សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ខែក្រោយ​ក្នុង​ភាគ​ខាងកើត

2022/07/27 09:53:07 am        881
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា ប្រទេស​នេះ​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ភាគ​ខាងកើត​ប្រទេស ដែល​នឹង​ចាប់ផ្ដើម​ពី​ខែក្រោយ​ទៅស្ថិតនៅ​ចម្ងាយ​រាប់ពាន់​ម៉ា​យល៍​ ពី​សង្គ្រាម​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​សម​យុទ្ធ​ដែល​មាន​ឈ្មោះថា ''Vostok'' នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​រហូតដល់​ថ្ងៃ​ទី​៥ ​ខែ​កញ្ញា​។ សម​យុទ្ធ​ទាំងនេះ​ទំនង​ជា​មាន​ចេតនា​បញ្ជូន​សារ​ថា ត្បិត​ថា ​ខ្លួន​បាន​ខាតបង់​ក្នុង​សង្គ្រាម​អូស​បន្លាយ​រយៈពេល​ពេល ​៥​ខែ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រុស្ស៊ី​នៅតែ​ផ្ដោត​លើ​ការ​ការពារ​ដែនដី​របស់​ខ្លួន​ទាំងស្រុង និង​សមត្ថភាព​ក្នុង​វិស័យ​យោធា​អាជីវកម្ម​ដូច​ធម្មតា​។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ក្រសួង​នេះ​បាន​សង្កត់​ធ្ងន់​ថា សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​នានា​មិន​ប៉ះពាល់​ដល់​អ្វី​ដែល​ខ្លួន​ហៅថា​ ជា​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​ទេ​។ ប្រភព​ដដែល​នេះ​និយាយ​ថា រុស្ស៊ី​មិន​លុបចោល​សកម្មភាព​ហ្វឹកហាត់ ឬ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ណា​មួយ​ឡើង ហើយ​សមយុទ្ធ​នានា​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​កងកម្លាំង​អាវុធ និង​យុទ្ធោបករណ៍​ចាំបាច់​ទាំងអស់​៕អត្ថបទ៖ សុខមាន

ការ​ប្រហារ​ជីវិត​សកម្មជន​ប្រឆាំង​រដ្ឋប្រហារ​ ៤​នាក់​នៅ​មី​យ៉ាន់​ម៉ា​នាំ​ឲ្យ​មានការ​ថ្កោលទោស​ជា​សកល​

2022/07/26 12:07:52 pm        706
​មីយ៉ាន់ម៉ា៖ យោធា​ដែល​កំពុង​កាន់​អំណាច​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ​ខ្លួន​បាន​ប្រហារ​ជីវិត​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន ៤​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ថាបាន​ជួយ​ដល់​អំពើ​ភេរវកម្ម​ ដែល​បង្ក​ឱ្យ​មាន​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ ចំពោះ​ការ​ប្រហារ​ជីវិត​លើក​ដំបូង​របស់​សហភាព​នេះ​ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។រដ្ឋាភិបាល​រួបរួម​ជាតិ​ដែល​កំពុង​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការប៉ុនប៉ង​របស់​របប​យោធា​ក្នុង​គ្រប់គ្រង​សហភាព​មី​យ៉ាន់​ម៉ា​បាន​និយាយ​ថា វា​ដល់ពេល​ហើយ​សម្រាប់​ការ​ឆ្លើយ​តប​ជា​អន្តរជាតិ​។ លោក Kyaw Zaw អ្នកនាំពាក្យ​ការិយាល័យ​ប្រធាន​រដ្ឋាភិបាល​រួបរួម​ជាតិ​បាន​និយាយ​ថា សហគមន៍​ពិភពលោក​ត្រូវតែ​ដាក់ទណ្ឌកម្ម​លើ​ភាពឃោរឃៅ​របស់​ពួកគេ​។ ប្រមុខ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​លោកស្រី Michelle Bachelet បាន​ចាត់​ទុក​ការ​ប្រហារ​ជីវិត​នេះ​ថា ជា​ចំណាត់​ការ​ដ៏​ឃោរឃៅ និង​ផ្ទុយ​ពី​បំណង​របស់​យើង ដែល​នឹង​ធ្វើ​ឱ្យ​កាន់តែ​រីក​ធំ​ដល់​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិបត្តិ​ដែល​របប​នេះ​បាន​បង្កើត​ឡើង​។ ទីប្រឹក្សា​ទោស​ប្រហារជីវិត​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​លោក Chiara Sangiorgio បាន​និយាយ​ថា ការ​ប្រហារ​ជីវិត​នេះ​គឺជា​ដំណើរ​ថយ​ក្រោយ ហើយ​របប​យោធា​នឹង​មិន​បញ្ឈប់​នៅ​ត្រឹម​នេះ​នោះ​ទេ​។លោក Elaine Pearson នាយក​ស្តីទី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​ថា វា​គឺជា​អំពើ​ឃោរឃៅ​បំផុត ​ដែល​មាន​បំណង​ធ្វើ​ឱ្យ​មាន​ចលនា​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Ned Price បាន​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​ថ្កោលទោស​ការ​ប្រហារ​ជីវិត​ដោយ​យោធា​សហភាព​មី​យ៉ាន់​ម៉ា ​លើ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ សហរដ្ឋអាមេរិក​បាន​ជំរុញ​ឱ្យ​ដៃ​គូ និង​សម្ព័ន្ធមិត្ត​ទាំង​អស់​ចូលរួម​ជាមួយ​យើង​ ក្នុង​ការ​ថ្កោលទោស​សកម្មភាព​របស់​របប​យោធា និង​បង្កើន​សម្ពាធ​លើ​អ្នក​គាំទ្រ​របស់​របប​នេះ​។ ការ​ប្រហារ​ជីវិត​ត្រូវ​បាន​ប្រកាស​លើកដំបូង​នៅក្នុង​សារព័ត៌មាន Mirror Daily គ្រប់គ្រង​ដោយ​រដ្ឋ ​ដែល​ការ​កាត់ទោស​ត្រូវ​បាន​ធ្វើ​ឡើង​ ទោះបីជា​មានការ​អង្វរ​ពី​ទូទាំង​ពិភពលោក​សម្រាប់​ការ​លើក​លែង​ទោស ​ចំពោះ​មនុស្ស​ទាំង​ ៤នាក់​រួម​ទាំង​ការ​ស្នើ​សុំ​ពី​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ និង​កម្ពុជា​ដែល​កាន់​តំណែង​ជា​ប្រធាន​ប្តូរ​វេន​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍៕អត្ថបទ៖ ប៊ុនថន

អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ឲ្យ​បង្កើន​វិធានការ​ប្រុងប្រយ័ត្ន​ប្រឆាំង​នឹង​វីរុស​អុត​ស្វា​

2022/07/26 10:50:37 am        340
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​កំពុង​អំពាវនាវ​ ឲ្យ​បង្កើន​វិធានការ​ប្រុងប្រយ័ត្ន​ប្រឆាំង​នឹង​វីរុស​អុត​ស្វា ឬ (monkeypox) ចាប់​តាំង​ពី​អង្គការ​នេះ​បាន​ប្រកាស​ពី​ការ​ផ្ទុះ​រាលដាល​សកល​នៃ​វីរុសថា ​ជា​គ្រាអាសន្ន​សុខភាព​សាធារណៈ​នៃ​កង្វល់​អន្តរជាតិ​កាលពី​សប្ដាហ៍​មុន។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​មាន​ករណី​ឆ្លង​ជាង ១៦,០០០នាក់​ពី​ប្រទេស និង​ដែនដីចំនួន ​៧៥ និង​មាន​ករណី​ស្លាប់ ​៥​នាក់​។ ​ទិន្នន័យ​ទទួល​បាន​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​កក្កដា ប្រទេស​អេ​ស្ប៉ា​ញ​បាន​បញ្ជាក់​ករណី​ឆ្លង​ច្រើន​ជាង​គេ​បំផុត​ដល់ ៣,១២៥​នាក់។ ​ចំនួន​នេះ​ខ្ពស់​ជាង​សហរដ្ឋអាមេរិក​ដែល​មាន ២,៨៩០​ករណី, អាល្លឺម៉ង់ ២,២៦៨​ករណី និង​បារាំង ១,៥៦៧​ករណី​។​អង្គការ​សុខភាព​ពិភពលោក​បាន​ចង្អុល​បង្ហាញ​ថា ការ​ផ្ទុះ​រាលដាល​នេះ​ភាគច្រើន​កើតឡើង​នៅ​ក្នុង​ចំណោម​ក្រុម​បុរស​ដែល​រួមភេទ​ជាមួយ​បុរស​ដូចគ្នា ពិសេស​ក្រុម​បុរស​ដែល​មាន​ដៃគូ​រួមភេទ​ច្រើន ខណៈ​ដែល​អង្គការ​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ការ​ស្អប់ខ្ពើម និង​ការរើសអើង​អាច​គ្រោះថ្នាក់​ដូចជា​វីរុស​នេះ​ដែរ។ ក្រុម​មន្ត្រី​បាន​បន្ថែម​ថា មនុស្ស​គ្រប់គ្នា​អាច​ឆ្លង​វីរុស​នេះ តាមរយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​បាន​ឆ្លង ហើយ​ជំងឺ​នេះ​មិន​គួរ​ត្រូវ​បាន​ចាត់ទុកថាបាន​កំណត់​ទៅលើ​ក្រុម​មនុស្ស​ជាក់លាក់​នោះ​ទេ៕​អត្ថបទ៖ សុខមាន

ស្រីលង្កា​នឹង​រឹតត្បិត​ការនាំ​ចូល​ប្រេងឥន្ធនៈ​រយៈពេល ​១២​ខែ​ទៀត ខណៈ​វិបត្តិ​សេដ្ឋកិច្ច​នៅតែ​បន្ត​

2022/07/26 10:19:05 am        476
​ស្រីលង្កា៖ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ស្រីលង្កា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​ប្រទេស​នេះ​នឹង​រឹតត្បិត​ការ​នាំចូល​ប្រេងឥន្ធនៈ​រយៈពេល​ ១២​ខែ​ទៀតព្រោះតែ​កង្វះ​ទុន​បម្រុង​អន្តរជាតិ​ធ្ងន់ធ្ងរ ខណៈ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ដី​កោះ​មួយ​នេះព្យាយាម​ស្វែង​រក​មធ្យោបាយ​ដើរ​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ​។ ​ប្រទេស​ដែល​មាន​ប្រជា​ជន ​២២​លាន​នាក់​មួយ​នេះ​ បាន​កំពុង​ព្យាយាម​ដោះស្រាយ​កង្វះខាត​សំខាន់ៗរួម​ទាំង​ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ​រយៈពេល​ជាច្រើន​ខែ​មកនេះ ក្រោយ​ទុន​បម្រុង​បរទេស​របស់​ខ្លួន​អស់​ដោយសារតែ​ការគ្រប់គ្រង​សេដ្ឋកិច្ច​មិនបាន​ល្អ​ និង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាត​ត្បាត​សកល COVID-19​។ ​លោក Kanchana Wijesekera រដ្ឋមន្ត្រី​ថាមពលស្រីលង្កាបាន​និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម tweeter ថា ដោយសារតែ​បញ្ហា​ទុន​បម្រុង​អន្តរជាតិ ការ​នាំចូល​ប្រេង​នឹង​ត្រូវ​បាន​រឹតត្បិត​នៅ​ក្នុង​រយៈពេល ​១២​ខែ​ទៀត ដោយ​បកស្រាយ​ថា ហេតុផល​នៅ​ពីក្រោយ​ប្រព័ន្ធ​បែង​ចែក​ប្រេងឥន្ធនៈ​ដែល​កំពុង​ខ្វះខាត​នេះនឹង​ត្រូវ​បាន​អនុវត្តន៍​នៅ​សប្ដាហ៍​នេះ​។ប្រព័ន្ធ​បែងចែក​នេះ​ស្ថិត​ក្នុងចំណោម​ដំណាក់កាល​ដំបូង​នានា ​ដែល​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស្រី​លង្កា​លោក Ranil Wickremesinghe នឹង​កាត់បន្ថយ​ការ​ប៉ះ​ពាល់​នៃ​វិបត្តិ​ ក្រោយ​ឡើង​កាន់​តំណែង​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​នៅ​សភា​។ ​ស្រី​លង្កា​ក៏បាន​បើក​សាលារៀន​ឡើងវិញ​ដែរ​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​កង្វះ​ប្រេងឥន្ធនៈ​ធ្ងន់ធ្ងរ និង​ភាព​រំជើបរំជួល​ខាង​នយោបាយ​នៅតែ​បន្ត​ជិត​ ១​ខែ​មកនេះ៕​អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ចាត់វិធានការ ខណៈ​រុស្ស៊ី​កាត់​ផ្តាច់​ឧស្ម័ន​

2022/07/26 09:57:00 am        797
អ៊ុយ​ក្រែ​ន​៖ ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ​របស់​រុស្ស៊ីកាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ ពី​ការ​កាត់ផ្ដាច់​ក្នុង​ចំនួន​ដ៏​ច្រើន​ដែល​ពុំបាន​រំពឹង​ទុក​ក្នុង​ការ​ផ្គត់ផ្គង់​ទៅកាន់​អឺរ៉ុប ដែល​ឲ្យ​អ៊ុយ​ក្រែ​ន​អំពាវនាវ​ដល់​លោកខាងលិច​ឲ្យ​ចាត់វិធានការ ​ជុំវិញ​សង្គ្រាម​ឧស្ម័ន​។​ការប្រកាស​កាត់ផ្ដាច់​ឧស្ម័ន​នេះ​មាន​ឡើង ស្របពេល​មាន​ក្ដីសង្ឃឹម​កាន់តែច្រើន​នៃ​ការនាំចេញ​ឡើង​វិញ ​នៅ​សប្ដាហ៍​នេះលើ​ទំនិញ​ដ៏​សំខាន់​មួយ​ផ្សេងទៀត​នោះ​គឺ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ក្រោម​កិច្ចព្រមព្រៀង​ប្រកបដោយ​ផ្លែផ្កា​មួយ ដែល​ត្រូវ​បាន​ហៅថា​ជា​បញ្ហា​ដោយ​ការវាយប្រហារ​ពី​សំណាក់​ក្រុង Moscow​ លើ​កំពង់ផែ​ដ៏​សំខាន់ Odesa​។ Gazprom ដែលជា​ក្រុមហ៊ុន​ថាមពល​ខ្នាត​យក្ស​របស់​រុស្ស៊ី​បាន​និយាយ​ថា ​ខ្លួន​បាន​កាត់ផ្ដាច់​ការ​បង្ហូរ​ឧស្ម័ន​ប្រចាំថ្ងៃ​ទៅកាន់​អឺរ៉ុប​តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream រហូតដល់ ​៣៣​លាន​ម៉ែត្រត្រីគុណប្រមាណ ២០% នៃ​សមត្ថភាព​របស់​បំពង់​បង្ហូរ​ឧស្ម័នចាប់ពី​ថ្ងៃ​ពុធ​នេះ​។​ក្រុមហ៊ុន​បាន​និយាយ​ថា ខ្លួន​កំពុង​ផ្អាក​ប្រតិបត្តិការ​មួយ​ក្នុងចំណោម​ទួរបីន​ចំនួន​២ ​ដែល​កំពុង​ប្រតិបត្តិការ​ចុងក្រោយ​ដោយសារ​លក្ខខណ្ឌ​បច្ចេកទេស​ម៉ាស៊ីន​។ ​ប្រទេស​អាល្លឺម៉ង់​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ឧស្ម័ន​របស់​រុស្ស៊ី ប៉ុន្តែ​បាន​ព្យា​យាម​កាត់បន្ថយ​បន្តិច​ម្ដងៗ ក្រោយ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ​បាន​និយាយ​ថា គ្មាន​ការ​ហេតុផល​ផ្នែក​បច្ចេកទេស​ណាមួយ​សម្រាប់​ការ​កាត់ផ្ដាច់​នេះ​ទេ​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ថា ការ​កាត់ផ្ដាច់​នេះ​បាន​បង្ហាញ​ថា ​អឺរ៉ុប​គួរតែ​បន្ថែម​ទណ្ឌកម្មលើ​រុស្ស៊ីឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​៕អត្ថបទ៖ សុខមាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម

2022/07/26 09:52:13 am        404
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសមនៅពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។លោកជំទាវ ហា ធីង៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃរបស់សម្តេច អនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកជំទាវ បានជម្រាបសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារដែលសហព័ន្ធនារីវៀតណាម បានសម្រេចបាននាពេលកន្លងមក នៅក្នុងនោះមានកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលទើបបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយគ្នាពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងត្រៀមចុះកិច្ចសហប្រតិបត្តិការ ៥ឆ្នាំបន្តទៀត។លោកជំទាវ ប្រធានគណៈប្រតិភូ បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា នៅក្នុងរដ្ឋសភាប្រទេសវៀតណាម ដែលមានសមាជិកចំនួន ៤៩៩នាក់ មានសមាជិកជានារីចំនួន១៥១នាក់ ដែលស្មើប្រមាណជាង៣០%។ លោកជំទាវ ហា ធីង៉ា បានគោរពស្នើសូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងសមាជិករដ្ឋសភាកម្ពុជាជាស្រ្តី និងសហព័ន្ធនារីវៀតណាម នៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នានាពេលអនាគត។ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ លោកជំទាវ ហា ធីង៉ា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ពិតជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរ។ សម្តេច បានអបអរសាទរលោកជំទាវ ដែលបានជាប់ឆ្នោតសារជាថ្មី ជាប្រធានសហព័ន្ធនារីវៀតណាម សម្រាប់អាណត្តិទី១៣ ឆ្នាំ២០២២-២០២៧ ផងដែរ។សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា វត្តមានស្រ្តីនៅក្នុងវិស័យនយោបាយ និងកិច្ចការសង្គមទូទៅ ទាំងនៅវៀតណាម និងកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សិទ្ធិនារី និងការជំរុញលើកកម្ពស់សមភាពយ៉េនឌ័រ ដែលជារបៀបវារៈនយោបាយដ៏សំខាន់របស់សកលលោកបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន និងសកលលោកផងដែរ។  វត្តមានស្រ្តី នៅក្នុងវិស័យកិច្ចការសង្គមនយោបាយ ជាកម្លំាងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងរួមចំណែកថែរក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម។  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា នៅកម្ពុជា វត្តមានស្ត្រី ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់ជាមួយនិងបរិមាណ កំណើនគួរឱ្យកត់សំគាល់ នៅស្ទើរគ្រប់វិស័យសាធារណទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឆ្លៀតឱកាសនោះ សម្តេចបានគាំទ្រ និងលើកទឹកចិត្តក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហព័ន្ធនារីវៀតណាម ឱ្យបានកាន់តែល្អថែមទៀត៕

ប្រធានអាស៊ានតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤នាក់ នៅមីយ៉ាន់ម៉ា

2022/07/26 08:30:09 am        653
ភ្នំពេញ៖ ប្រធានអាស៊ាន មានក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤នាក់ បើទោះបីមានការស្នើឲ្យមានការពិចារណាឡើងវិញក៏ដោយ។ប្រធានអាស៊ាន នៅតែប្រកាសបន្តរិះរកវិធីសាស្ត្រឲ្យមីយ៉ាន់ម៉ាត្រលប់ទៅរកប្រក្រតីភាព និងដំណើរការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី។

ចិននិយាយថា សមុទ្រ​ចិន​ខាងត្បូងមិនមែនជា​វាទិកា​ប្រយុទ្ធ​សម្រាប់​បណ្ដា​ប្រទេស​មហាអំណាច​ឡើយ

2022/07/25 03:06:29 pm        776
​ចិន៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក Wang Yi បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សមុទ្រ​ចិន​ខាងត្បូង​មិន​មែន​ជា​សួនសត្វ​សម្រាប់​បណ្ដា​ប្រទេសក្រៅ​តំបន់ ឬ​ជា​វាទិកា​ប្រយុទ្ធ​សម្រាប់​មហាអំណាច​ដែល​ត្រូវ​មក​ប្រជែង​គ្នា​ដែរ។ ​លោក Wang បាន​និយាយ​នៅក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា​តាម online រំលឹក​ពី​ខួប​ទី​២០ ​នៃ​ការ​ចុះ​ហត្ថលេខា​លើ​សេចក្ដីប្រកាស​ស្ដីពី​ក្រម​ប្រតិបត្តិ​នៃ​គូភាគី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ថា ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូងគួរ​ត្រូវ​បាន​ដោះស្រាយ​ដោយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ដោយ​ខ្លួនឯង​។ ​សេចក្ដីប្រកាស​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រួមគ្នា​ដោយ​ប្រទេស​ចិន និង​បាន​បញ្ជាក់​ជាថ្មី​នូវ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ ការហោះហើរ​លើ​ដែនសមុទ្រ ដំណោះស្រាយ​ជម្លោះ​ប្រកបដោយ​សន្តិវិធី និង​ការ​អត់ធ្មត់​ខ្លួនឯងក្នុង​ក្រម​ប្រតិបត្តិ​នៃ​សកម្មភាព​នានា​។ ការ​អត្ថាធិប្បាយ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​ប្រមុខ​ការទូត​ចិន​រូប​នេះ មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ក្រុង​ប៉េកាំង​បាន​ចោទ​ទីក្រុង​កង់​បេ​រ៉ា​ ប្រទេស​អូស្ត្រាលី ពី​បទ​បង្ក​ហេតុ​ក្នុង​ដែនសមុទ្រ​នេះ​៕​អត្ថបទ៖ សុខមាន

ខ្មាន់កាំភ្លើង​បាញ់​ប្រហារ​នៅ​បរិវេណ​សកល​វិទ្យាល័យ​ហ្វីលីពីន​បណ្តាល​ឲ្យ​មនុស្ស ​៣​នាក់​ស្លាប់

2022/07/25 02:26:33 pm        723
​ហ្វីលីពីន៖ នគរបាល​​ហ្វីលីពីនបាន​និយាយថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់ប្រហារ​នៅ​បរិវេណ​សកលវិទ្យា​ល័យ ​ក្នុងតំបន់​រដ្ឋធានី​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យបណ្តាល​ឲ្យ​អតីត​អភិបាលក្រុង​ម្នាក់ និង​មនុសុ្ស​ពីរ​នាក់​ផ្សេងទៀត​ស្លាប់នៅក្នុង​ការវាយប្រហារ​មួយ​នៅមុន​ពិធី​ប្រគល់​សញ្ញាប័ត្រ​។ ​នគរបាល​និយាយថា ជនសង្ស័យ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ពីរ​ដើម ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​រថយន្ត​ដែលព្យាយាម​រត់គេចខ្លួន​ពី​សកលវិទ្យាល័យ Ateneo de Manila ក្នុង​ទីក្រុង Quezon។ ខ្មាន់កាំភ្លើង​ត្រូវបាន​រារាំង​ដោយ​មនុស្ស​ជាច្រើន និង​អាជ្ញាធរ​នៅ​ខាងក្រៅ​ច្រកទ្វារ​ចូល​សកលវិទ្យាល័យ​។​ ​នគរបាល​និយាយថា សកលវិទ្យាល័យ​ដ៏​ធំ​ទូលាយ​ត្រូវ​បានដាក់​នៅក្រោម​វិធាន​ការបិទ​ខ្ទប់ ហើយ​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​សាលា​ច្បាប់​ក្នុង​បរិវេណ​សកលវិទ្យាល័យ​ត្រូវបាន​លុបចោល​។ ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ព្យាយាម​កំណត់​ពី​មូលហេតុ​នៃ​ការវាយប្រហារ​នេះ ប៉ុន្តែ​អធិការនគរបាល​ក្រុង Quezon បាន​និយាយថា ជនសង្ស័យ​ដែលជា​វេជ្ជបណ្ឌិត មាន​ជម្លោះ​ជា​យូរ​មកហើយ​ជាមួយ​លោកស្រី Rosita Furigay អតីត​អភិបាលក្រុង Lamitan នៅ​ខេត្ត Basilan ភាគខាងត្បូង​។​លោកស្រី​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​រួមជាមួយ​ជំនួយការ​របស់លោក​ស្រី និង​អ្នកយាម​នៅ​សកលវិទ្យាល័យ​។ របាយការណ៍​របស់​ន​គ​របាល​បាន​និយាយថា កូនស្រី​របស់លោក​ស្រី Furigay ដែល​ត្រូវបាន​គេ​សន្និដ្ឋានថា​នឹងចូលរួម​ពិធី​ប្រគល់​សញ្ញាប័ត្រ​នេះបាន​រងរបួស ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី​លោក Ferdinand Marcos Jr. បាន​សន្យាថា​នឹង​ស៊ើបអង្កេត​ឲ្យ​បានឆាប់រហ័ស ហើយ​អ្នក​ដែល​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​នឹងត្រូវបាន​នាំមក​កាត់ទោស៕អត្ថបទ៖ ប៊ុនថន

ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ California បង្ខំ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន និង​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​

2022/07/25 12:28:20 pm        840
​សហរដ្ឋអាមេរិក៖ មនុស្ស​ជាង 6,000នាក់​ដែល​រស់នៅ​ក្រៅ​ឧទ្យាន​ជាតិ Yosemite ក្នុង​រដ្ឋ California ត្រូវបាន​គេ​បញ្ជា​ឱ្យ​ជម្លៀសចេញ ស្របពេល​មាន​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​ឆេះ​រាលដាល​ក្នុង​សន្ទុះ​យ៉ាង​លឿន ខណៈដែល​គ្រោះរាំងស្ងួត និង​សីតុណ្ហភាព​ខ្ពស់​នៅតែ​បន្ត​ ជំរុញ​ឲ្យ​អណ្តាតភ្លើង​ឆេះ​កាន់តែ​គ្រោះថ្នាក់​ខ្លាំង​ឡើង​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​។ ​អភិបាល​រដ្ឋ​លោក Gavin Newsom កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នៅក្នុង​តំបន់ Mariposa ខណៈដែល​ភ្លើង​ឆេះ​ព្រៃ​មាន​ឈ្មោះថា Oak ដែល​បានចាប់ផ្តើម​មួយថ្ងៃ​មុននេះ​បាន​ឆេះ​រាលដាល​​លើ​ផ្ទៃដី​ទំហំ​ជាង 4,800ហិច​តា។ ​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នេះ​បាន​កើត​ឡើង ​ស្រប​ពេល​ដែល​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​អណ្ដាតភ្លើង​ដាច់ដោយឡែក​ពីគ្នា​មួយទៀត គឺភ្លើង​ឆេះ​ព្រៃ​ឈ្មោះ Washburn នៅ​ខាងក្នុង​ឧទ្យាន Yosemite ដែល​បាន​គំរាមកំហែង​ដល់​ព្រៃឈើ​បុរាណ​ធំ​ៗ​ដ៏​ប្រណិត​។​ភ្លើង​ឆេះ​ព្រៃ Oak គឺជា​ភ្លើង​ដ៏​ធំ​បំផុត​រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​រដ្ឋ​នេះ ហើយ​កើតឡើង​ស្រប​ពេល​រដូវ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សកម្ម​មួយ ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា ​បាន​ក្លាយទៅជា​ការ​បំផ្លិច​បំផ្លាញ​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល 30ឆ្នាំ​ចុង​ក្រោយនេះដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​។​ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជាង 400នាក់​កំពុង​ប្រយុទ្ធ​នឹង​អណ្ដាតភ្លើង​ដ៏​សន្ធោសន្ធៅ​ចុងក្រោយ​នៅក្នុង​រដ្ឋ California ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ យន្តហោះ​ផ្សេងទៀត និង​គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​ដើម្បី​ពន្លត់​អណ្ដាត​ភ្លើង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM