កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
​​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបជាមួយរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ​ឡើង​ ព្រះអង្គ​មាន​រាជ​បន្ទូល​ឆ្លងឆ្លើយ​ជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា»
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

TOP STORY | សម្ដេចធិបតី អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ព ក្នុង​ការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ

2025/06/09 02:51:31 pm        176
ភ្នំពេញ៖ ក្រោយអញ្ជើញដល់ប្រទេសបារាំងនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តអំពាវនាវ​អោយប​ណ្តា​សារ​ព័ត៌មាន​ និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិ​ត្ត​លើ​រាជ​រដ្ឋាភិបាល និង​កង​ទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ។ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​បញ្ជាក់​សារ​ជា​ថ្មី​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ថា​រាជរ​ដ្ឋាភិបាល​បន្ត​រក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​រវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់​យន្ត​ការ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំង​យន្ត​ការ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តាក្របី និងតំបន់មុំបី។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា៖«រាជរដ្ឋាភិបាលក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈ​គ្រប់យន្តការដែលមានស្រាប់ ដើម្បី​ជាឧត្តម​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ»។ ខ្ញុំក៏សូមអំពាវនាវអោយបណ្តាសារព័ត៌មាន និងប្រជា​ពលរដ្ឋ​របស់​យើង​សូម​រក្សា​ភាព​ស្ងៀម​ស្ងាត់ និងសូមជឿទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល និង​កងទ័ព​កម្ពុជា​ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹក​ដី និងឧត្តមប្រយោជន៍ជាតិខ្មែរយើង»។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់ជនរួមជាតិ ជៀសវាងការបង្កើត ឬចែក​រំលែក​ព៌ត៌​មាន​មិន​ច្បាស់លាស់ណាមួយ ដែលនាំអោយមានការយល់ច្រឡំ និងនាំអោយ​បំប៉ោង​សភាពការណ៍​លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ តាមរយៈសារ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់ចំពោះ ក្រសួងការពារជាតិ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ៖ ទី១ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយ​ដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ទី២ រាល់ការ​រៀប​ចំ​កម្លាំង​របស់​កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការ​ចល័ត​កម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោល​ដៅ​ត្រៀម​ខ្លួន​ការ​ពារ​បូរណ​ភាព​ទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។ ទី៣ កងទ័ពកម្ពុជាគាំទ្រ​ដល់​ការ​ខិតខំ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្ត​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការ​ពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា។ ទី៤ កង​ទ័ព​កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចូល​រួម​គាំទ្រ​ដល់​យន្ត​ការចរចា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដែល​មាន​គណៈ​កម្មការ​ចម្រុះ​ព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខណ្ឌសីមា និង បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេស​សល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

TOP STORY | ក្រសួងការពារជាតិ៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ

2025/06/09 12:55:28 pm        139
ភ្នំពេញ៖ ក្រសួងការពារជាតិ កម្ពុជា នៅថ្ងៃទី៩ ខែមិថុនានេះ បានប្រកាស អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយក្រសួងបានអះអាងថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ក្រសួងការពារជាតិ បានជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា៖១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។៣.កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។៤. កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជា ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ក្រសួងការពារជាតិ បន្តអំពាវនាវឱ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូដល់ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព ដើម្បីចូលរួមសន្និសីទ UNOC3 ស្តីពីមហាសមុទ្រ

2025/06/09 11:45:17 am        139
នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d'Azur នៅទីក្រុងនីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព ដើម្បី ចូលរួមសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី ៩-១១ ខែមិថុនា ឆ្នាំ២០២៥។ដំណើរចូលរួម សន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីសប្រទេសបារាំង របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនាពេលនេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប.)។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជានាពេលនេះ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រនិងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹត)៕

TOP STORY | ទាក់ទងនឹងបញ្ហាព្រំដែនក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យពលរដ្ឋ​ប្រើប្រាស់​តែ​ប្រភព​ព័ត៌មាន​ផ្លូវការ​ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ

2025/06/09 10:12:00 am        274
ក្រោយមានសារព័ត៌មានថៃមួយចំនួន និងព័ត៌មាន​តាម​បណ្តាញ​សង្គម​នៅ​ក្នុង​ស្រុក​ខ្លះ​ផ្សព្វ​ផ្សាយ​មិន​ពិត បំភ្លៃ បំភ្លើស ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៥​នេះ ក្រសួងការពារជាតិ​បាន​អំពាវនាវ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ​ស់​គប្បី​ប្រើប្រាស់​តែ​ប្រភព​ព័ត៌មានផ្លូវការ ពោលគឺចេញពីរាជរដ្ឋាភិបាល និងក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ។តាមរយៈឆាណែលតេលេក្រាមរបស់ក្រសួងការពារជាតិបានបញ្ជាក់ថាក្រសួងការពារជាតិ សូម​ជម្រាប​ជូន​សាធារណជនមេត្តាជ្រាបថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័ន​សារ​ព័ត៌មាន​ខាង​ថៃ និងបណ្តាញសង្គមមួយចំនួនក្នុងស្រុក បានផ្សព្វផ្សាយព័ត៌មានមិនពិត ដែ​ល​នាំ​ឱ្យ​មាន​ការយល់ច្រឡំ និងអាចបង្កឱ្យមានការបញ្ឆេះអារម្មណ៍ជាតិសាសន៍ និង​ការ​កើន​ឡើង​នៃ​ស្ថាន​ភាព​តានតឹង»។ក្រសួងបានបន្ថែមទៀតថា ក្នុងន័យនេះ ក្រសួងការពារជាតិ សូម​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ ទទួលយក និងប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេស​ព័ត៌មាន​ផ្លូវ​ការ​ដែល​ចេញ​ពី​រាជរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជា​ប្រភព​ព័ត៌មាន​មាន​ភាព​ត្រឹម​ត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន។ បងប្អូនប្រជាពលរដ្ឋ ចៀស​វាង​ការ​ចែក​រំលែក​ព័ត៌មានមិនបានផ្ទៀងផ្ទាត់ ពីព្រោះអាចប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និង​មិត្ត​ភាព​ល្អ​រវាង​ប្រទេស​ជិតខាង​៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរប្រធានធិបតីថ្មីរបស់កូរ៉េខាងត្បូង

2025/06/09 09:51:50 am        256
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើសារ​អបអរសាទរ ចំពោះឯកឧត្តម LEE JAE-MYUNG ដែលជាប់ឆ្នោត​ថ្មី​ជា​ប្រធានាធិបតី នៃ​សាធារណ​រដ្ឋ​កូរ៉េ ដោយ ក្នុងសារអបអរសាទរនោះ សម្តេចតេជោ បានលើកឡើងថា សម្តេចទន្ទឹង​រង់ចាំ​ធ្វើ​ការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមប្រធានធិបតី ដើម្បីបន្តពង្រឹង​ទំនាក់​ទំនង​ដ៏​រឹង​មាំ​របស់​ប្រទេស​ទាំង​ពីរឲ្យកាន់តែខ្លាំងក្លាបន្ថែម ទៀត។តាមរយៈសារអបអរសាទរ និងជូនពរនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជ័យ​ជំនះ​របស់ ឯកឧត្តម LEE JAE-MYUNG បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់ ដែល​ប្រជាជន​នៃ​សាធារណ​រដ្ឋ​កូរ៉េមានលើភាពជាអ្នកដឹកនាំប្រកបដោយការរួបរួម និងសម្លឹងទៅ​អនាគត​របស់​ឯកឧត្តម​។សម្តេច​ប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា «ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បាន​ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ កាន់តែខ្លាំងឡើងលើគ្រប់វិស័យ ជា​ពិសេស​វិស័យ​ការ​ទូត​សភា សេដ្ឋកិច្ច វប្បធម៌ នយោបាយ និងការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបានបង្កើត “ភាព​ជា​ដៃគូយុទ្ធសាស្ត្រ" នៅខែឧសភា ឆ្នាំ២០២៤»។សម្តេចតេជោ បានលើកឡើងទៀតថា«ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនងដ៏រឹងមាំរបស់ប្រទេសទាំងពីរ និងកិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ជាតិ និងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ និយាយ ដោយឡែក ដើម្បីសន្តិភាព ស្ថិរភាព និង​វិបុលភាពនៃប្រទេសជាតិយើងទាំងពីរ និងតំបន់៕

TOP STORY | សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា ការប្តឹងទៅកាន់តុលាការ ICJ គ្មានការ​កែប្រែ​នោះ​ឡើយ

2025/06/09 09:23:56 am        425
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​អះអាង​យ៉ាង​ច្បាស់​ថា ករណីសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី គឺ​នៅ​តែ​បន្ត​ប្តឹង​ទៅ​កាន់​តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយគ្មានការកែប្រែនោះឡើយ ហើយ​សម្តេច​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការដែលកងទ័ព នៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) ធ្វើ​ការ​កែ​សម្រួល​កង​ទ័ព​កាល​ពី​ម្សិល​មិញ​គឺគ្រាន់តែសម្រួលស្ថានភាព តានតឹងប៉ុណ្ណោះពុំ​មែន​ជាការ​ដក​កង​ទ័ព​ដូច​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​បងប្អូនប្រជាពលរដ្ឋនោះឡើយ។ឆ្លើយតបតាមរយៈខាំមិនហ្វេសបុក នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះភ្លាមៗ បន្ទាប់​ពី​សម្តេច​តេជោ​បាន​បង្ហោះសារថា «ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ​ដែល​ស្រុះ​ស្រួល​គ្នា​រវាង​មេបញ្ជាការកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បី​បញ្ជៀស​នូវ​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​ទ្រង់​ទ្រាយ​ធំ​គឺ​ជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ​ពិត​ជា​ចង់​មាន​សន្តិភាព​ជា​បន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរក​ដំណោះ​ស្រាយ​តាម​រយៈ​ការ​ចរចា​ត្រូវ​បាន​ធ្វើ​តាំង​ពីកំ​រិត​ថ្នាក់​រាជ​រដ្ឋាភិបាល​រហូត​ដល់​មេ​បញ្ជាការ​នៅ​អង្គភាព​ជួរ​មុខ​ទើប​មាន​លទ្ធផល​ដូចពេលនេះ។ សូមបងប្អូនជន​រួម​ជាតិ​ជឿ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ ដោយ​សន្តិ​វិធី​ដែល​ជា​វិធី​តែមួយ​គត់​ដើម្បី​បញ្ជៀស​សង្រ្គាម​បង្ហូរ​ឈាម​ និង​ដើម្បី​មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង»។បន្ទាប់​ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះមានបងប្អូនប្រជាពលរដ្ឋបានចូល មក​ខាំ​មិន​ដោយមតិខុសៗគ្នា។ តែយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្រ្តី​ដ៏​មាន​ឥទ្ធិពលរបស់កម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​តាម​រយៈ​ខំាមិនឆ្លើយតបថា «រៀនយល់មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែ​ជា​ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹកដីរបស់ខ្លួន»។ សម្តេចតេជោ បា​ន​ឆ្លើយ​តប​បន្ថែម​ទៀត​ថា​«ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹក​ដីខ្លួន។ ការកែសម្រួលប្រៀបដូច ជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើង តែ​ពេល​នេះ​ដេក​ក្បាល​ទៅ​កើត​វិញ។ ដីយើងនៅតែជាដីយើង...»។ សម្តេចតេជោ ហ៊ុន សែន​បាន​អះអាង​ថា«រឿងប្តឹងទៅ ICJមិនប្រែប្រួលទេ»។សូមបញ្ជាក់ថា នាល្ងាចព្រលបថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការ ពារ​ជាតិកម្ពុជា បានបញ្ជាក់ថា យោធាកម្ពុជា និងថៃបានជួបគ្នា និងបាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​កម្លាំ​ងទាហានទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និង​ប្រឈម​មុខដាក់គ្នា៕​ អត្ថបទ៖ បាន ចក់

ប្រមុខការពារជាតិកម្ពុជា៖ កងទ័ពកម្ពុជា-ថៃបានឯកភាពគ្នាសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងឱ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន

2025/06/08 10:10:40 pm        397
ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅយប់ថ្ងៃទី៨ ខែមិថុនានេះ បានបង្ហោះសារបញ្ជាក់បន្ថែមជូនជនរួមជាតិថា កងទ័ពកម្ពុជា-ថៃបានឯកភាពគ្នាសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងឱ្យស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន។នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖«ថ្ងៃនេះ យើងរកបានចំនុចកណ្តាលមួយ ដែលកងទ័ពយើងទាំងពីរ បានឯកភាពគ្នា ក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងសម្រួលឲ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន»។ ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា កងទ័ពកម្ពុជា គឺឈរលើដែនអធិបតេយ្យភាពក្នុងកិច្ចការការពារបូរណភាពទឹកដីរបស់ខ្លួន ការចល័តកម្លាំងនៅតាមបណ្តាព្រំដែនគឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ កម្ពុជាមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះឡើយ ។

BREAKING NEWS!! សម្ដេចតេជោ៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះកម្ពុជា-ថៃ ដើម្បីបញ្ជៀសការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ»

2025/06/08 08:23:07 pm        369
សម្ដេចតេជោ ហ៊ុន សែន នៅយប់នេះ បានបញ្ជាក់ជូនពលរដ្ឋថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។សម្ដេចតេជោសរសេរថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។សម្ដេចថ្លែងថា ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។សម្ដេចតេជោ បន្តអំពាវនាវដល់បងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ UNOC3 ស្តីពីមហាសមុទ្រនៅបារាំង

2025/06/08 06:18:06 pm        337
នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួម សន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី ៩-១១ ខែមិថុនា ឆ្នាំ២០២៥។ដំណើរចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីសប្រទេសបារាំង របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនាពេលនេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប.)។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជានាពេលនេះ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រនិងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹត)៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តឧបត្ថម្ភថវិកាជាលើកទី៨ ចំនួន៥ម៉ឺនដុល្លារ ដល់​មន្ទីរ​ពេទ្យ​កុមារអង្គរ​ខេត្តសៀមរាប រួមជាមួយស្បៀង និងសម្ភារប្រើប្រាស់មួយចំនួនទៀត

2025/06/08 11:13:16 am        170
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន ៥ម៉ឺនដុល្លារ រួមជាមួយស្បៀង-សម្ភារប្រើប្រាស់មួយចំនួនទៀត ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៣៥០~៤០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ ។ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប គឺជាមន្ទីរពេទ្យមួយដែលផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់​ ក្តីមេត្តាករុណា និងមិនគិតកម្រៃ ដែលក្នុងមួយថ្ងៃៗ បានជួយសង្គ្រោះ-ព្យាបាល និងថែទាំកុមារ-ទារក ប្រមាណ ៣៥០~៤០០នាក់។ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅ មន្ទីរពេទ្យនេះ បានផ្តល់សេវាដល់កុមារជាង ១២ម៉ឺននាក់ ដែលចំណាយថវិកាប្រមាណជាង ៦លានដុល្លារអាម៉េរិក។ លក្ខណៈពិសេសមួយទៀតរបស់មន្ទីរពេទ្យ​កុមារអង្គរ គឺឧបត្ថម្ភកញ្ចប់អាហារជារៀងរាល់ថ្ងៃដល់គ្រួសារអ្នកជំងឺដែលខ្វះលទ្ធភាព សម្រាប់យកទៅចំអិនដោយខ្លួនឯង ដែលក្នុងនោះមានដូចជា អង្ករ បន្លែ ត្រី សាច់ និងប្រេងជាដើម។ដោយមើលឃើញពីគុណតម្លៃរបស់មន្ទីរពេទ្យ និងដើម្បីចែករំលែកក្តីស្រឡាញ់ដល់កុមារ និងអបអរសាទរទិវាកុមារអន្តរជាតិ និងក្នុងឱកាសនៃការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំ២០២៥ ដើម្បីរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងនោះ នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តឧបត្ថម្ភជាលើកទី៨ នូវថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥លានរៀលផងដែរ។លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកនៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ក្រោមកិច្ចសហការណ៍យ៉ាងជិតស្និទ្ធិជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារក្រីក្រកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃ ចូលរួមជួយពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ជារៀងរាល់ថ្ងៃ មានកុមារប្រមាណពី ៣៥០នាក់ ទៅ ៤០០នាក់ បានមកទទួលការព្យាបាលនៅ មន្ទីរពេទ្យកុមារអង្គរ ដែលក្នុងឆ្នាំ ២០២៤កន្លងទៅ បានផ្ដល់ការព្យាបាលដល់កុមារសរុបប្រមាណជិត ១២ម៉ឺនករណី ហើយបើគិតចាប់ពីមន្ទីរពេទ្យបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ បានផ្ដល់ការព្យាបាលដល់កុមារសរុបជិត ៣ លានករណី។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា៖ «មន្ទីរពេទ្យកុមារអង្គរ ពឹងផ្អែកទាំងស្រុងលើមូលនិធិសប្បុរសធម៌ ដៃគូផ្ដល់មូលនិធិ ការរៃអង្គាសថវិកា និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់បេសកកម្មសេវាសុខភាពរបស់មន្ទីរពេទ្យ។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទឹកចិត្តសប្បុរសធម៌របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាល អ្នកម្តាយមនុស្សធម៌ តែងតែយកចិត្ដទុកដាក់ខ្ពស់ និងឧបត្ថម្ភគាំទ្រជានិច្ចដល់មន្ទីរពេទ្យកុមារអង្គរ ដោយចាប់តាំងពីឆ្នាំ២០១៦ រហូតមក ដល់បច្ចុប្បន្ននេះ សរុប ៨លើក គិតជាទឹកប្រាក់មានចំនួនសរុប ២៩ម៉ឺនដុល្លារអាម៉េរិក និង ១០លានរៀល ដែលនេះបានឆ្លុះបញ្ចាំងពីគុណតម្លៃដ៏មហាប្រសើរ និងជាគំរូដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ទំនួលខុសត្រូវសង្គម និងចេះជួយគ្នាទៅវិញទៅមក ដើម្បីសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងនៃការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ សម្រាប់ថវិកា ៥ម៉ឺនដុល្លាររបស់កាកបាទក្រហមកម្ពុជា អាចជួយដល់កុមារប្រមាណជាង ១ពាន់នាក់។»មានមតិក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់មន្ទីរពេទ្យកុមារអង្គរជាថ្មីម្តងទៀត ដើម្បីនាំយកនូវអំណោយរបស់កាកបាទក្រហមកម្ពុជា មកប្រគល់ជូននាពេលនេះ។ ទន្ទឹមនឹងនេះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង។ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីតួនាទីរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជា រាប់ម៉ឺននាក់ តាមរយៈការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យកុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺមិនឆ្លងចម្បងធំៗចំនួន៤រួមមាន ជំងឺមហារីក ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ផ្អែមពេក ប្រៃពេក ខ្លាញ់ពេក ការជក់បារី ឬផឹកគ្រឿងស្រវឹងជាដើម។ លោកជំទាវ ក៏បានគូសបញ្ជាក់ពី ការសកម្មភាពអប់រំផ្សព្វផ្សាយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាជន ជាពិសេសក្នុងជួរយុវជន ឱ្យមានការយល់ដឹងរួមចំណែកធ្វើឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុផងដែរ។លោកជំទាវ សង្ឃឹមជឿជាក់ថា កម្លាំងមន្ទីរពេទ្យគឺជាផ្នែកមួយនៃការជួយសង្គ្រោះប្រជាជន ហើយប្រជាជនក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងពីបញ្ហាសុខភាពនេះដែរ ដើម្បីឱ្យកុមារកម្ពុជាមានសុខភាពល្អ ចាប់តាំងពីពេលចាប់កំណើតជាទារកក្នុងផ្ទៃ រហូតដល់កើតមកជាកុមារ ជាយុវជន ទៅជាធនធានមនុស្សរបស់សង្គមជាតិ ដែលប្រកបដោយសុខភាពល្អមាំមួន និងមានសមត្ថភាពខ្ពស់។សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ រួមមាន ៖ ថវិកា ៥ម៉ឺនដុល្លារ, អង្ករ ២តោន, អង្ករសុខភាព ២០កេស, មី ២០កេស, ត្រីខ ៤០០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ចំនួន ២០ឃីត។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ផងដែរ។ ដោយឡែក ឧបត្ថម្ភជូនគ្រួសារកុមារកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់, ត្រីខ ១យួរ, ទឹកដោះគោប្រអប់ ៦ប្រអប់, ស្ករសរ​ ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy និយាយថា ការចរចាលើបញ្ហាអ៊ុយក្រែនមិនអាចរង់ចាំរហូតដល់សង្គ្រាមអ៊ីរ៉ង់ចប់បានទេ
04/23/2026 09:04 AM
សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥
04/23/2026 09:04 AM
មានសញ្ញាចម្រុះ ស្តីពីការបន្ថែមពេលបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
04/23/2026 09:04 AM
ប្រធានាធិបតីទួរគី៖ ប្រទេសលោកកំពុងប្រឹងប្រែងដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចារុស្ស៊ី និងអ៊ុយក្រែន
04/23/2026 09:04 AM
ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍»
04/23/2026 09:04 AM
ព្រះខ័នរាជស្វាយរៀងនឹងត្រូវជួប Al Kuwait SC របស់គូវ៉ែត ក្នុង​វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League
04/23/2026 08:04 AM
ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត
04/23/2026 08:04 AM
សហភាពអឺរ៉ុប បញ្ចេញប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន៩០ពាន់លានអឺរ៉ូ ក្រោយពីជម្លោះជាមួយហុងគ្រី
04/23/2026 08:04 AM
ប្រទេសនូវែលហ្សេឡង់ (New Zealand)និង អាជ្ញាធរជាតិអប្សរា ពិនិត្យវឌ្ឍនភាពរបស់គម្រោង AWR
04/23/2026 08:04 AM
អ្នកគំាទ្របង្ហាញការគាំទ្រ និងផ្ដល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ព្រះខ័នរាជស្វាយរៀង
04/23/2026 08:04 AM