សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

កំណាត់ផ្លូវជាតិលេខ៥ ដែលរងការជន់លិចបានផ្អាកចចារណ៍ជាបណ្តោះអាសន្នហើយ, អ្នកដំណើរអាចវាងទៅផ្លូវជប៉ុនកំពុងសាងសង់ថ្មី

2022/07/22 11:46:39 am        611
កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារចំរុះថ្នាក់ខេត្ត បានសម្រេចបិទផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ដោយបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារតែផ្លូវនៅចំណុចនោះបានរងការខូចខាតដោយសារតែជំនន់ទឹកភ្លៀងហូរកាត់។ដោយឡែកការធ្វើរចរាចរណ៍របស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៥ត្រង់ចំនុចនេះ ត្រូវបានបញ្ចៀសទៅតាមផ្លូវជប៉ុនកំពុងសាងសង់ថ្មី ដោយក្រុមការងារក៏បន្តដំណើរមកពិនិត្យមើលស្ថានភាពអាងទំនប់ទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ បន្តទៀត៕

លោក​ប្រធានាធិបតី​អាមេរិក Joe Biden នៅតែមាន​សុខភាព​ល្អ​ និង​ធ្វើការ​ដូច​ធម្មតា​ក្រោយ​ឆ្លង​វីរុស COVID-19

2022/07/22 10:46:34 am        328
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស Covid-19 ហើយ​កំពុង​នៅ​ដាច់ដោយឡែក​នៅ​ឯ​សេត​វិមាន​។​ ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Karine Jean-Pierre បាន​និយាយ​ថា មេដឹកនាំ​វ័យ ៧៩​ឆ្នាំ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ និង​បាន​ចាក់​ដូ​ស​ជំរុញ​លើក​ទី​ពីរ​មាន​ "រោគសញ្ញា​ស្រាល​" ហើយ​នឹង​បន្ត​បំពេញ​ភារកិច្ច​ទាំងអស់​របស់​លោក​តាម​ធម្មតា។​ ​សេចក្តីថ្លែងការណ៍​រប​ស់លោក​ស្រី​បាន​បន្ថែម​ថា ប្រធានាធិបតី​កំពុង​ពិសា​ថ្នាំ​ប្រឆាំង​វីរុស​ឈ្មោះ Paxlovid។​ នៅ​ក្នុង​សារ​លើ​បណ្ដាញ​សង្គម tweeter លោក Biden បាន​និយាយ​ថា លោក​កំពុង​មាន​សុខ​ភាព​ល្អ​ណាស់​ និង​បន្ត​រវល់​ភារកិច្ច​ដូច​ធម្មតា​ទេ​។​ ​ចំណែក​ភរិយា​របស់​លោក​គឺ​ស្ត្រី​ទី​១ Jill Biden បាន​និយាយ​ថា ​លោកស្រី​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​។​ ​លោកស្រី Jean-Pierre បាន​និយាយ​ថា ដោយ​ស្រប​ទៅ​តាម​ពិធីសារ​សេត​វិមាន ​ប្រធានាធិបតី​នឹង​បន្ត​ធ្វើការ​ដាច់​ដោយ​ឡែក​រហូត​ដល់​លោក​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន ហើយ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ទូរស័ព្ទ និង Zoom​។​​លោក​វេជ្ជបណ្ឌិត Ashish Jha អ្នក​សម្របសម្រួល​នៅ​សេត​វិមាន​បាន​និយាយ​ថា លោក​ប្រធានាធិបតី​អស់​កម្លាំង ហៀរ​សំបោរ និង​ក្អក​ស្ងួត​។ លោក​បាន​និយាយ​ថា លោក Biden បាន​ចូល​សម្រាក​ដោយ​មាន​អារម្មណ៍ល្អ ប៉ុន្តែ​ទទួលទានដំណេក​មិនសូវ​លក់​ស្រួល​ទេ ហើយ​បន្ទាប់មក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៕​អត្ថបទ៖ សុខមាន

មនុស្ស​ ១៨​នាក់​ស្លាប់​ក្នុងការ​វាយឆ្មក់​ដ៏​ធំ​របស់​កម្លាំង​នគរបាល​នៅ​ទីក្រុង Rio de Janeiro

2022/07/22 10:16:43 am        605
​​ប្រេ​ស៊ី​ល៖ ប្រតិបត្តិការ​របស់​នគរបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ដាក់​គោលដៅ​ទៅលើ​សមាជិក​ក្រុម​ជន​អន្ត​ពាល​ នៅ​ក្នុង​តំបន់​គ្មាន​របៀបរៀបរយ​ដ៏​ធំ​បំផុត​របស់​ទីក្រុង Rio de Janeiro ឬ​សហគមន៍​ដែល​មាន​ប្រាក់ចំណូល​ទាប ​បាន​បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ១៨​នាក់​ស្លាប់​ នៅ​ក្នុង​ការ​វាយឆ្មក់​មួយ​ក្នុងចំណោម​ការ​វាយឆ្មក់​ដ៏​សាហាវ​បំផុត​ជាច្រើន ដែល​ទីក្រុង​បាន​ឃើញ​នា​ពេល​ថ្មីៗ​នេះ និង​នាំ​ឲ្យ​មានការ​រិះគន់​លើ​ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​នគរបាល​កាន់​តែ​ខ្លាំង​ឡើង​។ ​ក្រុម​អាជ្ញាធរ​ទីក្រុង Rio បាន​និយាយ​ថា ឧក្រិដ្ឋជន​ជនជាប់សង្ស័យ ១៦​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រឈម​ដាក់គ្នា​ជាមួយ​នគរបាល​នៅ​ក្នុង​ទីក្រុង Complexo do Alemao ក្នុងចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​មន្ត្រី​នគរបាល​ម្នាក់ និង​ស្ត្រី​ម្នាក់​ផង​ដែរ​។ អ្នកនាំពាក្យ​នគរបាល​បាន​និយាយថា ការ​វាយឆ្មក់​នេះ​សំដៅ​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​ដែល​លួច​រថយន្ត និង​ប្លន់​ធនាគារ ហើយ​បាន​លុកលុយ​សង្កាត់​ក្បែរ​នោះ​។ ​វីដេអូ​ដែល​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​បានបង្ហាញ​ពី​ការបាញ់ប្រហារ​គ្នា​យ៉ាងខ្លាំង​រវាង​ឧក្រិដ្ឋជន ក៏ដូចជា​ឧទ្ធម្ភាគចក្រ​នគរបាល​ដែល​កំពុង​ហោះ​ហើរ​ទាប​ៗ​រំលង​លើ​ដំបូល​ផ្ទះ​ថ្មី​តូច​ៗ​។នគរបាល​របស់​ទីក្រុង Rio បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ដើម្បី​បាញ់​ប្រហារ​ទៅលើ​គោលដៅ​នានា សូម្បីតែ​នៅ​ក្នុង​តំបន់​លំនៅដ្ឋាន​ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​។ ​នៅ​កន្លែង​នៃ​ការ​វាយឆ្មក់ អ្នកយកព័ត៌មាន AP បានឃើញ​អ្នកស្រុក​​បាន​សែង​សាកសព​ប្រហែល ១០​នាក់ ខណៈដែល​ពលរដ្ឋ​កំពុង​ឈរ​មើល​ហេតុការណ៍​ស្រែក​ថា "​យើង​ចង់បាន​សន្តិភាព​!" ក្រុម​អ្នក​ស្រុក​បាន​និយាយ​ថា អ្នក​ដែល​ប៉ុនប៉ង​ជួយ​អ្នក​រងរបួស​ប្រឈម​នឹង​ការចាប់ខ្លួន​៕​អត្ថបទ៖ សុខមាន

ការ​បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំងថ្ម ឃុំ​ប៉ោយចារ សម្រេច​បាន​ជាង ៨០​ភាគរយ​

2022/07/22 10:04:43 am        241
​បន្ទាយមានជ័យ​៖ គិត​រហូតមក​ដល់ពេលនេះ កងកម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​តំបន់​អាង​ត្រពាំងថ្ម ស្ថិត​ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានសម្រេច​បាន​ជាង ៨០​ភាគរយ​ហើយ។​ ​បើ​តាម​លោក ចាន់ ដា​រ៉ុ​ម អនុប្រធាន​កងឯកភាព​កំចាត់មីន​ទទួលបន្ទុក​ប្រតិបត្តិការ នៅ​ទីវាល​នៃ​តំបន់​អាង​ត្រពាំងថ្ម​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ ដោយ​កម្លាំង​ស៊ីម៉ាក់​បោសសំអាត​មីន​បាន​ដល់​ទៅ​ ៨២​ភាគរយ​ស្មើនឹង ​២០​ហិកតា នៅសល់តែ​ ៥​ហិកតា​ទៀត ដោយ​កម្លាំង​ស៊ីម៉ាក់​កំពុង​ខិតខំ​បន្ត​ដោះ​ឲ្យ​រួចរាល់​តាម​ផែនការ។​ ​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​មានប្រសាសន៍ថា ការងារ​បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំងថ្ម ក្នុង​ឃុំ​ប៉ោយចារ​នេះ​ប្រើ​ពេល​វេលា​ត្រឹម ​១​ខែ​ប៉ុណ្ណោះ ហើយ​ផ្ទៃដី​ដែល​ត្រូវ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មាន​ចម្ការ​មីន​ចំនួន​៨ ស្មើនឹង​ ២៥​ហិកតា ដោយ​ប្រើ​ប្រាស​កម្លាំង​ស៊ីម៉ាក់​ជាង​ ៥០​នាក់ចែក​ចេញជា​ ២​ក្រុម​ដែល​ប្រើប្រាស់​ធនធាន​ថវិកា​មាន​ស្រាប់ រួមទាំង​ប្រើ​កម្លាំង​គ្រឿងចក្រ កម្លាំង​សុនខ និង​កម្លាំង​បច្ចេកទេស​តាម​ការចាំបាច់។​​ក្នុង​ឱកាស​អញ្ជើញ​អបអរ​ទិវា​មច្ឆជាតិ​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មីន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំង​ថ្ម ហើយ​ប្រកាស​ថា ​គ្មាន​មីន​នៅ​ចុង​ឆ្នាំនេះ សម្រាប់​ឃុំ​ប៉ោយចារ​ត្រូវ​ធ្វើ​ឱ្យ​បាន​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ។ ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ ក៏បាន​អំពាវនាវ​ពលរដ្ឋ និង​សប្បុរសជន​នានា ចូលរួម​ក្នុង​ការងារ​បោសសំអាត​មីន​នៅ​កម្ពុជា ដើម្បី​ឲ្យ​សម្រេច​តាម​ផែនការ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ដែល​នឹងធ្វើ​ឲ្យ​ផ្ទៃដី​មាន​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស ខណៈ​សកម្មភាព​ចូលរួម​បរិច្ចាគ​ថវិកា​នេះ កំពុង​ដំណើរការ​យ៉ាង​ផុស​ផុល​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស រួម​ទាំង​ខាង​ផ្នែក​អន្តរជាតិ​ផងដែរ៕ អត្ថបទ៖ បាន សុខ​រិ​ទ្ធិ

រុស្ស៊ី​បន្ត​ការវាយលុក​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ពង្រីក​គោលដៅ​សង្គ្រាមហួស​ពី​តំបន់ ​Donbas

2022/07/22 09:40:53 am        654
​រុស្ស៊ី៖ រុស្ស៊ី​ទំនងជា​ពង្រីក​មហិច្ឆតា​ទឹកដី​របស់ខ្លួន​នៅក្នុង​សប្តាហ៍​ទី21 នៃ​សង្គ្រាម​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន ខណៈ​បាន​បន្ត​ការវាយលុក​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត និង​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ដ៏​កម្រ​មួយ​ចំនួន ​នូវ​អ្វីដែល​ខ្លួន​ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស។ ​​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី Ria Novosti កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​បាន​ពង្រីកហួស​ពី​គោលដៅ​ផ្លូវការ​របស់​ខ្លួន​ ក្នុង​ការ​កាន់កាប់​តំបន់​ភាគ​ខាងកើត​ទាំងពីរ​គឺ Luhansk និង Donetsk ដែល​បង្កើត​បាន​តំបន់ Donbas។​ ​លោក Lavrov បាន​និយាយ​ថា វា​មិន​ត្រឹមតែ​តំបន់ Luhansk និង Donetsk ​ទេ​គឺ​ថែមទាំង​តំបន់ Kherson និង Zapporizhzhia ព្រមទាំង​ទឹកដី​ផ្សេងទៀត​ផងដែរ​។បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញពី​តំបន់​ជុំវិញ​ទីក្រុង Kyiv កាលពី​ថ្ងៃ​ទី25 ខែមីនា លោក Lavrov បាន​និយាយ​ថា "​ប្រតិបត្តិការ​សឹក​ពិសេស​" នៅ​អ៊ុយ​ក្រែ​ន​បាន​បញ្ចប់ ហើយ​រុស្ស៊ី​នឹង​ផ្តោត​លើ​តំបន់​ភាគ​ខាងកើត​ទាំងពីរ​។ ​ប៉ុន្តែ​កង​កម្លាំង​រុស្ស៊ី​បាន​បន្ត​កាន់កាប់​ផ្នែក​ខ្លះ​នៃ​តំបន់ Kherson និង Zaporizhia នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន ដែល​ពួកគេ​ដណ្តើម​​បាន​តាំងពី​ការចាប់ផ្ដើម​សង្គ្រាម និង​ជំរុញ​ឲ្យ​តំបន់​ទាំងនោះ​ក្លាយ​ជា​រុស្ស៊ី​និយម ស្រប​ពេល​មានការ​ព្រួយបារម្ភ​ថា ​ទីក្រុង Moscow កំពុង​រៀបចំ​ផែនការ​ដាក់បញ្ចូល​តំបន់​ទាំងនោះ​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន៕អត្ថបទ៖ សុខមាន

ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​និយាយ​ថា គ្មាន​ភស្តុតាង​បញ្ជាក់​ថា លោក Putin មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ​

2022/07/21 11:59:51 am        456
​សហរដ្ឋអាមេរិក៖ ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក CIA បាន​និយាយ​ថា គ្មាន​ការ​ស៊ើបការណ៍​ណា​មួយ​ដែល​បង្ហាញ​ថា​ លោក Vladimir Putin មាន​ស្ថាន​ភាព​មិន​ស្ថិតស្ថេរ ឬ​មាន​សុខភាព​មិនល្អ​នោះ​ទេ​។ ​មានការ​រំពឹង​ទុក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែល​មិន​អាច​បញ្ជាក់​បាន​កាន់តែ​ច្រើន​ឡើង​ដែល​ថា ​លោក Putin វ័យ ៧០​ឆ្នាំ​នៅ​ឆ្នាំនេះ​អាច​នឹង​មាន​សុខភាព​មិនល្អ អាច​ជា​ជំងឺ​មហារីក​។ ​ប៉ុន្តែ​លោក Williams Burns បាន​និយាយ​ថា ​មិន​មាន​ភស្តុតាង​ណាមួយ​បង្ហាញ​ពី​រឿង​នេះ​ទេ ដោយ​និយាយ​លេង​ថា ​លោក​ទំនងជា "​មាន​សុខ​ភាព​ល្អ​ពេក​ទេ​ដឹង​"។ ​ការ​អត្ថាធិប្បាយ​របស់​លោក​បាន​កើតឡើង​ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ថែម​ទៀត​។ ​កាលពី​ថ្ង​ពុធ​សប្ដាហ៍​នេះ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយថា ការដាក់​គោលដៅ​របស់​យោធា​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន លែង​មាន​កំណត់​ត្រឹមតែ​នៅ​តំបន់​ខាងកើត​ទៀតហើយ ដោយ​បង្កប់​ន័យ​ថា យុទ្ធសាស្ត្រ​របស់​ទីក្រុង Moscow បាន​ផ្លាស់ប្តូរ បន្ទាប់ពី​លោក​ខាង​លិច​បាន​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​ជា​បន្តបន្ទាប់​។​​លោក Lavrov ក៏បាន​ព្រមាន​លោក​ខាង​លិច​ផង​ដែរ​ថា រុស្ស៊ី​នឹង​ពង្រីក​គោលបំណង​របស់​ខ្លួន​ប​ន្ថែ​ម​ទៀត ប្រសិនបើ​សម្ព័ន្ធ​យោធា​ណា​តូប​ន្ត​ផ្គត់ផ្គង់​សព្វាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​អ៊ុយ​ក្រែ​ន​។ ​លោក​ខាង​លិច​បាន​បញ្ជូន​គ្រឿង​សព្វាវុធ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​រួចហើយ​។ ក្រុង Kyiv បាន​និយាយ​ថា អាវុធ​ទាំងនោះ​បាន​ផ្ដល់​ក្ដី​សង្ឃឹម​នៅ​សមរភូមិ ខណៈ​ជំរុញ​ឱ្យ​បញ្ជូន​គ្រឿង​យុទ្ធោបករណ៍​ពី​លោក​ខាង​លិច​បន្ថែម​ទៀត​៕ អត្ថបទ៖ សុខមាន

លោក​ Biden គ្រោង​នឹង​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Xi ក្នុង​រយៈពេល ​១០​ថ្ងៃ​បន្ទាប់ ខណៈ​មានការ​សង្ស័យ​លើ​ដំណើរ​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់

2022/07/21 11:29:11 am        606
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​ពេល​ជាង ​១​សប្ដាហ៍​ទៀត​គិត​ពី​សប្ដាហ៍​ថ្ងៃក្រោយ​ទៅ និង​បង្ហាញ​ពី​ភាពមិនច្បាស់លាស់ថា តើប្រធានសភា​លោកស្រី Nancy Pelosi នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ ឬ​យ៉ាងណា​។ ​លោក Biden បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង Washington បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ជាមួយ​លោក​ក្នុង​ដំណើរ​កម្សាន្ត​មួយថ្ងៃ​ទៅកាន់​រដ្ឋ Massachusetts ថា ​ខ្ញុំ​គិតថា​ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី Xi ក្នុង​រយៈពេល ១០​ថ្ងៃ​ខាងមុខ​ទៀត​នេះ​។ ​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Xi និង​លោក Biden នឹង​កើតឡើង​ប៉ុន្មាន​ខែ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​តាម​វីដេអូ​ចុងក្រោយ​របស់​មេដឹកនាំ​ទាំង​២ កាលពី​ខែ​មីនា​។ វា​នឹង​ក្លាយ​ជា​ជំនួប​ផ្ទាល់​លើក​ទី​២ ​រវាង​លោក​ទាំង២ ​ចាប់​តាំងពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​លើកទី១ ​ចាប់តាំងពី​ប្រមុខ​ការពារជាតិ​របស់​ប្រទេស​ទាំង​២​ បាន​បង្កើន​សង្គ្រាម​វោហារសាស្ត្រ​ដាក់គ្នា​ទៅវិញទៅមក​នៅឯ​កិច្ចសន្ទនា Shangri-La ក្នុងប្រទេស​សិង្ហ​បុរី​។​​ការអះអាង​របស់លោក Biden កាលពី​ខែឧសភា​ដែល​ថា ​សហរដ្ឋអាមេរិក​នឹងធ្វើ​អន្តរាគមន៍​ដោយ​យោធា ប្រសិនបើ​ទីក្រុង​ប៉េកាំង​ប៉ុនប៉ង​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​កោះ​តៃវ៉ាន់រួបរួម​ជាមួយ​ចិនដីគោក ដែល​ត្រូវ​បានកំណត់​សម្រាប់​វេទិកា​នោះ ដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិនលោក​ឧ​ត្ត​ម​សេនីយ៍ Wei Fenghe បាន​ទាត់ចោល​នូវ​ច្បាប់​ស្ដីពី​ទំនាក់ទំនង​កោះ​តៃវ៉ាន់​នោះ​។ ទោះជា​យ៉ាងណាក៏ដោយនៅ​ពេល​ត្រូវ​បាន​សួរ​កាលពី​ថ្ងៃ​ពុធ ​អំពី​លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi លោក​ Biden បាន​និយាយ​ថា "​ខ្ញុំ​គិត​ថា​ យោធា​គិត​ថា​ វា​មិន​មែន​ជា​គំនិតល្អ​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​ស្ថានភាព​របស់​វា​ជា​អ្វី​ទេ​៕​អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ប្រាប់​រដ្ឋ​ជា​សមាជិក​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន ខណៈ​មានការ​ព្រមាន​ថ្មី​ពី​លោក Putin

2022/07/21 10:42:35 am        525
​សហភាព​អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​ប្រាប់​រដ្ឋ​សមាជិក​កាលពី​ថ្ងៃ​ពុធ​ ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ​រហូតដល់​ខែ​មីនា ឆ្នាំ​២០២៣ ដែល​ជា​ផ្នែក​នៃ​ផែនការ​គ្រាអាសន្ន បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​ថា​ ការ​ផ្គត់ផ្គង់​ដែល​បញ្ជូន​ទៅ​អឺរ៉ុប​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែម​ទៀត​។ ​ការ​ដឹក​ជញ្ជូន​តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 គ្រោង​នឹង​ដំណើរការ​ជាថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ការ​ផ្អាក​ដល់​ដើម្បី​ជួសជុល​រយៈពេល​ ១០​ថ្ងៃ​។ បណ្ដាញ​នេះ​មាន​ច្រើនជាង​មួយ​ភាគ​បី​នៃ​ការនាំចេញ​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​សហភាព​អឺរ៉ុប​។ ​ការផ្គត់ផ្គង់​តាមរយៈ Nord Stream 1 ត្រូវបាន​កាត់បន្ថយ​មុន​ពេល​ការ​ជួសជុល​ប្រចាំឆ្នាំ ​ដោយសារ​ជម្លោះ​ជុំវិញ​ការដាក់ទណ្ឌកម្ម ហើយ​ឥឡូវនេះ​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែមទៀត​។ លំហូរ​ឧស្ម័ន​តាមរយៈ​ផ្លូវ​ផ្សេងទៀត​ដូចជា​អ៊ុយ​ក្រែ​ន​ក៏បាន​ធ្លាក់​ចុះ​ផង​ដែរ ​ចាប់​តាំង​ពី​ការវាយលុក​របស់​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ​។​ការរអាក់រអួល​បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អឺរ៉ុប​ ក្នុង​ការចាក់​បំពេញ​ឧស្ម័ន​ឡើងវិញ​នៅមុន​រដូវរងា ដោយ​បង្កើន​ហានិភ័យ​នៃ​បែកបាក់​គ្នា និង​ផលប៉ះពាល់​មួយទៀត​ដល់​កំណើនសេដ្ឋកិច្ច​ដែល​ទន់ខ្សោយ ប្រសិនបើ​ទីក្រុង Moscow រឹតត្បិត​បន្ថែមទៀត​លើ​លំហូរឧស្ម័ន​នេះ ជាការ​សងសឹក​ចំពោះ​ទណ្ឌកម្ម​របស់លោក​ខាងលិច​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​គណៈកម្មការ​អឺរ៉ុប​បានស្នើ​គោលដៅ​ស្ម័គ្រចិត្ត ​សម្រាប់​រដ្ឋ​ជា​សមាជិក​ទាំងអស់​កាត់​បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ចាប់ពី​ខែសីហា​ដល់​ខែមីនា​ ឆ្នាំ​២០២៣ ខាងមុខ បើ​ធៀប​នឹង​ការប្រើប្រាស់​ជា​មធ្យម​របស់​ពួកគេ​ក្នុង​រយៈពេល​ដូចគ្នា​៕​អត្ថបទ៖ សុខមាន

ការតវ៉ា​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​កូឡុំបូបន្ទាប់ពី​លោក Ranil Wickremesinghe ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ថ្មី​

2022/07/21 09:46:27 am        568
​ស្រីលង្កា៖ ការតវ៉ា​បាន​ផ្ទុះឡើង​នៅក្នុង​រដ្ឋធានី​កូឡុំបូ​របស់​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃ​ពុធ​ភ្លាមៗ ​បន្ទាប់ពី​សមាជិក​សភា​​បាន​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធានាធិបតី​ស្តីទី​លោក Ranil Wickremesinghe ជា​ប្រធានាធិបតី​ថ្មី​។ លោក​ទទួល​បាន​សំឡេង​គាំទ្រ ​134សំឡេង​នៅ​ក្នុង​សមាជិកសភា​ទាំងអស់​ដែល​មាន​ចំនួន 225 ក្នុង​សភាព​ស្រីលង្កា​។​ ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​វិលត្រឡប់​ទៅ​តវ៉ា​នៅ​តាម​ដងផ្លូវ​នានា​នៃ​រដ្ឋធានី​របស់​ស្រីលង្កា និង​បាន​និយាយ​ថា ​ពួកគេ​នឹង​បន្ត​ការ​តវ៉ា​រយៈពេល​ជាច្រើន​សប្ដាហ៍​។ ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​តំបន់ GotaGoGama ក្នុង​រដ្ឋធានី Colombo កាលពី​ថ្ងៃ​ពុធ ជាទី​ដែល​ពួកគេ​បាន​អបអរ​សាទរ​ការលាលែង​ពី​តំណែង ​ជា​ប្រធានាធិបតី​របស់​លោក ​Gotabaya Rajapaksa​។ ​មេដឹកនាំ​ការ​តវ៉ា​បាន​ប្តេជ្ញា​ថា​នឹង​មិន​ទទួលយក​លោក Wickremesinghe ជា​ប្រធានាធិបតី​ឡើយ ដោយ​បាន​ច្រានចោល​ថា ​លោក​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ពេក​របស់​អតីត​ប្រធានាធិបតី​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​លោក Gotabaya Rajapaksa ដែល​ត្រូវបាន​ស្តីបន្ទោស​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ ដែល​កំពុង​គ្រប​ដណ្តប់​ប្រទេស​ស្រីលង្កា​។​លោក Wickremesinghe ជំនួស​តំណែង​លោក Gotabaya Rajapaksa ជា​សម្ព័ន្ធមិត្ត​នយោបាយ​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​សប្តាហ៍​មុន មុនពេល​លាលែង​ពី​តំណែង​ជា​ផ្លូវការ​ចំពោះមុខ​ការ​តវ៉ា​ទូទាំង​ប្រទេស​ ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​រយៈពេល​ជាច្រើន​ខែ ដែល​បាន​ធ្វើឱ្យ​ប្រជាជន​ស្រីលង្កា​ជាច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក ឬ​ទិញ​សម្ភារៈ​ចាំបាច់​ជា​មូលដ្ឋានដូចជា​អាហារ និង​ប្រេង​ឥន្ធនៈ​។​ ក្រុម​បាតុករ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី ​ក្នុង​ទីក្រុង​កូឡុំបូ​កាលពី​រសៀល​ថ្ងៃ​ពុធ​ដោយ​ស្រែក​ពាក្យ​បដិសេធ​ថា "​ចេញទៅ Ranil ចេញទៅ​!"​។ ​លោក​ Wickremesinghe ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​សមាជិក​សភា​ នៅ​ក្នុង​ដំណើរការ​មួយ​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​ប្រទេស​ស្រីលង្កា ​ទទួល​រយៈ​ពេល​ដែល​នៅសល់​នៃ​អាណត្តិ​របស់​ប្រធានាធិបតី Rajapaksa រហូតដល់​ឆ្នាំ​២០២៤​។ ​លោក​បាន​ធ្វើជា​នាយក​រដ្ឋមន្ត្រី​ចំនួន 6ដង ប៉ុន្តែ​មិនដែល​ធ្វើជា​ប្រធានាធិបតី​ឡើយ​៕អត្ថបទ៖ សុខមាន

សភាប្រទេសស្រីលង្កាបោះឆ្នោតជ្រើសរើសលោក Ranil Wickremesinghe ជាប្រធានាធិបតី

2022/07/20 03:07:24 pm        586
ស្រីលង្កា៖ សមាជិកសភាប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បានបោះឆ្នោតជ្រើសរើសអតីតនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ជាប្រធានាធិបតីរបស់ប្រទេសអាស៊ីខាងត្បូងដែលរងគ្រោះដោយវិបត្តិ ជាទង្វើមួយនឹងធ្វើឱ្យក្រុមបាតុករខឹងសម្បារដែលកំពុងទាមទារឱ្យលោក Wickremesinghe លាចេញពីតំណែងជាច្រើនសប្តាហ៍កន្លងទៅនេះ។ លោក Wickremesinghe ជាសម្ព័ន្ធមិត្តសំខាន់របស់អតីតប្រធានាធិបតីលោក Gotabaya Rajapaksa បានទទួលសំឡេងគាំទ្រ 134សំឡេងនៅក្នុងការបោះឆ្នោតសភា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM