កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
​​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបជាមួយរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ​ឡើង​ ព្រះអង្គ​មាន​រាជ​បន្ទូល​ឆ្លងឆ្លើយ​ជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា»
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី អញ្ជើញវិនិយោគិនជប៉ុនមកបណ្ដាទុនវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ការផលជាច្រើនដល់ការវិនិយោគនៅកម្ពុជា

2025/05/29 05:23:59 pm        134
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិការ ធុរកិច្ចកម្ពុជា-ជប៉ុន នៅល្ងាចថ្ងៃ ទី២៩ ខែឧសភា ២០២៥នេះ ទីក្រុងតូក្យូ ប្រទេសជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញវិនិយោគិនជប៉ុនមកសិក្សាដោយផ្ទាល់ និងបណ្ដាទុនវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់ការអនុគ្រោះជាច្រើនដល់វិនិយោគិន និងវិស័យឯកជនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ ​មានប្រសាសន៍ទៅកាន់វិនិយោគិនជប៉ុនដែលបានចូលរួមក្នុងវេទិការធុរកិច្ចកម្ពុជា-ជប៉ុន ដែលមានវិនិយោគិនចូលរួមជិត ៣០០ នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុននោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបង្ហាញបទពិសោធន៍ផ្ទាល់ដែលក្រុមហ៊ុនជប៉ុនបានទៅបណ្ដាក់ទុននៅកម្ពុជានឹងកំពុងទទួលបានផ្លែផ្ការជាច្រើនពីឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបានលើកឧទាហរណ៍ ក្រុមហ៊ុនតូយូតាដែលបានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩០ ហើយបានចាប់ផ្ដើមផ្ដល់សេវានៅឆ្នាំ ១៩៩៣ (មានរយៈពេល)ជាង៣១ឆ្នាំ្ហហើយ។ ខណៈក្រុមហ៊ុននេះបានចាប់ផ្ដើមពីក្រុមហ៊ុនដែលផ្ដល់ត្រឹមតែសេវាជួសជុល ដោយសារកាលនោះមានឡានតូយូតាច្រើនជា ត្រូវបាន អ៊ុនតាក់ប្រើប្រាស់។ ឥឡូវបានឈានដល់ការបង្កើតរោងចក្របង្គុំ និងផលិតរថយន្តថែមទៀត។ នេះគឺជានិមិត្តរូបដែលកម្ពុជាចង់បាន និងជាអ្វីដែលថារាជរដ្ឋាភិបាលខិតខំទាក់ម៉ូយវិនិយោគិនថ្មី។  ក្នុងឱកាសនោះសម្ដេចធិបតីបានបង្ហាញពីផលផ្សេងៗដែលវិនិយោគិនមកកាន់កម្ពុជាទទួលបានដូចជា ទី១. បរិយាកាសនយោបាយ ប្រកបដោយស្ថិរភាព និងកំណើនម៉ាក្រូសេដ្ឋកិច្ចប្រកបដោយសង្គត់ភាពនៅកម្ពុជា ដែលផ្តល់នូវមូលដ្ឋានគ្រឹះប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្តបានសម្រាប់វិនិយោគរយៈពេលវែង។ ទី២.ការចូលរួមដោយផ្ទាល់ជាមួយវិនិយោគិននៅតែជាមូលដ្ឋានគ្រឹះនៃគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ទី៣. រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលនយោបាយដែលអំណោយផលដល់វិយោគិនដូចជា ច្បាប់ស្តីពីការវិនិយោគ ការលើកទឹកចិត្តផ្នែកពន្ធដារដ៏ទាក់ទាញ គឺអនុញ្ញាតឱ្យមានការរួចពន្ធដល់ ៥ឆ្នាំសម្រាប់វិស័យអទិភាព ក្នុងនោះការរៀបចំ និងការគ្រប់តំបន់សេដ្ឋកិច្ចពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប ការកែសម្រួលនិតិវិធីរដ្ឋបាល។ ទី៤. កម្ពុជាមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារដ៏ទូលំទូលាយ និងទី៥. កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង ប្រកបដោយចីរភាព និងមានការបណ្តុះបណ្តាលឱ្យមានសមត្ថភាពខ្ពស់ សម្របខ្លួនទៅឧស្សាហកម្មទំនើប៕អត្ថបទ៖ វ៉ន ដារ៉ា

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួបមេទ័ពថៃ បើកការចរចារកដំណោះស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ

2025/05/29 04:04:22 pm        1050
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។ ការចរចាបានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន៕

TOP STORY សម្តេចតេជោ មិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងទេ ប៉ុន្តែគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលបញ្ជូនកងទ័ពទៅកាន់ព្រំដែនកម្ពុជា-ថៃដើម្បីការពារខ្លួន

2025/05/28 09:29:44 pm        280
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានចាត់ទុកសកម្មភាពរបស់ទាហានថៃ ដែលចូលមកវាយឆ្មក់ទាហានកម្ពុជា នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ ថាជាការឈ្លានពាន និងបានថ្កោលទោសចំពោះសកម្មភាពបែបនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបញ្ជាក់ថា សម្តេចមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងទេ ប៉ុន្តែសម្តេចគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារខ្លួន ក្នុងករណីមានការឈ្លានពាន បែបនេះបន្តទៀត។តាមរយៈបណ្តាញសង្គមសម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដែលបានបាត់បង់ជីវិត ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពានថៃ។សម្តេចបានបញ្ជាក់ថា៖ «ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ មិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្ត ឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែល ជាមួយការឈ្លានពាន កាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ»។សម្តេចបានបន្តថា៖ «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់ រាជរដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើនៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ព ជើងគោកនៃប្រទេសទាំងពីរនិងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថា នឹងមិនមានភាពតានតឹង ទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីររហូតដល់រាំងស្ទះដល់ កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍ នៃប្រទេសទាំងពីរនោះឡើយ»។សម្តេចតេជោប្រធានព្រឹទ្ធសភា បានអំពាវនាវបងប្អូនជនរួមជាតិមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ។សម្តេចបានបញ្ជាក់ថា «យើងស្អប់សង្គ្រាមតែយើងបង្ខំចិត្តត្រូវធ្វើសង្គ្រាម ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ ដល់២០១១ ដែលប្រើមុខព្រួញ៣គឺយោធា ការទូតនិងផ្លូវច្បាប់»៕

ធនាគារJBIC បង្ហាញចំណាប់អារម្មណ៍សហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

2025/05/28 09:23:14 pm        99
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​​ (Japan Bank for International Cooperation-JBIC) និងសហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ​ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ​ JBIC បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកប្រធានធនាគារ​ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការរបស់ធនាគា​រ​ JBIC ជាមួយនឹងបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងក្នុងសាកលលោក។ បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្ដោតទៅលើវិស័យ និងគម្រោងធំៗជាច្រើន ដូចជា៖ វិស័យថាមពល, គម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការគ្រប់គ្រងសំណល់, និងថាមពលស្អាត ជាដើម។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យ និងគម្រោងសំខាន់ៗ​ នៅក្នុងប្រទេសកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ចំណាប់អារម្មណ៍របស់ធនាគារ​ JBICនឹងរួមចំណែកដល់ការពន្លឿនការអភិវឌ្ឍនៃគម្រោងតភ្ជាប់សំខាន់ៗនៅកម្ពុជា។ ទន្ទឹមនឹងនោះ, សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យធនាគារ​ JBIC បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនានា​នៅកម្ពុជា។

ក្រុមហ៊ុន Minebea ៖ កម្ពុជាគឺជាទីតាំងដ៏ល្អបំផុត សម្រាប់ការវិនិយោគ

2025/05/28 08:44:11 pm        119
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., និងសហការី ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ​​ ពីថ្ងៃទី២៨-៣១​ ខែឧសភា​ ឆ្នាំ២០២៥​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងបានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea​ (Cambodia)។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីវឌ្ឍនភាពនៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់ឱកាសការងារ ជាង ២,០០០កន្លែង និងគ្រោងជ្រើសរើសពលរដ្ឋបន្ថែមទៀតចូលបម្រើការងារជាបន្តបន្ទាប់។ ឆ្លៀតក្នុងឱកាសនោះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាគឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ។ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ និងសេចក្តីសោមនស្សដែលបានជួបលោកប្រធានក្រុមហ៊ុន និងសហការីជាថ្មីម្ដងទៀត។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន ក៏ដូចជាការពង្រីកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា។ សម្តេចបវរធិបតីបានមានប្រសាសន៍ថា ភាពជោគជ័យនេះមិនត្រឹមតែបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ​ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការបន្តដាក់ចេញនូវគោលនយោបាយ ក្នុងការគាំទ្រ និងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងធានានូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងសម្រាប់វិនិយោគិននៅកម្ពុជា៕

ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុន បង្ហាញបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា

2025/05/28 08:31:03 pm        146
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន NTT DOCOMO GLOBAL Inc., និងសហការីចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១​ ខែឧសភា​​ ឆ្នាំ២០២៥​ ​នៅទីក្រុងតូក្យូ​ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងដំណើរការនៅតាមបណ្តាប្រទេសជាច្រើនលើសកលលោក ដោយផ្តោតជាសំខាន់លើការវិនិយោគក្នុងវិស័យឌីជីថល និងទូរគមនាគមន៍។ ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅប្រទេសជប៉ុន ដែលផ្តល់សេវាកម្ម 4G, 5G និងប្រព័ន្ធផ្កាយរណប។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យា 6G ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ, លោកប្រធានក្រុមហ៊ុនបានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឌីជីថល ជាពិសេសការពង្រីកការគ្របដណ្តប់សេវា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សម្ដេចបវរធិបតីបានបន្ថែមថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា កំពុងបញ្ចប់ដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ទូទាំងប្រទេស។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានណែនាំឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សាលម្អិតអំពីលទ្ធភាពជាក់ស្តែងក្នុងការវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា។

ក្រុមហ៊ុន KOUA SHOJI Co., Ltd. កំពុងជំរុញ និងបង្កើនសកម្មភាពលើការកែច្នៃសំណល់ប្លាស្ទិកនៅកម្ពុជា

2025/05/28 08:18:16 pm        138
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. និងសហការីចូលជួបសម្ដែងការគួរសម នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលសម្ដែងការគួរសម និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ ក្រុមហ៊ុនបានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មចាប់តាំងពីឆ្នាំ២០១៥ មក ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅក្នុងការកែច្នៃសំរាមនៅក្នុងខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ, ក្រុមហ៊ុនក៏កំពុងមានប្រតិបត្តិការអាជីវកម្មកែច្នៃសំរាមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​​ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងកែច្នៃផលិតផលប្លាស្ទិកឱ្យទៅជាសម្ភារៈប្រើប្រាស់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។ លោកប្រធានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែមានកិច្ចសហការជាមួយនឹងដៃគូនៅក្នុងប្រទេសជប៉ុន ដើម្បីជំរុញ និងបង្កើនសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើការកែច្នៃសំណល់ប្លាស្ទិកបន្ថែមទៀត តាមរយៈគំនិតផ្តួចផ្តើមថ្មីៗដូចជាការកែច្នៃសំរាមចល័ត និងការកែច្នៃតាមទូកុងតឺន័រ ជាដើម។ កន្លងមក, ក្រុមហ៊ុនក៏បានសហការជាមួយបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាក្នុងការចែកធុងសំរាម ក៏ដូចជាសហការជាមួយក្រសួងបរិស្ថាន និងសាលារៀនលើការបណ្ដុះបណ្ដាលផ្នែកអនាម័យ និងធ្វើយុទ្ធនាការប្រមូលសំរាម។ ឆ្លៀតក្នុងឱកាសនេះ, លោកប្រធានក្រុមហ៊ុនបានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការសម្របសម្រួល​ និងការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងរយៈពេលជាង 10 ឆ្នាំកន្លងមកនេះ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅកម្ពុជា។ សម្ដេចបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះគ្រប់បណ្ដាក្រុមហ៊ុនវិនិយោគទាំងឡាយ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មផ្ទាល់នៅកម្ពុជា ដោយសម្តេចបវរធិបតីបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ, យន្តការនៃការលើកទឹកចិត្ត និងការគាំទ្រផ្សេងៗ​ សម្រាប់វិនិយោគិន។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន ហើយកំណើនប្រជាជនមានការកើនឡើង, បរិមាណសំរាម និងសំណល់ផ្សេងៗ ក៏មានការកើនឡើងជាបន្តបន្ទាប់។ ដូច្នេះ, សកម្មភាពការកែច្នៃសំណល់របស់ក្រុមហ៊ុនពីប្លាស្ទិក ក៏ដូចជាសំរាមផ្សេងៗ​ ទៅជាផលិតផលប្រើប្រាស់ឡើងវិញនេះ គឺជាអាជីវកម្មដ៏មានសារៈសំខាន់ ហើយរាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តគាំទ្រដល់សកម្មភាពអាជីវកម្មប្រភេទនេះ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកដល់ការលុបបំបាត់ ឬ កាត់បន្ថយសំរាម និង​ សំណល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ

2025/05/28 08:02:52 pm        133
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MIKI Watanabe អគ្គនាយកក្រុមហ៊ុន Watami Co., Ltd. និងជាអគ្គនាយកអង្គការ School Aid Japan​ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។នៅក្នុងឱកាសនៅជំនួប, លោកអគ្គនាយកអង្គការ School Aid Japan បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា រយៈពេលជាង ២ ទសវត្សរ៍ មកហើយ ដោយបានបើកជាមជ្ឈមណ្ឌលកុមារកំព្រានៅកម្ពុជា ដែលបច្ចុប្បន្នមានកុមារកំព្រាជាង ១០០នាក់ ដែលស្នាក់នៅ និងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ។ ជាមួយគ្នានេះ, អង្គការ School Aid Japan ក៏បានផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សកម្ពុជា ដែលជាក្មេងកំព្រា ដោយមានកម្មវិធីផ្ដល់អាហារពេលព្រឹកទៅដល់សិស្សានុសិស្សនៅតាមសាលារៀន សរុបជាង ២ម៉ឺននាក់ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លើសពីនេះ, អង្គការ School Aid Japan ក៏បានបើកសាលាបង្រៀនភាសាជប៉ុនទៅដល់កូនខ្មែរផងដែរ។ លោកអគ្គនាយកអង្គការ School Aid Japan ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់សកម្មភាពការងាររបស់អង្គការ School Aid Japan នៅកម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា អង្គការ School Aid Japan មានគម្រោងកសាងអាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ School Aid Japan ដែលបានចូលរួមចំណែកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារកំព្រា និងការជួយដល់សាលារៀននៅកម្ពុជា ដែលនេះ ស្របទៅនឹងគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលទៅដល់សកម្មភាពរបស់អង្គការ School Aid Japan នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យអង្គការ School Aid Japan បន្តសកម្មភាពដ៏ល្អប្រពៃនេះ ដែលជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ៕

សមាគមកម្ពុជា-ជប៉ុន ដាក់ចេញផែនការសកម្មភាពបន្ថែមដេីម្បីជំរុញការវិនិយោគនៅកម្ពុជា

2025/05/28 07:44:59 pm        106
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាត​ឱ្យឯកឧត្តម​ និង​ គណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម។ ឯកឧត្តមប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាព និងវឌ្ឍនភាពរបស់សមាគមដែលបច្ចុប្បន្ននេះ ចំនួនសមាជិកសមាគមមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការវិនិយោគនៅកម្ពុជា។ ឯកឧត្តមប្រធានសមាគមបានបន្តទៀតថា ក្នុងឆ្នាំ២០២៥ នេះ សមាគមនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានសមាគមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់,​ សម្របសម្រួល​ និង​ ​គាំទ្រសកម្មភាពការងាររបស់សមាគម, ជាពិសេសការជំរុញ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម,​ ដៃគូ​ និង​ ភាគីពាក់ព័ន្ធនានានៅកម្ពុជា។ ឯកឧត្តមប្រធានសមាគមក៏បានគោរពជម្រាបជូនអំពីផែនការសកម្មភាពសំខាន់ៗចំនួន ៣ របស់សមាគម រួមមាន៖ ១. ការជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅកម្ពុជា ២. ការជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម (Agro-Processing) និង ៣. ការជំរុញការវិនិយោគលើសួនឧស្សាហកម្មឌីជីថលនៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបឯកឧត្តមប្រធានសមាគមសាជាថ្មី និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសកម្មភាពការងាររបស់សមាគម។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជាថ្មីអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងតាមប្រទេសជាក់លាក់, ជាពិសេស ការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាស​ និង​ ប្រទេសជប៉ុន។ ចំពោះការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់សមាគមឱ្យពិនិត្យលទ្ធភាពក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែក នៅកម្ពុជា (Exclusive Special Economic Zone - ESEZ) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ដោយសម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការគាំទ្រចំពោះការដំណើរការ ESEZ នេះ។មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់សមាគមឱ្យបន្តពិភាក្សាបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការរៀបចំ ESEZ នេះ។

ទស្សនកិច្ចនៅជប៉ុនថ្ងៃដំបូង សម្ដេចធិបតី បានអញ្ជើញជួបជាមួយសមាគម និងប្រធានក្រុមហ៊ុនជប៉ុនជាបន្តបន្ទាប់

2025/05/28 04:42:55 pm        100
ភ្នំពេញ ៖ បន្ទាប់ពីអញ្ជើញដល់ទឹកដីនៃប្រទេសជប៉ុន ក្នុងឱកាសបំពេញទស្សនកិច្ចការងារផ្លូវការតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន និងអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ប្រធានសមាគមកម្ពុជា-ជប៉ុន ប្រធានក្រុមហ៊ុន និងអ្នកវិនិយោគិនជប៉ុនជាបន្តបន្ទាប់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ​ក្នុងឱកាសនោះ សម្ដេចធិបតី បានអញ្ជើញ ជួបជាមួយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ JCA បានរួមចំណែកដើម្បីលើកកម្ពស់ការយោគយល់គ្នា និងពង្រឹងទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, និងការលើកកម្ពស់ការផ្លាស់ប្តូរទៅវិញទៅមកនៃវប្បធម៌, ការអប់រំ, និងកីឡា។បន្ទាប់មកសម្ដេចធិបតី បន្តជួបជាមួយ លោក MIKI Watanabe នាយកប្រតិបត្តិ នៃក្រុមហ៊ុន Watami និងជាប្រធាន School Aid Japan ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ អង្គការក្រៅរដ្ឋាភិបាល School Aid Japan បានបង្កើតឡើងក្នុងឆ្នាំ២០០១ កំពុងធ្វើសកម្មភាពជំនួយមនុស្សធម៌ក្នុងប្រទេសកម្ពុជាដោយផ្តោតលើការជួយសាងសង់អាគារសិក្សា គម្រោងគាំទ្រការអប់រំ គម្រោងគាំទ្រម្ហូបអាហារ និងមណ្ឌលកុមារកំព្រា។សម្ដេចធិបតី បានបន្តជួបជាមួយ លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. ។ ខណៈក្រុមហ៊ុននេះ ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ១៩៥២ ដែលផ្តោតសំខាន់លើការគិតគូរដល់បរិស្ថាន ពិសេសការកែច្នៃសំណល់ឬសំរាមផ្សេងៗ។ កន្លងមកក្រុមហ៊ុនផ្តួចផ្តើមនូវសកម្មភាពជាច្រើនផងដែរនៅកម្ពុជាលើសកម្មភាពលើកកម្ពស់ការយល់ដឹងពីការបែងចែកសំណល់, គាំទ្រសកម្មភាពប្រមូលសំរាម, ការកែច្នៃសំណល់ប្លាស្ទិក និងកីឡាផ្នែកនារីផងដែរ ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។ លើសពីនេះក្រុមហ៊ុនក៏មានគោលដៅពង្រីកបន្ថែមសកម្មភាពរបស់ខ្លួននៅខេត្តផ្សេងៗទៀតផងដែរនាពេលអនាគត។សម្ដេចធិបតី បានបន្តជួបជាមួយ លោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន NTT DOCOMO GLOBAL Inc.។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនយក្សលំដាប់លេខ១នៅប្រទេសជប៉ុន និងជាក្រុមហ៊ុនជួរមុខលំដាប់ពិភពលោក ដែលធ្វើសកម្មភាពអាជីវកម្ម លើវិស័យទូរគមនាគមន៍, ផ្គត់ផ្គង់សេវាកម្ម 4G និង 5G, អភិវឌ្ឍន៍បច្ចេកវិទ្យា 6G, ប្រព័ន្ធផ្កាយរណប និងទូរសព្ទចល័ត។នៅរសៀលថ្ងៃដដែលនេះសម្ដេចធិបតី ក៏បានអញ្ជើញជួបជាមួយ លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc.។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ធ្វើអាជីវកម្មលើការផលិតគ្រឿងបង្គុំម៉ាស៊ីន និងគ្រឿងបង្គុំអេឡិចត្រូនិកចាប់តាំងឆ្នាំ១៩៥១។ បច្ចុប្បន្នក្រុមហ៊ុនក៏បានបង្កើតរោងចក្រចំនួនពីរកន្លែងនៅកម្ពុជា, ទីមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ និងទីពីរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិសាត់ ដែលអាចបង្កើតការងារជិត១ម៉ឺនកន្លែង។  សម្ដេចធិបតី បានបន្តជួបជាមួយលោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Japan Bank for International Cooperation (JBIC)។ ក្រុមហ៊ុន JBIC គឺជាស្ថាប័នហិរញ្ញវត្ថុផ្អែកលើគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅក្រៅប្រទេស ជាពិសេសក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ JBIC បានក្លាយ ជាដៃគូផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុនដល់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩មក។ បច្ចុប្បន្នមានគម្រោងមួយចំនួនដែលត្រូវបានអនុវត្តតាមរយៈកិច្ចព្រមព្រៀងឥនទានសម្បទានជាមួយ JBIC ។សូមជម្រាបថា សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន និងអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី៣០ស្តីពី «អនាគតរបស់អាស៊ី» ចាប់ពីថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីតូក្យូប្រទេសជប៉ុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM