សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

មេដឹកនាំ​អាមេរិក​ និង​ចិន​ផ្លាស់ប្ដូរ​ការព្រមាន​អំពី​កោះ​តៃវ៉ាន់ ខណៈ​ចិន​ព្រមាន​អាមេរិក​អំពី​ការ​ប្រលែង​លេង​ជាមួយ​ភ្លើង

2022/07/29 12:10:11 pm        804
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចំណាយ​ពេល​ជាង​ពីរ​ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជួប​សន្ទនា​អំពី​អនាគត​នៃ​ទំនាក់​ទំនង​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​ទាំងពីរ ដោយ​ផ្តោតលើ​បញ្ហា​កោះ​តៃវ៉ាន់​ដែល​បាន​លេចចេញ​ជាថ្មី​ម្តង​ទៀត​ថា ​ជា​ចំណុច​សំខាន់​នៃ​ភាព​តានតឹង​។ យោងតាម​ការបញ្ជាក់​អំពី​កិច្ច​សន្ទនា​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ទីក្រុង​ប៉េកាំង លោក Xi បានបញ្ជាក់​ពី​ការអះអាង​របស់​ប្រទេស​ចិន ​លើ​កោះ​ស្វ័យ​គ្រប់​គ្រង​មួយ​នេះអស់​ជាច្រើន​ទសវត្ស​រ៍មកហើយ​។ ទូរទស្សន៍​រដ្ឋ CCTV បាន​និយាយថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ដោយស្មោះ​ត្រង់លើ​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​នៃ​ការព្រួយបារម្ភ​ទៅ​វិញ​ទៅ​មក​។​ ​ចំណុច​សម្ពាធ​ចុងក្រោយ​បំផុត​គឺ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សក្តានុពល ​របស់​ប្រធានសភា​សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់ដែលមាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ និង​ទទួលបាន​ការគាំទ្រ​ផ្នែក​ការពារ​ក្រៅផ្លូវការ​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​ប្រទេស​ចិន​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។​ ​ទីក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​នឹង​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​បែបនេះ​ថា ​ជាការ​បង្ករឿង ជាការ​គំរាម​ដែល​មន្ត្រី​សហរដ្ឋអាមេរិក​កំពុងមាន​ចំណាត់ការ​ធ្ងន់ធ្ងរ ​ដូច​ករណី​ការវាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែ​ន​។លោក Xi បាន​ប្រា​ប់លោក Biden ថា ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់ខាត​ ចំពោះ​គំនិត​ផ្តាច់ខ្លួន​និយមនៃ​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់ និង​ការជ្រៀតជ្រែក​ពី​កងកម្លាំង​ខាងក្រៅ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​មានឱកាស​បង្កើត​កង​កម្លាំង​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​ ក្នុង​រូបភាព​ណាមួយ​ក៏ដោយ​។ ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា មេដឹកនាំ​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ប្រធានាធិបតី​លោក ​Joe Biden និង​សម​ភាគី​ចិន​លោក Xi Jinping បាន​ព្រមព្រៀង​កំណត់​ពេល​ជំនួប​កំពូល​ដោយ​ផ្ទាល់​ជា​លើកដំបូង ក្នុងអំឡុងពេល​ការសន្ទនា​ទូរស័ព្ទ​ក្នុងពេល​មាន​ភាព​តាន​តឹង​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ពេលវេលា ឬ​ទីតាំង​នៅឡើយ​នោះ​ទេ៕អត្ថបទ៖ ប៊ុនថន

ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន​កើន​ឡើង​ជាង ​៣៣០​នាក់​

2022/07/29 10:48:39 am        280
​​ប៉ា​គី​ស្ថាន៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ​បាន​កំពុង​តស៊ូ​រយៈពេល​ជាច្រើន​សប្ដាហ៍​ដោយ​សារតែ​ភ្លៀង​រដូវ​មូសុង ដែល​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​។ ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ជាង ៣៣០​នាក់​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​មក​។ ​​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ខេត្ត Balochistan ភាគ​និរតី​ត្រូវ​បាន​ជាប់​ក្នុង​ទឹកជំនន់​។ ពួកគេ​ត្រូវ​បាន​ជម្លៀស​តាមរយៈ​ការ​ដើរ​លុយ​តាម​ផ្លូវ​ទឹក​លិច​។​ ភ្លៀង​ធ្លាក់​ខ្លាំង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះបាន​បំផ្លិចបំផ្លាញ​ផ្លូវថ្នល់ ស្ពាន និង​លំនៅឋាន​ជាង 8,000ខ្នង​នៅ​ទូទាំង​ប្រទេស​។​ ​ប្រទេស​ប៉ា​គី​ស្ថាន​ស្ថិតនៅ​ចំណុចកណ្ដាល​នៃ​រដូវ​មូសុង។ តំបន់​ភាគច្រើន​កំពុង​ទទួលរង​ចំនួន​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​លើស​ពី​កម្រិត​មធ្យម​នៅ​ឆ្នាំនេះ។​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​ដាក់​បន្ទុក​លើ​បម្រែបម្រួល​អាកាស​ធាតុ។ មន្ត្រី​ទាំងនោះ​កំពុង​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រង​ផល​ប៉ះពាល់​នានា ឲ្យ​តាម​ដាន​ព័ត៌មាន​អាកាសធាតុ និង​ជម្លៀស​ទៅកាន់​ទីតាំង​មាន​សុវត្ថិភាព​។​ ក្ដី​បារម្ភ​កំពុងតែ​កើន​ឡើង​ដោយ​សារ​ថា ទឹក​ដែល​កខ្វក់​ដោយសារ​ភ្លៀង​អាច​បង្ក​ឲ្យ​ផ្ទុះ​រាលដាល​ជំងឺ​អាសន្នរោគ​៕អត្ថបទ៖ សុខមាន

WHO និយាយ​ថា ជំងឺ​អុត​ស្វា​ជាង​ ១៨០០០​ករណី​ត្រូវ​បាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក

2022/07/28 12:02:01 pm        967
​WHO៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា ការ​ផ្ទុះ​ឡើង​ជំងឺ​អុតស្វា​អាច​ត្រូវ​បាន​បញ្ឈប់ ប្រសិនបើ​ប្រទេស សហគមន៍ និង​បុគ្គល​នានា​ជូនដំណឹង ហើយ​ទទួល​យក​ហានិភ័យ​ធ្ងន់ធ្ងរ និង​ចាត់វិធានការ​ចាំបាច់​ដើម្បី​បញ្ឈប់​ការ​ចម្លង និង​ការពារ​ក្រុម​ងាយ​រងគ្រោះ​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ហ្សឺ​ណែវ លោក Ghebreyesus បាន​និយាយ​ថា វិធី​ល្អ​បំផុត​ដើម្បី​ធ្វើ​ដូច្នេះ​គឺ​ត្រូវ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ប៉ះពាល់​ផ្ទាល់​។ នោះ​មានន័យថា​ ធ្វើ​ឱ្យ​ជម្រើស​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ខ្លួន​អ្នក និង​អ្នកដទៃ​។ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ភាព​អាសន្នសុខភាព​សាធារណៈ​ នៃ​ការ​ព្រួយបារម្ភ​ជាអន្តរជាតិ​ជុំវិញ​ការ​ផ្ទុះ​ឡើង​ជំងឺ​អុតស្វា​ជា​សកល​។ ករណី​ជាង ១៨០០០​ករណី​នៃ​ជំងឺ​អុតស្វា​ត្រូវ​បាន​រាយការណ៍​មក​អង្គការ​សុខភាព​ពិភពលោក​ពី ៧៨​ប្រទេសដោយ​ជាង ៧០% នៃ​ករណី​ត្រូវ​បាន​រាយការណ៍​ពី​តំបន់​អឺរ៉ុប និង ២៥% មកពី​តំបន់​ទ្វីប​អាមេរិក​។ អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ណែនាំ​អោយ​ចាក់​វ៉ាក់សាំង​តាម​គោលដៅ ​សម្រាប់​អ្នក​ដែល​ប៉ះពាល់​នឹង​អ្នក​ដែល​មាន​ជំងឺ​អុត​ស្វា និង​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ប៉ះពាល់ រួម​ទាំង​បុគ្គលិក​សុខាភិបាល បុគ្គលិក​មន្ទីរ​ពិសោធន៍ និង​អ្នក​ដែល​មាន​ដៃគូ​រួមភេទ​ច្រើន​។វ៉ាក់សាំង​ជំងឺ​អុតស្វា ​ឬ​អុតធំ​មួយ​ប្រភេទ​ហៅថា MVA-BN ត្រូវ​បាន​អនុម័ត​ក្នុង​ប្រទេស​កាណាដា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​សម្រាប់​ប្រើ​ប្រឆាំង​ជំងឺ​អុត​ស្វា​។ វ៉ាក់សាំង​ពីរ​ប្រភេទ​ផ្សេងទៀត​គឺ LC16 និង ACAM2000 ក៏​កំពុង​ត្រូវ​បាន​ពិចារណា​សម្រាប់​ប្រើ​ប្រឆាំង​ជំងឺ​អុត​ស្វា​នេះ​ផង​ដែរ​។ ទោះបីជា​យ៉ាងណា​លោក Ghebreyesus បាន​ពន្យល់​ថា យើង​នៅតែ​ខ្វះ​ទិន្នន័យ​ស្តីពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​សម្រាប់​ជំងឺ​អុត​ស្វា ឬ​ថា​តើ​អាច​នឹង​ត្រូវការ​ចំនួន​ប៉ុន្មាន​ដូ​ស​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ទីភ្នាក់ងារ​នេះ​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ដើម្បី​ប្រមូល និង​ចែករំលែក​ទិន្នន័យ​សំខាន់ៗ​ចំពោះ​ប្រសិទ្ធភាព៕​អត្ថបទ៖ ប៊ុនថន

សហរដ្ឋអាមេរិក​ត្រៀម​ផែនការ​យោធា​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់​

2022/07/28 10:43:14 am        843
សហរដ្ឋអាមេរិក៖ ដោយ​សំអាង​ប្រភព​ពី​ក្រុម​មន្ត្រី​អាមេរិក​ដែល​មិន​បញ្ចេញ​ឈ្មោះ​ សារព័ត៌មាន AP បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធថា មន្ទីរ​បញ្ច​កោណ​អាច​បញ្ជូន​នាវា យន្តហោះ និង​ប្រព័ន្ធ​ឈ្លប​យក​ការណ៍​បន្ថែម​ទៀត ដើម្បី​ការពារ​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ប្រសិនបើ​លោកស្រី​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ តាម​ការ​គ្រោង​ទុក​មែន​នោះ​។ ​ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​និយាយ​ថា ផែនការ​បង្ការ​ជាមុន ដែល​ត្រូវ​បាន​កំពុង​បង្កើត​ឡើង​ដោយ​យោធា​អាមេរិក រួមមាន​ការ​បង្កើត​តំបន់​ការពារ​ទ្វេដង​សម្រាប់​ប្រធាន​សភា​រូប​នេះ អំឡុង​ការ​ធ្វើ​ដំណើរ​របស់​លោក​ស្រី​ទៅកាន់​កោះ​នេះ និង​ការ​ស្នាក់នៅ​ទីនោះ។ ​សារព័ត៌មាន AP ដដែល​បាន​រាយការណ៍​ថា ក្រុម​មន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ ពី​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​តំបន់​ទ្រនាប់​ជុំវិញ​វត្តមាន និង​យន្តហោះ​របស់​លោក​ស្រី Pelosi អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី ដែល​ជា​ការ​ត្រៀម​ការពារ​សម្រាប់​ឧបទ្ទវហេតុ​ធំ​ៗ​នានា​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​។​ទីក្រុង​ប៉េកាំង​ដែល​ចាត់​ទុក​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន​បាន​ព្រមាន​ដដែលៗ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ទៅកាន់​កោះ​តៃវ៉ាន់ អាច​បង្កើត​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង និង​មាន​ផលវិបាក​ដែល​មិន​អាច​ស្ដារ​ឡើង​វិញ​បាន​សម្រាប់​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក​។ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនបាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​ធ្វើ​អ្វី​តាមតែ​ចិត្ត​ខ្លួនឯង និង​ប្រជែង​ខ្សែបន្ទាត់​ក្រោម​របស់​ចិននោះ​ ពិតជា​នឹង​ជួប​ការ​ឆ្លើយ​តប​ដោយ​កម្លាំង​មិន​ខាន៕អត្ថបទ៖ សុខមាន

ផ្សាយផ្ទាល់!! រដ្ឋសភាបន្តសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងច្បាប់​មួយចំនួន

2022/07/28 09:29:42 am        584
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម័យប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងច្បាប់មួយចំនួន។សូមទស្សនាការផ្សាយផ្ទាល់តាមរយៈLink : https://fb.watch/exH6z3Ak5f/

លោក Biden និង Xi កំណត់ពេល​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ក្នុង​ពេល​មាន​ភាព​តានតឹង​ថ្មី​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់

2022/07/27 02:36:34 pm        674
​សហរដ្ឋអាមេរិក៖ ផែនការ​របស់​ប្រធាន​សភា​លោកស្រី Nancy Pelosi ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់ បាន​ជំរុញ​ឲ្យ​មានការ​រួបរួម​ខាង​នយោបាយ​របស់​ទីក្រុង​វ៉ាស៊ីនតោន តាមរយៈ​ការ​ផ្សះផ្សា​ភាព​មិន​ចុះសម្រុង​គ្នា​កាលពី​ថ្មីៗ​ជាមួយ​ប្រធានាធិបតី​លោក Joe Biden ជុំវិញ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​ស្វ័យ​គ្រប់គ្រង ខណៈ​សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​ដ៏​លេចធ្លោ​ ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​គូប្រជែង​នយោបាយ​ដែល​ពួកគេ​តែងតែ​និយាយ​ចំអក​។ អ្នកគាំទ្រ​របស់​លោក​ស្រី Pelosi រួមមាន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​អភិរក្សនិយម ដែល​រួមមាន​ទាំង​អតីត​មន្ត្រី​រដ្ឋបាល​លោក Donald Trump ​ពីរ​រូប និង​ប្រធាន​សភា​ចុងក្រោយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់​។ ពួកគេ​កំពុង​ជំរុញ​ឲ្យ​លោក Biden គាំទ្រ​ដំណើរ​ទស្សនកិច្ច​នេះ ទោះបីជា​ប្រទេស​ចិន​គំរាម​ឆ្លើយតប​ដោយ​កម្លាំង​ក៏​ដោយ​។ លោក Biden មិនបាន​និយាយ​ជា​សាធារណៈ​ថា លោកស្រី Pelosi មិន​គួរ​ទៅ​នោះ​ទេ​។ លោក​បាន​រិះគន់​ចំពោះ​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ប្រទេស​ចិន ជា​ផ្នែក​សំខាន់​នៃ​គោល​នយោបាយ​ការបរទេស​របស់​លោក ប៉ុន្តែ​ទំនាក់ទំនង​រវាង​លោក Biden និង​ចិន​មាន​ភាព​ស្មុគស្មាញ ហើយ​លោក​បាន​ព្យាយាម​បញ្ចៀស​ភាព​តានតឹង​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​។ ប្រទេស​ចិន​បាន​ចាត់ទុក​កោះ​តៃវ៉ាន់​ស្វ័យ​គ្រប់គ្រង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ថា ​ជា​ដែនដី​របស់​ខ្លួន ​និង​បាន​លើក​ឡើង​ពី​បំណង​ប្រាថ្នា​ក្រសោប​យក​វិញ​ដោយ​ប្រើ​កម្លាំង​។សេត​វិមាន​កំពុង​រៀបចំ​សម្រាប់​ការសន្ទនា​តាម​ទូរស័ព្ទ​មួយ​ផ្សេងទៀត​រវាង​លោក Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ជា​ការ​សន្ទនា​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រំពឹង​ថា ​នឹង​ធ្វើឡើង​នៅ​សប្តាហ៍​នេះ​។​ ​ការ​គាំទ្រ​កើនឡើង​ជំរុញ​ឱ្យ​លោក Biden គាំទ្រ​លោកស្រី Pelosi ជា​សាធារណៈ​កំពុង​បង្កើន​ហានិភ័យ ដែល​លោក​ប្រធានាធិបតី​អាច​ត្រូវ​បាន​គេ​គិត​ថា ​មាន​ភាព​តឹងតែង​មិន​គ្រប់គ្រាន់​សម្រាប់​ប្រទេស​ចិន​។ ប្រធាន​សភា​លោកស្រី Pelosi គួរតែ​ទៅ​កោះ​តៃវ៉ាន់ ហើយ​ប្រធានាធិបតី​លោក Biden គួរតែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ចំពោះ​លោក Xi Jinping ថា ​គ្មាន​រឿង​អាក្រក់​ដែល​បក្ស​កុម្មុយនិស្ត​ចិន​អាច​ធ្វើ​អំពី​រឿង​នេះ​នោះ​ទេ​៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​ថា​ អាច​នឹង​ឆ្លើយតប​ដោយ​យោធា​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​ទៅ​កោះ​តៃវ៉ាន់

2022/07/27 12:09:53 pm        924
​ចិន៖ ចិន​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គា​រថា អាច​នឹងមាន​ការឆ្លើយ​តប​ដោយ​យោធា បើ​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi សម្រេច​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​។​ ​លោក​វរសេនីយ៍​ឯក Tan Kefei អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​បាន​និយាយ​ថា ប្រសិនបើ​លោក​ស្រី Pelosi ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​មែន​នោះ​ នឹង​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលនយោបាយ​ចិន​តែមួយ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​របស់​ចិន និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មូលដ្ឋានគ្រឹះ​នយោបាយ​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក​។ ​លោក Tan បាន​និយាយ​ថា ក្រុង​ប៉េកាំង​បាន​ជំរុញ​សហរដ្ឋអាមេរិក​ឲ្យ​ចាត់វិធានការ​ជាក់លាក់ ​ដើម្បី​គាំទ្រ​ដល់​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​បញ្ចៀស​ការ​គាំទ្រ​ការប្រកាស​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់ និង​មិន​ត្រូវ​រៀបចំ​ឲ្យ​មានដំណើរ​របស់​លោក​ស្រី Pelosi ទៅកាន់​តំបន់​កោះ​តៃវ៉ាន់​ឡើយ​។ លោក Tan បាន​បន្ថែម​ថា បើ​សហរដ្ឋអាមេរិក​នៅតែ​ចចេស​រឹង​រូស យោធា​ចិន​នឹង​មិន​នៅ​ស្ងៀម​ឡើយ ហើយ​ចិន​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​ដើម្បី​រារាំង​ការ​ជ្រៀត​ជ្រែក​របស់​កម្លាំង​ខាងក្រៅ​។​ប្រធាន​សភា​អាមេរិក​រូប​នេះ​បាន​គ្រោង​ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ខែ​មេសា ប៉ុន្តែ​បាន​លុបចោល​វិញ​ក្រោយ​ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19​។ បច្ចុប្បន្ន​លោកស្រី​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​នៅ​ខែ​សីហា ដែល​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយសារ​ព័ត៌មាន Financial Times​។ ​ដំណើរ​របស់​លោក​ស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់​បាន​នាំ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​នៅក្នុង​ទីក្រុង Washington នៅ​ពេល​ដែល​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន​កំពុង​ឡើង​កំដៅ​ខ្លាំង​។ ​សារព័ត៌មាន CNN បាន​រាយការណ៍​ថា ក្រុម​មន្ត្រី​មួយចំនួន​របស់​លោក Biden បារម្ភ​ថា ចិន​អាច​ប្រកាស​តំបន់​គ្មាន​ការ​ហោះ​ហើរ​លើ​កោះ​តៃវ៉ាន់ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ដំណើរ​របស់​លោកស្រី Pelosi ដែល​អាច​បង្ក​ឲ្យ​ភាព​តានតឹង​កើន​ឡើង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​នឹង​ដកខ្លួន​ចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ​ក្រោយ​ឆ្នាំ​២០២៤

2022/07/27 11:31:17 am        656
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​និយាយថា នឹង​ដកខ្លួន​ចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ​ក្រោយ​ឆ្នាំ​២០២៤ និង​សាងសង់​ស្ថានីយ​អវកាស​ដោយ​ខ្លួនឯង​វិញ​។ ​សហរដ្ឋអាមេរិក និង​រុស្ស៊ី​រួមជាមួយ​ដៃគូ​ផ្សេង​ទៀត​បានធ្វើការ​រួមគ្នា​ប្រកបដោយ​ភាព​ជោគជ័យ នៅ​លើ​ស្ថានីយ​អវកាស​នេះ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៨ មក​។ ​ប៉ុន្តែ​ទំនាក់ទំនង​នានា​បាន​ល្អក់​កកចាប់តាំងពី​រុស្ស៊ីបាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន ហើយ​កន្លងមក​រុស្ស៊ី​ធ្លាប់​បាន​គំរាម​បញ្ឈប់​គម្រោង​នេះ ព្រោះ​ទណ្ឌកម្ម​របស់លោក​ខាងលិច​មកលើ​ខ្លួន​។ ​អង្គការ​ណា​សាបាន​និយាយ​ថា ខ្លួន​មិនទាន់​ទទួល​បាន​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​ណាមួយ​ពី​ចេតនា​របស់​រុស្ស៊ី ដែល​ថា​ចង់​ដក​ខ្លួន​ចេញពី​កម្មវិធី​នេះ​នៅឡើយ​ទេ​។ ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដែល​ជា​គម្រោង​រួមគ្នា​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​អវកាស​ចំនួន​៥ បាន​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី​ចាប់តាំងពី​ឆ្នាំ១៩៩៨ និង​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​ការងារ​ពិសោធន៍​វិទ្យាសាស្ត្រ​រាប់ពាន់​ករណី​។​ស្ថានីយ​អវកាស​នេះ​ត្រូវ​បាន​ព្រមព្រៀង​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​រហូត​ដល់​ឆ្នាំ២០២៤ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ចង់​បន្ថែម​ពេលវេលា​រយៈពេល​ ៦​ឆ្នាំ​ទៀត​ជាមួយ​កិច្ចព្រមព្រៀង​នៃ​ភាគី​ទាំងអស់​។ ​នៅ​ឯ​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin លោក Yuri Borisov ប្រធាន​គម្រោង​អវកាស Roscosmos និយាយ​ថា ​គម្រោង​នេះ​នឹង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដល់ដៃ​គូ ប៉ុន្តែ​បានសម្រេច​ចិត្ត​ដក​ខ្លួន​ពី​គម្រោង​នេះ​ក្រោយ​ឆ្នាំ២០២៤៕អត្ថបទ៖ សុខមាន

ក្រុម​មន្ត្រី​អាមេរិក​និយាយ​ថា ភាព​ភ័យ​ខ្លាច​ដ៏​ធំ​បំផុត​បាន​ក្លាយ​ជា​ការពិត ខណៈ​រុស្ស៊ី​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​អឺរ៉ុប​

2022/07/27 10:50:19 am        779
​សហរដ្ឋអាមេរិក​៖ ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​និយាយ​ថា រដ្ឋបាល​លោក Biden កំពុង​ធ្វើ​ការ​យ៉ាង​អន្ទះសា​នៅ​ពីក្រោយ​បញ្ហា​នានា​ ដើម្បី​រក្សា​សម្ព័ន្ធមិត្ត​អឺរ៉ុប​រួមគ្នា​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ខណៈ​ក្រុង Moscow នឹង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ខ្លួន​បន្ថែ​ម​ទៀត​ទៅកាន់​សហភាព​អឺរ៉ុប ដែល​ជំរុញ​ឲ្យ​មាន​ភាព​ស្លន់ស្លោ​សម្រាប់​ភាគី​ទាំង​២ នៃ​តំបន់​អា​ត្ល​ង់​ទិ​ក​ជុំវិញ​កង្វះខាត​ឧស្ម័ន​ធ្ងន់ធ្ងរ​មុន​រដូវរងា​ចូល​មក​ដល់​។ ​កាលពី​ថ្ងៃ​ចន្ទ​ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ​រុស្ស៊ី Gazprom បាន​និយាយ​ថា ខ្លួន​នឹង​កាត់ផ្ដាច់​លំហូរ​ឧស្ម័ន​តាម​រយៈ​បំពង់​បង្ហូរ Nord Stream 1 ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ក្នុង​ចំនួន​ពាក់កណ្ដាល​រហូតដល់​ 20% នៃ​សមត្ថភាព​របស់​ខ្លួន។ មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយ​ថា ការ​កាត់ផ្ដាច់​ឧស្ម័ន​នេះ​គឺជា​ការ​សង​សឹក​ទៅ​លើ​លោក​ខាង​លិច​ ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុង Moscow។ ​ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ជា​ការ​ឆ្លើយតប​ទៅ​នឹង​ភាព​ចលាចល​នេះ អ្នក​សម្របសម្រួល​ជាន់ខ្ពស់​របស់​សេត​វិមាន​សម្រាប់​វិស័យ​ថាមពល​ប្រចាំ​ទ្វីប​អឺរ៉ុប​លោក Amos Hochstein នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង Paris និង Brussels ដើម្បី​ពិភាក្សា​ពី​ផែនការ​បច្ចុប្បន្ន​ជាមួយ​ក្រុមការងារ​ពិសេស​ផ្នែក​ថាមពល​អាមេរិក-​សហភាព​អឺរ៉ុបដែល​បាន​បង្កើត​ឡើង​កាលពី​ខែ​មីនា​ មួយ​ខែ​បន្ទាប់ពី​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​មន្ត្រី​អាមេរិក​បាន​និយាយ​ថា នេះ​គឺជា​ការភ័យខ្លាច​ដ៏​ធំ​បំផុត​របស់​យើង។ ផល​ប៉ះពាល់​ទៅលើ​សហភាព​អឺរ៉ុប​អាច​ជះ​ត្រឡប់​ទៅលើ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​តម្លៃ​ឧស្ម័ន​ធម្មជាតិ និង​ថាមពល​អគ្គិសនី​ហក់​ឡើង​ខ្ពស់​។ វា​នឹង​ក្លាយ​ជា​ការសាកល្បង​ធំ​បំផុត​សម្រាប់​ភាព​អត់ធ្មត់​របស់​សហភាព​អឺរ៉ុប និង​ការ​រួប​រួម​គ្នា​ប្រឆាំង​រុស្ស៊ី ខណៈ​ដែល​វិមាន​ក្រឹម​ឡាំង​ពុំបាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ដក​ដៃ​ចេញពី​សង្គ្រាម​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

អ៊ីរ៉ង់​និយាយ​ថា ខ្លួន​មានគំនិត​ថ្មី​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ក្រោយ​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​មានការ​ពង្រាង​ចុងក្រោយ​

2022/07/27 10:11:50 am        760
អ៊ីរ៉ង់៖ ​អ៊ីរ៉ង់​និយាយ​ថា ​ខ្លួន​មានគំនិត​ថ្មី​ក្នុង​ការ​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ ជាមួយ​មហា​អំណាច​ពិភព​លោក ក្រោយ​អ្នក​សម្រប​សម្រួល​របស់​សហភាព​អឺរ៉ុប​បាន​ស្នើ អ្វី​ដែល​ទំនងជា​អត្ថបទ​ចុង​ក្រោយ​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​។ ​ប្រធាន​គោលនយោបាយ​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​ស្នើ​ឲ្យ​មាន​សេចក្ដី​ពង្រាង​មួយ​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ ដែល​សហរដ្ឋអាមេរិក​បាន​បោះបង់ចោល​ជា​ឯកតោភាគី​កាលពី​ឆ្នាំ២០១៨។ ​លោក​បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​មួយ​សម្រាប់​សារព័ត៌មាន Financial Times ថា សេចក្ដី​ពង្រាង​នេះ​តំណាង​ឲ្យ​កិច្ចព្រមព្រៀង​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ដូចដែល​ខ្ញុំ​ក្នុងនាម​ជា​អ្នក​សម្របសម្រួល​ការចរចាមើល​ឃើញ​ថា​អាច​ទៅ​រួច​។ ត្បិត​ថា​ វា​មិន​មែន​ជា​កិច្ចព្រមព្រៀង​ល្អ​ឥត​ខ្ចោះ តែ​វា​នឹង​ដោះស្រាយ​រាល់​បញ្ហា​សំខាន់ៗ រួម​ទាំង​ការ​សម្រប​សម្រួល​បញ្ហា​ដ៏​ស្មុគស្មាញ​ពី​គ្រប់​ភាគី​ទាំងអស់​។ ​លោក​បាន​ព្រមាន​ថា ការសម្រេចចិត្ត​នានា​ចាំបាច់​ត្រូវតែ​ធ្វើឡើង​នៅ​ពេលនេះ ដោយ​បន្ថែម​ថា លោក​មើល​មិន​ឃើញ​ថាមាន​ជម្រើស​ដ៏​ល្អ​ប្រសើរ ​ឬ​មាន​ប្រសិទ្ធភាព​ផ្សេងទៀត​ដែល​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ទេ​។​​ប៉ុន្មាន​ម៉ោង​ក្រោយមកប្រេសិត​ជាន់ខ្ពស់​របស់​អ៊ីរ៉ង់​លោក Ali Bagheri Kani បាន​សរសេរ​នៅ​លើ​បណ្ដាញ tweeter ថា អ៊ីរ៉ង់​មានគំនិត​ខ្លួនឯង​ដើម្បី​បញ្ចប់​ការចរចា ទាំង​រចនាសម្ព័ន្ធ និង​ខ្លឹមសារ​ស្របគ្នា​ដែល​លោក​នឹង​ចែករំលែក​។​ ​ការចរចា​នានា​នៅ​ក្នុង​ទីក្រុង​វី​យែ​ន ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​បាន​ចាប់ផ្ដើម​កាលពី​ក្នុង​ខែ​មេសា ឆ្នាំ២០២១ ប៉ុន្តែ​ត្រូវ​បាន​ជាប់​គាំង​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ស្រប​ពេល​ការ​មិន​ចុះ​សម្រុង​រវាង​ទីក្រុង​តេអេរ៉ង់ និងក្រុង​វ៉ាស៊ីនតោន ដែល​បាន​រៀប​ចំ​ការចរចា​ដោយ​ប្រយោល​រយៈពេល​ ២​ថ្ងៃ​បញ្ចប់​ទៅ​ដោយ​គ្មាន​លទ្ធផល​នៅ​ក្នុង​ប្រទេស​កាតា​កាលពី​ខែ​មុន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM