កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
​​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបជាមួយរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ​ឡើង​ ព្រះអង្គ​មាន​រាជ​បន្ទូល​ឆ្លងឆ្លើយ​ជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា»
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

TOP STORY ក្រសួងការពារជាតិ៖ កងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋានទីតាំងឈរជើងរបស់កងទ័ពកម្ពុជាបណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់

2025/05/28 04:38:48 pm        707
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ ខណៈដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយបណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់។ក្រសួងការពារជាតិប្រកាសថា៖ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់។ ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើ ឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។តាមរយៈសេចក្ដីប្រកាសព័ត៌មានក្រសួងបានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។ក្នុងន័យនេះ ក្រសួងការពារជាតិបានអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង។ ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ៕

សម្ដេចធិបតីបញ្ជាក់ការគាំទ្រយ៉ាងខ្លាំងរបស់កម្ពុជាចំពោះសមាជិកភាពពេញលេញរបស់ទីម័រឡេស្តេក្នុងអាស៊ាន

2025/05/28 12:27:33 pm        170
នៅក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ «បរិយាបន្ន និង​ចីរភាព​» ​ជាមួយមេដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីក្រុង​គូឡា​ឡាំ​ពួ ​ប្រទេសម៉ាឡេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​រំលឹក​ឡើង​វិញ​នូវ​ការ​គាំទ្រ​យ៉ាងខ្លាំង និងជាប់លាប់​របស់​កម្ពុជា​ចំពោះ​សមាជិក​ភាព​ពេញ​លេញ​របស់​ទីម័រឡេស្តេ​ក្នុង​អាស៊ាននៅឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំកំពូលអាស៊ាន លើក​ទី៤៦ ប្រកាសដោយក្រសួងការបរទេសកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើក​ទី៤៦ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» ជាមួយមេដឹកនាំអាស៊ាន សម្ដេចធិបតី ក៏​បាន​គូសបញ្ជាក់ថា ការចូលជាសមាជិកពេញលេញរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាន មិន​ត្រឹម​តែ​ពង្រឹង​ឯកភាព និងបរិយាបន្នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ពង្រឹង​សមត្ថ​ភាព​រួម​របស់​អាស៊ាន​ក្នុង​ការដោះស្រាយបញ្ហាប្រឈមដែលទាំងកំពុងកើតមាន និងកើតមានថ្មីៗនេះផងដែរ។ សម្ដេច​ធិបតីបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលនេះថា សារៈសំខាន់ដូចគ្នា គឺការចូល​ជា​សមាជិក​ពេញ​លេញ​របស់ទីម័រ នឹងអាចឱ្យទីម័រឡេស្តេចូលរួម និងទទួលបាន​អត្ថ​ប្រយោជន៍​ពី​សមាហរណ​កម្ម​នៅ​ក្នុង​តំបន់។ នៅពេលដែល​យើង​មក​ដល់​ចំណុច​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​គូស​ផែន​ទី​បង្ហាញ​ផ្លូវ​សម្លឹង​ឆ្ពោះទៅអនាគតសម្រាប់រយៈពេលពីរទសវត្សរ៍ខាងមុខ សម្តេចធិបតីបាន​រំលេច​ថា ​ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ រួមទាំងផែនការយុទ្ធសាស្ត្រ នឹងដើរតួ​រ​ជាត្រី​វិស័យ​សម្រាប់​នាំ​ផ្លូវ​រួម​សម្រាប់​អាស៊ានឆ្ពោះទៅកាន់អនាគតប្រកបដោយភាពធន់ នវានុវត្តន៍ ថាមវន្ត និងផ្ដោតលើ​ប្រជា​ជន​ជាចម្បង។ក្នុងឱកាសកិច្ចប្រជុំនេះ ប្រមុខដឹកនាំអាស៊ាន ក៏បានគូស​បញ្ជាក់​ផង​ដែរ​ពី​សារៈ​សំខាន់​នៃ​សមាហ​រណ​កម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបង្កើនឡើងបន្ថែមទៀតនៃលំហូរពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​អាស៊ាន ដោយផ្ដោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ដែល​មិន​ទុក​នរណាម្នាក់ និង​កន្លែងណា​មួយ​ចោល​ដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ភូមិ​សាស្ត្រ​សេដ្ឋកិច្ច​ដែលកំពុងកើនឡើង។ ប្រមុខដឹកនាំ​បាន​បញ្ជាក់​ជា​ថ្មីនូ​វ​ការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុ​ភាគី​សេរី បើកចំហ ស្មើភាព បរិយាបន្ន និងផ្នែកលើច្បាប់។ក្នុងនោះសម្តេចធិបតីបានសង្កត់ធ្ងន់ថា នៅចំពោះមុខនៃការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​កាន់​តែខ្លាំ​ង ជម្លោះប្រដាប់អាវុធ អូសបន្លាយ ការថយចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី និងការ​កើន​ឡើង​នៃ​ការគំរាមកំហែងពីបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី អាស៊ានត្រូវតែមា​ន​ការ​ឯកភាព​គ្នា​លើគោលដៅយុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់លើសកម្មភាពរួម។ សម្តេចធិបតី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសមាហរណកម្មតំបន់ឱ្យស៊ីជម្រៅ និងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការជាមួយដៃគូដែលមានចំណាប់អារម្មណ៍ ដើម្បីធានាថា​អាស៊ាន​នៅ​តែ​ជា​តំបន់​ដែល​មានស្ថិរភាព និងអាចព្យាករណ៍ទុកជាមុន អំឡុងពេលពិភព​លោក​កាន់​តែមា​ន​ភាព​មិន​ច្បាស់លា​ស់។ ហើយដើម្បីបង្កើនពាណិជ្ជកម្មក្នុងអាស៊ាន សម្តេចធិបតីបាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃការសម្រួលដំណើរការនីតិវិធីឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព​ការ​ដក​ចេញ​នូវ​របាំង​នានា ការបន្សំក្របខ័ណ្ឌបទបញ្ញត្តិ និងការទទួលយកអន្តរកាលឌីជីថល និងបរិស្ថាន​បៃតង​ក្នុង​ការ​បង្កើតទីផ្សារ តំបន់ដែលគ្មានរបាំង និងមានភាពធន់ផងដែរ៕ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់បេសកកម្មចូលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ នៅម៉ាឡេស៊ី ប្រកបដោយផ្លែផ្កា

2025/05/28 12:02:12 pm        188
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី​៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី​។ បេសកកម្មរយៈពេល៣ថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពាក់ព័​ន្ធចំនួន ៧ ជំនួបត្រីភាគី ទ្វេភាគី និងជំនួបសម្តែងការ​គួរសម​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ចំនួន៧ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗចំនួន៣ចូលជួបសម្តែងការគួរសម និ​ង​ស្វែង​រក​ឱកាស​វិនិយោគនៅកម្ពុជា។ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព»។ ក្នុងកិច្ច​ប្រជុំ​កំពូល​​អាស៊ាននេះ ប្រមុខដឹកនាំ​អាស៊ាន​បាន​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កសាង​សហគមន៍​អាស៊ាន​លើការបញ្ចប់ប្រកបដោយជោគជ័យ នូវចក្ខុវិស័យសហគម​ន៍​អាស៊ាន​ឆ្នាំ​២០២​៥​។ក្រៅ​ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ សម្តេចធិបតី ក៏បាន​អញ្ជើញចូល​រួម​ជំនួប​រវាង​ប្រមុខ​ដឹក​នាំ​អាស៊ាន និង​តំណាងអន្តរសភាអាស៊ាន ជំនួបរវាងប្រមុខ​ដឹក​នាំ​អាស៊ាន និង​តំណាង​យុវជន​អាស៊ាន ជំនួបរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី២ កិច្ចប្រជុំកំពូលអាស៊ាន និង​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការឈូងសមុទ្រ-ចិន និងពិធីចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​គូឡាឡាំពួ​ស្តីពី​អាស៊ាន​ឆ្នាំ២០៤៥ «អនាគតរួមគ្នារបស់យើង»។ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចធិបតី បានអញ្ជើញ​ចូល​រួម​ពិធី​លៀង​សាយ​ភោជន៍​រៀប​ចំដោយ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រម៉ាឡេស៊ី នៅព្រះបរមរាជវាំង Istana Negara ដើម្បីទទួលស្វាគមន៍ប្រមុខថ្នាក់ដឹកនាំអាស៊ាន។ ទន្ទឹមគ្នានេះ សម្តេចធិបតី និង លោក​ជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមពិធីជប់លៀង រៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង លោកជំទាវបណ្ឌិត។ជំនួប​ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម៖ ក្នុងជំនួបអាហារពេលព្រឹកការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា, ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និង​ឯកឧត្តម ផាម មិញ ជីញ នាយករដ្ឋមន្ត្រី វៀតណាម បានសម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង និងបានវាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលទាំងបី បាន​ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន វិស័យ​ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល (អគ្គិសនី) ទេសចរណ៍ សន្តិសុខ​ និង​ការ​ពារ​ជាតិ ព្រមទាំងបានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។ក្នុងជំនួប​ទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី៖ សម្ដេចធិបតី បានអបអរសាទរ និងកោតសរសើរ​ចំពោះការ​រៀបចំបាន​យ៉ាង​ល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រម​ទាំង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ការ​វិវ​ត្តរី​ក​ចម្រើន​ជា​បន្ត​បន្ទាប់។ ជាការឆ្លើយតប ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានវាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃទំ​នាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និងហា​ឡាល់ ​ដោយបានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជានិងម៉ាឡេស៊ី បន្តពិភាក្សា​គ្នា​ឱ្យ​បាន​ស៊ី​ជម្រៅ​បន្ថែមទៀត។ជំនួបទ្វេភាគី កម្ពុជា-ចិន៖ សម្តេចធិបតី បានសម្តែងនូវ​ការពេញ​ចិត្ត​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលតាម​រយៈ​ដំណើរ​ទស្សន​កិច្ចនេះ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំង​ក្លា​ថែម​ទៀត​។ ជាមួយគ្នានេះ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បាន​គូស​បញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីភាពរឹងមាំ និង​ការរីកចម្រើននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងជាមិត្តដែកថែបកម្ពុជា-ចិន។ជំនួបទ្វេភាគី កម្ពុជា-ហ្វីលីពីន៖ សម្ដេចធិបតី បាន​សម្ដែង​នូវ​ការពេញ​ចិត្ត​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់​ទំនង កម្ពុជា-ហ្វីលីពីន ព្រមទាំងបាន​ស្វាគមន៍​ចំពោះ​ការ​បន្ត​ស្វែង​រក​កាលា​នុវត្តភាព​ថ្មី​ៗ​ថែម​ទៀត ដើម្បីបន្តពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានសម្ដែង​ការពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនងដ៏​ល្អប្រសើរនៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់​អំពី​បំណង​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្មបន្ថែមទៀត។ ប្រមុខថ្នាក់​ដឹក​នាំ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​វិស័យ​សក្ដា​នុពល​សំខាន់ៗមួយចំនួន ជាអាទិ៍ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) សហ​គ្រាស​មី​ក្រូធុ​ន​តូច និងមធ្យម (MSMEs) ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មថែទាំសុខភាព ទេសចរណ៍ ព្រមទាំងវិស័យសន្តិសុខនិងការពារជាតិ។ជំនួបទ្វេភាគី កម្ពុជា-បារ៉ែន៖ សម្ដេចធិបតី បានជម្រាបជូនព្រះអង្គម្ចាស់រជ្ជទាយាទ អំពី​ការ​ធ្វើ​ពិពិធ​កម្ម​ដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងតំបន់មជ្ឈិមបូព៌ា ដោយកម្ពុជា​កំពុង​ពង្រីក​ការ​តភ្ជាប់ និងប្រព័ន្ធឡូជីស្ទីករបស់ខ្លួន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា អាកាស​យានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការអភិវឌ្ឍ​សមត្ថភាព​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក និងមានសមត្ថភាព​ទទួល​នាវា​ដឹក​ទំនិញ​ពី​ទូទាំង​ពិភព​លោក​។ជំនួបសម្តែងការគួរសម កម្ពុជា-កូវ៉ែត៖ ព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ពីបំណងក្នុងការពង្រឹងទំនាក់ទំនង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ពិសេសការត្រៀមខ្លួនរបស់កូវ៉ែត ដើម្បីចែករំលែកបទពិសោធជាមួយកម្ពុជា ក្នុង​វិស័យ​ថាមពល (ប្រេង)។ ព្រះអង្គម្ចាស់ Sheikh បានសង្កត់​ធ្ងន់​អំពី​ការ​បន្ត​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​កម្រិត​ខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ជំនួបសម្តែងការគួរសម កម្ពុជា-អូម៉ង់៖ សម្ដេចធិបតី បានថ្លែង​អំពី​សុខ​ដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានា​ដល់​ការ​ប្រតិបត្តិ​ជំនឿ​សាសនា​ទាំង​អស់​នៅ​កម្ពុជា​។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា-អូម៉ង់ មានសក្ដានុពលច្រើន​ក្នុង​ការ​ពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ហើយក្រសួងពាណិជ្ជ​កម្ម​កម្ពុជា​បាន​និងកំពុងខិតខំស្វែងរកឱកាស និងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត ដើម្បីជំរុញ​ទំហំ​ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមពីតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអូម៉ង់។សូម​បញ្ជាក់ថា នេះជាដំណើរបំពេញបេសកកម្មការងារនៅក្រៅប្រទេសលើកទី១៩ របស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី សម្តេច បានអញ្ជើញបំពេញទស្សនកិច្ចប្រកបដោយជោគជ័យដ៏ធំធេងក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើក​ទី​៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ីរបស់ សម្តេចធិបតី នាពេលនេះ គឺជា​ព្រឹត្តិកាណ៍​ថ្មី​មួយទៀតដែលបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងឆាកតំបន់និងអន្តរជាតិ។ នេះ​ក៏ជាសមិទ្ធផលការងារការទូតដ៏ធំមួយទៀត ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈ​ពេល​ជិត​២​ឆ្នាំមកនេះ ក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឱ្យ​ប្រជា​ពលរដ្ឋ​មានមោទនភាព និងមានក្តីសង្ឃឹម​យ៉ាងមុតមាំ​ចំពោះ​អនាគត​ដ៏​ត្រចះ​ត្រចង់​សម្រាប់​ប្រទេស​ជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា៕

ក្រុមហ៊ុន Bin Zayed International Berhad (M) បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

2025/05/27 09:44:03 pm        149
នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោក Dato’ Sri Dr. Shamir Kumar Nandy, ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bin Zayed International Berhad (BZI) (M) ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសនៃជំនួប, លោក Dato’ Sri Dr. Shamir Kumar Nandy ប្រធានក្រុមហ៊ុន BZI បានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងតំបន់ និងបណ្ដាប្រទេសនានា​ លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ។ លោក Dato’ Sri Dr. Shamir Kumar Nandy បានលើកឡើងថា អាស្រ័យលក្ខណៈអំណោយផលនៃបរិស្ថានវិនិយោគរបស់កម្ពុជា, ក្រុមហ៊ុន BZI មានចំណាប់អារម្មណ៍ក្នុង​ការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តនានាដើម្បីគាំទ្រការវិនិយោគ និងដើម្បីធានាបរិយាកាសវិនិយោគមួយដែលអំណោយផលដល់វិនិយោគិនតាមរយៈការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ​ និងគោលនយោបាយពាក់ព័ន្ធដែលមានភាពបត់បែន, ជាក់ស្ដែង និងប្រាកដនិយម។ បន្ថែមលើនេះ,​ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីវិស័យសក្ដានុពលដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2025/05/27 09:15:09 pm        89
នារសៀលថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយព្រះអង្គម្ចាស់ Sheikh Sabah Khaled AL-Hama AL-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃជំនួបនោះ ព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់គុយវ៉ែត ដើម្បីចែករំលែកបទពិសោធន៍ជាមួយកម្ពុជា ក្នុងវិស័យថាមពល (ប្រេង)។ ព្រះអង្គម្ចាស់ Sheikh បានសង្កត់ធ្ងន់អំពីការបន្តការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍បំណងរបស់ប្រទេសកូវ៉ែតក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលនេះស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា រួមទាំងប្រទេសកូវ៉ែតផងដែរ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ សម្ដេចបវរធិបតីក៏ឯកភាពជំរុញឱ្យមានការបន្តផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ និងលើកទឹកចិត្តឱ្យបន្តរៀបចំយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្ដានុពល៕

កម្ពុជា-បារ៉ែន ឯកភាពជំរុញឱ្យមានយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេស

2025/05/27 03:45:03 pm        396
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្របារ៉ែន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។សម្ដេចបវរធិបតី បានជម្រាបជូនព្រះអង្គម្ចាស់រជ្ជទាយាទ អំពីការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងតំបន់មជ្ឈិមបូព៌ា។ សម្ដេចបវរធិបតី បានបន្ថែមថា កម្ពុជាកំពុងពង្រីកការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីករបស់ខ្លួន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការអភិវឌ្ឍសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក និងមានសមត្ថភាពទទួលនាវាដឹកទំនិញពីទូទាំងពិភពលោក។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ដែរថា ប្រទេសទាំងពីរកម្ពុជា-បារ៉ែន កំពុងចរចាគ្នាដើម្បីបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ យន្តការនេះនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រេីន និងរឹងមាំបន្ថែមទៀត។ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa បានលេីកឡេីងថា ប្រទេសបារ៉ែនកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយជាមួយប្រទេសផ្សេងៗ ក្នុងនោះរួមមាន វិស័យថាមពល បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ធនាគារ និងបញ្ញាសិប្បនិម្មិត (AI)។ ព្រះអង្គម្ចាស់ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសបារ៉ែនក៏ជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សំខាន់មួយ ដែលបម្រើដល់វិស័យនាំចេញក្នុងតំបន់ និងពិភពលោក។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាថា ប្រទេសទាំងពីរ មានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក លើវិស័យជាច្រើន ក្នុងនោះរួមមានការផ្គត់ផ្គង់អាលុយមីញ៉ូម សម្រាប់វិស័យសំណង់។ ភាគីបារ៉ែនគាំទ្រគំនិតផ្ដួចផ្ដើមបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការបារែន-កម្ពុជា៕

កម្ពុជា-អូម៉ង់ នឹងជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រេីន

2025/05/27 01:27:46 pm        216
នាព្រឹកថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ក្នុងឱកាសនៃជំនួបនេះ សម្ដេចបវរធិបតីបានថ្លែងអំពីសុខដុមនីយកម្មសាសនានៅកម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនាទាំងអស់ នៅកម្ពុជា។សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងអូម៉ង់ មានសក្ដានុពលច្រើនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។ ក្រសួងពាណិជ្ជកម្មកម្ពុជាបាននិងកំពុងខិតខំស្វែងរកឱកាស និងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតក្នុងជំរុញទំហំពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមពីតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអូម៉ង់។ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said បានសម្តែងនូវសេចក្តីសោមន្សរីករាយដែលបានជួបជាមួយសម្ដេចបវរធិបតី។ ព្រះអង្គម្ចាស់បានលេីកឡេីងថា កម្ពុជាជាប្រទេសដែលមានលក្ខណៈល្អប្រសេីរក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអូម៉ង់ ក៏ដូចជាបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា។ អូម៉ង់-កម្ពុជាមានជំហរស្រដៀងគ្នាលើការដោះស្រាយបញ្ហានានា ដោយឈរលើគោលការណ៍សន្ដិវិធី។ ព្រះអង្គម្ចាស់បានបន្ថែមថា ស្របពេលដែលបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្សកំពុងផ្តោតមកទិសខាងកើត កម្ពុជា និងអូម៉ង់នឹងមានឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ សម្តេចបវរធិបតី និងព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said បានឯកភាពជំរុញ ក្រសួង-ស្ថាន័បពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តស្វែងរកកិច្ចសហប្រតិបត្តិការលើលើវិស័យសក្កានុពលសំខាន់ៗ រួមមាន ពាណិជ្ជកម្ម កសិកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ

2025/05/27 01:18:39 pm        256
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៍ល្អប្រសេីរ នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីបំណងពង្រឹង និងពង្រីក ទំនាក់ទំនងផ្នែកពាណិជ្ជកម្មបន្ថែមទៀត។ សម្ដេចបវរធិបតីបានអរគុណរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន កាលពីដើមឆ្នាំ២០២៥ នេះ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រេីន នៃទំនាក់ទំនង កម្ពុជា-ហ្វីលីពីន ព្រមទាំងបានស្វាគមន៍ចំពោះការបន្តស្វែងរកកាលានុវត្តភាពថ្មីៗថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីវិស័យសក្ដានុពលសំខាន់ៗមួយចំនួន ជាអាទិ៍៖ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs), ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាកម្មថែទាំសុខភាព, ទេសចរណ៍, ព្រមទាំងសន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចពិភាក្សាលម្អិតលើវិស័យសក្តានុពលខាងលើ ដើម្បីជំរុញឱ្យចេញជាសកម្មភាពជាក់ស្ដែង៕

ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីនៅកម្ពុជាទៅគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់

2025/05/27 12:26:43 pm        226
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន២៨។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេច៖ ១-បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទៅគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ដើម្បី ពិនិត្យសិក្សា និងផ្តល់យោបល់។ ២-បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង ទៅគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ និង៣- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វេ សាន់ ស៊ី.អេ.ភី យូណាយធីត អ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង ទៅគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ផងដែរ។ ចំណែករបៀបវារៈចំនួន២៥ទៀត បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ផងដែរ។ សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណា-ចក្រកម្ពុជាឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជាទាំង២៤រៀបចំឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅកម្ពុជា (២០២០.២០៤០) និងផែនការមេថ្មីដែលបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០២៤ និងដោយសារតែនៅចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ មានការរឹតបន្តឹងវិធានការរបស់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងឡើងបាននាំឱ្យគម្រោងអភិវឌ្ឍរោងចក្រផលិត អគ្គិសនីដុតធ្យូងថ្ម ដែលកម្ពុជាបានចុះហត្ថលេខាតាំងពីមុនឆ្នាំ២០១៩ ទាំងការអភិវឌ្ឍក្នុងប្រទេសទាំងការនាំចូល អគ្គិសនីពីប្រទេសឡាវ ត្រូវបានជាប់គាំង ដោយសារមិនអាចរកហិរញ្ញ-ប្បទានបាន។ ការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៨ អាចប្រឈមនឹងកង្វះប្រភពអគ្គិសនី ប្រសិនបើមិនមានការរៀបចំការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មីមកជំនួសឱ្យបានទាន់ពេលវេលា៕

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានព្រឹកនេះសម្ដេចធិបតី បន្តមាន​ជំនួបជាមួយ​មេដឹកនាំ​អាស៊ាន ​និងចិន

2025/05/27 11:40:37 am        210
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​នៅ​ទី​ក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តមានជំនួបជាមួយ នាយករដ្ឋ​មន្រ្តី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន, ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន, និងឧបនាយករដ្ឋមន្ត្រី​ទំនាក់​ទំនង​អន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទី​ក្រុង​គូឡា​ឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥​នេះ​សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីតែងតែមានជួបដាច់ដោយឡែកជាមួយមេដឹកនាំអាស៊ាន និ​ង​អាស៊ាន​បូក ជាមួយនឹងក្រុមធុរកិច្ចបរទេសនានាជាបន្តបន្ទាប់ ដើម្បីពង្រឹងទំនាក់ទំនង កិច្ច​សហ​ប្រតិបត្តិ​ការ​ និងទាក់ទាញអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា។ មិន​ខុសគ្នា ក្នុងឱកាសអញ្ជើញ​ចូលរួម​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី៤៦នេះ សម្ដេចធិបតី នាយករដ្ឋ​មន្រ្ដី ចាប់តាំងពី​ថ្ងៃ​ដំបូង​ទៅ​ដល់​ទឹក​ដីនៃប្រទេសម៉ាឡេស៊ី ក្រៅពីចូល​រួម​កិច្ច​ប្រជុំ​កំពូល​ផ្លូវ​ការសម្ដេចធិបតី បាន​ឆ្លៀត​មាន​ជំនួប​ដាច់​ដោយឡែកជាមួយមេដឹកនាំអាស៊ាន និងអាស៊ាន​បូក​ជា​បន្ត​បន្ទាប់។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សម្ដេចបានបន្តមានជំនួបជា ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីនៃសាធារណររដ្ឋប្រជាមានិតចិន, ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងព្រះអង្គម្ចាស់ (សាយយីត អាស៊ាដ ប៊ីន តារីក អាល់ស៊ាដ) Sayyid Assad bin Tarik al Said ឧប​នាយករដ្ឋ​មន្ត្រី​ទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ អូម៉ង់ ក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។នៅព្រឹកនេះ សម្ដេចធិបតី ក៏បានបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​លើកទី២ផងដែរ។សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៥ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ​បណ្ឌិត​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំ កំពូលពាក់​ព័ន្ធ​ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីចាប់ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោម​ប្រធាន​បទ «បរិយាបន្ន និងចីរភាព» ដែលកិច្ចប្រជុំបាន​ផ្តោត​លើការ​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន និងបានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិកា​រណ៍ដ៏​សំខាន់​មួយ​ក្នុង​ការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ ការប្តេជ្ញាចិត្តរួមគ្នា​របស់​តំបន់​អាស៊ាន​ដែល​ប្រកប​ដោយ​ភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM