បុគ្គលិក​រដ្ឋបាល​ទៅកាន់​កោះ​តៃវ៉ាន់​នោះ​ទេ បន្ទាប់ពី​យក​ដែនដី​មួយ​នេះ​ត្រឡប់មកវិញ ជា​សញ្ញា​បញ្ជាក់​ពី​ការសម្រេច​របស់​លោក​ប្រធានាធិបតី Xi Jinping ក្នុង​កាត់បន្ថយ​ស្វ័យភាព​នៅ​តិច​ជាង​ការ​លើក​ឡើង​កាលពី​កន្លងទៅ​។​ ​ចិន​ធ្លាប់​បាន​និយាយ​នៅក្នុង​សៀវភៅ​ស​ចំនួន​២ កាលពី​កន្លងទៅ​ស្ដីពី​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ​1993 និង 2000 ថា​ ខ្លួន​នឹង​មិន​បញ្ជូន​កងទ័ព ​ឬ​បុគ្គលិក​រដ្ឋបាល​ទៅ​ឈរជើង​នៅ​ក្នុង​ទឹកដី​កោះ​តៃវ៉ាន់​ទេ បន្ទាប់ពី​ទទួល​បាន​ការ​បង្រួប​បង្រួម​ទឹកដី​ឡើងវិញ​នោះ​៕អត្ថបទ៖ សុខមាន

ប្រទេស​បារាំង​បាន​ព្រមាន​ពី​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​បំផុត​ ខណៈ​ទន្លេ​រីងស្ងួត​

2022/08/10 03:09:20 pm        796
​បារាំង៖ ប្រទេស​បារាំង​ស្ថិត​នៅ​ក្នុង​ចំណុច​នៃ​រលក​កម្ដៅ​លើក​ទី​៤ ​នៅ​ឆ្នាំនេះ​កាលពី​ថ្ងៃ​អង្គារ ខណៈ​ប្រទេស​នេះ​ប្រឈម​នូវ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ព្រមាន​ថា ​ជា​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​បំផុត​ក្នុង​កំណត់ត្រា​។ ​ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ​បារាំង Meteo France បាន​និយាយ​ថា រលក​កម្ដៅ​បាន​ចាប់ផ្ដើម​នៅ​ភាគ​ខាង​ត្បូង ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រាលដាល​ពាសពេញ​ប្រទេស និង​មាន​រយៈពេល​រហូតដល់​ចុង​សប្តាហ៍​នេះ​។ វីដេអូ​ដែល​ត្រូវ​បាន​ថត​នៅ​តំបន់ Alpes-De Haute-Provence កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ពី​វាល​ស្ងួត​ហែង​មួយ​កន្លែង និង​ដង​ទន្លេ​ដែល​មាន​កម្រិត​ទឹក​ទាប​ជាង​ធម្មតា​។​ ​ពាក់​កណ្តាល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង សីតុណ្ហភាព​នៅ​ពេល​ថ្ងៃ​មាន​រហូតដល់ ៤០​អង្សា​សេ ហើយ​នឹង​មិន​ធ្លាក់​ចុះ​នៅ​ពេល​យប់​ក្រោម ២០​អង្សា​សេ​នោះ​ទេ​។ ទីភ្នាក់ងារ Meteo France និយាយ​ថា រលក​កម្តៅ​ក្នុង​សប្តាហ៍​នេះ​នឹង​មិន​ខ្លាំង​ដូច​កាលពី​ខែ​មុន​នោះទេ ខណៈ​តំបន់​ជាច្រើន​បាន​ជួបប្រទះ​សីតុណ្ហភាព​មិន​ធ្លាប់​មាន​ក្នុង​កំណត់ត្រា​។​ ​រដ្ឋាភិបាល​និយាយ​ថា សីតុណ្ហភាព​ខ្ពស់​កើតឡើង​ក្នុង​អំឡុង​ពេល​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​។ កាលពី​ខែ​កក្កដា ជា​ខែ​ដែល​មាន​ភាព​រាំងស្ងួត​បំផុត​ចាប់​តាំង​ពី​ការ​ព្យាករណ៍​វាស់​ស្ទង់​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ១៩៥៩​។​​កសិករ​មួយចំនួន​បានចាប់ផ្តើម​ឃើញ​ការធ្លាក់ចុះ​ការផលិត ជាពិសេស​ទិន្នផល​សណ្តែក ផ្កាឈូករ័ត្ន និង​ពោត​។ ការ​រឹតត្បិត​ការប្រើប្រាស់​ទឹក​នៅនឹងកន្លែង មាន​ចាប់ពី​ការហាមឃាត់​ប្រព័ន្ធធារាសាស្ត្រ​នៅពេល​ថ្ងៃ រហូតដល់​ការ​រឹតត្បិត​ការប្រើប្រាស់​ទឹក​សម្រាប់​មនុស្ស សត្វពាហនៈ និង​ដើម្បី​រក្សា​ប្រភេទ​សត្វ​ក្នុង​ទឹក​ឱ្យនៅ​មានជីវិត​។​ រដ្ឋាភិបាល​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ក្រុង​ជាង ១០០ មិនអាច​ផ្តល់​ទឹកស្អាត​តាមរយៈ​ប្រព័ន្ធ​ទឹក និង​ការផ្គត់ផ្គង់​ទឹក​តាម​រថយន្ត​ក្នុង​តម្រូវការ​បានឡើយ៕​អត្ថបទ៖ ប៊ុនថន

សត្វ​ស្វា​កំពុង​រង​ការវាយប្រហារ​នៅ​ប្រេ​ស៊ី​ល ក្នុង​ពេល​មានការ​កើន​ឡើង​ការព្រួយបារម្ភ​ជំងឺ​អុត​ស្វា

2022/08/10 02:36:28 pm        535
ប្រេស៊ីល៖ អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ការសោកស្ដាយ​កាលពី​ថ្ងៃ​អង្គារ ចំពោះ​ការ​សម្លាប់សត្វ​ស្វា​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ក្នុងពេល​មានការ​ព្រួយបារម្ភ​ការឆ្លង​ជំងឺ​អុត​ស្វា​។ គេហទំព័រ​ព័ត៌មាន​ប្រេ​ស៊ី​ល G1 បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា សត្វ​ស្វា​ចំនួន ១០ក្បាល​ត្រូវបាន​បំពុល​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​នៅក្នុង​ទីក្រុង Sao Jose do Rio Preto ក្នុង​រដ្ឋ Sao Paulo ហើយ​បញ្ហា​ស្រដៀង​គ្នា​នេះ​ត្រូវបាន​រាយការណ៍​នៅក្នុង​ទីក្រុង​ផ្សេងទៀត​។​ លោកស្រី Margaret Harris អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភព​លោក បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ហ្សឺ​ណែវ​ថា មនុស្ស​ត្រូវតែ​ដឹងថា ​ការឆ្លង​ដែល​យើង​ឃើញ​នៅពេលនេះគឺ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​។ យោងតាម​អង្គការ​សុខភាព​ពិភពលោកបាន​ឲ្យ​ដឹងថា ប្រទេស​ប្រេ​ស៊ី​ល​មានករណី​ជំងឺ​អុត​ស្វា​ជាង ១៧០០ករណី​។ ក្រសួងសុខាភិបាល​​ប្រ​ស៊ី​ល​បានបញ្ជាក់​ពី​ករណី​ស្លាប់​ម្នាក់​ ទាក់ទង​នឹង​ជំងឺ​នេះ​កាលពី​ថ្ងៃទី29 ខែកក្កដា​។ ជនរងគ្រោះ​គឺជា​បុរស​ដែលមាន​ភាពស៊ាំ​ទាប​ និង​មាន​ជំងឺ​ប្រចាំកាយ​។យោងតាម​លោកស្រី Harris បានឱ្យដឹងថា ករណី​ឆ្លង​អាច​កើតមានឡើង​ពី​សត្វ​ទៅ​មនុស្ស ប៉ុន្តែ​ការផ្ទុះ​ឡើង​ករណី​ឆ្លង​នាពេល​ថ្មីៗ​នេះ​គឺ​ទាក់ទង​នឹង​ទំនាក់ទំនង​របស់​មនុស្ស​តែប៉ុណ្ណោះ​។​ ​លោកស្រី​និយាយថា ជាការ​ពិតមនុស្ស​មិនគួរ​សម្លាប់សត្វ​នោះទេ​។ ប្រទេស​ប្រេ​ស៊ី​ល​មានការ​ចុះបញ្ជី​ជា​យូរ​មកហើយក្នុងការ​វាយប្រហារ​លើស​ត្វ​ស្វា ​អំឡុងពេល​ផ្ទុះឡើង​ជំងឺ​គ្រុនក្តៅ​លឿង​។ ចាប់តាំងពី​ខែឧសភា​មក ប្រទេស​ជិត ៩០ បាន​រាយការណ៍​ថា​មាន​ករណី​ជំងឺ​អុត​ស្វា​ជាង ២៩,០០០ករណី។ អង្គការ​សុខភាព​ពិភពលោក ​(WHO) បាន​ចាត់ថ្នាក់ការផ្ទុះ​ឡើង​ជំងឺ​ដ៏​កម្រ​នេះ​ថា ​ជា​គ្រាអាសន្ន​អន្តរជាតិ​កាលពី​ក្នុង​ខែកក្កដា៕អត្ថបទ៖ ប៊ុនថន

អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​កូរ៉េខាងត្បូង​បាន​កើន​ឡើង​ដល់​ ៩​នាក់

2022/08/10 12:52:05 pm        648
​កូរ៉េខាងត្បូង៖ ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​ចំនួន ​៩​នាក់​បាន​ស្លាប់​ និង ​៧​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ជន់​លិច​ផ្លូវ​សំខាន់ៗ ស្ថានីយ​រថភ្លើង​ក្រោម​ដី និង​លំនៅឋាន​ជាច្រើន​ខ្នង​។ ​យោង​តាម​លោក​ប្រធានាធិបតី ​Yoon Suk-yeol ដែល​បាន​សូម​អភ័យទោស​ចំពោះ​ស្ថានភាព​ដ៏​លំបាក​នេះ​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ដែល​បាន​ចាប់ផ្ដើម​ធ្លាក់​កាលពី​ថ្ងៃ​ចន្ទ​គឺ​ខ្លាំងក្លា​បំផុត ចាប់​តាំង​ពី​មានការ​ព្យាករណ៍​អាកាសធាតុ​របស់​កូរ៉េខាងត្បូង​បាន​ចាប់ផ្ដើម ១១៥​ឆ្នាំ​កន្លង​មក​នេះ​។ ​ស្រុក Gangnam របស់​កូរ៉េខាងត្បូង​ត្រូវ​បាន​រងគ្រោះ​ខ្លាំង​ដោយ​ផ្នែក ដោយ​ធ្វើ​ឲ្យ​មាន​ទឹកជំនន់​ជន់​លិច​ពាក់កណ្ដាល​រថយន្ត​។​រូបភាព​ចែករំលែក​តាម​បណ្ដាញ​សង្គម​កាលពីដើម​សប្ដាហ៍​នេះ បាន​បង្ហាញ​ពី​ប្រជាពលរដ្ឋ​ដើរ​លុយ​ទឹក​ត្រឹម​ចង្កេះ និង​ទឹក​ហូរ​កួច​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយ​ចំនួន​។ ​មនុស្ស​យ៉ាងហោចណាស់ ១៧​នាក់​បាន​រង​របួស​ផង​ដែរ៕​អត្ថបទ៖ សុខមាន

ក្រុម​មន្ត្រី​អាមេរិក​ព្រួយបារម្ភ ខណៈ​រុស្ស៊ី​បាញ់​បង្ហោះ​ផ្កាយរណប​របស់​អ៊ីរ៉ង់​ដោយ​ជោគជ័យ​

2022/08/10 12:28:24 pm        588
​សហរដ្ឋអាមេរិក៖ រុស្ស៊ី​បាន​បាញ់​បង្ហោះ​ផ្កាយរណប​របស់​អ៊ីរ៉ង់ ​ដោយ​ជោគជ័យចូល​ទៅ​ក្នុង​គន្លង​តារាវិថី ស្រប​ពេល​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ជុំវិញ​គោលបំណង​នាពេល​អនាគត​របស់​ខ្លួន​។ ​ផ្កាយ​រណប​ដែល​មាន​ឈ្មោះថា Khayyam ត្រូវ​បាន​បាញ់​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ Baikonur របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។ ​ប្រទេស​អ៊ីរ៉ង់​បាន​លើក​ឡើង​ថា ផ្កាយរណប​នេះ​នឹងត្រូវ​ប្រើ​សម្រាប់​ត្រួតពិនិត្យ​បរិស្ថាន និង​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទីក្រុង​តេ​អេ​រ៉ង់​ដដែល​។ ​ប៉ុន្តែ​កាលពី​សប្ដាហ៍​មុន ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​ដល់​សារព័ត៌មាន Washington Post ថា ពួកគេ​បារម្ភ​ថា ​ក្រុង Moscow អាច​ប្រើប្រាស់​ផ្កាយរណប​នេះ ដើម្បី​ឈ្លប​យកការណ៍​លើ​សកម្មភាព​កងទ័ព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​រុស្ស៊ី​បាន​ព្យាយាម​សម្រេច​គោលបំណង​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ក្រុម​មន្ត្រី​បាន​ចោទ​ប្រកាន់​ទីភ្នាក់ងារ​អវកាស Roscosmos របស់​ក្រុង Moscow ថា​ បាន​ប្រាប់​ទីក្រុង​តេ​អេ​រ៉ង់​ថា ខ្លួន​គ្រោង​រក្សា​ការគ្រប់គ្រង​លើ​ផ្កាយរណប​នេះ​រយៈពេល​ជាច្រើន​ខែ ឬ​យូរ​ជាង​នេះ​ ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។​ប្រភព​នានា​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្ថែម​ថា ​ផ្កាយរណប​នេះ​អាច​ផ្ដល់​សមត្ថភាព​ខ្ពស់​មិន​ធ្លាប់​មាន​ដល់​រុស្ស៊ី និង​អ៊ីរ៉ង់ក្នុង​ការ​តាមដាន​ស្ទើរ​ជាប់​ជាប្រចាំ​លើ​ចលនា​ និង​មូលដ្ឋាន​នានា​របស់​កងទ័ព​។ ​ប៉ុន្តែ​ទីក្រុង​តេ​អេ​រ៉ង់​បាន​ទាត់ចោល​កាត​ចោទប្រកាន់​ទាំងនោះដោយ​បាន​សង្កត់​ធ្ងន់​ថា ខ្លួន​នឹង​គ្រប់គ្រង​ទាំងស្រុង និង​ធ្វើ​ប្រតិបត្តិការ​ផ្កាយ​រណប​នោះ​ចាប់​ពី​ថ្ងៃ​ទី​មួយ។ ​អ៊ីរ៉ង់​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ពាក្យ​ចចាមអារ៉ាម​អំពី​ការប្រើប្រាស់​រូបថត​របស់​ផ្កាយ​រណប ​សម្រាប់​គោលបំណង​ខាង​យោធា​គឺ​ខុស​ទាំងស្រុង​៕អត្ថបទ៖ សុខមាន

UN៖ ​ការនាំចេញ​របស់​អ៊ុយ​ក្រែ​ន​មាន​សារៈសំខាន់​ចំពោះ​ការផ្គត់ផ្គង់​ស្បៀងអាហារ​ពិភពលោក​

2022/08/10 11:51:26 am        503
UN៖ អង្គការសហប្រជាជាតិ​និយាយ​ថា សកម្មភាព​ដឹកជញ្ជូន ​នាំចូល និង​នាំ​ចេញពី​កំពង់ផែ​អ៊ុយ​ក្រែ​នគឺជា​ជំហាន​សំខាន់ ​ក្នុង​ការ​ជួយ​ដល់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ដែល​ត្រូវការ​ខ្លាំង​។ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វា​មាន​សារៈសំខាន់​ខ្លាំង​ដែល​នាវា​អាច​នាំចេញ​គ្រាប់​ធញ្ញជាតិ​បាន ដោយ​មិន​គិត​ពី​ទិសដៅ​ទៅ​ទីណា​នោះ​ទេ ព្រោះ​ការពិត​វា​កំពុង​ផ្លាស់ប្តូរ​ធ្វើឱ្យ​តម្លៃ​ស្បៀងអាហារ​ទូទាំង​ពិភពលោក​ធ្លាក់ចុះ​។​នាវា​មួយ​គ្រឿង​ក្នុងចំណោម​នាវា​ដែល​បាន​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ​ក្រោម​កិច្ចព្រមព្រៀង​ដើម្បី​បើក​ការផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ និង​ទប់ទល់​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​បានមក​ដល់​ប្រទេស​ទួរគី ជា​នាវា​ដឹកទំនិញ​ដំបូង​គេ​ដែល​បាន​ទៅដល់​គោលដៅ​របស់ខ្លួន​។ ​ពេលនេះនាវា​ចំនួន 12គ្រឿង​ផ្សេងទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ តាម​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ីដែល​ត្រូវបាន​សម្របសម្រួល​ដោយ​ទួរគី និង​អង្គការសហប្រជាជាតិ​ដោយ ​10​គ្រឿង​នាំចេញ និង​ពីរ​គ្រឿង​នាំចូល​។ ផលិតផល​កសិកម្ម​ប្រហែល 322,000តោន​បាន​ចាក​ចេញពី​កំពង់ផែ​អ៊ុយ​ក្រែ​នភាគច្រើន​ជា​ផលិតផល​ពោត ប៉ុន្តែ​ក៏មាន​ប្រេង​ផ្កាឈូករ័ត្ន និង​សណ្តែក​ផងដែរ​។​ទោះជា​យ៉ាងណា នាវា​ដឹកទំនិញ​ដំបូង​គេ​ដែល​ចាក​ចេញពី​អ៊ុយ​ក្រែ​ន បានចាក​ចេញពី​កំពង់ផែ Odesa កាលពី​ថ្ងៃទី1 ខែសីហាបាន​ជាប់គាំង​ក្នុងការ​ចែកចាយ​ ដែល​ស្ថានទូត​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​ Beirut បាន​និយាយថា នាវា​ដឹកទំនិញ​ទៅកាន់​ប្រទេស​លី​បង់​ដោយមាន​ផ្ទុក​ពោត​ចំនួន 26,000តោន អ្នកទិញ​បាន​បដិសេធ​មិន​ទទួលយក​ទំនិញ​នោះទេ ដោយសារ​វា​ត្រូវបាន​ដឹកជញ្ជូន​យឺត​ជាង​កិច្ចសន្យា​របស់ខ្លួន៕អត្ថបទ៖ ប៊ុនថន

លោក Trump ប្រើ​ការចូល​ឆែកឆេរ​គេហដ្ឋាន Mar-a-Lago របស់លោក​ពី​សំណាក់​ FBI ដើម្បី​សុំ​ការ​បរិច្ចាគ​សម្រាប់​យុទ្ធនាការ

2022/08/10 11:12:59 am        398
​សហរដ្ឋអាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​អង្គារ​បាន​ព្យាយាម​បង្វែរ​ព័ត៌មាន​ដែល​ទីភ្នាក់ងារ FBI បាន​ចូល​ឆែកឆេរ​គេហដ្ឋាន​របស់​លោក​នៅ​រដ្ឋ Florida ទៅជា​ផលប្រយោជន៍​របស់​លោក ដោយ​សំអាង​ដល់​ការស៊ើបអង្កេត​ទៅលើ​សារ​ជា​អត្ថបទ និង​សារ​អេឡិចត្រូនិក ដោយ​ការ​សុំ​ការ​បរិច្ចាគ​សម្រាប់​កិច្ចការ​នយោបាយ​ពី​ក្រុម​អ្នកគាំទ្រ​របស់​លោក​។ ​ការ​ឆែកឆេរ​គេហដ្ឋាន​មិន​ធ្លាប់​មាន​នេះ​ បាន​ក្លាយ​ជាការ​រីក​កាន់តែ​ធំ​នៃ​ការស៊ើបអង្កេត​សហព័ន្ធ​ថា ​តើ​លោក Trump បាន​លុបចោល​ ឬ​ដក​ចោល​ឯកសារ​នានា​ពី​សេត​វិមាន ​ឬ​អត់ ខណៈ​លោក​ចុះ​ចេញ​ពី​តំណែង​កាលពី​ខែ​មករា​ ឆ្នាំ​2021​។ ​លោក​ Trump ​នៅតែ​បន្ត​បញ្ចើច​សាធារណជន​ តាមរយៈ​ការ​ឈរ​ឈ្មោះ​តំណែង​ប្រធានាធិបតី​ម្ដងទៀត​នៅ​ឆ្នាំ2024 ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​ថា ​តើ​លោក​នឹង​ធ្វើ​បែប​នោះ​មែន​ ឬ​យ៉ាងណា​។ ​យោងតាម​មនុស្ស​ម្នាក់​ដែល​បាន​ដឹង​បញ្ហា​នេះ ដីកា​នេះ​ទាក់ទង​នឹង​រដ្ឋ​បាល​បណ្ណាសារជាតិ ​និង​ឯកសារ ដែល​ទទួលខុសត្រូវ​លើ​ការ​រក្សា​ទុក​ឯកសារ​នា​នា​ របស់​ប្រធានាធិបតី ​ដែល​ជា​ឯកសារ​សាធារណៈ និង​ថា ​តើ​មាន​ឯកសារ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​រួចរាល់​នៅ​រមណីយដ្ឋាន Mar-a-Lago របស់​លោក Trump នៅ​ឆ្នេរសមុទ្រ Palm Beach រដ្ឋ Florida ដែរ ឬអត់។​បុគ្គលិក​ខាងលើ​បាន​និយាយ​ថា ទីភ្នាក់ងារ FBI បាន​រក​ឃើញ​កេស​ដាក់​ឯកសារ ​10 និង​ទូដែក​មួយ ប៉ុន្តែ​ទូដែក​មួយ​ត្រូវ​បាន​ឆែកឆេរ​ទៅ​ពុំ​មាន​អ្វី​នៅ​ខាងក្នុង​នោះ​ទេ​។ ​ក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដោយ​កាន់​ទង់ជាតិ ​និង​ផ្ទាំង​បដា​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ ចំពោះ​សកម្មភាព​ចូល​ឆែកឆេរ​របស់ FBI នៅ​គេហដ្ឋាន Mar-a-Lago របស់លោក Trump​។ ជាមួយគ្នា​នោះ​ដែរ គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​ទីភ្នាក់​ងារ FBI ចំពោះ​ការ​ចូល​ឆែកឆេរ​គេហដ្ឋាន​របស់លោក Trump៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើង រៀបចំពិធីជួបជុំគ្នា ដើម្បីប្រារព្ធខួបលើកទី ៧៦នៃសង្រ្គាមកូរ៉េ
06/25/2026 04:06 PM
សកម្មជនកំពុងអំពាវនាវឱ្យអាជ្ញាធរវ៉េណេស៊ុយអេឡា បើកវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X
06/25/2026 04:06 PM
លោក Trump ស្វែងរកមូលនិធិបន្ថែមចំនួន៨៨ ពាន់លានដុល្លារ ភាគច្រើនសម្រាប់សង្គ្រាមនៅអ៊ីរ៉ង់
06/25/2026 04:06 PM
UN៖ គ្រាប់បែកភ្លើងរបស់អ៊ីស្រាអែល ធ្វើឱ្យគ្រួសារជាច្រើនភៀសខ្លយននៅតំបន់ហ្កាហ្សា
06/25/2026 03:06 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ រុស្ស៊ី តែងតែត្រៀមខ្លួនសម្រាប់ការចរចាជាមួយអ៊ុយក្រែន
06/25/2026 03:06 PM
អាមេរិក៖ ការចរចាបច្ចេកទេសជាមួយអ៊ីរ៉ង់ អាចនឹងបន្តនៅសប្តាហ៍ក្រោយក្នុងប្រទេសស្វីស
06/25/2026 03:06 PM
អបអរសាទរ!! ថ្នាលផ្ទៀងផ្ទាត់ verify.gov.kh ឈ្នះពានរង្វាន់ជា​សេវា​សាធារណៈមានតម្លាភាព និងគណនេយ្យភាព របស់​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ២០២៦
06/25/2026 03:06 PM
នគរបាលកេនយ៉ាបិទផ្លូវជុំវិញរដ្ឋធានីនៃប្រទេសនេះ មុនពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាល
06/25/2026 03:06 PM
លោក Medvedev៖ លោកខាងលិចព្យាយាមបំផ្លាញសុចរិតភាពជាប្រព័ន្ធនៃច្បាប់អន្តរជាតិ
06/25/2026 03:06 PM
អ៊ីរ៉ង់រិះគន់ការអត្ថាធិប្បាយរបស់ប្រមុខណាតូអំពីការគាំទ្រអាមេរិកក្នុងសង្គ្រាមប្រឆាំងទីក្រុងតេអេរ៉ង់
06/25/2026 03:06 PM